ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែឧសភា
it-1-E ទំ. ១០៥ វ. ២
អាន៉ាថោត
យេរេមាមានដើមកំណើតមកពីក្រុងអាន៉ាថោត ប៉ុន្តែបានក្លាយទៅជាអ្នកប្រកាសទំនាយដែលអ្នកស្រុកគាត់មិនគោរព កាលដែលពួកគេគំរាមសម្លាប់គាត់ដោយសារគាត់ប្រកាសដំណឹងអំពីសេចក្ដីពិតរបស់ព្រះយេហូវ៉ា។ (យេ. ១:១; ១១:២១-២៣; ២៩:២៧) ជាលទ្ធផល ព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីមហន្តរាយនៃក្រុងនោះ ហើយនេះបានកើតឡើងនៅពេលកំណត់ ពេលបាប៊ីឡូនបានដណ្ដើមយកស្រុកយូដា។ (យេ. ១១:២១-២៣) មុនការរលំនៃក្រុងយេរូសាឡិម យេរេមាបានប្រើសិទ្ធិស្របច្បាប់របស់គាត់ដើម្បីទិញដីនៅក្រុងអាន៉ាថោតពីបងប្អូនជីដូនមួយរបស់គាត់ ជាសញ្ញាសម្គាល់ដែលបញ្ជាក់ថានឹងមានការនាំត្រឡប់មកស្រុកកំណើតវិញក្រោយនិរទេស។ (យេ. ៣២:៧-៩) ក្នុងចំណោមក្រុមទី១នៃពួកអ្នកដែលត្រឡប់មកជាមួយនឹងសូរ៉ូបាបិលក្រោយនិរទេសមានបុរស១២៨នាក់នៃក្រុងអាន៉ាថោត ដែលជាក្រុងមួយក្នុងចំណោមក្រុងឯទៀតដែលមានបណ្ដាជនតាំងលំនៅឡើងវិញ ស្របតាមទំនាយរបស់យេរេមា។—អែស. ២:២៣; នេហ. ៧:២៧; ១១:៣២
jr-E ទំ. ១៥២ វ. ២២-២៣
«ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី?»
២២ ពេលអ្នកណាម្នាក់ធ្វើឲ្យអ្នកឈឺចិត្តដោយនិយាយនិងប្រព្រឹត្តឥតបើគិត តើអ្នកនឹងយកតម្រាប់ព្រះយេហូវ៉ាឬទេ? ស្តីអំពីជនជាតិយូដាសម័យបុរាណ ព្រះបានមានប្រសាសន៍ថាលោកនឹង«សំអាត»ពួកអ្នកដែលលោកបានអភ័យទោសឲ្យ។ (សូមអាន យេរេមា ៣៣:៨) លោកអាចសម្អាតពួកអ្នកដែលប្រែចិត្តក្នុងន័យថាលោកដាក់កំហុសរបស់ពួកគេនៅខាងក្រោយលោក ដោយផ្ដល់ឱកាសឲ្យពួកគេបម្រើលោកសាជាថ្មី។ នេះមិនមានន័យថាបុគ្គលដែលបានទទួលការអភ័យទោសពីព្រះបានត្រូវសម្អាតពីភាពមិនល្អឥតខ្ចោះដែលគាត់បានទទួលពីអាដាមនិងអេវ៉ា ហើយឥឡូវនេះគាត់ល្អឥតខ្ចោះពោលគឺគ្មានភាពខុសឆ្គងនោះឡើយ។ ប៉ុន្តែ អ្វីដែលព្រះមានប្រសាសន៍អំពីការសម្អាតមនុស្សមានមេរៀនមួយសម្រាប់យើង។ យើងអាចព្យាយាមដាក់នៅខាងក្រោយយើងនូវកំហុសរបស់បុគ្គលម្នាក់ ដែលក្នុងន័យធៀបគឺយើងធ្វើឲ្យទស្សនៈរបស់យើងចំពោះបុគ្គលនោះស្អាតបរិសុទ្ធ។ តើតាមរបៀបណា?
២៣ សូមស្រមៃគិតថាអ្នកបានទទួលមរតកជាភាជនៈមួយដ៏មានតម្លៃ។ បើភាជនៈនោះប្រឡាក់ តើអ្នកនឹងបោះវាចោលភ្លាមៗឬ? មិនមែនទេ។ អ្នកនឹងខំប្រឹងសម្អាតវាយ៉ាងហ្មត់ចត់ ដោយបំបាត់ឲ្យអស់នូវស្នាមប្រឡាក់ឬធូលីដី។ អ្នកចង់គន់មើលលម្អរបស់វា ចង់មើលវាភ្លឺចាំងយ៉ាងណាពេលត្រូវពន្លឺថ្ងៃ។ ដូចគ្នាដែរ អ្នកនឹងខំប្រឹងយ៉ាងខ្លាំងដើម្បីបំបាត់ឲ្យអស់នូវគំនុំឬកំហឹងចំពោះបងប្អូនណាម្នាក់ដែលធ្វើឲ្យអ្នកឈឺចិត្ត។ ចូរតយុទ្ធនឹងទំនោរចិត្តដែលគិតតែអំពីសម្ដីឬការប្រព្រឹត្តដែលធ្វើឲ្យអ្នកឈឺចិត្ត។ កាលដែលអ្នកបានដាក់សម្ដីឬការប្រព្រឹត្តដែលធ្វើឲ្យអ្នកឈឺចិត្តនៅខាងក្រោយអ្នក នោះអ្នកសម្អាតរូបភាពនិងការនឹកចាំដែលអ្នកមាននៅក្នុងចិត្តអំពីបុគ្គលដែលអ្នកបានអភ័យទោស។ ដោយសារអ្នកបានបំបាត់ចោលនូវគំនិតមិនល្អចំពោះបុគ្គលនោះពីក្នុងចិត្តរបស់អ្នក នោះអ្នកកាន់តែចង់មានម្ដងទៀតនូវមិត្តភាពជិតស្និទ្ធដែលហាក់ដូចជាបាត់បង់ជារៀងរហូត។
jr-E ទំ. ១៧៣ វ. ១០
អ្នកអាចទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មី
១០ យេរេមាបានរៀបរាប់អំពីមេស្ស៊ីដែលនឹងមកថាជា«ពន្លក»ឡើងដល់ដាវីឌ។ នោះគឺសមត្រឹមត្រូវមែន។ កាលដែលយេរេមាធ្វើជាអ្នកប្រកាសទំនាយ ដើមដែលជាតំណាងតំណរាជវង្សដាវីឌបានត្រូវកាត់ផ្ដាច់។ ប៉ុន្តែ គល់វាមិនងាប់ទេ។ មួយរយៈពេលក្រោយមក លោកយេស៊ូបានកើតមកក្នុងវង្សត្រកូលស្តេចដាវីឌ។ គេអាចហៅលោកថា«ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» ដែលបញ្ជាក់ថាព្រះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគុណសម្បត្ដិនេះ។ (សូមអាន យេរេមា ២៣:៥, ៦) ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្រតែមួយរបស់លោករងទុក្ខនៅផែនដី ហើយស្លាប់។ តាំងពីពេលនោះមក ស្របទៅតាមសេចក្ដីសុចរិតរបស់លោក ព្រះយេហូវ៉ាអាចប្រើតម្លៃនៃគ្រឿងបូជាលោះរបស់«ពន្លក»ឡើងដល់ដាវីឌជាមូលដ្ឋានសម្រាប់អភ័យទោស។ (យេ. ៣៣:១៥) នេះបាននាំឲ្យមនុស្សខ្លះត្រូវប្រកាសថា«ជាមនុស្សសុចរិតឲ្យបានជីវិត»និងបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ហើយបានទៅជាភាគីនៃកិច្ចព្រមព្រៀងថ្មី។ ភ័ស្តុតាងថែមទៀតអំពីការយកចិត្តទុកដាក់របស់ព្រះចំពោះសេចក្ដីសុចរិត គឺមនុស្សឯទៀតដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនោះអាចទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងនោះ ដូចយើងនឹងឃើញនៅពេលក្រោយមក។—រ៉ូម ៥:១៨
ថ្ងៃទី៨-១៤ ខែឧសភា
it-2-E ទំ. ១២២៨ វ. ៣
សេដេគា
សេដេគាជាស្តេចទន់ខ្សោយណាស់ ដោយសារក្រោយមកពេលពួកចៅហ្វាយបានសុំគាត់ឲ្យសម្លាប់យេរេមាដោយអាងលេសថាយេរេមាធ្វើឲ្យទឹកចិត្តរបស់បណ្ដាជនដែលបានត្រូវឡោមព័ទ្ធចុះខ្សោយ។ សេដេគាបាននិយាយថា៖ «មើល វានៅក្នុងកណ្ដាប់ដៃនៃអ្នករាល់គ្នាហើយដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ»។ ប៉ុន្តែក្រោយមក សេដេគាបានអនុញ្ញាតអេបេឌមេលេកឲ្យសង្គ្រោះយេរេមា ហើយបានបង្គាប់អេបេឌមេលេកឲ្យយកបុរស៣០នាក់ទៅជាមួយដើម្បីជួយគាត់។ បន្ទាប់មក សេដេគាមានការសន្ទនាជាមួយនឹងយេរេមាម្ដងទៀតដាច់ដោយឡែកពីគេ។ គាត់បានពង្រឹងទំនុកចិត្តយេរេមាថាគាត់នឹងមិនសម្លាប់យេរេមាទេ ហើយក៏មិនប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចង់សម្លាប់គាត់ឡើយ។ ប៉ុន្តែសេដេគានៅតែខ្លាចជនជាតិយូដាដែលចុះចូលនឹងជនជាតិខាល់ដេសងសឹក។ ហេតុនេះ គាត់មិនបានចុះចូលនឹងពួកចៅហ្វាយនៃស្រុកបាប៊ីឡូន ដូចឱវាទដែលយេរេមាបានឲ្យគាត់ក្រោមការដឹកនាំរបស់ព្រះទេ។ ស្តេចនោះបានបង្ហាញការភ័យខ្លាចថែមទៀត ដោយសុំយេរេមាមិនឲ្យប្រាប់អំពីអ្វីដែលពួកគាត់បានសន្ទនាគ្នាដាច់ដោយឡែកពីគេនោះដល់ពួកចៅហ្វាយដែលមានការសង្ស័យ។—យេ. ៣៨:១-២៨
w១២-E ១/៥ ទំ. ៣១ វ. ២-៣
លោកឲ្យរង្វាន់ដល់អស់អ្នកដែលបម្រើលោក
តើអេបេឌមេលេកជាអ្នកណា? តាមមើលទៅ គាត់ជាមន្ត្រីក្នុងរាជវាំងរបស់ស្តេចសេដេគានៃស្រុកយូដា។ អេបេឌមេលេកបានរស់នៅជំនាន់យេរេមា ដែលព្រះបានចាត់ឲ្យទៅព្រមានជនជាតិយូដាដែលមិនស្មោះត្រង់អំពីការហិនវិនាសដែលនឹងមកដល់។ ទោះជានៅជុំវិញអេបេឌមេលេកមានពួកចៅហ្វាយដែលមិនគោរពព្រះក្ដី គាត់កោតខ្លាចព្រះ ហើយគាត់គោរពយេរេមាយ៉ាងខ្លាំង។ គុណសម្បត្ដិរបស់អេបេឌមេលេកបានត្រូវល្បងល ពេលពួកចៅហ្វាយដ៏អាក្រក់បានចោទប្រកាន់យេរេមាពីបទបំបះបំបោរ ហើយបោះគាត់ទៅក្នុងគុកងងឹតដែលមានភក់ រួចទុកគាត់ចោលឲ្យស្លាប់។ (យេ. ៣៨:៤-៦) តើអេបេឌមេលេកបានធ្វើអ្វី?
អេបេឌមេលេកបានប្រព្រឹត្តយ៉ាងក្លាហាននិងសម្រេចចិត្តដោយឥតស្ទាក់ស្ទើរ ដោយឥតខ្លាចពួកចៅហ្វាយសងសឹកឡើយ។ គាត់ទៅជួបសេដេគាជាសាធារណៈ ហើយជំទាស់នឹងការប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើយេរេមា។ ប្រហែលជាដោយចង្អុលទៅពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះ គាត់បានប្រាប់ស្តេចថា៖ «មនុស្សទាំងនេះបានធ្វើដល់ . . . យេរេមា»។ (យេ. ៣៨:៩) អេបេឌមេលេកបានសម្រេចដូចបំណង ហើយក្រោមការណែនាំពីសេដេគា គាត់បានយកបុរស៣០នាក់ទៅជាមួយ ហើយបានរំដោះយេរេមា។
w១២-E ១/៥ ទំ. ៣១ វ. ៤
លោកឲ្យរង្វាន់ដល់អស់អ្នកដែលបម្រើលោក
អេបេឌមេលេកបានបង្ហាញគុណសម្បត្ដិមួយទៀតគឺចិត្តសប្បុរស។ គាត់បានយក«កំណាត់ចាស់ៗ នឹងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមា»។ ហេតុអ្វីកំណាត់និងអាវ? គឺដើម្បីឲ្យយេរេមាអាចទ្រាប់ក្លៀកកុំឲ្យកកិតខ្លាំងកាលដែលគេទាញគាត់ឡើងពីភក់។—យេ. ៣៨:១១-១៣
it-2-E ទំ. ៧៥៩
ពួករេកាប
ព្រះយេហូវ៉ាពេញចិត្តដោយសារពួកគេបានគោរព ហើយស្ដាប់បង្គាប់លោក។ ការស្ដាប់បង្គាប់ដ៏ឥតងាករេចំពោះឰយុកោរបស់ពួកគេគឺខុសគ្នាឆ្ងាយពីការមិនស្ដាប់បង្គាប់របស់ពួកយូដាចំពោះព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់ពួកគេ។ (យេ. ៣៥:១២-១៦) ចំពោះពួករេកាប ព្រះបានធ្វើសេចក្ដីសន្យានេះជារង្វាន់ថា៖ «យ៉ូណាដាបជាកូនរេកាបនឹងមិនដែលអាក់ខានមានមនុស្សសំរាប់ឈរនៅមុខអញជាដរាបតទៅឡើយ»។—យេ. ៣៥:១៩
w៩៥-E ១/៨ ទំ. ៥ វ. ៥-៦
គ្រាដ៏ប្រសើរជាងនៅអនាគត
ក្រោយមក ពេលស្តេចបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡិមដែលក្បត់ជំនឿ បណ្ដាជនត្រូវបរិភោគ«នំប៉័ងដោយថ្លឹង ហើយបារម្ភព្រួយ»។ (អេស. ៤:១៦) ស្ថានភាពគឺគួរឲ្យអស់សង្ឃឹមខ្លាំងដល់ម្ល៉េះបានជាស្ត្រីខ្លះបរិភោគសាច់កូនខ្លួនឯង។ (បរិ. ២:២០) ប៉ុន្តែទោះជាអ្នកប្រកាសទំនាយយេរេមាបានជាប់គុកដោយសារគាត់ផ្សព្វផ្សាយក៏ដោយ ព្រះយេហូវ៉ាបានបណ្ដាលឲ្យ«គេយកនំប៉័ងមួយដុំមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំប៉័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ»។—យេ. ៣៧:២១
ពេលខ្វះនំប៉័ង តើព្រះយេហូវ៉ាបានភ្លេចយេរេមាឬ? តាមមើលទៅមិនមែនទេ ពីព្រោះពេលជនជាតិបាប៊ីឡូនយកបានក្រុងនោះ យេរេមាបានទទួល‹ស្បៀងអាហារព្រមទាំងរង្វាន់ ហើយលែងឲ្យទៅ›។—យេ. ៤០:៥, ៦; សូមមើលដែរ ទំនុក. ៣៧:២៥
ថ្ងៃទី១៥-២១ ខែឧសភា
it-2-E ទំ. ១២២៨ វ. ៤
សេដេគា
ការរលំនៃក្រុងយេរូសាឡិម។ នៅទីបំផុត (៦០៧ មុន គ.ស.) នៅ«ថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១នៃរាជ្យសេដេគា» កំពែងក្រុងយេរូសាឡិមបានត្រូវទម្លាយ។ ពេលយប់ សេដេគានិងពួកទាហានបានរត់ចេញ។ ទ័ពខាល់ដេបានដេញទៅទាន់នៅត្រង់វាលយេរីខូរ ហើយសេដេគាបានត្រូវគេចាប់ រួចនាំទៅនេប៊ូក្នេសានៅត្រង់ក្រុងរីបឡា។ កូនប្រុសៗរបស់សេដេគាបានត្រូវគេសម្លាប់នៅចំពោះមុខគាត់។ ដោយសារកាលនោះសេដេគាមានអាយុប្រហែលតែ៣២ឆ្នាំប៉ុណ្ណោះ នោះកូនប្រុសៗរបស់គាត់ប្រហែលជានៅក្មេងនៅឡើយ។ ក្រោយពីបានឃើញកូនរបស់គាត់ស្លាប់ គេបានធ្វើឲ្យសេដេគាខ្វាក់ភ្នែក បានដាក់ខ្នោះស្ពាន់ រួចនាំទៅបាប៊ីឡូន។ នៅទីនោះ គាត់បានស្លាប់ក្នុងគុក។—២ព. ២៥:២-៧; យេ. ៣៩:២-៧; ៤៤:៣០; ៥២:៦-១១; សូមពិនិត្យបន្ថែម យេ. ២៤:៨-១០; អេស. ១២:១១-១៦; ២១:២៥-២៧
w១២-E ១/៥ ទំ. ៣១ វ. ៥
លោកឲ្យរង្វាន់ដល់អស់អ្នកដែលបម្រើលោក
ព្រះយេហូវ៉ាបានឃើញអ្វីដែលអេបេឌមេលេកបានធ្វើ។ តើលោកបានឲ្យតម្លៃទង្វើរបស់គាត់ឬទេ? តាមរយៈយេរេមា ព្រះបានប្រាប់អេបេឌមេលេកថាស្រុកយូដាជិតត្រូវបំផ្លាញចោលហើយ។ បន្ទាប់មក ព្រះបានឲ្យអេបេឌមេលេកនូវអ្វីដែលអ្នកជំនាញខាងគម្ពីរហៅថា«ការធានាប្រាំដងអំពីសេចក្ដីសង្គ្រោះ»។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អញនឹងជួយឯងឲ្យរួច . . . ឯងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកមនុស្សនោះ . . . អញនឹងជួយសង្គ្រោះឯងជាពិត . . . ឯងមិនត្រូវដួលដោយដាវឡើយ គឺនឹងបានជីវិតទុកដូចជារបឹបវិញ»។ ហេតុអ្វីព្រះយេហូវ៉ាបានសន្យាការពារអេបេឌមេលេក? ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ពីព្រោះឯងបានយកអញជាទីទុកចិត្ត»។ (យេ. ៣៩:១៦-១៨) ព្រះយេហូវ៉ាបានជ្រាបថាអេបេឌមេលេកបានចាត់វិធានការមិនមែនដោយសារគាត់យកចិត្តទុកដាក់ចំពោះយេរេមាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារគាត់ទុកចិត្តនិងមានជំនឿលើព្រះផងដែរ។
it-2-E ទំ. ៤៨២
នេប៊ូសារ៉ាដាន
ក្រោមបញ្ជារបស់នេប៊ូក្នេសា នេប៊ូសារ៉ាដានបានដោះលែងយេរេមា ហើយបាននិយាយទៅគាត់ដោយស្លូតបូត ដោយទុកឲ្យគាត់សម្រេចចិត្តអំពីអ្វីដែលគាត់នឹងធ្វើ ស្នើសុំថែរក្សាគាត់ ព្រមទាំងផ្ដល់ឲ្យគាត់នូវស្បៀងអាហារ។ នេប៊ូសារ៉ាដានក៏ជាអ្នកនាំពាក្យរបស់ស្តេចបាប៊ីឡូនក្នុងការតែងតាំងកេដាលាជាអភិបាលលើបណ្ដាជនដែលសល់នៅក្នុងស្រុក។ (២ព. ២៥:២២; យេ. ៣៩:១១-១៤; ៤០:១-៧; ៤១:១០) ប្រហែលជា៥ឆ្នាំក្រោយមក គឺនៅឆ្នាំ៦០២ មុនគ.ស. នេប៊ូសារ៉ាដានបាននិរទេសជនជាតិយូដាឯទៀត តាមមើលទៅគឺជាពួកអ្នកដែលរត់ចេញទៅតំបន់ជិតខាង។—យេ. ៥២:៣០
it-1-E ទំ. ៤៦៣ វ. ៤
លំដាប់ពេល
ក្រុងយេរូសាឡិមបានត្រូវឡោមព័ទ្ធជាលើកចុងក្រោយនៅឆ្នាំទី៩នៃរជ្ជកាលស្តេចសេដេគា (៦០៩ មុនគ.ស.) ហើយក្រុងនោះបានរលំនៅក្នុងឆ្នាំទី១១នៃរជ្ជកាលរបស់គាត់ (៦០៧ មុនគ.ស.) គឺត្រូវនឹងឆ្នាំទី១៩នៃរជ្ជកាលស្តេចនេប៊ូក្នេសា (រាប់ពីការឡើងគ្រងរាជ្យរបស់គាត់នៅឆ្នាំ៦២៥ មុនគ.ស.)។ (២ព. ២៥:១-៨) នៅខែទី៥នៃឆ្នាំនោះ (ខែអប ដែលត្រូវនឹងខែកក្កដាមួយផ្នែកនិងខែសីហាមួយផ្នែក) ក្រុងនោះបានត្រូវគេដុតចោល កំពែងបានត្រូវរំលំ ហើយបណ្ដាជនភាគច្រើនបានត្រូវនិរទេស។ ប៉ុន្តែ «ពួកទាល់ក្រនៅក្នុងស្រុក»បានត្រូវអនុញ្ញាតឲ្យនៅ ហើយពួកអ្នកទាំងនេះបាននៅក្នុងស្រុករហូតដល់កេដាលាដែលនេប៊ូក្នេសាបានតែងតាំង បានត្រូវគេធ្វើឃាត។ ក្រោយពីរឿងនោះ ពួកគេបានរត់ចូលទៅស្រុកអេស៊ីប ហើយបោះបង់ចោលស្រុកយូដាទាំងស្រុង។ (២ព. ២៥:៩-១២, ២២-២៦) នេះបានកើតឡើងនៅខែទី៧ ខែអេថានីម (ឬធិសស៊្រី គឺត្រូវនឹងខែកញ្ញាមួយផ្នែកនិងខែតុលាមួយផ្នែក)។ ដូច្នេះ ការរាប់ចំនួន៧០ឆ្នាំនៃការបោះបង់ស្រុកយូដាត្រូវចាប់ផ្ដើមប្រហែលពីថ្ងៃទី១ ខែតុលា ឆ្នាំ៦០៧ មុនគ.ស.ដល់ឆ្នាំ៥៣៧ មុនគ.ស.។ នៅខែទី៧នៃឆ្នាំ៥៣៧ មុនគ.ស. ជនជាតិយូដាដំបូងបង្អស់ដែលត្រឡប់មកស្រុកកំណើតបានមកដល់ស្រុកយូដាវិញ ៧០ឆ្នាំក្រោយការចាប់ផ្ដើមបោះបង់ស្រុកនោះទាំងស្រុង។—២រប. ៣៦:២១-២៣; អែស. ៣:១
ថ្ងៃទី២២-២៨ ខែឧសភា
jr-E ទំ. ១០៤-១០៥ វ. ៤-៦
ចូរជៀសវាង«ស្វែងរកការយ៉ាងធំសំរាប់ខ្លួន»
៤ អ្វីដែលបារូកស្វែងរក ប្រហែលជាកិត្ដិនាមនិងកិត្ដិសព្ទ។ ទោះជាបារូកបានធ្វើជាលេខាធិការរបស់យេរេមាក៏ដោយ គាត់មិនគ្រាន់តែជាលេខាធិការផ្ទាល់របស់យេរេមាប៉ុណ្ណោះទេ។ នៅយេរេមា ៣៦:៣២ បារូកបានត្រូវហៅថា«ស្មៀន»ឬលេខាធិការ។ ភ័ស្តុតាងខាងបុរាណវត្ថុបង្ហាញថាគាត់មានឋានៈជាមន្ត្រីជាន់ខ្ពស់របស់ស្តេច។ តាមពិត ឋានៈដដែលនេះបានត្រូវប្រើចំពោះ«ស្មៀនអេលីសាម៉ា»ដែលមានឈ្មោះក្នុងចំណោមពួកចៅហ្វាយស្រុកយូដា។ នេះមានន័យថា បារូកក៏អាចចូលទៅក្នុង«បន្ទប់ស្មៀន»នៅក្នុង«រាជវាំង»បានដែរ ក្នុងនាមជាសហការីម្នាក់របស់អេលីសាម៉ា។ (យេ. ៣៦:១១, ១២, ១៤) ដូច្នេះ បារូកច្បាស់ជាមន្ត្រីដែលមានចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងរាជវាំង។ សេរ៉ាយ៉ាដែលជាប្អូនរបស់គាត់មានឋានៈជាចៅហ្វាយឬនាយទាហានខាងភ័ស្តុភាររបស់ស្តេចសេដេគា ហើយបានទៅជាមួយនឹងស្តេចនោះក្នុងដំណើរដ៏សំខាន់មួយទៅបាប៊ីឡូន។ (សូមអាន យេរេមា ៥១:៥៩) ក្នុងនាមជានាយទាហានខាងភ័ស្តុភារ សេរ៉ាយ៉ាទំនងជាទទួលខុសត្រូវខាងស្បៀងនិងកន្លែងស្នាក់នៅសម្រាប់ស្តេចពេលស្តេចធ្វើដំណើរ នោះពិតជាឋានៈខ្ពង់ខ្ពស់។
៥ យើងអាចយល់ថាបុគ្គលម្នាក់ដែលធ្លាប់មានឋានៈខ្ពង់ខ្ពស់ប្រហែលជានឿយណាយចិត្ត ដែលត្រូវមកកត់ទុកសារបកអាក្រាតជនជាតិយូដាមួយហើយមួយទៀត។ តាមពិត ដោយសារបារូកបានគាំទ្រអ្នកប្រកាសទំនាយរបស់ព្រះ គាត់អាចបាត់បង់ឋានៈនិងអាជីព។ ម្យ៉ាងទៀត បើព្រះយេហូវ៉ារំលំចុះនូវអ្វីដែលលោកបានស្អាងឡើង សូមគិតអំពីលទ្ធផល កាលដែលអានយេរេមា ៤៥:៤។ «ការយ៉ាងធំ»ដែលបារូកប្រាថ្នាចង់បាន ទោះជាការចង់បានឯកសិទ្ធិថែមទៀតក្នុងរាជវាំងឬទ្រព្យសម្បត្ដិច្រើនក៏ដោយ គឺឥតប្រយោជន៍ទេ។ បើបារូកស្វែងរកឋានៈមួយដែលធ្វើឲ្យគាត់មានសុវត្ថិភាពនៅក្នុងរបៀបរបបជនជាតិយូដាដែលនឹងត្រូវសាបសូន្យ នោះព្រះមានមូលហេតុដាស់តឿនគាត់ឲ្យកែប្រែទំនោរចិត្តនោះ។
៦ មួយវិញទៀត «ការយ៉ាងធំ»ដែលបារូកចង់បានប្រហែលជារួមបញ្ចូលទ្រព្យសម្បត្ដិច្រើន។ ប្រជាជាតិនានានៅជុំវិញស្រុកយូដាបានពឹងផ្អែកយ៉ាងខ្លាំងលើធនធាននិងទ្រព្យសម្បត្ដិ។ ជនជាតិម៉ូអាប់បានទុកចិត្តលើ«ស្នាដៃ . . . និងលើទ្រព្យសម្បត្ដិរបស់ខ្លួន»។ រីឯជនជាតិអាំម៉ូនក៏ដូច្នោះដែរ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានពណ៌នាថាបាប៊ីឡូនជា«ទ្រព្យសម្បត្ដិដ៏បរិបូរ»។ (យរ. [យេ.] ៤៨:១, ៧; ខ.ស.; ៤៩:១, ៤; ៥១:១, ១៣) ប៉ុន្តែការពិតគឺ ព្រះបានផ្ដន្ទាទោសប្រជាជាតិទាំងនោះ។
jr-E ទំ. ១០៣ វ. ២
ចូរជៀសវាង«ស្វែងរកការយ៉ាងធំសំរាប់ខ្លួន»
២ «វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ាទ្រង់បានបន្ថែមសេចក្ដីសោកសៅដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ! ខ្ញុំក៏ល្វើយទៅដោយថ្ងូរ»។ អ្នកក៏ប្រហែលជាធ្លាប់បានសម្ដែងនូវការនឿយណាយចិត្ត ទោះជាអ្នកធ្វើដូច្នេះឮៗឬគ្រាន់តែនៅក្នុងចិត្តប៉ុណ្ណោះក៏ដោយ។ ទោះជាបារូកបានធ្វើដូច្នេះតាមរបៀបណាក៏ដោយ ព្រះយេហូវ៉ាកំពុងស្ដាប់។ ព្រះដែលពិនិត្យមើលចិត្តរបស់មនុស្សបានជ្រាបអំពីអ្វីដែលធ្វើឲ្យបារូកស្មុគស្មាញក្នុងចិត្ត ហើយតាមរយៈយេរេមា លោកបានកែតម្រង់បារូកដោយមេត្ដាករុណា។ (សូមអាន យេរេមា ៤៥:១-៥) ទោះជាយ៉ាងនេះក្ដី អ្នកប្រហែលជាឆ្ងល់ថាអ្វីបានធ្វើឲ្យបារូកមានអារម្មណ៍នឿយណាយចិត្តខ្លាំងម្ល៉េះ? តើដោយសារតែភារកិច្ចដែលបារូកបានទទួល ឬប្រហែលជាដោយសារកាលៈទេសៈដែលគាត់ត្រូវបំពេញភារកិច្ចនោះ? តាមពិត គាត់មានអារម្មណ៍ដូច្នេះ គឺដោយសារចិត្តរបស់គាត់។ បារូក«ស្វែងរកការយ៉ាងធំ»។ តើការយ៉ាងធំនោះគឺជាអ្វី? តើព្រះយេហូវ៉ាសន្យាអ្វីនឹងគាត់ បើគាត់ទទួលយកឱវាទនិងការណែនាំរបស់ព្រះ? តើយើងអាចទាញយកមេរៀនយ៉ាងណាពីអ្វីដែលបានកើតឡើងដល់បារូក?
it-1-E ទំ. ៤៣០
កេម៉ូស
ពេលអ្នកប្រកាសទំនាយយេរេមាប្រកាសទុកជាមុនអំពីមហន្តរាយដែលនឹងកើតឡើងដល់ម៉ូអាប់ គាត់បានបញ្ជាក់ថាកេម៉ូសដែលជាព្រះសំខាន់បំផុតរបស់ជនជាតិនេះ ព្រមទាំងពួកសង្ឃនិងពួកចៅហ្វាយរបស់ពួកគេនឹងត្រូវនិរទេស។ ជនជាតិម៉ូអាប់នឹងខ្មាសគេដោយសារព្រះរបស់ពួកគេគ្មានឫទ្ធានុភាព ដូចគ្នាដែរជនជាតិអ៊ីស្រាអែលនៃរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០ខ្មាសគេដោយសារក្រុងបេតអែល ទំនងជាដោយសារក្រុងនោះជាប់ទាក់ទងនឹងការគោរពបូជារូបកូនគោ។—យេ. ៤៨:៧, ១៣, ៤៦
it-2-E ទំ. ៤២២ វ. ២
ម៉ូអាប់
ការសម្រេចយ៉ាងត្រឹមត្រូវនៃទំនាយផ្សេងៗអំពីម៉ូអាប់គឺមិនអាចបដិសេធបានឡើយ។ អស់ជាច្រើនសតវត្សរ៍មកហើយដែលលែងមានជនជាតិម៉ូអាប់ទៀត។ (យេ. ៤៨:៤២) សព្វថ្ងៃនេះ នៅសល់តែសំណង់បាក់បែកនៅកន្លែងដែលគេចាត់ទុកជាក្រុងរបស់ជនជាតិម៉ូអាប់ដូចជាក្រុងនេបូរ ក្រុងហែសបូន ក្រុងអារ៉ូអ៊ើរ ក្រុងបេតកាមូលនិងក្រុងប្អាលមេយ៉ូនជាដើម។ មានកន្លែងជាច្រើនទៀតដែលគ្មានអ្នកស្គាល់ទេឥឡូវនេះ។
ថ្ងៃទី២៩ ខែឧសភា–ថ្ងៃទី៤ ខែមិថុនា
it-1-E ទំ. ៥៤
សត្រូវ
ពេលរាស្ត្ររបស់ព្រះមិនស្មោះត្រង់ លោកបានអនុញ្ញាតឲ្យសត្រូវរបស់ពួកគេប្លន់និងច្បាំងឈ្នះពួកគេ។ (ទំនុក. ៨៩:៤២; បរិ. ១:៥, ៧, ១០, ១៧; ២:១៧; ៤:១២) ប៉ុន្តែ សត្រូវនោះសន្និដ្ឋានខុសថាពួកគេសមនឹងទទួលជ័យជម្នះទាំងនោះ ហើយបានសរសើរព្រះរបស់ពួកគេ ឬមានអារម្មណ៍ថាពួកគេនឹងមិនទទួលខុសត្រូវចំពោះរបៀបដែលពួកគេប្រព្រឹត្តទៅលើរាស្ត្ររបស់ព្រះយេហូវ៉ាឡើយ។ (ចោ. ៣២:២៧; យេ. ៥០:៧) ហេតុនេះ ព្រះយេហូវ៉ាត្រូវតែធ្វើឲ្យពួកអ្នកដែលក្រអឺតក្រអោងនិងមានអំណួតទាំងនេះអាម៉ាស់មុខ (អេ. ១:២៤; ២៦:១១; ៥៩:១៨; ណា. ១:២) ហើយនេះជាអ្វីដែលលោកបានធ្វើដើម្បីនាមដ៏បរិសុទ្ធរបស់លោក។—អេ. ៦៤:២; អេស. ៣៦:២១-២៤
jr-E ទំ. ១៦១ វ. ១៥
«ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ»
១៥ យេរេមាក៏បានទាយអំពីទីបញ្ចប់នៃអ្នកដែលឈ្នះអេស៊ីប ពោលគឺបាប៊ីឡូន។ មួយសតវត្សរ៍មុនរឿងនោះកើតឡើង យេរេមាបានទាយយ៉ាងត្រឹមត្រូវអំពីការរលំមួយរំពេចនៃបាប៊ីឡូន។ តើតាមរបៀបណា? អ្នកប្រកាសទំនាយរបស់ព្រះបានទាយទុកជាមុនថា ទឹកដែលការពារពួកគេនឹង«រីងស្ងួតទៅ» ហើយពួកអ្នកខ្លាំងពូកែរបស់ពួកគេនឹងមិនតយុទ្ធឡើយ។ (យេ. ៥០:៣៨; ៥១:៣០) ទំនាយទាំងនេះបានសម្រេចយ៉ាងល្អិតល្អន់ ពេលជនជាតិមេឌីនិងពើស៊ីបានបំបែរទឹកទន្លេអឺប្រាត ហើយបានដើរលុយទឹកចូលទៅក្នុងក្រុង និងវាយប្រហារជនជាតិបាប៊ីឡូនដោយមិនឲ្យដឹងខ្លួន។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ គឺទំនាយដែលថាក្រុងនោះនឹងក្លាយទៅជាកន្លែងដែលគ្មានមនុស្សរស់នៅ។ (យេ. ៥០:៣៩; ៥១:២៦) ក្រុងបាប៊ីឡូនដែលធ្លាប់ជាក្រុងដែលមានអំណាចយ៉ាងខ្លាំង តែឥឡូវគ្មានមនុស្សរស់នៅ នេះបញ្ជាក់ថាទំនាយរបស់ព្រះគឺត្រឹមត្រូវ។
it-1-E ទំ. ៩៤ វ. ៦
អាំម៉ូន
តាមមើលទៅក្រោយការនិរទេសបណ្ដាជនអ៊ីស្រាអែលនៃរាជាណាចក្រខាងជើងដោយទីកឡាតពីលេស៊ើរទី៣និងអ្នកស្នងរាជ្យម្នាក់របស់គាត់ (២ព. ១៥:២៩; ១៧:៦) ជនជាតិអាំម៉ូនបានចាប់ផ្ដើមមករស់នៅទឹកដីរបស់កុលសម្ព័ន្ធកាដ ជាទឹកដីដែលពួកគេប៉ុនប៉ងដណ្ដើមយកដោយច្បាំងនឹងយែបថា តែមិនបានជោគជ័យទេ។ (សូមពិនិត្យបន្ថែម ទំនុក. ៨៣:៤-៨) ដូច្នេះ នៅក្នុងទំនាយរបស់ព្រះយេហូវ៉ាដែលយេរេមាបានប្រកាស លោកបានបន្ទោសជនជាតិអាំម៉ូនដែលប៉ុនប៉ងដណ្ដើមយកទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធកាដ ហើយបានព្រមានអំពីការបោះបង់ចោលអាំម៉ូននិងម៉ូឡុកដែលជាព្រះរបស់ពួកគេ។ (យេ. ៤៩:១-៥) ប៉ុន្តែ ជនជាតិអាំម៉ូនធ្វើលើសពីនេះដោយបញ្ជូនក្រុមចោរឲ្យទៅធ្វើទុក្ខជនជាតិយូដាក្នុងរជ្ជកាលស្តេចយេហូយ៉ាគីមក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនៃរាជាណាចក្រយូឌា។—២ព. ២៤:២, ៣
jr-E ទំ. ១៦៣ វ. ១៨
«ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ»
១៨ ទំនាយមួយទៀតក៏បានសម្រេចដែរនៅសតវត្សរ៍ទី១ គ.ស.។ ព្រះបានប្រកាសទុកជាមុនតាមរយៈយេរេមាថា ស្រុកអេដំមនៅក្នុងចំណោមប្រជាជាតិដែលនឹងរងទុក្ខដោយសារការលុកលុយនៃជនជាតិបាប៊ីឡូន។ (យេ. ២៥:១៥-១៧, ២១; ២៧:១-៧) ប៉ុន្តែប្រសាសន៍របស់ព្រះយេហូវ៉ាបញ្ជាក់លើសពីនោះ។ អេដំមនឹងដូចសូដុមនិងកូម៉ូរ៉ា។ នោះមានន័យថាគ្មានមនុស្សរស់នៅជារៀងរហូត ហើយលែងមានទៀត។ (យេ. ៤៩:៧-១០, ១៧, ១៨) នោះគឺជាអ្វីដែលបានកើតឡើងមែន។ តើអ្នកគិតថាគេអាចរកឃើញឈ្មោះក្រុងសូដុមនិងកូម៉ូរ៉ានៅក្នុងផែនទីសព្វថ្ងៃនេះឬទេ? អត់ទេ។ គេអាចរកឃើញឈ្មោះក្រុងទាំងពីរនោះតែក្នុងសៀវភៅសម័យបុរាណនិងប្រវត្ដិសាស្ត្រគម្ពីរ ឬនៅលើផែនទីសម្រាប់សម័យនោះប៉ុណ្ណោះ។ ផ្លាវៀស យ៉ូសេហ្វឺសបានរៀបរាប់ថាជនជាតិអេដំមបានត្រូវបង្ខំឲ្យកាន់សាសនាយូដានៅសតវត្សរ៍ទី២ មុនគ.ស.។ ក្រោយមកពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៧០ គ.ស. លែងមានជនជាតិអេដំមទៀត។
ip-2-E ទំ. ៣៥១ វ. ៦
ព្រះយេហូវ៉ាធ្វើឲ្យនាមរបស់លោកល្បីល្បាញ
៦ ប៉ុន្តែហេតុអ្វីព្រះយេហូវ៉ាត្រឡប់មកពីចម្បាំងនៅអេដំម? ជនជាតិអេដំមជាសត្រូវដ៏យូរលង់នៃរាស្ត្រដែលមានកិច្ចព្រមព្រៀងជាមួយនឹងព្រះ។ ពួកគេបន្តចងគំនុំដែលបានចាប់ផ្ដើមពីអេសាវដែលជាបុព្វបុរសរបស់ពួកគេ។ (លោ. ២៥:២៤-៣៤; ជន. ២០:១៤-២១) យើងអាចឃើញច្បាស់ថាគំនុំរបស់អេដំមចំពោះយូដាគឺជ្រាលជ្រៅខ្លាំងណាស់ក្នុងអំឡុងគ្រាលំបាកនៃក្រុងយេរូសាឡិម ពេលជនជាតិអេដំមស្រែកលើកទឹកចិត្តទាហានបាប៊ីឡូន។ (ទំនុក. ១៣៧:៧) ព្រះយេហូវ៉ាចាត់ទុកគំនុំបែបនេះថាជាការប្រមាថលោកផ្ទាល់។ ហេតុនេះហើយបានជាលោកសម្រេចចិត្តវាយប្រហារអេដំមដោយដាវនៃការសងសឹករបស់លោក!—អេ. ៣៤:៥-១៥; យេ. ៤៩:៧-២២