ម៉ាថាយ
៩ ដូច្នេះ លោកបានចុះទូក ហើយឆ្លងទៅក្រុងរបស់លោកវិញ។ ២ រួចមក មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដែលដេកលើគ្រែ មកឯលោក។ ពេលដែលលោកយេស៊ូឃើញជំនឿរបស់ពួកគេ នោះលោកមានប្រសាសន៍ទៅបុរសស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ! កុំអស់សង្ឃឹមឡើយ ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»។ ៣ ខណៈនោះ ពួកអ្នកខ្លះដែលជំនាញខាងច្បាប់បានគិតក្នុងចិត្តថា៖ «បុរសនេះកំពុងនិយាយប្រមាថព្រះ»។ ៤ ដោយជ្រាបអំពីគំនិតរបស់ពួកគេ នោះលោកយេស៊ូមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងគិតអ្វីដ៏អាក្រក់ក្នុងចិត្តដូច្នេះ? ៥ ជាឧទាហរណ៍ តើមួយណាស្រួលជាង? និយាយថាការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ? ឬនិយាយថា ចូរងើបឡើងហើយដើរទៅចុះ? ៦ ក៏ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង» នោះលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «ចូរងើបឡើង យកគ្រែរបស់អ្នក ហើយទៅផ្ទះអ្នកចុះ»។ ៧ រួចគាត់បានងើបឡើងទៅផ្ទះគាត់វិញ។ ៨ ឃើញដូច្នេះ បណ្ដាជនបានភ័យខ្លាច ក៏បានសរសើរតម្កើងព្រះ ដែលផ្ដល់អំណាចដូចនេះឲ្យមនុស្ស។
៩ បន្ទាប់មក ពេលដែលលោកយេស៊ូកំពុងដើរហួសពីនោះ លោកក្រឡេកទៅឃើញបុរសម្នាក់ឈ្មោះម៉ាថាយកំពុងអង្គុយនៅកន្លែងយកពន្ធ ហើយលោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»* រួចគាត់ក្រោកឡើងទៅតាមលោក។ ១០ ក្រោយមក ពេលដែលលោកយេស៊ូកំពុងអង្គុយពិសាអាហារក្នុងផ្ទះ នោះអ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងជាច្រើននាក់បានមក ហើយក៏អង្គុយរួមតុជាមួយនឹងលោកនិងអ្នកកាន់តាមលោក។ ១១ ឃើញដូច្នេះ ពួកផារិស៊ីចាប់ផ្ដើមសួរអ្នកកាន់តាមលោកថា៖ «ហេតុអ្វីគ្រូរបស់អ្នកបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង?»។ ១២ ពេលឮពួកគេនិយាយដូច្នេះ លោកមានប្រសាសន៍ថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ១៣ ដូច្នេះ ចូរទៅរៀនអំពីអត្ថន័យនៃពាក្យដែលថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាទេ›។ ព្រោះខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ»។
១៤ ក្រោយមក អ្នកកាន់តាមយ៉ូហានបានមកសួរលោកថា៖ «ហេតុអ្វីបានជាយើងនិងពួកផារិស៊ី មានទម្លាប់តមអាហារ តែអ្នកកាន់តាមលោកមិនតមអាហារដូច្នេះ?»។ ១៥ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «មិត្តភក្ដិរបស់កូនកំលោះគ្មានមូលហេតុឲ្យតមអាហារ ដរាបណាដែលកូនកំលោះនៅជាមួយនឹងពួកគេ មែនទេ? ក៏ប៉ុន្តែនឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ ហើយពេលនោះពួកគេនឹងតមអាហារ។ ១៦ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ពីព្រោះ ក្រណាត់ថ្មីនោះនឹងរួញ ធ្វើឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើម។ ១៧ ក៏គ្មានអ្នកណាយកស្រាថ្មីមកច្រកថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ប៉ុន្តែ គេច្រកស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ ទើបអាចរក្សារបស់ទាំងពីរបាន»។
១៨ ពេលដែលលោកកំពុងមានប្រសាសន៍នោះ នាយកសាលាប្រជុំម្នាក់បានមកលំឱនកាយគោរពលោក ដោយជម្រាបថា៖ «ឥឡូវនេះកូនស្រីរបស់ខ្ញុំច្បាស់ជាស្លាប់ហើយ ប៉ុន្តែ សូមលោកអញ្ជើញមកដាក់ដៃលើនាង ហើយនាងនឹងរស់ឡើងវិញ»។
១៩ រួចមក លោកយេស៊ូបានក្រោកឡើងទៅតាមគាត់ ហើយអ្នកកាន់តាមក៏បានទៅដែរ។ ២០ នោះមានស្ត្រីម្នាក់ដែលបានរងទុក្ខអស់ដប់ពីរឆ្នាំដោយសារមានជំងឺធ្លាក់ឈាម។ នាងបានដើរមកពីក្រោយ ហើយពាល់ជាយសម្លៀកបំពាក់របស់លោក ២១ ព្រោះនាងបាននិយាយប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយសម្លៀកបំពាក់របស់លោក នោះខ្ញុំនឹងបានជា»។ ២២ លោកយេស៊ូបែរទៅឃើញនាង ហើយមានប្រសាសន៍ថា៖ «កូនស្រីអើយ កុំភ័យឡើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ»។ តាំងពីពេលនោះមក ស្ត្រីនោះក៏បានជា។
២៣ លុះពេលលោកចូលទៅក្នុងផ្ទះរបស់នាយកសាលាប្រជុំហើយ លោកឃើញពួកអ្នកផ្លុំខ្លុយលេងភ្លេងកាន់ទុក្ខ ហើយបណ្ដាជនកំពុងជ្រួលច្របល់។ ២៤ នោះលោកយេស៊ូមានប្រសាសន៍ថា៖ «ចូរចេញពីទីនេះទៅ ពីព្រោះក្មេងស្រីនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក។ ២៥ ពេលបណ្ដេញបណ្ដាជនចេញទៅក្រៅអស់ហើយភ្លាម លោកបានចូលទៅខាងក្នុងហើយចាប់ដៃរបស់នាង នោះនាងបានងើបឡើង។ ២៦ ដំណឹងអំពីរឿងនេះ បានលេចឮខ្ចរខ្ចាយពេញតំបន់នោះ។
២៧ ពេលដែលលោកយេស៊ូកំពុងដើរហួសពីទីនោះ បុរសងងឹតភ្នែកពីរនាក់បានទៅតាមលោក ហើយស្រែកថា៖ «បុត្រដាវីឌ! សូមមេត្ដាជួយយើងផង!»។ ២៨ ក្រោយពីលោកបានចូលទៅក្នុងផ្ទះហើយ បុរសងងឹតភ្នែកទាំងនោះបានមកឯលោក រួចលោកយេស៊ូសួរពួកគេថា៖ «តើអ្នកមានជំនឿថាខ្ញុំអាចធ្វើការនេះបានឬទេ?»។ ពួកគេឆ្លើយថា៖ «យើងមានជំនឿហើយ លោកម្ចាស់!»។ ២៩ រួចលោកពាល់ភ្នែករបស់ពួកគេ ដោយពោលថា៖ «សូមឲ្យកើតឡើងចំពោះអ្នក សមស្របទៅតាមជំនឿរបស់អ្នក»។ ៣០ ក្រោយមក ភ្នែករបស់ពួកគេក៏ភ្លឺឡើង ហើយលោកយេស៊ូបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «កុំឲ្យអ្នកណាដឹងឲ្យសោះ»។ ៣១ ក៏ប៉ុន្តែ ក្រោយពីពួកគេបានចេញទៅក្រៅ នោះពួកគេក៏រៀបរាប់ប្រាប់អំពីលោកពេញតំបន់នោះ។
៣២ ពេលដែលពួកគេកំពុងចេញពីទីនោះ មនុស្សបាននាំបុរសគម្នាក់ដែលមានវិញ្ញាណកំណាចចូល មកឯលោក។ ៣៣ ក្រោយពីវិញ្ញាណកំណាចបានត្រូវបណ្ដេញចេញហើយ បុរសគនោះចាប់ផ្ដើមនិយាយ។ ម្ល៉ោះហើយ បណ្ដាជនបាននឹកអស្ចារ្យក្នុងចិត្ត ក៏បាននិយាយថា៖ «យើងមិនដែលឃើញអ្វីបែបនេះនៅស្រុកអ៊ីស្រាអែលទេ»។ ៣៤ ក៏ប៉ុន្តែ ពួកផារិស៊ីចាប់ផ្ដើមនិយាយថា៖ «អ្នកនេះបណ្ដេញវិញ្ញាណកំណាចដោយអាងអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។
៣៥ រួចមក លោកយេស៊ូធ្វើដំណើរទៅគ្រប់ក្រុងគ្រប់ភូមិ ដោយបង្រៀនក្នុងសាលាប្រជុំ ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ថែមទាំងធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង។ ៣៦ ពេលដែលឃើញបណ្ដាជន លោកមានចិត្តអាណិតអាសូរពួកគេ ពីព្រោះពួកគេបានត្រូវគេធ្វើទុក្ខ* និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល។ ៣៧ ក្រោយមក លោកមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ៣៨ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។