បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ៥ ទំ. ៤៣-៥២
  • តើព្រះទ្រង់ទទួលការថ្វាយបង្គំរបស់អ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះទ្រង់ទទួលការថ្វាយបង្គំរបស់អ្នកណា?
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត
  • ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា
  • ចំណេះ​ត្រឹម​ត្រូវ​—⁠ជា​ការ​ការពារ
  • បង្រៀន​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស
  • ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​ទាស់​ព្រះ​ហឫទ័យ
  • ប្រតិបត្ដិ​តាម​ខ្នាតតម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ
  • ការ​ថ្វាយ​បង្គំ​អស់​ពី​ចិត្ត
  • ការគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ការគោរពប្រណិប័តន៍ពិតនឹងនាំឲ្យអ្នកមានអំណរថែមទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើព្រះជានរណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • លោកយេស៊ូបង្រៀនស្ត្រីជនជាតិសាម៉ារីម្នាក់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ៥ ទំ. ៤៣-៥២

ជំពូក​ទី៥

តើ​ព្រះ​ទ្រង់​ទទួល​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ណា?

តើ​អ្នក​ដែល​បាន​ងឿង​ឆ្ងល់​ឬ​ទេ ថា​‹តើ​ព្រះ​ទ្រង់​ទទួល​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ណា›? ស្ត្រី​ម្នាក់​ប្រហែល​នឹក​ដល់​សំនួរ​បែប​នេះ​ក្នុង​ចិត្ត​នាង ពេល​នាង​ទូល​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ នៅ​ជិត​ភ្នំ​កេរិស៊ីម ក្នុង​ស្រុក​សាម៉ារី។ ទាក់ទាញ​អារម្មណ៍​ទៅ​លើ​ការ​ខុស​គ្នា រវាង​ការ​ថ្វាយ​បង្គំ​របស់​សាសន៍​សាម៉ារី​និង​របស់​សាសន៍​យូដា នាង​បាន​ពោល​ឡើង​ថា៖ «ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ»។ (យ៉ូហាន ៤:⁠២០) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ស្ត្រី​សាសន៍​សាម៉ារី​ថា ព្រះ​ទទួល​ការ​ថ្វាយ​បង្គំ​ទាំង​អស់​ឬ? ឬ​ក៏​ទ្រង់​ប្រាប់​ថា ត្រូវ​តែ​មាន​របស់​ជាក់លាក់​ខ្លះ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ?

២ ចម្លើយ​ដែល​នាំ​ឲ្យ​ភ្ញាក់​របស់​ព្រះ​យេស៊ូ​នេះ​គឺ​ថា⁠៖ «នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ​វរបិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទេ»។ (យ៉ូហាន ៤:⁠២១) ពួក​សាសន៍​សាម៉ារី​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​យូរ​មក​ហើយ⁠ៗ​បាន​ថ្វាយបង្គំ​ព្រះ​ឯ​ទៀត​នៅ​លើ​ភ្នំ​កេរិស៊ីម។ (ពង្សាវតារក្សត្រទី២ ១៧:⁠៣៣) តែ​ឥឡូវ​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​ថា ទី​នោះ​ក៏​ដោយ ឬ​ក្រុង​យេរូសាឡិម​ក៏​ដោយ គឺ​មិន​សំខាន់​ទេ​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត។

ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត

៣ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នាង​សាសន៍​សាម៉ារី​ត​ទៀត​ថា⁠៖ «អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា»។ (យ៉ូហាន ៤:⁠២២) ពួក​សាសន៍​សាម៉ារី​មានគំនិតខាង​សាសនា​មិន​ពិត ហើយ​ទទួល​ស្គាល់​តែ​សៀវភៅ​ប្រាំ​ដំបូង​ក្នុង​ព្រះ​គម្ពីរ ថា​បណ្ដាល​មក​ពី​ព្រះ​—⁠ហើយ​សៀវភៅ​ដែល​គេ​ទទួល​ស្គាល់​នេះ​ក៏​ត្រូវ​ខ្លួន​គេ​កែ​ឆ្នៃ​ផង ដែល​ហៅ​ថា សៀវភៅ​ប្រាំ​ដំបូង​នៃ​ព្រះ​គម្ពីរ​សាម៉ារី។ ដូច្នេះ ពួក​គេ​មិន​សូវ​ស្គាល់​ព្រះ​ណាស់​ណា​ទេ។ តែ​ឯ​ពួក​សាសន៍​យូដា​វិញ​បាន​ទទួល​ចំណេះ​ខាង​បទ​គម្ពីរ។ (រ៉ូម ៣:​១, ២) បទ​គម្ពីរ​ផ្ដល់​ឲ្យ​ពួក​សាសន៍​យូដា​ដ៏​ស្មោះ​ត្រង់​និង​អ្នក​ឯ​ទៀត​ដែល​នឹង​ស្ដាប់​តាម នូវ​អ្វី​ដែល​គេ​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ។

៤ តាម​ការ​ពិត ព្រះ​យេស៊ូ បង្ហាញ​ថា សាសន៍​យូដា​ព្រម​ទាំង​សាសន៍​សាម៉ារី ត្រូវ​តែ​កែ​របៀប​ថ្វាយ​បង្គំ​របស់​គេ ដើម្បី​ឲ្យ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ ទ្រង់​មាន​បន្ទូល​ថា⁠៖ «នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពីព្រោះ​ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ​ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់ ឯ​ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ»។ (យ៉ូហាន ៤:​២៣, ២៤) ដើម្បី​ថ្វាយ​បង្គំ​ព្រះ​«ដោយ​វិញ្ញាណ» យើង​ត្រូវតែ​មាន​វិញ្ញាណ​របស់​ទ្រង់ និង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​នោះ​ដឹកនាំ​យើង​តទៅ​ទៀត។ យើង​អាច​ថ្វាយ​បង្គំ​ព្រះ​‹ដោយ​សេចក្ដី​ពិត›​បាន ដោយ​រៀន​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ ហើយ​ដោយ​ថ្វាយ​បង្គំ​ទ្រង់​ស្រប​តាម​សេចក្ដី​ពិត ដែល​ទ្រង់​សម្ដែង​ឲ្យ​ឃើញ។ តើ​អ្នក​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​ឬ​ទេ?

៥ ព្រះ​យេស៊ូ​បញ្ជាក់​ថា ព្រះ​ទ្រង់​ចង់​បាន​ការ​ថ្វាយ​បង្គំ​ពិត។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​របៀប​ថ្វាយ​បង្គំ​ផ្សេង​ឯ​ទៀត ដែល​ព្រះ​យេហូវ៉ា​មិន​ទទួល។ ថ្វាយ​បង្គំ​ព្រះ​គឺ​មាន​ន័យ​ថា គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ ហើយ​បំរើ​ទ្រង់​ក្នុង​កិច្ចការ​ពិសិដ្ឋ។ ប្រសិន​បើ​អ្នក​ចង់​គោរព​អ្នក​គ្រប់គ្រង​ដ៏​មាន​អំណាច អ្នក​ប្រហែល​នឹង​មាន​ចិត្ត​ចង់​បំរើ​លោក ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​បាន​គាប់​ចិត្ត។ ដូច្នេះ គឺ​ប្រាកដ​ហើយ យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ ជាជាង​គ្រាន់​តែ​ថា ‹សាសនា​ខ្ញុំ​គឺ​សម​ល្មម​សំរាប់​ខ្ញុំ​ហើយ› យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​ដឹង​ជា​ប្រាកដ​ថា ការ​ថ្វាយ​បង្គំ​របស់​យើង គឺ​ពិត​ជា​ស្រប​តាម​តម្រូវ​នៃ​ព្រះ​មែន។

ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា

៦ សូម​យើង​អាន​ម៉ាថាយ ៧:​២១​-​២៣ មើល​ថា​តើ​យើង​អាច​រំលែក​កត្ដា​សំខាន់​មួយ​ចេញ ដែល​កំណត់​ប្រាប់​ថា ការ​ថ្វាយ​បង្គំ​ទាំង​អស់​សុទ្ធតែ​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​ឬ​យ៉ាង​ណា។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ​អម្ចាស់⁠ៗអើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់⁠ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ​បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី?› នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ! នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ»។

៧ ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ គឺ​ជា​ការ​សំខាន់​ជា​ចាំបាច់​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត។ ប៉ុន្តែ​មាន​ខ្វះ​អ្វី​ផ្សេង​ទៀត​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​ជា​ច្រើន ដែល​អះអាង​ថា ខ្លួន​ជា​សិស្ស​របស់​ព្រះ​យេស៊ូ។ ទ្រង់​មាន​បន្ទូល​ថា អ្នក​ខ្លះ​នឹង​ធ្វើ​«ការ​ឫទ្ធិ​បារមី» ដូច​ជា​ការ​ព្យាបាល​រោគ​ដោយ​អព្ភូតហេតុ​ដ៏​មិន​ពិត។ ប៉ុន្តែ ពួក​គេ​មិន​បាន​ធ្វើ​ទេ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រាប់​ថា ជា​ការ​សំខាន់​បំផុត។ ពួក​គេ​មិន​«ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​[របស់​ទ្រង់]​»។ បើ​យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ យើង​ត្រូវ​តែ​រៀន​ឲ្យ​ដឹង​ថា​អ្វី​ជា​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ហើយ​ប្រព្រឹត្ត​តាម​ផង។

ចំណេះ​ត្រឹម​ត្រូវ​—⁠ជា​ការ​ការពារ

៨ ដើម្បី​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ យើង​ត្រូវ​តែ​មាន​ចំណេះ​ត្រឹម​ត្រូវ អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ទាំង​ពីរ​អង្គ​នេះ។ ចំណេះ​បែប​នេះ​នឹង​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ ដូច្នេះ គឺ​ប្រាកដ​ហើយ យើង​ទាំង​អស់​គ្នា​ចង់​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ឲ្យ​បាន​ចំណេះ​ត្រឹម​ត្រូវ​ពី​បន្ទូល​នៃ​ព្រះ គឺ​ព្រះ​គម្ពីរ។ អ្នក​ខ្លះ​និយាយ​ថា ចាំបាច់​ខ្វល់ខ្វាយ​ធ្វើ​អ្វី ឲ្យ​តែ​យើង​ស្មោះ​ត្រង់ ហើយ​ខំ​ខ្នះខ្នែង​ក្នុង​ការ​ថ្វាយ​បង្គំ​យើង​ទៅ​បាន​ហើយ។ អ្នក​ខ្លះ​ទៀត​អះអាង​ថា ‹បើ​យើង​ចេះ​តិច គេ​ត្រូវ​ការ​យើង​តិច›។ ប៉ុន្តែ ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចំរើន​ចំណេះ​ថែម​ទៀត អំពី​ព្រះ​និង​គោល​បំណង​នៃ​ទ្រង់។​—⁠អេភេសូរ ៤:⁠១៣; ភីលីព ១:៩; កូល៉ុស ១:៩

៩ ចំណេះ​បែប​នេះ​ជួយ​ការពារ​ការ​ថ្វាយ​បង្គំ​របស់​យើង កុំ​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ។ សាវ័ក​ប៉ុល​និយាយ​អំពី​បុគ្គល​វិញ្ញាណ​មួយ​រូប ដែល​ពុត​ធ្វើ​ជា​«ទេវតា​នៃ​ពន្លឺ»។ ​(កូរិនថូសទី២ ១១:⁠១៤) ដោយ​ក្លែង​ខ្លួន​ដូច្នេះ បុគ្គល​វិញ្ញាណ​នេះ​—⁠គឺ​សាតាំង​—⁠ខំ​រក​នាំ​ឲ្យ​យើង​វង្វេង​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​ខុស​ផ្ទុយ​ពី​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ។ បុគ្គល​វិញ្ញាណ​ឯ​ទៀត ដែល​ចូល​គ្នា​ជា​មួយ​សាតាំង ក៏​បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​ក្លាយ​ជា​មិន​បរិសុទ្ធ ដ្បិត​សាវ័ក​ប៉ុល​បាន​ប្រាប់​ថា⁠៖ «ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ»។ (កូរិនថូសទី១ ១០:⁠២០) មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ស្មាន​ថា ខ្លួន​កំពុង​ថ្វាយ​បង្គំ​តាម​របៀប​ត្រឹម​ត្រូវ​ហើយ ថ្វី​បើ​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ព្រះ​ក៏​ដោយ។ ពួក​គេ​កំពុង​តែ​ត្រូវ​វង្វេង​ទៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ក្លែង​ក្លាយ​ដ៏​មិន​ស្អាត​ស្អំ។ យើង​នឹង​រៀន​អំពី​សាតាំង​ថែម​ទៀត​នៅ​លើក​ក្រោយ ប៉ុន្តែ​សត្រូវ​ទាំង​នេះ​របស់​ព្រះ​ពិត បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​ជាតិ​ក្លាយ​ជា​មិន​បរិសុទ្ធ​មែន។

១០ បើ​អ្នក​ដឹង​ថា នរណា​ម្នាក់​បាន​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក​របស់​អ្នក​ដោយ​ចេតនា តើ​អ្នក​នៅ​តែ​ផឹក​ទឹក​នោះ​ឬ? ប្រាកដ​ហើយ អ្នក​នឹង​ទៅ​រក​ប្រភព​ដែល​ផ្ដល់​ទឹក​ល្អ​ភ្លាម។ ហ្នឹង​ហើយ ចំណេះ​ត្រឹម​ត្រូវ​អំពី​បន្ទូល​របស់​ព្រះ ជួយ​អ្នក​ឲ្យ​រក​សម្គាល់​សាសនា​ពិត ហើយ​ផ្ទាត់​ចោល​សេចក្ដី​មិន​បរិសុទ្ធ​ទាំង​អស់​វិញ ដែល​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ។

បង្រៀន​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស

១១ កាល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ពួក​សាសន៍​យូដា​ជា​ច្រើន​មិន​ប្រព្រឹត្ត​តាម​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ទេ។ ដូច្នេះ ពួក​គេ​ក៏​បាន​បាត់បង់​ឱកាស​ទទួល​ឋានៈ​ស្អាត​ស្អំ នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​ពួក​គេ​នេះ​ថា⁠៖ «ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ស្រប​តាម​ចំណេះ​ត្រឹម​ត្រូវ​ទេ»។ (រ៉ូម ១០:⁠២, ព.ថ.) ពួក​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ថា​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ដូច​ម្ដេច ជាជាង​ស្ដាប់​តាម​បន្ទូល​នៃ​ទ្រង់។

១២ ពួក​សាសន៍​អ៊ីស្រាអែល​កាល​ដើម​ដំបូង អនុវត្ត​សាសនា​បរិសុទ្ធ​ដែល​ព្រះ​ប្រទាន​ឲ្យ ប៉ុន្តែ សាសនា​របស់​គេ​បាន​ក្លាយ​ជា​មិន​បរិសុទ្ធ ដោយ​សេចក្ដី​បង្រៀន​នឹង​ទស្សនៈ​នៃ​មនុស្ស។ (យេរេមា ៨:​៨, ៩; ម៉ាឡាគី ២:​៨, ៩; លូកា ១១:⁠៥២) ថ្វី​បើ​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា ដែល​គេ​ល្បី​ហៅ​ថា​ពួក​ផារីស៊ី គិត​ស្មាន​ថា ការ​ថ្វាយ​បង្គំ​របស់​គេ គឺ​សព្វ​ព្រះ​ហឫទ័យ​នៃ​ព្រះ ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា⁠៖ «ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ជនជាតិ​នេះ គេ​គោរព​ប្រតិបត្ដិ​អញ​តែ​បបូរមាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ដែល​គេ​ថ្វាយ​បង្គំ​អញ ដោយ​បង្រៀន​សេចក្ដី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ› »។​—⁠ម៉ាកុស ៧:⁠៦, ៧

១៣ តើ​យើង​អាច​ប្រព្រឹត្ត​ដូច​ពួក​ផារីស៊ី​ដែរ​ឬ? នេះ​អាច​កើត​ឡើង​បាន បើសិន​ជា​យើង​ធ្វើ​តាម​ប្រពៃណី​សាសនា​ដែល​យើង​មាន​ពី​ដូន​តា​មក ជាជាង​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​អំពី​ការ​ថ្វាយ​បង្គំ។ ក្នុង​ការ​ព្រមាន​អំពី​គ្រោះថ្នាក់​ពិត​មែន​ទែន​នេះ ប៉ុល​បាន​សរសេរ​ប្រាប់​ថា⁠៖ «ព្រះ​វិញ្ញាណ​ប្រាប់​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាចាក​ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្ដាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស»។ (ធីម៉ូថេទី១ ៤:⁠១, ព​.​ថ​.) ដូច្នេះ គ្រាន់​តែ​គិត​ស្មាន​ថា ការ​ថ្វាយ​បង្គំ​របស់​យើង​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ នោះ​គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច​ស្ត្រី​សាសន៍​សាម៉ារីដែល​ជួប​ព្រះ​យេស៊ូ យើង​ក៏​ប្រហែល​ជា​បាន​ទទួល​របៀប​ថ្វាយ​បង្គំ​របស់​យើង ពី​ឪពុក​ម្ដាយ​មក​ដែរ។ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រាកដ​ថា ការ​ដែល​យើង​ធ្វើ គឺ​ពិត​ជា​ស្រប​នឹង​ព្រះ​ហឫទ័យ​នៃ​ព្រះ​មែន។

ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​ទាស់​ព្រះ​ហឫទ័យ

១៤ បើសិន​ជា​យើង​មិន​ប្រយ័ត្ន យើង​ប្រហែល​នឹង​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ដែរ។ ជា​ឧទាហរណ៍ សាវ័ក​យ៉ូហាន​បាន​ទម្លាក់​ខ្លួន នៅ​ទៀប​ជើង​ទេវតា «ដើម្បី​ថ្វាយ​បង្គំ​ទ្រង់»។ ប៉ុន្តែ​ទេវតា​ព្រមាន​ថា⁠៖ «ចូរ​ប្រយ័ត្ន! កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ! ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​បងប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូ​ដែរ ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ»។ (វិវរណៈ ១៩:⁠១០, ព​.​ថ​.) ដូច្នេះ តើ​អ្នក​ឃើញ​ឬ​ទេ​ថា អ្នក​ត្រូវ​តែ​ប្រាកដ កុំ​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​រូប​គ្រប់​បែប​យ៉ាង​ណា​មក​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ក្លាយ​ជា​មិន​បរិសុទ្ធ​ឡើយ។​—⁠កូរិនថូសទី១ ១០:⁠១៤

១៥ ពេល​គ្រីស្ទាន​ខ្លះ ចាប់​ផ្ដើម​អនុវត្ត​ទំនៀម​ទម្លាប់​សាសនា​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​នៃ​ព្រះ នោះ​ប៉ុល​បាន​សួរ​ថា⁠៖ «ដូច​ម្ដេច​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​ខ្សោយ ហើយ​ទាបថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្ដង​ទៀត​នោះ? អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ​នឹង​ឆ្នាំ​ផ្សេង⁠ៗ ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា​ឥត​ប្រយោជន៍»។ (កាឡាទី ៤:​៨​-​១១) ពួក​អ្នក​ទាំង​នោះ​បាន​ចំណេះ​អំពី​ព្រះ​ហើយ តែ​ក្រោយ​មក​ទៅ​ជា​ប្រព្រឹត្ត​ខុស ដោយ​ប្រតិបត្ដិ​តាម​ទំនៀម​ទម្លាប់​សាសនា នឹង​ថ្ងៃ​បុណ្យ​ដែល​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ។ ដូច​ប៉ុល​បាន​ប្រាប់ យើង​ត្រូវ​តែ​«លមើល​ឲ្យ​ដឹង​សេចក្ដី​អ្វី ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ»។​—⁠អេភេសូរ ៥:⁠១០

១៦ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ដឹង​ជា​ប្រាកដ​ថា យើង​ជៀសវាង​ថ្ងៃ​បុណ្យ​សាសនា​និង​ទំនៀម​ទម្លាប់​ផ្សេង⁠ៗឯ​ទៀត ដែល​បំពាន​លើ​គោលការណ៍​នៃ​ព្រះ។ (ថែស្សាឡូនីចទី១ ៥:⁠២១) ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា⁠៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:⁠១៦) តើ​សាសនា​របស់​អ្នក​ចូល​រួម​ក្នុង​ពិធី​នឹង​ថ្ងៃ​បុណ្យ​ណា ដែល​បំពាន​លើ​គោលការណ៍​ខាង​​អព្យាក្រឹត​ភាព​ក្នុង​រឿងរ៉ាវ​របស់​លោកីយ​នេះ​ឬ? ឬ​ក៏​ពួក​អ្នក​កាន់​សាសនា​របស់​អ្នក​ជួន​កាល​រួម​ចំណែក​ក្នុង​ទំនៀម​ទម្លាប់ និង​ពិធី​បុណ្យ ដែល​អាច​មាន​រួម​ការ​ប្រព្រឹត្ត​ដូច​មួយ​ដែល​រៀប​រាប់​ដោយ​សាវ័ក​ពេត្រុស​ទេ? លោក​សរសេរ​ថា⁠៖ «ដែល​ពីដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាសអាភាស ការ​ស្រើបស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​សុទ្ធតែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ»។​—⁠ពេត្រុសទី១ ៤:⁠៣

១៧ សាវ័ក​យ៉ូហាន​បញ្ជាក់​អំពី​ការ​ត្រូវ​ការ​ជៀសវាង​ពី​ការ​អនុវត្ត​ណា ដែល​សម្ដែង​នូវ​គំនិត​នៃ​លោកីយ៍ ដែល​មិន​គោរព​ព្រះ ដ៏​នៅ​ជុំវិញ​យើង​នេះ។ យ៉ូហាន​សរសេរ​ថា⁠៖ «កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ ​(យ៉ូហានទី១ ២:​១៥​-​១៧) តើ​អ្នក​កត់​សម្គាល់​ឃើញ​ឬ​ទេ ថា​ពួក​អ្នក​ដែល​‹ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ›​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច? ត្រូវ​ហើយ បើ​យើង​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ហើយ​ជៀសវាង​សកម្មភាព ដែល​សម្ដែង​នូវ​គំនិត​របស់​លោកីយ​នេះ នោះ​យើង​អាច​សង្ឃឹម​ថា បាន​ជីវិត​អស់កល្ប​ជានិច្ច!

ប្រតិបត្ដិ​តាម​ខ្នាតតម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ

១៨ ព្រះ​ចង់​បាន​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ខ្នាតតម្រា​សីលធម៌ ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់ ធ្វើ​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់។ អ្នក​ខ្លះ​នៅ​ស្រុក​កូរិនថូស ជំនាន់​បុរាណ​ច្រឡំ​ស្មាន​តែ​ព្រះ​អនុញ្ញាត ឲ្យ​មាន​ចរិយា​ដ៏​ឥត​សីលធម៌។ យើង​អាច​ឃើញ​ថា ពួក​គេ​គឺ​ខុស​យាង​ណា​ដោយ​អាន​​កូរិនថូសទី១ ៦:​៩, ១០។ បើ​យើង​នឹង​ថ្វាយ​បង្គំ​ព្រះ​ឲ្យ​ស្រប​តាម​ព្រះ​ហឫទ័យ នោះ​យើង​ត្រូវ​តែ​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​ក្នុង​ពាក្យ​សំដី និង​អំពើ​ប្រព្រឹត្ត​ផង។ តើ​របៀប​ថ្វាយ​បង្គំ​របស់​អ្នក​អាច​ឲ្យ​អ្នក​ធ្វើ​ដូច្នោះ​ឬ​ទេ?​—⁠ម៉ាថាយ ១៥:៨; ២៣:​១​-​៣

១៩ ការ​ទាក់ទង​របស់​យើង ជា​មួយ​មនុស្ស​ឯ​ទៀត​ក៏​ត្រូវ​តែ​សម្ដែង​នូវ​ខ្នាតតម្រា​របស់​ព្រះ​ដែរ។ ព្រះ​យេស៊ូ​គ្រីស្ទ លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​នឹង​អ្នក​ឯ​ទៀត​តាម​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត នឹង​យើង​យ៉ាង​ដូច្នេះ​ដែរ ដ្បិត​នេះ​គឺ​ជា​ចំណែក​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ (ម៉ាថាយ ៧:⁠១២) សូម​កត់​សម្គាល់​បន្ទូល​របស់​ទ្រង់ ដែល​ប្រាប់​អំពី​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​នឹង​គ្នា​ដូច​ជា​បងប្អូន​ថា⁠៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:⁠៣៥) ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រព្រឹត្ត​អំពើ​ល្អ ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​ដូច​គ្នា និង​មនុស្ស​ឯ​ទៀត​ផង។​—⁠កាឡាទី ៦:⁠១០

ការ​ថ្វាយ​បង្គំ​អស់​ពី​ចិត្ត

២០ ក្នុង​ចិត្ត​របស់​អ្នក អ្នក​ប្រហែល​ចង់​ថ្វាយ​បង្គំ​ព្រះ​ឲ្យ​ស្រប​តាម​ព្រះ​ហឫទ័យ។ បើ​ពិត​ជា​ដូច្នេះ​មែន នោះ​អ្នក​ត្រូវ​តែ​មាន​ទស្សនៈ​របស់​ព្រះ​អំពី​ការ​ថ្វាយ​បង្គំ។ យ៉ាកុប​បញ្ជាក់​ប្រាប់​ថា គឺ​ទស្សនៈ​របស់​ព្រះ មិន​មែន​របស់​យើង​ទេ​ដែល​សំខាន់​នោះ។ យ៉ាកុប​និយាយ​ថា⁠៖ «ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ក៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។ (យ៉ាកុប ១:⁠២៧) ដោយ​ប្រាថ្នា​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ យើង​ម្នាក់⁠ៗត្រូវ​តែ​ពិនិត្យ​មើល​ការ​ថ្វាយ​បង្គំ​របស់​យើង ដើម្បី​ប្រាកដ​កុំ​ឲ្យ​មាន​ការ​អនុវត្ត ដ៏​ប្រឆាំង​នឹង​ព្រះ មក​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​យើង​ក្លាយ​ជា​មិន​បរិសុទ្ធ ឬ​កុំ​ឲ្យ​យើង​ខ្វះ​អ្វី​ដែល​ទ្រង់​ចាត់​ទុក​ជា​ការ​សំខាន់​បំផុត​នោះ​ឡើយ។​—⁠យ៉ាកុប ១:⁠២៦

២១ គឺ​មាន​តែ​ការ​ថ្វាយ​បង្គំ​ដ៏​ស្អាត​ស្អំ ដ៏​អស់​ពី​ចិត្ត​ប៉ុណ្ណោះ ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ២២:⁠៣៧; កូល៉ុស ៣:⁠២៣) ពេល​សាសន៍​អ៊ីស្រាអែល​ថ្វាយ​បង្គំ​ព្រះ​មិន​បាន​ដិត​ដល់​ដូច​នេះ ទ្រង់​ក៏​មាន​បន្ទូល​ថា⁠៖ «ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត​ខ្លាច​ដល់​ចៅហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា? ហើយ​បើ​អញ​ជា​ចៅហ្វាយ តើ​សេចក្ដី​កោត​ខ្លាច​ដល់​អញ​នៅ​ឯ​ណា»? ពួក​គេ​ធ្វើ​ឲ្យ​ព្រះ​ទាស់​ព្រះ​ហឫទ័យ ដោយ​ថ្វាយ​សត្វ​ខ្វាក់​ខ្ញើច និង​ឈឺ​ជា​យញ្ញបូជា​ដល់​ទ្រង់ ហើយ​ទ្រង់​មិន​ព្រម​ទទួល​ការ​ថ្វាយ​បង្គំ​បែប​នេះ​ឡើយ។ (ម៉ាឡាគី ១:​៦​-​៨) ព្រះ​យេហូវ៉ា​ទ្រង់​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​បំផុត ហើយ​ទ្រង់​ទទួល​យក​តែ​ភក្ដីភាព​ដាច់​មុខ​ពី​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់។​—⁠និក្ខមនំ ២០:៥; សុភាសិត ៣:៩; វិវរណៈ ៤:⁠១១

២២ ស្ត្រី​សាសន៍​សាម៉ារី ដែល​ទូល​ដល់​ព្រះ​យេស៊ូ ហាក់​មាន​ការ​ចាប់​អារម្មណ៍ ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ បើ​ចិត្ត​យើង​ប្រាថ្នា​ចង់​ធ្វើ​ដូច្នេះ យើង​នឹង​ជៀសវាង​អស់​ទាំង​សេចក្ដី​បង្រៀន​និង​ការ​អនុវត្ត ដែល​បំផ្លាញ​ដល់​សេចក្ដី​បរិសុទ្ធ។ (កូរិនថូសទី២ ៦:​១៤​-​១៨) តែ​យើង​នឹង​ខំ​ប្រឹងប្រែង​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ ហើយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ទ្រង់​វិញ។ យើង​នឹង​ប្រព្រឹត្ត​ឲ្យ​បាន​ដិត​ដល់ តាម​សេចក្ដី​តម្រូវ​នៃ​ទ្រង់​សំរាប់​ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​ទ្រង់​ទទួល។ (ធីម៉ូថេទី១ ២:​៣, ៤) ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ដូច្នេះ​ឯង ហើយ​ពួក​គេ​មាន​ចិត្ត​កក់ក្ដៅ តឿន​អ្នក​ឲ្យ​ចូល​រួម​នឹង​ពួក​គេ ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​«ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត»។ (យ៉ូហាន ៤:⁠២៤) ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់»។ (យ៉ូហាន ៤:⁠២៣) សូម​សង្ឃឹម​ថា​អ្នក​ជា​មនុស្ស​បែប​នេះ​ដែរ។ ដូច​ជា​ស្ត្រី​សាសន៍​សាម៉ារី អ្នក​ក៏​ប្រាកដ​ជា​ចង់​បាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ៤:​១៣​-​១៥) ប៉ុន្តែ​អ្នក​ឃើញ​មនុស្ស​ក្លាយ​ជា​ចាស់​ជរា ហើយ​ស្លាប់​ទៅ។ ជំពូក​បន្ទាប់​នេះ នឹង​ពន្យល់​ប្រាប់​នូវ​មូលហេតុ​អ្វី។

សាកល្បងចំណេះ​របស់​អ្នក

ដូច​បង្ហាញ​នៅ​យ៉ូហាន ៤:​២៣, ២៤ តើ​ព្រះ​ទ្រង់​ទទួល​ការ​ថ្វាយ​បង្គំ​យ៉ាង​ណា?

តើ​ធ្វើ​ម្ដេច​យើង​អាច​កំណត់​បាន​ថា ព្រះ​ទ្រង់​សព្វ​ឬ​មិន​សព្វ​ព្រះ​ហឫទ័យនឹង​ទំនៀម​ទម្លាប់​និង​ពិធី​បុណ្យ​ខ្លះ?

តើ​អ្វី​ជា​សេចក្ដី​តម្រូវ​ខ្លះ​សំរាប់​ការ​ថ្វាយ​បង្គំ​ដែល​ទ្រង់​ទទួល?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​ស្ត្រី​សាសន៍​សាម៉ារី​ចង់​ដឹង​អ្វី អំពី​ការ​ថ្វាយ​បង្គំ?

២​. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​តប​ដល់​ស្ត្រី​សាម៉ារី​យ៉ាង​ដូច​ម្ដេច?

៣​. (ក) ហេតុ​អ្វី​ពួក​សាសន៍​សាម៉ារី​មិន​សូវ​ស្គាល់​ព្រះ? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​សាសន៍​យូដា​ដ៏​ស្មោះ​ត្រង់ និង​អ្នក​ឯ​ទៀត​បាន​ស្គាល់​ព្រះ?

៤​. យោង​ទៅ​តាម​ព្រះ​យេស៊ូ តើ​យូដា​និង​សាម៉ារី​ទាំង​ពីរ​សាសន៍​នេះ​ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​ថ្វាយ​បង្គំ​របស់​គេ?

៥​. (ក) តើ​«ថ្វាយ​បង្គំ»​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី បើ​យើង​ចង់​ឲ្យ​ព្រះ​ទទួល​ការ​ថ្វាយ​បង្គំ​របស់​យើង?

៦​, ៧​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មិន​ទទួល​ស្គាល់​អ្នក​ខ្លះ ដែល​អះអាង​ថា ខ្លួន​ជា​សិស្ស​របស់​ទ្រង់?

៨​. បើ​យើង​នឹង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ នោះ​យើង​ត្រូវ​តែ​ធ្វើ​អ្វី ហើយ​ត្រូវ​ជៀសវាង​ទស្សនៈ​ដ៏​ខុស​ទំនង​ណា?

៩​. តើ​ចំណេះ​ត្រឹម​ត្រូវ​ការពារ​យើង​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​យើង​ត្រូវ​តែ​មាន​ការ​ការពារ​បែប​នេះ?

១០​. តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា បើសិន​ជា​នរណា​ម្នាក់​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក​របស់​អ្នក​ដោយ​ចេតនា ហើយ​ចំណេះ​ត្រឹម​ត្រូវ​អំពី​បន្ទូល​នៃ​ព្រះ​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី?

១១​. តើ​ការ​ថ្វាយ​បង្គំ​របស់​ពួក​យូដា​ជា​ច្រើន​មាន​អ្វី​ខុស​ឆ្គង​យ៉ាង​ណា​ដែរ?

១២​. តើ​អ្វី​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​អ៊ីស្រាអែល​ក្លាយ​ជា​មិន​បរិសុទ្ធ ហើយ​មាន​លទ្ធផល​អ្វី​កើត​ឡើង?

១៣​. តើ​យើង​អាច​ប្រព្រឹត្ត​ដូច​ពួក​ផារីស៊ី​ដូច​ម្ដេច?

១៤, ១៥​. ទោះ​យើង​ស្គាល់​បំណង​ព្រះ​ហឫទ័យ​ខ្លះ​របស់​ព្រះ​ក៏​ដោយ ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ប្រយ័ត្ន?

១៦​. តាម​របៀប​ណា​ដែល​យ៉ូហាន ១៧:⁠១៦ និង​ពេត្រុសទី១ ៤:៣ ជួយ​យើង​ឲ្យ​សម្រេច​មើល​ថា តើ​ថ្ងៃ​បុណ្យ​និង​ទំនៀម​ទម្លាប់​ណា​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ?

១៧​. ហេតុ​អ្វី​យើង​គួរ​ជៀសវាង​អ្វី⁠ៗទាំង​អស់​ដែល​សម្ដែង​នូវ​គំនិត​នៃ​លោកីយ​នេះ?

១៨​. តើ​ពួក​អ្នក​ស្រុក​កូរិនថូស​ខ្លះ​យល់​ច្រឡំ​យ៉ាង​ដូច​ម្ដេច​អំពី​ចរិយា ហើយ​យើង​គូរ​តែ​រៀន​អ្វី​ពី​ការ​នេះ?

១៩​. តើ​ការ​ថ្វាយ​បង្គំ​ពិត​មាន​អនុភាព​យ៉ាង​ណា លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​នឹង​មនុស្ស​ឯ​ទៀត?

២០​, ២១​. (ក) តើ​ព្រះ​ទ្រង់​តម្រូវ​ការ​ថ្វាយ​បង្គំ​បែប​ណា? (ខ) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​ទទួល​ការ​ថ្វាយ​បង្គំ​របស់​អ៊ីស្រាអែល​កាល​ជំនាន់​ម៉ាឡាគី?

២២​. បើ​យើង​ចង់​ឲ្យ​ព្រះ​ទទួល​ការ​ថ្វាយ​បង្គំ​របស់​យើង តើ​យើង​នឹង​ជៀសវាង​អ្វី ហើយ​នឹង​ធ្វើ​អ្វី​ដែរ?

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​៤៤]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក