បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពួកកសិករកំពុងសម្លាប់កូនប្រុសរបស់ម្ចាស់ចម្ការ

      ជំពូក​ទី​១០៦

      ឧទាហរណ៍​ពីរ​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ

      ម៉ាថាយ ២១:២៨​-​៤៦ ម៉ាកុស ១២:១​-​១២ លូកា ២០:៩​-​១៩

      • ឧទាហរណ៍​អំពី​កូន​ប្រុស​ពីរ​នាក់

      • ឧទាហរណ៍​អំពី​ពួក​កសិករ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

      ថ្មី​ៗ​នេះ​នៅ​ឯ​វិហារ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ពួក​គេ​គឺ​ជា​អ្នក​ដែល​សួរ​ដេញ​ដោល​លោក​យេស៊ូ​អំពី​ប្រភព​នៃ​អំណាច​របស់​លោក​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ទាំង​នោះ។ ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​មាត់។ បន្ទាប់​មក លោក​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ពិត​ជា​មនុស្ស​បែប​ណា។

      លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់។ គាត់​ទៅ​ប្រាប់​កូន​ទី​មួយ​ថា​៖ ‹កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ›។ កូន​ទី​មួយ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​ទៅ​ទេ› ប៉ុន្តែ​គាត់​ស្ដាយ​ក្រោយ ហើយ​បាន​ចេញ​ទៅ​ចម្ការ។ រួច​មក បុរស​នោះ​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា។ កូន​ទី​ពីរ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ លោក​ឪ​ពុក!› ប៉ុន្តែ​គាត់​មិន​បាន​ទៅ​ទេ។ តើ​កូន​មួយ​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪ​ពុក?​»។ (​ម៉ាថាយ ២១:២៨​-​៣១, ព.ថ.​) យើង​ឃើញ​ច្បាស់​ថា នៅ​ទី​បំផុត​កូន​ទី១​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪ​ពុក។

      ហេតុ​នេះ លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​ប្រឆាំង​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​កំពុង​ចូល​រាជាណាចក្រ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា​»។ នៅ​ពេល​ដំបូង ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​មិន​បម្រើ​ព្រះ​ទេ។ ប៉ុន្តែ ដូច​កូន​ទី១​ដែរ ក្រោយ​មក​ពួក​គេ​បាន​ប្រែ​ចិត្ត ហើយ​ឥឡូវ​កំពុង​បម្រើ​ព្រះ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដឹក​នាំ​សាសនា​គឺ​ដូច​ជា​កូន​ទី២ ពី​ព្រោះ​ពួក​គេ​អះអាង​ថា​ពួក​គេ​បម្រើ​ព្រះ តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​សោះ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ូហាន[​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​]បាន​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​បង្រៀន​អំពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់​ឡើយ។ ក៏​ប៉ុន្តែ ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​បាន​ជឿ​គាត់ ឯ​អ្នក​រាល់​គ្នា​ទោះ​ជា​ឃើញ​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មិន​ស្ដាយ​ក្រោយ​ហើយ​ជឿ​គាត់​ទេ​»។—ម៉ាថាយ ២១:៣១, ៣២

      លោក​យេស៊ូ​បន្ត​រៀប​រាប់​រឿង​នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​ទៀត។ ម្ដង​នេះ លោក​បង្ហាញ​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​មិន​គ្រាន់​តែ​មិន​បាន​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ ហើយ​ព័ទ្ធ​របង និង​ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា ក៏​បាន​សង់​ប៉ម​មួយ រួច​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ។ ក្រោយ​មក បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ លុះ​ដល់​ពេល​កំណត់ គាត់​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ប៉ុន្តែ​ពួក​កសិករ​បាន​ចាប់​ខ្ញុំ​បម្រើ​នោះ វាយ​ដំ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ក្រោយ​មក បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ម្ដង​ទៀត តែ​ពួក​គេ​វាយ​ក្បាល​អ្នក​នោះ ហើយ​ប្រមាថ​មើល​ងាយ​គាត់។ រួច​បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត តែ​ពួក​កសិករ​សម្លាប់​អ្នក​នោះ​ចោល។ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ តែ​អ្នក​ខ្លះ​ត្រូវ​កសិករ​វាយ​ដំ ហើយ​ខ្លះ​ទៀត​ត្រូវ​ពួក​គេ​សម្លាប់​»។—ម៉ាកុស ១២:១​-​៥

      តើ​ពួក​អ្នក​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​នឹង​យល់​ឧទាហរណ៍​នេះ​ឬ​ទេ? ពួក​គេ​ប្រហែល​ជា​នៅ​ចាំ​ប្រសាសន៍​របស់​ព្រះ​តាម​រយៈ​អេសាយ​ដែល​ថា​៖ ​«​ចំ​ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នោះ​គឺ​ជា​ពូជ​ពង្ស​របស់​អ៊ីស្រាអែល នឹង​ពី​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ​នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្ដិធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ​»។ (​អេសាយ ៥:៧​) ឧទាហរណ៍​របស់​លោក​យេស៊ូ​ក៏​ស្រដៀង​នេះ​ដែរ។ ម្ចាស់​ដី​គឺ​ជា​ព្រះ​យេហូវ៉ា ហើយ​ចម្ការ​គឺ​ជា​ប្រជា​ជាតិ​អ៊ីស្រាអែល។ ច្បាប់​របស់​ព្រះ​បាន​ការពារ​ពួក​គេ ដូច​ជា​របង​ព័ទ្ធ​ចម្ការ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ណែនាំ​រាស្ត្រ​របស់​លោក ហើយ​ជួយ​ពួក​គេ​ឲ្យ​បង្កើត​ផល​ផ្លែ​ល្អ។

      ប៉ុន្តែ​«​ពួក​កសិករ​»​បាន​ធ្វើ​បាប​ហើយ​សម្លាប់​«​ពួក​ខ្ញុំ​បម្រើ​»​ ដែល​បាន​ត្រូវ​ចាត់​ទៅ​ឯ​ពួក​គេ។ លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​នៅ​មាន​ម្នាក់​ទៀត គឺ​ជា​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់[​ម្ចាស់​ចម្ការ​]។ ក្រោយ​បង្អស់ គាត់​ចាត់​កូន​ប្រុស​ឲ្យ​ទៅ​ដោយ​ពោល​ថា​៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ប៉ុន្តែ​កសិករ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ រួច​ចម្ការ​នេះ​នឹង​ក្លាយ​ជា​របស់​យើង›។ ដូច្នេះ ពួក​គេ​ចាប់​កូន​ប្រុស​នោះ សម្លាប់​ចោល​»។—ម៉ាកុស ១២:៦​-​៨

      ឥឡូវ លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​យ៉ាង​ណា?​»។ (​ម៉ាកុស ១២:៩​) ពួក​អ្នក​ដឹក​នាំ​សាសនា​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​ពួក​គេ​ជា​មនុស្ស​អាក្រក់ នោះ​លោក​នឹង​បំផ្លាញ​ពួក​គេ​ចោល​ឥត​ត្រា​ប្រណី ក៏​នឹង​ប្រវាស់​ចម្ការ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេង​ទៀត ដែល​នឹង​ឲ្យ​ផល​ដល់​លោក​តាម​រដូវ​»។—ម៉ាថាយ ២១:៤១

      ហេតុ​នេះ ដោយ​មិន​ដឹង​ខ្លួន​ពួក​គេ​បាន​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​មក​លើ​ខ្លួន​ពួក​គេ ពី​ព្រោះ​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​«​ពួក​កសិករ​»​ ដែល​ធ្វើ​ការ​ក្នុង​«​ចម្ការ​»​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ប្រជា​ជាតិ​អ៊ីស្រាអែល។ តើ​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​ពួក​កសិករ​ទាំង​នោះ​ឲ្យ​ផល​ផ្លែ​អ្វី? ផល​ផ្លែ​នោះ​រួម​បញ្ចូល​ជំនឿ​លើ​បុត្រ​របស់​លោក​ដែល​ជា​មេស្ស៊ី។ លោក​យេស៊ូ​មើល​ចំពួក​អ្នក​ដឹក​នាំ​សាសនា រួច​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ទេ​ឬ ដែល​ថា​៖ ‹ថ្ម​ដែល​អ្នក​សាងសង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ជ្រុង​ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់›ទេ​ឬ? តើ​មិន​ធ្លាប់​អាន​ទេ​ឬ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង›?​»។ (​ម៉ាកុស ១២:១០, ១១​) បន្ទាប់​មក លោក​យេស៊ូ​បញ្ជាក់​អំពី​ចំណុច​សំខាន់​នៃ​ប្រសាសន៍​របស់​លោក​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជា​ជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ​»។—ម៉ាថាយ ២១:៤៣

      ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក​ដឹង​ថា​លោក​យេស៊ូ​«​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ​»។ (​លូកា ២០:១៩​) ដូច្នេះ ខ្លាំង​ជាង​មុន​ទៅ​ទៀត ពួក​គេ​ចង់​សម្លាប់​លោក​យេស៊ូ​ដែល​ជា​«​អ្នក​ទទួល​មត៌ក​»​ស្រប​ច្បាប់។ ប៉ុន្តែ​ពួក​គេ​ខ្លាច​បណ្ដា​ជន ដោយ​សារ​មនុស្ស​ទាំង​នោះ​ចាត់​ទុក​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ ដូច្នេះ​ពួក​គេ​មិន​បាន​ព្យាយាម​សម្លាប់​លោក​នៅ​ពេល​នោះ​ឡើយ។

      • តើ​កូន​ប្រុស​ពីរ​នាក់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​តំណាង​អ្នក​ណា?

      • ក្នុង​ឧទាហរណ៍​ទី២ តើ​«​ម្ចាស់​ដី​»​ ​«​ចម្ការ​»​ ​«​ពួក​កសិករ​»​ ​«​ពួក​ខ្ញុំ​បម្រើ​»​ និង​«​អ្នក​ទទួល​មត៌ក​»​ តំណាង​អ្នក​ណា?

      • តើ​«​ពួក​កសិករ​»​នឹង​មាន​អនាគត​យ៉ាង​ណា?

  • ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ស្តេចបង្គាប់ខ្ញុំបម្រើឲ្យបណ្ដេញបុរសដែលមិនពាក់សម្លៀកបំពាក់សម្រាប់ពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍

      ជំពូក​ទី​១០៧

      ស្តេច​ហៅ​អស់​អ្នក​ដែល​លោក​បាន​អញ្ជើញ​មក​ពិសា​ភោជនាហារ

      ម៉ាថាយ ២២:១​-​១៤

      • ឧទាហរណ៍​អំពី​ពិធី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍

      កាល​ដែល​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​ជិត​មក​ដល់​ទី​បញ្ចប់ លោក​បន្ត​លើក​ឧទាហរណ៍​ផ្សេង​ៗ​ដើម្បី​បក​អាក្រាត​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក។ ដូច្នេះ ពួក​គេ​ចង់​សម្លាប់​លោក។ (​លូកា ២០:១៩​) យ៉ាង​ណា​ក្ដី លោក​យេស៊ូ​នៅ​តែ​បក​អាក្រាត​ពួក​គេ។

      លោក​លើក​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ជា​ស្តេច ដែល​បាន​រៀប​ចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​បុត្រ​របស់​លោក ហើយ​បាន​ចាត់​ពួក​ខ្ញុំ​បម្រើ​ឲ្យ​ទៅ​ហៅ​អស់​អ្នក​ដែល​លោក​បាន​អញ្ជើញ​មក​ពិសា​ភោជនាហារ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​មក​ទេ​»។ (​ម៉ាថាយ ២២:២, ៣​) នៅ​ដើម​ដំបូង​នៃ​ឧទាហរណ៍​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​រាជាណាចក្រ​ស្ថាន​សួគ៌​»។ ហេតុ​នេះ ​«​ស្តេច​»​ច្បាស់​ជា​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​កូន​ស្តេច​និង​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​ពិសា​ភោជនាហារ? ម្ដង​នេះ​ទៀត គឺ​មិន​មែន​ជា​ការ​ពិបាក​ទេ​ឲ្យ​យើង​សម្គាល់​ថា កូន​ស្តេច​គឺ​ជា​កូន​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​លោក​យេស៊ូ​ដែល​ជា​អ្នក​កំពុង​លើក​ឧទាហរណ៍​នេះ​គឺ​ជា​កូន​របស់​ស្តេច​ដែល​ជា​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​យល់​ដែរ​ថា អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​គឺ​ជា​អ្នក​ដែល​នឹង​នៅ​ជា​មួយ​នឹង​កូន​ស្តេច​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។

      តើ​អ្នក​ណា​បាន​ត្រូវ​អញ្ជើញ​មុន​គេ? តើ​លោក​យេស៊ូ​និង​ពួក​សាវ័ក​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដល់​អ្នក​ណា? គឺ​ដល់​ជន​ជាតិ​យូដា។ (​ម៉ាថាយ ១០:៦, ៧; ១៥:២៤​) ប្រជា​ជាតិ​នេះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ដូច្នេះ​ពួក​គេ​មាន​ឯកសិទ្ធិ​មុន​គេ​ក្នុង​ការ​ធ្វើ​ជា‹សង្ឃ​ក្នុង​រាជាណាចក្រ​ព្រះ›។ (​និក្ខមនំ ១៩:៥​-​៨​) ក៏​ប៉ុន្តែ តើ​នៅ​ពេល​ណា​ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ពិសា​«​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​»​? ពួក​គេ​បាន​ត្រូវ​អញ្ជើញ​នៅ​ឆ្នាំ​២៩ គ.ស. ពោល​គឺ​នៅ​ពេល​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ស្ថាន​សួគ៌។

      ដូច្នេះ តើ​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​អញ្ជើញ​នេះ? ដូច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​មិន​ព្រម​មក​ទេ​»។ ពួក​អ្នក​ដឹក​នាំ​សាសនា​និង​បណ្ដា​ជន​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​មេស្ស៊ី ឬ​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង​នោះ​ឡើយ។

      ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បញ្ជាក់​ថា​ជន​ជាតិ​យូដា​នឹង​មាន​ឱកាស​ម្ដង​ទៀត​ដើម្បី​ទទួល​សេចក្ដី​អញ្ជើញ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លោក[​ស្តេច​]ចាត់​ពួក​ខ្ញុំ​បម្រើ​ផ្សេង​ឲ្យ​ទៅ​ម្ដង​ទៀត ដោយ​ប្រាប់​ថា​៖ ‹ចូរ​ប្រាប់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​ថា​៖ ​«​មើល! ខ្ញុំ​បាន​រៀប​ចំ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ​រួច​ហើយ ក៏​បាន​សម្លាប់​គោ​ឈ្មោល​និង​សត្វ​បំប៉ន​យ៉ាង​ធាត់ ហើយ​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច។ អញ្ជើញ​មក​ពិសា​ភោជនាហារ​ចុះ​»​›។ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​អើពើ​សោះ ក៏​បាន​ចេញ​ទៅ ម្នាក់​បាន​ទៅ​ស្រែ​ចម្ការ​របស់​ខ្លួន ម្នាក់​ទៀត​បាន​ទៅ​ធ្វើ​ជំនួញ អ្នក​ឯ​ទៀត​បាន​ចាប់​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ធ្វើ​បាប រួច​សម្លាប់​ចោល​»។ (​ម៉ាថាយ ២២:៤​-​៦​) នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ស្ថាបនា​ឡើង។ នៅ​ពេល​នោះ ជន​ជាតិ​យូដា​នៅ​តែ​មាន​ឱកាស​ចូល​ក្នុង​រាជាណាចក្រ​ព្រះ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​បដិសេធ​សេចក្ដី​អញ្ជើញ​នោះ ថែម​ទាំង​ធ្វើ​បាប‹ខ្ញុំ​បម្រើ​របស់​ស្តេច›ទៀត​ផង។—សកម្មភាព ៤:១៣​-​១៨; ៧:៥៤, ៥៨

      តើ​ប្រជា​ជាតិ​នេះ​នឹង​ទទួល​លទ្ធផល​អ្វី? លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​ប៉ុន្តែ​ស្តេច​បាន​ខឹង​ជា​ខ្លាំង ក៏​បាន​ចាត់​កង​ទ័ព​របស់​លោក​ឲ្យ​ទៅ​បំផ្លាញ​ឃាតករ​ទាំង​នោះ ហើយ​ដុត​ក្រុង​របស់​ពួក​គេ​ចោល​»។ (​ម៉ាថាយ ២២:៧​) នេះ​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​នៅ​ឆ្នាំ​៧០ គ.ស. ពេល​ដែល​កង​ទ័ព​រ៉ូម​បំផ្លាញ​«​ក្រុង​របស់​ពួក​គេ​»​ ពោល​គឺ​ក្រុង​យេរូសាឡិម។

      ជន​ជាតិ​យូដា​បាន​បដិសេធ​សេចក្ដី​អញ្ជើញ​របស់​ស្តេច។ តើ​នេះ​មាន​ន័យ​ថា​ជន​ជាតិ​ឯ​ទៀត​នឹង​មិន​ទទួល​សេចក្ដី​អញ្ជើញ​ឬ? យោង​ទៅ​តាម​ឧទាហរណ៍​របស់​លោក​យេស៊ូ គឺ​មិន​ដូច្នោះ​ទេ។ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ក្រោយ​មក លោក[​ស្តេច​]ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ភោជនាហារ​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ គឺ​មិន​សម​នឹង​មក​ឡើយ។ ដូច្នេះ ចូរ​ទៅ​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ក្រៅ​ក្រុង ហើយ​អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​រក​ឃើញ ចូរ​អញ្ជើញ​អ្នក​នោះ​មក​ពិសា​ភោជនាហារ​ចុះ›។ ម្ល៉ោះ​ហើយ ពួក​ខ្ញុំ​បម្រើ​ទាំង​នោះ​ចេញ​ទៅ​ផ្លូវ​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​មនុស្ស​ទាំង​អស់​ដែល​ពួក​គេ​រក​ឃើញ ទាំង​ទុច្ចរិត​ទាំង​ល្អ​មក ហើយ​សាល​ពិធី​មង្គល​ការ​បាន​ពេញ​ទៅ​ដោយ​មនុស្ស​កំពុង​អង្គុយ​នៅ​តុ​»។—ម៉ាថាយ ២២:៨​-​១០

      គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា នេះ​បាន​កើត​ឡើង​ក្រោយ​មក នៅ​ពេល​ដែល​សាវ័ក​ពេត្រុស​ចាប់​ផ្ដើម​ជួយ​សាសន៍​ដទៃ​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត។ សាសន៍​ដទៃ​រួម​មាន​អស់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ពី​កំណើត ឬ​ក៏​អ្នក​ដែល​ចូល​សាសនា​យូដា។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​៣៦ គ.ស. ទាហាន​ជន​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ​កូនេលាស និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​សកម្មពល​របស់​ព្រះ។ ដូច្នេះ ពួក​គាត់​មាន​ឯកសិទ្ធិ​ទទួល​រាជាណាចក្រ​ស្ថាន​សួគ៌​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។—សកម្មភាព ១០:១, ៣៤​-​៤៨

      បន្ទាប់​មក លោក​យេស៊ូ​បញ្ជាក់​ថា​មិន​មែន​អស់​អ្នក​ដែល​បាន​មក​ពិសា​ភោជនាហារ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​«​ស្តេច​»​នោះ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្តេច​ចូល​មក​ពិនិត្យ​មើល​ភ្ញៀវ នោះ​លោក​ក្រឡេក​ទៅ​ឃើញ​បុរស​ម្នាក់​មិន​ពាក់​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ​ទេ។ ដូច្នេះ លោក​សួរ​បុរស​នោះ​ថា​៖ ‹សម្លាញ់! ហេតុ​អ្វី​អ្នក​នៅ​ទី​នេះ​តែ​មិន​ពាក់​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ​ដូច្នេះ?›។ បុរស​នោះ​និយាយ​មិន​រួច។ បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ចង​ដៃ​ចង​ជើង​បុរស​នេះ ហើយ​បោះ​ទៅ​ខាង​ក្រៅ ដែល​ងងឹត។ នៅ​ទី​នោះ​គាត់​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ›។ ព្រោះ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​អញ្ជើញ តែ​មនុស្ស​តិច​ទេ​បាន​ត្រូវ​ជ្រើស​រើស​»។—ម៉ាថាយ ២២:១១​-​១៤

      ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​ប្រហែល​ជា​មិន​យល់​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក​ទេ ឬ​ក៏​ពួក​គេ​មិន​ដឹង​ថា​ប្រសាសន៍​របស់​លោក​កំពុង​សំដៅ​ទៅ​លើ​អ្វី​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​លោក​យេស៊ូ​សោះ ហើយ​ពួក​គេ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​សម្លាប់​លោក ដោយ​សារ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ។

      • ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​អ្នក​ណា​ជា​«​ស្តេច​»​ និង​អ្នក​ណា​ជា​«​បុត្រ​របស់​លោក​»​ ហើយ​តើ​អ្នក​ណា​បាន​ត្រូវ​អញ្ជើញ​មុន​គេ​ឲ្យ​មក​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍?

      • តើ​នៅ​ពេល​ណា​ដែល​ជន​ជាតិ​យូដា​បាន​ទទួល​សេចក្ដី​អញ្ជើញ ហើយ​តើ​អ្នក​ណា​បាន​ត្រូវ​អញ្ជើញ​ក្រោយ​មក?

      • តើ​ការ​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​អញ្ជើញ តែ​មនុស្ស​តិច​ទេ​បាន​ត្រូវ​ជ្រើស​រើស បញ្ជាក់​អំពី​អ្វី?

  • លោកយេស៊ូមិនចាញ់ការបញ្ឆោត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូបង្ហាញកាក់ប្រាក់សម្រាប់បង់ពន្ធ ហើយឆ្លើយសំណួរដែលបង្កប់ឧបាយកលរបស់ពួកផារិស៊ី

      ជំពូក​ទី​១០៨

      លោក​យេស៊ូ​មិន​ចាញ់​ការ​បញ្ឆោត

      ម៉ាថាយ ២២:១៥​-​៤០ ម៉ាកុស ១២:១៣​-​៣៤ លូកា ២០:២០​-​៤០

      • អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ

      • តើ​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រៀប​ការ​ឬ?

      • បញ្ញត្ដិ​ដ៏​សំខាន់​បំផុត

      ពួក​អ្នក​ដែល​ប្រឆាំង​លោក​យេស៊ូ​បាន​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​អ្វី? ដោយ​សារ​លោក​យេស៊ូ​ទើប​តែ​បាន​លើក​ឧទាហរណ៍​ផ្សេង​ៗ​ដើម្បី​លាត​ត្រដាង​ភាព​ទុច្ចរិត​របស់​ពួក​គេ។ ឥឡូវ​នេះ ពួក​ផារិស៊ី​រួម​គំនិត​គ្នា​ដើម្បី​បញ្ឆោត​លោក។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ដើម្បី​ចាប់​លោក​ប្រគល់​ទៅ​ឲ្យ​អភិបាល​រ៉ូម។ ហេតុ​នេះ ពួក​គេ​បាន​ឲ្យ​ប្រាក់​ទៅ​ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​ពួក​គេ ដើម្បី​ឲ្យ​ទៅ​បញ្ឆោត​លោក​យេស៊ូ។—លូកា ៦:៧

      រួច​មក អ្នក​ទាំង​នោះ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​និង​បង្រៀន​ត្រឹម​ត្រូវ ក៏​មិន​រើស​មុខ​អ្នក​ណា​ឡើយ តែ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ តើ​មាន​ច្បាប់​ឲ្យ​យើង​បង់​ពន្ធ​ជូន​សេសារ​ឬ​ទេ?​»។ (​លូកា ២០:២១, ២២​) លោក​យេស៊ូ​មិន​បាន​ចាញ់​បោក​ពាក្យ​បញ្ជោរ​របស់​ពួក​គេ​ទេ ពី​ព្រោះ​លោក​ជ្រាប​ថា​ពួក​គេ​ជា​មនុស្ស​លាក់​ពុត​និង​មាន​ឧបាយ​កល។ ប្រសិន​បើ​លោក​មាន​ប្រសាសន៍​ថា ‹ទេ មិន​ត្រូវ​បង់​ពន្ធ​ទេ› នោះ​លោក​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​រ៉ូម។ ផ្ទុយ​ទៅ​វិញ បើ​លោក​មាន​ប្រសាសន៍​ថា ‹មែន​ហើយ ត្រូវ​តែ​បង់​ពន្ធ› នោះ​បណ្ដា​ជន​ដែល​ស្អប់​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​រ៉ូម អាច​យល់​ច្រឡំ​ហើយ​ចាប់​ផ្ដើម​ប្រឆាំង​លោក។ ដូច្នេះ តើ​លោក​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

      លោក​យេស៊ូ​ឆ្លើយ​តប​ទៅ​ពួក​គេ​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ចូរ​យក​កាក់​សម្រាប់​បង់​ពន្ធដារ​មក​បង្ហាញ​ខ្ញុំ​»។ ពួក​គេ​យក​ប្រាក់​ឌីណារី​មួយ​មក​ជូន​លោក។ រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ប៉ិន​ប្រសប់​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—ម៉ាថាយ ២២:១៨​-​២១

      ពួក​គេ​កោត​ស្ងើច​ក្នុង​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​យេស៊ូ។ ការ​ឆ្លើយ​តប​យ៉ាង​ប៉ិន​ប្រសប់​របស់​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ងាត់​មាត់ រួច​ពួក​គេ​ក៏​ចាក​ចេញ​ទៅ។ ប៉ុន្តែ ថ្ងៃ​នោះ​មិន​ទាន់​ចប់​ទេ ហើយ​សត្រូវ​របស់​លោក​ក៏​មិន​បាន​ឈប់​ព្យាយាម​បញ្ឆោត​លោក​ដែរ ពី​ព្រោះ​បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​របស់​ពួក​ផារិស៊ី​បាន​បរាជ័យ ពួក​អ្នក​ដឹក​នាំ​សាសនា​មួយ​ក្រុម​ទៀត​បាន​មក​ជួប​លោក​យេស៊ូ។

      ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​សួរ​សំណួរ​មួយ​ដែល​ទាក់​ទង​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​ការ​រៀប​ការ​ជា​មួយ​នឹង​បុរស​ដែល​ជា​សាច់​ថ្លៃ។ ពួក​គេ​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ ម៉ូសេ​បាន​ប្រាប់​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន បង​ឬ​ប្អូន​ប្រុស​របស់​បុរស​នោះ ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​បុរស​នោះ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​គាត់›។ ក្នុង​ចំណោម​យើង​ធ្លាប់​មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់។ បង​ច្បង​បាន​រៀប​ការ រួច​មក​បាន​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ ហើយ​ប្អូន​បន្ទាប់​បាន​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​គាត់។ ក្រោយ​ពី​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ប្អូន​បន្ទាប់​ក៏​បាន​ស្លាប់ តែ​គ្មាន​កូន​ដែរ។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ពៅ​ក៏​ដូច្នេះ​ដែរ។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​បាន​ស្លាប់​ទៅ​ដែរ។ ដូច្នេះ ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ក្នុង​ចំណោម​បង​ប្អូន​ប្រាំ​ពីរ​នាក់​នោះ​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ពួក​គេ​ទាំង​អស់ បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។—ម៉ាថាយ ២២:២៤​-​២៨

      លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​សាឌូស៊ី​ជឿ​អ្វី​ដែល​ម៉ូសេ​បាន​សរសេរ ហេតុ​នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​យល់​ខុស ពី​ព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ​ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។ ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។ ប៉ុន្តែ​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ? ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›។ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​»។ (​ម៉ាកុស ១២:២៤​-​២៧; និក្ខមនំ ៣:១​-​៦​) ពួក​បណ្ដា​ជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង​ចំពោះ​ចម្លើយ​របស់​លោក​យេស៊ូ។

      លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ស្ងាត់​មាត់។ ដូច្នេះ ឥឡូវ​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​បាន​ព្រួត​ដៃ​គ្នា​ដើម្បី​ល្បង​ល​លោក​បន្ថែម​ទៀត។ អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​សួរ​លោក​ថា​៖ ​«​លោក​គ្រូ ក្នុង​ច្បាប់ តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។—ម៉ាថាយ ២២:៣៦

      លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បញ្ញត្ដិ​ទី​មួយ​គឺ ‹ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់! ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ មាន​ព្រះ​យេហូវ៉ា​តែ​មួយ​ទេ ហើយ​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ› បញ្ញត្ដិ​ទី​ពីរ​គឺ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។ គ្មាន​បញ្ញត្ដិ​ណា​សំខាន់​ជាង​បញ្ញត្ដិ​ទាំង​នេះ​ឡើយ​»។—ម៉ាកុស ១២:២៩​-​៣១

      កាល​ដែល​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ឮ​ការ​តប​ឆ្លើយ​របស់​លោក​យេស៊ូ នោះ​គាត់​ក៏​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ និង​សម​ស្រប​តាម​សេចក្ដី​ពិត​ថា​៖ ‹មាន​ព្រះ​តែ​មួយ​ទេ ហើយ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ›។ ម្យ៉ាង​ទៀត បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ដួង​ចិត្ត និង​អស់​ពី​សមត្ថភាព​យល់​ដឹង ថែម​ទាំង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​មាន​តម្លៃ​ជាង​សត្វ​ដែល​គេ​ដុត​ជា​គ្រឿង​បូជា​និង​គ្រឿង​បូជា​ឯ​ទៀត​ទាំង​អស់​»។ ឮ​ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​គាត់​បាន​ឆ្លើយ​ដោយ​ប្រាជ្ញា ហេតុ​នេះ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​នៅ​មិន​ឆ្ងាយ​ពី​រាជាណាចក្រ​របស់​ព្រះ​ទេ​»។—ម៉ាកុស ១២:៣២​-​៣៤

      លោក​យេស៊ូ​បាន​បង្រៀន​នៅ​ឯ​វិហារ​អស់​បី​ថ្ងៃ​ហើយ (​ថ្ងៃ​ទី​៩ ទី​១០ និង​ទី​១១ ខែ​ណែសាន​)។ មនុស្ស​ខ្លះ​ដែល​រួម​មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​នេះ បាន​រីក​រាយ​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​គឺ​មិន​រីក​រាយ​សោះ ហើយ​ឥឡូវ​នេះ​ពួក​គេ​មិន​«​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ឡើយ​»។

      • តើ​ពួក​ផារិស៊ី​បាន​ធ្វើ​អ្វី​ដើម្បី​បញ្ឆោត​លោក​យេស៊ូ ហើយ​តើ​មាន​លទ្ធផល​បែប​ណា?

      • ពេល​ដែល​ពួក​សាឌូស៊ី​ព្យាយាម​បញ្ឆោត​លោក​យេស៊ូ តើ​តាម​របៀប​ណា​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ?

      • តើ​លោក​យេស៊ូ​បញ្ជាក់​អំពី​ចំណុច​ដ៏​សំខាន់​អ្វី​ពេល​ដែល​លោក​ឆ្លើយ​តប​នឹង​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់?

  • លោកយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំង
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូបកអាក្រាតពួកអ្នកដឹកនាំសាសនាដែលប្រឆាំងលោក

      ជំពូក​ទី​១០៩

      លោក​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​អ្នក​ប្រឆាំង

      ម៉ាថាយ ២២:៤១–២៣:២៤ ម៉ាកុស ១២:៣៥​-​៤០ លូកា ២០:៤១​-​៤៧

      • តើ​គ្រិស្ត​ជា​បុត្រ​របស់​អ្នក​ណា?

      • លោក​យេស៊ូ​បក​អាក្រាត​មនុស្ស​មាន​ពុត​ដែល​ប្រឆាំង​លោក

      ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ប្រឆាំង​លោក​យេស៊ូ​បាន​បរាជ័យ​ក្នុង​ការ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​លោក ហើយ​ពួក​គេ​ក៏​មិន​អាច​បញ្ឆោត​លោក​ដើម្បី​ចាប់​លោក​ប្រគល់​ទៅ​ឲ្យ​ពួក​អាជ្ញាធរ​រ៉ូម​ដែរ។ (​លូកា ២០:២០​) នៅ​ថ្ងៃ​ទី​១១ ខែ​ណែសាន កាល​ដែល​លោក​យេស៊ូ​នៅ​ឯ​វិហារ​នៅ​ឡើយ លោក​បាន​សួរ​ពួក​អ្នក​ប្រឆាំង​លោក​វិញ ហើយ​លោក​ក៏​បង្ហាញ​អត្តសញ្ញាណ​ពិត​របស់​លោក​ដែរ។ លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច​អំពី​គ្រិស្ត? តើ​លោក​ជា​បុត្រ​របស់​អ្នក​ណា?​»។ (​ម៉ាថាយ ២២:៤២​) បណ្ដា​ជន​ជា​ទូ​ទៅ​ដឹង​ថា​គ្រិស្ត​ឬ​មេស្ស៊ី​នឹង​មក​តាម​វង្ស​ត្រកូល​របស់​ដាវីឌ។ ហេតុ​នេះ ពួក​អ្នក​ប្រឆាំង​លោក​បាន​ឆ្លើយ​ដូច្នេះ​មែន។—ម៉ាថាយ ៩:២៧; ១២:២៣; យ៉ូហាន ៧:៤២

      រួច​មក លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​សកម្មពល​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​ដាវីឌ​ហៅ​លោក​ថា‹ម្ចាស់› ពេល​គាត់​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›? ដូច្នេះ ប្រសិន​បើ​ដាវីឌ​ហៅ​លោក​ថា‹ម្ចាស់› នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។—ម៉ាថាយ ២២:៤៣​-​៤៥

      ពួក​ផារិស៊ី​នៅ​ស្ងៀម​ពី​ព្រោះ​ពួក​គេ​សង្ឃឹម​ថា​កូន​ចៅ​របស់​ដាវីឌ ទំនង​ជា​អាច​រំដោះ​ពួក​គេ​ពី​ការ​ជិះ​ជាន់​របស់​រដ្ឋាភិបាល​រ៉ូម។ ប៉ុន្តែ លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​ដាវីឌ​ដែល​បាន​ត្រូវ​ចែង​ទុក​ក្នុង ទំនុក​តម្កើង ១១០:១, ២ ហើយ​លោក​បញ្ជាក់​ថា​មេស្ស៊ី​មិន​ដូច​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ដែល​ជា​មនុស្ស​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​មេស្ស៊ី​គឺ​ជា​ម្ចាស់​របស់​ដាវីឌ ហើយ​ក្រោយ​ពី​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​របស់​ព្រះ នោះ​មេស្ស៊ី​នឹង​ចាប់​ផ្ដើម​ប្រើ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ ចម្លើយ​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​លោក​នៅ​ស្ងៀម។

      នៅ​ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​និង​បណ្ដា​ជន​ជា​ច្រើន​ទៀត​ក៏​កំពុង​ស្ដាប់​លោក​ដែរ។ ឥឡូវ លោក​យេស៊ូ​ព្រមាន​ពួក​គេ​អំពី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី ដោយ​មាន​ប្រសាសន៍​ថា ពួក​បុរស​ទាំង​នោះ​«​បាន​តាំង​ខ្លួន​អង្គុយ​នៅ​កន្លែង​របស់​ម៉ូសេ​»​ដើម្បី​បង្រៀន​ច្បាប់​របស់​ព្រះ។ រួច​លោក​យេស៊ូ​បង្គាប់​ពួក​អ្នក​ស្ដាប់​លោក​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ប្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ហើយ​កាន់​តាម​ចុះ ប៉ុន្តែ​កុំ​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឡើយ ពី​ព្រោះ​ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ប្រាប់​នោះ​ទេ​»។—ម៉ាថាយ ២៣:២, ៣

      បន្ទាប់​មក លោក​យេស៊ូ​លើក​ចំណុច​ខ្លះ​ដើម្បី​បញ្ជាក់​អំពី​ពុត​ត្បុត​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ ដែល​ពួក​គេ​ពាក់​ជា​គ្រឿង​ការពារ​នោះ ពួក​គេ​យក​មក​ពង្រីក​ឲ្យ​ធំ​»។ ជន​ជាតិ​យូដា​ខ្លះ​ពាក់​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ​ពី​ច្បាប់​ម៉ូសេ​នៅ​លើ​ថ្ងាស ឬ​លើ​ដៃ។ ប៉ុន្តែ ពួក​ផារិស៊ី​ពង្រីក​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ​នោះ ដើម្បី​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​ធ្វើ​តាម​ច្បាប់​ម៉ូសេ​យ៉ាង​ខ្នះ​ខ្នែង។ បន្ថែម​ទៀត ពួក​គេ​«​ធ្វើ​ឲ្យ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ​វែង​»។ នៅ​សម័យ​បុរាណ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ ប៉ុន្តែ​ពួក​ផារិស៊ី​បាន​ធ្វើ​ឲ្យ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ​វែង​ជាង។ (​ជន​គណនា ១៥:៣៨​-​៤០​) ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច្នេះ? ពី​ព្រោះ​ពួក​គេ​ធ្វើ​អ្វី​ៗ​ទាំង​អស់​«​គឺ​ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​»។—ម៉ាថាយ ២៣:៥

      សូម្បី​តែ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​អាច​ទទួល​ឥទ្ធិពល​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា ហើយ​មាន​បំណង​ប្រាថ្នា​ចង់​បាន​មុខ​មាត់​ដែរ។ ដូច្នេះ លោក​យេស៊ូ​ឲ្យ​ឱវាទ​ទៅ​ពួក​គាត់​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ហៅ​ថា​រ៉ាប៊ី​ឡើយ ពី​ព្រោះ​អ្នក​មាន​គ្រូ​តែ​មួយ​ទេ ហើយ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា។ ម្យ៉ាង​ទៀត កុំ​ហៅ​អ្នក​ណា​នៅ​ផែន​ដី​ថា​បិតា​ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​មាន​តែ​មួយ​ទេ ហើយ​លោក​ស្ថិត​នៅ​ស្ថាន​សួគ៌។ អ្នក​ក៏​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ហៅ​ថា‹អ្នក​ដឹក​នាំ›ដែរ ពី​ព្រោះ​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត​»។ ដូច្នេះ តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន ហើយ​តើ​ពួក​គាត់​គួរ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ។ អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។—ម៉ាថាយ ២៣:៨​-​១២

      បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​អំពី​សេចក្ដី​វេទនា​មួយ​ចំនួន​ដែល​នឹង​មាន​មក​លើ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ដែល​ជា​មនុស្ស​មាន​ពុត។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​បិទ​ទ្វារ​រាជាណាចក្រ​ស្ថាន​សួគ៌​នៅ​មុខ​មនុស្ស។ អ្នក​រាល់​គ្នា​មិន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល ក៏​អ្នក​មិន​ឲ្យ​ចូល​ដែរ​»។—ម៉ាថាយ ២៣:១៣

      រួច​មក លោក​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ផារិស៊ី​ដោយ​សារ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​សំខាន់​ជាង​ស្រប​តាម​ទស្សនៈ​របស់​ព្រះ។ ពួក​គេ​ធ្វើ​ដូច្នេះ​នៅ​ពេល​ដែល​ពួក​គេ​បន្ថែម​បន្ថយ​ច្បាប់​របស់​ព្រះ​ដោយ​គ្មាន​មូលដ្ឋាន​សោះ។ ជា​ឧទាហរណ៍ ពួក​គេ​និយាយថា​៖ ​«​បើ​អ្នក​ណា​ស្បថ​ដោយ​យក​វិហារ​ជា​សាក្សី ហើយ​មិន​ធ្វើ​តាម​សម្បថ នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ តែ​អ្នក​ណា​ដែល​ស្បថ​ដោយ​យក​មាស​របស់​វិហារ​ជា​សាក្សី អ្នក​នោះ​ត្រូវ​ធ្វើ​តាម​សម្បថ​»។ ហេតុ​នេះ ពួក​គេ​បង្ហាញ​ថា​ពួក​គេ​មិន​យល់​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​ទេ ពី​ព្រោះ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​មាស​របស់​វិហារ​ជាង​ឲ្យ​តម្លៃ​ទៅ​លើ​វិហារ​ដែល​ជា​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ក៏​ជា​កន្លែង​ដែល​ពួក​គេ​អាច​ចូល​ទៅ​ជិត​លោក​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​«​មិន​អើពើ​ចំពោះ​គោល​ការណ៍​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់ គឺ​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​ស្មោះ​ត្រង់​»។—ម៉ាថាយ ២៣:១៦, ២៣; លូកា ១១:៤២

      ស្តី​អំពី​ពួក​ផារិស៊ី​ទាំង​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​អើយ! អ្នក​រាល់​គ្នា​ត្រង​សត្វ​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ!​»។ (​ម៉ាថាយ ២៣:២៤​) ពួក​គេ​ត្រង​សត្វ​សុច​ចេញ​ពី​ស្រា​របស់​ពួក​គេ ពី​ព្រោះ​សត្វ​សុច​គឺ​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ម៉ូសេ។ ប៉ុន្តែ ការ​ដែល​ពួក​គេ​មិន​អើពើ​ចំពោះ​គោល​ការណ៍​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់ នោះ​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​លេប​សត្វ​អូដ្ឋ​ដែល​ជា​សត្វ​ធំ​ជាង​សត្វ​សុច​ឆ្ងាយ​ណាស់ ហើយ​ក៏​ជា​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ​ដែរ។—លេវីវិន័យ ១១:៤, ២១​-​២៤

      • ពេល​លោក​យេស៊ូ​សួរ​ពួក​ផារិស៊ី​អំពី​អ្វី​ដែល​ដាវីឌ​បាន​និយាយ​ក្នុង​ទំនុក​តម្កើង ទំនុក​ទី​១១០ ហេតុ​អ្វី​ពួក​គេ​នៅ​ស្ងៀម?

      • ហេតុ​អ្វី​ពួក​ផារិស៊ី​ពង្រីក​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ ហើយ​ធ្វើ​ឲ្យ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ​វែង?

      • តើ​លោក​យេស៊ូ​ឲ្យ​ការ​ណែនាំ​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​លោក?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក