ម៉ាកុស
៤ រួចលោកចាប់ផ្ដើមបង្រៀននៅឆ្នេរសមុទ្រម្ដងទៀត។ ពេលនោះ មនុស្សសន្ធឹកបានមូលគ្នាមកជិតលោក រហូតដល់លោកត្រូវចុះទៅអង្គុយក្នុងទូកមួយ ហើយចេញពីច្រាំងបន្ដិច តែបណ្ដាជនបាននៅលើមាត់ច្រាំងវិញ។ ២ ម្ល៉ោះហើយ លោកចាប់ផ្ដើមបង្រៀនសេចក្ដីពិតជាច្រើន ដោយប្រើឧទាហរណ៍ ក្នុងការបង្រៀនពួកគេដោយពោលថា៖ ៣ «ចូរស្ដាប់ចុះ។ មើល! បុរសម្នាក់បានចេញទៅសាបព្រោះ។ ៤ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។ ៥ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។ ៦ ក៏ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាបានស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាបានក្រៀមស្វិត។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់នៅលើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ ហើយវាមិនបង្កើតផលឡើយ។ ៨ ប៉ុន្តែគ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ហើយបានដុះឡើងបង្កើតផល មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។ ៩ ដូច្នេះ លោកពោលបន្ថែមថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។
១០ ពេលដែលលោកនៅដាច់ពីគេ នោះអ្នកដែលនៅជាមួយនឹងសាវ័កទាំងដប់ពីរនាក់ ហើយនៅជុំវិញលោកចាប់ផ្ដើមសួរអំពីឧទាហរណ៍ទាំងនោះ។ ១១ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ព្រះបានជួយឲ្យអ្នករាល់គ្នាយល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែចំពោះអ្នកក្រៅវិញ អ្វីៗដែលពួកគេឮត្រឹមតែជាឧទាហរណ៍ប៉ុណ្ណោះ ១២ ដើម្បីកាលណាមើល ពួកគេនឹងមើលមិនឃើញ ហើយឮ តែមិនអាចយល់អត្ថន័យ ហើយមិនអាចវិលមកវិញ ឲ្យព្រះអភ័យទោសពួកគេឡើយ»។ ១៣ លោកមានប្រសាសន៍តទៅទៀតថា៖ «អ្នករាល់គ្នាមិនយល់ឧទាហរណ៍នេះ ដូច្នេះធ្វើដូចម្ដេចឲ្យយល់ឧទាហរណ៍ឯទៀតបាន?
១៤ «អ្វីដែលបុរសនោះសាបព្រោះគឺជាបណ្ដាំរបស់ព្រះ។ ១៥ ដូច្នេះមនុស្សដែលប្រៀបដូចជាផ្លូវនោះ គឺជាអ្នកដែលបានត្រូវបណ្ដាំរបស់ព្រះសាបព្រោះក្នុងពួកគេ តែកាលបានឮបណ្ដាំព្រះភ្លាម សាថាន* មកឆក់យកបណ្ដាំដែលបានត្រូវសាបព្រោះនោះទៅ។ ១៦ ចំណែកមនុស្សដែលប្រៀបដូចជាផ្ទាំងថ្ម កាលដែលឮបណ្ដាំរបស់ព្រះភ្លាម ពួកគេក៏ទទួលបណ្ដាំនោះដោយអំណរ។ ១៧ ទោះជាយ៉ាងនោះក៏ដោយ បណ្ដាំរបស់ព្រះគ្មានឫសក្នុងពួកគេឡើយ។ តែពួកគេនៅជាប់បានមួយរយៈ រួចពេលកើតមានទុក្ខលំបាកឬការបៀតបៀនដោយសារបណ្ដាំរបស់ព្រះភ្លាម នោះពួកគេជំពប់ដួល។* ១៨ មនុស្សខ្លះទៀតគឺប្រៀបដូចជាដីដែលមានដើមបន្លា នោះសំដៅទៅអ្នកដែលបានឮបណ្ដាំរបស់ព្រះ ១៩ ប៉ុន្តែការខ្វល់ខ្វាយអំពីជីវភាពនៅសម័យ* នេះ និងការល្បួងនៃទ្រព្យសម្បត្ដិ និងចិត្តប្រាថ្នាឲ្យបានអ្វីៗផ្សេងទៀតក៏ចូលមកគ្របបាំងបណ្ដាំរបស់ព្រះជិត មិនឲ្យបង្កើតផលឡើយ។ ២០ មនុស្សដែលប្រៀបដូចជាដីល្អ គឺជាអ្នកដែលស្ដាប់បណ្ដាំរបស់ព្រះ ហើយទទួលដោយអំណរ រួចបង្កើតផលមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។
២១ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «គេមិនដែលយកចង្កៀងមកដើម្បីដាក់ក្រោមប្រដាប់វាល់ស្រូវ ឬក្រោមគ្រែឡើយ មែនទេ? គេយកមកដើម្បីដាក់លើជើងចង្កៀងវិញ ២២ ព្រោះថា គេមិនដែលលាក់អ្វីមួយ លើកលែងតែមានបំណងបង្ហាញឲ្យឃើញក្រោយមក ហើយគេមិនដែលបិទបាំងអ្វីយ៉ាងជិតល្អ លើកលែងតែមានបំណងបើកបង្ហាញក្រោយមក។ ២៣ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។
២៤ លោកមានប្រសាសន៍ថែមទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងអ្វីដែលអ្នកកំពុងឮ។ អ្នកវាល់ប៉ុណ្ណា អ្នកនឹងទទួលប៉ុណ្ណឹង គឺអ្នកនឹងទទួលថែមទៀតផង ២៥ ដោយហេតុថា អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»។
២៦ លោកមានប្រសាសន៍បន្ថែមថា៖ «រាជាណាចក្ររបស់ព្រះគឺដូចតទៅនេះ៖ គឺដូចពេលបុរសម្នាក់សាបព្រោះគ្រាប់ពូជលើដី ២៧ រួចពេលយប់គាត់ដេក ហើយពេលថ្ងៃគាត់ក្រោកឡើង ចំណែកគ្រាប់ពូជវិញ វាចេញពន្លកហើយធំឡើង តែគាត់មិនដឹងថាវាដុះតាមរបៀបណាឡើយ។ ២៨ បន្ដិចម្ដងៗ ដីបង្កើតផលដោយឯកឯង មុនដំបូងចេញទង រួចមកមានកួរ ហើយទីបំផុតមានគ្រាប់។ ២៩ កាលស្រូវទុំហើយ គាត់ទាញកណ្ដៀវមកច្រូត ពីព្រោះរដូវចម្រូតបានមកដល់ហើយ»។
៣០ រួចលោកពោលតទៅទៀតថា៖ «តើយើងអាចប្រដូចរាជាណាចក្ររបស់ព្រះទៅនឹងអ្វី? ហើយតើយើងអាចប្រើឧទាហរណ៍អ្វី ដើម្បីពណ៌នាអំពីរាជាណាចក្ររបស់ព្រះ? ៣១ គឺប្រៀបដូចជាគ្រាប់មូស្ដាត។* កាលគេដាំក្នុងដី គ្រាប់នោះជាគ្រាប់តូចបំផុតលើផែនដី។ ៣២ តែក្រោយពីបានត្រូវដាំហើយ គ្រាប់នោះដុះឡើងធំជាងដំណាំទាំងអស់ ហើយបែកមែកធំៗ រហូតដល់សត្វស្លាបនៅលើមេឃអាចជ្រកអាស្រ័យក្នុងម្លប់ដើមនោះបាន»។
៣៣ ដោយប្រើឧទាហរណ៍ជាច្រើនបែបនោះ លោកធ្លាប់តែមានប្រសាសន៍ប្រាប់ពួកគេអំពីបណ្ដាំរបស់ព្រះ តាមតែពួកគេអាចយល់បាន។ ៣៤ លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។ ប៉ុន្តែចំពោះអ្នកកាន់តាមលោកវិញ លោកធ្លាប់តែពន្យល់អ្វីៗទាំងអស់ដោយឡែកពីគេ។
៣៥ កាលយប់ហើយនៅថ្ងៃនោះ លោកមានប្រសាសន៍ប្រាប់ពួកគាត់ថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ ៣៦ ម្ល៉ោះហើយ ក្រោយពីបានឲ្យបណ្ដាជនត្រឡប់ទៅវិញនោះ ពួកគាត់និងលោកបានចូលក្នុងទូករួចចេញដំណើរទៅតែម្ដង ហើយមានទូកឯទៀតនៅទីនោះដែរ។ ៣៧ ក្រោយមក មានខ្យល់ព្យុះដ៏ខ្លាំងមួយ ហើយរលកបានបក់បោកវាយផ្ទប់ទូកនោះ រហូតដល់ទឹកចូលជិតពេញ។ ៣៨ ប៉ុន្តែលោកកំពុងសម្រាន្តលក់លើខ្នើយនៅកន្សៃទូក។ ដូច្នេះពួកគាត់បានដាស់លោក ហើយសួរថា៖ «លោកគ្រូ! តើលោកមិនខ្វល់ថាយើងជិតវិនាសហើយទេឬ?»។ ៣៩ ឮដូច្នេះ លោកងើបឡើង ហើយស្តីបន្ទោសខ្យល់ ថែមទាំងស្រដីទៅសមុទ្រថា៖ «ចូរស្ងៀមទៅ!»។ រួចខ្យល់ក៏ស្ងប់ ហើយក៏កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង។ ៤០ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីបានជាខ្លាចដូច្នេះ? តើអ្នកនៅតែមិនទាន់មានជំនឿទេឬ?»។ ៤១ ប៉ុន្តែពួកគាត់នឹកស្ញប់ស្ញែងក្នុងចិត្តយ៉ាងខ្លាំង ហើយបានសួរគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? សូម្បីតែខ្យល់និងសមុទ្រក៏ស្ដាប់បង្គាប់លោកដែរ»។