សកម្មភាព
១ ថេអូហ្វីលអើយ ក្នុងកំណត់ហេតុទីមួយ ខ្ញុំបានសរសេរអំពីការទាំងអស់ដែលលោកយេស៊ូចាប់ផ្ដើមធ្វើនិងបង្រៀន ២ រហូតដល់ថ្ងៃដែលព្រះបានយកលោកឡើងទៅស្ថានសួគ៌ បន្ទាប់ពីលោកបានឲ្យបញ្ញត្ដិតាមរយៈសកម្មពល* បរិសុទ្ធរបស់ព្រះ ដល់ពួកសាវ័កដែលលោកបានជ្រើសរើស។ ៣ លោកក៏បានបង្ហាញខ្លួនឲ្យអ្នកទាំងនេះឃើញជាច្រើនដងតាមរបៀបដែលបញ្ជាក់យ៉ាងជាក់ច្បាស់ថាលោកមានជីវិតរស់នៅ បន្ទាប់ពីបានរងទុក្ខវេទនា។ លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញក្នុងរយៈពេលសែសិបថ្ងៃ ក៏បានប្រាប់ពួកគាត់អំពីរាជាណាចក្ររបស់ព្រះ។ ៤ កាលដែលលោកកំពុងជួបជាមួយនឹងពួកគាត់ លោកបង្គាប់ពួកគាត់ថា៖ «កុំចេញពីក្រុងយេរូសាឡិមឡើយ តែចូររង់ចាំអ្វីដែលបិតានៅស្ថានសួគ៌បានសន្យា ជាអ្វីដែលអ្នករាល់គ្នាបានឮពីខ្ញុំ ៥ ពីព្រោះយ៉ូហានបានជ្រមុជគេក្នុងទឹក ប៉ុន្តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ នៅប៉ុន្មានថ្ងៃខាងមុខនេះ»។
៦ ពេលដែលបានជួបជុំគ្នាហើយ ពួកគាត់តាំងសួរលោកថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាមិនចាំបាច់ដឹងអំពីពេលវេលានិងគ្រាកំណត់ដែលបិតានៅស្ថានសួគ៌ដាក់នៅក្រោមអំណាចរបស់លោកផ្ទាល់ឡើយ ៨ ប៉ុន្តែអ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ ៩ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនេះ នៅពេលដែលពួកគាត់កំពុងមើលនៅឡើយ លោកបានត្រូវលើកឡើង ហើយពពកមួយបានមកបាំងលោកបាត់ពីភ្នែកពួកគាត់ទៅ។ ១០ កាលដែលពួកគាត់កំពុងសម្លឹងទៅមេឃ ពេលលោកកំពុងធ្វើដំណើរទៅ មើល! មានបុរសពីរនាក់ស្លៀកពាក់សឈរនៅក្បែរពួកគាត់ ១១ ហើយនិយាយថា៖ «អ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នករាល់គ្នាកំពុងឈរមើលមេឃដូច្នេះ? លោកយេស៊ូនោះ ដែលបានត្រូវយកឡើងទៅលើមេឃ ក៏នឹងមកតាមបែបដែលអ្នករាល់គ្នាឃើញលោកឡើងទៅលើមេឃដូច្នេះដែរ»។
១២ រួចមក ពួកគាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញពីភ្នំមួយហៅថា ភ្នំដើមអូលីវ ដែលនៅជិតក្រុងយេរូសាឡិម នៅចម្ងាយដែលគេអនុញ្ញាតឲ្យដើរក្នុងថ្ងៃឈប់សម្រាក។* * ១៣ លុះទៅដល់ហើយ ពួកគាត់បានឡើងទៅបន្ទប់ខាងលើ ជាកន្លែងពួកគាត់ស្នាក់នៅ។ មានពេត្រុស ព្រមទាំងយ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស់ បាថូឡូម៉េ ម៉ាថាយ យ៉ាកុបជាកូនអាល់ផៀស ស៊ីម៉ូនជាអ្នកខ្នះខ្នែង និងយូដាសជាកូនយ៉ាកុប។ ១៤ អ្នកទាំងអស់នេះបានព្យាយាមក្នុងការអធិដ្ឋានដោយចិត្តព្រមព្រៀងគ្នា ជាមួយនឹងស្ត្រីខ្លះ ប្អូនប្រុសៗរបស់លោក និងម៉ារៀជាម្ដាយលោកយេស៊ូ។
១៥ នៅគ្រានោះ ពេត្រុសបានក្រោកឡើងនៅកណ្ដាលបងប្អូនទាំងនោះ (ក្រុមអ្នកទាំងនោះមានគ្នាប្រហែលមួយរយម្ភៃនាក់) ក៏បាននិយាយថា៖ ១៦ «បងប្អូនអើយ បទគម្ពីរដែលសកម្មពលបរិសុទ្ធរបស់ព្រះបានថ្លែងទុកជាមុនដោយមាត់របស់ដាវីឌ ស្តីអំពីយូដាសដែលបាននាំផ្លូវពួកគេមកចាប់ខ្លួនលោកយេស៊ូ នោះត្រូវសម្រេចជាចាំបាច់ ១៧ ពីព្រោះគាត់ធ្លាប់ជាសមាជិកមួយរូបក្នុងក្រុមយើង ក៏ធ្លាប់រួមចំណែកក្នុងកិច្ចបម្រើនេះ។ ១៨ (ម្ល៉ោះហើយ បុរសនេះឯងបានយកប្រាក់ឈ្នួលពីអំពើទុច្ចរិតមកទិញវាលមួយ ហើយបានធ្លាក់ ក្បាលចុះក្រោម បែកពោះធ្លាយពោះវៀនចេញដោយឮសូរយ៉ាងខ្លាំង។ ១៩ អ្នកក្រុងយេរូសាឡិមទាំងឡាយបានដឹងឮអំពីរឿងនេះ។ ដូច្នេះ គេហៅវាលនោះតាមភាសារបស់ពួកគេថាអាកិលដាម៉ា ដែលមានន័យថា វាលឈាម)។ ២០ ព្រោះសៀវភៅទំនុកតម្កើងចែងថា៖ ‹ចូរឲ្យកន្លែងស្នាក់នៅរបស់គាត់ទៅជាទីស្ងាត់ជ្រងំវិញ ហើយកុំឲ្យអ្នកណាស្នាក់នៅទីនោះតទៅទៀត› ក៏ចែងថា៖ ‹ចូរឲ្យអ្នកផ្សេងទៀតយកមុខងាររបស់គាត់ជាអ្នកត្រួតពិនិត្យ›។ ២១ ដូច្នេះ គឺចាំបាច់ឲ្យមានបុរសម្នាក់ជំនួសគាត់ ពីចំណោមពួកបុរសដែលបានជួបជុំ ជាមួយនឹងយើង ក្នុងអំឡុងពេលដែលលោកម្ចាស់យេស៊ូបានចេញចូលក្នុងចំណោមយើង ២២ ចាប់តាំងពីពេលដែលយ៉ូហានបានជ្រមុជទឹកឲ្យលោក រហូតដល់ថ្ងៃដែលលោកបានត្រូវយកឡើងទៅលើមេឃ។ បុរសនេះត្រូវធ្វើជាសាក្សីជាមួយនឹងយើងអំពីការប្រោសឲ្យលោករស់ឡើងវិញ»។
២៣ ដូច្នេះ ពួកគាត់លើកឈ្មោះពីរឡើង គឺម៉ាធាស និងយ៉ូសែបដែលហៅថាបាសាបាសនិងហៅថាយូស្ទុស។ ២៤ រួចមក ពួកគាត់ក៏អធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា លោកជ្រាបនូវអ្វីដែលនៅក្នុងចិត្តមនុស្សទាំងអស់ សូមលោកបញ្ជាក់ថា ក្នុងចំណោមបុរសពីរនាក់នេះ លោកបានជ្រើសរើសបុរសមួយណា ២៥ ឲ្យទទួលកិច្ចបម្រើនិងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅតាមផ្លូវរបស់ខ្លួនវិញ»។ ២៦ ដូច្នេះ ពួកគាត់ចាប់ឆ្នោត ហើយឆ្នោតក៏ត្រូវលើម៉ាធាស រួចគាត់បានត្រូវរាប់ជាមួយនឹងសាវ័កដប់មួយនាក់ទៀត។