បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ ធ្នូ
    • យើង​នឹង​ដើរ​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង

      ​«យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត [ឬ​«ដើរ»​, ព.ថ.]តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​តទៅ​វិញ»។—មីកា ៤:៥

      ១​. តើ​មាន​ស្ថានភាព​អ្វី​ខាង​សីលធម៌​នៅ​ជំនាន់​ណូអេ? តើ​ណូអេ​មាន​លក្ខណៈ​ខុស​ពី​លោកីយ៍​នោះ​យ៉ាង​ណា?

      លោក​ហេណុក​ជា​មនុស្ស​ទីមួយ​ដែល​ព្រះគម្ពីរ​ពណ៌នា​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ។ លោក​ណូអេ​ជា​មនុស្ស​ទីពីរ​ដែល​ត្រូវ​ហៅ​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ទ្រង់។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ប្រាប់​យើង​ថា៖ «ណូអេ . . . ជា​អ្នក​សុចរិត​ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន។ គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ»។ (លោកុប្បត្តិ ៦:៩) នៅ​ជំនាន់​ណូអេ​នោះ មនុស្ស​ទូទៅ​បាន​បែរ​ចេញ​ពី​ការ​ថ្វាយបង្គំ​បរិសុទ្ធ។ ស្ថានភាព​នៅ​សម័យ​នោះ​បាន​អាប់ឱន​កាន់តែ​អាក្រក់​ឡើងៗ​ដោយសារ​ទេវតា​មិន​ស្មោះ​ភក្ដី​ខ្លះ​បាន​រួម​ដំណេក​ខុស​ច្បាប់​ទម្លាប់​ជា​មួយ​នឹង​មនុស្ស​ស្រី ហើយ​បាន​បង្កើត​កូន​ដែល​ហៅ​ថា​នីហ្វីលីម គឺ«មនុស្ស​ខ្លាំង​ពូកែ»ដែល​«ជា​មនុស្ស​មាន​ល្បី​ឈ្មោះ»នៅ​សម័យ​នោះ។ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​មាន​អំពើ​ឃោរឃៅ​ពេញ​ផែនដី​នា​ពេល​នោះ! (លោកុប្បត្តិ ៦:២, ៤, ១១) យ៉ាង​ណា​ក៏​ដោយ ណូអេ​នៅ​តែ​បាន​បង្ហាញ​លក្ខណៈ​ជា​មនុស្ស​គ្រប់​លក្ខណ៍ ហើយ«ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត»។ (ពេត្រុសទី២ ២:៥) ពេល​ដែល​ព្រះ​បង្គាប់​ឲ្យ​លោក​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ណូអេ​បាន​ស្ដាប់​បង្គាប់​ហើយ«ក៏​ធ្វើ​ដូច្នោះ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់»។ (លោកុប្បត្តិ ៦:២២) ពិត​ណាស់ ណូអេ​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​មែន។

      ២, ៣​. តើ​ណូអេ​តាំង​គំរូ​ល្អ​អ្វី​សំរាប់​យើង​នៅ​សព្វថ្ងៃ​នេះ?

      ២ ប៉ុល​បាន​កត់​ឈ្មោះ​ណូអេ​ក្នុង​បញ្ជី​ឈ្មោះ​ស្មរបន្ទាល់​ស្មោះភក្ដី​ទាំង​ប៉ុន្មាន ហើយ​សរសេរ​ថា៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ​ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោតខ្លាច​បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត​ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ​ទុក​ជា​មរដក​ដែរ»។ (ហេព្រើរ ១១:៧) ណូអេ​ជា​គំរូ​ដ៏​អស្ចារ្យ​មែន! ណូអេ​មាន​ទំនុក​ចិត្ត​ថា​បន្ទូល​របស់​ព្រះ​នឹង​សម្រេច​ជា​មិន​ខាន ដល់​ម្ល៉េះ​បាន​ជា​លោក​ចំណាយ​ពេល កម្លាំង​និង​ធនធាន​ជា​ច្រើន​ក្នុង​ការ​បំពេញ​តាម​បទបញ្ជា​របស់​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លះបង់​ឱកាស​រីកចំរើន​ក្នុង​លោកីយ៍​នេះ ហើយ​ចំណាយ​ពេល កម្លាំង​និង​ធនធាន​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ គួរ​គប្បី​ឲ្យ​យើង​កត់​សម្គាល់​ជំនឿ​របស់​បងប្អូន​បែប​នេះ ដ្បិត​ជំនឿ​នោះ​នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ​ក៏​នឹង​ជួយ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។—លូកា ១៦:៩; ធីម៉ូថេទី១ ៤:១៦

      ៣ ដូច​យើង​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​មុន​នេះ ជីទួត​របស់​ណូអេ ឈ្មោះ​ហេណុក បាន​រងទុក្ខ​លំបាក​ពេល​បាន​អនុវត្ត​តាម​ជំនឿ​របស់​ខ្លួន។ ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​ក៏​ច្បាស់​ជា​បាន​រងទុក្ខ​ផង​ដែរ ពេល​អនុវត្ត​តាម​ជំនឿ​របស់​ខ្លួន។ សម័យ​របស់​ណូអេ​មាន​លក្ខណៈ​ស្រដៀង​នឹង​សម័យ​ហេណុក​ត្រង់​ចំណុច​ថា មាន​អ្នក​ថ្វាយបង្គំ​ពិត​ចំនួន​តិច​ទេ ពោល​គឺ​ប្រាំបី​នាក់​បាន​បង្ហាញ​ចិត្ត​ស្មោះភក្ដី​ហើយ​បាន​រួចរស់​ជីវិត​ពី​ទឹក​ជំនន់។ ណូអេ​បាន​ផ្សព្វផ្សាយ​អំពី​ភាព​សុចរិត​ក្នុង​កំឡុង​គ្រា​ដ៏​ឃោរឃៅ​ដែល​ពេញ​ទៅ​ដោយ​អំពើ​អនាចារ។ ម្យ៉ាង​ទៀត ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​បាន​កសាង​ទូក​ឈើ​ធំ​មួយ ដើម្បី​ត្រៀម​ខ្លួន​សំរាប់​ទឹក​ជំនន់​ដែល​ត្រូវ​លិច​ពិភពលោក​ទាំង​មូល​នោះ ទោះ​ជា​គ្មាន​នរណា​ធ្លាប់​ឃើញ​ទឹកជន់​លិច​ផែនដី​ពី​មុន​ក្ដី។ ដូច្នេះ ពេល​មនុស្ស​ដទៃ​ឃើញ​ពួក​គាត់​សង់​ទូក​ធំ​នោះ ពួក​គេ​ច្បាស់​ជា​ចាត់​ទុក​កិច្ចការ​នោះ​ជា​ការ​ចម្លែក​មែន។

      ៤​. តើ​ព្រះ​យេស៊ូ​បញ្ជាក់​ថា​មនុស្ស​នៅ​សម័យ​ណូអេ​មាន​កំហុស​អ្វី?

      ៤ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សម័យ​លោក​ណូអេ​នោះ ទ្រង់​មិន​បាន​សំដៅ​ទៅ​លើ​អំពើ​ឃោរឃៅ សាសនា​មិន​ពិត​ឬ​អំពើ​អនាចារ​នោះ​ទេ ទោះ​ជា​ការ​ទាំង​នោះ​ជា​ការ​អាក្រក់​ណាស់​ណា​ក៏​ដោយ។ កំហុស​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះគឺ ការ​មិន​ព្រម​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ព្រមាន​ដែល​ត្រូវ​ជូន​ចំពោះ​ពួក​បណ្ដាជន​នា​សម័យ​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​គេ​បាន«ស៊ី​ផឹក​ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ»។ តើ​ការ​ស៊ីផឹក​និង​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​អំពើ​ខុស​ឆ្គង​ឬ​ទេ? តាម​ពិត ពួក​គេ​មាន​របៀប​រស់​នៅ​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​ការ​ធម្មតា​វិញ! ប៉ុន្តែ ទឹក​ជំនន់​មួយ​ហៀប​នឹង​មក​ដល់ ហើយ​ណូអេ​បាន​ផ្សព្វផ្សាយ​អំពី​ការ​សុចរិត​វិញ។ ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​ណូអេ​គួរ​ធ្វើ​ជា​ការ​ព្រមាន​ដល់​មហា​ជន​ទាំង​នោះ។ យ៉ាង​ណា​ក៏​ដោយ ពួក«គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់តែ​ទឹក​ជន់​ឡើង​យក​គេ​ទៅ​ទាំង​អស់​គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩

      ៥​. តើ​ណូអេ​និង​ក្រុមគ្រួសារ​របស់​លោក​ត្រូវ​មាន​គុណសម្បត្ដិ​បែប​ណា​ខ្លះ?

      ៥ ពេល​ដែល​យើង​គិត​ពិចារណា​អំពី​សម័យ​នោះ យើង​ទទួល​ស្គាល់​ថា ណូអេ​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​មែន។ ក៏​ប៉ុន្តែ ក្នុង​កំឡុង​គ្រា​មុន​ទឹក​ជំនន់​នោះ ពួក​គាត់​ត្រូវ​មាន​ចិត្ត​ក្លាហាន​ទើប​អាច​ញែក​ខ្លួន​ដោយ​ឡែក​ពី​មនុស្ស​ដទៃ។ ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​មាន​ជំនឿ​ស៊ប់​មែន ទើប​សុខ​ចិត្ត​កសាង​ទូក​ធំ​មួយ​ទាំង​ប្រមូល​ពួក​សត្វ​ទាំង​ឡាយ​ឲ្យ​ចូល​ទៅ​ក្នុង​ទូក​នោះ។ ក្នុង​ចំណោម​ប៉ុន្មាន​នាក់​នោះ​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី តើ​នរណា​ម្នាក់​មាន​អារម្មណ៍​ម្ដងម្កាល​ថា មាន​ចិត្ត​ចង់​រស់​នៅ​បែប​ធម្មតា​វិញ ដោយ​មិន​ចង់​មាន​ភាព​ខុស​ប្លែក​ពី​គេ​ឯង​ឬ​ទេ? ទោះ​បើ​គាត់​ម្នាក់ៗ​ប្រហែល​ជា​ធ្លាប់​មាន​គំនិត​បែប​នោះ​ក្ដី ពួក​គាត់​ក៏​មិន​បាន​លះបង់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ឡើយ។ ជា​យូរ​ឆ្នាំ​ក្រោយ​មក ដែល​ច្រើន​ជាង​ឆ្ងាយ​ណាស់​នូវ​រយៈ​ពេល​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ក្នុង​របប​លោកីយ៍​នេះ ជំនឿ​របស់​ណូអេ​បាន​នាំ​ឲ្យ​គាត់​ទទួល​សេចក្ដី​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ទឹក​ជំនន់។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​កាត់ក្ដី​លើ​អស់​អ្នក​ដែល​ចេះ​តែ​មាន​របៀប​រស់​នៅ​បែប​ធម្មតា​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារៈ​សំខាន់​នៃ​គ្រា​ដែល​ពួក​គេ​កំពុង​តែ​រស់​នៅ។

  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ ធ្នូ
    • យើង​យកចិត្ត​ទុកដាក់​ស្ដាប់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា

      ៩​. តើ​លោកីយ៍​សព្វថ្ងៃ​នេះ​និង​ស្ថានភាព​ក្នុង​ពិភពលោក​មុន​ទឹក​ជំនន់​នោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ណាខ្លះ?

      ៩ នៅ​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​លោកីយ៍​នោះ​ចោល​ដោយសារ​អំពើ​ឃោរឃៅ​ច្រើន​ដល់​ម្ល៉េះ​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​អាក្រក់​ដែល​មាន​ពួក​នីហ្វីលីម​ញុះញង់។ ចុះ​យ៉ាង​ណា​នៅ​សព្វថ្ងៃ​នេះ? តើ​លោកីយ៍​នេះ​ប្រព្រឹត្ត​អំពើ​ហិង្សា​តិច​ជាង​សម័យ​ណូអេ​ឬ​ទេ? មិន​តិច​ជាង​នោះ​ទេ! ម្យ៉ាង​ទៀត ដូច​សម័យ​លោក​ណូអេ​នោះ មនុស្ស​ចេះ​តែ​រវល់​ក្នុង​ការ​រស់​នៅ​បែប​ដែល​គេ​ចាត់ទុក​ជា​ជីវភាព​រស់​នៅ​ធម្មតា តែ​មិន​ព្រម​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ព្រមាន​ដែល​កំពុង​ប្រកាស​ប្រាប់។ (លូកា ១៧:២៦, ២៧) បើ​ដូច្នេះ តើ​មាន​ហេតុ​សង្ស័យ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​ចោល​លោកីយ៍​ម្ដង​ទៀត​ឬ​ទេ? គ្មាន​ហេតុ​សង្ស័យ​សោះ​ឡើយ។

      ១០​. (ក) តើ​ទំនាយ​នីមួយៗ​ក្នុង​ព្រះ​គម្ពីរ​ផ្ដល់​ការ​ព្រមាន​អ្វី? (ខ) នៅ​សព្វថ្ងៃ​នេះ តើ​យើង​គួរ​ធ្វើ​អ្វី?

      ១០ រាប់​រយ​ឆ្នាំ​មុន​ទឹក​ជំនន់​នោះ ហេណុក​បាន​ទាយ​ថា​សេចក្ដី​ហិនវិនាស​ត្រូវ​កើត​មាន​ឡើង​នៅ​សម័យ​យើង​នេះ។ (យូដាស ១៤, ១៥) ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​អំពី«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»ដែល​ត្រូវ​កើត​មាន​ឡើង។ (ម៉ាថាយ ២៤:២១) ព្យាការី​ឯ​ទៀត​ក៏​បាន​ព្រមាន​អំពី​គ្រា​វេទនា​នោះ​ដែរ។ (អេសេគាល ៣៨:១៨​-​២៣; ដានីយ៉ែល ១២:១; យ៉ូអែល ២:៣១, ៣២) ហើយ​ក្នុង​សៀវភៅ​វិវរណៈ យើង​អាន​នូវ​ការ​ពណ៌នា​ដ៏​រស់​រវើក​មួយ​អំពី​សេចក្ដី​ហិនវិនាស​នា​ពេល​ចុង​បង្អស់​នោះ។ (វិវរណៈ ១៩:១១​-​២១) យើង​ម្នាក់ៗ​យក​តម្រាប់​តាម​គំរូ​របស់​ណូអេ ហើយ​មាន​សកម្មភាព​ជា​អ្នក​ប្រកាស​ប្រាប់​អំពី​សេចក្ដី​សុចរិត។ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​អ្នកជិតខាង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ យ៉ាង​នេះ យើង​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ​ដូច​ណូអេ​ដែរ។ ប្រាកដ​ហើយ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ជានិច្ច​ពិត​ជា​ចាំបាច់​ណាស់​ចំពោះ​អស់​អ្នក​ដែល​ចង់​រស់​នៅ​ជា​និរន្តរ៍។ បើ​គិត​អំពី​ការ​បង្ខិត​បង្ខំ​ផ្សេងៗ​ដែល​យើង​ជួប​ប្រទះ​រាល់ថ្ងៃ តើ​យើង​អាច​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន? យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​មុតមាំ​ទៅ​លើ​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។—ហេព្រើរ ១១:៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក