បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៣ ទំ. ១-២
  • សំបុត្រពីគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីគណៈអភិបាល
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០៣ ទំ. ១-២

សំបុត្រ​ពី​គណៈ​អភិបាល

សូម​ជំរាប​ជូន​បងប្អូន​ប្រុស​ស្រី​ជា​ទី​រាប់​អាន :

យើង​ពិត​ជា​រីករាយ​ណាស់​ដែល​អាច​សរសេរ​សំបុត្រ​មក​ផ្ញើ​បង​ប្អូន! យើង​សូម​សរសើរ​អ្នក​រាល់​គ្នា​ចំពោះ​សេចក្ដីស្រឡាញ់​និង​ស្មារតី​ពលិកម្ម​ខ្លួន​ដែល​បងប្អូន​បង្ហាញ​ជានិច្ច។ បើ​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​សំរាប់​ឆ្នាំ​នេះ អ្នក​នឹង​ឃើញ​ថា​កិច្ចការ​ជា​ច្រើន​ណាស់​បាន​ត្រូវ​សម្រេច​ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​កន្លង​ទៅ​នេះ។ យើង​សូម​លើក​ឡើង​ម្ដង​ទៀត​ថា យើង​បាន​ចំណាយ​ជាង​១​ពាន់​លាន​ម៉ោង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​និង​ការ​បង្រៀន ដោយ​ទៅ​ជួប​មនុស្ស​ផ្ទាល់​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ យើង​មាន​ឯក​សិទ្ធិ​ដ៏​ធំ​ណាស់ ដោយ​អាច​រួម​ធ្វើ​ការ​ជា​មួយ​ព្រះ​ដ៏​រុងរឿង​និង​ដែល​ជា​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ មែន​ទេ?—១​កូ​. ៣:៩

ពេល​យើង​សម្លឹង​មើល​កិច្ចការ​ដែល​ស្ថិត​នៅ​ខាង​មុខ យើង​ជឿជាក់​ថា អ្នក​នឹង​បន្ត​យក​តម្រាប់​តាម​ចិត្ត​ខ្នះខ្នែង​និង​ជំនឿ​របស់​អ្នក​បំរើ​ព្រះ​ដែល​រៀប​រាប់​ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ុល​មាន​ចំណង់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើន​ប្រសិទ្ធ​ភាព​របស់​គាត់​ឲ្យ​ដល់​កំពូល​ក្នុង​ការ​ជួយ​កិច្ចការ​ព្រះ​រាជាណាចក្រ​ឲ្យ​រីក​ចំរើន​ទៅ​មុខ។ តាម​មើល​ទៅ ឆ្នាំ​ចុង​ក្រោយ​ដែល​គាត់​ស្នាក់​នៅ​ទី​ក្រុង​អេភេសូរ គឺ​ជា​ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ទី​មួយ​ផ្ញើ​ទៅ​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស។ ស្តី​អំពី​គម្រោង​ការ​របស់​គាត់​នៅ​ពេល​នោះ គាត់​បាន​សរសេរ​ថា​៖​«​ខ្ញុំ​ត្រូវ​ស្នាក់​នៅ​អេភេសូរ នេះ​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហាសិប ដ្បិត​ទ្វារ​បើក​ចំហ​យ៉ាង​ធំ សំរាប់​អោយ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះបី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ​»។—១​កូ​. ១៦:៨, ៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ប៉ុល​បំ​រុង​នឹង​ទៅ​តំបន់​ម៉ាសេដូន​និង​ទី​ក្រុង​កូរិនថូស។ ក៏​ប៉ុន្តែ គាត់​យល់​ឃើញ​ថា បើ​បន្ត​ស្នាក់​នៅ​អេភេសូរ​មួយ​រយៈ​នោះ គាត់​នឹង​មាន​ឱកាស​សម្រេច​កិច្ចការ​ដែល​មាន​ប្រយោជន៍​ថែម​ទៀត។ ប៉ុល​ចេះ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ។ គាត់​ឃើញ​ថា នៅ​កន្លែង​ដែល​គាត់​កំពុង​តែ​ស្នាក់​នៅ​នោះ ពេល​វេលា​បាន​អំណោយ​ផល​ឲ្យ​គាត់​ជួយ​ក្នុង​កិច្ចការ​ព្រះរាជាណាចក្រ​ឲ្យ​មាន​ការ​រីក​ចំរើន​ថែម​ទៀត ដូច្នេះ​គាត់​បាន​កែ​ប្រែ​កាល​វិភាគ​ឲ្យ​សម​ស្រប។ ទ្វារ​មួយ​យ៉ាង​ធំ​ដែល​ឲ្យ​ប៉ុល​បំពេញ​កិច្ច​បំរើ​បាន​បើក​ជា​ចំហ ហើយ​គាត់​ចង់​ចូល​តាម​ទ្វារ​នោះ​ណាស់។

ការ​ចូល​តាម​ទ្វារ​នេះ​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ច្រើន គឺ​ការ​ផ្សាយ​ដំណឹង​ល្អ​និង​ការ​ពង្រឹង​ក្រុមជំនុំ​នៅ​អេភេសូរ។ ក្រោយ​មក ប៉ុល​ប្រាប់​អ្នក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ​ថា​៖​«​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្ដាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ​ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង​រាល់​គ្នា​»។—កិច្ច​. ២០:២០, ២១

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! អ្នក​ក៏​នៅ​ក្នុង​ចំណោម​បង​ប្អូន​ជា​ច្រើន​ដែល​បាន​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ឆ្លៀត​យក​ប្រយោជន៍​ពី​ឱកាស​ដែល​បាន​ហុច​ឲ្យ។ ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​កន្លង​ទៅ​នេះ ជា​មធ្យម​មាន​៧៩៨​.​៩៣៨​នាក់​ដែល​មាន​សមត្ថភាព​រៀប​ចំ​កាលៈទេសៈ​របស់​ខ្លួន​ឲ្យ​ចូល​រួម​កិច្ច​បំរើ​ត្រួស​ត្រាយ។ អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ដល់​ចុង​ផែនដី​បំផុត​ដើម្បី​បំរើ​ជា​សាសនទូត។ បងប្អូន​កំពុង​តែ​ខ្នះខ្នែង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​និង​ពង្រឹង​ក្រុមជំនុំ​ផ្សេង​ៗ។ អ្នក​ឯ​ទៀត​បាន​រៀន​ភាសា​មួយ​ទៀត​ដើម្បី​ជួយ​មនុស្ស​នៅ​តំបន់​របស់​ខ្លួន​ដែល​និយាយ​ភាសា​ផ្សេង​ទៀត។ អ្នក​ផ្សេង​ទៀត​បាន​កែ​ប្រែ​កាលៈទេសៈ​របស់​ខ្លួន​ដើម្បី​ផ្សាយ​នៅ​តំបន់​ដែល​មិន​បាន​កំណត់​ឲ្យ​ក្រុមជំនុំ​ណា​មួយ​ឬ​ទៅ​បំរើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវការ​ខ្លាំង​ជាង។ អ្នក​ខ្លះ​រហូត​ដល់​ឃើញ​មាន​ទ្វារ​យ៉ាង​ធំ​បើក​ចំហ​ឲ្យ​អ្នក​បំពេញ​កិច្ច​បំរើ​នៅ​សាលា​រៀន នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បន្ទាល់​ដោយ​ប្រសិទ្ធភាព ដូច​ជា​ការ​ផ្សាយ​តាម​ទូរស័ព្ទ​ជា​ដើម។ បទ​ពិសោធន៍​បងប្អូន​ជុំវិញ​ពិភពលោក​ជា​ភស្តុតាង​បង្ហាញ​ថា រាស្ត្រ​របស់​ព្រះ ទាំង​ចាស់​ទាំង​ក្មេង​កំពុង​តែ​សង្វាត​រក​និង​បាន​ឃើញ​នូវ​ឱកាស​ប្រាប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​អំពី​សេចក្ដី​ពិត។

ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ទត​ឃើញ​និង​សព្វ​ព្រះ​ហឫទ័យ​ណាស់​នឹង​ការ​ព្យាយាម​របស់​អ្នក។ ព្រះ​គម្ពីរ​ចែង​ថា​៖​«​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់​»។ (​ហេ​. ៦:១០​) ចូរ​បន្ត​ប្រុង​ប្រៀប​ឆ្លៀត​យក​ឱកាស​ដើម្បី​ជួយ​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​មាន​ការ​រីក​ចំរើន​ត​ទៅ​មុខ​ទៀត។ អ្នក​ខ្លះ​ប្រហែល​ជា​អាច​ពង្រីក​កិច្ច​បំរើ​របស់​ខ្លួន។ យើង​ទាំង​អស់​គ្នា​អាច​ខំ​ធ្វើ​ឲ្យ​កិច្ច​បំរើ​របស់​យើង​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​ថែម​ទៀត​បាន។

យើង​មិន​ត្រូវ​សង្ឃឹម​ថា​យើង​នឹង​បំពេញ​ភារកិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ដោយ​គ្មាន​ការ​ប្រឆាំង​នោះ​ទេ។ សូម​ចាំ​ថា ក្រោយ​ប៉ុល​និយាយ​អំពី​ទ្វារ​យ៉ាង​ធំ​ដែល​ឲ្យ​គាត់​បំពេញ​កិច្ច​បំរើ គាត់​សរសេរ​ថា​៖​«​មាន​អ្នក​ប្រឆាំង​ច្រើន​»។ សំរាប់​ប៉ុល អ្នក​ប្រឆាំង​នោះ​រួម​មាន​សាសន៍​យូដា​និង​សាសន៍​ដទៃ​ផង​ដែរ ដែល​មនុស្ស​ខ្លះ​បៀតបៀន​គាត់​ដោយ​ចំហ រីឯ​មនុស្ស​ផ្សេង​ទៀត​ឃុបឃិ​ត​គ្នា​ដើម្បី​បៀតបៀន​គាត់។—កិច្ច​. ១៩:២៤​-​២៨; ២០:១៨, ១៩

យើង​ប្រឈម​មុខ​ស្ថានភាព​ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​ការ​បំផ្លាញ​ចោល​របប​លោកីយ៍​ដ៏​ទុច្ចរិត​នេះ​ឆ្ពោះ​កាន់​តែ​មក​ជិត យើង​ដឹង​ទុក​ជា​មុន​ថា​នឹង​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន។ សាតាំង​កំពុង​តែ​«​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង​»​ ហើយ​វា​បញ្ចេញ​សេចក្ដី​ឃោរឃៅ​នោះ​ទៅ​លើ​អ្នក​បំរើ​ព្រះ​ជា​ពិសេស។ (​វិ​វរ​. ១២:១២​) កុំ​ភ្លេច​ថា សាតាំង​គឺ​ជា​«​ចៅហ្វាយ​របស់​លោកីយ​នេះ​»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖​«​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ នោះ​លោកីយ​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ​»។—យ៉ូន​. ១៤:៣០; ១៥:១៩

យើង​តាំង​ចិត្ត​មិន​ឲ្យ​អ្នក​ណា​ម្នាក់​សោះ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ខ្សោយ​ឬ​ក៏​ធ្វើ​ឲ្យ​យើង​បង្អង់​ដៃ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឡើយ។ យើង​ដឹង​ថា​នឹង​មាន​អ្នក​ដែល​ប្រឆាំង​និង​ឃុបឃិ​ត​គ្នា​ដើម្បី​បៀតបៀន​យើង។ តែ​យើង​បន្ត​ឈាន​ទៅ​មុខ​ជានិច្ច​ក្នុង​កិច្ច​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ ដោយ​ជឿជាក់​ថា​ព្រះ​យេស៊ូ​នឹង​កិន​កំទេច​ចោល​សាតាំង​និង​មនុស្ស​ជា​ច្រើន​ដែល​ចូល​ខាង​វា​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ អ្នក​ប្រឆាំង​មិន​អាច​បំបិទ​មាត់​ប៉ុល​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​អាច​បំបិទ​មាត់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ដែរ។ ទោះបី​ជា​សាតាំង​ខឹង និង​លោកីយ៍​ស្អប់​យើង​ក៏​ដោយ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់។ យើង​អរ​ណាស់​ដោយ​ដឹង​ថា មាន​ចំនួន​ថ្មី​របស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ឡើង​ដល់​កំពូល គឺ​៦​.​៣០៤​.​៦៤៥​នាក់!

យើង​អធិស្ឋាន​សុំ​ឲ្យ​អ្នក​បន្ត​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​ព្រះ​រាជាណាចក្រ​ដ៏​ប្រសើរ​ក្រៃលែង​របស់​ព្រះ​យេហូវ៉ា​មាន​ការ​រីក​ចំរើន​ទៅ​មុខ​ទៀត។ យើង​សូម​ឲ្យ​អ្នក​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​និង​នឹក​នា​ទៅ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ដែល​យើង​ឈរ​ដោយ​«​ព្រម​ចិត្ត​គ្នា​»​ក្នុង​ការ​បំរើ​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ព្រះ​យេហូវ៉ា។—សេផា. ៣:៩

ពី​បងប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក