ម៉ាកុស
២ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក លោកបានចូលក្រុងកាពើណិមម្ដងទៀត ហើយមនុស្សបានឮថាលោកនៅផ្ទះ។ ២ ម្ល៉ោះហើយ មនុស្សជាច្រើនបានផ្ដុំគ្នានៅទីនោះ រហូតដល់គ្មានកន្លែងសល់ទេ សូម្បីតែនៅមាត់ទ្វារផ្ទះក៏ដោយ ហើយលោកចាប់ផ្ដើមប្រាប់ពួកគេអំពីដំណឹងល្អ។ ៣ រួចមានបុរសបួននាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មករកលោក។ ៤ ប៉ុន្តែដោយសារមានមនុស្សច្រើនកកកុញ ពួកគេមិនអាចនាំបុរសនោះចូលទៅជិតលោកយេស៊ូឡើយ ដូច្នេះពួកគេបើកដំបូលត្រង់កន្លែងដែលលោកនៅ រួចចោះប្រឡោះមួយ ហើយសម្រូតគ្រែស្នែងដែលមានមនុស្សស្លាប់ដៃស្លាប់ជើងដេក ចុះតាមប្រឡោះនោះ។ ៥ ពេលដែលលោកយេស៊ូឃើញជំនឿរបស់ពួកគេ លោកមានប្រសាសន៍ទៅបុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»។ ៦ នៅទីនោះមានអ្នកខ្លះជាអ្នកជំនាញខាងច្បាប់កំពុងអង្គុយរិះគិតក្នុងចិត្តថា៖ ៧ «ហេតុអ្វីបុរសនេះនិយាយដូច្នេះ? គាត់កំពុងនិយាយប្រមាថព្រះ។ តើអ្នកណាអាចអភ័យទោសចំពោះភាពខុសឆ្គងបាន ក្រៅពីព្រះ?»។ ៨ ប៉ុន្តែលោកយេស៊ូបានជ្រាបភ្លាមអំពីអ្វីដែលពួកគេកំពុងរិះគិត។ ម្ល៉ោះហើយ លោកសួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងរិះគិតក្នុងចិត្តដូច្នេះ? ៩ តើមួយណាស្រួលជាង? និយាយទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ› ឬនិយាយថា៖ ‹ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›។ ១០ តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចអភ័យទោសចំពោះការខុសឆ្គងនៅផែនដី» នោះលោកមានប្រសាសន៍ទៅកាន់មនុស្សស្លាប់ដៃស្លាប់ជើងនោះថា៖ ១១ «ខ្ញុំប្រាប់អ្នកថា ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះអ្នកចុះ»។ ១២ រំពេចនោះ គាត់បានងើបឡើង ហើយយកគ្រែស្នែង ដើរកាត់មុខគេទាំងអស់គ្នាភ្លាម ធ្វើឲ្យពួកគេនឹកអស្ចារ្យក្នុងចិត្តក្រៃលែង ហើយសរសើរតម្កើងព្រះ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូច្នេះឡើយ»។
១៣ លោកបានចេញទៅឆ្នេរសមុទ្រម្ដងទៀត រួចបណ្ដាជនបានមករកលោកហូរហែ ហើយលោកចាប់ផ្ដើមបង្រៀនពួកគេ។ ១៤ ប៉ុន្តែ កាលដែលលោកកំពុងដើរហួសពីនោះ លោកក្រឡេកឃើញលេវីជាកូនអាល់ផៀស កំពុងអង្គុយនៅកន្លែងយកពន្ធ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»* រួចគាត់បានក្រោកឡើងតាមលោកទៅ។ ១៥ ក្រោយមក ពេលដែលលោកកំពុងអង្គុយពិសាអាហារក្នុងផ្ទះរបស់លេវី នោះអ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងជាច្រើននាក់បានមករួមតុជាមួយនឹងលោកយេស៊ូនិងអ្នកកាន់តាមលោក ហើយពួកគេច្រើននាក់បានក្លាយទៅជាអ្នកកាន់តាមលោក។ ១៦ ប៉ុន្តែ ពេលដែលពួកអ្នកជំនាញខាងច្បាប់ពីក្រុមផារិស៊ី* ឃើញថា លោកពិសាជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនិងអ្នកយកពន្ធនោះ ពួកគេសួរអ្នកកាន់តាមលោកថា៖ «តើគាត់ក៏បរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែរឬ?»។ ១៧ ពេលឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «អ្នកដែលមានសុខភាពមាំមួនមិនត្រូវការគ្រូពេទ្យឡើយ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងវិញ»។
១៨ ចំណែកឯអ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី ពួកគេមានទម្លាប់តមអាហារ។ ដូច្នេះពួកគេបានមកសួរលោកថា៖ «ហេតុអ្វីបានជាអ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី មានទម្លាប់តមអាហារ តែអ្នកកាន់តាមលោកមិនតមអាហារដូច្នេះ?»។ ១៩ រួចលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ដរាបណាដែលកូនកំលោះនៅជាមួយមិត្តភក្ដិ នោះពួកគេមិនអាចតមអាហារបានឡើយ មែនទេ? ដរាបណាពួកគេមានកូនកំលោះនៅជាមួយ ពួកគេមិនអាចតមអាហារបានទេ។ ២០ ក៏ប៉ុន្តែ នឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ ហើយនៅថ្ងៃនោះពួកគេនឹងតមអាហារវិញ។ ២១ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ពីព្រោះបើអ្នកណាធ្វើដូច្នេះ ក្រណាត់ថ្មីនោះនឹងរួញ ធ្វើឲ្យសម្លៀកបំពាក់ចាស់រហែកខ្លាំងជាងមុនទៅទៀត។ ២២ ម្យ៉ាងទៀត ក៏គ្មានអ្នកណាយកស្រាថ្មីច្រកថង់ស្បែកចាស់ដែរ ពីព្រោះបើធ្វើដូច្នេះ ស្រាថ្មីនោះនឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយគាត់នឹងខូចខាត ទាំងស្រាទាំងថង់ស្បែក។ ប៉ុន្តែគេច្រកស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ»។
២៣ នៅថ្ងៃឈប់សម្រាក លោកកំពុងដើរកាត់វាលស្រូវសាលី ហើយពួកអ្នកកាន់តាមលោកដើរបណ្ដើរ កាច់កួរស្រូវបណ្ដើរ។ ២៤ ម្ល៉ោះហើយ ពួកផារិស៊ីសួរលោកថា៖ «មើល! ហេតុអ្វីពួកគេកំពុងធ្វើអ្វីដែលគេគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកដូច្នេះ?»។ ២៥ តែលោកមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេ អំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់អស់ស្បៀងអាហារ ហើយក៏ឃ្លាននោះ? ២៦ តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុអំពីសម្ដេចសង្ឃអាប៊ីយ៉ាថារ ដែលថាដាវីឌបានចូលក្នុងកន្លែងគោរពបូជារបស់ព្រះ ហើយបរិភោគនំប៉័ងដែលបានត្រូវដាក់តាំងជាគ្រឿងបូជា ដែលគ្មានអ្នកណាមានច្បាប់បរិភោគទេ ក្រៅពីពួកសង្ឃ រួចគាត់ក៏ឲ្យដល់ពួកបុរសដែលនៅជាមួយនឹងគាត់ទៀតផង?»។ ២៧ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «ថ្ងៃឈប់សម្រាកបានត្រូវបង្កើតជាប្រយោជន៍ដល់មនុស្ស មិនមែនមនុស្សបានត្រូវបង្កើតជាប្រយោជន៍ដល់ថ្ងៃឈប់សម្រាកទេ។ ២៨ ដូច្នេះ កូនមនុស្សជាម្ចាស់សូម្បីតែលើថ្ងៃឈប់សម្រាក»។