-
ជនគ្រីស្ទានសម័យដើមនិងក្រិត្យវិន័យលោកម៉ូសេទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
ចុះគ្រីស្ទានសាសន៍យូដាវិញ?
១២. តើនៅតែមានសំនួរអ្វីដែលមិនទាន់ទទួលចម្លើយ?
១២ គណៈអភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្ទានសាសន៍ដទៃមិនចាំបាច់កាត់ស្បែកទេ។ ប៉ុន្តែ ចុះគ្រីស្ទានដែលជាសាសន៍យូដាវិញ? ការសម្រេចរបស់គណៈអភិបាលមិនបានបញ្ជាក់ចម្លើយចំពោះសំនួរនេះទេ។
១៣. ការដែលទទូចអះអាងថាការគោរពតាមក្រិត្យវិន័យម៉ូសេគឺចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះនោះ ហេតុអ្វីនេះជាការខុស?
១៣ គ្រីស្ទានសាសន៍យូដាខ្លះដែល«មានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យ» ពួកគេបានបន្តកាត់ស្បែកកូន និងកាន់តាមច្បាប់ខ្លះៗនៃក្រិត្យវិន័យលោកម៉ូសេ។ (កិច្ចការ ២១:២០) គ្រីស្ទានជនជាតិយូដាខ្លះទៀតបានធ្វើលើសពីនេះទៅទៀតដោយទទូចថាជនជាតិយូដាត្រូវកាន់តាមក្រិត្យវិន័យដើម្បីទទួលសេចក្ដីសង្គ្រោះ។ ក្នុងរឿងនេះ ពួកគេបានយល់ខុសយ៉ាងធំ។ ជាឧទាហរណ៍ តើគ្រីស្ទានណាម្នាក់អាចថ្វាយដង្វាយសត្វដើម្បីទទួលការអត់ឱនទោសចំពោះបាបយ៉ាងដូចម្ដេចបាន? យញ្ញបូជារបស់ព្រះគ្រីស្ទបានធ្វើឲ្យដង្វាយបែបនេះលែងមានប្រយោជន៍ទៀតហើយ។ ចុះយ៉ាងណាវិញចំពោះក្រិត្យដែលថា សាសន៍យូដាមិនអាចជិតស្និទ្ធជាមួយសាសន៍ដទៃ? ជនគ្រីស្ទានដែលផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនឹងមានការពិបាកណាស់ បើខំប្រព្រឹត្តតាមបំរាមនេះ ហើយនៅដំណាលគ្នាធ្វើតាមបង្គាប់ឲ្យបង្រៀនសាសន៍ដទៃគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្រៀននោះ។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៨; ១០:២៨)a គ្មានភស្តុតាងអ្វីដែលបង្ហាញថា គណៈអភិបាលបានជួបជុំគ្នាដោះស្រាយបញ្ហានេះទេ។ យ៉ាងណាក៏ដោយ ក្រុមជំនុំមិនបានត្រូវទុកឲ្យដោះស្រាយបញ្ហានេះដោយខ្លួនឯងទេ។
-
-
ជនគ្រីស្ទានសម័យដើមនិងក្រិត្យវិន័យលោកម៉ូសេទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
[ប្រអប់/រូបភាពនៅទំព័រ២៦]
ប៉ុលបង្ហាញចិត្តរាបទាបនៅចំពោះមុខការសាកល្បង
ក្រោយធ្វើទស្សនកិច្ចជាសាសនទូតដោយជោគជ័យ ប៉ុលមកក្រុងយេរូសាឡិមនៅឆ្នាំ៥៦ស.យ.។ នៅទីនោះគាត់ជួបនឹងការសាកល្បងមួយ។ ក្រុមជំនុំបានឮថា ប៉ុលបង្រៀនថាក្រិត្យវិន័យត្រូវលះចោលដោយលែងកាន់តាមតទៅទៀត។ អ្នកចាស់ទុំខ្លាចដោយគិតថាគ្រីស្ទានថ្មីដែលជាសាសន៍យូដា នឹងជំពប់ដួលមកពីការនិយាយយ៉ាងមោះមុតរបស់ប៉ុលអំពីក្រិត្យវិន័យ ហើយក៏ខ្លាចថាជនយូដាប្រហែលជានឹងសន្និដ្ឋានថាជនគ្រីស្ទានគ្មានការគោរពចំពោះការរៀបចំរបស់ព្រះយេហូវ៉ា។ ក្នុងក្រុមជំនុំមានគ្រីស្ទានសាសន៍យូដាបួននាក់ដែលជាប់ក្នុងពាក្យសច្ចា ប្រហែលជាពាក្យសច្ចាធ្វើជាពួកណាសារីត។ បួននាក់នេះត្រូវទៅព្រះវិហារដើម្បីបំពេញតម្រូវការទាក់ទងនឹងពាក្យសច្ចានោះ។
អ្នកចាស់ទុំបានសុំប៉ុលរួមដំណើរជាមួយបួននាក់នេះទៅដល់វិហារ និងចេញសោហ៊ុយឲ្យពួកគេដែរ។ ប៉ុលបានសរសេរសំបុត្រពីរយ៉ាងតិច ដែលវែកញែកបញ្ជាក់ថាមិនចាំបាច់គោរពតាមក្រិត្យវិន័យឲ្យបានសេចក្ដីសង្គ្រោះទេ។ ក៏ប៉ុន្តែ គាត់បានគិតដល់មនសិការរបស់អ្នកដទៃ។ ពីមុនគាត់បានសរសេរថា៖«ខ្ញុំបានត្រឡប់ដូចជា . . . នៅក្រោមបន្ទុកក្រិត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រិត្យវិន័យ . . . ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រិត្យវិន័យ»។ (កូរិនថូសទី១ ៩:២០-២៣) ប៉ុលមិនព្រមធ្វើខុសគោលការណ៍បទគម្ពីរទេ ហើយក្នុងករណីនេះគាត់សម្រេចចិត្តថាគាត់អាចប្រព្រឹត្តតាមយោបល់របស់អ្នកចាស់ទុំបាន។ (កិច្ចការ ២១:១៥-២៦) ទង្វើនេះគឺមិនខុសទេ។ ពាក្យសច្ចាផ្សេងៗគឺមិនខុសបទគម្ពីរទេ ហើយព្រះវិហារបានត្រូវប្រើសំរាប់ការថ្វាយបង្គំបរិសុទ្ធ មិនមែនការថ្វាយបង្គំរូបព្រះទេ។ ដូច្នេះ ដោយមិនចង់ធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល ប៉ុលបានធ្វើតាមសំណូមពរនេះ។ (កូរិនថូសទី១ ៨:១៣) នេះពិតជាតម្រូវឲ្យប៉ុលបង្ហាញចិត្តរាបទាបណាស់ ហើយនេះធ្វើឲ្យយើងគោរពគាត់កាន់តែខ្លាំងឡើង។
-