បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ស្វែងរកសន្ដិសុខក្នុងចំណោមរាស្ដ្ររបស់ព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
    • ‹សូម​បំពាក់​ខ្លួន​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់›

      ៩​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់?

      ៩ សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ ‹សូម​បំពាក់​ខ្លួន​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់ ដ្បិត​នេះ​ជា​ចំណង​នៃ​សេចក្ដី​គ្រប់​ល័ក្ខណ៍›។ (កូល៉ុស ៣:⁠១៤) ដោយ​រួសរាយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សំលៀកបំពាក់​នេះ​សំរាប់​យើង។ តើ​តាម​របៀប​ណា? ពួក​គ្រីស្ទាន​អាច​សម្ដែង​សេចក្ដី​ស្រឡាញ់ ពីព្រោះ​វា​ជា​ផលផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ (កាឡាទី ៥:​២២, ២៣) ព្រះ​យេហូវ៉ា​អង្គ​ទ្រង់ បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​បំផុត ដោយ​ចាត់​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​អង្គ​បាន​បង្កើត​ផ្ទាល់ ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ៣:⁠១៦) ការ​សម្ដែង​យ៉ាង​វិសេស​បវរ​នូវ​សេចក្ដី​ស្រឡាញ់​នេះ បាន​ផ្ដល់​គំរូ​មួយ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម ក្នុង​ការ​បង្ហាញ​គុណសម្បត្ដិ​នេះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា⁠៖ «បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម្ល៉េះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»។​—⁠យ៉ូហានទី១ ៤:⁠១១

      ១០​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​‹បងប្អូន​រួបរួម​គ្នា​ទាំង​អស់›?

      ១០ ដោយ​អ្នក​ចូល​រួម​ប្រជុំ​នៅ​ឯ​សាលព្រះរាជាណាចក្រ នោះ​អ្នក​នឹង​បាន​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់។ នៅ​ទី​នោះ អ្នក​នឹង​ជួប​មនុស្ស​ផ្សេង​គ្នា​ជា​ច្រើន។ អ្នក​ច្បាស់​ជា​នឹង​មាន​ចិត្ត​ទាក់ទាញ​ដល់​ពួក​គេ​ភ្លាម​ពុំ​ខាន។ ប្រាកដ​ហើយ បុគ្គលិកលក្ខណៈ​ក៏​គង់​ខុស​ប្លែក⁠ៗពី​គ្នា​ដែរ សូម្បី​ក្នុង​ចំណោម​អស់​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​ពីដើម អ្នក​គេច​វាង​តែ​ម្ដង​អស់​អ្នក​ណា​ដែល​មិន​មាន​ការ​ចាប់​អារម្មណ៍​ឬ​លក្ខណៈ​ដូច​អ្នក។ ប៉ុន្តែ ឯ​ពួក​គ្រីស្ទាន គឺ​ត្រូវ​‹មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​រួបរួម​គ្នា​ទាំង​អស់›។ (ពេត្រុសទី១ ២:⁠១៧) ដូច្នេះ សូម​តាំង​ចិត្ត​ប៉ង​ប្រាថ្នា រក​ស្គាល់​មនុស្ស​ទាំង​អស់​ក្នុង​សាលព្រះរាជាណាចក្រ​ឲ្យ​បាន​ដិត​ដល់ ទោះបី​ពួក​គេ​មាន​អាយុ បុគ្គលិកលក្ខណៈ ពូជ​សាសន៍ កំពស់​ចំណេះវិជ្ជា មិន​ដូច​ខ្លួន​អ្នក​ក៏​ដោយ។ អ្នក​មុខ​ជា​នឹង​ឃើញ​ថា បុគ្គល​និមួយ⁠ៗមាន​គុណសម្បត្ដិ​យ៉ាង​ល្អ​វិសេស​ក្នុង​ប្រការ​ណា​មួយ​មិន​ខាន។

      ១១​. ហេតុ​អ្វី​ក៏​អ្នក​មិន​ត្រូវ​ខ្វល់​ចិត្ត ដោយ​មាន​បុគ្គលិកលក្ខណៈ​ខុស​ប្លែក​ពី​គ្នា​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

      ១១ ភាព​ផ្សេង⁠ៗគ្នា​នៃ​បុគ្គលិកលក្ខណៈ​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ មិន​ចាំបាច់​ធ្វើ​ឲ្យ​អ្នក​មាន​កង្វល់​ឡើយ។ ដើម្បី​ពន្យល់ សូម​នឹក​គិត​អំពី​រថយន្ត​ជា​ច្រើន ដែល​កំពុង​ធ្វើ​ដំណើរ​ក្បែរ​អ្នក​នៅ​តាម​ផ្លូវ។ រថយន្ត​ទាំង​អស់​មិន​មែន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ដូច​គ្នា​ទេ ហើយ​ក៏​មិន​មែន​មាន​សភាព​ដូច​គ្នា​ដែរ។ រថយន្ត​ខ្លះ​ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​អស់​ច្រើន​គីឡូម៉ែត្រ​ហើយ ប៉ុន្តែ​ដូច​អ្នក រថយន្ត​ខ្លះ​វិញ​ទើប​តែ​ចេញ​ដំណើរ។ ប៉ុន្តែ ទោះ​ជា​មាន​ការ​ខុស​គ្នា​ទាំង​នេះ​ក៏​ដោយ រថយន្ត​ទាំង​អស់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​មុខ​ជា​មួយ​គ្នា។ នេះ​ក៏​ស្រដៀង​គ្នា​ចំពោះ​បុគ្គល​ទាំង​ឡាយ ដែល​រួម​គ្នា​បង្កើត​ជា​ក្រុមជំនុំ​មួយ។ ទាំង​អស់​គ្នា​មិន​មែន​បណ្ដុះ​បណ្ដាល​គុណសម្បត្ដិ​គ្រីស្ទាន ក្នុង​ល្បឿន​ដូច​គ្នា​ទេ។ ម្យ៉ាង​ទៀត ទាំង​អស់​គ្នា​ក៏​ឥត​មាន​សភាព​ដូច​គ្នា​ដែរ ខាង​រូប​កាយ​ឬ​ខាង​ចិត្ត។ អ្នក​ខ្លះ​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​ហើយ អ្នក​ខ្លះ​ទៀត​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​គឺ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ទាំង​«រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១»។ (កូរិនថូសទី១ ១:⁠១០) ដូច្នេះ សូម​រក​គុណសម្បត្ដិ​ល្អ​វិញ ជាជាង​រក​គុណសម្បត្ដិ​ទន់ខ្សោយ​នៃ​ពួក​អ្នក​ក្នុង​ក្រុមជំនុំ។ ធ្វើ​បែប​នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​កក់ក្ដៅ ដ្បិត​អ្នក​នឹង​ដឹង​ថា ព្រះ​ទ្រង់​គឺ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​មែន។ ហើយ​នេះ​ច្បាស់​ជា​កន្លែង​ដែល​អ្នក​ចង់​គង់​នៅ។​—⁠កូរិនថូសទី១ ១៤:⁠២៥

      ១២, ១៣​. (ក) ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា? (ខ) ហេតុ​អ្វី​ក៏​ការ​ឥត​ចង​គំនុំ​គឺ​ជា​ការ​សំខាន់?

      ១២ ពីព្រោះ​មនុស្ស​ទាំង​អស់​គឺ​ឥត​គ្រប់​ល័ក្ខណ៍ ជួន​កាល​មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​មួយ ដែល​រកាំ​ចិត្ត​អ្នក។ (រ៉ូម ៣:⁠២៣) យ៉ាកុប​ជា​សិស្ស​ម្នាក់​បាន​សរសេរ​យ៉ាង​ពិត​ត្រឹម​ត្រូវ​ថា⁠៖ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ⁠ៗដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ»។ (យ៉ាកុប ៣:២) តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត? សុភាសិត​មួយ​នៃ​ព្រះ​គម្ពីរ​ចែង​ថា⁠៖ «[ការ​យល់​ធ្លុះ​ជ្រៅ]​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ»។ (សុភាសិត ១៩:១១) មាន​ការ​យល់​ធ្លុះ​ជ្រៅ គឺ​មាន​ន័យ​ថា មើល​ឃើញ​ដល់​ជម្រៅ​នៃ​ស្ថានការណ៍​ណា​មួយ យល់​នូវ​កត្ដា​ដែល​ជា​មូលដ្ឋាន​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​និយាយ​ឬ​ប្រព្រឹត្ត​ក្នុង​របៀប​ណា​មួយ។ យើង​ភាគ​ច្រើន​ប្រើ​ការ​យល់​ធ្លុះ​ជ្រៅ​មិន​តិច​ឡើយ ក្នុង​ការ​ដោះសា​កំហុស​ផ្ទាល់​ខ្លួន​របស់​យើង។ ហេតុ​អ្វី​ក៏​មិន​ប្រើ​ការ​យល់​ធ្លុះ​ជ្រៅ​របស់​យើង​នេះ ដើម្បី​ឲ្យ​យល់​និង​គ្រប​បាំង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​អ្នក​ឯ​ទៀត​ផង?​—⁠ម៉ាថាយ ៧:​១​-​៥; កូល៉ុស ៣:១៣

      ១៣ សូម​កុំ​ភ្លេច​ថា​យើង​ត្រូវ​តែ​អត់​ឱន​ទោស​ឲ្យ​អ្នក​ឯ​ទៀត ប្រសិន​បើ​យើង​ចង់​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ៦:​៩, ១២, ១៤, ១៥) ប្រសិន​បើ​យើង​កាន់​សេចក្ដី​ពិត នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​អ្នក​ឯ​ទៀត ក្នុង​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពុំ​ខាន។ (យ៉ូហានទី១ ១:​៦, ៧; ៣:​១៤​-​១៦; ៤:​២០, ២១) ដូច្នេះ ប្រសិន​បើ​អ្នក​ជួបប្រទះ​បញ្ហា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ សូម​តតាំង​កុំ​ឲ្យ​ចង​គំនុំ។ ប្រសិន​បើ​អ្នក​បាន​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​នឹង​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា ហើយ​អ្នក​នឹង​ចូល​សូម​ទោស​ដោយ​ឥត​រុញរា ប្រសិន​បើ​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​អាក់អន់​ចិត្ត​នោះ។​—⁠ម៉ាថាយ ៥:​២៣, ២៤; ១៨:​១៥​-​១៧

      ១៤​. តើ​យើង​គួរ​បំពាក់​ខ្លួន​ដោយ​គុណសម្បត្ដិ​អ្វី​ខ្លះ?

      ១៤ សំលៀកបំពាក់​ខាង​វិញ្ញាណ​របស់​យើង គួរ​តែ​រួម​បញ្ចូល​គុណសម្បត្ដិ​ផ្សេង⁠ៗទៀត ដែល​ជាប់​ទាក់ទង​យ៉ាង​ជិតដិត​នឹង​សេចក្ដី​ស្រឡាញ់។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់»។ លក្ខណៈ​ទាំង​នេះ ដែល​មាន​រួម​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ គឺ​ជា​ចំណែក​នៃ​‹បុគ្គលិកលក្ខណៈ​ថ្មី›​ដែល​ស្រប​តាម​ព្រះ។ (កូល៉ុស ៣:​១០, ១២) តើ​អ្នក​នឹង​ខំ​ប្រឹងប្រែង​បំពាក់​ខ្លួន​ក្នុង​របៀប​នេះ​ឬ​ទេ? ជា​ពិសេស ប្រសិន​បើ​អ្នក​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ជា​បងប្អូន នោះ​អ្នក​នឹង​មាន​សញ្ញា​មួយ​សម្គាល់​អ្នក​ថា​ជា​សិស្ស​របស់​ព្រះ​យេស៊ូ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា⁠៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​—⁠យ៉ូហាន ១៣:⁠៣៥

  • ស្វែងរកសន្ដិសុខក្នុងចំណោមរាស្ដ្ររបស់ព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
    • [រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៦៥]

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក