ម៉ាថាយ
១២ នៅគ្រានោះ លោកយេស៊ូបានធ្វើដំណើរកាត់វាលស្រូវសាលីនៅថ្ងៃឈប់សម្រាក* ហើយអ្នកកាន់តាមលោកចាប់ឃ្លាន ក៏បានកាច់កួរស្រូវសាលីមកបរិភោគ។ ២ ឃើញដូច្នេះ ពួកផារិស៊ីជម្រាបលោកថា៖ «មើល! អ្នកកាន់តាមអ្នកកំពុងធ្វើអ្វីដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាក»។ ៣ លោកមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានអំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់បានឃ្លានទេឬ? ៤ គាត់បានចូលក្នុងកន្លែងគោរពបូជារបស់ព្រះ ហើយបរិភោគនំប៉័ងដែលដាក់តាំងជាគ្រឿងបូជា ដែលគាត់និងបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់គ្មានច្បាប់បរិភោគឡើយ លើកលែងតែពួកសង្ឃប៉ុណ្ណោះដែលមានច្បាប់បរិភោគ មែនទេ? ៥ ឬតើអ្នកមិនធ្លាប់អានច្បាប់ដែលថា នៅថ្ងៃឈប់សម្រាកពួកសង្ឃក្នុងវិហារនៅតែធ្វើការ* តែគ្មានទោសទេឬ? ៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលវិសេសជាងវិហារនោះ បានមកដល់ហើយ។ ៧ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបានយល់អត្ថន័យនៃពាក្យថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាឡើយ› នោះអ្នកមុខជាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសនោះទេ។ ៨ ពីព្រោះកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។
៩ លោកចេញពីកន្លែងនោះ រួចចូលទៅក្នុងសាលាប្រជុំ។ ១០ មើល! មានបុរសម្នាក់ស្វិតដៃម្ខាង។ ដូច្នេះ ពួកគេសួរលោកថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយឬទេ?»។ ពួកគេសួរដូច្នេះ ដើម្បីឲ្យមានហេតុចោទប្រកាន់លោក។ ១១ លោកសួរពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមិនទៅលើកយកចៀមតែមួយរបស់ខ្លួនចេញពីរណ្ដៅ បើវាធ្លាក់នៅថ្ងៃឈប់សម្រាក? ១២ ម្ល៉ោះហើយ មនុស្សមានតម្លៃជាងចៀមឆ្ងាយណាស់! ដូច្នេះ មានច្បាប់ឲ្យមនុស្សធ្វើអំពើល្អនៅថ្ងៃឈប់សម្រាក»។ ១៣ រួចមក លោកប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃអ្នកទៅ»។ គាត់ក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ ដូចដៃម្ខាងទៀត។ ១៤ ប៉ុន្តែ ពួកផារិស៊ីបានចេញទៅ ហើយប្រឹក្សាគ្នារកវិធីសម្លាប់លោក។ ១៥ ពេលលោកយេស៊ូជ្រាបដូច្នេះ លោកបានចេញពីទីនោះ។ មនុស្សជាច្រើនក៏បានទៅតាមលោកដែរ ហើយលោកបានធ្វើឲ្យពួកគេទាំងអស់គ្នាជាសះស្បើយ។ ១៦ ប៉ុន្តែ លោកបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យប្រាប់គេថាលោកជាអ្នកណាឡើយ។ ១៧ នេះដើម្បីសម្រេចនូវទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយ ដែលថា៖ ១៨ «មើល! អ្នកបម្រើជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំបានជ្រើសរើស ក៏ពេញចិត្ត* ផង។ ខ្ញុំនឹងដាក់សកម្មពល* របស់ខ្ញុំឲ្យសណ្ឋិតលើលោក ហើយលោកនឹងធ្វើឲ្យប្រជាជាតិទាំងឡាយស្គាល់យុត្ដិធម៌យ៉ាងច្បាស់។ ១៩ លោកនឹងមិនឈ្លោះប្រកែក ឬស្រែកឡើយ ហើយគ្មានអ្នកណានឹងឮសំឡេងរបស់លោកនៅតាមផ្លូវធំទេ។ ២០ លោកនឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ឡើយ ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ រហូតដល់លោកនាំយុត្ដិធម៌ឲ្យមានជ័យជម្នះ។ ២១ ប្រជាជាតិទាំងឡាយនឹងសង្ឃឹមលើនាមរបស់លោកពិតមែន»។
២២ រួចមក ពួកគេនាំបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូល ក៏ងងឹតភ្នែកនិងគផងមកឯលោក។ លោកធ្វើឲ្យបុរសនោះជា ហើយគាត់អាចនិយាយនិងមើលឃើញ។ ២៣ នោះបណ្ដាជនរំភើបចិត្តក្រៃលែង ហើយចាប់ផ្ដើមសួរគ្នាថា៖ «តើលោកជាបុត្រដាវីឌទេដឹង?»។ ២៤ ឮដូច្នេះ ពួកផារិស៊ីនិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែបេលសេប៊ូល* ប៉ុណ្ណោះ ដែលជាអ្នកគ្រប់គ្រងវិញ្ញាណកំណាច»។ ២៥ លោកជ្រាបអំពីគំនិតរបស់ពួកគេ ហើយមានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ ហើយផ្ទះណាឬក្រុងណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងមិនស្ថិតស្ថេរឡើយ។ ២៦ ដូចគ្នាដែរ បើសាថាន* បណ្ដេញសាថាន នោះសាថានទាស់ប្រឆាំងខ្លួនឯងហើយ។ បើដូច្នេះ តើរាជាណាចក្ររបស់សាថាននឹងអាចស្ថិតស្ថេរយ៉ាងដូចម្ដេចបាន? ២៧ ម្យ៉ាងទៀត បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ? ហេតុនេះហើយបានជាពួកគេនឹងវិនិច្ឆ័យសេចក្ដីអ្នករាល់គ្នា។ ២៨ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសកម្មពលរបស់ព្រះវិញ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ដោយអ្នកមិនដឹងខ្លួន។ ២៩ ឬក៏តើមានអ្នកណាដែលអាចចូលផ្ទះរបស់បុរសខ្លាំងពូកែម្នាក់ ហើយប្លន់យកទ្រព្យសម្បត្ដិរបស់គាត់បានឬទេ? លុះត្រាតែចងបុរសខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ ៣០ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ។
៣១ «ហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងពាក្យប្រមាថ* និងការខុសឆ្គងរបស់មនុស្សនឹងត្រូវអភ័យទោសឲ្យ ប៉ុន្តែការពោលពាក្យប្រមាថសកម្មពលរបស់ព្រះនឹងមិនត្រូវអភ័យទោសឲ្យទេ។ ៣២ ជាឧទាហរណ៍ អ្នកណាដែលពោលពាក្យប្រឆាំងកូនមនុស្ស អ្នកនោះនឹងត្រូវអភ័យទោសឲ្យ ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងសកម្មពលបរិសុទ្ធរបស់ព្រះ អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យទេ ទោះជានៅសម័យ* នេះ ឬនៅអនាគតក៏ដោយ។
៣៣ «ប្រសិនបើអ្នកជាដើមឈើល្អ នោះផលផ្លែរបស់អ្នកក៏ល្អដែរ បើអ្នកជាដើមឈើមិនល្អវិញ នោះផលផ្លែរបស់អ្នកក៏មិនល្អដែរ។ ព្រោះមនុស្សសម្គាល់ដើមឈើដោយផលផ្លែរបស់វា។ ៣៤ ពូជពស់មានពិស! តើអ្នករាល់គ្នាអាចនិយាយអ្វីដ៏ល្អដូចម្ដេចបាន បើអ្នកជាមនុស្សទុច្ចរិត? ពីព្រោះមាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។ ៣៥ មនុស្សល្អ បញ្ចេញអ្វីដ៏ល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក រីឯមនុស្សអាក្រក់វិញ គាត់បញ្ចេញអ្វីដ៏អាក្រក់ពីរបស់អាក្រក់ ដែលគាត់បានសន្សំទុក។ ៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យសេចក្ដីមនុស្សនឹងទទួលខុសត្រូវចំពោះពាក្យឥតប្រយោជន៍ទាំងអស់ដែលពួកគេបានពោល។ ៣៧ ពីព្រោះអ្នកនឹងត្រូវរាប់ជាសុចរិតដោយសារសម្ដីរបស់ខ្លួន ឬនឹងត្រូវផ្ដន្ទាទោសដោយសារសម្ដីរបស់ខ្លួនដែរ»។
៣៨ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីខ្លះបានតបនឹងសម្ដីរបស់លោកដោយថា៖ «លោកគ្រូ! យើងចង់ឃើញសញ្ញាសម្គាល់មួយពីលោក»។ ៣៩ លោកមានប្រសាសន៍ទៅពួកគេថា៖ «មនុស្សជំនាន់នេះដែលទុច្ចរិតហើយមិនស្មោះត្រង់នឹងព្រះ* ចេះតែរកមើលសញ្ញាសម្គាល់ ប៉ុន្តែសញ្ញាសម្គាល់នឹងមិនត្រូវសម្ដែងឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស ជាអ្នកប្រកាសទំនាយ។ ៤០ ពីព្រោះដូចយ៉ូណាសបាននៅក្នុងពោះត្រីធំនោះអស់បីថ្ងៃបីយប់ នោះកូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដីអស់បីថ្ងៃបីយប់ដែរ។ ៤១ នៅថ្ងៃវិនិច្ឆ័យសេចក្ដីមនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេ ពីព្រោះអ្នកក្រុងនោះបានប្រែចិត្តពេលស្ដាប់អ្វីដែលយ៉ូណាសផ្សព្វផ្សាយ ប៉ុន្តែមើល! អ្នកដែលធំជាងយ៉ូណាសគឺនៅទីនេះហើយ។ ៤២ នៅថ្ងៃវិនិច្ឆ័យសេចក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេដែរ ពីព្រោះមហាក្សត្រីនោះបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូនគឺនៅទីនេះហើយ។
៤៣ «នៅពេលដែលវិញ្ញាណ* អសោចចេញពីមនុស្សម្នាក់ វាឆ្លងកាត់ទីហួតហែង ដើម្បីរកកន្លែងសម្រាក ហើយរកមិនឃើញឡើយ។ ៤៤ រួចមក វានិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅផ្ទះដែលខ្ញុំទើបនឹងចេញ›។ លុះទៅដល់ហើយ ឃើញថាគ្មានអ្នកណានៅ ហើយផ្ទះនោះបានត្រូវបោសស្អាត និងតុបតែងយ៉ាងល្អ។ ៤៥ ក្រោយមក វាចេញទៅ នាំវិញ្ញាណប្រាំពីរទៀត ដែលទុច្ចរិតជាងវាចូលទៅក្នុង។ ពេលចូលទៅក្នុងហើយ ពួកវាអាស្រ័យនៅទីនោះ ហើយស្ថានភាពចុងក្រោយរបស់អ្នកនោះគឺអាក្រក់លើសមុន។ នោះជាអ្វីដែលនឹងកើតឡើងដល់មនុស្សជំនាន់នេះដែលទុច្ចរិត»។
៤៦ កាលដែលលោកកំពុងមានប្រសាសន៍ទៅកាន់បណ្ដាជន មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោកបានមក ឈរចាំនិយាយជាមួយនឹងលោកនៅខាងក្រៅ។ ៤៧ ដូច្នេះ មានគេមកជម្រាបលោកថា៖ «មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោកកំពុងឈរចាំខាងក្រៅ ហើយចង់និយាយជាមួយនឹងលោក»។ ៤៨ លោកមានប្រសាសន៍តបទៅវិញថា៖ «តើអ្នកណាជាម្ដាយខ្ញុំ? ហើយតើអ្នកណាជាប្អូនប្រុសៗរបស់ខ្ញុំ?»។ ៤៩ រួចមក លោកលាតដៃសំដៅទៅអ្នកកាន់តាមលោក ហើយមានប្រសាសន៍ថា៖ «នុ៎ះន៏! ម្ដាយរបស់ខ្ញុំ និងប្អូនប្រុសៗរបស់ខ្ញុំ! ៥០ ព្រោះអ្នកណាដែលធ្វើតាមបំណងប្រាថ្នាបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។