-
អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀមអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
៩ ពួកអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាអ្នកត្រួតពិនិត្យ ប្រព្រឹត្តដោយប្រាជ្ញាក្នុងជីវិតប្រចាំថ្ងៃ។ បើអ្នកត្រួតពិនិត្យមានប្រពន្ធ គាត់ត្រូវធ្វើតាមខ្នាតតម្រារបស់គ្រិស្តសាសនិកស្ដីអំពីអាពាហ៍ពិពាហ៍ ពោលគឺមានប្រពន្ធតែមួយ ហើយកំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។ បើអ្នកត្រួតពិនិត្យមានកូនជាអ្នកជឿដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក ហើយមិនត្រូវគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខហើយមិនមែនជាកូនពិបាកគ្រប់គ្រង នោះអ្នកឯទៀតក្នុងក្រុមជំនុំអាច និយាយជាមួយអ្នកត្រួតពិនិត្យនោះដោយមានទំនុកចិត្ត ដើម្បីសុំឱវាទនិងយោបល់អំពីរឿងដែលទាក់ទងជីវិតគ្រួសារនិងរបៀបរស់នៅជាគ្រិស្តសាសនិក។ អ្នកត្រួតពិនិត្យជាអ្នកដែលគ្មានកន្លែងបន្ទោស ហើយគ្មានកន្លែងចាប់កំហុសបាន ព្រមទាំងមានឈ្មោះល្អ សូម្បីតែពីអ្នកក្រៅ។ គាត់ក៏នឹងមិនប្រព្រឹត្តមិនសមរម្យ ដូច្នេះគេនឹងគ្មានហេតុត្រឹមត្រូវដើម្បីចោទប្រកាន់គាត់ ហើយធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះក្រុមជំនុំឡើយ។ គាត់ក៏មិនមែនជាអ្នកដែលបានត្រូវប្រដៅតម្រង់នៅពេលថ្មីៗដោយសារបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដែរ។ ដោយសារគាត់ទុកគំរូដ៏ល្អប្រសើរ បងប្អូនក្នុងក្រុមជំនុំចង់យកតម្រាប់គាត់ ហើយពួកគេអាចទុកចិត្តទាំងស្រុងថាគាត់នឹងជួយពួកគេឲ្យមានរបៀបរស់នៅជាគ្រិស្តសាសនិកពិត។—១កូ. ១១:១; ១៦:១៥, ១៦
១០ បុរសដែលមានគុណសម្បត្តិបែបនេះក្នុងក្រុមជំនុំគ្រិស្តសាសនិក មានតួនាទីស្រដៀងនឹងតួនាទីរបស់បុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែលសម័យបុរាណ។ ពួកគាត់ជាអ្នកដែល«មានប្រាជ្ញា មានយោបល់» និងមានបទពិសោធន៍។ (ចោ. ១:១៣) ពួកអ្នកចាស់ទុំមិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ ក៏ប៉ុន្តែ បងប្អូនក្នុងក្រុមជំនុំនិងមនុស្សក្នុងសហគមន៍ដឹងថា ពួកអ្នកចាស់ទុំជាអ្នកទៀងត្រង់ និងជាអ្នកកោតខ្លាចព្រះដែលបានបង្ហាញអស់មួយរយៈពេលថា ពួកគាត់ធ្វើគ្រប់ការទាំងអស់សមស្របតាមគោលការណ៍គម្ពីរ។ ដោយសារពួកគាត់គ្មានកន្លែងបន្ទោសបាន នោះពួកគាត់អាចនិយាយដោយក្លាហាននៅក្នុងក្រុមជំនុំ។—រ៉ូម ៣:២៣
-
-
អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀមអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
១១ បងប្រុសៗដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកត្រួតពិនិត្យ ត្រូវប្រព្រឹត្តដោយមានតុល្យភាពក្នុងរឿងផ្ទាល់ខ្លួន និងក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត។ ពួកគាត់មិនមែនជាមនុស្សជ្រុលនិយមទេ ផ្ទុយទៅវិញ របៀបរស់នៅរបស់ពួកគាត់គឺប្រកបដោយតុល្យភាពនិងការចេះទប់ចិត្ត។ ពួកគាត់ចេះប្រមាណក្នុងការបរិភោគ ក្នុងការសម្រាកលម្ហែកាយ និងក្នុងការកម្សាន្ត។ ពួកគាត់ក៏ចេះប្រមាណក្នុងការពិសាស្រាដែរ ដើម្បីកុំឲ្យគេមានហេតុចោទថាពួកគាត់ស្រវឹងស្រាឬជាអ្នកប្រមឹកស្រាឡើយ។ បុគ្គលដែលលែងមានសមត្ថភាពគ្រប់គ្រងខ្លួនដោយសារឥទ្ធិពលស្រា នឹងពិបាកទប់ចិត្តណាស់ ហើយក៏មិនអាចឃ្វាលបងប្អូនឬបំពេញភារកិច្ចក្នុងក្រុមជំនុំបានដែរ។
១២ ដើម្បីត្រួតពិនិត្យក្រុមជំនុំ បងប្រុសម្នាក់គួរបង្ហាញថាគាត់មានសណ្ដាប់ធ្នាប់មួយកម្រិត។ អាការក្រៅ ផ្ទះ និងកិច្ចការប្រចាំថ្ងៃរបស់គាត់បង្ហាញថាគាត់មានរបៀបរៀបរយ។ បុរសបែបនេះមិនបង្អែបង្អង់ទេ តែពេលដឹងថាត្រូវធ្វើអ្វីមួយ គាត់រៀបចំឲ្យបានល្អដើម្បីធ្វើកិច្ចការនោះ។ គាត់ធ្វើតាមគោលការណ៍របស់ព្រះជានិច្ច។
-
-
អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀមអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
១៤ ស្រដៀងគ្នាដែរ បុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំត្រូវដឹងខុសត្រូវ។ នេះមានន័យថាគាត់មានចិត្តធ្ងន់ ហើយចេះពិចារណាវែងឆ្ងាយមុននឹងធ្វើការវិនិច្ឆ័យ។ គាត់យល់ច្បាស់អំពីគោលការណ៍របស់ព្រះយេហូវ៉ា និងរបៀបអនុវត្តគោលការណ៍ទាំងនោះ។ បុគ្គលដែលដឹងខុសត្រូវពេញចិត្តទទួលឱវាទនិងការណែនាំ។ គាត់មិនមែនជាមនុស្សលាក់ពុតទេ។
-
-
អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀមអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
១៥ ប៉ូលបានរំលឹកទីតុសថា អ្នកត្រួតពិនិត្យក៏ជាអ្នកដែលស្រឡាញ់សេចក្ដីល្អ។ គាត់គួរជាមនុស្សសុចរិត ហើយមានភក្ដីភាព។ គុណសម្បត្តិទាំងនេះគឺសឲ្យឃើញក្នុងរបៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកឯទៀត ហើយក្នុងរបៀបដែលគាត់កាន់ខ្ជាប់អ្វីដែលល្អនិងត្រឹមត្រូវ។ គាត់បង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាជានិច្ច ហើយតែងតែកាន់តាមគោលការណ៍សុចរិតរបស់លោក។ គាត់អាចរក្សារឿងសម្ងាត់បាន។ គាត់ក៏ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ ដោយប្រើពេល កម្លាំង និងអ្វីៗដែលគាត់មាន ដើម្បីជាប្រយោជន៍ដល់អ្នកឯទៀត។—សកម្ម. ២០:៣៣-៣៥
១៦ ដើម្បីបំពេញភារកិច្ចរបស់គាត់ដោយមានប្រសិទ្ធភាព អ្នកត្រួតពិនិត្យត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន។ យោងទៅតាមពាក្យរបស់ប៉ូលទៅកាន់ទីតុស អ្នកត្រួតពិនិត្យត្រូវ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត ក្នុងរបៀបដែលគាត់បង្រៀន ដើម្បីគាត់អាចបំផុសទឹកចិត្តអ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍ ហើយកែតម្រង់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀននោះ»។ (ទីត. ១:៩) ក្នុងការបង្រៀន អ្នកត្រួតពិនិត្យមានសមត្ថភាពវែកញែក បង្ហាញភ័ស្តុតាង បញ្ជាក់ហេតុផលដល់អ្នកដែលជំទាស់ ហើយពន្យល់បទគម្ពីរតាមរបៀបដែលពង្រឹងជំនឿអ្នកឯទៀតនិងធ្វើឲ្យពួកគេជឿជាក់។ អ្នកត្រួតពិនិត្យត្រូវមានសមត្ថភាពបង្រៀនដូចនេះ ទោះជានៅពេលដែលមានអំណោយផល ឬនៅពេលដែលមានការលំបាកក្ដី។ (២ធី. ៤:២) ដោយសារអ្នកត្រួតពិនិត្យមានចិត្តអត់ធ្មត់ គាត់អាចប្រដៅតម្រង់ដោយចិត្តស្លូតបូតបុគ្គលដែលបានធ្វើខុស ក៏អាចធ្វើឲ្យអ្នកដែលសង្ស័យជឿជាក់វិញ ហើយជំរុញចិត្តអ្នកនោះឲ្យធ្វើកិច្ចការល្អដោយមានមូលដ្ឋានលើជំនឿ។ បើបងប្រុសម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនមនុស្សមួយក្រុមធំ ឬបើគាត់ចេះបង្រៀនបងប្អូនម្នាក់ៗក្នុងក្រុមជំនុំ នោះបញ្ជាក់ថាគាត់បានបំពេញតម្រូវការដ៏សំខាន់នេះសម្រាប់អ្នកត្រួតពិនិត្យ។
-