-
សេចក្ដីសង្ឃឹម តើសេចក្ដីសង្ឃឹមអាចមានឥទ្ធិពលមកលើជីវិតយើងទេ?ភ្ញាក់រឭក! ២០០៤ | លេខ៤
-
-
សេចក្ដីសង្ឃឹម តើសេចក្ដីសង្ឃឹមអាចមានឥទ្ធិពលមកលើជីវិតយើងទេ?
ដានីយ៉ែលមានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ តែគាត់រងទុក្ខនឹងជំងឺមហារីកអស់រយៈពេលមួយឆ្នាំ។ គ្រូពេទ្យនិងអស់អ្នកដែលស្គាល់ដានីយ៉ែលសុទ្ធតែអស់សង្ឃឹមហើយ។ ប៉ុន្តែ ដានីយ៉ែលមិនទាន់អស់សង្ឃឹមទេ។ គាត់ជឿថាគាត់អាចធំឡើងក្លាយទៅជាអ្នកស្រាវជ្រាវ ហើយនៅថ្ងៃណាមួយ គាត់ជួយរកឃើញវិធីព្យាបាលជំងឺមហារីក។ ពេលដឹងថាមានគ្រូពេទ្យជំនាញខាងជំងឺមហារីកគាត់ នឹងមកពិនិត្យ គាត់មានសង្ឃឹមខ្លាំងណាស់។ ប៉ុន្តែ នៅថ្ងៃត្រូវពិនិត្យ គ្រូពេទ្យជំនាញបានលុបចោលការណាត់ ដោយសារអាកាសធាតុមិនល្អ។ ដូច្នេះ ដានីយ៉ែលក៏អស់សង្ឃឹមយ៉ាងខ្លាំង។ នោះជាលើកទី១ហើយដែលដានីយ៉ែលអស់កម្លាំងចិត្ត។ ប៉ុន្មានថ្ងៃក្រោយមក គាត់ក៏បានស្លាប់ទៅ។
បទពិសោធន៍នេះបានត្រូវរៀបរាប់ដោយអ្នកស្រាវជ្រាវផ្នែកសុខភាពនិងសិក្សាអំពីការមានសេចក្ដីសង្ឃឹម និងការអស់សង្ឃឹមប៉ះពាល់យ៉ាងណាដល់សុខភាព។ លោកអ្នកប្រហែលធ្លាប់ឮបទពិសោធន៍ស្រដៀងនេះ។ ជាឧទាហរណ៍ មនុស្សវ័យចាស់ម្នាក់កំពុងសម្រាន្តជិតស្លាប់ តែគាត់កំពុងទន្ទឹងចាំអ្វីមួយដ៏សំខាន់ ដូចជាទន្ទឹងចាំថ្ងៃខួបអាពាហ៍ពិពាហ៍របស់គាត់ ឬចាំមនុស្សជាទីស្រឡាញ់មកជួប។ ពេលអ្វីដ៏សំខាន់នោះបានសម្រេចហើយ គាត់ក៏ស្លាប់ទៅ។ តើអ្វីបានផ្ដល់កម្លាំងចិត្តឲ្យគាត់នៅរស់បានយូរបន្តិច? តើសេចក្ដីសង្ឃឹមពិតជាអាចផ្ដល់កម្លាំងចិត្តដូចអ្នកខ្លះជឿនោះទេ?
អ្នកស្រាវជ្រាវខាងសុខភាពកាន់តែច្រើនបានឲ្យយោបល់ថា ការមានគំនិតសុទិដ្ឋិនិយម សេចក្ដីសង្ឃឹម និងទស្សនៈវិជ្ជមាន ពិតជាអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិត និងសុខភាពរបស់បុគ្គលម្នាក់។ ប៉ុន្តែ មិនមែនអ្នកស្រាវជ្រាវទាំងអស់ យល់ស្របនឹងទស្សនៈនេះទេ។ អ្នកស្រាវជ្រាវខ្លះចាត់ទុកការអះអាងទាំងនេះថាជារឿងនិទានដែលមិនទាក់ទងនឹងវិទ្យាសាស្ត្រឡើយ។ ពួកគេគិតថាបញ្ហាសុខភាពខាងផ្លូវកាយតែងតែមានមូលហេតុច្បាស់លាស់។
បន្ថែមទៅទៀត នៅសម័យមុន គេក៏មិនជឿថាសេចក្ដីសង្ឃឹមអាចមានឥទ្ធិពលមកលើសុខភាពយើងដែរ។ ជាឧទាហរណ៍ ប៉ុន្មានពាន់ឆ្នាំមុនទស្សនៈវិទូជនជាតិក្រិចឈ្មោះអារីស្តូត បានត្រូវគេសុំឲ្យគាត់បកស្រាយអត្ថន័យនៃសេចក្ដីសង្ឃឹម។ គាត់បានឆ្លើយថា៖«សេចក្ដីសង្ឃឹមគឺជាការស្រមើស្រមៃទេ»។ ក្រោយមក មន្ត្រីជនជាតិអាម៉េរិកម្នាក់ឈ្មោះបេនយ៉ាមីន ហ្វ្រេងឃ្លីនបាននិយាយចំៗថា៖«អ្នកណាដែលរស់ដោយសេចក្ដីសង្ឃឹម នឹងស្លាប់ដោយការអត់ឃ្លាន»។
ដូច្នេះ តើអ្វីទៅជាការពិតអំពីសេចក្ដីសង្ឃឹម? តើវាតែងតែជាគំនិតស្រមើស្រមៃដែលមនុស្សមានដើម្បីបានការសម្រាលទុក្ខឬ? តើមានមូលហេតុត្រឹមត្រូវឲ្យយើងជឿថាសេចក្ដីសង្ឃឹមគឺជាការពិតមិនគ្រាន់តែជាការស្រមើស្រមៃឬ? តើសេចក្ដីសង្ឃឹមពិតជាអ្វីដែលយើងត្រូវការដើម្បីមានសុខភាពល្អនិងសុភមង្គលឬ? តើសេចក្ដីសង្ឃឹមមានមូលដ្ឋានច្បាស់លាស់ ហើយផ្ដល់ប្រយោជន៍ពិតមែនឬ?
-
-
ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?ភ្ញាក់រឭក! ២០០៤ | លេខ៤
-
-
ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?
ចុះយ៉ាងណាប្អូនប្រុសដានីយ៉ែលដែលបានត្រូវរៀបរាប់នៅក្នុងអត្ថបទខាងដើមបន្តមានសេចក្ដីសង្ឃឹម? តើគាត់នឹងអាចជាពីជំងឺមហារីកឬទេ? តើគាត់នឹងរស់រហូតដល់សព្វថ្ងៃនេះឬ? ទោះបីជាអ្នកដែលជឿលើឥទ្ធិពលនៃសេចក្ដីសង្ឃឹមយ៉ាងខ្លាំងក៏ដោយ ក៏មិនហ៊ានអះអាងដូច្នេះដែរ។ ហេតុនេះ ចំណុចសំខាន់គឺ បុគ្គលម្នាក់មិនគួរជឿហួសហេតុពេកទៅលើឥទ្ធិពលនៃសេចក្ដីសង្ឃឹមនោះទេ។ សេចក្ដីសង្ឃឹមមិនមែនព្យាបាលជំងឺសព្វបែបយ៉ាងនោះឡើយ។
ក្នុងការសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មានស៊ីប៊ីអេស វេជ្ជបណ្ឌិតណេថិន ឆឺនី បានព្រមានអំពីគ្រោះថ្នាក់ដែលមកពីការនិយាយពន្លើសអំពីឥទ្ធិពលនៃសេចក្ដីសង្ឃឹម ពេលដែលព្យាបាលអ្នកជំងឺដ៏ធ្ងន់ធ្ងរ គាត់ថា៖«យើងឃើញប្ដីបានបន្ទោសប្រពន្ធជាអ្នកជំងឺថា នាងមិនបានរំពឹងគិតឬមានគំនិតសុទិដ្ឋិនិយមល្មមគ្រប់គ្រាន់នោះទេ»។ វេជ្ជបណ្ឌិតនោះបាននិយាយបន្ថែមថា៖«នេះនាំឲ្យមានការសន្និដ្ឋានខុសថា អ្នកជំងឺអាចបង្ការកុំឲ្យដុំសាច់មហារីក រីករាលដាលបាន។ ពេលអ្នកជំងឺចុះខ្សោយ គាត់ត្រូវគេបន្ទោសថា គាត់មិនបានទប់ស្កាត់ដុំសាច់មហារីកនោះ ការដាក់កំហុសបែបនោះ គឺមិនយុត្តិធម៌ទេ»។
ការពិតអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ កំពុងព្យាយាមទប់ទល់នឹងជំងឺខ្លួនរួចទៅហើយ។ ដូច្នេះ អ្នកជាទីស្រឡាញ់របស់គាត់ មិនគួរធ្វើឲ្យគាត់ពិបាកថែមទៀតនោះទេ។ បើដូច្នេះ តើយើងគួរសន្និដ្ឋានថា សេចក្ដីសង្ឃឹមគ្មានប្រយោជន៍ឬ?
មិនមែនទេ! វេជ្ជបណ្ឌិតជំនាញខាងការព្យាបាលម្យ៉ាង ដែលទាក់ទងនឹងការមើលថែអ្នកជំងឺឲ្យមានអារម្មណ៍ស្ងប់និងជីវិតសុខសាន្តកាលដែលគាត់នៅរស់ វេជ្ជបណ្ឌិតទាំងនោះជឿថាការព្យាបាលដូចនេះ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍សប្បាយជាង ទោះជាគាត់កំពុងឈឺធ្ងន់ក៏ដោយ។ មានទីសំអាងដែលបញ្ជាក់ថា ការមានសង្ឃឹមជួយឲ្យអ្នកជំងឺមានចិត្តសប្បាយជាង ហើយផ្ដល់ប្រយោជន៍ជាច្រើនទៀត។
សារៈប្រយោជន៍នៃសេចក្ដីសង្ឃឹម
វេជ្ជបណ្ឌិតម្នាក់ឈ្មោះគីហ្វិតចូន បានមានប្រសាសន៍ថា៖«សេចក្ដីសង្ឃឹមជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព»។ គាត់បានពិនិត្យមើលការសិក្សាផ្សេងៗអំពីសារៈប្រយោជន៍នៃការផ្ដល់ជំនួយខាងផ្លូវចិត្តដល់អ្នកជំងឺដំណាក់កាលចុងក្រោយ។ គេសន្មតថាជំនួយបែបនេះបានជួយអ្នកជំងឺឲ្យមានសេចក្ដីសង្ឃឹមជាងនិងចិត្តគំនិតវិជ្ជមានជាង។ តាមការសិក្សាមួយនៅឆ្នាំ១៩៨៩ បានរកឃើញថាអ្នកជំងឺដែលបានទទួលជំនួយបែបនេះអាចរស់នៅបានយូរជាង។ ប៉ុន្តែ តាមការស្រាវជ្រាវថ្មីៗនេះមិនបានសន្មតយ៉ាងច្បាស់ដូចនោះទេ។ ទោះជាយ៉ាងណាក្ដី គេបានរកឃើញថាអ្នកជំងឺដែលទទួលជំនួយខាងផ្លូវចិត្តបែបនេះ មានការឈឺចាប់និងការធ្លាក់ទឹកចិត្តតិចជាងអ្នកជំងឺដែលមិនបានទទួលជំនួយបែបនេះ។
សូមពិចារណាការសិក្សាមួយទៀតដែលផ្ដោតអារម្មណ៍ទៅលើឥទ្ធិពលនៃការមានចិត្តគំនិតសុទិដ្ឋិនិយមនិងគំនិតទុទ្ទិដ្ឋិនិយមក្នុងចំណោមអ្នកជំងឺបេះដូង។ តាមការសិក្សានេះ បុរសជាង១.៣០០នាក់បានត្រូវគេវិភាគយ៉ាងហ្មត់ចត់ថា ពួកគេមានគំនិតសុទិដ្ឋិនិយមឬគំនិតទុទ្ទិដ្ឋិនិយមចំពោះជីវិតខ្លួន។ ដប់ឆ្នាំក្រោយគេបានវិភាគបុរសទាំងនោះម្ដងទៀត ហើយបានរកឃើញថា ពួកគេជាង១២ភាគរយមានជំងឺបេះដូង។ ក្នុងចំណោមពួកគេ ពួកបុរសដែលមានគំនិតទុទ្ទិដ្ឋិនិយម មានជំងឺបេះដូងច្រើនជាងពួកបុរសដែលមានគំនិតសុទិដ្ឋិនិយម ជិតមួយជាពីរ។ សាស្ត្រាចារ្យឡរ៉ា ខាប់សេនស្គី ដែលបង្រៀននៅសាលាវេជ្ជសាស្ត្រហាវើដ បាននិយាយថា៖«ទីសំអាងជាច្រើននៃគំនិតវិជ្ជមានដែលថាផ្ដល់ប្រយោជន៍ដល់សុខភាព មិនមែនស្របតាមការស្រាវជ្រាវខាងវិទ្យាសាស្ត្រទេ។ ប៉ុន្តែនេះជាសិក្សាលើកទី១ដែលបញ្ជាក់យ៉ាងច្បាស់ថាការមានគំនិតវិជ្ជមានជួយដល់អ្នកជំងឺបេះដូង»។
រីឯការសិក្សាផ្សេងទៀត គេរកឃើញថាអ្នកជំងឺដែលគិតថាខ្លួនមានសុខភាពមិនល្អ ជាសះស្បើយពីការវះកាត់យឺតជាងអ្នកជំងឺដែលគិតថាខ្លួនមានសុខភាពល្អ។ បន្ថែមទៅទៀត អ្នកដែលមានចិត្តគំនិតសុទិដ្ឋិនិយមអាចរស់នៅបានយូរជាង។ ការសិក្សាមួយអំពីទស្សនៈវិជ្ជមានឬអវិជ្ជមានរបស់មនុស្សវ័យចាស់ គេស្វែងយល់ថាតើទស្សនៈទាំងនោះអាចប៉ះពាល់យ៉ាងណាដល់សុខភាពរបស់ពួកគាត់។ ក្នុងការសិក្សានោះ គេឲ្យមនុស្សវ័យចាស់មើលកំណត់ខ្លីៗដែលថាមនុស្សវ័យចាស់មានប្រាជ្ញានិងបទពិសោធន៍ច្រើនជាង។ រួចគេឃើញថាពួកគាត់ដើរដោយស្វាហាប់ជាង។ ការពិតការរីកចម្រើនរបស់ពួកគាត់ ស្មើនឹងកម្មវិធីហាត់ប្រាណ១២សប្ដាហ៍។
ហេតុអ្វីសេចក្ដីសង្ឃឹម ចិត្តគំនិតសុទិដ្ឋិនិយម និងទស្សនៈវិជ្ជមានមានប្រយោជន៍ដល់សុខភាព? តាមមើលទៅអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិត មិនទាន់យល់យ៉ាងពេញលេញថាគំនិតមានឥទ្ធិពលយ៉ាងណាទៅលើរាងកាយ។ ដូច្នេះ ពួកគេមិនអាចបកស្រាយយ៉ាងច្បាស់បានទេ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកជំនាញដែលសិក្សាអំពីរឿងនេះ អាចធ្វើការប៉ាន់ស្មានដែលគួរឲ្យទុកចិត្តបាន។ ជាឧទាហរណ៍ សាស្ត្រាចារ្យខាងផ្នែកសរសៃប្រសាទម្នាក់ បានរៀបរាប់ថា៖«អំណរនិងសេចក្ដីសង្ឃឹមធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ ហើយការមានចិត្តសប្បាយកាត់បន្ថយការតានតឹងចិត្ត។ ហើយនេះធ្វើឲ្យរាងកាយយើងមានភាពមាំមួន»។
នេះជាអ្វីមួយដែលមនុស្សអាចធ្វើដើម្បីឲ្យខ្លួនមានសុខភាពល្អ។ ទស្សនៈនេះប្រហែលធ្វើឲ្យវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រគិតថា នេះជាអ្វីដែលរកឃើញថ្មី។ ប៉ុន្តែ នេះមិនមែនជាអ្វីថ្មីសម្រាប់អ្នកដែលរៀនគម្ពីរទេ។ ជិត៣.០០០ឆ្នាំមុន ស្ដេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានត្រូវដឹកនាំឲ្យសរសេរពាក្យដូចនេះថា៖«ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ»។ (សុភាសិត ១៧:២២) សូមកត់សម្គាល់អំពីតុល្យភាពនៃពាក្យទាំងនេះ។ ខនេះមិនបានចែងថាចិត្តសប្បាយនឹងព្យាបាលជំងឺគ្រប់យ៉ាងនោះទេ តែបាននិយាយថាចិត្តសប្បាយជា«ថ្នាំយ៉ាងវិសេស»វិញ។
ដូច្នេះ ជាការសមហេតុសមផលឲ្យយើងសួរថា បើសេចក្ដីសង្ឃឹមជាថ្នាំព្យាបាលមែន គ្រូពេទ្យច្បាស់ជាចេញវេជ្ជបញ្ជាឲ្យប្រើហើយ មែនទេ? សេចក្ដីសង្ឃឹមមានប្រយោជន៍លើសពីការជួយឲ្យមានសុខភាពល្អទៅទៀត។
ចិត្តគំនិតសុទិដ្ឋិនិយម ទុទ្ទិដ្ឋិនិយម និងជីវិតរបស់លោកអ្នក
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលមានគំនិតសុទិដ្ឋិនិយមទទួលប្រយោជន៍ច្រើនជាង។ ពួកគេពូកែខាងការរៀនសូត្រ ខាងការងារ និងកីឡា។ ជាឧទាហរណ៍ មានការស្រាវជ្រាវមួយអំពីក្រុមស្ត្រីដែលរត់ប្រណាំងបណ្ដាក់គ្នា។ គ្រូបង្វឹកបានធ្វើការវិភាគយ៉ាងហ្មត់ចត់អំពីសមត្ថភាពខាងកីឡារបស់ស្ត្រីទាំងនោះ ហើយនៅដំណាលគ្នានោះ ក៏មានការវិភាគអំពីកម្រិតនៃសេចក្ដីសង្ឃឹមរបស់ពួកគេដែរ។ ជាលទ្ធផលការវិភាគអំពីកម្រិតនៃសេចក្ដីសង្ឃឹមផ្ដល់ព័ត៌មានអំពីសមត្ថភាពកីឡារបស់ពួកគេ ត្រឹមត្រូវជាងការវិភាគរបស់គ្រូបង្វឹកទៅទៀត។ ហេតុអ្វីសេចក្ដីសង្ឃឹមមានឥទ្ធិពលខ្លាំងម្ល៉េះ?
ស្ដីអំពីចិត្តគំនិតទុទ្ទិដ្ឋិនិយមមានការសិក្សាស្រាវជ្រាវជាច្រើន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ មានការពិសោធន៍ដែលចេញលទ្ធផលដែលគេមិនបានរំពឹងទុកស្ដីអំពីប្រតិកម្មរបស់សត្វ។ នេះបណ្ដាលឲ្យអ្នកស្រាវជ្រាវបង្កើតឃ្លាមួយថា«បានរៀនដឹងថាឥតបានការ»។ គេក៏រកឃើញថាមនុស្សយើងក៏អាចមានប្រតិកម្មដូចនោះដែរ។ ជាឧទាហរណ៍ អ្នកស្រាវជ្រាវបានឲ្យមនុស្សមួយក្រុមស្ដាប់សំឡេងរំខានមួយ ហើយប្រាប់ថាពួកគេអាចបិទសំឡេងនោះ ដោយចុចប៊ូតុងផ្សេងៗ។ ក្រុមនោះបានធ្វើតាមការណែនាំ ហើយក៏បិទសំឡេងរំខាននោះទៅ។
អ្នកស្រាវជ្រាវក៏ឲ្យក្រុមទី២ធ្វើដូចគ្នាដែរ តែពេលពួកគេចុចប៊ូតុងផ្សេងៗ សំឡេងរំខាននោះមិនបានឈប់ទេ។ ជាលទ្ធផលពួកគេភាគច្រើនក្នុងក្រុមនោះ មានអារម្មណ៍ថាពួកគេឥតបានការ។ ពេលមានការពិសោធន៍មួយទៀត ពួកគេមិនចង់ធ្វើអ្វីសោះ ដោយសារពួកគេជឿថាពួកគេមិនអាចបញ្ឈប់សំឡេងនោះទេ។ ប៉ុន្តែ អ្នកខ្លះនៅក្នុងក្រុមនោះមានគំនិតសុទិដ្ឋិនិយម ពួកគេមិនព្រមទទួលស្គាល់ថាអ្វីដែលពួកគេធ្វើនោះឥតបានការទេ។
វេជ្ជបណ្ឌិតម៉ាធិន សេលីមែន បានជួយរៀបចំឲ្យមានការពិសោធន៍ទាំងនោះ លទ្ធផលពីការពិសោធន៍ទាំងនោះបានជំរុញចិត្តគាត់ឲ្យសិក្សាស្រាវជ្រាវអំពីចិត្តគំនិតសុទិដ្ឋិនិយម និងទុទ្ទិដ្ឋិនិយម។ គាត់បានវិភាគយ៉ាងហ្មត់ចត់អំពីគំនិតរបស់មនុស្សដែលរហ័សគិតថាខ្លួនឥតបានការ។ គាត់បានធ្វើការសន្មតថា ចិត្តគំនិតទុទ្ទិដ្ឋិនិយមអាចប៉ះពាល់ដល់សកម្មភាពផ្សេងៗរបស់មនុស្ស ឬថែមទាំងរារាំងពួកគេពីសកម្មភាពណាមួយក្នុងជីវិត។ វេជ្ជបណ្ឌិតនោះបានធ្វើការសង្ខេបអំពីចិត្តគំនិតទុទ្ទិដ្ឋិនិយមនិងផលដែលមកពីនោះថា៖«អស់រយៈពេល២៥ឆ្នាំនៃការសិក្សាស្រាវជ្រាវ ខ្ញុំជឿជាក់ថាបើយើងតែងតែជឿថា រឿងមិនល្អកើតឡើងដោយសារតែកំហុសយើង ហើយជឿថារឿងមិនល្អនឹងមានជានិច្ច នោះនឹងប៉ះពាល់ទៅដល់អ្វីៗដែលយើងធ្វើ។ បើយើងគិតដូច្នេះ នោះរឿងមិនល្អជាច្រើននឹងកើតឡើងដល់យើង។ ប៉ុន្តែ បើយើងមិនគិតដូចនោះទេ នោះរឿងមិនល្អមិនសូវកើតឡើងចំពោះយើងឡើយ។
នៅសព្វថ្ងៃនេះ ចំពោះអ្នកខ្លះ ការសន្មតនេះគឺជារឿងថ្មី តែមិនមែនជាអ្វីថ្មីសម្រាប់អ្នកដែលសិក្សាគម្ពីរនោះទេ។ សូមកត់សម្គាល់សុភាសិតនេះចែងថា៖«បើឯងអន់ថយ[ឬធ្លាក់ទឹកចិត្ត]ក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ (សុភាសិត ២៤:១០) គម្ពីរចែងយ៉ាងច្បាស់ថាការធ្លាក់ទឹកចិត្តនិងការមានគំនិតអវិជ្ជមាន នឹងធ្វើឲ្យយើងអស់កម្លាំងចិត្ត មិនអាចធ្វើអ្វីសោះ។ ប៉ុន្តែ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបំបាត់ចិត្តគំនិតទុទ្ទិដ្ឋិនិយម ហើយកាន់តែមានគំនិតសុទិដ្ឋិនិយមនិងសេចក្ដីសង្ឃឹមថែមទៀតក្នុងជីវិត?
[រូបភាព]
សេចក្ដីសង្ឃឹមអាចផ្ដល់ប្រយោជន៍ជាច្រើន
-
-
អ្នកអាចយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយមភ្ញាក់រឭក! ២០០៤ | លេខ៤
-
-
អ្នកអាចយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយម
តើអ្នកមានទស្សនៈយ៉ាងណាចំពោះការខកចិត្ត? អ្នកជំនាញជាច្រើនជឿថាចម្លើយចំពោះសំណួរនេះបង្ហាញថាអ្នកជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម ឬក៏មានគំនិតទុទ្ទិដ្ឋិនិយម។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានទុក្ខលំបាកក្នុងជីវិត គ្រាន់តែអ្នកខ្លះមានតិច អ្នកខ្លះមានច្រើន។ ប៉ុន្តែ អ្នកខ្លះអាចប្រឈមមុខនឹងទុក្ខលំបាក ហើយព្យាយាមបន្តទៅមុខទៀត។ រីឯអ្នកខ្លះទៀត ពួកគេឈប់ព្យាយាមតែម្ដង សូម្បីតែមានបញ្ហាតូចតាច។ ហេតុអ្វីដូច្នេះ?
សូមស្រមៃថាអ្នកកំពុងស្វែងរកការងារ។ អ្នកបានទៅសម្ភាស តែធ្លាក់។ តើអ្នកមានអារម្មណ៍យ៉ាងណាក្រោយមក? អ្នកប្រហែលមានអារម្មណ៍ថា អ្នកមិនបានការងារនោះដោយសារគេមិនចូលចិត្តអ្នក ហើយគំនិតនោះនៅជាប់អ្នករហូត។ អ្នកប្រាប់ខ្លួនថា‹គ្មានអ្នកណាឲ្យការងារដល់មនុស្សដូចខ្ញុំទេ។ ខ្ញុំនឹងមិនបានការងារណាមួយទេ›។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអនុញ្ញាតឲ្យរឿងនោះប៉ះពាល់ដល់ជីវិតអ្នកទាំងស្រុង ដោយមានគំនិតថា‹ខ្ញុំជាមនុស្សមិនបានការគ្មានប្រយោជន៍ទាល់តែសោះ›។ ការគិតដូច្នោះ គឺជាដើមហេតុនៃគំនិតទុទ្ទិដ្ឋិនិយម។
ការយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយម
តើអ្នកអាចយកឈ្នះតាមរបៀបណា? ជំហានដំបូង អ្នកត្រូវចេះសម្គាល់គំនិតអវិជ្ជមាន។ ជំហានបន្ទាប់ គឺព្យាយាមមានគំនិតវិជ្ជមាន ហើយខំប្រឹងរកមូលហេតុផ្សេងទៀតដែលសមហេតុផល។ ជាឧទាហរណ៍ តើជាការពិតទេដែលគេមិនឲ្យការងារដល់អ្នកដោយសារគេមិនចូលចិត្តអ្នក? ឬក៏ដោយសារគេកំពុងរកបុគ្គលដែលមានជំនាញផ្សេងពីអ្នក?
បើអ្នកផ្ដោតអារម្មណ៍ទៅលើការពិត នោះនឹងឃើញថាចិត្តគំនិតទុទ្ទិដ្ឋិនិយមគ្រាន់តែជាប្រតិកម្មជ្រុលហួសហេតុប៉ុណ្ណោះ។ តើការបរាជ័យមួយមានន័យថាអ្នកនឹងបរាជ័យរហូតឬ? តើអ្នកអាចគិតឃើញអ្វីផ្សេងទៀតដែលអ្នកបានទទួលជោគជ័យឬទេ ដូចជាកិច្ចបម្រើព្រះ ចំណងមិត្តភាពជាមួយក្រុមគ្រួសារ ឬមិត្តភក្ដិ? សូមបំបាត់ការសន្និដ្ឋានមិនត្រឹមត្រូវអំពីអ្វីមិនល្អដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ តើអ្នកដឹងប្រាកដទេថាអ្នកនឹងមិនអាចមានការងាររហូត? មានអ្វីច្រើនទៀតដែលអ្នកអាចធ្វើដើម្បីច្រានចោលគំនិតអវិជ្ជមាន។
គោលដៅនិងគំនិតវិជ្ជមាន
ថ្មីៗនេះ អ្នកស្រាវជ្រាវបានបកស្រាយយ៉ាងចង្អៀតអំពីអត្ថន័យនៃសេចក្ដីសង្ឃឹម។ ពួកគេនិយាយថាសេចក្ដីសង្ឃឹមជាការជឿជាក់ថានឹងអាចសម្រេចគោលដៅណាមួយ។ អត្ថបទបន្ទាប់នឹងរៀបរាប់ថាសេចក្ដីសង្ឃឹមមានអត្ថន័យទូលាយជាងនេះ។ ទោះជាយ៉ាងណាក្ដី អត្ថន័យដែលពួកអ្នកស្រាវជ្រាវបានបកស្រាយ តាមមើលទៅក៏ត្រឹមត្រូវមួយកម្រិតដែរ ពីព្រោះការមានសេចក្ដីសង្ឃឹមបែបនេះអាចជួយយើងឲ្យមានគំនិតវិជ្ជមាននិងគោលដៅក្នុងជីវិត។
ដើម្បីជួយយើងឲ្យជឿថាយើងអាចសម្រេចគោលដៅនៅថ្ងៃអនាគត យើងត្រូវពិសោធដោយបំពេញគោលដៅមួយចំនួនដែលបានកំណត់។ ប៉ុន្តែ បើយើងមិនធ្លាប់ពិសោធទេ ជាការល្អឲ្យយើងគិតយ៉ាងហ្មត់ចត់អំពីការកំណត់គោលដៅសម្រាប់ខ្លួន។ មុនដំបូង តើអ្នកមានគោលដៅឬទេ? ការជាប់រវល់ហួសហេតុពេកក្នុងជីវិតប្រហែលជាធ្វើឲ្យយើងមិនបានគិត អំពីអ្វីដែលយើងពិតជាចង់បាន ឬអ្វីដែលសំខាន់បំផុតចំពោះយើង។ ស្ដីអំពីរឿងនេះ គម្ពីរបានចែងជាយូរមកហើយថា៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
ពេលយើងដឹងច្បាស់ថាអ្វីសំខាន់ជាងចំពោះយើង នោះស្រួលជាងឲ្យយើងកំណត់គោលដៅក្នុងរឿងផ្សេងៗ ដូចជាកិច្ចបម្រើព្រះ ក្រុមគ្រួសារ និងការងារ។ ប៉ុន្តែ ជាការសំខាន់ដែលយើងមិនកំណត់គោលដៅច្រើនពេកនៅដើមដំបូង។ យើងត្រូវប្រាកដថាគោលដៅនីមួយៗដែលយើងបានកំណត់ យើងអាចសម្រេចបាន។ បើគោលដៅធំពេកពិបាកសម្រេច យើងប្រហែលធ្លាក់ទឹកចិត្ត ហើយឈប់ព្យាយាម។ ដូច្នេះ ជាការល្អឲ្យយើងបំបែកគោលដៅធំទៅជាគោលដៅតូចៗដែលយើងអាចសម្រេចក្នុងរយៈពេលខ្លី។
មនុស្សធ្លាប់និយាយថា៖«បើមានបំណងប្រាថ្នា នឹងមានផ្លូវចេញ»។ តាមមើលទៅ ពាក្យនេះក៏ត្រឹមត្រូវមួយកម្រិតដែល។ ពេលយើងមានគោលដៅណាមួយ យើងត្រូវមានបំណងចិត្ត និងការតាំងចិត្ត ដើម្បីសម្រេចគោលដៅនោះ។ យើងអាចពង្រឹងការតាំងចិត្ត ដោយគិតអំពីតម្លៃនៃគោលដៅនោះ និងប្រយោជន៍ដែលយើងទទួលពីការសម្រេចគោលដៅនោះ។ ពិតមែនថា យើងនឹងជួបឧបសគ្គ តែយើងត្រូវចាត់ទុកឧបសគ្គទាំងនោះ ជាអ្វីដែលយើងអាចយកឈ្នះបាន មិនមែនជាការទាល់ច្រកដែលចេញមិនរួចនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវគិតពីវិធីផ្សេងៗដែលយើងអាចសម្រេចគោលដៅរបស់យើងដែរ។ សាស្ត្រាចារ្យម្នាក់ឈ្មោះស្នាយដឺ បានសិក្សាយ៉ាងស៊ីជម្រៅអំពីតម្លៃនៃសេចក្ដីសង្ឃឹម។ គាត់ឲ្យយោបល់ថាបុគ្គលម្នាក់គួរគិតអំពីវិធីផ្សេងៗដើម្បីសម្រេចគោលដៅខ្លួន។ ដូច្នេះ ពេលវិធីមួយមិនបានសម្រេច យើងអាចសាកល្បងវិធីទី២ ទី៣ និងវិធីបន្តបន្ទាប់ទៀត។
សាស្ត្រាចារ្យនោះក៏ឲ្យយោបល់ថែមទៀតថាយើងត្រូវដឹងពេលណា យើងគួរប្ដូរទៅគោលដៅមួយទៀត។ បើយើងពិតជាមិនអាចសម្រេចគោលដៅណាមួយ ការផ្ដោតអារម្មណ៍ទៅលើរឿងនោះគ្រាន់តែធ្វើឲ្យយើងធ្លាក់ទឹកចិត្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើយើងប្ដូរទៅគោលដៅមួយទៀតដែលយើងអាចសម្រេចបាន យើងនឹងមានកម្លាំងចិត្តនិងសេចក្ដីសង្ឃឹម។
ស្ដីអំពីរឿងនេះ គម្ពីររៀបរាប់អំពីបទពិសោធន៍មួយដ៏គួរឲ្យលើកទឹកចិត្ត។ ស្ដេចដាវីឌមានគោលដៅសាងសង់វិហារសម្រាប់ព្រះយេហូវ៉ាជាព្រះរបស់គាត់។ ប៉ុន្តែ ព្រះបានប្រាប់ដាវីឌថាសាឡូម៉ូនកូនគាត់ នឹងមានឯកសិទ្ធិសាងសង់វិញ។ ជាជាងតូចចិត្តឬមានះចង់សាងសង់ ដាវីឌបានប្ដូរគោលដៅគាត់។ គាត់ខំប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលធនធាននិងសម្ភារៈផ្សេងៗទុកឲ្យកូនគាត់សាងសង់វិហារឲ្យរួចរាល់។—ពង្សាវតារក្សត្រទី១ ៨:១៧-១៩; របាក្សត្រទី១ ២៩:៣-៧
ពេលយើងព្យាយាមយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយម ហើយមានគំនិតវិជ្ជមាន និងគោលដៅក្នុងជីវិត យើងនឹងមានសេចក្ដីសង្ឃឹមកាន់តែច្រើន។ ទោះជាយ៉ាងនោះក៏ដោយ យើងនៅតែត្រូវការសេចក្ដីសង្ឃឹមថែមទៀត។ ហេតុអ្វីដូច្នេះ? ពេលយើងពិចារណាបញ្ហាជាច្រើនដែលធ្វើឲ្យមនុស្សជាតិរងទុក្ខ ដូចជាភាពក្រីក្រ សង្គ្រាម ភាពអយុត្តិធម៌ ជំងឺ និងសេចក្ដីស្លាប់ យើងឃើញថាការអស់សង្ឃឹមភាគច្រើនក្នុងពិភពលោកនេះ គឺហួសពីសមត្ថភាពរបស់យើងក្នុងការដោះស្រាយ។ តើតាមរបៀបណាយើងនៅតែអាចមានសេចក្ដីសង្ឃឹមជានិច្ច?
[រូបភាព]
បើអ្នកមិនបានការងារដែលអ្នកចង់ធ្វើ តើអ្នកសន្និដ្ឋានថាអ្នកនឹងមិនមានការងាររហូតឬ?
[រូបភាព]
ស្ដីអំពីគោលដៅ ស្ដេចដាវីឌចេះប្រែប្រួលតាមកាលៈទេសៈ
-
-
តើលោកអ្នកអាចរកសេចក្ដីសង្ឃឹមពិតនៅឯណា?ភ្ញាក់រឭក! ២០០៤ | លេខ៤
-
-
តើលោកអ្នកអាចរកសេចក្ដីសង្ឃឹមពិតនៅឯណា?
ឧបមាថានាឡិកាដៃរបស់អ្នកឈប់ដើរ មើលទៅវាខូចហើយ។ ពេលចង់យកទៅជួសជុលអ្នកមានជម្រើសជាច្រើន ជាងទាំងអស់សុទ្ធតែអះអាងថាពួកគេអាចជួសជុលបាន តែពួកគេមានគំនិតខុសគ្នាអំពីការជួសជុល។ ចុះយ៉ាងណាបើអ្នកដឹងថា អ្នកជិតខាងរបស់អ្នកគឺជាអ្នកផលិតនាឡិកានោះ មិនត្រឹមតែប៉ុណ្ណោះ គាត់សុខចិត្តជួសជុលនាឡិកាឲ្យអ្នកដោយឥតគិតថ្លៃ។ អ្នកច្បាស់ជាសុំឲ្យគាត់ជួសជុលហើយ មែនទេ?
សេចក្ដីសង្ឃឹមរបស់អ្នកប្រៀបប្រដូចទៅនឹងនាឡិកានោះ។ បើអ្នកដឹងថាខ្លួនអស់សង្ឃឹមដូចមនុស្សក្នុងពិភពលោកនេះ តើអ្នកនឹងរកជំនួយនៅឯណា? មនុស្សមួយចំនួនអះអាងថា ពួកគេអាចជួយអ្នកឲ្យមានសង្ឃឹមឡើងវិញ។ ប៉ុន្តែ យោបល់របស់ពួកគេផ្ទុយគ្នា។ ដូច្នេះ សូមស្វែងរកជំនួយពីបុគ្គលដែលបង្កើតមនុស្សជាតិ ទាំងឲ្យពួកគេមានសេចក្ដីសង្ឃឹម។ គម្ពីរចែងថា៖«លោកមិននៅឆ្ងាយពីយើងម្នាក់ៗ» ហើយលោកពេញចិត្តជួយយើងជានិច្ច។—សកម្មភាព ១៧:២៧; ពេត្រុសទី១ ៥:៧
អត្ថន័យជ្រាលជ្រៅអំពីសេចក្ដីសង្ឃឹម
សេចក្ដីសង្ឃឹមនៅក្នុងគម្ពីរមានអត្ថន័យទូលំទូលាយនិងជ្រាលជ្រៅជាងការបកស្រាយរបស់វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ និងពេទ្យខាងចិត្តសាស្ត្រនៅសព្វថ្ងៃនេះ។ ភាសាដើមដែលបកប្រែថា«សេចក្ដីសង្ឃឹម»មានន័យថាទន្ទឹងរង់ចាំដោយក្ដីរំភើប និងរំពឹងថានឹងបានអ្វីល្អ។ ជាបឋម សេចក្ដីសង្ឃឹមមានពីរផ្នែក ពោលគឺសេចក្ដីប៉ងប្រាថ្នាចង់បានអ្វីល្អ និងមូលដ្ឋានដើម្បីជឿថានឹងមានអ្វីល្អនាពេលខាងមុខ។ សេចក្ដីសង្ឃឹមនៅក្នុងគម្ពីរមិនមែនជាការស្រមើស្រមៃទេ ព្រោះមានមូលដ្ឋានទៅលើការពិតនិងមានទីសំអាងច្បាស់លាស់។
ស្ដីអំពីនេះ សេចក្ដីសង្ឃឹមស្រដៀងនឹងជំនឿដែលត្រូវមានទីសំអាងច្បាស់លាស់ មិនមែនជាការជឿដោយងងឹតងងល់ទេ។ (ហេប្រឺ ១១:១) ទោះជាយ៉ាងនេះក្ដី គម្ពីរបានបែងចែកជំនឿនិងសេចក្ដីសង្ឃឹមដាច់ឡែកពីគ្នា។—កូរិនថូសទី១ ១៣:១៣
ជាឧទាហរណ៍ ពេលអ្នកសុំជំនួយពីមិត្តភក្ដិម្នាក់ អ្នកសង្ឃឹមថាគាត់នឹងជួយអ្នក។ សេចក្ដីសង្ឃឹមរបស់អ្នកមិនមែនគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ព្រោះអ្នកជឿទុកចិត្តទៅលើមិត្តរបស់អ្នក ដោយសារអ្នកស្គាល់គាត់ច្បាស់ ហើយអ្នកធ្លាប់ឃើញគាត់ប្រព្រឹត្តដោយសប្បុរសនិងដោយចិត្តទូលាយ។ ការជឿទុកចិត្តនិងសេចក្ដីសង្ឃឹមរបស់អ្នកគឺជាប់ទាក់ទងគ្នា តែពីរនេះដាច់ឡែកពីគ្នា។ តើតាមរបៀបណាអ្នកអាចមានសេចក្ដីសង្ឃឹមបែបនេះចំពោះព្រះ?
មូលដ្ឋានសម្រាប់សេចក្ដីសង្ឃឹម
ព្រះជាប្រភពនៃសេចក្ដីសង្ឃឹមពិត។ នៅសម័យគម្ពីរ ព្រះយេហូវ៉ាបានត្រូវហៅថា«ទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល»។ (យេរេមា ១៤:៨) សេចក្ដីសង្ឃឹមដ៏គួរឲ្យទុកចិត្តដែលរាស្ត្ររបស់លោកមាន គឺមកពីលោក។ ដូច្នេះ លោកជាសេចក្ដីសង្ឃឹមរបស់ពួកគេ។ សេចក្ដីសង្ឃឹមដូចនេះមិនមែនជាការស្រមើស្រមៃនោះទេ។ ព្រះបានផ្ដល់មូលដ្ឋានច្បាស់លាស់សម្រាប់សេចក្ដីសង្ឃឹមរបស់ពួកគេ។ អស់ជាច្រើនសតវត្សរ៍ លោកមានទំនាក់ទំនងជាមួយពួកគេ លោកបង្ហាញថាលោកតែងតែធ្វើតាមសេចក្ដីសន្យារបស់លោក។ យ៉ូស្វេដែលជាអ្នកដឹកនាំបាននិយាយទៅកាន់អ៊ីស្រាអែលថា៖«នៅក្នុងចិត្ត...ក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២៣:១៤
អស់រាប់ពាន់ឆ្នាំក្រោយមក លោកនៅតែធ្វើតាមសេចក្ដីសន្យារបស់លោក។ ក្នុងគម្ពីរមានពេញទៅដោយសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះ ហើយក៏មានកំណត់ហេតុត្រឹមត្រូវដែលបញ្ជាក់ថាលោកសម្រេចតាមសេចក្ដីសន្យាទាំងនោះ។ សេចក្ដីសន្យារបស់លោកគឺគួរឲ្យទុកចិត្តខ្លាំងដល់ម្ល៉េះ រហូតដល់ពេលខ្លះការកត់ទុកនោះប្រៀបដូចជាបានកើតឡើងរួចទៅហើយ។
ហេតុនេះហើយបានជាយើងហៅគម្ពីរថាជាសៀវភៅនៃសេចក្ដីសង្ឃឹម។ កាលដែលអ្នកសិក្សាកំណត់ហេតុពីការប្រព្រឹត្តរបស់ព្រះទៅកាន់មនុស្ស អ្នកកាន់តែមានមូលហេតុច្រើនជាងឲ្យមានសេចក្ដីសង្ឃឹមលើលោក។ ប៉ូលសរសេរថា៖«អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។—រ៉ូម ១៥:៤
តើព្រះផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់យើង?
តើនៅពេលណាដែលយើងត្រូវការសេចក្ដីសង្ឃឹមបំផុត? គឺនៅពេលយើងប្រឈមមុខនឹងសេចក្ដីស្លាប់មែនទេ? ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់ ពួកគេអស់សង្ឃឹមជាខ្លាំង ព្រោះគ្មានអ្វីដែលធ្វើឲ្យយើងអស់សង្ឃឹមជាងសេចក្ដីស្លាប់នោះទេ។ សេចក្ដីស្លាប់ដេញតាមយើងម្នាក់ៗយ៉ាងប្រកិត។ យើងអាចគេចពីសេចក្ដីស្លាប់បានតែមួយរយៈប៉ុណ្ណោះ ហើយយើងគ្មានសមត្ថភាពបំបាត់សេចក្ដីស្លាប់បានឡើយ។ ម្ល៉ោះហើយ គម្ពីរប្រៀបប្រដូចសេចក្ដីស្លាប់ទៅនឹង«សត្រូវចុងក្រោយ»។—កូរិនថូសទី១ ១៥:២៦
ពេលប្រឈមមុខនឹងសេចក្ដីស្លាប់ តើតាមរបៀបណាយើងអាចមានសង្ឃឹម? ខគម្ពីរដែលហៅសេចក្ដីស្លាប់ថាសត្រូវចុងក្រោយ ក៏ចែងដែរថាសត្រូវនេះនឹងត្រូវ«បំផ្លាញឲ្យសាបសូន្យ»។ ព្រះយេហូវ៉ាខ្លាំងជាងសេចក្ដីស្លាប់។ អស់ជាច្រើនដង លោកបង្ហាញថាលោកពិតជាខ្លាំងជាងសេចក្ដីស្លាប់។ តើតាមរបៀបណា? គឺដោយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ គម្ពីរបានរៀបរាប់កំណត់ហេតុ៩ ពេលដែលព្រះប្រើឫទ្ធានុភាពរបស់លោកដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
ឧទាហរណ៍ដ៏អស្ចារ្យមួយ ព្រះយេហូវ៉ាបានឲ្យឫទ្ធានុភាពរបស់លោកដល់លោកយេស៊ូដែលជាបុត្រ ឲ្យប្រោសមិត្តសម្លាប់ឈ្មោះឡាសាដែលបានស្លាប់អស់រយៈពេលបួនថ្ងៃទៅហើយ។ លោកយេស៊ូមិនបានប្រោសគាត់ដោយសម្ងាត់ទេ តែនៅមុខមនុស្សជាច្រើន។—យ៉ូហាន ១១:៣៨-៤៨, ៥៣; ១២:៩, ១០
អ្នកប្រហែលជាឆ្ងល់ថា‹ហេតុអ្វីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ? តើពួកគេមិនបានទៅជាចាស់ជរា ហើយស្លាប់ម្ដងទៀតទេឬ?› ពួកគេបានស្លាប់ម្ដងទៀតមែន។ ប៉ុន្តែ ដោយសារមានកំណត់ហេតុអំពីការប្រោសឲ្យរស់ឡើងវិញដែលគួរឲ្យទុកចិត្តដូចនេះ យើងមិនគ្រាន់តែមានចិត្តចង់ឃើញមនុស្សជាទីស្រឡាញ់រស់ឡើងវិញប៉ុណ្ណោះទេ យើងមានមូលហេតុច្បាស់លាស់ឲ្យជឿថាពួកគេពិតជារស់ឡើងវិញមែន។ និយាយឲ្យខ្លីទៅ យើងមានសេចក្ដីសង្ឃឹមពិត។
លោកយេស៊ូមានប្រសាសន៍ថា៖«ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ»។ (យ៉ូហាន ១១:២៥) លោកគឺជាបុគ្គលដែលព្រះយេហូវ៉ានឹងឲ្យឫទ្ធានុភាពដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅទូទាំងផែនដី។ លោកយេស៊ូមានប្រសាសន៍ថា៖«នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់[គ្រិស្ត] ហើយចេញមក»។ (យ៉ូហាន ៥:២៨, ២៩) អស់អ្នកដែលដេកលក់ក្នុងសេចក្ដីស្លាប់នឹងមានសង្ឃឹមត្រូវប្រោសឲ្យរស់ឡើងវិញនៅក្នុងសួនឧទ្យាននៅផែនដី។
អេសាយដែលជាអ្នកប្រកាសទំនាយបានរៀបរាប់យ៉ាងរស់រវើកអំពីការប្រោសឲ្យរស់ឡើងវិញថា៖«ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ ជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ។ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។—អេសាយ ២៦:១៩
នេះគឺពិតជាគួរឲ្យសម្រាលទុក្ខណាស់មែនទេ? មនុស្សស្លាប់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏មានសុវត្ថិភាពបំផុត ប្រៀបដូចជាទារកស្ថិតក្នុងផ្ទៃម្ដាយ។ បន្ថែមទៅទៀត ពួកគេស្ថិតក្នុងការនឹកចាំដែលគ្មានកម្រិតរបស់ព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត។ (លូកា ២០:៣៧, ៣៨) មិនយូរទៀត ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅក្នុងពិភពលោកដែលរីករាយស្វាគមន៍ពួកគេ ប្រៀបដូចជាទារកដែលកើតមក មានក្រុមគ្រួសាររីករាយចាំទទួល។ ដូច្នេះ សូម្បីតែប្រឈមមុខនឹងសេចក្ដីស្លាប់ ក៏មានសង្ឃឹមដែរ។
តើសេចក្ដីសង្ឃឹមផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នក?
សាវ័កប៉ូលបង្រៀនយើងយ៉ាងច្រើនអំពីតម្លៃនៃសេចក្ដីសង្ឃឹម។ គាត់បាននិយាយអំពីសេចក្ដីសង្ឃឹមជាផ្នែកដ៏សំខាន់មួយនៃគ្រឿងចម្បាំងពីព្រះ ពោលគឺមួកការពារក្បាល។ (ថែស្សាឡូនិចទី១ ៥:៨) តើគាត់ចង់មានន័យយ៉ាងណា? នៅសម័យគម្ពីរ ទាហានពាក់មួកដែកចូលធ្វើសង្គ្រាម មួកនោះទ្រាប់ដោយក្រណាត់ឬស្បែកសត្វ។ បើសត្រូវវាយចំក្បាលគាត់ អាវុធសត្រូវខ្ទាតចេញ ហើយទាហាននោះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ តើប៉ូលចង់បញ្ជាក់ចំណុចអ្វី? ដូចមួកការពារក្បាលទាហាន នោះសេចក្ដីសង្ឃឹមការពារគំនិតនិងរបៀបគិតគូររបស់យើង។ បើអ្នកមានសេចក្ដីសង្ឃឹមយ៉ាងរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះ នោះអ្នកនឹងមានសេចក្ដីសុខសាន្ត មិនមានក្ដីបារម្ភឬការធ្លាក់ទឹកចិត្តទេ ទោះជាអ្នកប្រឈមមុខនឹងការពិបាកក៏ដោយ។ យើងទាំងអស់គ្នាពិតជាចង់បានមួកការពារបែបនោះ មែនទេ?
ប៉ូលបានលើកឧទាហរណ៍មួយទៀតដើម្បីបញ្ជាក់អំពីសេចក្ដីសង្ឃឹមថាទាក់ទងនឹងគោលបំណងរបស់ព្រះ។ គាត់សរសេរថា៖«សេចក្ដីសង្ឃឹមនេះជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ»។ (ហេប្រឺ ៦:១៩) ប៉ូលធ្លាប់លិចសំពៅច្រើនដង ដូច្នេះគាត់ដឹងថាយុថ្កាមានប្រយោជន៍ប៉ុនណា។ ពេលមានខ្យល់ព្យុះ អ្នកបើកសំពៅទម្លាក់យុថ្កា។ បើវាធ្លាក់ទៅបាតសមុទ្រ ហើយនៅជាប់ វានឹងជួយទប់សំពៅកុំឲ្យព្យុះបោកផ្ទប់ទៅនឹងថ្មនៅឯច្រាំង។
ស្រដៀងគ្នាដែរ បើសេចក្ដីសង្ឃឹមរបស់យើង«រឹងមាំនិងពិតប្រាកដ»ទៅលើសេចក្ដីសន្យារបស់ព្រះ នោះនឹងជួយយើងមានចិត្តសុខសាន្តនិងសុវត្ថិភាពនៅក្នុងគ្រាដ៏ច្របូកច្របល់នេះ។ ព្រះយេហូវ៉ាសន្យាថាមិនយូរទៀត មនុស្សជាតិនឹងលែងរងទុក្ខដោយសារសង្គ្រាម ឧក្រិដ្ឋកម្ម ទុក្ខព្រួយ ឬសេចក្ដីស្លាប់ទៀតហើយ។ (សូមមើលប្រអប់នៅទំព័រ១០) ការមានសេចក្ដីសង្ឃឹមមុតមាំអាចជួយយើងគេចផុតពីបញ្ហាផ្សេងៗ ហើយជួយយើងតាំងចិត្តរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ ជាជាងមានគំនិតប្រាសចាកសីលធម៌ដែលមានទូទៅក្នុងពិភពលោកនេះ។
សេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ក៏ជាប់ទាក់ទងនឹងរូបអ្នកផ្ទាល់ដែរ។ លោកចង់ឲ្យអ្នកមានជីវិតសុខសាន្តស្របតាមបំណងប្រាថ្នារបស់លោក។ លោកមានបំណងប្រាថ្នាឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ»។ តើតាមរបៀបណា? ដំបូងយើងម្នាក់ៗត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) អ្នកបោះពុម្ពទស្សនាវដ្ដីនេះលើកទឹកចិត្តអ្នកឲ្យទទួលយកចំណេះដែលផ្ដល់ជីវិតអំពីសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ។ សេចក្ដីសង្ឃឹមដែលព្រះផ្ដល់ឲ្យគឺល្អប្រសើរជាងសេចក្ដីសង្ឃឹមដែលអ្នកអាចរកឃើញក្នុងពិភពលោកនេះ។
ដោយមានសេចក្ដីសង្ឃឹមនេះ អ្នកនឹងលែងមានអារម្មណ៍តែលតោលទៀតហើយ ព្រោះព្រះអាចឲ្យកម្លាំងដែលអ្នកត្រូវការ ដើម្បីឲ្យអ្នកអាចសម្រេចគោលដៅរបស់អ្នកស្របតាមបំណងប្រាថ្នារបស់លោក។ (កូរិនថូសទី២ ៤:៧; ភីលីព ៤:១៣) អ្នកពិតជាត្រូវការសេចក្ដីសង្ឃឹមដូចនេះណាស់ មែនទេ? បើអ្នកពិតជាត្រូវការ ហើយកំពុងស្វែងរកមែន សូមមានចិត្តក្លាហានឡើង។ សេចក្ដីសង្ឃឹមនៅជិតបង្កើយ អ្នកអាចរកឃើញបាន!
[ប្រអប់/រូបភាព]
មូលហេតុមានសេចក្ដីសង្ឃឹម
ខគម្ពីរខាងក្រោមនេះអាចជួយអ្នកឲ្យកាន់តែមានសេចក្ដីសង្ឃឹម៖
◼ ព្រះសន្យាអំពីអនាគតដ៏ត្រចះត្រចង់។
បណ្ដាំរបស់លោកចែងថាផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យាន ដែលពេញទៅដោយមនុស្សមានសុភមង្គលនិងសាមគ្គីភាព ហើយរស់នៅជាក្រុមគ្រួសារតែមួយ។—ទំនុកតម្កើង ៣៧:១១, ២៩; អេសាយ ២៥:៨; ការបើកបង្ហាញ ២១:៣, ៤
◼ ព្រះមិនអាចកុហកទេ។
លោកស្អប់ការកុហកគ្រប់យ៉ាង។ ព្រះយេហូវ៉ាបរិសុទ្ធក្រៃលែង ដូច្នេះលោកមិនអាចកុហកឡើយ។—សុភាសិត ៦:១៦-១៩; អេសាយ ៦:២, ៣; ទីតុស ១:២; ហេប្រឺ ៦:១៨
◼ ព្រះមានឫទ្ធានុភាពគ្មានកម្រិត។
ព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ក្នុងសកលលោក គ្មានអ្វីទាល់តែសោះដែលអាចរារាំងលោកពីការធ្វើតាមសេចក្ដីសន្យារបស់លោកឡើយ។—និក្ខមនំ ១៥:១១; អេសាយ ៤០:២៥, ២៦
◼ ព្រះចង់ឲ្យអ្នករស់ជារៀងរហូត។
—យ៉ូហាន ៣:១៦; ធីម៉ូថេទី១ ២:៣, ៤
◼ ព្រះមើលមកយើងដោយសង្ឃឹម។
លោកផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិនិងការខំព្យាយាមរបស់យើង មិនមែនទៅលើកំហុសរបស់យើងទេ។ (ទំនុកតម្កើង ១០៣:១២-១៤; ១៣០:៣; ហេប្រឺ ៦:១០) លោកសង្ឃឹមថាយើងនឹងធ្វើអ្វីដែលត្រឹមត្រូវ ហើយលោកពេញចិត្តពេលយើងធ្វើដូច្នេះ។—សុភាសិត ២៧:១១
◼ ព្រះសន្យាថានឹងជួយយើងឲ្យសម្រេចគោលដៅដែលស្របតាមបំណងប្រាថ្នារបស់លោក។
អ្នកបម្រើរបស់លោកមិនចាំបាច់មានអារម្មណ៍ថាខ្លួនតែលតោលទេ។ លោកផ្ដល់ដោយចិត្តទូលាយនូវសកម្មពលបរិសុទ្ធដែលជាថាមពលដ៏ខ្លាំងបំផុតដើម្បីជួយយើង។—ភីលីព ៤:១៣
◼ សង្ឃឹមលើព្រះនឹងមិនបង់ប្រយោជន៍ទេ។
អ្នកអាចទុកចិត្តនិងពឹងផ្អែកទៅលើលោកទាំងស្រុង លោកនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ។—ទំនុកតម្កើង ២៥:៣
[រូបភាព]
ដូចមួកការពារក្បាល សេចក្ដីសង្ឃឹមការពារគំនិត
[រូបភាព]
ដូចយុថ្កា សេចក្ដីសង្ឃឹមដែលមានមូលដ្ឋានរឹងមាំអាចជួយឲ្យមានភាពនឹងនរក្នុងជីវិត
[អ្នកផ្ដល់សិទ្ធិ]
Courtesy René Seindal/Su concessione del Museo Archeologico Regionale A. Salinas di Palermo
-