-
តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីស្រា?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីស្រា?
នៅទូទាំងពិភពលោកមនុស្សមានទស្សនៈខុសៗគ្នាអំពីការពិសាស្រាឬគ្រឿងស្រវឹង។ អ្នកខ្លះពិសាស្រាក្នុងឱកាសជួបជុំមិត្តភក្តិ។ ឯអ្នកខ្លះទៀត សម្រេចចិត្តមិនពិសាទាល់តែសោះ។ ចំណែកឯអ្នកខ្លះទៀត ពិសាស្រារហូតដល់ស្រវឹង។ ប៉ុន្តែ តើគម្ពីរចែងយ៉ាងណាអំពីការពិសាស្រា?
១. តើការពិសាស្រាខុសឬ?
គម្ពីរមិនបានប្រាប់ថា ការពិសាស្រាគឺខុសទេ។ ផ្ទុយទៅវិញ ពេលគម្ពីររៀបរាប់អំពីអំណោយជាច្រើនដែលព្រះផ្ដល់ឲ្យយើង នោះក៏រួមបញ្ចូលស្រាដែរ គឺព្រះបានផ្ដល់«ស្រាទំពាំងបាយជូរដើម្បីធ្វើឲ្យចិត្តមនុស្សសប្បាយរីករាយ»។ (ចម្រៀងសរសើរព្រះ ១០៤:១៤, ១៥) បុរសនិងស្ត្រីស្មោះត្រង់មួយចំនួនក្នុងគម្ពីរ ក៏បានពិសាស្រាដែរ។—ធីម៉ូថេទី១ ៥:២៣
២. តើគម្ពីរផ្ដល់យោបល់អ្វីខ្លះសម្រាប់អ្នកដែលសម្រេចចិត្តពិសាស្រា?
ព្រះយេហូវ៉ាផ្ដន្ទាទោសការពិសាស្រាច្រើនហួសប្រមាណ និងការពិសាស្រារហូតដល់ស្រវឹង។ (កាឡាទី ៥:២១) បណ្ដាំរបស់លោកចែងថា៖ «កុំធ្វើជាមនុស្សល្មោភស្រា»។ (សុភាសិត ២៣:២០) ទោះជាយើងសម្រេចចិត្តពិសាស្រាតែម្នាក់ឯង ឬជាមួយអ្នកឯទៀតក៏ដោយ យើងមិនគួរពិសាស្រាច្រើនពេក រហូតដល់មិនអាចគិតពិចារណាត្រឹមត្រូវ ឬមិនអាចគ្រប់គ្រងពាក្យសម្ដីនិងការប្រព្រឹត្តរបស់ខ្លួននោះទេ។ ម្យ៉ាងទៀត យើងមិនគួរពិសាស្រាច្រើនពេករហូតដល់ខូចសុខភាពឡើយ។ ដូច្នេះ បើយើងមិនអាចប្រមាណចំនួនស្រាដែលខ្លួនពិសាទេ នោះយើងគួរឈប់ពិសាស្រា។
៣. ស្ដីអំពីស្រា តើយើងអាចគោរពការសម្រេចចិត្តរបស់អ្នកឯទៀតយ៉ាងដូចម្ដេច?
មនុស្សម្នាក់ៗត្រូវសម្រេចចិត្តថាពិសាស្រាឬមិនពិសា។ យើងមិនគួរវិនិច្ឆ័យអ្នកណាម្នាក់ដែលសម្រេចចិត្តពិសាស្រាដោយចេះប្រមាណទេ ហើយយើងក៏មិនគួរបង្ខំអ្នកណាម្នាក់ដែលមិនចង់ពិសាស្រាដែរ។ (រ៉ូម ១៤:១០) យើងសម្រេចចិត្តមិនពិសាស្រា បើយើងនាំឲ្យមានបញ្ហាដល់អ្នកឯទៀត។ (សូមអាន រ៉ូម ១៤:២១) យើង«សុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—សូមអាន កូរិនថូសទី១ ១០:២៣, ២៤
បង្កើនចំណេះ
សូមពិចារណាគោលការណ៍ក្នុងគម្ពីរដែលនឹងជួយអ្នកឲ្យសម្រេចចិត្តថាគួរពិសាស្រាឬមិនគួរ ហើយបើសម្រេចចិត្តពិសាស្រា តើគួរពិសាច្រើនប៉ុណ្ណា? ម្យ៉ាងទៀត សូមស្វែងយល់អំពីអ្វីដែលអ្នកអាចធ្វើ បើអ្នកពិបាកយកឈ្នះការពិសាស្រាច្រើនពេក។
៤. ចូរសម្រេចចិត្តថាអ្នកនឹងពិសាស្រាឬមិនពិសា
តើលោកយេស៊ូមានទស្សនៈយ៉ាងណាអំពីការពិសាស្រា? ដើម្បីដឹងចម្លើយ សូមពិចារណាអព្ភូតហេតុដំបូងដែលលោកបានធ្វើ។ សូមអាន យ៉ូហាន ២:១-១១ រួចពិភាក្សាសំណួរដូចតទៅ៖
យោងតាមអព្ភូតហេតុនេះ តើយើងអាចរៀនអ្វីពីទស្សនៈរបស់លោកយេស៊ូចំពោះស្រានិងចំពោះអស់អ្នកដែលពិសាស្រា?
ដោយសារលោកយេស៊ូមិនផ្ដន្ទាទោសការពិសាស្រា តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាចំពោះអ្នកណាម្នាក់ដែលសម្រេចចិត្តពិសាស្រា?
ប៉ុន្តែ ទោះជាគ្រិស្តសាសនិកមានសេរីភាពក្នុងការពិសាស្រាក៏ដោយ មិនមានន័យថាគាត់គួរតែពិសាស្រាគ្រប់ពេលនោះទេ។ សូមអាន សុភាសិត ២២:៣ រួចពិចារណាស្ថានភាពដូចតទៅ ដើម្បីដឹងថាអ្នកគួរពិសាស្រាឬមិនគួរ៖
ពេលអ្នកហៀបនឹងបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។
ពេលអ្នកកំពុងមានផ្ទៃពោះ។
គ្រូពេទ្យបានឲ្យយោបល់អ្នកថា កុំពិសាស្រា។
ពេលពិសាស្រា អ្នកពិបាកឈប់។
ច្បាប់មិនអនុញ្ញាតឲ្យអ្នកពិសាស្រា។
ពេលអ្នកនៅជាមួយនឹងបុគ្គលដែលសម្រេចចិត្តមិនពិសាស្រា ដោយសារពីមុនគាត់ធ្លាប់ពិសាស្រាច្រើនពេក។
តើអ្នកគួរមានស្រាក្នុងពិធីរៀបការ ឬពិធីជួបជុំទេ? ដើម្បីមើលអ្វីដែលអាចជួយអ្នកឲ្យសម្រេចចិត្តបាន សូមលេងវីដេអូ។
សូមអាន រ៉ូម ១៣:១៣ និងកូរិនថូសទី១ ១០:៣១, ៣២។ បន្ទាប់ពីអានខគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
តើតាមរបៀបណាការធ្វើតាមគោលការណ៍នេះអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តដែលនឹងនាំឲ្យព្រះយេហូវ៉ាពេញចិត្ត?
គ្រិស្តសាសនិកម្នាក់ៗត្រូវសម្រេចចិត្តដោយខ្លួនឯងអំពីការពិសាស្រា។ ទោះជាពេលខ្លះគាត់ពិសាស្រាក៏ដោយ ប្រហែលពេលខ្លះគាត់សម្រេចចិត្តមិនពិសាស្រាទេ
៥. ចូរសម្រេចចិត្តថាអ្នកនឹងពិសាស្រាច្រើនប៉ុណ្ណា
បើអ្នកសម្រេចចិត្តពិសាស្រា សូមចាំអំពីរឿងនេះ៖ ព្រះយេហូវ៉ាមិនផ្ដន្ទាទោសការពិសាស្រាទេ តែលោកផ្ដន្ទាទោសការពិសាស្រាហួសប្រមាណ។ ហេតុអ្វី? សូមអាន ហូសេ ៤:១១, ១៨ រួចពិភាក្សាសំណួរនេះ៖
ពេលអ្នកពិសាស្រាច្រើនពេក តើអ្វីអាចកើតឡើង?
តើអ្វីអាចជួយយើងកុំឲ្យពិសាស្រាច្រើនពេក? យើងត្រូវមានចិត្តសុភាពឬត្រូវស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន។ សូមអាន សុភាសិត ១១:២ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីជាការល្អដែលអ្នកដាក់កម្រិតលើបរិមាណស្រាដែលអ្នកនឹងពិសា?
៦. ចូរយកឈ្នះការពិសាស្រាហួសប្រមាណ
សូមមើលអ្វីដែលបានជួយបុរសម្នាក់ឲ្យឈប់ពិសាស្រាច្រើនហួសប្រមាណ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើស្រាធ្វើឲ្យបុរសឈ្មោះឌីមិទ្រីប្រព្រឹត្តយ៉ាងណា?
តើគាត់អាចផ្ដាច់ស្រាភ្លាមៗបានឬទេ?
តើតាមរបៀបណាគាត់អាចផ្ដាច់ការញៀនស្រាបានទាំងស្រុង?
សូមអាន កូរិនថូសទី១ ៦:១០, ១១ រួចពិភាក្សាសំណួរដូចតទៅ៖
តើគម្ពីរចែងយ៉ាងណាអំពីការប្រមឹកស្រា?
តើខគម្ពីរបង្ហាញយ៉ាងណាថាអ្នកដែលពិសាស្រាហួសប្រមាណអាចកែប្រែបាន?
សូមអាន ម៉ាថាយ ៥:៣០ រួចពិភាក្សាសំណួរនេះ៖
ពេលលោកយេស៊ូលើកឧទាហរណ៍អំពីការកាត់ដៃ លោកចង់មានន័យថាយើងប្រហែលជាត្រូវលះបង់អ្វីមួយដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ បើអ្នកពិបាកយកឈ្នះការពិសាស្រាច្រើនហួសប្រមាណ តើអ្នកអាចធ្វើអ្វីខ្លះ?a
សូមអាន កូរិនថូសទី១ ១៥:៣៣ រួចពិភាក្សាសំណួរនេះ៖
បើអ្នកចូលចិត្តសេពគប់មនុស្សដែលចូលចិត្តពិសាស្រាច្រើន តើនោះអាចមានឥទ្ធិពលយ៉ាងណាមកលើអ្នក?
មនុស្សខ្លះប្រហែលជាសួរថា៖ «តើការពិសាស្រាខុសឬ?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាផ្ដល់ស្រាដើម្បីឲ្យយើងសប្បាយរីករាយ តែលោកផ្ដន្ទាទោសការពិសាស្រាហួសប្រមាណនិងការស្រវឹងស្រា។
រៀនសាឡើងវិញ
តើគម្ពីរចែងយ៉ាងណាអំពីការពិសាស្រា?
តើការពិសាស្រាច្រើនពេកនាំឲ្យមានបញ្ហាអ្វីខ្លះ?
ស្ដីអំពីការពិសាស្រា តើយើងអាចគោរពការសម្រេចចិត្តរបស់អ្នកឯទៀតយ៉ាងដូចម្ដេច?
ស្វែងយល់ថែមទៀត
តើតាមរបៀបណាក្មេងជំទង់អាចធ្វើការសម្រេចចិត្តល្អអំពីការពិសាស្រា?
សូមស្វែងយល់ជំហានផ្សេងៗដែលអាចជួយអ្នកឲ្យយកឈ្នះការពិសាស្រាច្រើនពេក។
តើគ្រិស្តសាសនិកគួរជល់កែវឬទេ?
«សំណួរពីអ្នកអាន» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០)
សូមមើលបទពិសោធន៍របស់បុរសម្នាក់ដែលបានឈប់ពិសាស្រាហួសប្រមាណ ក្នុងអត្ថបទ«ខ្ញុំជាធុងស្រាដែលគ្មានបាត»។
«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» (ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១២)
a អ្នកដែលញៀនស្រាប្រហែលជាត្រូវការអ្នកជំនាញដើម្បីជួយគាត់ឲ្យផ្ដាច់ស្រា។ គ្រូពេទ្យជាច្រើនប្រាប់ថា អ្នកដែលធ្លាប់ញៀនស្រា មិនគួរពិសាស្រាទាល់តែសោះ។
-
-
ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៥២
ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?
យើងទាំងអស់គ្នាមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអំពីអ្វីដែលយើងចង់ស្លៀកពាក់និងសម្អិតសម្អាងខ្លួន។ បើយើងធ្វើតាមគោលការណ៍គម្ពីរមួយចំនួនស្ដីអំពីរឿងនោះ យើងមិនគ្រាន់តែអាចធ្វើតាមចំណង់ចំណូលចិត្តរបស់យើងប៉ុណ្ណោះទេ តែក៏អាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ។ សូមយើងពិចារណាគោលការណ៍គម្ពីរខ្លះ។
១. តើគោលការណ៍ណាខ្លះដែលអាចជួយយើងឲ្យចេះជ្រើសរើសសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួន?
យើងគួរជ្រើសរើស«សម្លៀកបំពាក់រៀបរយ បែបរមទម និងដោយដឹងខុសត្រូវ» ព្រមទាំងសម្អិតសម្អាងខ្លួនឲ្យស្អាតបាតជានិច្ច ដើម្បីឲ្យអ្នកឯទៀតដឹងថាយើងជាអ្នក«គោរពប្រណិប័តន៍ព្រះ»។ (ធីម៉ូថេទី១ ២:៩, ១០) សូមពិចារណាគោលការណ៍បួនយ៉ាង៖ (១) សម្លៀកបំពាក់របស់យើងគួរ«រៀបរយ»។ ដូចអ្នកបានសង្កេតឃើញហើយ នៅកិច្ចប្រជុំក្រុមជំនុំ រាស្ត្ររបស់ព្រះយេហូវ៉ាមានចំណង់ចំណូលចិត្តខុសៗគ្នាអំពីសម្លៀកបំពាក់និងម៉ូតសក់។ ទោះជាយ៉ាងនោះក្ដី របៀបស្លៀកពាក់និងរបៀបតុបតែងខ្លួនរបស់យើងនៅតែបង្ហាញការគោរពជានិច្ចចំពោះព្រះដែលយើងគោរពប្រណិប័តន៍។ (២) ការស្លៀកពាក់«បែបរមទម» មានន័យថាការសម្អិតសម្អាងខ្លួនរបស់យើងមិនគួរធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍ស្រើបស្រាល ហើយក៏មិនគួរធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើយើងហួសហេតុពេកដែរ។ (៣) យើងបង្ហាញថាយើង«ដឹងខុសត្រូវ» ពេលយើងមិនដេញតាមម៉ូតសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនដែលកំពុងពេញនិយម។ (៤) ការសម្អិតសម្អាងខ្លួនរបស់យើងគួរបង្ហាញជានិច្ចថា យើងជាអ្នក«គោរពប្រណិប័តន៍ព្រះ»។ យ៉ាងនេះ អ្នកឯទៀតប្រហែលជាងាយស្រួលកត់សម្គាល់ថា យើងជាអ្នកគោរពប្រណិប័តន៍ព្រះពិត។—កូរិនថូសទី១ ១០:៣១
២. ពេលយើងជ្រើសរើសសម្លៀកបំពាក់ ហេតុអ្វីយើងគួរគិតអំពីបងប្អូនរួមជំនឿ?
ពិតមែនតែយើងមានសិទ្ធិជ្រើសរើសអ្វីដែលយើងចង់ស្លៀកពាក់ តែយើងគួរគិតដែរថាសម្លៀកបំពាក់របស់យើងអាចធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍យ៉ាងណា។ ជាជាងធ្វើឲ្យអ្នកណាម្នាក់ទើសចិត្ត យើងគួរខំព្យាយាមអស់ពីសមត្ថភាពដើម្បី«បំពេញចិត្តអ្នកជិតខាង ដោយការប្រព្រឹត្តល្អដែលពង្រឹងជំនឿរបស់គេ»។—សូមអាន រ៉ូម ១៥:១, ២
៣. តើតាមរបៀបណាការសម្អិតសម្អាងខ្លួនរបស់យើងអាចទាក់ទាញចិត្តមនុស្សឲ្យចង់រៀនថែមទៀតអំពីព្រះយេហូវ៉ា?
យើងព្យាយាមស្លៀកពាក់ឲ្យបានសមរម្យក្នុងគ្រប់ស្ថានភាពទាំងអស់ ជាពិសេសពេលយើងចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ។ យើងមិនចង់ឲ្យការសម្អិតសម្អាងឬការតុបតែងខ្លួនរបស់យើង បំបែរអារម្មណ៍មនុស្សពីការស្ដាប់ដំណឹងល្អដែលយើងផ្សព្វផ្សាយនោះទេ។ ផ្ទុយទៅវិញ យើងចង់ឲ្យការតុបតែងខ្លួនរបស់យើងជំរុញចិត្តមនុស្សឲ្យចង់រៀនសេចក្ដីពិត ព្រមទាំងចង់«ឲ្យសេចក្ដីបង្រៀនរបស់ព្រះជាអ្នកសង្គ្រោះយើង ទាក់ទាញចិត្តមនុស្សកាន់តែខ្លាំង»។—ទីតុស ២:១០
បង្កើនចំណេះ
សូមពិចារណាអំពីរបៀបដែលយើងអាចធ្វើឲ្យប្រាកដថា សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងគឺសមរម្យក្នុងនាមជាគ្រិស្តសាសនិក។
ការស្លៀកពាក់របស់យើងអាចបង្ហាញថាយើងគោរពពួកអ្នកមានអំណាចឬយ៉ាងណា។ ទោះជាព្រះយេហូវ៉ាឃើញចិត្តរបស់យើងក៏ដោយ ក៏ការស្លៀកពាក់របស់យើងគួរបង្ហាញថាយើងគោរពលោកដែរ
៤. ការសម្អិតសម្អាងខ្លួនសមរម្យបង្ហាញការគោរពចំពោះព្រះយេហូវ៉ា
តើអ្វីជាមូលហេតុសំខាន់បំផុតដែលយើងយកចិត្តទុកដាក់ចំពោះការសម្អិតសម្អាងខ្លួនរបស់យើង? សូមអាន ចម្រៀងសរសើរព្រះ ៤៧:២ រួចពិភាក្សាសំណួរដូចតទៅ៖
ដោយសារយើងតំណាងព្រះយេហូវ៉ា តើនេះគួរមានឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលយើងស្លៀកពាក់?
ពេលយើងចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ តើអ្នកគិតថាការយកចិត្តទុកដាក់ចំពោះការសម្អិតសម្អាងខ្លួនរបស់យើងគឺសំខាន់ឬទេ? ហេតុអ្វី?
៥. តើអ្វីអាចជួយយើងឲ្យចេះជ្រើសរើសសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួន?
ទោះជាសម្លៀកបំពាក់របស់យើងមានតម្លៃថ្លៃឬថោកក៏ដោយ យើងគួរស្លៀកពាក់ឲ្យបានស្អាតបាតនិងសមរម្យតាមស្ថានភាពនីមួយៗ។ សូមអាន កូរិនថូសទី១ ១០:២៤ និងធីម៉ូថេទី១ ២:៩, ១០។ រួចមក សូមពិភាក្សាអំពីមូលហេតុដែលយើងចង់ជៀសវាងពីការស្លៀកសម្លៀកបំពាក់ដែល . . .
រយីករយាក ឬសាមញ្ញពេក។
រឹបរាងពេក ឬបញ្ចេញសាច់ច្រើន ឬដែលនាំឲ្យអ្នកឯទៀតមានអារម្មណ៍ស្រើបស្រាល។
ទោះជាគ្រិស្តសាសនិកមិននៅក្រោមច្បាប់ម៉ូសេក៏ដោយ ពួកគេនៅតែអាចរៀនច្រើនអំពីទស្សនៈរបស់ព្រះយេហូវ៉ាតាមរយៈច្បាប់នោះ។ សូមអាន ការបំភ្លឺច្បាប់ ២២:៥ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីយើងគួរជៀសវាងពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួនដែលធ្វើឲ្យពិបាកសម្គាល់ថាជាប្រុសឬជាស្រី?
សូមអាន កូរិនថូសទី១ ១០:៣២, ៣៣ និងយ៉ូហានទី១ ២:១៥, ១៦ រួចពិភាក្សាសំណួរដូចតទៅ៖
ពេលយើងសម្អិតសម្អាងខ្លួន ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សក្នុងតំបន់ដែលយើងរស់នៅ ឬបងប្អូនក្នុងក្រុមជំនុំ?
ក្នុងតំបន់ដែលអ្នករស់នៅ តើមនុស្សនិយមស្លៀកពាក់ឬសម្អិតសម្អាងខ្លួនបែបណា?
តើអ្នកគិតថាម៉ូតសម្លៀកបំពាក់ដូចនោះសមរម្យសម្រាប់គ្រិស្តសាសនិកឬទេ? ហេតុអ្វី?
យើងអាចស្លៀកពាក់និងសម្អិតសម្អាងខ្លួនតាមរបៀបផ្សេងៗ ហើយនៅតែអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
មនុស្សខ្លះនិយាយថា៖ «ខ្ញុំមានសិទ្ធិពាក់អ្វីដែលខ្ញុំចង់ពាក់»។
តើអ្នកយល់ស្របទេ? ហេតុអ្វី?
សេចក្ដីសង្ខេប
ពេលយើងចេះសម្រេចចិត្តល្អអំពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួន នោះបង្ហាញថាយើងគោរពព្រះយេហូវ៉ានិងអ្នកឯទៀត។
រៀនសាឡើងវិញ
ហេតុអ្វីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងគឺសំខាន់ចំពោះព្រះយេហូវ៉ា?
តើគោលការណ៍ណាខ្លះដែលអាចជួយយើងឲ្យចេះសម្រេចចិត្តល្អអំពីការសម្អិតសម្អាងខ្លួន?
តើការសម្អិតសម្អាងខ្លួនរបស់យើងអាចមានឥទ្ធិពលយ៉ាងណា ទៅលើទស្សនៈរបស់អ្នកឯទៀតចំពោះព្រះពិតដែលយើងគោរពប្រណិប័តន៍?
ស្វែងយល់ថែមទៀត
សូមពិចារណាថា តើសម្លៀកបំពាក់របស់អ្នកប្រហែលជានាំឲ្យអ្នកឯទៀតគិតយ៉ាងណា?
«តើការតុបតែងខ្លួនរបស់ខ្ញុំយ៉ាងណាដែរ?» (អត្ថបទក្នុងគេហទំព័រ)
សូមពិចារណាយ៉ាងដិតដល់អំពីផលវិបាក មុននឹងអ្នកសាក់ស្បែក។
«តើគម្ពីរចែងយ៉ាងណាអំពីការសាក់ស្បែក?» (អត្ថបទក្នុងគេហទំព័រ)
សូមពិចារណាគោលការណ៍ថែមទៀតដែលអាចជួយយើងឲ្យចេះធ្វើការសម្រេចចិត្តល្អ។
-