បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ៥ ការប្រាស្រ័យទាក់ទង
    ភ្ញាក់រឭក! ២០១៨ | លេខ២
    • ឪពុកម្ដាយដើរឆ្លងស្ពានដើម្បីជួបកូនស្រីរបស់ពួកគាត់

      ការ​ប្រាស្រ័យ​ទាក់​ទង​គឺ​ប្រៀប​ដូច​ជា​ស្ពាន​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​និង​កូន​របស់​អ្នក

      សម្រាប់​ឪពុក​ម្ដាយ

      ៥ ការ​ប្រាស្រ័យ​ទាក់​ទង

      តើ​មាន​ន័យ​យ៉ាង​ណា?

      នៅ​ពេល​អ្នក​និង​កូន​របស់​អ្នក​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គឺ​ជា​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ឥត​លាក់​លៀម។

      ហេតុ​អ្វី​សំខាន់?

      ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​កូន​ៗ​អាច​ជា​ការ​ពិបាក ជា​ពិសេស​កូន​វ័យ​ជំទង់។ ពេល​កូន​របស់​អ្នក​នៅ​តូច ពួក​គេ​ប្រាប់​រឿង​គ្រប់​យ៉ាង​ដល់​អ្នក។ តែ​ពេល​ពួក​គេ​កាន់​តែ​ធំ​ឡើង ពួក​គេ​មិន​សូវ​ប្រាប់​ទេ ដូច្នេះ​អ្នក​ពិបាក​ដឹង​អំពី​គំនិត​និង​អារម្មណ៍​របស់​កូន​ណាស់។ នេះ​គឺ​ប្រៀប​ដូច​ជា​អ្នក​និង​កូន​ជំទង់​របស់​អ្នក​កំពុង​ឈរ​នៅ​ត្រើយ​ម្ខាង​ម្នាក់​នៃ​ទន្លេ​ដ៏​ធំ​មួយ។ ទោះ​ជា​មើល​ទៅ​កូន​របស់​អ្នក​មិន​ចង់​និយាយ តាម​ពិត​នោះ​ជា​ពេល​ដែល​កូន​របស់​អ្នក​ត្រូវ​ការ​ការ​ប្រាស្រ័យ​ទាក់​ទង​ខ្លាំង​បំផុត។

      អ្វី​ដែល​អ្នក​អាច​ធ្វើ

      សម្រប​តាម​ពេល​ដែល​កូន​ចង់​និយាយ។ សូម​ធ្វើ​ដូច្នេះ​ទោះ​ជា​ត្រូវ​និយាយ​នៅ​ពេល​យប់​ជ្រៅ​ក៏​ដោយ។

      ស្ត្រី​ម្នាក់​ឈ្មោះ​លីសា​ប្រាប់​ថា​៖ ​«​យើង​ប្រហែល​ជា​ចង់​ប្រាប់​កូន​ថា ‹នៅ​ជា​មួយ​កូន​ពេញ​មួយ​ថ្ងៃ​ហើយ ម៉េច​ក៏​មិន​និយាយ​ពេល​នោះ›។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​កូន​របស់​យើង​ចង់​និយាយ​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ នោះ​ល្អ​ហើយ។ ព្រោះ​ធម្មតា​ឪពុក​ម្ដាយ​គ្រប់​រូប​ចង់​ឲ្យ​កូន​និយាយ​ជា​មួយ មែន​ទេ?​»។

      បុរស​ម្នាក់​ឈ្មោះ​ហឺបឺត​និយាយ​ថា​៖ ​«​កូន​ជំទង់​របស់​ខ្ញុំ​និយាយ​រហូត​ដល់​យប់​ជ្រៅ សូម្បី​តែ​នោះ​ជា​ពេល​ដែល​ខ្ញុំ​ចង់​ចូល​គេង​ក៏​ដោយ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។—កូរិនថូស​ទី១ ១០:២៤

      កុំ​ឲ្យ​អ្វី​បំបែរ​អារម្មណ៍។ ឪពុក​ម្នាក់​សារភាព​ថា​៖ ​«​ជួន​កាល​អារម្មណ៍​របស់​ខ្ញុំ​មិន​នៅ​ក្នុង​ខ្លួន​ទេ ពេល​កូន​ខ្ញុំ​កំពុង​និយាយ​អ្វី​មួយ​មក​ខ្ញុំ។ ពួក​គេ​អាច​មើល​ដឹង​ថា​ខ្ញុំ​មិន​ស្ដាប់​ពួក​គេ ហើយ​បែរ​ជា​គិត​អ្វី​ផ្សេង​»។

      បើ​អ្នក​កំពុង​មើល​ទូរទស្សន៍​ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ​ដូច​ជា​ទូរស័ព្ទ​ជា​ដើម នោះ​សូម​បិទ​ឬ​ដាក់​ចុះ​សិន។ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​កូន​កំពុង​និយាយ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ទោះ​ជា​មើល​ទៅ​រឿង​នោះ​គឺ​តូច​តាច​ក្ដី។

      ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ារេនដា​រៀប​រាប់​ថា​៖ ​«​យើង​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​របស់​កូន​យើង​ថា​យើង​ពិត​ជា​គិត​អំពី​អារម្មណ៍​របស់​ពួក​គេ។ បើ​ពួក​គេ​ឃើញ​ថា​យើង​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​ពួក​គេ​នឹង​លាក់​អារម្មណ៍ ឬ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​វិញ​»។

      បុរស​ម្នាក់​ឈ្មោះ​អានថូនី​និយាយ​ថា​៖ ​«​កុំ​ឆាប់​មាន​ប្រតិកម្ម​ពេក ទោះ​ជា​ពេល​កូន​របស់​អ្នក​គិត​ផ្ដេស​ផ្ដាស​ក៏​ដោយ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​»។—លូកា ៨:១៨

      ឆ្លៀត​និយាយ​គ្នា​ពេល​ធ្វើ​សកម្មភាព​ផ្សេង​ៗ។ ពេល​ខ្លះ​កូន​ស្រួល​និយាយ​ជាង បើ​ឪពុក​ម្ដាយ​និង​កូន​មិន​មែន​អង្គុយ​និយាយ​ត​ទល់​គ្នា។

      ស្ត្រី​ម្នាក់​ឈ្មោះ​នីខូល​ប្រាប់​ថា​៖ ​«​យើង​ប្រើ​ឱកាស​ពេល​ជិះ​ឡាន​ដើម្បី​និយាយ​គ្នា ព្រោះ​យើង​អង្គុយ​ជាប់​គ្នា ជា​ជាង​អង្គុយ​នៅ​មុខ​ក្រោយ ដូច្នេះ​នោះ​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ល្អ​»។

      ពេល​ពិសា​អាហារ​ក៏​ជា​ឱកាស​ល្អ​មួយ​ទៀត​ដើម្បី​សន្ទនា​គ្នា​ដែរ។

      បុរស​ម្នាក់​ឈ្មោះ​រូប៊ីន​រៀប​រាប់​ថា​៖ ​«​រាល់​ពេល​ញ៉ាំ​អាហារ​ល្ងាច យើង​ម្នាក់​ៗ​ប្រាប់​គ្នា​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​នៅ​ថ្ងៃ​នោះ មិន​ថា​រឿង​អាក្រក់​រឿង​ល្អ​ទេ។ ទម្លាប់​នេះ​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គីភាព ហើយ​ឲ្យ​យើង​ម្នាក់​ៗ​ដឹង​ថា​យើង​មិន​មែន​ប្រឈម​មុខ​នឹង​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​ត្រូវ​រហ័ស​ស្ដាប់ [​ហើយ​]​មិន​រហ័ស​និយាយ​»។—យ៉ាកុប ១:១៩

  • ៦ ការប្រដៅ
    ភ្ញាក់រឭក! ២០១៨ | លេខ២
    • ក្រុមគ្រួសារមួយកំពុងនៅក្នុងទូកក្ដោងដោយប្រើចង្កូតមួយ

      ការ​ប្រដៅ​គឺ​ប្រៀប​ដូច​ជា​ចង្កូត​ដែល​តម្រង់​ឲ្យ​ទៅ​ទិស​ដៅ​ត្រឹម​ត្រូវ

      សម្រាប់​ឪពុក​ម្ដាយ

      ៦ ការ​ប្រដៅ

      តើ​មាន​ន័យ​យ៉ាង​ណា?

      ពាក្យ​ប្រដៅ​អាច​មាន​ន័យ​ថា​ណែនាំ ឬ​បង្រៀន។ ជួន​កាល ការ​ប្រដៅ​រួម​បញ្ចូល​ការ​កែ​តម្រង់​ពេល​កូន​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រដៅ​ច្រើន​តែ​រួម​បញ្ចូល​ការ​បង្ហាត់​បង្រៀន​អំពី​អ្វី​ល្អ​អ្វី​អាក្រក់​ដែល​ជួយ​កូន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​តាំង​ពី​ដំបូង។

      ហេតុ​អ្វី​សំខាន់?

      ក្នុង​អំឡុង​ប៉ុន្មាន​សតវត្សរ៍​កន្លង​ទៅ​នេះ គ្រួសារ​ខ្លះ​ស្ទើរ​តែ​លែង​ទូន្មាន​ប្រដៅ​កូន​ចៅ​តែ​ម្ដង ដោយ​សារ​ឪពុក​ម្ដាយ​ខ្លាច​ថា​ការ​ប្រដៅ​តម្រង់​អាច​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ក៏​ប៉ុន្តែ ឪពុក​ម្ដាយ​ដែល​ឈ្លាស​វៃ​ចេះ​ដាក់​ច្បាប់​សម​ហេតុ​ផល​ក្នុង​គ្រួសារ ហើយ​បង្ហាត់​បង្រៀន​កូន​របស់​ពួក​គាត់​ឲ្យ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។

      ស្ត្រី​ម្នាក់​ឈ្មោះ​ផាម៉ាឡា​និយាយ​ថា​៖ ​«​កូន​ត្រូវ​ការ​ការ​ប្រាប់​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ធំ​ឡើង​ទៅ​ជា​មនុស្ស​ដែល​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់។ បើ​គ្មាន​ការ​ប្រដៅ កូន​គឺ​ប្រៀប​ដូច​ជា​កប៉ាល់​ដែល​គ្មាន​ចង្កូត ទី​បំផុត​នឹង​រសាត់ ឬ​ក៏​ក្រឡាប់​ទៀត​ផង​»។

      អ្វី​ដែល​អ្នក​អាច​ធ្វើ

      កុំ​បណ្ដោយ​កូន។ បើ​កូន​របស់​អ្នក​មិន​ធ្វើ​តាម​ច្បាប់​ក្នុង​គ្រួសារ សូម​ឲ្យ​ពួក​គេ​ដឹង​ថា​នឹង​ត្រូវ​ទទួល​ទោស។ ម្យ៉ាង​ទៀត សូម​សរសើរ​កូន​ជា​និច្ច​ពេល​ពួក​គេ​ខំ​ធ្វើ​តាម។

      ស្ត្រី​ម្នាក់​ឈ្មោះ​គ្រីស្ទីន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​សរសើរ​កូន​ពេល​ពួក​គេ​ចេះ​ស្ដាប់​បង្គាប់ ព្រោះ​កូន​ភាគ​ច្រើន​ក្នុង​ពិភព​លោក​មិន​សូវ​ស្ដាប់​បង្គាប់​ទេ។ ការ​ពោល​ពាក្យ​សរសើរ​អាច​ធ្វើ​ឲ្យ​កូន​កាន់​តែ​ស្រួល​ទទួល​យក​ការ​ប្រដៅ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

      ភាព​សម​ហេតុ​ផល។ ពេល​ប្រដៅ សូម​គិត​អំពី​អាយុ និង​សមត្ថភាព​របស់​កូន ហើយ​មើល​ថា​កំហុស​នោះ​ធ្ងន់​ធ្ងរ​ប៉ុណ្ណា។ ពេល​ពួក​គេ​ធ្វើ​ខុស ពួក​គេ​ត្រូវ​តែ​ទទួល​ទោស។ ជា​ឧទាហរណ៍ បើ​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​របស់​អ្នក​ស្ដី​អំពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ ទោស​គឺ​ដក​ហូត​ទូរស័ព្ទ​មួយ​រយៈ​ពេល។ ដំណាល​គ្នា សូម​ជៀស​វាង​ពី​ការ​ទើស​ចិត្ត​នឹង​រឿង​តូច​តាច​ដែល​គ្រាន់​តែ​ជា​ការ​មិន​ចូល​ចិត្ត​របស់​អ្នក។

      បុរស​ម្នាក់​ឈ្មោះ​វេន​ដឺ​ល​ប្រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ស្វែង​យល់​ថា​តើ​កូន​ខ្ញុំ​មិន​ស្ដាប់​បង្គាប់​ដោយ​ចេតនា ឬ​ដោយ​សារ​គាត់​មិន​បាន​គិត​វែង​ឆ្ងាយ។ គឺ​ខុស​គ្នា​រវាង​ការ​ធ្វើ​ខុស​ព្រោះ​ចំណុច​ខ្សោយ​របស់​ខ្លួន​និង​ការ​ធ្វើ​ខុស​ដែល​ត្រូវ​តែ​ដាក់​ទោស​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​កុំ​ធ្វើ​ឲ្យ​កូន​ខឹង ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត​»។—កូឡុស ៣:២១

      ក្ដី​ស្រឡាញ់។ កូន​ស្រួល​ទទួល​និង​ធ្វើ​តាម​ការ​ប្រដៅ​ជាង ពេល​ពួក​គេ​ដឹង​ថា​ឪពុក​ម្ដាយ​ធ្វើ​ដូច្នេះ​គឺ​ដោយ​សារ​ស្រឡាញ់​ពួក​គេ។

      បុរស​ម្នាក់​ឈ្មោះ​ដានីយ៉ែល​និយាយ​ថា​៖ ​«​ពេល​កូន​យើង​ធ្វើ​ខុស យើង​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​យើង​មាន​មោទនភាព​ចំពោះ​ការ​សម្រេច​ចិត្ត​ល្អ​ៗ​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក។ យើង​ពន្យល់​ថា​ការ​ធ្វើ​ខុស​មិន​មែន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​គាត់​ទេ ដរាប​ណា​ធ្វើ​ខុស ហើយ​ចេះ​កែ។ យើង​ក៏​ថា​យើង​តែង​តែ​ចាំ​ជួយ​គាត់​ជា​និច្ច​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​សប្បុរស​»។—កូរិនថូស​ទី១ ១៣:៤

  • ៧ គោលការណ៍
    ភ្ញាក់រឭក! ២០១៨ | លេខ២
    • ឪពុកនិងកូនប្រុសប្រើត្រីវិស័យដើម្បីនាំផ្លូវ

      គោល​ការណ៍​ល្អ​គឺ​ប្រៀប​ដូច​ជា​ត្រី​វិស័យ ដែល​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​សម្រេច​ថា​ត្រូវ​ទៅ​ផ្លូវ​ណា

      សម្រាប់​ឪពុក​ម្ដាយ

      ៧ គោល​ការណ៍

      តើ​មាន​ន័យ​យ៉ាង​ណា?

      គោល​ការណ៍​គឺ​ជា​ខ្នាត​តម្រា​ដែល​អ្នក​សម្រេច​ចិត្ត​ថា​ធ្វើ​តាម​ក្នុង​ជីវិត​រស់​នៅ។ ជា​ឧទាហរណ៍ តើ​អ្នក​ព្យាយាម​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ? ដូច្នេះ អ្នក​ទំនង​ជា​ចង់​ឲ្យ​កូន​របស់​អ្នក​ធ្វើ​តាម​គោល​ការណ៍​នេះ​ដែរ។

      ក៏​មាន​គោល​ការណ៍​បែប​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​មាន​គោល​ការណ៍​ល្អ​ដូច​ជា ភាព​ឧស្សាហ៍ ភាព​យុត្តិធម៌ និង​ការ​ចេះ​គិត​ដល់​អ្នក​ដទៃ នេះ​ជា​គុណ​សម្បត្តិ​ដែល​ល្អ​បំផុត​គួរ​បណ្ដុះ​តាំង​ពី​នៅ​ក្មេង។

      គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ យ៉ាង​នេះ ទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ​»។—សុភាសិត ២២:៦

      ហេតុ​អ្វី​សំខាន់?

      កាល​ដែល​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន គោល​ការណ៍​សីលធម៌​គឺ​សំខាន់​ចាំ​បាច់​ណាស់។ ម្ដាយ​ម្នាក់​ឈ្មោះ​ខារ៉េន​និយាយ​ថា​៖ ​«​ឥទ្ធិពល​អាក្រក់​អាច​ឃើញ​ក្នុង​គ្រប់​គ្រឿង​អេឡិចត្រូនិក​គ្រប់​ពេល​វេលា។ សូម្បី​តែ​ពេល​កូន​របស់​យើង​អង្គុយ​ក្បែរ​យើង ក៏​ពួក​គេ​អាច​មើល​ឃើញ​អ្វី​ដែល​មិន​សមរម្យ​ដែរ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ពេញ​វ័យ . . . ប្រើ​ប្រាស់​សមត្ថភាព​វែក​ញែក។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បង្វឹក​បង្ហាត់​សមត្ថភាព​វែក​ញែក​របស់​ខ្លួន ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេប្រឺ ៥:១៤

      គោល​ការណ៍​ឯ​ទៀត​ក៏​សំខាន់​ចាំ​បាច់​ដែរ។ គោល​ការណ៍​នោះ​រួម​បញ្ចូល​អាកប្បកិរិយា​ល្អ (​ដូច​ជា​ការ​និយាយ​«​សូម​»​និង​«​អរគុណ​»​ជា​ដើម​) និង​ការ​ចេះ​គិត​ដល់​អ្នក​ដទៃ។ មនុស្ស​សព្វ​ថ្ងៃ​មិន​សូវ​មាន​គោល​ការណ៍​នេះ​ទេ តាម​មើល​ទៅ​ពួក​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក មិន​មែន​ទៅ​លើ​មនុស្ស​ឡើយ។

      គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ​»។—លូកា ៦:៣១

      អ្វី​ដែល​អ្នក​អាច​ធ្វើ

      ប្រាប់​អំពី​គោល​ការណ៍​សីលធម៌​របស់​អ្នក។ ជា​ឧទាហរណ៍ អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​យុវវ័យ​ទំនង​ជា​នឹង​មិន​រួម​ដំណេក​មុន​រៀប​ការ​ទេ បើ​ពួក​គេ​បាន​ត្រូវ​បង្ហាត់​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា​ការ​ប្រព្រឹត្ត​បែប​នោះ​គឺ​ខុស។

      យោបល់​៖ សូម​ប្រើ​ព្រឹត្តិការណ៍​ថ្មី​ៗ​ដើម្បី​ផ្ដើម​ការ​ពិភាក្សា​អំពី​គោល​ការណ៍។ ជា​ឧទាហរណ៍ បើ​ព័ត៌មាន​ប្រាប់​អំពី​ការ​សម្លាប់​គ្នា​ព្រោះ​ការ​ប្រកាន់​ពូជ​សាសន៍ អ្នក​អាច​និយាយ​ថា​៖ ​«​គឺ​អាក្រក់​ណាស់​ដែល​មនុស្ស​ខ្លះ​បញ្ចេញ​កំហឹង​បែប​នេះ​ដាក់​អ្នក​ឯ​ទៀត។ តើ​កូន​គិត​ថា​មនុស្ស​ទៅ​ជា​បែប​នេះ​ដោយ​សារ​អ្វី?​»។

      បុរស​ម្នាក់​ឈ្មោះ​ប្រេនឌិន​រៀប​រាប់​ថា​៖ ​«​កូន​កាន់​តែ​ពិបាក​សម្រេច​ថា​អ្វី​ខុស​អ្វី​ត្រូវ បើ​ពួក​គេ​មិន​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ​»។

      បង្រៀន​អំពី​គោល​ការណ៍​ឯ​ទៀត។ សូម្បី​តែ​កូន​ក្មេង​តូច​ៗ​ក៏​ដោយ​អាច​រៀន​ឲ្យ​ចេះ​និយាយ​«​សូម​»​និង​«​អរគុណ​»​ ហើយ​បង្ហាញ​ការ​ចេះ​គិត​ដល់​អ្នក​ដទៃ។ សៀវភៅ​មួយ​ចែង​ថា​៖ ​«​កាល​ក្មេង​ៗ​មិន​ចាត់​ទុក​ខ្លួន​ថា​សំខាន់​ជាង​មនុស្ស​ឯ​ទៀត ដូច​ជា​សមាជិក​ក្រុម​គ្រួសារ មនុស្ស​នៅ​សាលា ឬ​មនុស្ស​ក្នុង​សហគមន៍ នោះ​ពួក​គេ​កាន់​តែ​ប្រុង​ប្រៀប​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា មិន​គ្រាន់​តែ​ខ្លួន​ពួក​គេ​ផ្ទាល់​ប៉ុណ្ណោះ​ទេ​»​ (​Parenting Without Borders​)។

      យោបល់​៖ សូម​ឲ្យ​កូន​ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ​ដើម្បី​អាច​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​គោល​ការណ៍​នៃ​ការ​បម្រើ​អ្នក​ឯ​ទៀត។

      ស្ត្រី​ម្នាក់​ឈ្មោះ​ថារ៉ា​ប្រាប់​ថា​៖ ​«​បើ​កូន​របស់​យើង​មាន​ទម្លាប់​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​ផ្ទះ​នៅ​ឥឡូវ​នេះ នោះ​ពួក​គេ​នឹង​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​ពេល​ពួក​គេ​ធំ​ឡើង។ ពួក​គេ​នឹង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ជីវិត​របស់​ខ្លួន​»។

  • ៨ គំរូ
    ភ្ញាក់រឭក! ២០១៨ | លេខ២
    • ក្មេងស្រីម្នាក់ដើរតាមដានជើងរបស់ឪពុកគាត់

      តើ​អ្នក​កំពុង​ទុក​ផ្លូវ​បែប​ណា​ឲ្យ​កូន​របស់​អ្នក​ដើរ​តាម?

      សម្រាប់​ឪពុក​ម្ដាយ

      ៨ គំរូ

      តើ​មាន​ន័យ​យ៉ាង​ណា?

      ឪពុក​ម្ដាយ​ដែល​ជា​គំរូ រស់​នៅ​ស្រប​តាម​អ្វី​ដែល​ពួក​គាត់​បង្រៀន។ ជា​ឧទាហរណ៍ អ្នក​ពិបាក​រំពឹង​ថា​កូន​ប្រុស​របស់​អ្នក​នឹង​ទៅ​ជា​មនុស្ស​ស្មោះ​ត្រង់ បើ​អ្នក​ឲ្យ​គាត់​និយាយ​កុហក​ទៅ​អ្នក​ណា​ម្នាក់​ថា​អ្នក​មិន​នៅ​ផ្ទះ កាល​ដែល​អ្នក​គ្រាន់​តែ​មិន​ចង់​និយាយ​ជា​មួយ​បុគ្គល​នោះ។

      ដាវីឌ​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​មិន​អាច​រំពឹង​ឲ្យ​កូន​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​និយាយ​ទេ​បើ​ពួក​គាត់​ខ្លួន​ឯង​មិន​ធ្វើ​នោះ។ កូន​គឺ​ប្រៀប​ដូច​ជា​អេប៉ុង។ ពួក​គេ​ស្រូប​យក​អ្វី​ទាំង​អស់​ដែល​យើង​និយាយ​និង​ធ្វើ ហើយ​ពេល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​ព្យាយាម​បង្រៀន​ពួក​គេ ពួក​គេ​នឹង​និយាយ​បក​មក​យើង​វិញ​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​បើ​អ្នក​ផ្សព្វ​ផ្សាយ​ថា​៖ ‹កុំ​លួច› តើ​ខ្លួន​អ្នក​លួច​ឬ?​»។—រ៉ូម ២:២១

      ហេតុ​អ្វី​សំខាន់?

      កូន​ក្មេង​និង​ពួក​យុវវ័យ​ទទួល​ឥទ្ធិពល​ច្រើន​ពី​ឪពុក​ម្ដាយ​ជាង​អ្នក​ណា​ទាំង​អស់ សូម្បី​តែ​មនុស្ស​ដែល​អាយុ​ស្រករ​នឹង​ពួក​គេ។ នោះ​មាន​ន័យ​ថា​អ្នក​មាន​តួ​នាទី​សំខាន់​បំផុត​ដើម្បី​ដឹក​នាំ​កូន​របស់​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ ពោល​គឺ​គំរូ​របស់​អ្នក។

      ស្ត្រី​ម្នាក់​ឈ្មោះ​នីខូល​ប្រាប់​ថា​៖ ​«​យើង​អាច​និយាយ​អ្វី​មួយ​ដដែល​ៗ​រាប់​រយ​ដង ហើយ​ឆ្ងល់​ថា​កូន​របស់​យើង​កំពុង​ស្ដាប់​ឬ​យ៉ាង​ណា តែ​ពេល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​និយាយ សូម្បី​តែ​ម្ដង នោះ​កូន​នឹង​លើក​ឡើង។ កូន​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ សូម្បី​តែ​ពេល​ដែល​យើង​គិត​ថា​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្ដី​»។

      គោល​ការណ៍​គម្ពីរ​៖ ​«​ប្រាជ្ញា​ពី​ស្ថាន​លើ . . . [​គឺ​]​គ្មាន​ពុត​ត្បុត​»។—យ៉ាកុប ៣:១៧

      អ្វី​ដែល​អ្នក​អាច​ធ្វើ

      ពិនិត្យ​ពិចារណា​អំពី​ខ្នាត​តម្រា​របស់​អ្នក។ តើ​អ្នក​មើល​ការ​កម្សាន្ត​បែប​ណា? តើ​អ្នក​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គូ​និង​កូន​របស់​អ្នក? តើ​អ្នក​មាន​មិត្ត​ភក្ដិ​បែប​ណា? តើ​អ្នក​ចេះ​គិត​គូរ​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? សរុប​មក តើ​អ្នក​ជា​មនុស្ស​ដែល​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​យក​តម្រាប់​ឬ​ទេ?

      គ្រីស្ទីន​រៀប​រាប់​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​និង​ខ្ញុំ​មិន​តម្រូវ​ឲ្យ​កូន​របស់​យើង​ធ្វើ​តាម​ខ្នាត​តម្រា​ដែល​យើង​ផ្ទាល់​មិន​រស់​នៅ​ស្រប​តាម​នោះ​ទេ​»។

      ចេះ​សុំ​ទោស​ពេល​ធ្វើ​ខុស។ កូន​របស់​អ្នក​ដឹង​ស្រាប់​ហើយ​ថា​អ្នក​ក៏​មាន​គុណ​វិបត្តិ​ដែរ។ ពេល​អ្នក​ធ្វើ​ខុស​ហើយ​និយាយ​«​សុំ​ទោស​»​ចំពោះ​គូ​និង​កូន​របស់​អ្នក នោះ​អ្នក​នឹង​ផ្ដល់​មេ​រៀន​ដ៏​មាន​តម្លៃ​ស្ដី​អំពី​ភាព​ស្មោះ​ត្រង់​និង​ចិត្ត​រាប​ទាប។

      ស្ត្រី​ម្នាក់​ឈ្មោះ​រូប៊ីន​និយាយ​ថា​៖ ​«​កូន​របស់​យើង​ត្រូវ​ការ​ឮ​យើង​សារភាព​កំហុស​ពេល​ធ្វើ​ខុស ហើយ​ពួក​គេ​ត្រូវ​ការ​ឮ​យើង​និយាយ​សុំ​ទោស។ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​រៀន​លាក់​បាំង​កំហុស​របស់​ខ្លួន​ពេល​ធ្វើ​ខុស​»។

      បុរស​ម្នាក់​ឈ្មោះ​វេន​ដឺ​ល​ប្រាប់​ថា​៖ ​«​ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​គឺ​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​កូន​របស់​យើង ហើយ​គំរូ​របស់​យើង​គឺ​ជា​ឧបករណ៍​ដ៏​ល្អ​បំផុត​ដែល​យើង​មាន ដោយ​សារ​កូន​អាច​ឃើញ​គំរូ​គ្រប់​ពេល​វេលា។ របៀប​រស់​នៅ​របស់​ឪពុក​ម្ដាយ​គឺ​ប្រៀប​ដូច​ជា​សេចក្ដី​បង្រៀន​គ្រប់​ពេល​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក