-
ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ ឧសភា
-
-
៩. តើគំរូដ៏ព្រមានអ្វីដែលព្រះគម្ពីរផ្ដល់ឲ្យអំពីបុគ្គល ដែលស្វែងរកតែប្រយោជន៍របស់ខ្លួនគេនោះ?
៩ សេចក្ដីស្រឡាញ់«មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។ (កូរិនថូសទី១ ១៣:៥) មនុស្សម្នាក់ដែលមានចិត្តស្រឡាញ់ នោះមិនប្រើអ្នកឯទៀតដើម្បីជាប្រយោជន៍របស់ខ្លួនគាត់ឡើយ។ ព្រះគម្ពីរមានគំរូព្រមានក្នុងរឿងនេះ។ ដើម្បីពន្យល់៖ យើងអានអំពីនាងដេលីឡា នាងយេសិបិល និងនាងអ័ថាលា ជាពួកស្ត្រីដែលបានប្រើអ្នកឯទៀតសំរាប់គោលបំណងដ៏កំណាញ់របស់គេ។ (ពួកចៅហ្វាយ ១៦:១៦; ពង្សាវតារក្សត្រទី១ ២១:២៥; របាក្សត្រទី២ ២២:១០-១២) ហើយអាប់សាឡំមដែលជាបុត្ររបស់ស្តេចដាវីឌ ក៏ជាបុគ្គលម្នាក់ដូចនេះដែរ។ គាត់តែងទៅជិតអស់អ្នកដែលបានមកទីក្រុងយេរូសាឡិមសំរាប់ការជំនុំជំរះ ហើយនិងពោលបញ្ឆិតបញ្ឆៀងយ៉ាងលាក់ពុតថា តុលាការរបស់ស្តេច ឥតមានការចាប់អារម្មណ៍នឹងបញ្ហារបស់គេទេ។ រួចមក គាត់នឹងពោលថា អ្វីដែលតុលាការត្រូវការនោះ គឺបុរសដែលមានចិត្តកក់ក្ដៅដូចគាត់! (សាំយូអែលទី២ ១៥:២-៤) ប្រាកដហើយ អាប់សាឡំមមិនបានយកចិត្តទុកដាក់ នឹងពួកដែលបានត្រូវសង្កត់សង្កិននោះទេ ក៏ប៉ុន្តែយកចិត្តទុកដាក់តែនឹងខ្លួនគាត់ប៉ុណ្ណោះ។ ជាស្តេចដែលបានត្រូវរើសតាំងដោយខ្លួនឯង នោះគាត់មានឥទ្ធិពលលើចិត្តមនុស្សជាច្រើននាក់។ ប៉ុន្តែនៅក្រោយមក អាប់សាឡំមបានទទួលបរាជ័យយ៉ាងហិនហោច។ ពេលស្លាប់ទៅនោះ គាត់មិនទាំងបានទទួលបុណ្យបញ្ចុះសពដ៏សមរម្យនោះផង។—សាំយូអែលទី២ ១៨:៦-១៧
១០. តើតាមរបៀបណាដែលយើងបង្ហាញ ថាយើងស្វែងរកប្រយោជន៍សំរាប់អ្នកឯទៀត?
១០ នេះជាការព្រមានមួយដល់ពួកគ្រីស្ទានសព្វថ្ងៃនេះ។ មិនថាប្រុសឬស្រី តែដោយចរិតពីកំណើត នោះយើងប្រហែលមានអំណាចក្នុងការបញ្ចុះបញ្ចូលឲ្យគេជឿតាម។ បើនិយាយឲ្យចំទៅ គឺជាការស្រួលសំរាប់យើងក្នុងការធ្វើឲ្យគេយល់ព្រមតាមចិត្តរបស់យើង ដោយនិយាយច្រើនតែឯង ឬក៏ដោយផ្ចាញ់ផ្ចាលនឹងអស់អ្នកដែលមានទស្សនៈផ្សេងពីយើង។ ប៉ុន្តែ ប្រសិនបើយើងពិតជាប្រកបដោយសេចក្ដីស្រឡាញ់ នោះយើងនឹងស្វែងរកប្រយោជន៍ចំពោះអ្នកដទៃវិញ។ (ភីលីព ២:២-៤) យើងនឹងមិនឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ឬផ្សាយគំនិតដែលគួរឲ្យសង្ស័យ ហាក់ដូចជាមានតែទស្សនៈរបស់យើងទេដែលសារៈសំខាន់ គ្រាន់តែដោយព្រោះយើងមានការពិសោធន៍ ឬក៏មានជំហរក្នុងអង្គការរបស់ព្រះ។ ផ្ទុយទៅវិញ យើងនឹងនឹកចាំនូវសុភាសិតព្រះគម្ពីរ ដែលថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។—សុភាសិត ១៦:១៨
-
-
ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ ឧសភា
-
-
១១. (ក) តើតាមរបៀបណាដែលយើងបង្ហាញសេចក្ដីស្រឡាញ់ ដែលប្រកបដោយសេចក្ដីសប្បុរសនិងដែលសមគួរនោះ? (ខ) តើយើងអាចបង្ហាញថាយើងមិនសប្បាយនឹងសេចក្ដីទុច្ចរិតយ៉ាងដូចម្ដេច?
១១ ប៉ុលក៏បានសរសេរថា សេចក្ដីស្រឡាញ់គឺ«សប្បុរស» ហើយថាសេចក្ដីស្រឡាញ់«មិនដែលប្រព្រឹត្តបែបមិនគួរសម»។ (កូរិនថូសទី១ ១៣:៤, ៥) ត្រូវហើយ សេចក្ដីស្រឡាញ់នឹងមិនអនុញ្ញាតឲ្យយើងប្រព្រឹត្តដោយទ្រគោះ និយាយដោយថោកទាបបាតផ្សា ឬក៏តាមរបៀបដ៏ឥតចេះគោរពនោះឡើយ។ ផ្ទុយទៅវិញ យើងនឹងគិតដល់អារម្មណ៍របស់អ្នកឯទៀត។ ជាឧទាហរណ៍ មនុស្សម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ នឹងជៀសវាងធ្វើអ្វី ដែលធ្វើឲ្យទាស់ទែងដល់មនសិការរបស់អ្នកឯទៀត។ (ប្រៀបមើល កូរិនថូសទី១ ៨:១៣) សេចក្ដីស្រឡាញ់«មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ»។ (កូរិនថូសទី១ ១៣:៦) ប្រសិនបើយើងស្រឡាញ់ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នោះយើងនឹងមិនបិទភ្នែកដល់អំពើឥតសីលធម៌ ឬក៏បានត្រូវកំសាន្តដោយអ្វីដែលព្រះស្អប់នោះឡើយ។ (ទំនុកដំកើង ១១៩:៩៧) សេចក្ដីស្រឡាញ់នឹងជួយយើងស្វែងរកអំណរ ក្នុងអ្វីដែលស្អាងចិត្ត ជាជាងក្នុងអ្វីដែលបំផ្លាញនោះ។—រ៉ូម ១៥:២; កូរិនថូសទី១ ១០:២៣, ២៤; ១៤:២៦
១២, ១៣. (ក) តើយើងគួរប្រព្រឹត្តយ៉ាងណា នៅពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្តនោះ? (ខ) សូមពណ៌នាគំរូពីព្រះគម្ពីរ ដើម្បីបង្ហាញថា សូម្បីតែកំហឹងដែលសមត្រឹមត្រូវ នោះអាចបណ្ដាលឲ្យយើងប្រព្រឹត្តដោយល្ងង់ខ្លៅបាន។
១២ ប៉ុលសរសេរថាសេចក្ដីស្រឡាញ់ «មិនរហ័សខឹង» («មិនចិត្តស្រាល» សេចក្ដីបកប្រែព្រះគម្ពីររបស់ភីលីព)។ (កូរិនថូសទី១ ១៣:៥) ពិតហើយ គឺគ្រាន់តែជាការធម្មតាទេ ជាមនុស្សឥតគ្រប់ល័ក្ខណ៍ ដែលយើងក្លាយទៅជាជ្រួលច្រាលក្នុងចិត្ត ឬក៏មានកំហឹងខ្លាំងមួយកំរិត នៅពេលដែលបុគ្គលណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្តនោះ។ ប៉ុន្តែ គឺនឹងត្រូវជាការខុសវិញ បើយើងរក្សាទុកក្នុងចិត្តយ៉ាងយូរនូវកំហុសគេ ឬក៏បន្តទុកកំហឹងនោះ។ (ទំនុកដំកើង ៤:៤; អេភេសូរ ៤:២៦) បើមិនទប់ចិត្តទេ នោះសូម្បីតែកំហឹងដែលសមមាន ប្រហែលបណ្ដាលឲ្យយើងប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយព្រះយេហូវ៉ាក៏ចាត់ទុកឲ្យយើងទទួលខុសត្រូវចំពោះរឿងនេះដែរ។—លោកុប្បត្តិ ៣៤:១-៣១; ៤៩:៥-៧; ជនគណនា ១២:៣; ២០:១០-១២; ទំនុកដំកើង ១០៦:៣២, ៣៣
១៣ មនុស្សខ្លះបានអនុញ្ញាតឲ្យភាពឥតគ្រប់ល័ក្ខណ៍នៃអ្នកឯទៀត ឲ្យមានឥទ្ធិពលលើសេចក្ដីសម្រេចចិត្តរបស់គេ ថានឹងទៅកិច្ចប្រជុំគ្រីស្ទាន ឬក៏ចូលរួមនៅក្នុងកិច្ចបំរើផ្សាយ។ នៅពេលមុនៗ ពួកអ្នកទាំងនេះជាច្រើនបានខំតយុទ្ធយ៉ាងខ្លាំងចំពោះជំនឿ ដោយប្រហែលជាស៊ូទ្រាំនឹងការប្រឆាំងក្នុងគ្រួសារ និងការចំអកមើលងាយពីពួកធ្វើការជាមួយជាដើម។ ពួកគេបានស៊ូទ្រាំឧបសគ្គបែបនេះ ពីព្រោះគេបានចាត់ទុករឿងទាំងនេះ ជាការល្បងលនូវចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយនេះគឺត្រឹមត្រូវមែន។ ប៉ុន្តែតើមានអ្វីកើតឡើង នៅពេលដែលបុគ្គលគ្រីស្ទានគ្នីគ្នាម្នាក់និយាយ ឬក៏ធ្វើអ្វីមួយដែលមិនប្រកបដោយសេចក្ដីស្រឡាញ់នោះ? តើនេះមិនមែនជាការល្បងលនូវចិត្តស្មោះគ្រប់ល័ក្ខណ៍ដែរទេឬ? ប្រាកដហើយ ព្រោះបើយើងនៅមានចិត្តខឹង នោះយើងអាច«ឲ្យអារក្សមានឱកាស»។—អេភេសូរ ៤:២៧
១៤, ១៥. (ក) តើការ«ប្រកាន់ទោស»មានន័យយ៉ាងណា? (ខ) តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងការអត់ឱនទោសយ៉ាងដូចម្ដេច?
១៤ ដោយមានមូលហេតុល្អ ប៉ុលនិយាយបន្ថែមថា សេចក្ដីស្រឡាញ់«មិនប្រកាន់ទោស»។ (កូរិនថូសទី១ ១៣:៥) នៅទីនេះ គាត់ប្រើពាក្យខាងគណនេយ្យ តាមមើលទៅ ហាក់ដូចជាសរសេរទុកនូវកំហុសនៅក្នុងសៀវភៅបញ្ជី ដើម្បីកុំឲ្យភ្លេច។ តើប្រកបដោយសេចក្ដីស្រឡាញ់ឬទេ ដោយកត់ទុកក្នុងគំនិតជាអចិន្ត្រៃយ៍នូវពាក្យឈឺចាប់ឬអំពើ ដូចជាយើងនឹងត្រូវពិនិត្យមើលនៅអនាគតនោះ? យើងមានចិត្តរីករាយណាស់ ដែលព្រះយេហូវ៉ាមិនពិនិត្យពិច័យយើង តាមរបៀបដ៏គ្មានមេត្ដានេះ! (ទំនុកដំកើង ១៣០:៣) ត្រូវហើយ នៅពេលដែលយើងប្រែចិត្ត នោះទ្រង់លុបចេញកំហុសរបស់យើង។—កិច្ចការ ៣:១៩
១៥ យើងអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងរឿងនេះ។ យើងមិនត្រូវឆាប់អន់ចិត្តហួសហេតុពេក នៅពេលដែលអ្នកណាម្នាក់ មើលទៅហាក់ដូចជាមើលងាយយើងនោះ។ បើយើងឆាប់ខឹងនោះ យើងប្រហែលជាធ្វើឲ្យខ្លួនយើងឈឺចិត្តកាន់តែខ្លាំងឡើង ជាងបុគ្គលដែលបានធ្វើឲ្យយើងអន់ចិត្តនោះអាចធ្វើទៅទៀត។ (សាស្ដា ៧:៩, ២២) ផ្ទុយទៅវិញ យើងត្រូវចាំថា សេចក្ដីស្រឡាញ់«ជឿទាំងអស់»។ (កូរិនថូសទី១ ១៣:៧) ប្រាកដហើយ គ្មានយើងណាម្នាក់ចង់ធ្វើជាមនុស្សដែលស្រួលបញ្ឆោតនោះទេ។ ប៉ុន្តែ យើងមិនត្រូវមានចិត្តសង្ស័យហួសហេតុនឹងបំណងចិត្តរបស់បងប្អូនរបស់យើងដែរ។ កន្លែងណាដែលធ្វើទៅបាន ចូរឲ្យយើងសន្មត់ថា បុគ្គលឯទៀតឥតមានបំណងចិត្តអាក្រក់នោះទេ។—កូល៉ុស ៣:១៣
-