លូកា
៧ លុះលោកមានប្រសាសន៍ឲ្យបណ្ដាជនស្ដាប់ចប់ហើយ លោកក៏បានចូលទៅក្នុងក្រុងកាពើណិម។ ២ ទីនោះមាននាយទាហានដែលមានខ្ញុំបម្រើសំណព្វចិត្តម្នាក់ដែលឈឺជិតស្លាប់ហើយ។ ៣ ពេលដែលនាយទាហាននោះឮអំពីលោកយេស៊ូ គាត់ចាត់ពួកបុរសចាស់ទុំខ្លះនៃជនជាតិយូដា ឲ្យទៅសុំលោកមកធ្វើឲ្យខ្ញុំបម្រើរបស់គាត់ជាសះស្បើយ។ ៤ រួចមក ពួកអ្នកដែលបានចូលមកជិតលោកយេស៊ូ ក៏ចាប់ផ្ដើមអង្វរជាខ្លាំងថា៖ «គាត់សមនឹងទទួលជំនួយពីលោក ៥ ព្រោះគាត់ស្រឡាញ់ជនជាតិយើង ក៏បានសាងសាលាប្រជុំឲ្យយើងទៀតផង»។ ៦ ដូច្នេះ លោកយេស៊ូចេញទៅជាមួយនឹងពួកគាត់។ ប៉ុន្តែពេលដែលលោកទៅជិតដល់ផ្ទះនោះហើយ នាយទាហានបានចាត់មិត្តភក្ដិឲ្យទៅជម្រាបលោកថា៖ «មិនចាំបាច់ទេលោក ព្រោះខ្ញុំមិនសមនឹងទទួលលោកចូលមកក្នុងផ្ទះខ្ញុំឡើយ។ ៧ ហេតុនោះហើយបានជាខ្ញុំក៏មិនចាត់ទុកថា ខ្ញុំសមនឹងទៅជួបលោកដោយផ្ទាល់ដែរ។ ប៉ុន្តែសូមលោកគ្រាន់តែមានប្រសាសន៍ប៉ុណ្ណោះ ដើម្បីឲ្យខ្ញុំបម្រើរបស់ខ្ញុំបានជាឡើងវិញ។ ៨ ព្រោះខ្ញុំក៏នៅក្រោមបង្គាប់គេដែរ ហើយមានកូនទាហានដែលនៅក្រោមបង្គាប់ខ្ញុំ។ បើខ្ញុំបង្គាប់អ្នកណាថា៖ ‹ទៅ!› អ្នកនោះក៏ទៅ ហើយបើខ្ញុំបង្គាប់អ្នកណាថា៖ ‹មក!› អ្នកនោះក៏មក។ បើខ្ញុំបង្គាប់ខ្ញុំបម្រើរបស់ខ្ញុំថា៖ ‹ធ្វើការនេះទៅ!› គាត់ក៏ធ្វើការនោះ»។ ៩ កាលដែលលោកយេស៊ូឮពាក្យទាំងនេះ លោកក៏នឹកអស្ចារ្យនឹងនាយទាហាននោះ រួចបែរទៅមានប្រសាសន៍ទៅកាន់បណ្ដាជនដែលកំពុងដើរតាមលោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនឃើញអ្នកណាមានជំនឿខ្លាំងយ៉ាងនេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក្ដី»។ ១០ ឯពួកអ្នកដែលគាត់បានចាត់មក ក៏ត្រឡប់ទៅផ្ទះវិញ។ លុះទៅដល់ហើយ ពួកគេឃើញថាខ្ញុំបម្រើនោះមានសុខភាពល្អឡើងវិញ។
១១ មិនយូរក្រោយពីនោះ លោកបានធ្វើដំណើរទៅក្រុងមួយហៅថាណេអ៊ីន ហើយពួកអ្នកកាន់តាមនិងមនុស្សមួយក្រុមធំបានរួមដំណើរជាមួយនឹងលោក។ ១២ លុះធ្វើដំណើរជិតដល់ផ្លូវចូលក្រុងហើយ មើល! គេកំពុងសែងសពបុរសដែលជាកូនតែមួយរបស់ម្ដាយ។ ម្យ៉ាងទៀត ម្ដាយរបស់សពនោះជាស្ត្រីមេម៉ាយ ហើយមនុស្សមួយក្រុមធំពីក្រុងនោះក៏នៅជាមួយនឹងនាងដែរ។ ១៣ ពេលដែលលោកម្ចាស់យេស៊ូក្រឡេកទៅឃើញនាង លោកមានចិត្តក្ដួលអាណិត ក៏មានប្រសាសន៍ទៅនាងថា៖ «ឈប់យំទៅ»។ ១៤ បន្ទាប់មក លោកដើរទៅជិតហើយពាល់គ្រែស្នែង ឯពួកអ្នកសែងក៏ឈប់។ រួចមក លោកមានប្រសាសន៍ថា៖ «អ្នកកំលោះ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!»។ ១៥ ឯបុរសដែលស្លាប់នោះក៏ងើបឡើងអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចលោកប្រគល់គាត់ឲ្យម្ដាយ។ ១៦ ពួកគេទាំងអស់គ្នាក៏តាំងស្ញែងខ្លាច រួចចាប់ផ្ដើមសរសើរតម្កើងព្រះថា៖ «អ្នកប្រកាសទំនាយម្នាក់ដ៏ឧត្តមបានត្រូវតាំងឡើងក្នុងចំណោមយើង» ហើយ«ព្រះបានអាណិតរាស្ត្ររបស់លោក»។ ១៧ រួចដំណឹងនេះអំពីលោក បានឮសុសសាយពេញតំបន់យូឌាទាំងមូលនិងតំបន់នៅជុំវិញ។
១៨ ឯពួកអ្នកកាន់តាមយ៉ូហានបាននាំដំណឹងអំពីការទាំងនេះទៅប្រាប់គាត់។ ១៩ ដូច្នេះ យ៉ូហានបានហៅអ្នកកាន់តាមគាត់ពីរនាក់មក ហើយចាត់ឲ្យទៅសួរលោកម្ចាស់យេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏តើយើងត្រូវរង់ចាំអ្នកមួយទៀត?»។ ២០ ម្ល៉ោះហើយ ពួកគេបានចូលទៅជិតលោកហើយសួរថា៖ «យ៉ូហាន ជាអ្នកជ្រមុជទឹក បានចាត់យើងឲ្យមកសួរលោកថា៖ ‹តើលោកជាអ្នកដែលត្រូវមកឬ? ឬតើយើងត្រូវរង់ចាំអ្នកផ្សេងទៀត?›»។ ២១ នៅម៉ោងនោះឯង លោកបានធ្វើឲ្យមនុស្សជាច្រើនជាពីជំងឺផ្សេងៗ រោគាដែលកំពុងបៀតបៀន និងបានធ្វើឲ្យរួចពីពួកវិញ្ញាណ* អាក្រក់ ក៏បានអនុគ្រោះឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញ។ ២២ ដូច្នេះ លោកតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកបានឮនិងបានឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវប្រាប់ដល់មនុស្សក្រីក្រ។ ២៣ ឯអ្នកណាដែលមិនរកហេតុឲ្យសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។
២៤ ពេលដែលពួកអ្នកនាំពាក្យរបស់យ៉ូហានបានចេញទៅ នោះលោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជនអំពីយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅតំបន់ស្ងាត់ជ្រងំដើម្បីមើលអ្វី? តើបានចេញទៅមើលដើមត្រែងមួយដែលយោលចុះយោលឡើងទៅតាមខ្យល់ឬ? ២៥ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលបុរសម្នាក់ដែលមានសម្លៀកបំពាក់ក្រៅទន់ល្មើយឬ? ពួកអ្នកដែលមានសម្លៀកបំពាក់និងរបស់របរល្អប្រណីត គឺនៅក្នុងលំនៅស្តេច។ ២៦ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វីទៅ? ទៅមើលអ្នកប្រកាសទំនាយឬ? ត្រូវហើយ! ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា គាត់មិនត្រឹមតែជាអ្នកប្រកាសទំនាយប៉ុណ្ណោះទេ។ ២៧ អ្វីដែលបានត្រូវសរសេរថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក› គឺអំពីអ្នកនេះហើយ។ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាធំជាងយ៉ូហានទេ។ ប៉ុន្តែអ្នកដែលតូចជាងគេក្នុងរាជាណាចក្ររបស់ព្រះគឺធំជាងគាត់»។ ២៩ (ពេលដែលឮដូច្នេះ បណ្ដាជនទាំងឡាយនិងពួកអ្នកយកពន្ធដែលយ៉ូហានបានជ្រមុជទឹកឲ្យ បានប្រកាសថាព្រះគឺសុចរិត។ ៣០ ប៉ុន្តែពួកផារិស៊ីនិងពួកអ្នកចេះច្បាប់* ស្ទាត់ ដែលមិនបានទទួលការជ្រមុជទឹកពីយ៉ូហាន មិនបានស្ដាប់តាមឱវាទដែលព្រះផ្ដល់ឲ្យពួកគេឡើយ)។
៣១ លោកយេស៊ូមានប្រសាសន៍តទៅទៀតថា៖ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា? តើមនុស្សជំនាន់នេះដូចអ្នកណា? ៣២ ពួកគេគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកដាក់គ្នាថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានស្រែកទ្រហោ តែឯងរាល់គ្នាមិនបានយំទេ›។ ៣៣ ដូចគ្នាដែរ ពេលដែលយ៉ូហានជាអ្នកជ្រមុជទឹកបានមក គាត់មិនពិសានំប៉័ង ពិសាស្រា ដូចអ្នកឯទៀតទេ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ៣៤ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារ ពិសាស្រាដូចអ្នកឯទៀត។ ក៏ប៉ុន្តែ គេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកផឹកស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង!›។ ៣៥ ទោះជាគេនិយាយយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។
៣៦ មានផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន ដែលអញ្ជើញលោកម្ដងហើយម្ដងទៀតឲ្យទៅបរិភោគជាមួយនឹងគាត់។ ម្ល៉ោះហើយ លោកបានចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះរួចអង្គុយនៅតុ។ ៣៧ ហើយមើល! មានស្ត្រីម្នាក់ដែលអ្នកក្រុងនោះស្គាល់ជាទូទៅថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ នាងបានឮថាលោកកំពុងបរិភោគនៅផ្ទះរបស់ផារិស៊ីនោះ។ ដូច្នេះ នាងយកប្រេងក្រអូបក្នុងដបថ្មកែវមួយទៅ ៣៨ ក៏បានលុតជង្គង់ពីក្រោយលោក ហើយចាប់ផ្ដើមយំសម្រក់ទឹកភ្នែកទៅលើជើងលោក រួចយកសក់នាងមកជូត។ នាងថែមទាំងថើបជើងលោកយ៉ាងថ្នម ក៏យកប្រេងក្រអូបនោះមកលាបផង។ ៣៩ ពេលឃើញដូច្នេះ ផារិស៊ីដែលបានអញ្ជើញលោក ក៏តាំងគិតក្នុងចិត្តថា៖ «ប្រសិនបើបុរសនេះជាអ្នកប្រកាសទំនាយមែន លោកនឹងជ្រាបថាស្ត្រីដែលកំពុងពាល់លោកជាស្ត្រីបែបណាហើយ គឺនាងជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ ៤០ ប៉ុន្តែលោកយេស៊ូតបឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូន ខ្ញុំចង់ប្រាប់អ្នករឿងមួយ»។ គាត់ក៏ឆ្លើយថា៖ «លោកគ្រូ! អញ្ជើញមានប្រសាសន៍ចុះ!»។
៤១ «មានបុរសពីរនាក់ដែលជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាក់ប្រាំរយឌីណារី* ឯម្នាក់ទៀតជំពាក់ប្រាក់ហាសិបឌីណារី។ ៤២ នៅពេលដែលពួកគេគ្មានអ្វីនឹងសងវិញ នោះម្ចាស់បំណុលបានឲ្យពួកគេទាំងពីរនាក់រួចពីបំណុល។* ដូច្នេះ តើបុរសមួយណានឹងស្រឡាញ់ម្ចាស់បំណុលជាង?»។ ៤៣ ស៊ីម៉ូនឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺជាបុរសដែលរួចពីបំណុលច្រើនជាងគេ»។ លោកមានប្រសាសន៍ថា៖ «អ្នកឆ្លើយត្រូវហើយ»។ ៤៤ ឮដូច្នេះ លោកក៏បែរទៅរកស្ត្រីនោះ រួចមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលផ្ទះរបស់អ្នក តែអ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេ។ ក៏ប៉ុន្តែ ស្ត្រីនេះបានផ្សើមជើងខ្ញុំដោយទឹកភ្នែករបស់នាង ហើយបានយកសក់នាងមកជូតផង។ ៤៥ អ្នកមិនបានថើបខ្ញុំទេ ប៉ុន្តែតាំងពីម៉ោងដែលខ្ញុំចូលមក ស្ត្រីនេះបានថើបជើងខ្ញុំថ្នមៗឥតឈប់។ ៤៦ អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្តែស្ត្រីនេះបានយកប្រេងក្រអូបមកលាបជើងខ្ញុំ។ ៤៧ ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នកថា ពិតមែនតែនាងធ្វើខុសច្រើន ប៉ុន្តែការខុសឆ្គងទាំងនោះបានត្រូវអភ័យទោស។ ហេតុនេះ នាងបង្ហាញសេចក្ដីស្រឡាញ់ច្រើន។ តែពេលដែលអភ័យទោសឲ្យអ្នកណាដែលមានការខុសឆ្គងតិចតួច អ្នកនោះនឹងបង្ហាញសេចក្ដីស្រឡាញ់តិចតួច»។ ៤៨ រួចលោកមានប្រសាសន៍ទៅនាងថា៖ «ការខុសឆ្គងរបស់នាងបានត្រូវអភ័យទោសហើយ»។ ៤៩ ឮដូច្នេះ ពួកអ្នកដែលកំពុងរួមតុជាមួយនឹងលោកក៏តាំងគិតក្នុងចិត្តថា៖ «តើបុរសនេះជាអ្នកណា? សូម្បីតែការខុសឆ្គងក៏លោកអាចអភ័យទោសបានដែរឬ?»។ ៥០ ប៉ុន្តែលោកមានប្រសាសន៍ទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ»។