បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បញ្ហាដែលនាំមកនូវសេចក្ដីសង្ឃឹម
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • បញ្ហា​ដែល​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម

      ​«​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់​»។—ធីម៉ូថេទី២ ៣:១

      តើ​លោក​អ្នក​ធ្លាប់​ឮ​ឬ​ធ្លាប់​ឃើញ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ដែល​មាន​ដូច​ខាង​ក្រោម​នេះ​ឬ​ទេ?

      ● ជំងឺ​សាហាវ​មួយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន។

      ● ការ​អត់​ឃ្លាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់។

      ● ការ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ទី​លំនៅ។

      នៅ​ទំព័រ​ជា​បន្ត​បន្ទាប់ លោក​អ្នក​នឹង​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត​នៃ​ព្រឹត្ដិការណ៍​ដែល​មាន​នៅ​ខាង​លើ​នេះ។ លោក​អ្នក​ក៏​នឹង​ឃើញ​ដែរ​ថា គម្ពីរ​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​បែប​នេះ​ដែល​នឹង​កើត​ឡើង​ក្នុង​គ្រា​មួយ​ដែល​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។

      ក៏​ប៉ុន្តែ គោល​បំណង​នៃ​អត្ថបទ​ទាំង​នេះ​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​លោក​អ្នក​ជឿ​ជាក់​ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា​នោះ​ទេ ព្រោះ​លោក​អ្នក​ទំនង​ជា​ដឹង​រួច​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ អត្ថបទ​ទាំង​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។ អត្ថបទ​ទាំង​នេះ​នឹង​បង្ហាញ​អំពី​ការ​សម្រេច​នៃ​ទំនាយ​៦​ក្នុង​គម្ពីរ ដែល​បញ្ជាក់​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ម្យ៉ាង​ទៀត អត្ថបទ​បន្ត​បន្ទាប់​នេះ​នឹង​ពិចារណា​អំពី​ពាក្យ​ដែល​គេ​ចូល​ចិត្ត​ប្រកែក​ដើម្បី​ប្រឆាំង​នឹង​ភ័ស្តុតាង​ទាំង​នោះ ហើយ​ក៏​នឹង​ផ្ដល់​ហេតុ​ត្រឹម​ត្រូវ​ដើម្បីឲ្យ​យើង​ជឿ​ថា​នឹង​មាន​គ្រា​ប្រសើរ​ជាង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ។

  • ទំនាយទី១ ការរញ្ជួយដី
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​១ ការ​រញ្ជួយ​ដី

      ​«​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​»។—លូកា ២១:១១

      ● វី​ន​នី​ជា​ទារក​អាយុ​១៦​ខែ​ម្នាក់​បាន​ត្រូវ​សង្គ្រោះ​ពី​គំនរ​បាក់បែក​ក្នុង​ប្រទេស​ហៃទី។ ក្រុម​ការងារ​ប៉ុស្តិ៍​ទូរទស្សន៍ដែល​មក​យក​ព័ត៌​មាន​ពី​មហន្តរាយ​នេះ​បាន​លឺ​សំឡេង​ដែល​នាង​យំ​ខ្សាវ​ៗ។ នាង​បាន​រួច​រស់​ជីវិត ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​នាង​បាន​ស្លាប់​បាត់​ហើយ។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? ពេល​ដែល​មាន​រញ្ជួយ​ដី​ទំហំ​៧.០​កើត​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០១០​ក្នុង​ប្រទេស​ហៃទី នោះ​មនុស្ស​ជាង​៣០០.០០០​នាក់​បាន​ស្លាប់។ បន្ថែម​ទៅ​ទៀត មនុស្ស​១.៣០០.០០០​នាក់​បាត់បង់​ទី​លំនៅ​ក្នុង​មួយប៉ប្រិចភ្នែក។ ទោះ​ជា​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី​ជា​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​នេះ​មិន​មែន​មាន​តែ​មួយ​នោះ​ទេ ព្រោះ​នៅ​ទូ​ទាំង​ពិភព​លោក មាន​រញ្ជួយ​ដី​ធំ​ៗ​យ៉ាង​តិច​១៨​កន្លែង ចាប់​តាំង​ពីខែ​មេ​សា​ឆ្នាំ​២០០៩​ដល់​ខែ​មេ​សា​ឆ្នាំ​២០១០។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? មិន​មាន​រញ្ជួយ​ដី​ច្រើន​ជាង​ធម្មតា​ទេ នៅ​សម័យ​មុន​ក៏​មាន​ដូច​តែ​គ្នា​ដែរ ប៉ុន្តែ​ដោយ​សារ​សព្វ​ថ្ងៃ​យើង​មាន​ឧបករណ៍​ទំនើប​ៗ​ដែល​ធ្វើ​ឲ្យ​យើង​ដឹង​អំពី​រឿង​នោះ​ច្រើន​ជាង​តែ​ប៉ុណ្ណោះ។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? សូម​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត​ដែល​មាន​ដូច​ត​ទៅ​នេះ: គម្ពីរ​មិន​ដៅ​បញ្ជាក់​អំពី​ចំនួន​នៃ​ការ​មាន​រញ្ជួយ​ដី​ក្នុង​អំឡុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ​ទេ។ ប៉ុន្តែ អ្វីដែល​គម្ពីរ​បាន​ចែង​គឺថា​«​រញ្ជួយ​ដី​ជា​ខ្លាំង​»​នឹង​មាន​«​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​ ដែល​ធ្វើ​ឲ្យ​ការ​រញ្ជួយ​ដី​នេះ​ក្លាយ​ជា​សញ្ញា​សម្គាល់​មួយ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់។—ម៉ាកុស ១៣:៨; លូកា ២១:១១

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​រញ្ជួយ​ដី​ជា​ខ្លាំង​ពិត​ជា​កំពុង​កើត​ឡើង​ដូច​គម្ពីរ​បាន​ទាយ​ទុក​ឬ​ទេ?

      ការ​រញ្ជួយ​ដីតែ​ប៉ុណ្ណោះ ប្រហែល​មិន​មែន​ជា​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នោះ​ទេ។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ទំនាយ​មួយ​ប៉ុណ្ណោះ​ដែល​កំពុង​សម្រេច។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ទំនាយ​ទី​២។

      [​រូបភាពនៅទំព័រ៤​]

      ​«​យើង​[​អ្នក​សិក្សា​អំពី​ភូគព្ភសាស្ត្រ​] ហៅ​វា​ថា​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង ប៉ុន្តែអ្នក​ឯ​ទៀត​ហៅ​វា​ថា​ជា​អ្វីដែល​អាក្រក់​ក្រៃ​លែង​»។—ខឹន ហាត់​ណាត់ ភូគព្ភសាស្ត្រ​នៅ​សហរដ្ឋអាម៉េរិក

      [​រូបភាពនៅទំព័រ៤​]

      © William Daniels/Panos Pictures

  • ទំនាយទី២ ការអត់ឃ្លាន
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​២ ការ​អត់​ឃ្លាន

      ​«​នឹង . . . មាន​ការ​អត់​ឃ្លាន​»។—ម៉ាកុស ១៣:៨

      ● បុរស​ម្នាក់​ខំ​ដើរ​ស្វែងរក​ជំនួយ​នៅ​ភូមិ​ក្វា​រ៉ា​ថា​ជី​ក្នុង​ប្រទេស​នីស៊េ។ បង​ប្អូន​ជីដូន​មួយ បង​ប្អូន​ប្រុស​ស្រី​របស់​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ពី​តំបន់​ឆ្ងាយ​មួយ​ក្នុង​ប្រទេស​មក​រស់​នៅ​ក្នុង​ភូមិ​នោះ​ដើម្បី​កុំ​ឲ្យ​ដាច់​ពោះ​ស្លាប់។ ប៉ុន្តែ បុរស​នោះ​កំពុង​ដេក​នៅ​លើ​កន្ទេល​ម្នាក់​ឯង។ ហេតុ​អ្វី​គាត់​នៅ​តែ​ម្នាក់​ឯង​ដូច្នេះ? ស៊ីឌីដែល​ជា​មេ​ភូមិ​នោះ​ពន្យល់​ថា​៖ ​«​គឺ​ដោយ​សារ​គាត់​មិន​អាច​ផ្ដល់​ម្ហូប​អាហារ​[​ដល់​ក្រុម​គ្រួសារ​របស់​គាត់​]​បាន។ ដូច្នេះ គាត់​មិន​អាច​ទ្រាំ​មើល​ពួក​គេ​ដាច់​ពោះ​ស្លាប់​បាន​ទេ​»។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? នៅ​ទូ​ទាំង​ពិភព​លោក មនុស្ស​ជិត​មួយ​នាក់​ក្នុង​ចំណោម​៧​នាក់​មិន​មាន​អាហារ​សម្រាប់​បរិភោគ​គ្រប់​គ្រាន់​រាល់​ថ្ងៃ​ទេ។ នៅ​តំបន់​ខាង​ត្បូង​វាល​ខ្សាច់​សា​ហា​រ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក រឹត​តែ​យ៉ាប់​ជាង​នេះ​ទៅ​ទៀត គឺ​មួយ​នាក់​ក្នុង​ចំណោម​បី​នាក់​គ្មាន​អ្វី​សម្រាប់​បរិភោគ​ជា​យូរ​ថ្ងៃ។ ដើម្បីងាយ​យល់​អំពី​រឿង​នេះ សូម​ស្រមៃ​គិត​ថា​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ឪពុក ម្ដាយ និង​កូន។ បើ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់​សម្រាប់​តែ​ពីរ​នាក់ តើ​អ្នក​ណា​នឹង​ត្រូវ​អត់​ញ៉ាំ? តើ​ជា​ឪពុក ជា​ម្ដាយ ឬ​ក៏​ជា​កូន? នេះ​ជា​អ្វីដែល​ក្រុម​គ្រួសារ​ជា​ច្រើន​ត្រូវ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? ផែនដី​មាន​ម្ហូប​អាហារ​លើស​ពី​គ្រប់​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា ប៉ុន្តែ​គ្រាន់តែ​យើង​ត្រូវ​ចេះ​ចាត់​ចែង​ធនធាន​ធម្មជាតិ​នៅ​ផែនដីឲ្យ​បាន​ប្រសើរ​ជាង​តែ​ប៉ុណ្ណោះ។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ពិត​មែន កសិករ​អាច​បង្កើត​ទិន្នផល​និង​បញ្ជូន​ទិន្នផល​នោះ​ចេញ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​ក្នុង​ប្រវត្ដិសាស្ត្រ។ បើ​ដូច្នេះ រដ្ឋាភិបាល​របស់​មនុស្ស​គួរតែ​ចេះ​ចាត់​ចែង​ម្ហូប​អាហារ​នោះ​ដើម្បី​បំបាត់​បញ្ហា​នៃ​ការ​អត់​ឃ្លាន។ ប៉ុន្តែ ទោះ​ជា​ពួក​គេ​ខំ​ប្រឹង​ធ្វើ​ដូច្នេះ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ក្ដី ពួក​គេ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​បាន​ទេ។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​ទំនាយ​នៅ​ម៉ាកុស ១៣:៨​កំពុង​សម្រេច​ឬ​ទេ? ទោះ​ជា​មាន​ភាព​រីក​ចម្រើន​ខាង​បច្ចេកវិជ្ជា​យ៉ាង​ណា​ក្ដី តើ​ការ​អត់​ឃ្លាន​កំពុង​ញាំញី​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​នេះ​ឬ​ទេ?

      ការ​រញ្ជួយ​ដី​និង​ការ​អត់​ឃ្លាន​ច្រើន​តែ​កើត​ឡើង​មុន​បញ្ហា​មួយ​ទៀត​ដែល​ជា​សញ្ញា​សម្គាល់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់។

      [​រូបភាពនៅទំព័រ៥​]

      ​«​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​កុមារ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត អាសន្នរោគ និង​ជំងឺ​ឯ​ទៀត​អាច​មាន​លទ្ធភាព​រួច​រស់​ជីវិត​បាន បើ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​»។—អេន វេ​ណា​មិន អតីត​នាយក​ប្រតិបត្ដិ​នៃ​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ​

      [​រូបភាពនៅទំព័រ៥​]

      © Paul Lowe/Panos Pictures

  • ទំនាយទី៣ ជំងឺ
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​៣ ជំងឺ

      ​«​នឹង​មាន . . . រោគ​រាតត្បាត​»។—លូកា ២១:១១

      ● បុន​ហ្សា​លី​ជា​មន្ត្រី​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្វ្រិក ជា​ប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ស៊ី​វិល។ គាត់​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ព្យាបាល​ពួក​កម្មករ​អណ្ដូង​រ៉ែ​នៅ​ក្នុង​ភូមិ ពួក​គេ​ជិត​ស្លាប់​ដោយ​សារ​មេរោគ​មួយ​ប្រភេទ​ឈ្មោះ​ម៉ាប៊ើគ។a គាត់​អង្វរ​សុំ​ជំនួយ​ពី​មន្ត្រី​ឯ​ទៀត​នៅ​ទី​ក្រុង​ផ្សេង ប៉ុន្តែ​ពួក​គេ​មិន​ខ្ចី​អើពើ​ទេ។ បួន​ខែ​ក្រោយ​មក គេ​បាន​ផ្ដល់​ជំនួយ ប៉ុន្តែ​បុន​ហ្សា​លី​បាន​ស្លាប់​បាត់​ទៅ​ហើយ។ គាត់​បាន​ឆ្លង​ជំងឺ​ម៉ា​ប៊ើ​គ​ពី​ពួក​កម្មករ​ដែល​គាត់​ខំ​ជួយ​សង្គ្រោះ​នោះ។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? ជំងឺ​ផ្លូវ​ដង្ហើម​(​ដូច​ជា​ជំងឺ​រលាក​សួត​) ជំងឺ​អាសន្នរោគ ជំងឺ​អេដស៍​(​HIV/AIDS​) រោគ​របេង និង​ជំងឺ​គ្រុន​ចាញ់​គឺ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​សាហាវ​បំផុត​ដែល​កំពុង​ញាំញី​មនុស្ស​ជាតិ។ ក្នុង​ឆ្នាំ​២០០៤ ជំងឺ​ទាំង​ប្រាំ​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​ប្រហែល​ជិត​១១​លាន​នាក់។ បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ​គឺ​ក្នុង​ឆ្នាំ​នោះ ជំងឺ​ទាំង​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​រាល់​បី​វិនាទី។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? ចំនួន​មនុស្ស​ក្នុង​ពិភព​លោក​នេះ​បន្ត​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​មាន​ជំងឺ​ច្រើន​ជាង​មុន ហើយ​ដោយ​សារ​មាន​មនុស្ស​ច្រើន ជំងឺ​ក៏​ឆ្លង​ទៅ​មនុស្ស​ច្រើន​ដែរ។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ចំនួន​មនុស្ស​ក្នុង​ពិភព​លោក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ សមត្ថភាព​របស់​មនុស្ស​ក៏​កើន​ឡើង​ដែរ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ទប់​ស្កាត់ និង​ព្យាបាល​ជំងឺ​នានា។ ដូច្នេះ ជំងឺ​គួរតែ​លែង​ញាំញី​មនុស្ស​ដូច​ពី​មុន​ទៀត មែន​ទេ? ប៉ុន្តែ អ្វីដែល​បាន​កើត​ឡើង​បែរ​ជា​ខុស​ស្រឡះ​ទៅ​វិញ។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​មនុស្ស​កំពុង​តែ​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ដ៏​កាច​សាហាវ​ដូច​គម្ពីរ​បាន​ទាយ​ទុក​ឬ​ទេ?

      ការ​រញ្ជួយ​ដី ការ​អត់​ឃ្លាន និង​ជំងឺ​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​ទៀត​រង​ទុក្ខ​ដោយ​ដៃ​របស់​មនុស្ស​ផ្ទាល់​តែ​ម្ដង ហើយ​មនុស្ស​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយ​សារ​មនុស្ស​ដែល​ធម្មតា​គួរតែ​ថែ​រក្សា​ពួក​គេ។ សូម​អញ្ជើញ​លោក​អ្នក​បន្ត​អាន​ត​ទៅ​ទៀត ហើយ​កត់​សម្គាល់​អំពី​អ្វីដែល​គម្ពីរ​បាន​ទាយ​ថា​នឹង​កើត​ឡើង។

      [​កំណត់សម្គាល់​]

      a ម៉ាប៊ើគ​ជា​ជំងឺ​គ្រុន​ឈាម​ម្យ៉ាង​ដែល​បណ្ដាល​មក​ពី​មេរោគ​ដែល​ស្រដៀង​នឹង​ជំងឺ​ដ៏​សាហាវ​ឈ្មោះ​អ៊ី​បូ​ឡា។

      [​រូបភាពនៅទំព័រ៦​]

      ​«​ពេល​ដែល​យើង​ត្រូវ​សត្វ​តោស៊ី នោះជា​អ្វីដែល​សាហាវ​ណាស់ ប៉ុន្តែ​បើមេរោគ​មួយ​ស៊ី​គ្រឿង​ក្នុង​របស់​យើង នោះ​ជា​អ្វីដែល​សាហាវ​ដូច​គ្នា​»។—គ្រូ​ពេទ្យ​ម៉ៃ​ឃើ​ល អូស្ទើហូម

      [​រូបភាពនៅទំព័រ៦​]

      © William Daniels/Panos Pictures

  • ទំនាយទី៤ ការគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​៤ ការ​គ្មាន​សេចក្ដី​ស្រឡាញ់​តាមធម្មជាតិ​ជា​មនុស្ស

      ​«​មនុស្ស​នឹង . . . គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»។—ធីម៉ូថេទី២ ៣:១​-​៣

      ● គ្រីស​ធ្វើ​ការ​ឲ្យ​ក្រុម​ជួយ​អ្នក​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​វ៉េលស៍​ខាង​ជើង​ក្នុង​ចក្រភព​អង់គ្លេស។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចាំ​ថា​មាន​ស្ត្រី​ម្នាក់​ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់​ដោយ​សារ​អំពើ​ហិង្សា ដែល​ខ្ញុំ​មិន​អាច​មើល​មុខ​នាង​ស្គាល់​ទេ។ ស្ត្រី​ខ្លះ​ទៀត​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​អំពើ​ហិង្សា​នេះ រហូត​ដល់​នាង​មិន​ហ៊ាន​មើល​មុខ​ខ្ញុំ​ទេ​»។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក ប្រហែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ត្រូវ​គេ​បៀតបៀន​កេរ្ដិ៍​ខ្មាស​កាល​ដែល​នៅ​ក្មេង។ ការ​ស្ទង់​មតិ​មួយ​ក្នុង​ប្រទេស​នោះ បង្ហាញ​ថា​ច្រើន​ជាង​មួយ​ភាគ​បី​ក្នុង​ចំណោម​បុរស​ដែល​បាន​ត្រូវ​ស្ទង់​មតិ មាន​អារម្មណ៍​ថា​ការ​វាយ​ដំ​ប្រពន្ធ​ខ្លួន​មិន​មាន​អ្វី​ខុស​ទេ។ ប៉ុន្តែ ស្ត្រី​មិន​គ្រាន់តែ​ជា​អ្នក​ដែល​បាន​រង​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ ក្នុង​ប្រទេស​កាណាដា បុរស​៣​នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ត្រូវ​ដៃ​គូ​របស់​ពួក​គេ​វាយ​ដំ​ឬ​បៀតបៀន។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​តាំង​ពី​យូរ​យារ​មក​ហើយ គ្រាន់តែ​ឥឡូវ​នេះ​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ​ច្រើន​ជាង​មុន​តែ​ប៉ុណ្ណោះ។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ក្នុង​ទសវត្សរ៍ថ្មី​ៗ​នេះ គេ​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មែន។ ប៉ុន្តែ តើ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​បាន​កាត់​បន្ថយ​ចំនួន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឬ​ទេ? អត់​ទេ នេះ​មិន​បាន​កាត់​បន្ថយ​សោះ។ ផ្ទុយ​ទៅ​វិញ ការ​គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​ទំនាយ​ក្នុង​ធីម៉ូថេទី២ ៣:១​-​៣​កំពុង​សម្រេច​ឬ​ទេ? តើ​មនុស្ស​ជា​ច្រើន​ពិត​ជា​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​ចំពោះ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឬ​ទេ?

      ទំនាយ​ទី​៥​ដែល​លោក​អ្នក​កំពុង​ឃើញ​ការ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ទាក់​ទង​នឹង​កន្លែង​ដែល​យើង​រស់​នៅ​តែ​ម្ដង ពោល​គឺផែនដី​នេះ។ សូម​ឲ្យ​យើង​ពិចារណា​បន្ត​ទៀត​នូវ​អ្វីដែល​គម្ពីរ​ចែង​អំពី​ទំនាយ​នេះ។

      [​រូបភាពនៅទំព័រ៧​]

      ​«​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា បទ​ល្មើស​មួយ​ដែល​មនុស្សកម្រ​រាយការណ៍​ប្រាប់​ពួក​អាជ្ញាធរ​ណាស់។ ជាមធ្យម ស្ត្រី​ម្នាក់​នឹង​ត្រូវ​ដៃ​គូ​របស់​នាង​វាយ​ដំ​អស់​៣៥​ដង​ហើយ ទើបនាង​មក​ប្ដឹង​ប៉ូលិស​»។—អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ជួយ​អ្នក​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​វ៉េលស៍

  • ទំនាយទី៥ ការបង្ខូចផែនដី
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​៥ ការ​បង្ខូច​ផែនដី

      ​«​[​ព្រះ​នឹង​]​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។—ការ​បើក​បង្ហាញ ១១:១៨

      ● ពីរី​ជា​អ្នក​ឡើង​ត្នោត​នៅ​ភូមិ​ខ្ព​រ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដើម្បី​យក​ទឹក​វា​មក​ធ្វើ​ស្រា។ មុខ​របរ​របស់​គាត់​បាន​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​សារ​កប៉ាល់​បាន​ធ្លាយ​ប្រេង ហើយ​ហូរ​ចូល​ក្នុង​ដីសណ្ដ​ទន្លេ​នីស៊េ។ គាត់​បាន​និយាយ​ថា​៖ ​«​វា​បាន​សម្លាប់​ត្រី បង្ខូច​ស្បែក​យើង និង​ទឹក​អូរ​របស់​យើង។ ឥឡូវ​ខ្ញុំ​គ្មាន​អ្វី​ដើម្បីចិញ្ចឹម​ជីវិត​ទៀត​ទេ​»។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? អ្នក​ជំនាញ​ការ​ខ្លះ​បាន​រាយ​ការណ៍​ថា មាន​សំរាម​៦​លាន​៥​សែន​តោន​បាន​ត្រូវ​បោះ​ចូល​ក្នុង​សមុទ្រ​រាល់​ឆ្នាំ។ តាម​ការ​ប៉ាន់ស្មាន ៥០​ភាគ​រយ​នៃ​សំរាម​នោះ​គឺជា​ប្លាស្ទិច​ដែល​វា​នឹង​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​រាប់​រយ​ឆ្នាំ មុន​វារ​លាយ។ ក្រៅ​ពី​ការ​ធ្វើ​ឲ្យ​កខ្វក់​ផែនដី មនុស្ស​កំពុង​ប្រើ​ធនធាន​ធម្មជាតិ​ក្នុង​កម្រិត​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ផែនដី​ត្រូវ​ការ​ពេល​វេលា​មួយ​ឆ្នាំ​ប្រាំ​ខែ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​អ្វីដែល​មនុស្ស​ប្រើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ សារ​ព័ត៌​មាន​មួយ​នៅ​ប្រទេស​អូស្ដ្រាលី​បាន​រាយ​ការណ៍​ថា​៖ ​«​បើ​មាន​ចំនួន​មនុស្ស​កាន់​តែ​ច្រើន​និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​មាន​កាន់​តែ​ច្រើន​ទៀត នោះ​ក្នុង​ឆ្នាំ​២០៣៥ យើង​នឹង​ត្រូវ​ការ​ផែនដីថែម​ពីរ​ទៀត​»​ (​Sydney Morning Her-ald​)។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? មនុស្ស​យើង​ឆ្លាត​ណាស់ ហើយ​ចេះ​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ប៉ិនប្រសប់។ ដូច្នេះ យើង​អាច​កែប្រែ​បញ្ហា ហើយ​សង្គ្រោះ​ផែនដី​បាន។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? មនុស្ស​និង​អង្គការ​ជា​ច្រើន​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​មនុស្ស​យល់​ដឹង​អំពី​បញ្ហា​ដែល​ទាក់​ទង​នឹង​បរិស្ថាន។ ប៉ុន្តែ មនុស្ស​នៅ​តែ​បង្ខូច​ផែនដីរឹត​តែ​ខ្លាំង​វិញ។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​ពិត​ជា​ត្រូវ​ការ​ឲ្យ​ព្រះ​ធ្វើ​អន្តរាគមន៍ និង​សង្គ្រោះ​ផែនដី​យើង​ពី​ការ​បង្ខូច​នេះ​ដូច​លោក​បាន​សន្យា​ឬ​ទេ?

      ក្រៅ​ពី​ទំនាយ​ទាំង​ប្រាំ​នេះ​ដែល​យើង​បាន​ពិចារណា​រួច​ទៅ​ហើយ គម្ពីរ​ក៏​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ល្អ​ៗ​ដែល​នឹង​កើត​ឡើង​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ដែរ។ សូម​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ល្អ​មួយ​ដែល​មាន​ក្នុង​ទំនាយ​ទី​៦។

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨​]

      ​«​ពី​មុន​ខ្ញុំ​ជា​ម្ចាស់​ដី​មួយ​កន្លែង ដែលប្រៀប​ដូច​ជា​សួន​ឧទ្យាន ប៉ុន្តែ​ឥឡូវ ខ្ញុំគិត​ថា​ខ្ញុំ​ជា​ម្ចាស់​នៃ​កន្លែង​ចោល​សំរាម​ដែល​មាន​ជាតិ​ពុល​វិញ​»។—អ៊ែរិន ថេមប៊ឺ អ្នក​រស់​នៅ​ឈូង​សមុទ្រ​ក្នុង​សហរដ្ឋអាម៉េរិក បញ្ចេញ​មតិ​អំពី​ឥទ្ធិពល​ដែល​មក​ពី​ការ​ធ្លាយ​អណ្ដូង​ប្រេង​នៅ​ឈូង​សមុទ្រ​នៃ​ប្រទេស​ម៉ិចស៊ិច​ក្នុង​ឆ្នាំ​២០១០

      [​ប្រអប់​នៅ​ទំព័រ​៨​]

      តើ​ព្រះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ពិភព​លោក​ឬ​ទេ?

      ដោយ​សារ​គម្ពីរ​បាន​ទាយ​អំពី​ស្ថានភាព​ដ៏​អាក្រក់​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នោះ​ឬ​ទេ? តើ​លោក​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​រង​ទុក្ខវេទនា​ឬ? លោកអ្នក​អាច​រក​ឃើញ​ចម្លើយ​ដែលនាំ​ឲ្យ​ស្កប់​ចិត្ត​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​ជំពូក​ទី​១១​នៃ​សៀវភៅ​តើព្រះគម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែលបោះពុម្ព​ផ្សាយ​ដោយ​សាក្សីព្រះយេហូវ៉ា។

      [​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​នៅ​ទំព័រ​៨​]

      U.S. Coast Guard photo

  • ទំនាយទី៦ ការផ្សព្វផ្សាយនៅទូទាំងពិភពលោក
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • ទំនាយ​ទី​៦ ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក

      ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។—ម៉ាថាយ ២៤:១៤

      ● វ៉ា​យ​អា​ធី​រស់​នៅ​កោះ​ដាច់​ស្រយាល​មួយ​ក្នុង​ប្រជុំ​កោះ​ធូ​អា​ម៉ូ​ទូ នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ្រិ​ក។ ទោះ​ជា​ប្រជុំ​កោះ​ធូ​អា​ម៉ូ​ទូ​មាន​កោះ​ផ្កា​ថ្ម​ជិត​៨០​ដែល​លាត​សន្ធឹង​ជាង​៨សែន​គីឡូ​ម៉ែត្រការ៉េ​ក៏​ដោយ តែ​មាន​មនុស្ស​ប្រហែល​១៦.០០០​នាក់​តែ​ប៉ុណ្ណោះ​ដែល​រស់​នៅ​កោះ​ទាំង​នោះ។ ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​បាន​មក​ជួប​វ៉ា​យ​អា​ធី​និង​អ្នក​ជិត​ខាង​របស់​គាត់។ ហេតុ​អ្វី? ពីព្រោះ​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​អំពី​ដំណឹង​រាជាណាចក្រ​របស់​ព្រះ មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

      តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​កន្លែង​នៅ​លើផែនដី​នេះ។ គ្រាន់តែ​នៅ​ឆ្នាំ​២០១០ ពួក​សាក្សី​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជាង​១.៦០០​លាន​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ​នៅ២៣៦​ប្រទេស។ បើ​គិត​ជា​មធ្យម សាក្សី​ម្នាក់​ៗ​បាន​ផ្សព្វ​ផ្សាយ​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ។ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គេ​បាន​បោះពុម្ព​និង​ចែក​ចាយ​សៀវភៅ​ដែល​បង្រៀន​អំពី​គម្ពីរ​ជាង២០.០០០​លាន​ក្បាល។

      តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? ដំណឹង​ដែល​មាន​ក្នុង​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

      តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ពិត​មែន មនុស្ស​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ក្នុង​គម្ពីរ។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​កិច្ចការ​នេះ​គ្រាន់តែ​មួយ​រយៈ​ពេល​ខ្លី និង​នៅ​តំបន់​តូច​ៗ​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ សាក្សី​ព្រះ​យេហូវ៉ា​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​ដោយ​មាន​របៀប​រៀប​រយ។ សាក្សី​ព្រះ​យេហូវ៉ា​បាន​តស៊ូ​ដើម្បី​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ សូម្បីតែ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​អង្គការ​ដែល​មាន​អំណាច​និង​សាហាវ​ព្រៃផ្សៃ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​យ៉ាង​ណា​ក៏​ដោយ។a (​ម៉ាកុស ១៣:១៣​) បន្ថែម​ទៅ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ចការ​នេះ​ដោយ​គ្មាន​ប្រាក់​កម្រៃ​អ្វី​ឡើយ។ ប៉ុន្តែ​ពួក​គេ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​របស់​ពួក​គេ​ផ្ទាល់ ហើយ​ពួក​គេ​ជូន​សៀវភៅ​ដល់​មនុស្ស​ដោយ​ឥត​គិត​ថ្លៃ។ ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ពី​ចិត្ត។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​នេះ​ឬ​ទេ? តើ​ការ​សម្រេច​នៃ​ទំនាយ​នេះ​បង្ហាញ​ថា​បន្ដិច​ទៀត​នឹង​មាន​អ្វី​ៗ​ដ៏​ល្អ​កើត​ឡើង​ឬ​ទេ?

      [​កំណត់សម្គាល់​]

      a ដើម្បី​ទទួល​ព័ត៌​មាន​បន្ថែម សូម​មើល​វីដេអូ​បីដែល​ជា​ប្រវត្ដិសាស្ត្រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា​«​នៅ​ស្មោះ​ត្រង់​ទោះ​ជា​ជួប​ទុក្ខ​លំបាក​»​ ​«​ត្រី​កោណ​ពណ៌​ស្វាយ​»​ និង​«​សាក្សី​ព្រះ​យេហូវ៉ា​កាន់​ជំហរ​មាំ​មួន​នឹង​ការ​ប្រយុទ្ធ​ពី​របប​ណាត្ស៊ី​»។

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

      ​«​ដរាប​ណា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង នោះ​យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពីរាជាណាចក្រ​ដោយ​ចិត្ត​ខ្នះខ្នែង ហើយដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​»។—សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ឆ្នាំ២០១០

  • គ្រាដ៏ល្អប្រសើរជាងជិតមកដល់ហើយ!
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
    • គ្រា​ដ៏​ល្អ​ប្រសើរ​ជាង​ជិត​មក​ដល់​ហើយ!

      ​«​ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា មរ​ដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។—ទំនុក​តម្កើង ៣៧:១០, ១១

      តើ​លោក​អ្នក​ចង់​ឲ្យ​ទំនាយ​ដែល​បាន​ដក​ស្រង់​ខាង​លើ​នេះ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? លោក​អ្នក​ពិត​ជា​ចង់​មែន។ មាន​មូលហេតុ​ជាក់​ស្តែង​ដើម្បីឲ្យ​យើង​ជឿ​ថា​ទំនាយ​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

      អត្ថបទ​មុន​ៗ​យើង​បាន​ពិគ្រោះ​គ្នា​អំពី​ទំនាយ​ខ្លះ​ៗ​ដែល​បង្ហាញ​ភ័ស្តុតាង​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​ដែល​សរសេរ​គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ ដើម្បី​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​បាន។ (​រ៉ូម ១៥:៤​) ការ​សម្រេច​នៃ​ទំនាយ​ទាំង​នោះ​បង្ហាញ​ថា​បញ្ហា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ជិត​ដល់​ទី​បញ្ចប់​ហើយ។

      តើ​នឹង​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ដល់​ទី​បញ្ចប់? គឺ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ។ (​ម៉ាថាយ ៦:៩, ១០​) សូម​ពិចារណា​នូវ​របៀប​ដែល​គម្ពីរ​ពណ៌​នា​អំពី​ស្ថានភាព​ដែល​មាន​នៅ​លើផែនដី​នៅ​ពេល​នោះ:

      ● ការ​អត់​ឃ្លាន​នឹង​ត្រូវ​បំបាត់​ចោល។ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​[​ផែនដី​] រហូត​ដល់​កំពូល​ភ្នំ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង​»។—ទំនុកតម្កើង ៧២:១៦

      ● ជំងឺ​នឹង​លែង​មាន​ទៀត។ ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​៖ ខ្ញុំ​ឈឺ​ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

      ● ផែនដី​នឹង​ទៅ​ជា​ស្អាត​ឡើង​វិញ។ ​«​ទី​រហោ​ស្ថាន ហើយ​ទី​ហួត​ហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡា​ប​»។—អេសាយ ៣៥:១

      នេះ​គ្រាន់តែ​ជា​ទំនាយ​ខ្លះ​ៗ​ក្នុង​គម្ពីរ​ដែល​លើក​ទឹក​ចិត្ត​យើង ហើយ​បន្ដិច​ទៀត​ទំនាយ​ទាំង​នេះ​នឹង​សម្រេច​ជាក់​ជា​មិន​ខាន។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​សួរ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​បង្ហាញ​លោក​អ្នក​អំពី​មូលហេតុ​ដែល​ពួក​គេ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា គ្រា​ដ៏​ប្រសើរ​ជាង ជិត​មក​ដល់​ហើយ!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក