យ៉ូហាន
១ នៅដើមដំបូង មានលោកដែលហៅថាបណ្ដាំ ហើយលោកដែលហៅថាបណ្ដាំបាននៅជាមួយនឹងព្រះ ហើយលោកដែលហៅថាបណ្ដាំជាព្រះមួយ។ ២ នៅដើមដំបូង លោកបាននៅជាមួយនឹងព្រះ។ ៣ អ្វីៗទាំងអស់បានកើតមកតាមរយៈបណ្ដាំរបស់ព្រះ ហើយគ្មានអ្វីដែលមិនកើតមកតាមរយៈលោកឡើយ សូម្បីតែអ្វីមួយក៏ដោយ។
អ្វីដែលបានកើតមក ៤ តាមរយៈលោកគឺជាជីវិត ហើយជីវិតនោះគឺជាពន្លឺបំភ្លឺមនុស្សជាតិ ៥ ហើយពន្លឺនោះកំពុងភ្លឺក្នុងភាពងងឹត តែភាពងងឹតនោះមិនឈ្នះពន្លឺឡើយ។
៦ មានបុរសម្នាក់មកដែលព្រះបានចាត់ជាតំណាងលោក បុរសនោះឈ្មោះយ៉ូហាន។ ៧ បុរសនោះបានមកធ្វើជាសាក្សី ដើម្បីធ្វើការបញ្ជាក់អំពីពន្លឺ ដើម្បីឲ្យមនុស្សគ្រប់ប្រភេទបានជឿដោយសារគាត់។ ៨ គាត់មិនមែនជាពន្លឺនោះទេ តែគាត់បានមកដើម្បីធ្វើការបញ្ជាក់អំពីពន្លឺនោះវិញ។
៩ ពេលនោះ ពន្លឺដ៏ពិតដែលបំភ្លឺមនុស្សគ្រប់ប្រភេទ ហៀបនឹងចូលមកក្នុងពិភពលោក។ ១០ លោកបាននៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកតាមរយៈលោក ប៉ុន្តែពិភពលោកមិនបានស្គាល់លោកទេ។ ១១ លោកបានមកឯជនរួមជាតិរបស់លោក ប៉ុន្តែពួកគេមិនបានទទួលលោកទេ។ ១២ ក៏ប៉ុន្តែ ចំពោះអស់អ្នកណាដែលបានទទួលលោក នោះលោកបានផ្ដល់សិទ្ធិទៅជាកូនរបស់ព្រះ ពីព្រោះពួកគេមានជំនឿលើនាមរបស់លោក ១៣ ហើយពួកគេមិនមែនកើតមកពីសាច់ឈាមឡើយ ក៏មិនបានកើតមកដោយសារបំណងប្រាថ្នារបស់ឪពុកជាមនុស្សដែរ ប៉ុន្តែពួកគេបានកើតមកពីព្រះវិញ។
១៤ ដូច្នេះ លោកដែលហៅថាបណ្ដាំបានទៅជាសាច់ឈាម ក៏បានរស់នៅជាមួយនឹងយើង ហើយយើងបានឃើញសិរីរុងរឿងរបស់លោក គឺជាសិរីរុងរឿងរបស់បុត្រតែមួយ* ពីបិតា ហើយលោកក៏បានពេញទៅដោយគុណដ៏វិសេសលើសលប់និងសេចក្ដីពិត។ ១៥ (យ៉ូហានបានធ្វើការបញ្ជាក់អំពីលោកដោយស្រែកប្រកាស។ គឺយ៉ូហានហើយដែលថា៖ «លោកដែលមកក្រោយខ្ញុំបានទៅមុខខ្ញុំហើយ ពីព្រោះលោករស់នៅមុនខ្ញុំ»)។ ១៦ ព្រោះយើងទាំងអស់គ្នាបានទទួលពីភាពពេញបរិបូររបស់លោក នូវគុណដ៏វិសេសលើសលប់ថែមលើគុណដ៏វិសេសលើសលប់។ ១៧ ពីព្រោះច្បាប់បានត្រូវផ្ដល់ឲ្យតាមរយៈម៉ូសេ ប៉ុន្តែគុណដ៏វិសេសលើសលប់និងសេចក្ដីពិតបានត្រូវផ្ដល់ឲ្យតាមរយៈលោកយេស៊ូគ្រិស្ត។* ១៨ គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះម្ដងណាឡើយ ប៉ុន្តែបុត្រតែមួយរបស់ព្រះ* ដែលនៅជិតដើមទ្រូង* របស់បិតា គឺជាអ្នកដែលបានពន្យល់អំពីលោក។
១៩ នេះជាការបញ្ជាក់របស់យ៉ូហាន ពេលដែលជនជាតិយូដាបានចាត់ពួកសង្ឃនិងពួកលេវីខ្លះពីក្រុងយេរូសាឡិមឲ្យមកសួរគាត់ថា៖ «តើអ្នកជាអ្នកណា?»។ ២០ យ៉ូហានបានឆ្លើយត្រង់ ហើយមិនបានគេចវេះពីសំណួរឡើយ តែគាត់និយាយដោយឥតលាក់លៀមថា៖ «ខ្ញុំមិនមែនជាគ្រិស្តទេ»។ ២១ រួចពួកគេសួរគាត់ថា៖ «បើដូច្នេះ តើអ្នកជាអ្នកណាវិញ? អេលីយ៉ាឬ?»។ យ៉ូហានឆ្លើយថា៖ «ខ្ញុំមិនមែនជាអេលីយ៉ាទេ»។ ពួកគេសួរថា៖ «តើអ្នកជាអ្នកប្រកាសទំនាយដែលបានត្រូវសន្យាឬ?»។ គាត់ឆ្លើយថា៖ «ទេ!»។ ២២ ម្ល៉ោះហើយ ពួកគេសួរគាត់ថា៖ «តើអ្នកជាអ្នកណា? ចូរប្រាប់មក ដើម្បីយើងអាចប្រាប់អ្នកដែលបានចាត់ឲ្យយើងមក។ តើអ្នកថាខ្លួនជាអ្នកណា?»។ ២៣ គាត់ឆ្លើយថា៖ «ខ្ញុំជាអ្នកដែលកំពុងស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូរធ្វើផ្លូវទទួលព្រះយេហូវ៉ាឲ្យត្រង់› ដូចអេសាយដែលជាអ្នកប្រកាសទំនាយបានប្រាប់»។ ២៤ ឯពួកអ្នកដែលបានត្រូវចាត់ឲ្យមក បានចេញមកពីពួកផារិស៊ី។* ២៥ ដូច្នេះ ពួកគេបានសួរគាត់ថា៖ «ចុះហេតុអ្វីបានជាអ្នកជ្រមុជទឹក* ឲ្យគេដូច្នេះ បើអ្នកមិនមែនជាគ្រិស្ត ក៏មិនមែនជាអេលីយ៉ា ឬជាអ្នកប្រកាសទំនាយដែលបានត្រូវសន្យានោះ?»។ ២៦ យ៉ូហានឆ្លើយប្រាប់ពួកគេថា៖ «ខ្ញុំជ្រមុជគេក្នុងទឹក។ នៅកណ្ដាលចំណោមអ្នករាល់គ្នា មានមនុស្សម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់ ២៧ គឺលោកដែលមកក្រោយខ្ញុំ តែខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងជូនលោកផង»។ ២៨ ការទាំងនេះបានកើតឡើងនៅបេថានី* នាត្រើយម្ខាងនៃទន្លេយ៉ូដាន់ ជាកន្លែងដែលយ៉ូហានកំពុងជ្រមុជទឹកឲ្យគេ។
២៩ លុះថ្ងៃស្អែក យ៉ូហានឃើញលោកយេស៊ូកំពុងដើរតម្រង់មករកគាត់ រួចគាត់និយាយថា៖ «មើលហ្ន៎! កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គង* របស់ពិភពលោកចេញ! ៣០ គឺអំពីលោកហើយដែលខ្ញុំបាននិយាយថា ក្រោយខ្ញុំនឹងមានបុរសម្នាក់មកដែលបានទៅមុខខ្ញុំហើយ ពីព្រោះលោករស់នៅមុនខ្ញុំ។ ៣១ សូម្បីតែខ្ញុំក៏មិនបានស្គាល់លោកដែរ ប៉ុន្តែមូលហេតុដែលខ្ញុំបានមកជ្រមុជគេក្នុងទឹក គឺដើម្បីឲ្យអ៊ីស្រាអែលអាចឃើញលោកជាចំហ»។ ៣២ យ៉ូហានក៏បានធ្វើការបញ្ជាក់ដោយប្រាប់ថា៖ «ខ្ញុំបានឃើញសកម្មពល* របស់ព្រះចុះពីស្ថានសួគ៌ដូចជាសត្វព្រាប ហើយសណ្ឋិតនៅលើលោក។ ៣៣ សូម្បីតែខ្ញុំក៏មិនបានស្គាល់លោកដែរ ប៉ុន្តែព្រះដែលបានចាត់ខ្ញុំឲ្យមកជ្រមុជគេក្នុងទឹក បានមានប្រសាសន៍មកខ្ញុំថា៖ ‹អ្នកឃើញសកម្មពលរបស់ខ្ញុំចុះមកសណ្ឋិតនៅលើអ្នកណា គឺអ្នកនោះហើយជាអ្នកជ្រមុជគេក្នុងសកម្មពលបរិសុទ្ធរបស់ខ្ញុំ› ៣៤ ហើយខ្ញុំបានឃើញការនោះ ក៏បានធ្វើការបញ្ជាក់ថា លោកនោះហើយជាបុត្ររបស់ព្រះ»។
៣៥ នៅពេលមួយទៀត យ៉ូហានកំពុងឈរជាមួយនឹងអ្នកកាន់តាមគាត់ពីរនាក់ ៣៦ ហើយកាលដែលគាត់មើលលោកយេស៊ូកំពុងដើរ នោះគាត់និយាយថា៖ «មើលហ្ន៎! កូនចៀមរបស់ព្រះ!»។ ៣៧ ពេលដែលឮគាត់និយាយដូច្នេះ អ្នកកាន់តាមពីរនាក់នោះក៏បានទៅតាមលោកយេស៊ូ។ ៣៨ រួចលោកយេស៊ូបែរទៅឃើញពួកគាត់កំពុងដើរតាម ក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងរកអ្វី?» ពួកគាត់ឆ្លើយថា៖ «រ៉ាប៊ី (ដែលមានន័យថា លោកគ្រូ) តើលោកស្នាក់នៅឯណា?»។ ៣៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរមក ហើយអ្នកនឹងឃើញ»។ ម្ល៉ោះហើយ ពួកគាត់បានទៅឃើញកន្លែងដែលលោកកំពុងស្នាក់នៅ ក៏នៅជាមួយនឹងលោកនៅថ្ងៃនោះ។ ពេលនោះគឺប្រហែលជាម៉ោងទីដប់។* ៤០ អនទ្រេ ជាប្អូន* របស់ស៊ីម៉ូនពេត្រុស ជាមនុស្សម្នាក់ក្នុងចំណោមអ្នកកាន់តាមពីរនាក់ដែលបានឮនូវអ្វីដែលយ៉ូហានបាននិយាយ ហើយទៅតាមលោកយេស៊ូ។ ៤១ មុនបង្អស់ គាត់ទៅរកស៊ីម៉ូន ជាបងប្រុសរបស់គាត់ លុះឃើញហើយក៏ប្រាប់ថា៖ «យើងរកឃើញមេស្ស៊ី* ហើយ» (ដែលមានន័យថា គ្រិស្ត)។ ៤២ បន្ទាប់មក គាត់នាំស៊ីម៉ូនទៅលោកយេស៊ូ។ កាលដែលលោកយេស៊ូមើលគាត់ នោះលោកមានប្រសាសន៍ថា៖ «អ្នកគឺស៊ីម៉ូន ជាកូនយ៉ូហាន។ អ្នកនឹងត្រូវហៅថាកេផាស» (ដែលភាសាក្រិចហៅថា ពេត្រុស)។*
៤៣ លុះថ្ងៃស្អែក លោកយេស៊ូចង់ចេញទៅស្រុកកាលីឡេ។ ម្ល៉ោះហើយ លោករកភីលីព លុះឃើញហើយក៏មានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»។* ៤៤ ភីលីពមកពីក្រុងបេតសេដា ជាក្រុងរបស់អនទ្រេនិងពេត្រុស។ ៤៥ ភីលីពបានរកណាថាណែល លុះឃើញហើយក៏ប្រាប់គាត់ថា៖ «យើងបានរកឃើញលោកដែលច្បាប់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយចែងអំពីលោក គឺលោកយេស៊ូ ជាកូនយ៉ូសែប ពីក្រុងណាសារ៉ែត»។ ៤៦ ប៉ុន្តែ ណាថាណែលបាននិយាយថា៖ «តើអាចមានអ្វីល្អចេញមកពីក្រុងណាសារ៉ែតឬ?»។ ភីលីពប្រាប់គាត់ថា៖ «សូមមកមើល»។ ៤៧ លោកយេស៊ូឃើញណាថាណែលកំពុងដើរតម្រង់មករកលោក ក៏មានប្រសាសន៍អំពីគាត់ថា៖ «មើលហ្ន៎! ជនជាតិអ៊ីស្រាអែលដ៏ពិតម្នាក់ ដែលគ្មានកិច្ចកលអ្វីសោះ»។ ៤៨ ណាថាណែលជម្រាបលោកថា៖ «ហេតុអ្វីលោកស្គាល់ខ្ញុំ?»។ លោកយេស៊ូឆ្លើយទៅគាត់ថា៖ «មុនភីលីពហៅអ្នក កាលដែលអ្នកនៅក្រោមដើមល្វានៅឡើយ ខ្ញុំបានឃើញអ្នកហើយ»។ ៤៩ ណាថាណែលជម្រាបលោកថា៖ «រ៉ាប៊ី លោកជាបុត្ររបស់ព្រះ ហើយលោកជាស្តេចនៃអ៊ីស្រាអែល»។ ៥០ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកជឿពីព្រោះខ្ញុំប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាឬ? អ្នកនឹងឃើញការអស្ចារ្យជាងនេះទៅទៀត»។ ៥១ លោកមានប្រសាសន៍ទៅគាត់តទៅទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកឡើង ហើយបណ្ដាទេវតារបស់ព្រះឡើងទៅ ហើយចុះមកឯ* កូនមនុស្ស»។