យ៉ូហាន
១៣ មុនបុណ្យរំលង លោកយេស៊ូដឹងថាគ្រាដែលលោកត្រូវចេញពីពិភពលោកនេះទៅឯបិតានៅស្ថានសួគ៌បានមកដល់ហើយ។ ដោយសារលោកស្រឡាញ់ពួកអ្នកដែលជារបស់លោក ដែលនៅក្នុងពិភពលោកនេះ នោះលោកស្រឡាញ់ពួកគាត់រហូតដល់ទីបំផុត។ ២ ពេលនោះ មេកំណាច* បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន មានគំនិតក្បត់លោករួចហើយ។ កាលដែលពួកគាត់កំពុងបរិភោគ ៣ នោះលោកយេស៊ូ ដែលដឹងថាបិតានៅស្ថានសួគ៌បានប្រគល់អ្វីៗទាំងអស់ទៅក្នុងដៃរបស់លោក ហើយដឹងថាលោកបានមកពីព្រះ ក៏នឹងទៅឯព្រះវិញ ៤ បានក្រោកឡើងពីតុ ហើយដោះសម្លៀកបំពាក់ក្រៅចេញ។ រួចមក លោកយកកន្សែងមកក្រវាត់ចង្កេះ។ ៥ បន្ទាប់មក លោកចាក់ទឹកក្នុងចានក្លាំធំមួយ ហើយចាប់ផ្ដើមលាងជើងរបស់ពួកអ្នកកាន់តាម ក៏បានយកកន្សែងដែលក្រវាត់ចង្កេះមកជូតជើងពួកគាត់ឲ្យស្ងួត។ ៦ កាលដែលលោកមកឯស៊ីម៉ូនពេត្រុស គាត់និយាយទៅលោកថា៖ «លោកម្ចាស់ តើលោកនឹងលាងជើងរបស់ខ្ញុំឬ?»។ ៧ លោកយេស៊ូតបទៅគាត់ថា៖ «ឥឡូវនេះ អ្នកមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្តែបន្ទាប់ពីការទាំងនេះ អ្នកនឹងយល់»។ ៨ ពេត្រុសនិយាយទៅកាន់លោកថា៖ «លោកមិនត្រូវលាងជើងខ្ញុំទេ»។ លោកយេស៊ូតបទៅគាត់ថា៖ «បើខ្ញុំមិនលាងជើងរបស់អ្នកទេ អ្នកគ្មានចំណែកជាមួយនឹងខ្ញុំឡើយ»។ ៩ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សូមកុំលាងតែជើងខ្ញុំប៉ុណ្ណោះ តែសូមលាងទាំងដៃទាំងក្បាលរបស់ខ្ញុំផង»។ ១០ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាដែលបានងូតទឹកហើយ រូបកាយទាំងមូលរបស់អ្នកនោះគឺស្អាត ដូច្នេះ គាត់មិនត្រូវការលាងអ្វីក្រៅពីជើងរបស់គាត់ប៉ុណ្ណោះ។ ពួកអ្នកគឺស្អាតហើយ ប៉ុន្តែមិនមែនគ្រប់គ្នាទេ»។ ១១ លោកដឹងហើយថា អ្នកណានឹងក្បត់លោក។ ហេតុនោះហើយបានជាលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ»។
១២ បន្ទាប់ពីលោកលាងជើងរបស់ពួកគាត់ ហើយពាក់សម្លៀកបំពាក់ក្រៅរបស់លោក នោះលោកបានអង្គុយនៅតុម្ដងទៀត ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាទេ? ១៣ អ្នករាល់គ្នាហៅខ្ញុំ‹លោកគ្រូ›និង‹លោកម្ចាស់› ហើយជាការត្រឹមត្រូវដែលអ្នករាល់គ្នាហៅខ្ញុំដូច្នេះ ព្រោះខ្ញុំជាគ្រូនិងជាម្ចាស់មែន។ ១៤ ដូច្នេះ ប្រសិនបើខ្ញុំបានលាងជើងរបស់អ្នករាល់គ្នា ទោះបីខ្ញុំជាម្ចាស់និងជាគ្រូក៏ដោយ នោះអ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ១៥ ព្រោះខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើអ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នា។ ១៦ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំបម្រើគឺមិនធំជាងម្ចាស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនធំជាងអ្នកដែលចាត់អ្នកនោះឲ្យទៅដែរ។ ១៧ ប្រសិនបើអ្នករាល់គ្នាដឹងការទាំងនេះហើយ អ្នកនឹងមានសុភមង្គលបើធ្វើការទាំងនោះ។ ១៨ ខ្ញុំមិនមែននិយាយអំពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស។ ប៉ុន្តែនេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ ‹អ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ›។ ១៩ ឥឡូវនេះ ខ្ញុំប្រាប់អ្នករាល់គ្នាមុនការទាំងនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាជឿថា ខ្ញុំជាអ្នកនោះ កាលណាការទាំងនោះកើតឡើង។ ២០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះក៏ទទួលខ្ញុំដែរ។ ឯអ្នកណាដែលទទួលខ្ញុំ អ្នកនោះក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកដែរ»។
២១ ក្រោយពីលោកយេស៊ូមានប្រសាសន៍អ្វីៗទាំងនេះហើយ លោកកើតទុក្ខក្នុងចិត្ត* ក៏បញ្ជាក់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ២២ ពួកអ្នកកាន់តាមលោកចាប់ផ្ដើមមើលមុខគ្នា ដោយមិនដឹងថាលោកកំពុងមានប្រសាសន៍អំពីអ្នកណាឡើយ។ ២៣ មានអ្នកកាន់តាមម្នាក់របស់លោកយេស៊ូកំពុងអង្គុយនៅជិតដើមទ្រូងរបស់លោក ជាអ្នកដែលលោកយេស៊ូស្រឡាញ់។ ២៤ ដូច្នេះ ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅអ្នកនោះ ហើយប្រាប់គាត់ថា៖ «សូមប្រាប់យើងថាលោកកំពុងមានប្រសាសន៍អំពីអ្នកណា»។ ២៥ ដូច្នេះ អ្នកនោះផ្អែកខ្លួនទៅលើទ្រូងលោកយេស៊ូ ហើយនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើអ្នកណាទៅ?»។ ២៦ ដូច្នេះ លោកយេស៊ូឆ្លើយថា៖ «គឺជាអ្នកដែលខ្ញុំនឹងឲ្យនំប៉័ងដែលខ្ញុំជ្រលក់»។ ដូច្នេះ លោកក៏ជ្រលក់នំប៉័ងមួយដុំ រួចឲ្យទៅយូដាស ជាកូនស៊ីម៉ូនអ៊ីស្ការីយ៉ុត។ ២៧ បន្ទាប់ពីយូដាសទទួលនំប៉័ងនោះ សាថាន* ក៏ចូលគាត់។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្វីដែលអ្នកកំពុងធ្វើ ចូរធ្វើឲ្យឆាប់ទៅ»។ ២៨ ក៏ប៉ុន្តែពួកអ្នកដែលកំពុងអង្គុយនៅតុ មិនដឹងមូលហេតុដែលលោកមានប្រសាសន៍ដូច្នេះទៅយូដាសទេ។ ២៩ ដោយសារយូដាសជាអ្នកកាន់ប្រអប់ទុកប្រាក់ នោះអ្នកខ្លះបាននឹកស្មានថាលោកយេស៊ូប្រាប់គាត់ថា៖ «ចូរទៅទិញអ្វីដែលយើងត្រូវការសម្រាប់បុណ្យនេះ» ឬប្រាប់គាត់ឲ្យទៅចែកប្រាក់ខ្លះឲ្យអ្នកក្រ។ ៣០ ម្ល៉ោះហើយ ក្រោយពីគាត់បានទទួលនំប៉័ងនោះ គាត់ក៏ចេញទៅភ្លាម។ ពេលនោះគឺយប់ហើយ។
៣១ ដូច្នេះ ពេលដែលយូដាសបានចេញទៅបាត់ហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «ឥឡូវកូនមនុស្សបានត្រូវលើកតម្កើង ហើយព្រះបានត្រូវលើកតម្កើងតាមរយៈលោក។ ៣២ ហើយព្រះនឹងលើកតម្កើងលោកដោយផ្ទាល់ ក៏នឹងលើកតម្កើងលោកភ្លាមៗ។ ៣៣ កូនៗអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្ដិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ តែឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាដែរថា៖ ‹កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចមកបានទេ›។ ៣៤ ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។
៣៦ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើលោកនឹងទៅឯណា?»។ លោកយេស៊ូឆ្លើយថា៖ «កន្លែងដែលខ្ញុំនឹងទៅ អ្នកមិនអាចមកតាមឥឡូវនេះបានទេ ប៉ុន្តែអ្នកនឹងមកនៅពេលក្រោយ»។ ៣៧ ពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ ហេតុអ្វីខ្ញុំមិនអាចទៅតាមលោកឥឡូវនេះ? ខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីលោក»។ ៣៨ លោកយេស៊ូឆ្លើយថា៖ «តើអ្នកពិតជាសុខចិត្តលះបង់ជីវិត* ដើម្បីខ្ញុំឬ? ខ្ញុំប្រាប់អ្នកការពិតថា មាន់នឹងមិនរងាវរហូតដល់អ្នកបានបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។