យ៉ូហាន
១៨ លុះមានប្រសាសន៍អ្វីៗទាំងនេះចប់ហើយ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានឆ្លងជ្រលងគីដ្រុនទៅសួនច្បារមួយ។ ២ យូដាស ដែលជាអ្នកក្បត់លោក ក៏បានស្គាល់កន្លែងនោះដែរ ពីព្រោះលោកយេស៊ូធ្លាប់ជួបជាមួយនឹងពួកអ្នកកាន់តាមលោកនៅទីនោះជាច្រើនដង។ ៣ ដូច្នេះ យូដាសបាននាំកងទាហាន និងពួកអាជ្ញាធរនៃពួកសង្ឃនាយកនិងពួកផារិស៊ី មកទីនោះទាំងកាន់ចន្លុះ ចង្កៀង និងអាវុធ។ ៤ ម្ល៉ោះហើយ ដោយសារលោកយេស៊ូជ្រាបនូវអ្វីដែលនឹងកើតឡើងដល់លោក នោះលោកបានចេញមកហើយមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?»។ ៥ ពួកគេឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ ឯយូដាស ដែលជាអ្នកក្បត់លោក កំពុងឈរជាមួយនឹងពួកគេដែរ។
៦ ក៏ប៉ុន្តែពេលដែលលោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនេះហើយជាអ្នកនោះ» ពួកគេក៏ថយក្រោយ ហើយដួលដល់ដី។ ៧ ដូច្នេះ លោកសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?» ពួកគេឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត»។ ៨ លោកយេស៊ូតបថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា ខ្ញុំនេះហើយជាអ្នកនោះ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាកំពុងរកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ» ៩ ដើម្បីសម្រេចពាក្យរបស់លោកដែលថា៖ «ខ្ញុំមិនបានបាត់បង់អ្នកណាម្នាក់ពីចំណោមពួកអ្នកដែលលោកបានប្រគល់ឲ្យខ្ញុំទេ»។
១០ បន្ទាប់មក ដោយសារស៊ីម៉ូនពេត្រុសមានដាវ គាត់ក៏ហូតដាវនោះកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើសម្ដេចសង្ឃ។ ខ្ញុំបម្រើនោះឈ្មោះម៉ាលឃូស។ ១១ ក៏ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅពេត្រុសថា៖ «ចូរស៊កដាវក្នុងស្រោមវិញ។ តើខ្ញុំមិនគួរផឹកពីពែង* ដែលបិតានៅស្ថានសួគ៌បានឲ្យខ្ញុំទេឬ?»។
១២ រួចមក កងទាហាន មេបញ្ជាការ និងពួកអាជ្ញាធរនៃជនជាតិយូដាបានចាប់ចងលោកយេស៊ូ ១៣ ហើយមុនដំបូងពួកគេនាំលោកទៅឯអេណាស ព្រោះគាត់ជាឪពុកក្មេករបស់កៃផាស ដែលជាសម្ដេចសង្ឃនៅឆ្នាំនោះ។ ១៤ កៃផាសជាអ្នកដែលបានឲ្យយោបល់ដល់ជនជាតិយូដាថា គឺមានប្រយោជន៍ដល់ពួកគេបើមនុស្សម្នាក់ស្លាប់ដើម្បីបណ្ដាជន។
១៥ ស៊ីម៉ូនពេត្រុសនិងអ្នកកាន់តាមម្នាក់ទៀតកំពុងដើរតាមលោកយេស៊ូ។ សម្ដេចសង្ឃស្គាល់អ្នកកាន់តាមនោះ ដូច្នេះ អ្នកនោះបានចូលទីធ្លាផ្ទះរបស់សម្ដេចសង្ឃជាមួយនឹងលោកយេស៊ូ ១៦ ប៉ុន្តែពេត្រុសកំពុងឈរនៅខាងក្រៅនៅឯមាត់ទ្វារ។ ដូច្នេះ អ្នកកាន់តាមដែលសម្ដេចសង្ឃស្គាល់ បានចេញទៅនិយាយជាមួយនឹងអ្នកយាមទ្វារ រួចបាននាំពេត្រុសចូលក្នុង។ ១៧ ពេលនោះ ស្ត្រីអ្នកបម្រើដែលជាអ្នកយាមទ្វារបាននិយាយទៅកាន់ពេត្រុសថា៖ «តើអ្នកជាអ្នកកាន់តាមម្នាក់របស់បុរសនេះដែរឬ?» គាត់និយាយថា៖ «មិនមែនទេ»។ ១៨ ពួកខ្ញុំបម្រើនិងពួកអាជ្ញាធរបានយកធ្យូងមកបង្កាត់ភ្លើង ហើយកំពុងឈរអាំងភ្លើងដោយសារមានអាកាសធាតុត្រជាក់។ ពេត្រុសក៏បានឈរអាំងភ្លើងជាមួយនឹងពួកគេដែរ។
១៩ រួចមក សង្ឃនាយកបានសួរលោកយេស៊ូអំពីពួកអ្នកកាន់តាមនិងសេចក្ដីបង្រៀនរបស់លោក។ ២០ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំបាននិយាយទៅកាន់ពិភពលោកជាចំហ។ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំនិងក្នុងវិហារ ជាកន្លែងដែលជនជាតិយូដាទាំងឡាយជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។ ២១ ហេតុអ្វីអ្នកសួរខ្ញុំ? ចូរសួរអ្នកដែលបានឮអ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកគេ។ មើល! ពួកគេដឹងនូវអ្វីដែលខ្ញុំបាននិយាយ»។ ២២ លុះមានប្រសាសន៍ចប់ហើយ អាជ្ញាធរម្នាក់ដែលឈរនៅក្បែរ បានទះកំផ្លៀងលោកយេស៊ូ ក៏និយាយថា៖ «តើអ្នកឯងហ៊ានតបទៅសង្ឃនាយកដូច្នេះឬ?»។ ២៣ លោកយេស៊ូតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំបាននិយាយខុស ចូរបញ្ជាក់ថាខ្ញុំបាននិយាយខុសកន្លែងណា ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រូវ ហេតុអ្វីអ្នកវាយខ្ញុំ?»។ ២៤ រួចមក អេណាសបញ្ជូនលោកទាំងជាប់ចំណងទៅឯកៃផាស ដែលជាសម្ដេចសង្ឃ។
២៥ ឯស៊ីម៉ូនពេត្រុស កំពុងឈរអាំងភ្លើង។ ពេលនោះពួកគេនិយាយទៅកាន់គាត់ថា៖ «តើអ្នកជាអ្នកកាន់តាមម្នាក់របស់គាត់ដែរឬ?»។ គាត់បដិសេធដោយនិយាយថា៖ «មិនមែនទេ»។ ២៦ ខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ ដែលជាសាច់ញាតិរបស់បុរសដែលត្រូវពេត្រុសកាប់ដាច់ស្លឹកត្រចៀកបាននិយាយថា៖ «ខ្ញុំបានឃើញអ្នកនៅសួនច្បារជាមួយនឹងគាត់ដែរ មែនទេ?»។ ២៧ ក៏ប៉ុន្តែពេត្រុសបដិសេធម្ដងទៀត ហើយរំពេចនោះមាន់ក៏រងាវឡើង។
២៨ បន្ទាប់មក ពួកគេនាំលោកយេស៊ូចេញពីកៃផាសទៅវិមានរបស់អភិបាល។ ពេលនោះព្រលឹមហើយ ប៉ុន្តែពួកគេមិនចូលក្នុងវិមានរបស់អភិបាលទេ ដើម្បីកុំឲ្យពួកគេត្រូវស្មោកគ្រោក ហើយមិនអាចបរិភោគអាហារបុណ្យរំលងបាន។ ២៩ ដូច្នេះ ពីឡាតក៏ចេញមកក្រៅហើយនិយាយទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះអំពីបទអ្វី?»។ ៣០ ពួកគេតបទៅគាត់ថា៖ «ប្រសិនបើបុរសនេះមិនបានធ្វើអ្វីខុស យើងមិនប្រគល់គាត់ឲ្យលោកទេ»។ ៣១ ដូច្នេះ ពីឡាតនិយាយទៅកាន់ពួកគេថា៖ «ចូរយកគាត់ទៅវិនិច្ឆ័យតាមច្បាប់របស់អ្នករាល់គ្នាចុះ»។ ជនជាតិយូដានិយាយទៅកាន់គាត់ថា៖ «យើងគ្មានច្បាប់សម្លាប់អ្នកណាទេ»។ ៣២ នោះគឺដើម្បីសម្រេចតាមពាក្យរបស់លោកយេស៊ូដែលបានមានប្រសាសន៍ស្តីអំពីរបៀបដែលលោកនឹងទទួលមរណភាព។
៣៣ ដូច្នេះ ពីឡាតចូលក្នុងវិមានរបស់អភិបាលម្ដងទៀត រួចហៅលោកយេស៊ូ ហើយនិយាយទៅកាន់លោកថា៖ «តើអ្នកជាស្តេចនៃជនជាតិយូដាឬ?»។ ៣៤ លោកយេស៊ូឆ្លើយថា៖ «តើអ្នកនិយាយដូច្នេះចេញពីខ្លួនអ្នកឬ? ឬក៏តើអ្នកឯទៀតបានប្រាប់អ្នកអំពីខ្ញុំ?»។ ៣៥ ពីឡាតឆ្លើយថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ មែនទេ? ជនរួមជាតិរបស់អ្នកនិងពួកសង្ឃនាយកបានប្រគល់អ្នកឲ្យខ្ញុំ។ តើអ្នកបានធ្វើអ្វី?»។ ៣៦ លោកយេស៊ូឆ្លើយថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើរាជាណាចក្ររបស់ខ្ញុំជារបស់ផងពិភពលោកនេះ ពួកអ្នកបម្រើរបស់ខ្ញុំមុខជាបានតយុទ្ធដើម្បីកុំឲ្យខ្ញុំត្រូវប្រគល់ឲ្យជនជាតិយូដា។ ប៉ុន្តែរាជាណាចក្ររបស់ខ្ញុំមិនមែនមកពីពិភពលោកនេះទេ»។ ៣៧ ម្ល៉ោះហើយ ពីឡាតនិយាយទៅកាន់លោកថា៖ «បើដូច្នេះ តើអ្នកជាស្តេចឬ?»។ លោកយេស៊ូឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយថាខ្ញុំជាស្តេច។ ខ្ញុំបានកើតមក ក៏បានចូលក្នុងពិភពលោកដើម្បីការនោះឯង ពោលគឺដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត។ អស់អ្នកណាដែលនៅខាងសេចក្ដីពិត អ្នកនោះស្ដាប់សំឡេងខ្ញុំ»។ ៣៨ ពីឡាតនិយាយទៅកាន់លោកថា៖ «តើសេចក្ដីពិតជាអ្វី?»។
លុះនិយាយចប់ហើយ គាត់ក៏ចេញទៅម្ដងទៀត ហើយនិយាយទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ។ ៣៩ ម្យ៉ាងទៀត អ្នករាល់គ្នាមានទម្លាប់ឲ្យខ្ញុំដោះលែងបុរសម្នាក់ឲ្យអ្នករាល់គ្នាក្នុងឱកាសបុណ្យរំលង។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃជនជាតិយូដាឲ្យអ្នករាល់គ្នាឬ?»។ ៤០ រួចពួកគេស្រែកឡើងម្ដងទៀតថា៖ «មិនមែនបុរសនោះទេ! សូមដោះលែងបារ៉ាបាសវិញ!»។ ឯបារ៉ាបាសជាចោរប្លន់។