ម៉ាកុស
១៥ ពេលថ្ងៃរះឡើងភ្លាម ពួកសង្ឃនាយក ព្រមទាំងពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ ពោលគឺក្រុមប្រឹក្សាជាន់ខ្ពស់* ទាំងមូលបានជួបជុំពិគ្រោះគ្នា។ រួចមក ពួកគេចងលោកយេស៊ូហើយនាំទៅ រួចប្រគល់ឲ្យពីឡាត។ ២ ដូច្នេះ ពីឡាតសួរលោកថា៖ «តើអ្នកជាស្តេចនៃជនជាតិយូដាឬ?»។ លោកតបឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។ ៣ ប៉ុន្តែពួកសង្ឃនាយកចាប់ផ្ដើមចោទប្រកាន់លោកអំពីរឿងជាច្រើន។ ៤ រួចពីឡាតសួរលោកម្ដងទៀតថា៖ «តើអ្នកមិនតបឆ្លើយទេឬ? មើល! ពួកគេកំពុងចោទប្រកាន់អ្នកអំពីរឿងជាច្រើន»។ ៥ ប៉ុន្តែ លោកយេស៊ូមិនតបឆ្លើយទៀតទេ។ ដូច្នេះ ពីឡាតក៏នឹកអស្ចារ្យក្នុងចិត្ត។
៦ ក្នុងអំឡុងបុណ្យនេះ គាត់មានទម្លាប់ដោះលែងអ្នកទោសម្នាក់ដែលបណ្ដាជនសុំឲ្យដោះលែង។ ៧ នៅពេលនោះ មានបុរសម្នាក់ដែលគេហៅថាបារ៉ាបាស។ គាត់ជាប់ចំណងជាមួយនឹងពួកអ្នកបំបះបំបោរ ដែលបានធ្វើឃាតកម្មក្នុងពេលបះបោរនោះ។ ៨ ដូច្នេះ បណ្ដាជនបានមកធ្វើសំណូមពរតាមអ្វីដែលពីឡាតធ្លាប់ធ្វើសម្រាប់ពួកគេ។ ៩ ពីឡាតតបឆ្លើយនឹងពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃជនជាតិយូដាឲ្យអ្នករាល់គ្នាឬ?» ១០ ព្រោះគាត់ដឹងថាពួកសង្ឃនាយកបានប្រគល់លោកដោយសារមានចិត្តច្រណែន។ ១១ ប៉ុន្តែពួកសង្ឃនាយកបានញុះញង់បណ្ដាជនឲ្យសុំពីឡាតដោះលែងបារ៉ាបាសវិញ។ ១២ ពីឡាតតបឆ្លើយនឹងពួកគេដោយសួរថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះបុរសដែលអ្នករាល់គ្នាហៅថាស្តេចនៃជនជាតិយូដា?»។ ១៣ ពួកគេស្រែកឡើងម្ដងទៀតថា៖ «ព្យួរអ្នកនោះទៅ!»។ ១៤ ប៉ុន្តែពីឡាតសួរពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអាក្រក់អ្វីទៅ?»។ ទោះជាសួរយ៉ាងនោះក៏ដោយ ពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ព្យួរអ្នកនោះទៅ!»។ ១៥ ឮដូច្នេះ ពីឡាតបានដោះលែងបារ៉ាបាសឲ្យពួកគេ ពីព្រោះគាត់ចង់ផ្គាប់ចិត្តបណ្ដាជន។ ក្រោយមក គាត់បញ្ជាឲ្យវាយលោកយេស៊ូ រួចប្រគល់លោកឲ្យពួកទាហានយកទៅព្យួរ។
១៦ ពួកទាហាននាំលោកចូលទៅក្នុងទីធ្លាដែលនៅក្នុងវិមានរបស់អភិបាល។ រួចពួកគេប្រមូលពួកទាហានគ្រប់រូបមក។ ១៧ បន្ទាប់មក ពួកគេយកសំពត់ដណ្ដប់ពណ៌ស្វាយបំពាក់ឲ្យលោក ក៏បានក្រងបន្លាធ្វើជាមកុដមួយ ហើយបំពាក់ឲ្យលោកដែរ។ ១៨ រួចមក ពួកគេចាប់ផ្ដើមនិយាយទៅកាន់លោកថា៖ «ស្តេចនៃជនជាតិយូដាអើយ! សូមឲ្យលោកបានសុខសប្បាយ!»។ ១៩ ពួកគេក៏បានយកដើមត្រែងវាយក្បាលលោក ថែមទាំងស្ដោះទឹកមាត់ដាក់ ហើយលុតជង្គង់គោរពលោក។ ២០ ក្រោយពីបានចំអកឲ្យលោករួចហើយ នៅទីបំផុតពួកគេដោះសំពត់ដណ្ដប់ពណ៌ស្វាយចេញពីលោក ហើយយកសម្លៀកបំពាក់ក្រៅរបស់លោកមកបំពាក់ឲ្យវិញ។ រួចមក ពួកគេនាំយកលោកទៅព្យួរ។ ២១ ពួកគេក៏បានបង្ខំបុរសម្នាក់ដែលកំពុងធ្វើដំណើរកាត់កន្លែងនោះ ឲ្យលីបង្គោលទារុណកម្ម* របស់លោក។ អ្នកនោះគឺស៊ីម៉ូនពីក្រុងគីរេន ក៏ជាឪពុករបស់អាឡិចសង់និងរូហ្វូស ហើយពេលនោះគាត់កំពុងធ្វើដំណើរមកពីជនបទ។
២២ ដូច្នេះ ពួកគេនាំលោកយេស៊ូទៅកន្លែងដែលហៅថាកុលកូថា ដែលបកប្រែថា កន្លែងលលាដ៍ក្បាល។ ២៣ នៅទីនេះ ពួកគេខំឲ្យលោកពិសាស្រាដែលលាយជ័រល្វីងទេស* ប៉ុន្តែលោកមិនព្រមពិសាទេ។ ២៤ ក្រោយមក ពួកគេព្យួរលោក ហើយចែកសម្លៀកបំពាក់ក្រៅរបស់លោកដោយចាប់ឆ្នោត ដើម្បីសម្រេចថាអ្នកណានឹងបានចំណែកណា។ ២៥ នោះគឺម៉ោងទីបី* ហើយពួកគេបានព្យួរលោក។ ២៦ នៅខាងលើមានអក្សរចារឹកអំពីអ្វីដែលគេចោទប្រកាន់លោកថា៖ «ស្តេចនៃជនជាតិយូដា»។ ២៧ ម្យ៉ាងទៀត ពួកគេបានព្យួរចោរប្លន់ពីរនាក់ជាមួយនឹងលោកដែរ ម្នាក់នៅខាងស្ដាំលោក និងម្នាក់នៅខាងឆ្វេង។ ២៨ * —— ២៩ ហើយអ្នកដែលដើរកាត់បាននិយាយមើលងាយលោក ដោយគ្រវីក្បាលថា៖ «ហាស! អ្នកដែលរុះវិហារហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ! ៣០ ចូរសង្គ្រោះខ្លួនអ្នកដោយចុះពីបង្គោលទារុណកម្មមក!»។ ៣១ ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ក៏បាននិយាយគ្នាចំអកឲ្យលោកដែរថា៖ «គាត់បានសង្គ្រោះអ្នកដទៃ តែសង្គ្រោះខ្លួនគាត់មិនបាន! ៣២ សូមគ្រិស្ត ជាស្តេចនៃអ៊ីស្រាអែលចុះពីបង្គោលទារុណកម្មមក ដើម្បីឲ្យយើងឃើញហើយជឿផង!»។ សូម្បីតែអ្នកដែលបានត្រូវព្យួរជាមួយនឹងលោកក៏បានតិះដៀលលោកដែរ។
៣៣ លុះដល់ម៉ោងទីប្រាំមួយ* ស្រុកទាំងមូលបានទៅជាងងឹតរហូតដល់ម៉ោងទីប្រាំបួន* ។ ៣៤ នៅម៉ោងទីប្រាំបួន លោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អេលី! អេលី! ឡាម៉ា សាបាក់ថានី?» ដែលបកប្រែថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ ៣៥ ពេលឮដូច្នេះ ពួកអ្នកខ្លះដែលឈរនៅក្បែរនោះក៏និយាយថា៖ «មើល! គាត់កំពុងហៅអេលីយ៉ា!»។ ៣៦ ប៉ុន្តែ មានម្នាក់រត់ទៅយកវត្ថុម្យ៉ាងដែលអាចជក់ទឹក ទៅជ្រលក់ក្នុងស្រាជូរ រួចដាក់លើចុងដើមត្រែងមួយ ហើយហុចឲ្យលោកពិសា រួចនិយាយថា៖ «កុំរវល់នឹងគាត់! ចាំមើលថាតើអេលីយ៉ាមកដាក់គាត់ចុះឬមិនមក?»។ ៣៧ ប៉ុន្តែ លោកយេស៊ូបានស្រែកឡើងយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ ៣៨ ក្រោយមក វាំងនន* នៅវិហារបានរហែកជាពីរ ចាប់ពីលើចុះមកក្រោម។ ៣៩ ពេលនាយទាហាន ដែលកំពុងឈរនៅខាងមុខលោកឃើញថាមានព្រឹត្ដិការណ៍បែបនេះពេលលោកផុតដង្ហើម នោះគាត់និយាយថា៖ «បុរសនេះប្រាកដជាបុត្រព្រះមែន»។
៤០ ក៏មានស្ត្រីមួយចំនួនដែរ ដែលបានឈរមើលពីចម្ងាយ។ ក្នុងចំណោមពួកគេមានម៉ារៀដែលជាម្ដាយរបស់យ៉ាកុបតូច យ៉ូសេ និងសាឡូមេ ហើយក៏មានម៉ារៀម៉ាក់ដាឡេនដែរ។ ៤១ ពួកគាត់ធ្លាប់ទៅជាមួយ ហើយបម្រើលោក កាលដែលលោកនៅស្រុកកាលីឡេ។ មានស្ត្រីជាច្រើននាក់ទៀតដែរ ដែលបានមកក្រុងយេរូសាឡិមជាមួយនឹងលោក។
៤២ ថ្ងៃនោះជាថ្ងៃរៀបចំ* គឺមួយថ្ងៃមុនថ្ងៃឈប់សម្រាក ហើយគឺជាពេលព្រលប់។ ហេតុនេះ ៤៣ យ៉ូសែបពីក្រុងអារីម៉ាថេបានមកដល់។ គាត់ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់* ម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្អ ហើយក៏កំពុងរង់ចាំរាជាណាចក្ររបស់ព្រះ។ គាត់បានតាំងចិត្តក្លាហានទៅជួបពីឡាតហើយសុំយកសពរបស់លោកយេស៊ូ។ ៤៤ ប៉ុន្តែពីឡាតបានឆ្ងល់ថាតើលោកយេស៊ូបានស្លាប់រួចហើយឬមិនទាន់។ ដូច្នេះ គាត់ហៅនាយទាហានម្នាក់ហើយសួរអ្នកនោះ។ ៤៥ ក្រោយពីបានទទួលការបញ្ជាក់ពីនាយទាហាននោះហើយ គាត់អនុញ្ញាតឲ្យយ៉ូសែបយកសពរបស់លោកទៅ។ ៤៦ ដូច្នេះ យ៉ូសែបទិញក្រណាត់សាច់ល្អ ហើយដាក់សពរបស់លោកចុះ រុំក្នុងក្រណាត់សាច់ល្អនោះ រួចដាក់ក្នុងទីបញ្ចុះសពដែលបានត្រូវដាប់នៅក្នុងថ្ម។ ក្រោយមក គាត់ប្រមៀលថ្មមួយមកបិទទីបញ្ចុះសពនោះ។ ៤៧ ប៉ុន្តែម៉ារៀម៉ាក់ដាឡេន និងម៉ារៀដែលជាម្ដាយរបស់យ៉ូសេបាននៅមើលកន្លែងដែលសពលោកបានត្រូវបញ្ចុះ។