បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកឬទេ?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • នៅឯអាងទឹកបេតសាថា លោកយេស៊ូមានប្រសាសន៍ទៅកាន់បុរសឈឺម្នាក់

      ជំពូក​ទី​២៩

      តើ​មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ?

      យ៉ូហាន ៥:១​-​១៦

      • លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​យូឌា

      • លោក​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​នៅ​ឯ​អាង​ទឹក

      ឥឡូវ​ជា​រដូវ​ស្លឹក​ឈើ​លាស់។ លោក​យេស៊ូ​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​ដ៏​សំខាន់​របស់​លោក​នៅ​តំបន់​កាលីឡេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ឯ​ទៀត​ដែរ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ​»។ រួច​មក លោក​ក៏​ទៅ​«​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សាលា​ប្រជុំ​ផ្សេង​ៗ​នៅ​តំបន់​យូឌា​»។ (​លូកា ៤:៤៣, ៤៤​) ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​គឺ​ត្រូវ​ពេល​មែន ព្រោះ​គឺ​ជិត​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​បុណ្យ​រំលង​នៅ​ក្រុង​យេរូសាឡិម។

      សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ច្រើន​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​តំបន់​កាលីឡេ តែ​មិន​សូវ​រៀប​រាប់​ច្រើន​ប៉ុន្មាន​ទេ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​តំបន់​យូឌា ឬ​អំពី​ប្រតិកម្ម​របស់​មនុស្ស​នៅ​តំបន់​នោះ។ ទោះ​បើ​មនុស្ស​ទូ​ទៅ​នៅ​តំបន់​យូឌា​មិន​អើពើ​នឹង​កិច្ច​បម្រើ​របស់​លោក​ក៏​ដោយ ក៏​លោក​នៅ​តែ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ព្រម​ទាំង​ធ្វើ​ការ​ល្អ​នៅ​កន្លែង​ណា​ដែល​លោក​ទៅ។

      មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​តំបន់​យូឌា ដើម្បី​ចូល​រួម​បុណ្យ​រំលង​នា​ឆ្នាំ​៣១ គ​.​ស។ នៅ​ក្រុង​យេរូសាឡិម ជិត​ទ្វារ​ចៀម មាន​អាង​ទឹក​ធំ​មួយ​ដែល​ហៅ​ថា​បេតសាថា ហើយ​អាង​នោះ​មាន​ល្វែង​ព័ទ្ធ​ជុំ​វិញ។ ក្នុង​ល្វែង​ទាំង​នោះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ងងឹត​ភ្នែក ខ្វិន ស្វិត​ដៃ ឬ​ស្វិត​ជើង​កំពុង​ដេក​នៅ​ទី​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​ទូ​ទៅ​ជឿ​ថា​ពួក​គេ​អាច​ជា​ពី​ជំងឺ​ដោយ​ចុះ​ទៅ​ក្នុង​អាង​នោះ ពេល​ដែល​ទឹក​កំពុង​កម្រើក។

      នា​ថ្ងៃ​ឈប់​សម្រាក នៅ​អាង​ទឹក​នោះ លោក​យេស៊ូ​បាន​ឃើញ​បុរស​ម្នាក់​ដែល​ឈឺ​អស់​៣៨​ឆ្នាំ​ហើយ។ លោក​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ចង់​មាន​សុខភាព​ល្អ​ឡើង​វិញ​ទេ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​លោក ខ្ញុំ​គ្មាន​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ក្នុង​អាង​ពេល​ដែល​ទឹក​កំពុង​កម្រើក​ទេ តែ​ពេល​ខ្ញុំ​កំពុង​ចុះ​ទៅ មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ​»។—យ៉ូហាន ៥:៦, ៧

      បុរស​នោះ​និង​អ្នក​ដែល​នៅ​ក្បែរ​គាត់​ច្បាស់​ជា​ភ្ញាក់​ផ្អើល ពេល​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ​»។ (​យ៉ូហាន ៥:៨​) បុរស​នោះ​ក៏​ធ្វើ​តាម​ប្រសាសន៍​លោក​យេស៊ូ។ រំពេច​នោះ គាត់​ជា​សះ​ស្បើយ​ភ្លាម ហើយ​ក៏​យួរ​គ្រែ​ស្នែង​របស់​គាត់ រួច​ដើរ​ទៅ!

      ជនជាតិយូដាខ្លះសួរបុរសដែលលោកយេស៊ូបានធ្វើឲ្យជា

      ពេល​ជន​ជាតិ​យូដា​ខ្លះ​បាន​ឃើញ​ការ​អស្ចារ្យ​នោះ ជា​ជាង​អរ​សប្បាយ ពួក​គេ​បែរ​ជា​វិនិច្ឆ័យ​បុរស​នោះ ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក អ្នក​គ្មាន​ច្បាប់​យួរ​គ្រែ​ស្នែង​នោះ​ទេ​»។ បុរស​នោះ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើង​វិញ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›​»។ (​យ៉ូហាន ៥:១០, ១១​) ជន​ជាតិ​យូដា​ទាំង​នេះ​បាន​រិះ​គន់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ជា​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

      រួច​មក ពួក​គេ​សួរ​គាត់​ដោយ​ចង់​ដឹង​ថា​៖ ​«​តើ​បុរស​ណា​បាន​ប្រាប់​អ្នក​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›?​»។ ហេតុ​អ្វី​ពួក​គេ​សួរ​គាត់​ដូច្នេះ? ពី​ព្រោះ​លោក​យេស៊ូ​«​បាន​ចេញ​ពី​កន្លែង​នោះ​»​ ហើយ​ចូល​ទៅ​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ​»។ ម្យ៉ាង​ទៀត បុរស​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​មិន​ស្គាល់​ឈ្មោះ​លោក​ទេ។ (​យ៉ូហាន ៥:១២, ១៣​) ប៉ុន្តែ ក្រោយ​មក បុរស​នេះ​បាន​ជួប​នឹង​លោក​យេស៊ូ​ម្ដង​ទៀត​នៅ​ក្នុង​វិហារ។ ពេល​នោះ​គាត់​ដឹង​ថា គឺ​លោក​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​នៅ​ឯ​អាង​ទឹក។

      ដូច្នេះ បុរស​ដែល​បាន​ជា​នោះ​ក៏​ទៅ​រក​ជន​ជាតិ​យូដា ដោយ​សារ​ពួក​គេ​បាន​សួរ​គាត់​អំពី​របៀប​ដែល​គាត់​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា។ ពេល​ជួប​ពួក​គេ គាត់​ប្រាប់​ថា អ្នក​នោះ​គឺ​ជា​លោក​យេស៊ូ។ ពេល​ដែល​ឮ​ដូច្នេះ ពួក​គេ​ក៏​ទៅ​រក​លោក​យេស៊ូ។ តើ​ពួក​គេ​ទៅ​រក​លោក​ដោយ​សារ​ពួក​គេ​ចង់​ដឹង​ថា​លោក​អាច​ធ្វើ​ការ​អស្ចារ្យ​តាម​របៀប​ណា​ឬ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​រក​ចាប់​កំហុស​លោក​យេស៊ូ ដោយ​សារ​លោក​ធ្វើ​ការ​ល្អ​ក្នុង​ថ្ងៃ​ឈប់​សម្រាក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បៀត​បៀន​លោក​ទៀត​ផង!

      • ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​យូឌា ហើយ​តើ​លោក​នឹង​បន្ត​ធ្វើ​អ្វី​នៅ​ទី​នោះ?

      • ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ទៅ​ឯ​អាង​ទឹក​ដែល​មាន​ឈ្មោះ​ថា​បេតសាថា?

      • តើ​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី​នៅ​ឯ​អាង​ទឹក ហើយ​តើ​ជន​ជាតិ​យូដា​ខ្លះ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង?

  • លោកយេស៊ូជាបុត្ររបស់ព្រះ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ជនជាតិយូដាចោទប្រកាន់ថាលោកយេស៊ូបំពានលើច្បាប់ថ្ងៃឈប់សម្រាក

      ជំពូក​ទី​៣០

      លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ

      យ៉ូហាន ៥:១៧​-​៤៧

      • ព្រះ​ជា​បិតា​របស់​លោក​យេស៊ូ

      • សេចក្ដី​សន្យា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

      ពេល​ជន​ជាតិ​យូដា​ខ្លះ​បាន​ចោទ​ប្រកាន់​ថា​លោក​យេស៊ូ​បាន​បំពាន​លើ​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ដោយ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា នោះ​លោក​យេស៊ូ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។—យ៉ូហាន ៥:១៧

      អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ មិន​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ​ទេ។ តាម​ការ​ពិត កិច្ច​ការ​ល្អ​ដែល​លោក​យេស៊ូ​ធ្វើ ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ធ្វើ​ឲ្យ​មនុស្ស​ជា បង្ហាញ​ថា​លោក​យក​តម្រាប់​ព្រះ។ ហេតុ​ដូច្នេះ ជា​រៀង​រាល់​ថ្ងៃ​លោក​យេស៊ូ​តែង​តែ​ធ្វើ​កិច្ច​ការ​ល្អ​ជា​និច្ច។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​តប​ឆ្លើយ​របស់​លោក​ទៅ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​លោក បាន​ធ្វើ​ឲ្យ​ពួក​គេ​ខឹង​កាន់​តែ​ខ្លាំង ដូច្នេះ​ហើយ​ពួក​គេ​ក៏​រក​វិធី​សម្លាប់​លោក​ចោល។ ហេតុ​អ្វី​ពួក​គេ​មាន​ប្រតិកម្ម​ដូច​នេះ?

      និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ទេ កាល​ដែល​ពួក​គេ​ចោទ​ប្រកាន់​ថា​លោក​យេស៊ូ​បាន​បំពាន​លើ​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​ខឹង​លោក​យេស៊ូ​យ៉ាង​ខ្លាំង កាល​ដែល​លោក​ប្រាប់​ថា​លោក​ជា​បុត្រ​របស់​ព្រះ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​គិត​ថា ពាក្យ​សម្ដី​នោះ គឺ​ហាក់​ដូច​ជា​លោក​យេស៊ូ​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ។ ដូច្នេះ ពួក​គេ​ចាត់​ទុក​ថា​នោះ​ជា​ការ​ប្រមាថ​ព្រះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​ខ្លាច​ពួក​គេ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថែម​ទៀត​អំពី​ចំណង​មិត្តភាព​ពិសេស​ដែល​លោក​មាន​ជា​មួយ​នឹង​ព្រះ ដោយ​តប​ឆ្លើយ​ពួក​គេ​ថា​៖ ​«​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក ក៏​បង្ហាញ​បុត្រ​របស់​លោក​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ​»។—យ៉ូហាន ៥:២០

      បិតា​នៅ​ស្ថាន​សួគ៌​ជា​អ្នក​ដែល​ផ្ដល់​ជីវិត ហើយ​លោក​បាន​បង្ហាញ​ដូច្នោះ​នៅ​អតីតកាល​ដោយ​ឲ្យ​អ្នក​បម្រើ​លោក​ខ្លះ​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ លោក​យេស៊ូ​បន្ត​មាន​ប្រសាសន៍​ថា​៖ ​«​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ប្រោស​មនុស្ស​ស្លាប់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវិត​រស់​ឡើង​វិញ នោះ​បុត្រ​របស់​លោក​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដែល​លោក​ចង់​ឲ្យ​រស់ មាន​ជីវិត​ឡើង​វិញ​ដូច្នេះ​ដែរ​»។ (​យ៉ូហាន ៥:២១​) ប្រសាសន៍​នោះ​ពិត​ជា​ជួយ​មនុស្ស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​មែន! សូម្បី​តែ​ឥឡូវ​នេះ លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ន័យ​ធៀប គឺ​លោក​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ក៏​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ តែ​អ្នក​នោះ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត​រួច​ហើយ​»។—យ៉ូហាន ៥:២៤

      នៅ​ពេល​នោះ ទោះ​ជា​មិន​ទាន់​មាន​កំណត់​ហេតុ​ណា​មួយ​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក្ដី តែ​លោក​បាន​ប្រាប់​អ្នក​ប្រឆាំង​លោក​ថា ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ពិត​ជា​នឹង​កើត​ឡើង​មែន។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក​»។—យ៉ូហាន ៥:២៨, ២៩

      ទោះ​ជា​លោក​យេស៊ូ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​គោល​បំណង​របស់​ព្រះ​ក៏​ដោយ តែ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មាន​ឋានៈ​ទាប​ជាង​ព្រះ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​បាន​ឡើយ . . . ខ្ញុំ​មិន​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូហាន ៥:៣០​) តាំង​ពី​មុន​មក លោក​យេស៊ូ​មិន​ដែល​រៀប​រាប់​អំពី​តួនាទី​របស់​លោក​ក្នុង​គោល​បំណង​របស់​ព្រះ​ជា​សាធារណៈ​ដូច​នេះ​ឡើយ។ តាម​ពិត មិន​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​បាន​បញ្ជាក់​ប្រាប់​អំពី​រឿង​ទាំង​នេះ​ទេ។ ដូច្នេះ លោក​យេស៊ូ​រំលឹក​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ជួប​យ៉ូហាន[​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​] ហើយ​គាត់​បាន​បញ្ជាក់​អំពី​សេចក្ដី​ពិត​»។—យ៉ូហាន ៥:៣៣

      ប្រហែល​ជា​ពីរ​ឆ្នាំ​មុន យ៉ូហាន​បាន​ប្រាប់​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​អំពី​អ្នក​ដែល​នឹង​មក​ក្រោយ​គាត់។ អ្នក​នោះ​បាន​ត្រូវ​ហៅ​ថា​«​អ្នក​ប្រកាស​ទំនាយ​»​ និង​«​គ្រិស្ត​»។ (​យ៉ូហាន ១:២០​-​២៥​) ពួក​អ្នក​ចោទ​ប្រកាន់​លោក​យេស៊ូ​ប្រហែល​ជា​បាន​ឮ​អំពី​អ្វី​ដែល​យ៉ូហាន​បាន​និយាយ។ ដើម្បី​រំលឹក​ពួក​គេ​អំពី​យ៉ូហាន​ដែល​បាន​ជាប់​គុក និង​ជា​អ្នក​ដែល​ពួក​គេ​ធ្លាប់​គោរព​យ៉ាង​ជ្រាល​ជៅ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​មួយ​រយៈ​ពេល​ខ្លី អ្នក​រាល់​គ្នា​ព្រម​ត្រេក​អរ​យ៉ាង​ខ្លាំង​នឹង​ពន្លឺ​របស់​គាត់​»។ (​យ៉ូហាន ៥:៣៥​) ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​លោក​ជាង​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ទៅ​ទៀត។

      បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កិច្ច​ការ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ[​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​បុរស​នោះ​ជា​] គឺ​កិច្ច​ការ​នោះ​ឯង​ដែល​បញ្ជាក់​អំពី​ខ្ញុំ​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យមក។ ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​ដែរ​»។ (​យ៉ូហាន ៥:៣៦, ៣៧​) ជា​ឧទាហរណ៍ ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ព្រះ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​លោក​ជា​បុត្រ​របស់​ព្រះ។—ម៉ាថាយ ៣:១៧

      ពួក​អ្នក​ចោទ​ប្រកាន់​លោក​យេស៊ូ គ្មាន​មូលហេតុ​ដែល​បដិសេធ​លោក​ទេ។ សូម្បី​តែ​បទ​គម្ពីរ​ដែល​ពួក​គេ​បាន​អះអាង​ថា​ពួក​គេ​បាន​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នោះ ក៏​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​លោក​ដែរ។ ដូច្នេះ លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ជឿ​ម៉ូសេ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ខ្ញុំ​ដែរ ព្រោះ​គាត់​បាន​សរសេរ​អំពី​ខ្ញុំ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្វី​ដែល​គាត់​បាន​សរសេរ​ទេ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​បាន?​»។—យ៉ូហាន ៥:៤៦, ៤៧

      • ស្តី​អំពី​កិច្ច​ការ​ល្អ​ដែល​លោក​យេស៊ូ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ហេតុ​អ្វី​នោះ​មិន​មែន​ជា​ការ​បំពាន​លើ​ច្បាប់​របស់​ព្រះ?

      • តើ​លោក​យេស៊ូ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​តួនាទី​សំខាន់​ដែល​លោក​មាន​ក្នុង​គោល​បំណង​របស់​ព្រះ?

      • តើ​អ្នក​ណា​ខ្លះ​ជា​សាក្សី​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ?

  • តើមានច្បាប់ឲ្យកាច់កួរស្រូវនៅថ្ងៃឈប់សម្រាកឬទេ?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពួកអ្នកកាន់តាមលោកយេស៊ូកាច់កួរស្រូវសាលីមកបរិភោគក្នុងថ្ងៃឈប់សម្រាក

      ជំពូក​ទី​៣១

      តើ​មាន​ច្បាប់​ឲ្យ​កាច់​កួរ​ស្រូវ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ?

      ម៉ាថាយ ១២:១​-​៨ ម៉ាកុស ២:២៣​-​២៨ លូកា ៦:១​-​៥

      • អ្នក​កាន់​តាម​លោក​យេស៊ូ​កាច់​កួរ​ស្រូវ​នៅ​ថ្ងៃ​ឈប់​សម្រាក

      • លោក​យេស៊ូ​ជា​«​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»​

      ឥឡូវ លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ​ស្រុក​កាលីឡេ។ នេះ​ជា​រដូវ​ស្លឹក​ឈើ​លាស់ ហើយ​នៅ​ឯ​វាល​ស្រែ​មាន​ស្រូវ​ដែល​ចេញ​ទង​និង​កួរ។ ពេល​កំពុង​ធ្វើ​ដំណើរ​កាត់​វាល​ស្រែ អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​ឃ្លាន ក៏​បាន​កាច់​កួរ​ស្រូវ​សាលី​មក​ឈ្លី​ហើយ​បរិភោគ។ ប៉ុន្តែ ពេល​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​ពួក​ផារិស៊ី​បាន​ឃើញ​អ្វី​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​កំពុង​ធ្វើ។

      អ្នក​ប្រហែល​ជា​នៅ​ចាំ​ថា មិន​យូរ​ប៉ុន្មាន​មុន​នេះ​នៅ​ក្រុង​យេរូសាឡិម ជន​ជាតិ​យូដា​មួយ​ចំនួន​ប៉ុន​ប៉ង​សម្លាប់​លោក​យេស៊ូ ពី​ព្រោះ​ពួក​គេ​ចោទ​ប្រកាន់​ថា​លោក​បំពាន​លើ​ច្បាប់​ថ្ងៃ​ឈប់​សម្រាក។ ឥឡូវ ពួក​ផារិស៊ី​ចោទ​ប្រកាន់​អ្នក​កាន់​តាម​លោក​យេស៊ូ​ថា ពួក​គេ​បាន​កាច់​កួរ​ស្រូវ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ពួក​ផារិស៊ី​និយាយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​មើល! អ្នក​កាន់​តាម​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។—ម៉ាថាយ ១២:២

      ពួក​ផារិស៊ី​អះអាង​ថា​ការ​កាច់​កួរ​ស្រូវ​និង​ឈ្លី​នៅ​ដៃ​ដើម្បី​បរិភោគ គឺ​ជា​ការ​ច្រូត​កាត់​និង​ការ​បោក​ស្រូវ។ (​និក្ខមនំ ៣៤:២១​) ពួក​គេ​បាន​បក​ស្រាយ​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក​តាម​របៀប​ដ៏​តឹងរ៉ឹង ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ច្បាប់​នោះ​ទៅ​ជា​បន្ទុក​ធ្ងន់​វិញ។ ប៉ុន្តែ ព្រះ​ចង់​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ទៅ​ជា​ពេល​ដែល​មាន​អំណរ​និង​ពេល​ដែល​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ លោក​យេស៊ូ​ឃើញ​ថា​ពួក​គេ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ឡើយ ដូច្នេះ​លោក​ឆ្លើយ​តប​ដោយ​លើក​ឡើង​ឧទាហរណ៍​ខ្លះ​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​មាន​បំណង​ឲ្យ​រាស្ត្រ​របស់​លោក​អនុវត្ត​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក ដូច​ការ​បក​ស្រាយ​របស់​ពួក​ផារិស៊ី​នោះ​ទេ។

      ឧទាហរណ៍​ទី១ លោក​យេស៊ូ​លើក​ឡើង​អំពី​ដាវីឌ និង​ពួក​បុរស​របស់​គាត់។ ពេល​ពួក​គាត់​ឃ្លាន ពួក​គាត់​បាន​ចូល​ក្នុង​កន្លែង​គោរព​បូជា​របស់​ព្រះ ហើយ​បរិភោគ​នំ​ប៉័ង​ដែល​ពី​មុន​បាន​ត្រូវ​ដាក់​តាំង​ជា​គ្រឿង​បូជា។ តាម​ធម្មតា ក្រោយ​ពី​នំ​ប៉័ង​នោះ​បាន​ត្រូវ​យក​ចេញ​ពី​ចំពោះ​ព្រះ​យេហូវ៉ា មាន​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​អាច​បរិភោគ​បាន។ ប៉ុន្តែ ក្នុង​ករណី​របស់​ដាវីឌ គាត់​និង​ពួក​បុរស​របស់​គាត់​បាន​ត្រូវអនុញ្ញាត​ឲ្យ​បរិភោគ​នំ​ប៉័ង​នោះ ហើយ​មិន​បាន​ទទួល​ទោស​ទេ។—លេវីវិន័យ ២៤:៥​-​៩; សាំយូអែល​ទី១ ២១:១​-​៦

      ឧទាហរណ៍​ទី២ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​មិន​ធ្លាប់​អាន​ច្បាប់​ដែល​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​ពួក​សង្ឃ​ក្នុង​វិហារ​នៅ​តែ​ធ្វើ​ការ តែ​គ្មាន​ទោស​ទេ​ឬ?​»។ លោក​មាន​ន័យ​ថា សូម្បី​តែ​នៅ​ថ្ងៃ​ឈប់​សម្រាក​ក្ដី ក៏​ពួក​សង្ឃ​នៅ​តែ​សម្លាប់​សត្វ​សម្រាប់​ជា​គ្រឿង​បូជា ហើយ​នៅ​តែ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​វិហារ​ដែរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ដែល​វិសេស​ជាង​វិហារ​នោះ បាន​មក​ដល់​ហើយ​»។—ម៉ាថាយ ១២:៥, ៦; ជន​គណនា ២៨:៩

      ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់ លោក​យេស៊ូ​បាន​លើក​ខ​គម្ពីរ​មួយ​ទៀត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្ដា​ករុណា មិន​មែន​គ្រឿង​បូជា​ឡើយ›នោះ​អ្នក​មុខ​ជា​មិន​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​នោះ​ទេ​»។ លោក​បញ្ចប់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពី​ព្រោះ​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។ ពេល​លោក​មាន​ប្រសាសន៍​ដូច្នោះ លោក​កំពុង​សំដៅ​ទៅ​លើ​សេចក្ដី​សុខ​សាន្ត​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​ក្នុង​រាជាណាចក្រ​ព្រះ។—ម៉ាថាយ ១២:៧, ៨; ហូសេ ៦:៦

      ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន មនុស្សជាតិ​បាន​រង​ការ​ឈឺ​ចាប់​ជា​យូរ​មក​ហើយ ដោយ​សារ​អំពើ​ឃោរ​ឃៅ និង​សង្គ្រាម​ច្រើន​រាប់​មិន​អស់។ ផ្ទុយ​ទៅ​វិញ ការ​គ្រប់​គ្រង​របស់​គ្រិស្ត​ដែល​ប្រៀប​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ នឹង​ខុស​គ្នា​ស្រឡះ​ពី​ការ​គ្រប់​គ្រង​របស់​សាថាន។ ការ​គ្រប់​គ្រង​របស់​គ្រិស្ត​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាក​ពិត ពោល​គឺ​លែង​មាន​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ទៀត​ហើយ!

      • តើ​ពួក​ផារិស៊ី​បាន​ចោទ​ប្រកាន់​អ្នក​កាន់​តាម​លោក​យេស៊ូ​អំពី​អ្វី ហើយ​ហេតុ​អ្វី?

      • តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​កែ​តម្រូវ​ទស្សនៈ​របស់​ពួក​ផារិស៊ី?

      • តើ​ក្នុង​ន័យ​អ្វី​ដែល​លោក​យេស៊ូ​ជា​«​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»​?

  • តើកិច្ចការអ្វីខ្លះស្របច្បាប់ថ្ងៃឈប់សម្រាក?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូបម្រុងនឹងធ្វើឲ្យបុរសស្វិតដៃជាសះស្បើយ

      ជំពូក​ទី​៣២

      តើ​កិច្ច​ការ​អ្វី​ខ្លះ​ស្រប​ច្បាប់​ថ្ងៃ​ឈប់​សម្រាក?

      ម៉ាថាយ ១២:៩​-​១៤ ម៉ាកុស ៣:១​-​៦ លូកា ៦:៦​-​១១

      • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ដែល​ស្វិត​ដៃ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក

      នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ​ទៀត លោក​យេស៊ូ​បាន​ចូល​ទៅ​សាលា​ប្រជុំ​មួយ​ដែល​ទំនង​ជា​នៅ​ក្នុង​ស្រុក​កាលីឡេ។ នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ដែល​ស្វិត​ដៃ​ស្ដាំ។ (​លូកា ៦:៦​) ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​តាម​សង្កេត​មើល​លោក​យេស៊ូ​យ៉ាង​ដិត​ដល់។ ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច្នោះ? ពី​ព្រោះ​ពួក​គេ​ចង់​ដឹង​ថា តើ​លោក​យេស៊ូ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​បុរស​នោះ? ដូច្នេះ ពួក​គេ​សួរ​លោក​ថា​៖ ​«​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ឬ​ទេ?​»។—ម៉ាថាយ ១២:១០

      ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​គិត​ថា ការ​ធ្វើ​ឲ្យ​ជា​ក្នុង​ថ្ងៃ​ឈប់​សម្រាក​គឺ​ស្រប​ច្បាប់ លុះ​ត្រា​តែ​ជំងឺ​នោះ​ប៉ះ​ពាល់​ដល់​ជីវិត។ ជា​ឧទាហរណ៍ ពួក​គេ​បក​ស្រាយ​ថា ការ​ត​ឆ្អឹង​ឬ​រុំ​ដៃ​ជើង​ដែល​គ្រេច​គឺ​ជា​ការ​បំពាន​លើ​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ពី​ព្រោះ​នេះ​មិន​ប៉ះ​ពាល់​ដល់​ជីវិត​ទេ។ តាម​ពិត​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​ផារិស៊ី​ព្យាយាម​សួរ​លោក​យេស៊ូ មិន​មែន​ដោយ​សារ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​បុរស​ស្វិត​ដៃ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​សួរ​គឺ​ដើម្បី​រក​ហេតុ​ផ្ដន្ទា​ទោស​លោក​យេស៊ូ។

      ក៏​ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​ចិត្ត​គំនិត​ដែល​មិន​សម​ហេតុ​សម​ផល​របស់​ពួក​គេ។ លោក​ដឹង​ថា​ពួក​គេ​ប្រកាន់​ទស្សនៈ​យ៉ាង​តឹងរ៉ឹង​ដែល​មិន​មែន​ជា​សេចក្ដី​បង្រៀន​ពី​គម្ពីរ ស្តី​អំពី​ការ​ហាម​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក។ (​និក្ខមនំ ២០:៨​-​១០​) ពី​មុន​ពួក​គេ​បាន​រិះ​គន់​លោក​យេស៊ូ​អំពី​កិច្ច​ការ​ល្អ​ដែល​លោក​បាន​ធ្វើ តែ​ឥឡូវ​លោក​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ប្រឈម​មុខ​ត​ទល់​នឹង​ពួក​គេ ពេល​លោក​ប្រាប់​បុរស​ស្វិត​ដៃ​នោះ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ចំ​កណ្ដាល​»។—ម៉ាកុស ៣:៣

      រួច​មក លោក​យេស៊ូ​បែរ​ទៅ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​ផារិស៊ី ដោយ​សួរ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មិន​ទៅ​លើក​យក​ចៀម​តែ​មួយ​របស់​ខ្លួន​ចេញ​ពី​រណ្ដៅ បើ​វា​ធ្លាក់​នៅ​ថ្ងៃ​ឈប់​សម្រាក?​»។ (​ម៉ាថាយ ១២:១១​) តាម​ធម្មតា​ចៀម​ជា​សត្វ​ដែល​មាន​តម្លៃ​សម្រាប់​ចិញ្ចឹម​ជីវិត ដូច្នេះ​ពួក​គេ​មិន​ទុក​ចៀម​នោះ​ចោល​នៅ​ក្នុង​រណ្ដៅ​រហូត​ដល់​ថ្ងៃ​បន្ទាប់​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​វា​អាច​ស្លាប់ ហើយ​នាំ​ឲ្យ​ពួក​គេ​ខាត​បង់។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​ដឹង​បទ​គម្ពីរ​ដែល​ថា​៖ ​«​មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន​»។—សុភាសិត ១២:១០

      បន្ទាប់​ពី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ដែល​សម​ហេតុ​សម​ផល​នោះ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​ម្ល៉ោះ​ហើយ មនុស្ស​មាន​តម្លៃ​ជាង​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ មាន​ច្បាប់​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។ (​ម៉ាថាយ ១២:១២​) ហេតុ​នេះ លោក​យេស៊ូ​មិន​បាន​បំពាន​លើ​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​ឡើយ កាល​ដែល​លោក​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ជា​ឡើង​វិញ។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ពិត​ជា​មិន​អាច​បដិសេធ​ការ​ពន្យល់​ដែល​សម​ហេតុ​សម​ផល និង​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​នោះ​ទេ។ ដូច្នេះ ពួក​គេ​បន្ត​នៅ​ស្ងៀម។

      លោក​យេស៊ូ​មើល​មុខ​ពួក​គេ​ទាំង​ទាស់​ចិត្ត ថែម​ទាំង​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ពួក​គេ​មាន​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ។ បន្ទាប់​មក លោក​ក៏​ប្រាប់​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​លា​ដៃ​អ្នក​ទៅ​»។ (​ម៉ាថាយ ១២:១៣​) ពេល​ដែល​បុរស​នោះ​លា​ដៃ ស្រាប់​តែ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ បុរស​នោះ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់! ប៉ុន្តែ តើ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ដែល​ចង់​ចាប់​កំហុស​លោក​យេស៊ូ?

      ពួកអ្នកដឹកនាំសាសនាយូដាប្រឹក្សាគ្នាដើម្បីសម្លាប់លោកយេស៊ូ

      ជា​ជាង​សប្បាយ​ចិត្ត​ដែល​ដៃ​របស់​បុរស​នោះ​បាន​ជា​ឡើង​វិញ ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ក្រៅ ហើយ​ភ្លាម​នោះ​ពួក​គេ​ចាប់​ផ្ដើម​ប្រឹក្សា​«​ជា​មួយ​នឹង​បក្ស​ពួក​របស់​ហេរ៉ូឌ ដើម្បី​រក​វិធី​សម្លាប់​លោក[​យេស៊ូ​]​»។ (​ម៉ាកុស ៣:៦​) តាម​មើល​ទៅ គណបក្ស​នយោបាយ​នេះ​ក៏​រួម​បញ្ចូល​សមាជិក​ក្រុម​សាសនា​មួយ​ដែល​ហៅ​ថា​សាឌូស៊ី។ តាម​ធម្មតា​ពួក​សាឌូស៊ី និង​ពួក​ផារិស៊ី​មិន​ត្រូវ​គ្នា​ទេ ប៉ុន្តែ​ឥឡូវ​ពួក​គេ​បែរ​ជា​រួម​ដៃ​គ្នា​ដើម្បី​ប្រឆាំង​លោក​យេស៊ូ​ទៅ​វិញ។

      • តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ចង់​សម្លាប់​លោក?

      • ស្តី​អំពី​ថ្ងៃ​ឈប់​សម្រាក តើ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

      • តើ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​ទស្សនៈ​របស់​ពួក​គេ​អំពី​ថ្ងៃ​ឈប់​សម្រាក​គឺ​មិន​ត្រឹម​ត្រូវ​ទេ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក