ម៉ាថាយ
២៧ លុះព្រឹកឡើង ពួកសង្ឃនាយកនិងបុរសចាស់ទុំទាំងឡាយ បានប្រឹក្សាគ្នារិះរកវិធីសម្លាប់លោកយេស៊ូ។ ២ រួចមក ពួកគេចងលោកហើយនាំទៅប្រគល់ឲ្យលោកពីឡាតដែលជាអភិបាល។
៣ ពេលយូដាស ជាអ្នកដែលក្បត់លោក បានឃើញថាពួកគេបានកាត់ទោសលោកហើយ នោះគាត់ស្ដាយក្រោយ ក៏បានយកសាមសិបកាក់ធ្វើពីប្រាក់ទៅប្រគល់ឲ្យពួកសង្ឃនាយកនិងពួកបុរសចាស់ទុំវិញ ៤ ដោយប្រាប់ថា៖ «ខ្ញុំបានធ្វើខុស ពេលដែលខ្ញុំក្បត់បុរសសុចរិត* នោះ»។ ពួកគេនិយាយថា៖ «នេះមិនមែនជារឿងរបស់យើងទេ អ្នកត្រូវដោះស្រាយរឿងនេះដោយខ្លួនឯង!»។ ៥ ដូច្នេះ គាត់បោះកាក់ប្រាក់ទាំងនោះទៅក្នុងវិហារ រួចបានចេញទៅចងកសម្លាប់ខ្លួន។ ៦ ក៏ប៉ុន្តែ ពួកសង្ឃនាយកបានរើសកាក់ប្រាក់ទាំងនោះហើយនិយាយថា៖ «យើងគ្មានច្បាប់ដាក់ប្រាក់នេះក្នុងឃ្លាំងពិសិដ្ឋទេ ពីព្រោះប្រាក់នេះជាតម្លៃឈាម»។* ៧ ក្រោយពីពួកគេបានប្រឹក្សាគ្នាហើយ នោះពួកគេបានយកប្រាក់នោះទៅទិញវាលរបស់ជាងស្មូនសម្រាប់បញ្ចុះសពអ្នកមកពីក្រៅ។ ៨ ហេតុនេះ គេហៅវាលនោះថា«វាលឈាម» រហូតមកដល់សព្វថ្ងៃនេះ។ ៩ ពេលនោះទំនាយដែលបានត្រូវប្រកាសតាមរយៈយេរេមាបានសម្រេច។ ទំនាយនោះថា៖ «រួចពួកគេបានយកសាមសិបកាក់ធ្វើពីប្រាក់ ជាតម្លៃដែលពួកកូនអ៊ីស្រាអែលបានសន្មតថាជាថ្លៃដែលគេនឹងទិញលោក ១០ ហើយពួកគេបានឲ្យប្រាក់នោះសម្រាប់វាលរបស់ជាងស្មូន ដូចព្រះយេហូវ៉ាបានបង្គាប់ខ្ញុំ»។
១១ ឯលោកយេស៊ូ លោកឈរនៅមុខអភិបាល។ អភិបាលសួរថា៖ «តើអ្នកជាស្តេចនៃជនជាតិយូដាឬ?»។ លោកយេស៊ូឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។ ១២ ក៏ប៉ុន្តែ ពេលដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំចោទប្រកាន់លោក នោះលោកមិនតបឆ្លើយឡើយ។ ១៣ រួចមក ពីឡាតសួរលោកថា៖ «តើអ្នកមិនឮរឿងទាំងប៉ុន្មានដែលពួកគេកំពុងចោទប្រកាន់អ្នកទេឬ?»។ ១៤ ក៏ប៉ុន្តែលោកមិនបានតបឆ្លើយមួយម៉ាត់សោះ ជាហេតុធ្វើឲ្យអភិបាលឆ្ងល់ជាខ្លាំង។
១៥ ក្នុងអំឡុងបុណ្យនេះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ដែលបណ្ដាជនចង់ឲ្យដោះលែង។ ១៦ នៅពេលនោះឯង គេកំពុងឃុំអ្នកទោសដ៏ល្បីល្បាញម្នាក់ហៅថាបារ៉ាបាស។ ១៧ ដូច្នេះ ពេលពួកគេបានប្រមូលគ្នាហើយ ពីឡាតក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា? បារ៉ាបាស? ឬក៏យេស៊ូដែលហៅថាគ្រិស្ត?» ១៨ ព្រោះពីឡាតដឹងថាពួកគេបានប្រគល់លោកយេស៊ូមកដោយសារមានចិត្តច្រណែន។ ១៩ ម្យ៉ាងទៀត កាលដែលគាត់កំពុងអង្គុយនៅកន្លែងសម្រេចក្ដី នោះភរិយារបស់គាត់បានចាត់គេឲ្យទៅប្រាប់គាត់ថា៖ «កុំជាប់ពាក់ព័ន្ធនឹងបុរសសុចរិតនោះឲ្យសោះ ព្រោះខ្ញុំបានរងទុក្ខជាខ្លាំងពេលខ្ញុំបានយល់សប្ដិនៅថ្ងៃនេះ ដោយសារបុរសនោះ»។ ២០ ប៉ុន្តែពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានបញ្ចុះបញ្ចូលបណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស តែសុំឲ្យបំផ្លាញលោកយេស៊ូចោលវិញ។ ២១ ដើម្បីតបឆ្លើយ អភិបាលបានសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាក្នុងចំណោមពីរនាក់នេះ?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស»។ ២២ ពីឡាតសួរពួកគេថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះយេស៊ូ ដែលហៅថាគ្រិស្ត?»។ ពួកគេទាំងអស់គ្នានិយាយថា៖ «ព្យួរអ្នកនោះទៅ!»។ ២៣ គាត់សួរពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអាក្រក់អ្វីទៅ?» តែពួកគេស្រែកកាន់តែខ្លាំងថែមទៀតថា៖ «ព្យួរអ្នកនោះទៅ!»។
២៤ កាលដែលពីឡាតឃើញថាការខំប្រឹងរបស់ខ្លួនគ្មានប្រយោជន៍ទេ តែផ្ទុយទៅវិញ ហ្វូងមនុស្សកំពុងកើតចលាចល នោះគាត់ក៏យកទឹកមកលាងដៃនៅមុខពួកគេ ដោយនិយាយថា៖ «ខ្ញុំមិនទទួលខុសត្រូវចំពោះការស្លាប់របស់បុរសនេះ* ឡើយ។ រឿងនេះស្រេចនៅលើអ្នករាល់គ្នាទេ»។ ២៥ ពេលនោះ បណ្ដាជនទាំងអស់ឆ្លើយថា៖ «យើងនិងកូនចៅរបស់យើងនឹងទទួលខុសត្រូវចំពោះការប្រហារជីវិត* អ្នកនោះ»។ ២៦ ក្រោយមក ពីឡាតដោះលែងបារ៉ាបាសប្រគល់ឲ្យពួកគេ តែបានបញ្ជាឲ្យវាយលោកយេស៊ូ រួចប្រគល់លោកឲ្យពួកទាហានយកទៅព្យួរ។
២៧ បន្ទាប់មក ពួកទាហានរបស់អភិបាលនាំលោកយេស៊ូចូលទៅក្នុងវិមានរបស់អភិបាល ហើយបានប្រមូលពួកទាហានគ្រប់រូបមកឯលោក។ ២៨ រួចមក ពួកគេដោះសម្លៀកបំពាក់របស់លោកចេញ ហើយយកសំពត់ដណ្ដប់ពណ៌ក្រហមឆ្អៅមកបំពាក់ឲ្យលោកវិញ។ ២៩ ពួកគេក៏បានក្រងបន្លាធ្វើជាមកុដមួយបំពាក់លើក្បាលលោក ហើយយកដើមត្រែងមួយដាក់ក្នុងដៃស្ដាំរបស់លោក។ រួចមក ពួកគេលុតជង្គង់នៅមុខលោកហើយចំអកថា៖ «ស្តេចនៃជនជាតិយូដាអើយ! សូមឲ្យលោកបានសុខសប្បាយ!»។ ៣០ ពួកគេក៏ស្ដោះទឹកមាត់ដាក់លោក ថែមទាំងយកដើមត្រែងនោះវាយក្បាលលោក។ ៣១ ក្រោយពីបានចំអកឲ្យលោករួចហើយ នៅទីបំផុតពួកគេដោះសំពត់ដណ្ដប់ចេញពីលោក ហើយយកសម្លៀកបំពាក់ក្រៅរបស់លោកមកបំពាក់ឲ្យវិញ។ រួចមក ពួកគេនាំយកលោកទៅព្យួរ។
៣២ កាលដែលកំពុងចេញទៅនោះ ពួកគេប្រទះឃើញអ្នកក្រុងគីរេនម្នាក់ឈ្មោះស៊ីម៉ូន។ ពួកគេបង្ខំបុរសនេះឲ្យលីបង្គោលទារុណកម្ម* របស់លោក។ ៣៣ ពេលដែលពួកគេទៅដល់កន្លែងមួយហៅថាកុលកូថា ដែលមានន័យថាកន្លែងលលាដ៍ក្បាល ៣៤ នោះពួកគេយកស្រាលាយជាមួយថ្នាំម្យ៉ាងដែលមានជាតិល្វីងមកជូនលោកពិសា ប៉ុន្តែក្រោយពីលោកភ្លក់ហើយ លោកមិនព្រមពិសាឡើយ។ ៣៥ ក្រោយពីពួកគេបានព្យួរលោករួចហើយ ពួកគេក៏បានចែកសម្លៀកបំពាក់ក្រៅរបស់លោកដោយចាប់ឆ្នោត ៣៦ ហើយអង្គុយចាំយាមលោកនៅទីនោះ។ ៣៧ ម្យ៉ាងទៀត នៅខាងលើក្បាលរបស់លោក ពួកគេដាក់សេចក្ដីប្រកាសដែលចោទប្រកាន់លោកថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាស្តេចនៃជនជាតិយូដា»។
៣៨ ក្រោយមក ពួកគេបានព្យួរចោរប្លន់ពីរនាក់ជាមួយនឹងលោកដែរ ម្នាក់នៅខាងស្ដាំលោក និងម្នាក់នៅខាងឆ្វេង។ ៣៩ ដូច្នេះ អ្នកដែលដើរកាត់គ្រវីក្បាលនិយាយមើលងាយលោក ៤០ ដោយពោលថា៖ «នែ! អ្នករុះវិហារហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកឯងជាបុត្រព្រះមែន ចូរចុះពីបង្គោលទារុណកម្មមក!»។ ៤១ ពួកសង្ឃនាយក ព្រមទាំងពួកអ្នកជំនាញខាងច្បាប់និងពួកបុរសចាស់ទុំក៏បានចំអកឲ្យលោកបែបដូច្នេះដែរ ដោយនិយាយថា៖ ៤២ «អ្នកនេះបានសង្គ្រោះអ្នកដទៃ តែសង្គ្រោះខ្លួនឯងមិនបានទេ! គាត់ជាស្តេចនៃអ៊ីស្រាអែល ដូច្នេះ ចូរឲ្យគាត់ចុះពីបង្គោលទារុណកម្មមក ហើយយើងនឹងជឿលើគាត់។ ៤៣ គាត់បានទុកចិត្តលើព្រះ ដូច្នេះ បើព្រះចង់បានគាត់ ទុកឲ្យព្រះសង្គ្រោះគាត់ចុះ ព្រោះគាត់បាននិយាយថា៖ ‹ខ្ញុំជាបុត្ររបស់ព្រះ›»។ ៤៤ សូម្បីតែចោរប្លន់ដែលបានត្រូវព្យួរជាមួយនឹងលោក ក៏ចាប់ផ្ដើមតិះដៀលលោកបែបដូច្នេះដែរ។
៤៥ ពីម៉ោងទីប្រាំមួយ* រហូតដល់ម៉ោងទីប្រាំបួន* ស្រុកទាំងមូលបានទៅជាងងឹត។ ៤៦ ប្រហែលជាម៉ោងទីប្រាំបួន លោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អេលី! អេលី! ឡាម៉ា សាបាក់ ថានី?» ដែលមានន័យថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ ៤៧ ពេលឮដូច្នេះ អ្នកខ្លះក្នុងចំណោមពួកអ្នកដែលឈរនៅក្បែរនោះចាប់ផ្ដើមនិយាយថា៖ «បុរសនេះកំពុងហៅអេលីយ៉ា»។ ៤៨ ក្រោយមក ម្នាក់ក្នុងចំណោមពួកគេបានរត់ទៅភ្លាម យកវត្ថុម្យ៉ាងដែលអាចជក់ទឹកបាន ក៏ជ្រលក់ក្នុងស្រាជូរ រួចដាក់លើដើមត្រែងមួយ ហើយឲ្យលោកពិសា។ ៤៩ ប៉ុន្តែអ្នកឯទៀតក្នុងចំណោមពួកគេបាននិយាយថា៖ «កុំរវល់នឹងគាត់! ចាំមើលថាតើអេលីយ៉ាមកសង្គ្រោះគាត់ឬមិនមក»។ [[បុរសម្នាក់ទៀតបានយកលំពែងមួយ ចាក់ចំចំហៀងខ្លួនលោក ហើយឈាមនិងទឹកបានចេញមក]]* ៥០ លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងម្ដងទៀត រួចក៏ផុតដង្ហើម* ទៅ។
៥១ ខណៈនោះ វាំងនន* នៅវិហារបានរហែកជាពីរ ចាប់ពីលើចុះដល់ក្រោម ដីក៏រញ្ជួយ ថ្មបានប្រេះដាច់ពីគ្នា ៥២ ហើយទីបញ្ចុះសពក៏បានរបើកឡើង រួចសពពួកអ្នកបរិសុទ្ធជាច្រើនដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ក៏បានខ្ទាតឡើងចេញមកក្រៅ ៥៣ ហើយមនុស្សជាច្រើនបានឃើញសពទាំងនោះ (ហើយក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះមនុស្សខ្លះដែលបានចេញពីកន្លែងបញ្ចុះសពបានចូលទៅក្នុងក្រុងបរិសុទ្ធ) ៥៤ ប៉ុន្តែពេលដែលនាយទាហាននិងពួកអ្នកដែលនៅយាមលោកយេស៊ូជាមួយនឹងគាត់ បានឃើញដីរញ្ជួយនិងអ្វីៗដែលកំពុងកើតឡើង នោះពួកគេភ័យជាខ្លាំងក៏បាននិយាយថា៖ «អ្នកនេះប្រាកដជាបុត្ររបស់ព្រះមែន»។
៥៥ ម្យ៉ាងទៀត មានស្ត្រីជាច្រើននៅទីនោះ ដែលកំពុងឈរមើលពីចម្ងាយ។ ពួកគេបានមកពីស្រុកកាលីឡេជាមួយនឹងលោកយេស៊ូដើម្បីបម្រើលោក។ ៥៦ ក្នុងចំណោមពួកគេមានម៉ារៀម៉ាក់ដាឡេន ម៉ារៀដែលជាម្ដាយរបស់យ៉ាកុបនិងយ៉ូសេ និងមានម្ដាយរបស់យ៉ាកុបនិងយ៉ូហាន។*
៥៧ លុះពេលព្រលប់ហើយ បុរសអ្នកមានម្នាក់ឈ្មោះយ៉ូសែបពីក្រុងអារីម៉ាថេបានមកដល់។ គាត់ជាអ្នកកាន់តាមលោកយេស៊ូដែរ។ ៥៨ បុរសនេះបានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ។ ក្រោយមក ពីឡាតបង្គាប់ឲ្យគេប្រគល់សពដល់គាត់។ ៥៩ រួចមក យ៉ូសែបយកសពនោះរុំនឹងក្រណាត់ស្អាតសាច់ល្អ ៦០ ហើយបញ្ចុះក្នុងទីបញ្ចុះសពថ្មីរបស់គាត់ ដែលគាត់បានធ្វើដោយដាប់ថ្មជារូង។ ក្រោយពីបានប្រមៀលថ្មមួយមកបិទទីបញ្ចុះសពនោះហើយ គាត់ក៏ចេញទៅ។ ៦១ ប៉ុន្តែម៉ារៀម៉ាក់ដាឡេន និងម៉ារៀមួយទៀតមិនបានចេញទៅណាទេ តែបានអង្គុយនៅមុខទីបញ្ចុះសពនោះវិញ។
៦២ លុះស្អែកឡើង ដែលជាថ្ងៃបន្ទាប់ពីថ្ងៃរៀបចំ* នោះពួកសង្ឃនាយកនិងពួកផារិស៊ីបានប្រមូលគ្នាទៅជួបពីឡាត ៦៣ ដោយនិយាយថា៖ «លោក! យើងបាននឹកឃើញអ្វីដែលអ្នកបោកប្រាស់នោះបាននិយាយកាលនៅរស់ថា៖ ‹ក្រោយបីថ្ងៃ ខ្ញុំនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។ ៦៤ ដូច្នេះ សូមបញ្ជាឲ្យគេយាមកន្លែងបញ្ចុះសពនោះរហូតដល់ថ្ងៃទីបី កុំឲ្យពួកអ្នកកាន់តាមអ្នកនោះមកលួចសពគាត់ ហើយប្រាប់បណ្ដាជនថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ!› រួចការបោកប្រាស់ចុងក្រោយនេះនឹងអាក្រក់ជាងលើកមុនទៅទៀត»។ ៦៥ ពីឡាតប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមានពួកអ្នកយាមស្រាប់ហើយ។ ដូច្នេះ ចូរទៅចាត់ចែងឲ្យគេយាមកន្លែងបញ្ចុះសពឲ្យបានមាំទាំតាមការយល់ឃើញរបស់អ្នករាល់គ្នាចុះ»។ ៦៦ ម្ល៉ោះហើយ ពួកគេបានទៅបិទត្រាលើថ្មដែលបិទកន្លែងបញ្ចុះសពនោះ ក៏បានចាត់ចែងឲ្យគេយាមយ៉ាងមាំទាំផង។