កូរិនថូសទី១
១១ ចូរយកតម្រាប់តាមខ្ញុំ ដូចខ្ញុំយកតម្រាប់តាមគ្រិស្ត។
២ ខ្ញុំសូមសរសើរអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាគិតអំពីខ្ញុំជានិច្ច ហើយកំពុងប្រកាន់ខ្ជាប់តាមសេចក្ដីដែលខ្ញុំបានពាំនាំមកប្រាប់។ ៣ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ។ ៤ បុរសណាដែលអធិដ្ឋានឬប្រកាសទំនាយដោយពាក់អ្វីលើក្បាល ធ្វើឲ្យក្បាល* ខ្លួនអាប់ឱនកិត្ដិយស ៥ ប៉ុន្តែស្ត្រីណាដែលអធិដ្ឋានឬប្រកាសទំនាយដោយមិនពាក់អ្វីលើក្បាល ធ្វើឲ្យក្បាល* ខ្លួនអាប់ឱនកិត្ដិយស ព្រោះបើធ្វើដូច្នេះ នាងគឺដូចជាស្ត្រីដែលត្រូវគេកោរសក់។* ៦ ព្រោះប្រសិនបើស្ត្រីណាមិនពាក់អ្វីលើក្បាល នោះនាងត្រូវកាត់សក់ឲ្យខ្លី។ ប៉ុន្តែប្រសិនបើស្ត្រីនឹងអាប់ឱនកិត្ដិយសបើកាត់សក់ឲ្យខ្លីឬកោរសក់ នោះនាងត្រូវពាក់អ្វីលើក្បាល។
៧ ព្រោះបុរសមិនគួរពាក់អ្វីលើក្បាលទេ ដោយសារបុរសជារូបនៃព្រះ និងនាំឲ្យព្រះទទួលកិត្ដិយស តែស្ត្រីនាំឲ្យបុរសទទួលកិត្ដិយស។ ៨ ព្រោះបុរសមិនមកពីស្ត្រីទេ តែស្ត្រីមកពីបុរស ៩ ម្យ៉ាងទៀត ព្រះមិនបានបង្កើតបុរសសម្រាប់ស្ត្រីទេ តែលោកបានបង្កើតស្ត្រីសម្រាប់បុរស។ ១០ គឺហេតុនេះហើយ ស្ត្រីត្រូវមានអ្វីលើក្បាលដែលបញ្ជាក់ពីការចុះចូល ហើយដោយសារបណ្ដាទេវតា។
១១ ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកកាន់តាមលោកម្ចាស់ មិនមានស្ត្រីដោយគ្មានបុរស ហើយមិនមានបុរសដោយគ្មានស្ត្រីឡើយ។ ១២ ព្រោះដូចស្ត្រីមកពីបុរស បុរសកើតចេញពីស្ត្រី តែអ្វីៗទាំងអស់មកពីព្រះ។ ១៣ សូមពិចារណាដោយខ្លួនអ្នកចុះ៖ តើជាការសមរម្យទេ ប្រសិនបើស្ត្រីអធិដ្ឋានដល់ព្រះដោយមិនពាក់អ្វីលើក្បាល? ១៤ តើធម្មជាតិមិនបង្ហាញទេថា បុរសត្រូវអាប់ឱនកិត្ដិយសប្រសិនបើមានសក់វែង ១៥ ប៉ុន្តែប្រសិនបើស្ត្រីមានសក់វែង នោះជាកិត្ដិយសនាង? ពីព្រោះនាងបានសក់ជំនួសរបស់លម្អក្បាល។ ១៦ ក៏ប៉ុន្តែប្រសិនបើមានអ្នកណាដែលមើលទៅដូចជាចង់តវ៉ាដើម្បីធ្វើតាមទម្លាប់ណាផ្សេងទៀត យើងគ្មានទម្លាប់ណាផ្សេងទៀតទេ ហើយក្រុមជំនុំទាំងឡាយរបស់ព្រះក៏គ្មានដែរ។
១៧ ប៉ុន្តែ ពេលដែលខ្ញុំឲ្យការណែនាំនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ពីព្រោះកាលដែលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងមួយ នោះមិនផ្ដល់ប្រយោជន៍ឲ្យអ្នករាល់គ្នាឡើយ តែនាំឲ្យបង់ប្រយោជន៍វិញ។ ១៨ ព្រោះទីមួយ ខ្ញុំបានឮថាមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នា ពេលដែលជួបជុំជាក្រុមជំនុំ ហើយខ្ញុំជឿខ្លះដែរ។ ១៩ ព្រោះប្រាកដជានឹងមាននិកាយផ្សេងៗក្នុងចំណោមអ្នករាល់គ្នា ប៉ុន្តែយ៉ាងនេះអ្នកដែលព្រះពេញចិត្តនឹងត្រូវបង្ហាញឲ្យឃើញក្នុងចំណោមអ្នករាល់គ្នា។
២០ ដូច្នេះ ពេលដែលជួបជុំគ្នានៅកន្លែងមួយ អ្នករាល់គ្នាមិនអាចបរិភោគនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ឲ្យបានត្រឹមត្រូវទេ។ ២១ ព្រោះពេលដល់ម៉ោងបរិភោគអាហារល្ងាចរបស់លោកម្ចាស់ អ្នករាល់គ្នាបានបរិភោគអាហារល្ងាចផ្ទាល់ខ្លួនហើយ។ ហេតុនេះ អ្នកខ្លះឃ្លាន ឯអ្នកខ្លះទៀតស្រវឹងស្រា។ ២២ អ្នករាល់គ្នាប្រាកដជាអាចផឹកនិងបរិភោគនៅផ្ទះរបស់ខ្លួន មែនទេ? ឬក៏អ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះ ហើយធ្វើឲ្យអ្នកដែលគ្មានអ្វីសោះអៀនខ្មាស? តើខ្ញុំត្រូវនិយាយអ្វីទៅអ្នករាល់គ្នា? តើខ្ញុំត្រូវសរសើរអ្នករាល់គ្នាឬ? ក្នុងរឿងនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ។
២៣ ព្រោះសេចក្ដីដែលខ្ញុំបានទទួលពីលោកម្ចាស់ ខ្ញុំបានបង្រៀនអ្នករាល់គ្នា គឺថា នៅយប់ដែលលោកម្ចាស់យេស៊ូត្រូវគេក្បត់ លោកបានយកនំប៉័ងមួយដុំ ២៤ អរគុណព្រះ រួចកាច់នំប៉័ងនោះ ហើយមានប្រសាសន៍ថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។ ២៥ បន្ទាប់ពីបានពិសាអាហារល្ងាចហើយ លោកក៏យកពែងនោះធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មីដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ។ រាល់ដងដែលអ្នករាល់គ្នាផឹកពីពែងនេះ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។ ២៦ ព្រោះរាល់ដងដែលអ្នករាល់គ្នាបរិភោគនំប៉័ងនោះ និងផឹកពីពែងនោះ អ្នករាល់គ្នាកំពុងប្រកាសមរណភាពរបស់លោកម្ចាស់រហូតដល់លោកមកដល់។
២៧ ដូច្នេះ អ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងរបស់លោកម្ចាស់ដោយខ្លួនមិនសមនឹងទទួល អ្នកនោះនឹងមានទោសចំពោះរូបកាយនិងឈាមរបស់លោកម្ចាស់។ ២៨ ចូរឲ្យអ្នកនោះគិតពិចារណាឲ្យបានដិតដល់ ដើម្បីដឹងថាខ្លួនសមឬមិនសមនឹងទទួល រួចសឹមបរិភោគនំប៉័ងនោះនិងផឹកពីពែងនោះចុះ។ ២៩ ព្រោះអ្នកណាដែលផឹកនិងបរិភោគដោយមិនទទួលស្គាល់សារៈសំខាន់នៃរូបកាយ អ្នកនោះផឹកនិងបរិភោគនាំឲ្យខ្លួនទទួលការវិនិច្ឆ័យ។ ៣០ ហេតុនោះហើយបានជាមានអ្នកខ្សោយនិងអ្នកឈឺជាច្រើននាក់ក្នុងចំណោមអ្នករាល់គ្នា ហើយជាច្រើននាក់ទៀតបានដេកលក់ទៅក្នុងសេចក្ដីស្លាប់។ ៣១ ប៉ុន្តែប្រសិនបើយើងពិចារណាឲ្យដឹងខ្លួនថាយើងជាមនុស្សបែបណា នោះយើងនឹងមិនទទួលការវិនិច្ឆ័យឡើយ។ ៣២ ក៏ប៉ុន្តែនៅពេលដែលយើងទទួលការវិនិច្ឆ័យ ព្រះយេហូវ៉ាប្រដៅយើង ដើម្បីកុំឲ្យយើងទទួលការផ្ដន្ទាទោសជាមួយនឹងពិភពលោក។ ៣៣ ដូច្នេះ បងប្អូនខ្ញុំអើយ នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នាដើម្បីបរិភោគអាហារនេះ ចូរចាំគ្នា។ ៣៤ ប្រសិនបើមានអ្នកណាឃ្លាន អ្នកនោះត្រូវបរិភោគនៅផ្ទះ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ ពេលដែលជួបជុំគ្នា។ ប៉ុន្តែរឿងទាំងប៉ុន្មានទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមក។