-
‹ចូរយកចិត្តទុកដាក់អោយមែនទែន›ទស្សនាវដ្ដីប៉មយាម ២០០២ | ១ ធ្នូ
-
-
‹ចូរយកចិត្តទុកដាក់អោយមែនទែន›
«យើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ»។—ហេប្រឺ ២:១, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១. សូមរៀបរាប់នូវរបៀបដែលការមានស្មារតីមិនមូលអាចនាំឲ្យមានគ្រោះថ្នាក់។
មនុស្សប្រមាណ៣៧.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពួកអ្នកជំនាញផ្នែកចរាចរណ៍ប្រាប់យើងថា មនុស្សភាគច្រើនទាំងនេះមិនត្រូវស្លាប់ទេ បើអ្នកបើកបរយកចិត្តទុកដាក់ឲ្យបានមែនទែនពេលបើកបររថយន្តនោះ។ អ្នកបើកបរខ្លះមានស្មារតីមិនមូលដោយព្រោះមើលបដាឃោសនាអ្វីមួយ ឬដោយប្រើទូរស័ព្ទដៃ។ អ្នកខ្លះរវល់បរិភោគអាហារពេលកំពុងបើកបរ។ ក្នុងគ្រប់កាលៈទេសៈបែបនេះ អ្វីៗដែលធ្វើឲ្យស្មារតីមិនមូលនោះ អាចនាំឲ្យមានគ្រោះថ្នាក់ជាក់ជាពុំខាន។
២, ៣. តើប៉ុលដាស់តឿនបណ្ដាគ្រីស្ទានសាសន៍ហេព្រើរយ៉ាងណា? ហើយ តើហេតុអ្វីបានជាដំបូន្មាននោះគឺល្អចំពោះពួកគេ?
២ ជិត២.០០០ឆ្នាំមុនមានរថយន្តនៅឡើយ សាវ័កប៉ុលបានពណ៌នាអំពីអ្វីដែលបានធ្វើឲ្យបណ្ដាគ្រីស្ទានសាសន៍ហេព្រើរមានស្មារតីមិនមូល និងធ្វើឲ្យគេមានគ្រោះថ្នាក់ដែរ។ ប៉ុលបានបញ្ជាក់ថា ព្រះយេស៊ូគ្រីស្ទដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ទ្រង់បានទទួលឋានៈខ្ពស់ជាងទេវតាទាំងឡាយ ដ្បិតព្រះយេស៊ូបានគង់នៅខាងស្ដាំព្រះហស្តរបស់ព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា៖ «ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ»។—ហេប្រឺ ២:១, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៣ ហេតុអ្វីបានជាបណ្ដាគ្រីស្ទានសាសន៍ហេព្រើរនោះត្រូវ«យកចិត្តទុកដាក់ . . . មែនទែន»ចំពោះអ្វីដែលពួកគេស្ដាប់ពីព្រះយេស៊ូ? ពីព្រោះជិត៣០ឆ្នាំបានកន្លងផុតហើយ តាំងពីព្រះយេស៊ូយាងចេញពីផែនដី។ ក្នុងកំឡុងពេលអវត្តមាននៃម្ចាស់របស់ពួកគេ នោះបណ្ដាគ្រីស្ទានសាសន៍ហេព្រើរខ្លះបានចាប់ផ្ដើមរសាយចិត្តចេញពីជំនឿពិត។ បណ្ដាគ្រីស្ទានសាសន៍ហេព្រើរនោះបានអនុញ្ញាតឲ្យអតីតសាសនារបស់ពួកគេ គឺសាសនាយូដា ធ្វើឲ្យពួកគេមានស្មារតីមិនមូល។
ពួកគេត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាង
៤. បណ្ដាគ្រីស្ទានសាសន៍ហេព្រើរខ្លះប្រហែលជាមានចិត្តចង់ត្រឡប់ទៅកាន់សាសនាយូដាវិញ។ តើដោយព្រោះហេតុអ្វី?
៤ តើអ្វីទៅអាចទាក់ទាញចិត្តគ្រីស្ទានម្នាក់ឲ្យត្រឡប់ទៅកាន់សាសនាយូដាវិញនោះ? នេះគឺពីព្រោះរបៀបថ្វាយបង្គំក្រោមក្រិត្យវិន័យនោះ បានរួមបញ្ចូលរបស់ដែលអាចមើលឃើញជាក់ស្តែង។ ប្រជាជនអាចមើលឃើញពួកសង្ឃ ហើយអាចធុំក្លិនដង្វាយដុតជាយញ្ញបូជានិមួយៗនោះ។ ប៉ុន្តែ សាសនាគ្រីស្ទានមានភាពខុសគ្នាឆ្ងាយណាស់។ ពួកគ្រីស្ទានក៏មានសម្ដេចសង្ឃមួយអង្គដែរ គឺព្រះយេស៊ូគ្រីស្ទ ប៉ុន្តែពួកគេមិនបានឃើញទ្រង់នៅលើផែនដីអស់បីទសវត្សរ៍ហើយ។ (ហេព្រើរ ៤:១៤) ពួកគ្រីស្ទានមានព្រះវិហារមួយដែរ តែស្ថានសួគ៌ជាទីបរិសុទ្ធរបស់វិហារនោះ។ (ហេព្រើរ ៩:២៤) ពួកគ្រីស្ទានមិនកាត់ស្បែកមែនទែនដូចតម្រូវដោយក្រិត្យវិន័យទេ តែកាត់ស្បែក‹នៅក្នុងចិត្ត ខាងវិញ្ញាណ›វិញ។ (រ៉ូម ២:២៩) ហេតុនេះហើយបានជាបណ្ដាគ្រីស្ទានសាសន៍ហេព្រើរប្រហែលជាបានចាត់ទុកសាសនាគ្រីស្ទានជារបៀបថ្វាយបង្គំអរូបី។
៥. តើប៉ុលបង្ហាញយ៉ាងណាថា របៀបថ្វាយបង្គំដែលព្រះយេស៊ូស្ថាបនាឡើងនោះ មានតម្លៃខ្ពស់ជាងការថ្វាយបង្គំតាមក្រិត្យវិន័យទៅទៀត?
៥ បណ្ដាគ្រីស្ទានសាសន៍ហេព្រើរនោះត្រូវទទួលស្គាល់ចំណុចសំខាន់ ស្តីអំពីរបៀបថ្វាយបង្គំដែលព្រះគ្រីស្ទបានស្ថាបនាឡើង។ របៀបថ្វាយបង្គំនោះមានមូលដ្ឋានលើជំនឿជាជាងការមើលឃើញ ប៉ុន្តែ មានតម្លៃខ្ពស់ជាងក្រិត្យវិន័យដែលបានប្រទានមកតាមរយៈព្យាការីម៉ូសេទៅទៀត។ ប៉ុលបានសរសេរថា៖ «បើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផែះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត?»។ (ហេព្រើរ ៩:១៣, ១៤) ត្រូវមែន ការអត់ឱនទោសដែលពួកគេអាចទទួលដោយសារជំនឿទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ មានតម្លៃច្រើនជាងប្រយោជន៍ដែលមកពីយញ្ញបូជានៅក្រោមក្រិត្យវិន័យទៅទៀត។—ហេព្រើរ ៧:២៦-២៨
៦, ៧. (ក) តើស្ថានការណ៍អ្វីបានធ្វើឲ្យមានភាពបន្ទាន់ ចំពោះបណ្ដាគ្រីស្ទានសាសន៍ហេព្រើរដែល«ត្រូវយកចិត្តទុកដាក់ . . . មែនទែន»ចំពោះអ្វីដែលគេឮនោះ? (ខ) ពេលប៉ុលសរសេរសំបុត្ររបស់គាត់ទៅពួកសាសន៍ហេព្រើរនោះ តើនៅសល់ប៉ុន្មានឆ្នាំមុននឹងសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិម? (សូមមើលសម្គាល់ហេតុ)
៦ មានមូលហេតុមួយទៀតដែរ ដែលបណ្ដាគ្រីស្ទានសាសន៍ហេព្រើរត្រូវយកចិត្តទុកដាក់ឲ្យមែនទែនចំពោះអ្វីដែលពួកគេបានស្ដាប់ពីព្រះយេស៊ូ។ ព្រះយេស៊ូបានទាយថា ទីក្រុងយេរូសាឡិមត្រូវទទួលសេចក្ដីហិនវិនាស។ ព្រះយេស៊ូមានបន្ទូលថា៖ «នឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។—លូកា ១៩:៤៣, ៤៤
៧ តើព្រឹត្ដិការណ៍ទាំងនេះត្រូវកើតឡើងនៅពេលណា? ព្រះយេស៊ូមិនបានប្រាប់អំពីថ្ងៃ ខែ ឬម៉ោងនោះឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានបង្គាប់ថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ។ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ (លូកា ២១:២០, ២១) ក្នុងកំឡុងពេល៣០ឆ្នាំក្រោយពីព្រះយេស៊ូមានបន្ទូលនោះ ជនគ្រីស្ទានខ្លះបានលែងប្រុងស្មារតីអំពីភាពបន្ទាន់នោះទៀត ហើយបានទៅជាមានស្មារតីមិនមូលទៅវិញ។ នេះប្រៀបដូចជាអ្នកបើកបររថយន្តដែលលែងមើលផ្លូវខាងមុខទៀត។ ប្រសិនបើពួកគេមិនកែប្រែរបៀបគិតគូររបស់គេ នោះច្បាស់ជានឹងមានអន្តរាយនៅខាងមុខគេជាក់ជាពុំខាន។ ទោះជាពួកគេគិតយ៉ាងណាក៏ដោយ សេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិមបានឆ្ពោះមកជិតហើយ!a យើងសង្ឃឹមថា ដំបូន្មានរបស់ប៉ុលបានធ្វើជាការក្រើនរំឭកចំពោះជនគ្រីស្ទាននៅទីក្រុងយេរូសាឡិម ដែលកំពុងងុយងោកខាងវិញ្ញាណនោះ។
ចូរ«យកចិត្តទុកដាក់ . . . អោយមែនទែន»នៅសព្វថ្ងៃនេះ
៨. ហេតុអ្វីបានជាយើងត្រូវ«យកចិត្តទុកដាក់»នឹងសេចក្ដីពិតក្នុងព្រះបន្ទូលរបស់ព្រះ«អោយមែនទែន»?
៨ យើងរាល់គ្នាក៏ត្រូវ«យកចិត្តទុកដាក់ . . . មែនទែន»ចំពោះសេចក្ដីពិតទាំងឡាយក្នុងព្រះបន្ទូលរបស់ព្រះ ដូចពួកគ្រីស្ទាននៅសតវត្សទីមួយនោះដែរ។ ហេតុអ្វី? ពីព្រោះយើងកំពុងតែប្រឈមមុខនឹងសេចក្ដីហិនវិនាសមួយផងដែរ មិនមែនសេចក្ដីហិនវិនាសនៃសាសន៍មួយប៉ុណ្ណោះទេ តែជាការបំផ្លាញរបបលោកីយ៍ទាំងមូលចោលតែម្ដង។ (វិវរណៈ ១១:១៨; ១៦:១៤, ១៦) ត្រូវមែន យើងមិនដឹងថ្ងៃណា ឬម៉ោងណាដែលព្រះយេហូវ៉ានឹងធ្វើការនេះឡើយ។ (ម៉ាថាយ ២៤:៣៦) ក៏ប៉ុន្តែ យើងកំពុងតែធ្វើជាសាក្សីផ្ទាល់ ស្តីអំពីការសម្រេចនូវទំនាយព្រះគម្ពីរដែលបញ្ជាក់យ៉ាងច្បាស់លាស់ ថាយើងកំពុងតែរស់នៅថ្ងៃ«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) ហេតុដូច្នេះហើយបានជាយើងត្រូវប្រយ័ត្ននឹងអ្វីៗដែលអាចធ្វើឲ្យយើងមានស្មារតីមិនមូល។ យើងត្រូវយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះ ហើយចងចាំក្នុងចិត្តគំនិតនូវភាពបន្ទាន់នេះ។ មានតែធ្វើដូចនេះទេ ទើបយើងអាច«រាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក»។—លូកា ២១:៣៦
-
-
‹ចូរយកចិត្តទុកដាក់អោយមែនទែន›ទស្សនាវដ្ដីប៉មយាម ២០០២ | ១ ធ្នូ
-
-
a សំបុត្រជូនចំពោះពួកសាសន៍ហេព្រើរនោះ ប្រហែលជាបានត្រូវសរសេរនៅឆ្នាំ៦១ ស.យ.។ បើដូច្នេះមែន មានតែប្រាំឆ្នាំក្រោយនោះទៀតទើបកងទ័ពរបស់លោកស៊ីស្ទាស ហ្កាឡាស បានឡោមព័ទ្ធទីក្រុងយេរូសាឡិម។ មិនយូរប៉ុន្មានក្រោយមក ពួកទ័ពនោះបានដកទ័ពថយវិញ ដែលបានអនុញ្ញាតឲ្យពួកគ្រីស្ទានដែលប្រុងស្មារតីនោះ អាចរត់ចេញពីទីក្រុងនោះទៅ។ បួនឆ្នាំក្រោយមកទៀត កងទ័ពរ៉ូមក្រោមការដឹកនាំរបស់ឧត្តមសេនីយ ទីតុស បានលើកទ័ពមកវិញដើម្បីបំផ្លាញចោលទីក្រុងយេរូសាឡិម។
-