បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្វីនឹងជួយអ្នកឲ្យបន្តរៀនគម្ពីរ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • មេរៀនទី១២។ ម្ដាយដែលមានកូនពីរនាក់កំពុងរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ាម្នាក់។

      មេ​រៀន​ទី​១២

      តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​រៀន​គម្ពីរ?

      ពេល​អ្នក​រៀន​គម្ពីរ​គឺ​ប្រៀប​ដូច​ជា​អ្នក​កំពុង​ទទួល​រង្វាន់។ ប៉ុន្តែ ការ​រៀន​គម្ពីរ​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ ជួន​កាល អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​អ្នក​គួរ​បន្ត​រៀន​គម្ពីរ​ទៀត​ឬ​ក៏​ឈប់។ បើ​អ្នក​ខំ​បន្ត​រៀន​គម្ពីរ តើ​អ្នក​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? ពេល​អ្នក​ជួប​ការ​ពិបាក តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រៀន​គម្ពីរ?

      ១. ហេតុ​អ្វី​ការ​រៀន​គម្ពីរ​គឺ​មាន​តម្លៃ​ខ្លាំង​ម្ល៉េះ?

      គម្ពីរ​ចែង​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។ (​ហេប្រឺ ៤:១២​) គម្ពីរ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះ​គម្ពីរ​ប្រាប់​អំពី​គំនិត​របស់​ព្រះ និង​អារម្មណ៍​ដែល​លោក​មាន​ចំពោះ​អ្នក។ គម្ពីរ​មិន​គ្រាន់​តែ​ជួយ​អ្នក​ឲ្យ​មាន​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​អ្នក​ឲ្យ​មាន​ប្រាជ្ញា​និង​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ដែរ។ សំខាន់​បំផុត គម្ពីរ​ជួយ​អ្នក​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ ពេល​អ្នក​រៀន​គម្ពីរ អ្នក​កំពុង​ឲ្យ​ឫទ្ធានុភាព​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​ល្អ​មក​លើ​ជីវិត​អ្នក។

      ២. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ទទួល​ស្គាល់​តម្លៃ​នៃ​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

      សេចក្ដី​ពិត​ក្នុង​គម្ពីរ​គឺ​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ទិញ​សេចក្ដី​ពិត កុំ​លក់​វិញ​ជា​ដាច់​ខាត​»។ (​សុភាសិត ២៣:២៣​) ពេល​យើង​ចាំ​ជា​និច្ច​អំពី​តម្លៃ​នៃ​សេចក្ដី​ពិត​ក្នុង​គម្ពីរ នោះ​យើង​នឹង​ខំ​បន្ត​រៀន​គម្ពីរ ទោះ​ជា​យើង​ជួប​ឧបសគ្គ​ណា​ក៏​ដោយ។​—សូម​អាន សុភាសិត ២:​៤, ៥

      ៣. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រៀន​គម្ពីរ?

      ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក និង​ជា​មិត្ត​របស់​អ្នក នោះ​លោក​ចង់​ជួយ​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​លោក​ដើម្បី​ស្គាល់​លោក​ច្បាស់​ជាង ដោយ​ធ្វើ​ឲ្យ​អ្នក​«​មាន​បំណង​ប្រាថ្នា​»​ចង់​រៀន​អំពី​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​អាច​ជួយ​អ្នក​ឲ្យ​«​មាន​ការ​ប្រព្រឹត្ត​»​ស្រប​តាម​បំណង​ប្រាថ្នា​នោះ​ដែរ។ (​សូម​អាន ភីលីព ២:១៣​) ពេល​ខ្លះ បើ​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ដើម្បី​រៀន​គម្ពីរ ឬ​ធ្វើ​តាម​អ្វី​ដែល​អ្នក​កំពុង​រៀន នោះ​លោក​អាច​ជួយ​អ្នក​បាន។ ម្យ៉ាង​ទៀត បើ​អ្នក​ត្រូវ​ការ​កម្លាំង​បន្ថែម​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ឬ​ការ​ប្រឆាំង នោះ​លោក​អាច​ផ្ដល់​កម្លាំង​ឲ្យ​អ្នក។ សូម​អធិដ្ឋាន​ជា​ទៀង​ទាត់​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​អ្នក​បន្ត​រៀន​គម្ពីរ។​—ថែស្សាឡូនិច​ទី​១ ៥:១៧

      បង្កើន​ចំណេះ

      សូម​រៀន​អំពី​របៀប​ដែល​អ្នក​អាច​បន្ត​រៀន​គម្ពីរ ទោះ​ជា​អ្នក​រវល់​ឬ​មាន​ការ​ប្រឆាំង​ពី​អ្នក​ឯ​ទៀត​ក៏​ដោយ។ រួច​មក សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ត​ស៊ូ​រៀន​គម្ពីរ។

      ៤. សូម​បង្ហាញ​ថា​ការ​រៀន​គម្ពីរ​ជា​អ្វី​ដែល​សំខាន់​ណាស់​ចំពោះ​អ្នក

      ជួន​កាល​ជីវិត​យើង​គឺ​រវល់​ខ្លាំង​ណាស់ រហូត​ដល់​យើង​គ្មាន​ពេល​ដើម្បី​រៀន​គម្ពីរ​ទេ។ ប៉ុន្តែ តើ​អ្វី​អាច​ជួយ​យើង​បាន? សូម​អាន ភីលីព ១:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​អ្នក​គិត​ថា​‹ការ​អ្វី​ខ្លះ​សំខាន់​ជាង›​ក្នុង​ជីវិត?

      • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ការ​រៀន​គម្ពីរ​គឺ​សំខាន់​ណាស់​ចំពោះ​អ្នក?

      ក. បណ្ដុំរូបភាព: រូបភាពអំពីការដាក់ខ្សាច់និងដាក់ថ្មក្នុងធុង។ ១. ខ្សាច់មួយពំនូកនិងថ្មមួយគំនរ។ ២. ធុងដែលមានខ្សាច់ជិតពេញ។ ៣. ថ្មធំៗនៅលើខ្សាច់និងសល់ថ្មខ្លះនៅខាងក្រៅធុង។ ខ. បណ្ដុំរូបភាព: ១. ខ្សាច់មួយពំនូកនិងថ្មមួយគំនរដដែល។ ២. ធុងដដែលដែលមានថ្មជិតពេញ។ ៣. ខ្សាច់លាយជាមួយនឹងថ្មនៅក្នុងធុង ហើយសល់ខ្សាច់បន្តិចបន្តួចនៅក្រៅធុង។
      1. ក. បើ​អ្នក​ដាក់​ខ្សាច់​ក្នុង​ធុង​មុន នោះ​អ្នក​មិន​អាច​ដាក់​ថ្ម​ទាំង​អស់​ចូល​ក្នុង​ធុង​បាន​ទេ

      2. ខ. បើ​អ្នក​ដាក់​ថ្ម​ក្នុង​ធុង​មុន នោះ​អ្នក​អាច​ដាក់​ខ្សាច់​ស្ទើរ​តែ​ទាំង​អស់​ចូល​ក្នុង​ធុង​បាន។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​ចាត់​ចែង​«​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​»​ជា​មុន​សិន នោះ​អ្នក​នឹង​អាច​សម្រេច​អ្វី​ៗ​ទាំង​នោះ​បាន ហើយ​អ្នក​មាន​ពេល​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ទៀត

      មនុស្ស​ទាំង​អស់​មាន​សេចក្ដី​ត្រូវ​ការ​មួយ គឺ​ត្រូវ​ការ​ស្គាល់​ព្រះ​និង​គោរព​ប្រណិប័តន៍​លោក។ ការ​សិក្សា​គម្ពីរ​គឺ​ជា​របៀប​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ។ សូម​អាន ម៉ាថាយ ៥:៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ពេល​យើង​ចាត់​ទុក​ការ​រៀន​គម្ពីរ​ជា​អ្វី​មួយ​ដ៏​សំខាន់ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

      ៥. ចូរ​តស៊ូ​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង

      ពេល​ខ្លះ​អ្នក​ឯ​ទៀត​ប្រហែល​ជា​ព្យាយាម​បំបាក់​ទឹក​ចិត្ត​អ្នក​មិន​ឲ្យ​រៀន​គម្ពីរ។ សូម​មើល​បទ​ពិសោធន៍​របស់​ហ្វ្រានឆេស្កូ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ពរ​ដែល​មក​ពី​ការ​ខំ​ត​ស៊ូ (​៥:២២​)

      ឈុតមួយពីវីដេអូ‹ពរដែលមកពីការខំតស៊ូ›។ ហ្វ្រានឆេស្កូដើរចេញពីមិត្តជិតស្និទ្ធរបស់គាត់ ក្រោយពីគាត់បានប្រាប់ពួកគេថាគាត់ឈប់សេពគប់ជាមួយពួកគេទៀតហើយ។
      • ក្នុង​វីដេអូ​នេះ តើ​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​របស់​ហ្វ្រានឆេស្កូ​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​គាត់​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​គាត់​កំពុង​រៀន?

      • តើ​ការ​ត​ស៊ូ​របស់​គាត់​នាំ​ឲ្យ​គាត់​ទទួល​ពរ​អ្វី​ខ្លះ?

      សូម​អាន ធីម៉ូថេ​ទី​២ ២:២៤, ២៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​អ្នក មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន?

      • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ពេល​អ្នក​ណា​ម្នាក់​មិន​សប្បាយ​ចិត្ត​ដោយ​សារ​អ្នក​រៀន​គម្ពីរ? ហេតុ​អ្វី?

      ៦. សូម​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​អ្នក

      កាល​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ក៏​ប៉ុន្តែ យើង​ប្រហែល​ជា​ពិបាក​កែ​ប្រែ​របៀប​រស់​នៅ​ឲ្យ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ដូច្នោះ សូម​កុំ​ឈប់​ព្យាយាម​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​កែ​ប្រែ​ជីវិត (​៣:៥៦​)

      • ក្នុង​វីដេអូ​នេះ តើ​ជីម​បាន​កែ​ប្រែ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

      • តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ​អំពី​គំរូ​របស់​គាត់?

      សូម​អាន ហេប្រឺ ១១:៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​អស់​អ្នក​ដែល​«​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត​»​ គឺ​អស់​អ្នក​ដែល​ខំ​ប្រឹង​ស្គាល់​លោក​និង​ខំ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត?

      • តើ​នេះ​ប្រាប់​អ្នក​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​លោក​ឃើញ​អ្នក​ខំ​ព្យាយាម​រៀន​គម្ពីរ?

      មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​រៀន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?​»។

      • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      សេចក្ដី​សង្ខេប

      ទោះ​ជា​ការ​រៀន​គម្ពីរ​មិន​តែង​តែ​ងាយ​ស្រួល​ក៏​ដោយ តែ​អាច​ជួយ​អ្នក​ឲ្យ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! សូម​បន្ត​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ផ្ដល់​ពរ​ដល់​អ្នក។

      រៀន​សា​ឡើង​វិញ

      • ហេតុ​អ្វី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​មាន​តម្លៃ​ចំពោះ​អ្នក?

      • តើ​តាម​របៀប​ណា​អ្នក​អាច​«​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»​?

      • ហេតុ​អ្វី​អ្នក​គួរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​រៀន​គម្ពីរ?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      សូម​ពិចារណា​វិធី​បួន​យ៉ាង​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ប្រើ​ពេល​វេលា​ដោយ​ឈ្លាស​វៃ។

      ​«​របៀប​ប្រើ​ពេល​វេលា​ដ៏​ឈ្លាស​វៃ​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​កុម្ភៈ ឆ្នាំ​២០១៤​)

      សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ស្ត្រី​ម្នាក់ ពេល​ប្ដី​នាង​មិន​យល់​អំពី​មូលហេតុ​ដែល​នាង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

      ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ត​ស៊ូ (៥:០៥)

      សូម​មើល​របៀប​ដែល​បុរស​ម្នាក់​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​ដោយ​សារ​ការ​ត​ស៊ូ​របស់​ប្រពន្ធ​គាត់។

      ខ្ញុំ​សាក​ល្បង​សេចក្ដី​ពិត (៦:៣០)

      ពេល​ខ្លះ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បំបែក​បំបាក់​ក្រុម​គ្រួសារ។ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ទេ?

      ​«​តើ​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​បំបែក​បំបាក់​ក្រុម​គ្រួសារ​ឬ​ជា​អ្នក​ពង្រឹង​ក្រុម​គ្រួសារ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

  • របៀបធ្វើការសម្រេចចិត្តល្អ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • មេរៀនទី៣៥។ ប្ដីម្នាក់កំពុងស្រាវជ្រាវរកឡានដែលគេផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ ទាំងមានប្រពន្ធនិងកូនមើលជាមួយគ្នាដែរ។

      មេ​រៀន​ទី​៣៥

      របៀប​ធ្វើ​ការសម្រេច​ចិត្ត​ល្អ

      យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ផ្សេង​ៗ​ក្នុង​ជីវិត។ ការសម្រេច​ចិត្ត​ជា​ច្រើន​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​មក​លើ​យើង និង​មក​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​អំពី​កន្លែង​រស់​នៅ អំពី​ការ​ងារ ឬ​អំពី​ការ​រៀប​ការ​ជា​ដើម។ ពេល​យើង​សម្រេច​ចិត្ត​ល្អ យើង​អាច​មាន​ជីវិត​ដ៏​សប្បាយ និង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

      ១. តើ​អ្នក​អាច​ប្រើ​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច?

      មុន​ពេល​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ពិចារណា​មើល​បទ​គម្ពីរ​ដើម្បី​ដឹង​ទស្សនៈ​របស់​លោក​អំពី​រឿង​នោះ។ (​សូម​អាន សុភាសិត ២:៣​-​៦​) ក្នុង​រឿង​ខ្លះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​ច្បាស់​លាស់។ បើ​មាន​បង្គាប់​ច្បាស់​លាស់ ការសម្រេច​ចិត្ត​ធ្វើ​តាម​បង្គាប់ គឺ​ជា​ជម្រើស​ល្អ​បំផុត។

      ចុះ​យ៉ាង​ណា​បើ​ក្នុង​គម្ពីរ​គ្មាន​បង្គាប់​ច្បាស់​លាស់? ព្រះ​យេហូវ៉ា​នៅ​តែ​ជួយ​ណែនាំ​អ្នក​ឲ្យ​«​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​»។ (​អេសាយ ៤៨:១៧​) តើ​តាម​របៀប​ណា? មាន​គោល​ការណ៍​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​ណែនាំ​អ្នក។ គោល​ការណ៍​គម្ពីរ​គឺ​ជា​សេចក្ដី​បង្រៀន​ដែល​ប្រាប់​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​អាន​កំណត់​ហេតុ​ណា​មួយ​ក្នុង​គម្ពីរ ជា​ញឹក​ញយ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នោះ។ ពេល​យើង​ដឹង​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា យើង​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​លោ​ក​ពេញ​ចិត្ត។

      ២. មុន​សម្រេច​ចិត្ត តើ​អ្នក​គួរ​ពិចារណា​អំពី​កត្តា​អ្វី​ខ្លះ?

      គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន​»។ (​សុភាសិត ១៤:១៥​) នេះ​មាន​ន័យ​ថា មុន​យើង​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ យើង​គួរ​ចំណាយ​ពេល​គិត​ពិចារណា​អំពី​រឿង​នោះ​ជា​មុន​សិន។ ពេល​អ្នក​ថ្លឹង​ថ្លែង​អំពី​ជម្រើស​នីមួយ​ៗ សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ? តើ​ជម្រើស​មួយ​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត? តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត? សំខាន់​បំផុត តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ​ឬ​ទេ?›។​—ការ​បំភ្លឺ​ច្បាប់ ៣២:២៩

      ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រាប់​យើង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ពេល​យើង​ស្គាល់​ច្បាប់​និង​គោល​ការណ៍​របស់​លោក​ច្បាស់ ហើយ​តាំង​ចិត្ត​ធ្វើ​តាម នោះ​យើង​កំពុង​បង្វឹក​បង្ហាត់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ល្អ។ សមត្ថភាព​វិនិច្ឆ័យ​គឺ​ជា​ការ​ដឹង​ក្នុង​ខ្លួន​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​រ៉ូម ២:១៤, ១៥​) ពេល​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​បាន​ត្រូវ​បង្វឹក​បង្ហាត់​ហើយ នោះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ។

      បង្កើន​ចំណេះ

      សូម​រៀន​អំពី​របៀប​ដែល​គោល​ការណ៍​គម្ពីរ​និង​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត។

      ៣. ចូរ​ឲ្យ​គម្ពីរ​ជួយ​ណែនាំ​អ្នក

      ពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត តើ​គោល​ការណ៍​គម្ពីរ​ជួយ​ណែនាំ​យើង​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ចូរ​ឲ្យ​គោល​ការណ៍​គម្ពីរ​ជួយ​ណែនាំ​អ្នក (​៥:៥៤​)

      • តើ​ចិត្ត​សេរី​គឺ​ជា​អ្វី?

      • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​ចិត្ត​សេរី?

      • តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ​បំផុត?

      សូម​អាន អេភេសូរ ៥:១៥, ១៦ ដើម្បី​មើល​គោល​ការណ៍​មួយ​ពី​គម្ពីរ។ រួច​ពិគ្រោះ​អំពី​របៀប​ដែល​អ្នក​អាច​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​ ដើម្បី . . .

      • អាន​គម្ពីរ​ជា​ទៀង​ទាត់។

      • ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​ល្អ​ជាង ឪពុក​ម្ដាយ​ល្អ​ជាង ឬ​កូន​ល្អ​ជាង។

      • ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

      ៤. ចូរ​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ល្អ

      ពេល​មាន​បង្គាប់​ច្បាស់​លាស់​ក្នុង​គម្ពីរ​អំពី​រឿង​ណា​មួយ នោះ​ស្រួល​ឲ្យ​យើង​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ចុះ​បើ​គ្មាន? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​»​ (​៥:១៣​)

      • ក្នុង​វីដេអូ តើ​ស្ត្រី​នេះ​បាន​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ដើម្បី​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​និង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

      ហេតុ​អ្វី​យើង​មិន​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​សម្រេច​ចិត្ត​ជំនួស​យើង? សូម​អាន ហេប្រឺ ៥:១៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តាម​មើល​ទៅ​ស្រួល​ជាង​បើ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​សម្រេច​ចិត្ត​ជំនួស​យើង។ ប៉ុន្តែ តាម​ខ​គម្ពីរ​នេះ តើ​យើង​គួរ​ចេះ​សម្គាល់​អ្វី​ដោយ​ខ្លួន​ឯង?

      • តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​លត់​ដំ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក ហើយ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ?

      មនុស្សម្នាក់កំពុងបើកឡាន។ នៅក្នុងឡានគាត់មានប្រព័ន្ធGPS ដែលប្រាប់ព័ត៌មាន ជួយគាត់ឲ្យស្ថិតនៅលើផ្លូវត្រឹមត្រូវ។

      សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ប្រៀប​ដូច​ជា​ផែន​ទី​មួយ ដែល​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ថា​គួរ​ទៅ​ផ្លូវ​ណា

      ៥. ចូរ​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត

      មនុស្ស​ម្នាក់​ៗ​នឹង​សម្រេច​ចិត្ត​ខុស​ៗ​គ្នា។ ដូច្នេះ តើ​យើង​អាច​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ស្ថានភាព​ពីរ​៖

      ស្ថានភាព​ទី​១: បង​ស្រី​ម្នាក់​ដែល​ចូល​ចិត្ត​ផាត់​មុខ បាន​ដូរ​ទៅ​បម្រើ​នៅ​ក្រុម​ជំនុំ​មួយ​ដែល​មាន​បង​ស្រី​ជា​ច្រើន​មិន​ចូល​ចិត្ត​អ្នក​ណា​ដែល​ផាត់​មុខ​ទេ។

      សូម​អាន រ៉ូម ១៥:១ និង​កូរិនថូស​ទី​១ ១០:២៣, ២៤ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

      • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ស្រី​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​នៅ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខុស​ពី​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

      ស្ថានភាព​ទី​២: បង​ប្រុស​ម្នាក់​ដឹង​ថា គម្ពីរ​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ទេ តែ​គាត់​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​ទាល់​តែ​សោះ។ ថ្ងៃ​មួយ បង​ប្អូន​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​បរិភោគ​អាហារ​ល្ងាច​ជា​មួយ​គ្នា ហើយ​គាត់​បាន​ឃើញ​បង​ប្អូន​ខ្លះ​ពិសា​ស្រា។

      សូម​អាន អ្នក​ទូន្មាន ៧:១៦ និង​រ៉ូម ១៤:​១, ១០ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

      • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ប្រុស​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​ឃើញ​បង​ប្អូន​ធ្វើ​អ្វី​ដែល​ខុស​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

      តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​សម្រេច​ចិត្ត​ល្អ?

      ស្ត្រីម្នាក់កំពុងអធិដ្ឋាន។

      ១. សុំ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​សម្រេច​ចិត្ត។​—យ៉ាកុប ១:៥

      ស្ត្រីដដែលនោះកំពុងស្រាវជ្រាវដោយប្រើគម្ពីរ សៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ និងកុំព្យូទ័រ។

      ២. ស្រាវ​ជ្រាវ​ក្នុង​គម្ពីរ​និង​ក្នុង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដើម្បី​ស្វែង​រក​គោល​ការណ៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​រឿង​នោះ។ អ្នក​ក៏​អាច​ពិភាក្សា​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ដែរ។

      ស្ត្រីដដែលនោះកំពុងរំពឹងគិត។

      ៣. ពិចារណា​អំពី​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក និង​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។

      មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​អ្នក​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់​ធ្វើ។ មិន​ចាំ​បាច់​ខ្វល់​ពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ទេ​»។

      • ហេតុ​អ្វី​យើង​គួរ​គិត​អំពី​អារម្មណ៍​របស់​ព្រះ​និង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត?

      សេចក្ដី​សង្ខេប

      យើង​អាច​សម្រេច​ចិត្ត​ល្អ​អំពី​រឿង​ណា​មួយ ក្រោយ​ពី​យើង​បាន​ស្វែង​យល់​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ និង​ក្រោយ​ពី​យើង​បាន​ពិចារណា​ថា តើ​ការ​ប្រព្រឹត្ត​របស់​យើង​នឹង​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត?

      រៀន​សា​ឡើង​វិញ

      • តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

      • តើ​អ្នក​អាច​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​តាម​របៀប​ណា?

      • តើ​អ្នក​អាច​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ?

      ​«​ចូរ​ធ្វើ​ការសម្រេច​ចិត្ត​ដែល​លើក​កិត្តិយស​ព្រះ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១​)

      សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យោបល់​យើង។

      ព្រះ​យេហូវ៉ា​ជួយ​ណែនាំ​រាស្ត្រ​របស់​លោក (៩:៥០)

      សូម​មើល​ថា តើ​កត្តា​អ្វី​ខ្លះ​បាន​ជួយ​បុរស​ម្នាក់​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ពិបាក​មួយ?

      ព្រះ​យេហូវ៉ា​ធានា​ថា​អ្វី​ទាំង​អស់​សុទ្ធ​តែ​ល្អ (៥:៤៦)

      សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ទោះ​ជា​លោ​ក​មិន​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​អំពី​រឿង​ខ្លះ​ក៏​ដោយ។

      ​«​តើ​អ្នក​តែង​តែ​ត្រូវ​ការ​ច្បាប់​ពី​ព្រះ​គម្ពីរ​ឬ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០០៤​)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក