បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ›
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ‹ទ្រង់​មាន​ឫទ្ធានុភាព​ក្នុង . . . គ្រប់​ពាក្យ​សំ​ដី​ដែល​ទ្រង់​ថ្លែង›

      ៨​. ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ តើ​ទ្រង់​បាន​ទទួល​តេជានុភាព​ឲ្យ​ធ្វើ​អ្វី? តើ​ទ្រង់​បាន​ប្រើ​តេជានុភាព​នោះ​យ៉ាង​ដូច​ម្ដេច?

      ៨ តាម​មើល​ទៅ ព្រះ​យេស៊ូ​មិន​បាន​ធ្វើ​អព្ភូតហេតុ​ពេល​ទ្រង់​កំពុង​តែ​ធំ​ឡើង​នៅ​ភូមិ​ណាសារ៉ែត​ទេ។ ប៉ុន្តែ ក្រោយ​ពី​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩​ស.យ. ពេល​ទ្រង់​មាន​ព្រះ​ជន្មាយុ​៣០​ឆ្នាំ ទ្រង់​ក៏​ចាប់​ផ្ដើម​ធ្វើ​អព្ភូតហេតុ។ (លូកា ៣:២១​-​២៣) ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ​ចេស្ដា​ឲ្យ​មក​សណ្ឋិត​លើ​[ព្រះ​យេស៊ូ] ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​បាន​ជា​ផង»។ (កិច្ច​ការ ១០:៣៨) ពាក្យ​ថា«ធ្វើ​ល្អ»បញ្ជាក់​ថា ព្រះ​យេស៊ូ​ប្រើ​តេជានុភាព​ទ្រង់​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ មែន​ទេ? ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​បាន​ក្លាយ​ជា«ព្យាការី​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​[ទ្រង់]​បាន​ធ្វើ​និង គ្រប់​ពាក្យ​សំ​ដី​ដែល[ទ្រង់]បាន​ថ្លែង»។—លូកា ២៤:១៩, ខ.ស.

      ៩​-​១១​. (ក) តើ​ព្រះ​យេស៊ូ​ច្រើន​តែ​បង្រៀន​មនុស្ស​នៅ​កន្លែង​ណា? តើ​កាលៈទេសៈ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ការ​បង្រៀន​ជា​ការ​ពិបាក? (ខ) ហេតុ​អ្វី​បាន​ជា​ហ្វូង​មនុស្ស​នឹក​ប្លែក​ចំពោះ​របៀប​ព្រះ​យេស៊ូ​បង្រៀន?

      ៩ តើ​ព្រះ​យេស៊ូ​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​ពាក្យ​សំ​ដី​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​ច្រើន​តែ​បង្រៀន​មនុស្ស​នៅ​កណ្ដាល​វាល គឺ​នៅ​តាម​ឆ្នេរ នៅ​ជំ​រាល​ភ្នំ ព្រម​ទាំង​នៅ​តាម​ផ្លូវ​និង​នៅ​ឯ​ផ្សារ​ផង​ដែរ។ (ម៉ាកុស ៦:៥៣​-​៥៦; លូកា ៥:១​-​៣; ១៣:២៦) បើ​បន្ទូល​របស់​ទ្រង់​មិន​ទាក់​ទាញ​អារម្មណ៍​របស់​ពួក​គេ​ អ្នក​ស្ដាប់​អាច​ដើរ​ចេញ​បាន។ នៅ​សម័យ​នោះ​គ្មាន​សៀវភៅ​ពុម្ព​ទេ ដូច្នេះ​មនុស្ស​កតញ្ញូ​ដែល​បាន​ស្ដាប់​ទ្រង់ ត្រូវ​ចាំ​បន្ទូល​របស់​ទ្រង់​ជាប់​ក្នុង​ចិត្ត​គំនិត។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក៏​ត្រូវ​ច្បាស់ ក្បោះ​ក្បាយ និង​ស្រួល​ចាំ​ទៀត​ផង។ ប៉ុន្តែ រឿង​នេះ​មិន​ពិបាក​ចំពោះ​ព្រះ​យេស៊ូ​ឡើយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ។

      ១០ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ នៅ​ឆ្នាំ​៣១​ស.យ. មាន​ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជម្រាល​ភ្នំ​ជិត​សមុទ្រ​កាលីឡេ។ ជន​ខ្លះ​បាន​មក​ពី​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ប្រមាណ​ចម្ងាយ​១០០​ដល់​១១០​គីឡូម៉ែត្រ​ពី​សមុទ្រ​កាលីឡេ។ អ្នក​ឯ​ទៀត​បាន​មក​ពី​តំបន់​ឆ្នេរ​នៅ​ក្រុង​ស៊ីដូន​ឬ​ក្រុង​ទីរ៉ុស​នៅ​ទិស​ខាង​ជើង។ មនុស្ស​ឈឺ​ជា​ច្រើន​នាក់​បាន​ចូល​ជិត​ព្រះ​យេស៊ូ​ដើម្បី​ប៉ះ​ទ្រង់ ហើយ​ទ្រង់​បាន​ប្រោស​ពួក​គេ​រាល់​គ្នា​ឲ្យ​ជា។ ពេល​អត់​មាន​មនុស្ស​ណា​ម្នាក់​ដែល​ឈឺ​ធ្ងន់​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នេះ​ហើយ នោះ​ទ្រង់​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ (លូកា ៦:១៧​-​១៩) ក្រោយ​មក ពេល​ព្រះ​យេស៊ូ​បង្រៀន​ចប់​ហើយ ហ្វូង​មនុស្ស​នឹក​អស្ចារ្យ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ឮ។ តើ​ហេតុ​អ្វី​ទៅ?

      ១១ រាប់​ឆ្នាំ​ក្រោយ​មក មនុស្ស​ម្នាក់​ដែល​ស្ដាប់​ធម្មទាន​នោះ​បាន​សរសេរ​ថា៖ «បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពីព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច»។ (ម៉ាថាយ ៧:២៨, ២៩) បន្ទូល​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ស្ដាប់​ជា​ខ្លាំង។ ទ្រង់​មាន​បន្ទូល​តាង​នាម​ព្រះ​និង​ក៏​គាំ​ទ្រ​ការ​បង្រៀន​របស់​ទ្រង់​ដោយ​អំណាច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។ (យ៉ូហាន ៧:១៦) អ្វី​ព្រះ​យេស៊ូ​មាន​បន្ទូល​គឺ​ជាក់​ច្បាស់ ការ​ដាស់​តឿន​របស់​ទ្រង់​នាំ​ឲ្យ​គេ​ជឿ​តាម ហើយ​ការ​វែក​ញែក​របស់​ទ្រង់​មិន​អាច​ត្រូវ​បង្ហាញ​ថា​ខុស​ឡើយ។ បន្ទូល​របស់​ទ្រង់​បាន​សំដៅ​ចំ​ចំណុច​សំខាន់ៗ ហើយ​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ត​អ្នក​ស្ដាប់។ ទ្រង់​បាន​បង្រៀន​ពួក​គេ​អំពី​របៀប​រក​សុភមង្គល​ឃើញ របៀប​អធិស្ឋាន របៀប​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​របៀប​កសាង​អនាគត​ខ្លួន​ឲ្យ​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ។ (ម៉ាថាយ ៥:៣–៧:២៧) បន្ទូល​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត​ភ្ញាក់​រឭក។ អ្នក​ទាំង​នេះ​សុខ​ចិត្ត«លះ​កាត់​ចិត្ត»ខ្លួន​និង​លះ​បង់​អ្វី​ទាំង​អស់​ដើម្បី​កាន់​តាម​ទ្រង់។ (ម៉ាថាយ ១៦:២៤; លូកា ៥:១០, ១១) នេះ​បញ្ជាក់​ឲ្យ​ឃើញ​អំណាច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​យ៉ាង​ច្បាស់​ណាស់!

      ‹មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ទ្រង់​ធ្វើ›

      ១២, ១៣​. តើ​ព្រះ​យេស៊ូ​បាន‹មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ទ្រង់​ធ្វើ›យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​ខុសៗ​គ្នា​យ៉ាង​ណា​ខ្លះ?

      ១២ ព្រះ​យេស៊ូ​ក៏«មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល[ទ្រង់]បាន​ធ្វើ»ដែរ។ (លូកា ២៤:១៩, ខ.ស.) សៀវភៅ​ដំណឹង​ល្អ​ចែង​អំពី​អព្ភូតហេតុ​ជាង​៣០​ផ្សេងៗ​គ្នា ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ​សុទ្ធ​សឹង​តែ​ពឹង​លើ ‹ព្រះ​ចេស្ដា​នៃ​ព្រះ​យេហូវ៉ា›ទាំង​អស់។b (លូកា ៥:១៧) អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​បាន​មាន​អានុភាព​លើ​ជីវិត​របស់​មនុស្ស​រាប់​ពាន់​នាក់។ បើ​គិត​អំពី​អព្ភូតហេតុ​តែ​ពីរ​ប៉ុណ្ណោះ មាន​មនុស្ស​ប្រមាណ​២០.០០០​នាក់​បាន​ទទួល​ប្រយោជន៍​ពី​អព្ភូតហេតុ​របស់​ទ្រង់​នោះ គឺ​ពេល​ទ្រង់​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​ម្ហូប​អាហារ​ដើម្បី​ចំអែ​ត​ដល់​បុរស​៥.០០០​នាក់ និង​នៅ​គ្រា​មួយ​ផ្សេង​ទៀត​ទ្រង់​ប្រទាន​អាហារ​ដល់​បុរស​៤.០០០​នាក់​ដោយ​មិន​រាប់«ពួក​ស្រីៗ​នឹង​កូន​ក្មេង​ទេ»។—ម៉ាថាយ ១៤:១៣​-​២១; ១៥:៣២​-​៣៨

      ‹ពួក​គេ​ឃើញ​ព្រះ​យេស៊ូ​យាង​លើ​ផ្ទៃ​សមុទ្រ›

      ១៣ អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​មាន​ច្រើន​យ៉ាង​ខុសៗ​គ្នា​ទាំង​អស់។ ទ្រង់​មាន​អំណាច​លើ​ពួក​ព្រាយ​បិសាច​និង​បាន​បណ្ដេញ​ពួក​វា​ចេញ​ពី​មនុស្ស​បាន​យ៉ាង​ងាយ​ស្រួល។ (លូកា ៩:៣៧​-​៤៣) ទ្រង់​មាន​អំណាច​លើ​រូប​ធាតុ ជាក់​ស្តែង​ដូច​ពេល​ទ្រង់​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ជា​ស្រា។ (យ៉ូហាន ២:១​-​១១) ពួក​សិស្ស​របស់​ទ្រង់​បាន​នឹក​ស្ញប់​ស្ញែង​ពេល​ទ្រង់​ដើរ​លើ​ទឹក​សមុទ្រ​កាលីឡេ​ដែល​កំពុង​តែ​កញ្ជ្រោល​បក់​បោក។ (យ៉ូហាន ៦:១៨, ១៩) ទ្រង់​មាន​អំណាច​លើ​ជំងឺ និង​បាន​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ពិការ​ភាព ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត។ (ម៉ាកុស ៣:១​-​៥; យ៉ូហាន ៤:៤៦​-​៥៤) ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ទាំង​នេះ​តាម​វិធី​ផ្សេងៗ។ មនុស្ស​ខ្លះ​ទ្រង់​បាន​ប្រោស​ពី​ចម្ងាយ រីឯ​អ្នក​ខ្លះ​ទៀត​ទ្រង់​បាន​ពាល់​ដោយ​ផ្ទាល់។ (ម៉ាថាយ ៨:២, ៣, ៥​-​១៣) អ្នក​ឯ​ទៀត​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​ភ្លាមៗ ឯ​ចំណែក​បុគ្គល​ផ្សេង​ទៀត ពួក​គេ​បាន​ត្រូវ​ប្រោស​បន្ដិច​ម្ដងៗ។—ម៉ាកុស ៨:២២​-​២៥; លូកា ៨:៤៣, ៤៤

      ១៤​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ទ្រង់​មាន​តេជានុភាព​ក្នុង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​កាលៈទេសៈ​អ្វី​ខ្លះ?

      ១៤ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ព្រះ​យេស៊ូ​មាន​សមត្ថភាព​រំដោះ​មនុស្ស​ពី​សេចក្ដី​ស្លាប់​ទៀត​ផង។ នៅ​បី​គ្រា​ផ្សេង​គ្នា ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ពេល​មួយ ទ្រង់​ប្រោស​ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​វិញ។ នៅ​ពេល​មួយ​ទៀត ទ្រង់​ប្រោស​កូន​ប្រុស​ទោល​របស់​ស្ត្រី​មេ​ម៉ាយ​មួយ​រូប ហើយ​នៅ​គ្រា​មួយ​ផ្សេង​ទៀត​ទ្រង់​ប្រោស​បុរស​ម្នាក់​ដែល​ជា​ប្អូន​សំណប់​របស់​ស្ត្រី​ពីរ​នាក់។ (លូកា ៧:១១​-​១៥; ៨:៤៩​-​៥៦; យ៉ូហាន ១១:៣៨​-​៤៤) គ្មាន​កាលៈទេសៈ​ណា​ដែល​ពិបាក​ហួស​ពី​សមត្ថភាព​របស់​ព្រះ​យេស៊ូ​ឡើយ។ ទ្រង់​បាន​ប្រោស​ក្មេង​ស្រី​ដែល​មាន​អាយុ​១២​ឆ្នាំ​នោះ​ឲ្យ​ជា​មិន​យូរ​ក្រោយ​ពី​នាង​បាន​ស្លាប់​នៅ​លើ​គ្រែ ហើយ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេ​ម៉ាយ​ពី​ក្ដារ​មឈូស​ដែល​ទំនង​ជា​ថ្ងៃ​នោះ​គាត់​បាន​ស្លាប់។ រួច​មក ទ្រង់​ប្រោស​ឡា​សារ​ពី​ផ្នូរ ក្រោយ​គាត់​បាន​ស្លាប់​អស់​បួន​ថ្ងៃ។

  • ‹ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ›
    ចូរចូលទៅជិតព្រះយេហូវ៉ា
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក