-
ចូរ«ចូលទៅជិតព្រះ»ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មីនា
-
-
ចូរ«ចូលទៅជិតព្រះ»
«ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
១, ២. (ក) តាមធម្មតា តើមនុស្សជាតិអះអាងថាអ្វី? (ខ) តើយ៉ាកុបបានជំរុញទឹកចិត្តជនគ្រីស្ទានដោយពាក្យអ្វី? ហេតុអ្វីគាត់ជូនដំបូន្មាននោះ?
«ព្រះគង់នៅជាមួយយើង»។ ពាក្យទាំងនេះត្រូវសរសេរជាប់នឹងអ្វីៗក៏ដោយដែលជានិមិត្តរូបរបស់ប្រទេសផ្សេងៗ និងសូម្បីតែឯកសណ្ឋានរបស់ទាហាននៃប្រទេសខ្លះក៏មានពាក្យនេះដែរ។ នៅសម័យយើងនេះ ពាក្យថា«យើងទុកចិត្តទៅលើព្រះ» ក៏បានត្រូវបោះពុម្ពនៅលើក្រដាសប្រាក់ និងឆ្លាក់នៅលើកាក់ដែលជាលុយរបស់ប្រទេសផ្សេងៗដែរ។ គឺជាការធម្មតាទេ ដែលមនុស្សជាតិអះអាងថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះ។ ប៉ុន្តែ អ្នកប្រហែលជានឹងយល់ស្របថា ការមានទំនាក់ទំនងដ៏ពិតហើយជិតស្និទ្ធជាមួយនឹងព្រះតម្រូវឲ្យមានអ្វីច្រើនជាង មិនមែនគ្រាន់តែពាក្យសំដីឬក៏ការមានពាក្យស្លោកមួយដូចខាងលើនេះតែប៉ុណ្ណោះនោះ មែនទេ?
២ ព្រះគម្ពីរបញ្ជាក់ថា យើងអាចមានចំណងមិត្តភាពជាមួយនឹងព្រះបានពិតមែន។ ប៉ុន្តែ យើងត្រូវព្យាយាមទើបបាន។ សូម្បីតែជនគ្រីស្ទាននៅសតវត្សទីមួយដែលជាអ្នកចាក់ប្រេងតាំងនោះ ក៏ត្រូវពង្រឹងនូវចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ាដែរ។ នៅសម័យនោះ លោកយ៉ាកុប ជាជនគ្រីស្ទានម្នាក់ហើយក៏ជាអ្នកត្រួតពិនិត្យដែរ លោកត្រូវព្រមានជនគ្រីស្ទានខ្លះអំពីភាពទន់ទោរទៅរកគំនិតនិងការប្រព្រឹត្តខាងសាច់ឈាម ហើយការបាត់បង់នូវភាពស្អាតស្អំខាងវិញ្ញាណ។ ក្នុងដំបូន្មាននោះ យ៉ាកុបបានជំរុញទឹកចិត្តពួកគេយ៉ាងខ្លាំងឲ្យ «ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:១-១២) តើយ៉ាកុបចង់និយាយដូចម្ដេចដោយប្រើពាក្យថា«ចូលទៅជិត»នោះ?
៣, ៤. (ក) អ្នកដែលបានអានសំបុត្ររបស់យ៉ាកុបនៅសតវត្សទីមួយ តើពួកគេប្រហែលជាបាននឹកចាំពីអ្វី ពេលពួកគេឮពាក្យថា«ចូលទៅជិតព្រះ»នោះ? (ខ) ហេតុអ្វីយើងអាចជឿជាក់ថា យើងអាចចូលទៅជិតព្រះបាន?
៣ អ្នកដែលបានអានសំបុត្ររបស់យ៉ាកុប ធ្លាប់ឮឃ្លាថា«ចូលទៅជិតព្រះ»ពីមុន។ ក្រិត្យវិន័យលោកម៉ូសេបានមានការណែនាំល្អិតល្អន់សំរាប់ពួកសង្ឃស្តីអំពីរបៀបពួកគេត្រូវ«ចូលមកឯ»ព្រះយេហូវ៉ាដើម្បីធ្វើជារាស្ត្រទ្រង់។ (និក្ខមនំ ១៩:២២) ដូច្នេះ អ្នកដែលបានអានសំបុត្ររបស់យ៉ាកុបប្រហែលជាបាននឹកចាំថា ការចូលទៅជិតព្រះយេហូវ៉ាជាអ្វីដែលពួកគេមិនត្រូវមើលស្រាលនោះឡើយ ពីព្រោះព្រះយេហូវ៉ាមានឋានៈដ៏ខ្ពង់ខ្ពស់បំផុតលើសកលលោក។
៤ ក៏ប៉ុន្តែ នេះសមស្របនឹងអ្វីដែលបណ្ឌិតព្រះគម្ពីរមួយរូបបានកត់សម្គាល់ថា៖ «ការដាស់តឿន[នៅយ៉ាកុប៤:៨]បង្ហាញពីសុទិដ្ឋិនិយមខ្លាំងណាស់»។ យ៉ាកុបដឹងថា ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដោយអញ្ជើញមនុស្សជាតិឥតគ្រប់ល័ក្ខណ៍ ឲ្យចូលមកជិតទ្រង់តាំងតែពីដើមមក។ (របាក្សត្រទី២ ១៥:២) តម្លៃលោះរបស់ព្រះយេស៊ូបានបើកផ្លូវឲ្យចូលទៅជិតព្រះយេហូវ៉ាឲ្យបានពេញលេញ។ (អេភេសូរ ៣:១១, ១២) សព្វថ្ងៃនេះ ផ្លូវនេះបានត្រូវបើកឲ្យមនុស្សរាប់លាននាក់ចូលទៅជិតព្រះ! ក៏ប៉ុន្តែ តើយើងអាចចាប់ផ្ដើមដើរឆ្ពោះទៅតាមផ្លូវដ៏ប្រសើរឯកនេះបានយ៉ាងដូចម្ដេច? យើងនឹងពិចារណាយ៉ាងខ្លីនូវវិធីបីយ៉ាងដែលយើងអាចចូលទៅជិតព្រះយេហូវ៉ាបាន។
ចូរ«បន្តក្រេបជញ្ជក់ចំណេះ»អំពីព្រះ
៥, ៦. តើឧទាហរណ៍អំពីពេលដែលសាំយូអែលនៅក្មេង បញ្ជាក់ដូចម្ដេចនូវអត្ថន័យនៃការ«ក្រេបជញ្ជក់ចំណេះ»អំពីព្រះ?
៥ យោងទៅតាមយ៉ូហាន ១៧:៣ ក្នុងព្រះគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបន្តក្រេបជញ្ជក់ចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ ខនេះត្រូវបកប្រែផ្សេងពីព្រះគម្ពីរឯទៀតក្រៅពីសេចក្ដីបកប្រែពិភពលោកថ្មី។ ជាជាងបកប្រែថា«ក្រេបជញ្ជក់ចំណេះ» ព្រះគម្ពីរឯទៀតគ្រាន់តែដាក់ពាក្យថា«ស្គាល់»ព្រះមួយម៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែ បណ្ឌិតមួយចំនួនកត់សម្គាល់ថា ខ្លឹមសារនៃពាក្យដើមជាភាសាក្រិច រួមបញ្ចូលច្រើនជាងការស្គាល់ទៅទៀត ដែលនេះសំដៅលើសកម្មភាពដែលបន្តទៅមុខជានិច្ច និងដែលអាចឈានទៅដល់ការស្គាល់គ្នាយ៉ាងជិតស្និទ្ធទៀតផង។
៦ នៅសម័យព្រះយេស៊ូ ការស្គាល់ព្រះយ៉ាងជិតស្និទ្ធមិនមែនជាគំនិតថ្មីមួយទេ។ ជាឧទាហរណ៍ ក្នុងបទគម្ពីរភាសាហេព្រើរ យើងអានថា នៅពេលដែលសាំយូអែលនៅជាកុមារ គាត់«មិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ»។ (សាំយូអែលទី១ ៣:៧) តើនេះមានន័យថា សាំយូអែលមិនសូវដឹងអំពីព្រះឬ? មិនមានន័យដូច្នេះទេ។ មាតាបិតានិងពួកសង្ឃប្រាកដជាបានបង្រៀនសាំយូអែលច្រើនអំពីព្រះ។ ប៉ុន្តែ យោងទៅតាមបណ្ឌិតមួយរូប ពាក្យភាសាហេព្រើរដែលត្រូវប្រើក្នុងខនោះអាច«ត្រូវប្រើសំរាប់ភាពស្និទ្ធស្នាលបំផុត»។ មុនពេលដែលសាំយូអែលបំរើជាអ្នកនាំសាររបស់ព្រះយេហូវ៉ានោះ គាត់មិនទាន់ស្គាល់ព្រះយេហូវ៉ាជិតស្និទ្ធនៅឡើយទេ។ ក្នុងកាលដែលគាត់កំពុងតែធំឡើង គាត់បានចាប់ផ្ដើមស្គាល់ព្រះយេហូវ៉ាពិតប្រាកដ និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់។—សាំយូអែលទី១ ៣:១៩, ២០
៧, ៨. (ក) ហេតុអ្វីបានជាយើងមិនគួរធ្លាក់ទឹកចិត្តចំពោះសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅក្នុងព្រះគម្ពីរ? (ខ) តើអ្វីជាសេចក្ដីពិតដ៏ជ្រាលជ្រៅខ្លះដែលមានក្នុងព្រះបន្ទូលរបស់ព្រះដែលយើងគួរសិក្សា?
៧ តើអ្នកកំពុងតែបន្តក្រេបជញ្ជក់ចំណេះអំពីព្រះយេហូវ៉ាដើម្បីស្គាល់ទ្រង់យ៉ាងជិតស្និទ្ធឬទេ? ដើម្បីធ្វើយ៉ាងនេះអ្នកត្រូវតែ«ប្រាថ្នាចង់បាន»ម្ហូបអាហារដែលព្រះប្រទានឲ្យ។ (ពេត្រុសទី១ ២:២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) កុំស្កប់ចិត្តនឹងការរៀនតែសេចក្ដីបឋមៗប៉ុណ្ណោះ។ ចូរសំភីរៀនសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅពីព្រះគម្ពីរផងដែរ។ (ហេព្រើរ ៥:១២-១៤) តើអ្នកធ្លាក់ទឹកចិត្តដោយនឹកស្មានថា សេចក្ដីបង្រៀនដ៏ជ្រាលជ្រៅនោះគឺពិបាករៀនពេកឬ? បើដូច្នេះ សូមចាំថា ព្រះយេហូវ៉ាគឺជា«គ្រូបង្រៀនដ៏ឧត្តម»។ (អេសាយ ៣០:២០, ព.ថ.) ទ្រង់ជ្រាបនូវរបៀបបង្រៀនសេចក្ដីពិតដ៏ជ្រាលជ្រៅដល់មនុស្សឥតគ្រប់ល័ក្ខណ៍។ ទ្រង់អាចប្រទានពរទៅលើអ្នក ពេលដែលអ្នកព្យាយាមយល់នូវអ្វីដែលទ្រង់កំពុងតែបង្រៀនអ្នក។—ទំនុកដំកើង ២៥:៤
៨ សូមអញ្ជើញពិនិត្យមើល«សេចក្ដីជ្រាលជ្រៅនៃព្រះ»ដោយខ្លួនឯង។ (កូរិនថូសទី១ ២:១០) នេះមិនមែនជាសេចក្ដីបង្រៀនដែលធ្វើឲ្យយើងធុញទ្រាន់នោះទេ ព្រោះមិនមែនដូចជាអ្វីដែលសាសនវិទូនិងបព្វជិតពិនិត្យមើលឡើយ។ តែសេចក្ដីបង្រៀននោះមានអត្ថប្រយោជន៍ ហើយក៏ផ្ដល់ជាការយល់ធ្លុះជ្រៅដ៏គួរឲ្យចាប់អារម្មណ៍ណាស់ អំពីគំនិតនិងព្រះទ័យរបស់ព្រះវរបិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ ជាឧទាហរណ៍ តម្លៃលោះ «សេចក្ដីអាថ៌កំបាំង» និងកិច្ចព្រមព្រៀងផ្សេងៗដែលព្រះយេហូវ៉ាបានប្រើដើម្បីប្រទានពរទៅលើរាស្ត្ររបស់ទ្រង់និងដើម្បីបំពេញគោលបំណងរបស់ទ្រង់ ជាប្រធានខ្លះក្នុងចំណោមប្រធានជាច្រើនឯទៀតដែលគួរឲ្យចាប់អារម្មណ៍និងផ្ដល់ជាផលប្រយោជន៍ជាច្រើនពេលយើងស្រាវជ្រាវនិងសិក្សា។—កូរិនថូសទី១ ២:៧
៩, ១០. (ក) តើហេតុអ្វីបានជាអំនួតអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន? តើអ្វីនឹងជួយឲ្យយើងជៀសផុតពីអំនួត? (ខ) បើគិតពីចំណេះអំពីព្រះយេហូវ៉ា ហេតុអ្វីបានជាយើងគួរព្យាយាមមានចិត្តរាបទាបនោះ?
៩ ពេលអ្នកទទួលចំណេះរឹតតែច្រើនអំពីរឿងដ៏ជ្រាលជ្រៅខាងវិញ្ញាណ ចូរប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់មួយដែលអាចកើតអំពីចំណេះ ពោលគឺជាអំនួត។ (កូរិនថូសទី១ ៨:១) អំនួតបណ្ដាលឲ្យមានគ្រោះថ្នាក់មែន ដ្បិតអំនួតពង្រាត់មនុស្សឲ្យនៅឆ្ងាយពីព្រះ។ (សុភាសិត ១៦:៥; យ៉ាកុប ៤:៦) សូមចាំថា គ្មានមនុស្សណាម្នាក់មានហេតុបង្អួតចំណេះខ្លួនឡើយ។ ជាឧទាហរណ៍ សូមពិចារណានូវពាក្យដែលមានក្នុងអារម្ភកថានៃសៀវភៅមួយដែលរៀបរាប់សមិទ្ធផលខាងវិទ្យាសាស្ត្ររបស់មនុស្សជាតិនៅពេលថ្មីៗនេះ។ «កាលយើងចេះកាន់តែច្រើន យើងកាន់តែទទួលស្គាល់ថាយើងមិនសូវចេះច្រើនទេ។ . . . កាលបើយកអ្វីៗទាំងអស់ដែលយើងបានរៀនមកប្រៀបនឹងអ្វីដែលយើងមិនទាន់រៀននោះ គឺដូចជាយើងមិនបានរៀនអ្វីសោះឡើយ»។ ការពោលដោយចិត្តរាបទាបយ៉ាងនេះធ្វើឲ្យយើងពេញចិត្តណាស់។ ឥឡូវ ទំរាំដល់ចំណេះអំពីព្រះយេហូវ៉ាដែលមានច្រើនគ្មានព្រំដែននោះ យើងមានហេតុឲ្យមានចិត្តរាបទាបជាជាងអំបាលម៉ានទៅទៀត។ ហេតុអ្វី?
១០ សូមកត់សម្គាល់ចំណែងព្រះគម្ពីរខ្លះៗស្តីអំពីព្រះយេហូវ៉ា។ ‹អស់ទាំងព្រះតំរិះទ្រង់ក៏ជ្រៅណាស់›។ (ទំនុកដំកើង ៩២:៥) «ព្រះតំរិះរបស់[ព្រះយេហូវ៉ា]ឥតមានព្រំដែនឡើយ»។ (ទំនុកតម្កើង ១៤៧:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) «គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់[ព្រះយេហូវ៉ា]បានទេ»។ (អេសាយ ៤០:២៨) «អើហ្ន៎! ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ!»។ (រ៉ូម ១១:៣៣) ប្រាកដហើយ យើងនឹងមិនអាចដឹងអ្វីៗទាំងអស់អំពីព្រះយេហូវ៉ាឡើយ។ (សាស្ដា ៣:១១) ព្រះយេហូវ៉ាបានបង្រៀនយើងនូវអ្វីៗដ៏អស្ចារ្យជាច្រើន តែតែងតែមានចំណេះច្រើនមិនចេះអស់ដែលយើងនឹងត្រូវរៀន។ ការយល់ដឹងអំពីចំណុចនេះ ពិតជាធ្វើឲ្យយើងរំភើបចិត្តនិងមានចិត្តរាបទាប មែនទេ? ដូច្នេះ ពេលដែលយើងរៀន ចូរយើងប្រើចំណេះរបស់យើងជានិច្ច ដើម្បីចូលទៅជិតព្រះយេហូវ៉ានិងជួយអ្នកឯទៀតធ្វើដូច្នេះដែរ មិនមែនដើម្បីលើកដំកើងខ្លួនឲ្យខ្ពស់ជាងអ្នកឯទៀតឡើយ។—ម៉ាថាយ ២៣:១២; លូកា ៩:៤៨
ចូរសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា
១១, ១២. (ក) តើចំណេះដែលយើងទទួលអំពីព្រះយេហូវ៉ាគួរមានឥទ្ធិពលយ៉ាងណាមកលើយើង? (ខ) តើអ្វីបង្ហាញឲ្យដឹងថាសេចក្ដីស្រឡាញ់របស់បុគ្គលម្នាក់គឺស្មោះចំពោះព្រះឬក៏អត់នោះ?
១១ គឺសមរម្យណាស់ ដែលសាវ័កប៉ុលបានបញ្ជាក់ទំនាក់ទំនងរវាងចំណេះនិងសេចក្ដីស្រឡាញ់។ គាត់បានសរសេរថា៖ «ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក»។ (ភីលីព ១:៩) ជាជាងធ្វើឲ្យយើងអួតខ្លួន សេចក្ដីពិតដ៏វិសេសទាំងឡាយដែលយើងរៀនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ គួរបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាយើងនៅស្ថានសួគ៌។
១២ ពិតណាស់ មនុស្សជាច្រើនដែលអះអាងថា ខ្លួនស្រឡាញ់ព្រះនោះ ការពិតពួកគេមិនស្រឡាញ់ព្រះទេ។ ពួកគេប្រហែលជាមានមនោសញ្ចេតនាជ្រាលជ្រៅក្នុងចិត្តពួកគេពិតមែន។ អារម្មណ៍បែបនេះគឺល្អ គួរឲ្យសរសើរណាស់ ពេលសមស្របទៅតាមចំណេះពិត។ ប៉ុន្តែ អារម្មណ៍បែបនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះឡើយ។ ហេតុអ្វី? សូមកត់សម្គាល់នូវអ្វីដែលព្រះបន្ទូលរបស់ព្រះបកស្រាយថាជាសេចក្ដីស្រឡាញ់: «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ (យ៉ូហានទី១ ៥:៣) ដូច្នេះ ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងស្មោះ គឺត្រូវមានការប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ព្រមជាមួយដែរ។
១៣. តើការកោតខ្លាចព្រះនឹងជួយយើងសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៣ ការកោតខ្លាចព្រះយេហូវ៉ានឹងជួយឲ្យយើងស្ដាប់បង្គាប់ទ្រង់។ ការកោតខ្លាចគឺការកោតគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ដែលបណ្ដាលមកពីការក្រេបជញ្ជក់ចំណេះអំពីទ្រង់ និងការរៀនអំពីភាពបរិសុទ្ធ ភាពរុងរឿង តេជានុភាព យុត្ដិធម៌ ប្រាជ្ញា និងសេចក្ដីស្រឡាញ់ដ៏គ្មានព្រំដែនរបស់ទ្រង់។ បើយើងចង់ចូលទៅជិតទ្រង់ ការកោតខ្លាចនេះគឺត្រូវមានជាចាំបាច់។ តាមពិត សូមកត់សម្គាល់នូវអ្វីដែលទំនុកដំកើង ២៥:១៤ ចែងអំពីព្រះយេហូវ៉ាថា៖ «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់»។ ដូច្នេះ បើយើងកោតក្រែងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដោយមិនចង់ធ្វើអ្វីដែលមិនសព្វព្រះហឫទ័យរបស់ទ្រង់ នោះយើងអាចចូលទៅជិតទ្រង់បាន។ ការកោតខ្លាចព្រះនឹងជួយយើងស្ដាប់តាមឱវាទនៅសុភាសិត ៣:៦ ដែលចែងថា៖ «ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ តើនេះមានន័យដូចម្ដេច?
១៤, ១៥. (ក) តើយើងត្រូវធ្វើការសម្រេចចិត្តអ្វីខ្លះជារៀងរាល់ថ្ងៃ? (ខ) តើយើងអាចធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច ដើម្បីបង្ហាញថាយើងកោតខ្លាចព្រះ?
១៤ ជារៀងរាល់ថ្ងៃ យើងត្រូវធ្វើការសម្រេចចិត្តផ្សេងៗដែលរួមមានទាំងការសម្រេចចិត្តសំខាន់ផងនិងតូចតាចផង។ ជាឧទាហរណ៍ តើយើងនឹងសន្ទនាជាមួយនឹងអ្នកណា អ្នកធ្វើការជាមួយយើង មិត្តរួមថ្នាក់ ឬក៏អ្នកជិតខាងរបស់យើង? (លូកា ៦:៤៥) តើអ្នកនឹងខំប្រឹងធ្វើការឬក៏តើអ្នកធ្វើនោះគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ? (កូល៉ុស ៣:២៣) តើអ្នកនឹងទៅជិតស្និទ្ធជាមួយអ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ា ឬក៏តើអ្នកនឹងខំពង្រឹងមិត្តភាពជាមួយអ្នកដែលមានភាពខាងវិញ្ញាណខ្លាំងវិញ? (សុភាសិត ១៣:២០) សូម្បីតែក្នុងរឿងតូចតាចក៏ដោយ តើអ្នកនឹងប្រព្រឹត្តយ៉ាងណា ដើម្បីនាំឲ្យមានប្រយោជន៍ដល់ព្រះរាជាណាចក្ររបស់ព្រះ? (ម៉ាថាយ ៦:៣៣) បើគោលការណ៍ក្នុងបទគម្ពីរដូចខាងលើនេះណែនាំអ្នកក្នុងការសម្រេចចិត្តប្រចាំថ្ងៃ នោះអ្នកពិតជាកំពុងតែទទួលស្គាល់ព្រះយេហូវ៉ា«នៅគ្រប់ទាំងផ្លូវ»របស់ខ្លួន។
១៥ ជារៀងរាល់ដងដែលយើងត្រូវធ្វើការសម្រេចចិត្ត យើងគួរសួរខ្លួនយើងថា៖ តើព្រះយេហូវ៉ាចង់ឲ្យខ្ញុំសម្រេចចិត្តយ៉ាងណា? តើការសម្រេចចិត្តមួយណានឹងធ្វើឲ្យទ្រង់មានព្រះទ័យរីករាយបំផុត? (សុភាសិត ២៧:១១) ការកោតខ្លាចព្រះតាមរបៀបនេះជាវិធីដ៏ប្រសើរមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ការកោតខ្លាចព្រះយេហូវ៉ាក៏នឹងជំរុញចិត្តយើងឲ្យរក្សាខ្លួនឲ្យបានស្អាតស្អំខាងវិញ្ញាណ ខាងសីលធម៌ និងខាងរាងកាយផងដែរ។ សូមចាំថា ក្នុងខដែលយ៉ាកុបជំរុញជនគ្រីស្ទានឲ្យ«ចូលទៅជិតព្រះ»នោះ គាត់ក៏បានដាស់តឿនពួកគេថា៖ «ឱពួកមានបាបអើយ! ចូរលាងដៃឲ្យស្អាតចុះ! ឱពួកអ្នកមានចិត្ត២អើយ! ចូរសំអាតចិត្តឡើង!»។—យ៉ាកុប ៤:៨
១៦. ពេលយើងថ្វាយទ្រព្យធន ពេលវេលា និងកម្លាំងរបស់យើងចំពោះព្រះយេហូវ៉ា តើនេះមិនបានន័យដូចម្ដេច? ហើយហេតុអ្វីយើងត្រូវថ្វាយរបស់ទាំងនេះ?
១៦ ពិតណាស់ ការសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ារួមបញ្ចូលច្រើនជាងការជៀសចេញពីអំពើអាក្រក់។ សេចក្ដីស្រឡាញ់ក៏ជំរុញចិត្តយើងឲ្យធ្វើអ្វីដ៏ត្រឹមត្រូវផងដែរ។ ជាឧទាហរណ៍ តើយើងប្រព្រឹត្តតបយ៉ាងណាចំពោះព្រះទ័យដ៏សែនទូលាយរបស់ព្រះយេហូវ៉ា? យ៉ាកុបបានសរសេរថា៖ «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ»។ (យ៉ាកុប ១:១៧) ការពិត ពេលយើងថ្វាយទ្រព្យធនរបស់យើងចំពោះព្រះយេហូវ៉ា នេះមិនបានន័យថាយើងកំពុងតែជួយទ្រង់នោះទេ ដ្បិតទ្រព្យសម្បត្ដិនិងធនធានទាំងអស់សុទ្ធតែជារបស់ផងទ្រង់។ (ទំនុកដំកើង ៥០:១២) ហើយនៅពេលដែលយើងថ្វាយពេលវេលានិងកម្លាំងរបស់យើងចំពោះព្រះយេហូវ៉ា នេះមិនបានន័យថាយើងកំពុងតែបំពេញសេចក្ដីត្រូវការដែលទ្រង់មិនអាចបំពេញដោយអង្គទ្រង់ផ្ទាល់ឡើយ។ សូម្បីតែបើយើងមិនព្រមផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះទាល់តែសោះ ក៏ទ្រង់អាចធ្វើឲ្យដុំថ្មស្រែកឡើងដើម្បីផ្សព្វផ្សាយបានដែរ! ដូច្នេះ ហេតុអ្វីយើងថ្វាយទ្រព្យធន ពេលវេលា និងកម្លាំងរបស់យើងចំពោះព្រះយេហូវ៉ា? ហេតុសំខាន់បំផុតនោះ គឺពីព្រោះយើងចង់សម្ដែងសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់យើង។—ម៉ាកុស ១២:២៩, ៣០
១៧. តើអ្វីអាចជំរុញចិត្តយើងឲ្យថ្វាយដោយអំណរចំពោះព្រះយេហូវ៉ា?
១៧ ពេលយើងថ្វាយអ្វីៗចំពោះព្រះយេហូវ៉ា យើងគួរធ្វើដូច្នេះដោយចិត្តសប្បាយ«ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (កូរិនថូសទី២ ៩:៧) គោលការណ៍នៅចោទិយកថា ១៦:១៧ អាចជួយឲ្យយើងថ្វាយដោយអំណរ ដោយពោលថា៖ «ត្រូវឲ្យគ្រប់គ្នាថ្វាយតាមកំឡាំងរៀងខ្លួន គឺតាមព្រះពរដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានឲ្យ»។ ពេលយើងគិតពិចារណាអំពីរបៀបព្រះយេហូវ៉ាមានព្រះទ័យដ៏សែនទូលាយចំពោះយើង នោះយើងចង់មានចិត្តទូលាយចំពោះទ្រង់វិញដែរ។ ការថ្វាយបែបនេះតែងតែធ្វើឲ្យទ្រង់មានព្រះទ័យរីករាយ ដូចជាជំនូនតូចមួយដែលកូនជូនចំពោះមាតាបិតានោះតែងធ្វើឲ្យពួកគាត់សប្បាយចិត្តណាស់។ ការសម្ដែងសេចក្ដីស្រឡាញ់តាមរបៀបនេះនឹងជួយឲ្យយើងចូលទៅជិតព្រះយេហូវ៉ា។
ចូរបង្កើតឲ្យមានភាពជិតស្និទ្ធតាមរយៈសេចក្ដីអធិស្ឋាន
១៨. ហេតុអ្វីបានជាសំខាន់ដែលយើងពិចារណារបៀបយើងអាចធ្វើឲ្យសេចក្ដីអធិស្ឋានរបស់យើងបានល្អឡើង?
១៨ ការអធិស្ឋានផ្ទាល់ខ្លួនផ្ដល់ឱកាសដ៏ពិសេសមួយ ដើម្បីទូលប្រាប់ព្រះវរបិតារបស់យើងនៅស្ថានសួគ៌អំពីរឿងអាថ៌កំបាំងដែលលាក់កប់ទុកក្នុងចិត្ត។ (ភីលីព ៤:៦) ដោយព្រោះសេចក្ដីអធិស្ឋានជាវិធីសំខាន់ដែលយើងអាចចូលទៅជិតព្រះបាននោះ យកល្អយើងត្រូវឆ្លៀតពេលពិនិត្យពិចារណាថា តើសេចក្ដីអធិស្ឋានរបស់យើងគឺល្អប៉ុនណាទៅ។ នេះមិនមែនមានន័យថាសេចក្ដីអធិស្ឋានរបស់យើងត្រូវតែពីរោះជាទីបំផុតនិងមានទំរង់ល្អបំផុតនោះទេ ប៉ុន្តែ អ្វីដែលយើងទូលចំពោះទ្រង់នោះត្រូវស្មោះអស់ពីចិត្តវិញ។ តើយើងអាចធ្វើឲ្យសេចក្ដីអធិស្ឋានរបស់យើងបានល្អឡើងបានយ៉ាងណា?
១៩, ២០. ហេតុអ្វីយើងគួររំពឹងគិតជាមុនអំពីអ្វីដែលយើងអធិស្ឋាន? តើមានរឿងអ្វីខ្លះដែលសមឲ្យយើងរំពឹងគិតនោះ?
១៩ មុនដែលយើងអធិស្ឋាន យើងអាចរំពឹងគិតសិន។ បើយើងរំពឹងគិតជាមុន យើងនឹងអាចមានសេចក្ដីអធិស្ឋានដ៏ជាក់លាក់ ហើយពោរពេញទៅដោយខ្លឹមសារយ៉ាងជ្រាលជ្រៅទៀតផង។ ដោយធ្វើដូចនេះ យើងនឹងជៀសវាងការសូត្រតាមតែពាក្យដែលយើងតែងតែធ្លាប់ប្រើរាល់តែដង។ (សុភាសិត ១៥:២៨, ២៩) ការគិតអំពីរឿងខ្លះដែលព្រះយេស៊ូបានបញ្ជាក់ក្នុងសេចក្ដីអធិស្ឋានជាគំរូ និងរួចមកគិតអំពីរបៀបដែលនោះជាប់ទាក់ទងនឹងកាលៈទេសៈរបស់យើង ប្រហែលនេះអាចជួយយើងបាន។ (ម៉ាថាយ ៦:៩-១៣) ជាឧទាហរណ៍ យើងប្រហែលជាអាចសួរខ្លួនយើងថា តើយើងអាចជួយយ៉ាងដូចម្ដេចក្នុងការសម្រេចព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅលើផែនដី? រួចមក យើងអាចទូលប្រាប់ព្រះយេហូវ៉ាអំពីចិត្តប្រាថ្នាយ៉ាងណាដែលនឹងនាំឲ្យមានប្រយោជន៍ច្រើនបំផុត ហើយសុំទ្រង់ជួយយើងបំពេញការងារណាដែលទ្រង់ប្រទានឲ្យយើងមែនទេ? តើយើងមានកង្វល់ច្រើនអំពីការចិញ្ចឹមជីវិតឬ? តើយើងត្រូវការការអត់ឱនទោសនូវបាបអ្វីខ្លះ? ហើយតើយើងរៀនឲ្យចេះអត់ឱនទោសអ្នកណាខ្លះ? តើមានការល្បងលណាដែលកំពុងតែនាំឲ្យយើងពិបាក? ហើយតើយើងយល់ថាយើងត្រូវការជំនួយពីព្រះយេហូវ៉ាជាបន្ទាន់ក្នុងរឿងនោះឬទេ?
២០ ម្យ៉ាងទៀត យើងប្រហែលជាគិតអំពីមនុស្សដែលយើងស្គាល់ ដែលត្រូវការជំនួយពីព្រះយេហូវ៉ាដែរ។ (កូរិនថូសទី២ ១:១១) យើងក៏មិនត្រូវភ្លេចការអរព្រះគុណចំពោះទ្រង់នោះដែរ។ បើយើងឈប់ហើយគិតបន្ដិចសិន យើងពិតជាអាចនឹកឃើញហេតុជាច្រើនដែលយើងគួរអរព្រះគុណចំពោះព្រះយេហូវ៉ា និងសរសើរទ្រង់រាល់តែថ្ងៃសំរាប់ភាពល្អរបស់ទ្រង់។ (ចោទិយកថា ៨:១០; លូកា ១០:២១) ការធ្វើយ៉ាងនេះមានប្រយោជន៍មួយទៀត គឺនឹងជួយយើងមានកតញ្ញូតាធម៌ហើយមានទស្សនៈដ៏ល្អជាងចំពោះជីវិត។
២១. តើការសិក្សាគំរូអ្វីក្នុងបទគម្ពីរប្រហែលជាអាចជួយយើងពេលដែលយើងអធិស្ឋានទូលព្រះយេហូវ៉ា?
២១ ការសិក្សាអាចជួយយើងក្នុងការអធិស្ឋានដែរ។ ក្នុងព្រះគម្ពីរ មានកត់សរសេរសេចក្ដីអធិស្ឋានប្រសើរៗជាច្រើនទូលដោយបុរសស្ត្រីដ៏ស្មោះត្រង់។ ជាឧទាហរណ៍ បើយើងកំពុងតែប្រឈមមុខបញ្ហាណាមួយដែលធ្វើឲ្យយើងភ័យនិងរហូតដល់គំរាមកំហែងដល់សុវត្ថិភាពយើងឬអ្នកជាទីស្រឡាញ់របស់យើង យើងអាចអានសេចក្ដីអធិស្ឋានរបស់យ៉ាកុបដែលគាត់ទូលប្រាប់ព្រះមុនជួបអេសាវដែលរកសងសឹកទៅលើគាត់។ (លោកុប្បត្តិ ៣២:៩-១២) យើងក៏អាចសិក្សាពីសេចក្ដីអធិស្ឋានរបស់ស្តេចអេសា ពេលកងទ័ពអេធីយ៉ូពីដែលមានប្រហែលមួយលាននាក់បានមកគំរាមកំហែងរាស្ត្ររបស់ព្រះ។ (របាក្សត្រទី២ ១៤:១១, ១២) បើយើងមានបញ្ហាណាមួយដែលអាចនាំឲ្យមានការតិះដៀលមកលើព្រះនាមរបស់ព្រះយេហូវ៉ា នោះយកល្អយើងគួរពិចារណាសេចក្ដីអធិស្ឋានរបស់អេលីយ៉ាដែលគាត់ទូលនៅមុខអ្នកថ្វាយបង្គំព្រះបាលនៅលើភ្នំកើមែល ហើយយើងក៏អាចពិចារណាសេចក្ដីអធិស្ឋានរបស់នេហេមាដែលគាត់ទូលដោយសារក្រុងយេរូសាឡិមត្រូវបាក់បែកខ្ទេចខ្ទីអស់គួរឲ្យស្ដាយ។ (ពង្សាវតារក្សត្រទី១ ១៨:៣៦, ៣៧; នេហេមា ១:៤-១១) ការអាននិងរំពឹងគិតអំពីសេចក្ដីអធិស្ឋានទាំងនេះនឹងពង្រឹងជំនឿរបស់យើងហើយនិងជួយឲ្យយើងនឹកឃើញរបៀបដ៏ល្អបំផុតដែលយើងអាចទូលព្រះយេហូវ៉ាអំពីកង្វល់ដែលគ្របសង្កត់មកលើចិត្តយើង។
២២. តើអ្វីជាបទគម្ពីរប្រចាំឆ្នាំ២០០៣? ម្ដងកាលក្នុងកំឡុងឆ្នាំនោះ តើយើងអាចសួរខ្លួនឯងនូវសំនួរអ្វីខ្លះ?
២២ យ៉ាងច្បាស់ណាស់ គ្មានកិត្ដិយសខ្ពង់ខ្ពស់ជាងនិងគ្មានគោលដៅឧត្តុង្គឧត្តមជាង ការធ្វើតាមដំបូន្មានរបស់យ៉ាកុបទេដែលថាចូរ«ចូលទៅជិតព្រះ»។ (យ៉ាកុប ៤:៨) យើងអាចធ្វើដូច្នេះបានដោយបន្តក្រេបជញ្ជក់ចំណេះអំពីព្រះ ដោយព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់រឹតតែច្រើនឡើងៗ ហើយដោយបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងទ្រង់តាមរយៈសេចក្ដីអធិស្ឋាន។ ក្នុងកំឡុងឆ្នាំ២០០៣ ពេលយើងនឹកចាំពីយ៉ាកុប ៤:៨ ដែលជាបទគម្ពីរប្រចាំឆ្នាំនោះ ចូរយើងពិនិត្យខ្លួនឯងជានិច្ចឲ្យដឹងថា តើយើងពិតជាកំពុងតែចូលទៅជិតព្រះយេហូវ៉ាឬក៏អត់។ ចុះយ៉ាងណាវិញចំពោះឃ្លាចុងក្រោយនៃយ៉ាកុប ៤:៨នោះ? តើព្រះយេហូវ៉ានឹង«ចូលមកជិតអ្នក»យ៉ាងដូចម្ដេច? ហើយតើនោះនិងនាំមកនូវពរអ្វី? អត្ថបទជាបន្ទាប់នឹងពន្យល់រឿងនេះ។
-
-
«ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មីនា
-
-
«ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»
«[ព្រះ]មិនគង់ឆ្ងាយពីយើងនិមួយៗ»។—កិច្ចការ ១៧:២៧
១, ២. (ក) ពេលយើងសម្លឹងមើលផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយ តើយើងប្រហែលជាសួរសំនួរអ្វីអំពីអ្នកបង្កើត? (ខ) តើព្រះគម្ពីរចែងយ៉ាងណាបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងមនុស្សជាតិមែន?
ពេលយប់ដែលមានផ្ទៃមេឃស្រឡះ តើអ្នកធ្លាប់សម្លឹងមើលផ្កាយហើយនឹកអស្ចារ្យក្នុងចិត្តទេ? ចំនួនផ្កាយនិងភាពធំធេងនៃសកលលោកនេះធ្វើឲ្យយើងកោតស្ញប់ស្ញែងណាស់។ បើប្រៀបនឹងសកលលោកដ៏ធំសម្បើមនេះ ផែនដីយើងប្រៀបដូចជាល្អងធូលីដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែ តើនេះបានន័យថា អ្នកបង្កើតដែលជា«ព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល» មានឋានៈខ្ពង់ខ្ពស់ដល់ម្ល៉េះបានជាទ្រង់មិនយកព្រះទ័យទុកដាក់នឹងមនុស្ស ឬក៏ជាព្រះអាថ៌កំបាំងដែលគង់នៅឆ្ងាយដល់ម្ល៉េះបានជាយើងមិនអាចស្គាល់ទ្រង់ឬ?—ទំនុកដំកើង ៨៣:១៨
២ អ្វីដែលព្រះគម្ពីរចែងធ្វើឲ្យយើងជឿជាក់ថា មនុស្សជាតិគឺសំខាន់ណាស់ចំពោះព្រះយេហូវ៉ា។ ការពិត ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យស្វែងរកទ្រង់ដោយចែងថា៖ «ទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗ»ទេ។ (កិច្ចការ ១៧:២៧; របាក្សត្រទី១ ២៨:៩) ពិតណាស់ បើយើងព្យាយាមចូលទៅជិតព្រះ នោះទ្រង់នឹងប្រព្រឹត្តតបចំពោះការព្យាយាមរបស់យើង។ តើទ្រង់នឹងប្រព្រឹត្តតបយ៉ាងណា? បទគម្ពីរប្រចាំឆ្នាំ២០០៣នេះ ផ្ដល់ចម្លើយដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តណាស់ដែលថា៖ ‹ទ្រង់នឹងចូលមកជិតយើងដែរ›។ (យ៉ាកុប ៤:៨) សូមឲ្យយើងរៀបរាប់នូវពរដ៏ប្រសើរថ្លៃថ្លាដែលព្រះយេហូវ៉ាប្រទានចំពោះអស់អ្នកដែលចូលទៅជិតទ្រង់នោះ។
អំណោយមួយមកពីព្រះយេហូវ៉ាផ្ទាល់
៣. តើព្រះយេហូវ៉ាប្រទានអំណោយអ្វីដល់អ្នកដែលចូលមកជិតទ្រង់?
៣ ទីមួយ ព្រះយេហូវ៉ាមានអំណោយដ៏ថ្លៃវិសេសមួយដែលទ្រង់បំរុងទុកសំរាប់រាស្ត្រទ្រង់។ អំណាច ទ្រព្យសម្បត្ដិ និងការអប់រំក្នុងរបបលោកីយ៍នេះមិនអាចផ្ដល់ឲ្យយើងនូវអំណោយនេះបានទេ។ នេះជាអំណោយមួយដែលព្រះយេហូវ៉ាប្រទានដោយអង្គទ្រង់ផ្ទាល់ចំពោះតែអ្នកដែលមានភាពជិតស្និទ្ធនឹងទ្រង់ប៉ុណ្ណោះ។ តើអំណោយនោះជាអ្វី? ព្រះបន្ទូលរបស់ទ្រង់ឆ្លើយថា៖ «បើឯង . . . បន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ[ឬ«ចំណេះពីព្រះ», ព.ថ.] ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា»។ (សុភាសិត ២:៣-៦) សូមគិតទៅមើល មនុស្សឥតគ្រប់ល័ក្ខណ៍អាចទទួលបាន«ចំណេះពីព្រះ»! អំណោយនេះដែលជាចំណេះក្នុងព្រះបន្ទូលរបស់ព្រះ គឺប្រៀបស្មើនឹង«កំណប់ទ្រព្យ»។ ហេតុអ្វី?
៤, ៥. ហេតុអ្វីបានជា«ចំណេះពីព្រះ»អាចប្រៀបស្មើនឹង«កំណប់ទ្រព្យ»? សូមឲ្យឧទាហរណ៍មួយ។
៤ ហេតុមួយគឺ «ចំណេះពីព្រះ»មានតម្លៃណាស់។ ផ្នែកមួយដ៏វិសេស នៃចំណេះនោះ គឺសេចក្ដីសង្ឃឹមឲ្យបានជីវិតជារៀងរហូត។ (យ៉ូហាន ១៧:៣) ក៏ប៉ុន្តែ សូម្បីតែនៅឥឡូវនេះ «ចំណេះពីព្រះ»ក៏ធ្វើឲ្យជីវិតរបស់យើងបានប្រសើរឡើងថែមទៀត។ ជាឧទាហរណ៍ ដោយការសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងហ្មត់ចត់ យើងបានស្គាល់ចម្លើយចំពោះសំនួរជាច្រើនដ៏សំខាន់ដូចជា៖ តើព្រះមានព្រះនាមអ្វី? (ទំនុកដំកើង ៨៣:១៨) តើអ្វីជាសភាពពិតនៃមនុស្សស្លាប់? (សាស្ដា ៩:៥, ១០) តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដីនិងមនុស្សជាតិ? (អេសាយ ៤៥:១៨) យើងក៏បានដើរតាមវិថីជីវិតដ៏ល្អបំផុត ពោលគឺ ការអនុវត្តតាមដំបូន្មានក្នុងព្រះគម្ពីរ ដែលជាដំបូន្មានប្រកបទៅដោយប្រាជ្ញា។ (អេសាយ ៣០:២០, ២១; ៤៨:១៧, ១៨) ដូច្នេះ យើងទទួលនូវការណែនាំដ៏ត្រឹមត្រូវ ដែលជួយយើងស៊ូទ្រាំនឹងការគាបសង្កត់នៃជីវិត និងជួយយើងឆ្ពោះទៅតាមមាគ៌ាដែលបណ្ដាលឲ្យមានសុភមង្គលនិងការពេញចិត្តដ៏ពិត។ សំខាន់បំផុត ការសិក្សាព្រះបន្ទូលរបស់ព្រះបានផ្ដល់លទ្ធភាពឲ្យយើងស្គាល់គុណសម្បត្ដិដ៏ប្រសើររបស់ព្រះយេហូវ៉ា និងចូលទៅជិតទ្រង់។ ពិតជាគ្មានអ្វីសោះដែលមានតម្លៃថ្លៃជាងចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ាដោយមានមូលដ្ឋានលើ«ចំណេះពីព្រះ» មែនទេ?
៥ មានហេតុមួយទៀតដែល «ចំណេះពីព្រះ» គឺស្មើនឹង «កំណប់ទ្រព្យ»។ «ចំណេះពីព្រះ»ក៏ដូចជាទ្រព្យសម្បត្ដិដែរ ពីព្រោះរបស់ទាំងពីរនេះកម្រមានអ្នកណារកឃើញណាស់នៅក្នុងរបបលោកីយ៍នេះ។ ក្នុងចំណោម៦ពាន់លាននាក់នៅលើផែនដី មានតែ៦លាននាក់ដែលថ្វាយបង្គំព្រះយេហូវ៉ា នេះគឺបានន័យថាមានតែមនុស្សម្នាក់ក្នុងមួយពាន់នាក់ដែលបានរកឃើញ«ចំណេះពីព្រះ»។ ដើម្បីយល់ថាពិតជាកម្រមានអ្នកស្គាល់សេចក្ដីពិតអំពីព្រះបន្ទូលរបស់ព្រះនោះ សូមពិចារណាសំនួរមួយជាឧទាហរណ៍ គឺសំនួរខាងព្រះគម្ពីរដែលថា៖ តើមានអ្វីកើតឡើងពេលមនុស្សស្លាប់? យើងដឹងតាមរយៈបទគម្ពីរថា ព្រលឹងចេះស្លាប់ និងមនុស្សស្លាប់លែងដឹងអ្វីទាំងអស់។ (អេសេគាល ១៨:៤) ក៏ប៉ុន្តែ សាសនាភាគច្រើនលើផែនដីនេះជឿជាក់ទៅលើជំនឿមិនពិតថា មានអ្វីក្នុងរូបកាយមនុស្សដែលនៅតែបន្តរស់តទៅទៀត ក្រោយពីមនុស្សម្នាក់បានស្លាប់។ ជំនឿនេះជាផ្នែកនៃមូលដ្ឋានគ្រឹះរបស់ពិភពគ្រីស្ទសាសនា។ ជំនឿនេះក៏មានក្នុងពុទ្ធសាសនា សាសនាហិណ្ឌូ អ៊ីស្លាម ជេន យូដា ស៊ីនតូ ស៊ីក និងតាវ។ សូមគិតទៅមើល គ្រាន់តែជំនឿមិនពិតតែមួយនេះ បាននាំឲ្យមនុស្សរាប់ពាន់លាននាក់ភាន់ច្រឡំទៅហើយ!
៦, ៧. (ក) តើអ្នកណាដែលអាចរកឃើញនូវ«ចំណេះពីព្រះ»? (ខ) តើឧទាហរណ៍អ្វីបង្ហាញថា ព្រះយេហូវ៉ាបានប្រទានពរទៅលើយើងឲ្យមានការយល់ធ្លុះជ្រៅដែល«ពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ»មិនមាននោះ?
៦ ហេតុអ្វីបានជាមនុស្សជាច្រើនមិនអាចរកឃើញនូវ «ចំណេះពីព្រះ»? ពីព្រោះបើគ្មានជំនួយពីព្រះ នោះគ្មានអ្នកណាអាចយល់ទាំងស្រុងអំពីខ្លឹមសារក្នុងព្រះបន្ទូលរបស់ទ្រង់បានឡើយ។ សូមចាំថា ចំណេះនេះជាអំណោយមួយពីព្រះ។ ព្រះយេហូវ៉ាប្រទានអំណោយនេះចំពោះតែអ្នកដែលសុខចិត្តស្វែងយល់ព្រះបន្ទូលរបស់ទ្រង់ ដោយព្រមទទួលស្គាល់សេចក្ដីពិត និងដោយចិត្តរាបទាប។ មនុស្សបែបនេះប្រហែលមិនមែនជា «អ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម» ទេ។ (កូរិនថូសទី១ ១:២៦) លោកីយ៍នេះប្រហែលជាចាត់ទុកពួកគេជាច្រើននាក់ជាអ្នកដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង»។ (កិច្ចការ ៤:១៣) ប៉ុន្តែ ទស្សនៈរបស់លោកីយ៍នេះគឺមិនសំខាន់ទេ។ ព្រះយេហូវ៉ាប្រទានរង្វាន់ដល់យើងជា«ចំណេះពីព្រះ»អាស្រ័យលើគុណសម្បត្ដិដែលទ្រង់ទតឃើញក្នុងចិត្តរបស់យើង។
៧ សូមពិចារណាឧទាហរណ៍មួយ។ បណ្ឌិតជាច្រើនក្នុងពិភពគ្រីស្ទសាសនាបានបោះពុម្ពឯកសារដែលមានការពន្យល់ដ៏ពិស្ដារអំពីព្រះគម្ពីរ។ ឯកសារយោងទាំងនេះប្រហែលជាពន្យល់ពីប្រវត្ដិសាស្ត្រ ហើយអត្ថន័យពាក្យហេព្រើរនិងក្រិចជាដើម។ ទោះជាពួកគេរៀនសូត្របានជ្រៅជ្រះហើយក៏ដោយ តើពួកគេពិតជាបានរកឃើញនូវ«ចំណេះពីព្រះ»ឬ? ដើម្បីដឹង សូមគិតអំពីសំនួរនេះ តើពួកគេយល់យ៉ាងច្បាស់អំពីសាច់រឿងព្រះគម្ពីរ ដែលជាការបង្ហាញឲ្យឃើញតាមរយៈព្រះរាជាណាចក្ររបស់ទ្រង់នៅស្ថានសួគ៌ថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវនោះ? តើពួកគេដឹងថា ព្រះយេហូវ៉ាមិនមែនជាព្រះបីអង្គរួមតែមួយអង្គទេ?។ ប៉ុន្តែ យើងមានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងទាំងនេះ។ ហេតុអ្វី? ព្រះយេហូវ៉ាបានប្រទានពរមកលើយើងឲ្យមានការយល់ធ្លុះជ្រៅអំពីសេចក្ដីពិតខាងវិញ្ញាណ ដែល«ពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ»ចាប់ពុំបាន។ (ម៉ាថាយ ១១:២៥) ព្រះយេហូវ៉ាពិតជាប្រទានពរមកលើពួកអ្នកដែលមានភាពជិតស្និទ្ធនឹងទ្រង់មែន!
«ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់»
៨, ៩. (ក) តើដាវីឌពណ៌នាអំពីពរអ្វីទៀត ដែលអ្នកគ្រាន់តែចូលទៅជិតព្រះយេហូវ៉ាមាននោះ? (ខ) ហេតុអ្វីបានជាគ្រីស្ទានពិតត្រូវការព្រះការពារពួកគេ?
៨ ពួកអ្នកដែលចូលទៅជិតព្រះយេហូវ៉ាមានពរមួយទៀត ពោលគឺ ព្រះការពារពួកគេ។ ស្តេចដាវីឌជាអ្នកតែងបទទំនុកដំកើង ទ្រង់ធ្លាប់ឆ្លងកាត់ទុក្ខលំបាកច្រើនយ៉ាងណាស់ ហើយទ្រង់បានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង។ ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់»។ (ទំនុកដំកើង ១៤៥:១៨-២០) ពិតណាស់ ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកណាដែលស្រឡាញ់ទ្រង់។ ហេតុនេះទ្រង់អាចប្រព្រឹត្តតបយ៉ាងឆាប់រហ័សពេលពួកគេអំពាវនាវរកជំនួយពីទ្រង់។
៩ ហេតុអ្វីបានជាយើងត្រូវការមានព្រះការពារ? ក្រៅពីផលអាក្រក់ដែលបណ្ដាលមកពីការរស់នៅក្នុង«គ្រាលំបាក»នេះ ជនគ្រីស្ទានដ៏ពិតក៏ជាទីបាញ់វង់ពិសេសរបស់អារក្សសាតាំងជាមេសត្រូវរបស់ព្រះយេហូវ៉ា។ (ធីម៉ូថេទី២ ៣:១) មេសត្រូវដ៏ឆ្លៀវឆ្លាតនេះ ខិតខំខ្លាំងណាស់ដោយចង់«ត្របាក់លេប»យើងគ្រប់គ្នា។ (ពេត្រុសទី១ ៥:៨) សាតាំងបៀតបៀន គាបសង្កត់ និងល្បួងយើង។ វាក៏ចាំតែជញ្ជក់យកប្រយោជន៍ពីចិត្តគំនិតមិនល្អរបស់យើង។ វាមានគោលបំណងមួយ គឺចង់ធ្វើឲ្យជំនឿរបស់យើងខ្សោយទៅៗ រួចបំផ្លាញភាពខាងវិញ្ញាណរបស់យើង។ (វិវរណៈ ១២:១២, ១៧) ដោយយើងមានសត្រូវដ៏ខ្លាំងដូច្នេះ ការដឹងថា‹ព្រះយេហូវ៉ារមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់› ជាអ្វីដែលសម្រាលទុក្ខយើងណាស់ មែនទេ?
១០. (ក) តើព្រះយេហូវ៉ាការពាររាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច? (ខ) តើអ្វីជាការការពារដ៏សំខាន់បំផុត? ហេតុអ្វី?
១០ ប៉ុន្តែ តើព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ដោយដូចម្ដេច? សេចក្ដីសន្យារបស់ទ្រង់ថាទ្រង់នឹងការពារយើង មិនមែនជាការធានាថាយើងនឹងមិនដែលមានបញ្ហាក្នុងរបបលោកីយ៍នេះឡើយ ហើយថា ទ្រង់ត្រូវតែធ្វើអព្ភូតហេតុដើម្បីការពារយើង នោះក៏មិនមែនដែរ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ជាក្រុម។ យ៉ាងណាមិញ ទ្រង់នឹងមិនអនុញ្ញាតឲ្យអារក្សបំផ្លាញរាស្ត្រទ្រង់អស់ពីផែនដីឡើយ! (ពេត្រុសទី២ ២:៩) សំខាន់បំផុត ព្រះយេហូវ៉ាការពារយើងខាងវិញ្ញាណ។ ទ្រង់ផ្គត់ផ្គង់អ្វីដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការល្បងល និងការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់។ នៅទីបំផុត ការការពារខាងវិញ្ញាណ គឺជាការការពារដ៏សំខាន់បំផុត។ ហេតុអ្វី? ពីព្រោះ ដរាបណាដែលយើងមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា គ្មានអ្វីអាចធ្វើទុក្ខយើងជានិច្ចឡើយ សូម្បីតែសេចក្ដីស្លាប់ក៏ដោយ។—ម៉ាថាយ ១០:២៨
១១. តើព្រះយេហូវ៉ាប្រទានសំវិធានការអ្វីខ្លះដើម្បីការពារភាពខាងវិញ្ញាណរបស់រាស្ត្រទ្រង់?
១១ ព្រះយេហូវ៉ាបានប្រទានសំវិធានការជាច្រើន ដើម្បីការពារភាពខាងវិញ្ញាណរបស់អស់អ្នកដែលមានភាពស្និទ្ធស្នាលជាមួយទ្រង់។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ជាព្រះគម្ពីរ ទ្រង់ប្រទានប្រាជ្ញាឲ្យយើងដើម្បីស៊ូទ្រាំនឹងការល្បងលផ្សេងៗ។ (យ៉ាកុប ១:២-៥) ការអនុវត្តតាមដំបូន្មានក្នុងបទគម្ពីរ ជាអ្វីដែលការពារយើង។ ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រទាន«វិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (លូកា ១១:១៣) វិញ្ញាណនោះគឺជាថាមពលដ៏ខ្លាំងបំផុតក្នុងសកលលោក ដូច្នេះវិញ្ញាណនោះប្រាកដជាអាចជួយយើងឲ្យឈ្នះការល្បងលឬការល្បួងណាដែលយើងប្រឈមមុខ។ តាមរយៈព្រះគ្រីស្ទ ព្រះយេហូវ៉ាប្រទាន«អំណោយទានដែលជាមនុស្ស»។ (អេភេសូរ ៤:៨, ព.ថ.) ពួកបុរសទាំងនេះដែលមានលក្ខណៈគ្រប់គ្រាន់ខាងវិញ្ញាណ ព្យាយាមសម្ដែងសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាក្នុងការជួយអ្នកថ្វាយបង្គំគ្នីគ្នា។—យ៉ាកុប ៥:១៤, ១៥
១២, ១៣. (ក) តើព្រះយេហូវ៉ាផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេលយ៉ាងដូចម្ដេច? (ខ) ស្តីអំពីសំវិធានការរបស់ព្រះយេហូវ៉ាសំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង តើអ្នកមានអារម្មណ៍យ៉ាងណា?
១២ ព្រះយេហូវ៉ាប្រទានអ្វីមួយទៀតដែលការពារយើង ពោលគឺម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេល។ (ម៉ាថាយ ២៤:៤៥) តាមរយៈប្រកាសនវត្ថុ ដូចជាទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ព្រមទាំងកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត ព្រះយេហូវ៉ាបំពេញនូវតម្រូវការរបស់យើង នៅពេលដែលយើងត្រូវការនោះ។ តើអ្នកអាចនឹកចាំពីអ្វីដែលអ្នកធ្លាប់ឮនៅកិច្ចប្រជុំគ្រីស្ទាន នៅឯសន្និបាត ឬនៅមហាសន្និបាតដែលបានជំរុញទឹកចិត្តនិងពង្រឹងកម្លាំងអ្នក ឬក៏បានសម្រាលទុក្ខអ្នកទេ? តើអ្នកធ្លាប់អានអត្ថបទក្នុងទស្សនាវដ្ដីដែលរៀបរាប់ដូចខាងលើនេះ ហើយមានអារម្មណ៍ថាអត្ថបទនោះចំនឹងអ្វីដែលអ្នកត្រូវការនោះទេ?
១៣ អាវុធរបស់សាតាំងដែលមានប្រសិទ្ធភាពច្រើនបំផុត គឺជាការធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ហើយយើងទាំងអស់គ្នាអាចទទួលរងនូវឥទ្ធិពលនៃអាវុធនោះ។ វាដឹងថា ការធ្លាក់ទឹកចិត្តមួយរយៈយូរធ្វើឲ្យយើងអស់កម្លាំងចិត្ត និងរហូតដល់ងាយរងគ្រោះទៀត។ (សុភាសិត ២៤:១០) ពីព្រោះសាតាំងខិតខំជញ្ជក់យកប្រយោជន៍ពីអារម្មណ៍មិនល្អរបស់យើង ដូច្នេះយើងពិតជាត្រូវការជំនួយមែន។ ម្ដងម្កាល ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! មានអត្ថបទដែលជួយយើងឈ្នះលើការធ្លាក់ទឹកចិត្ត។ ស្តីអំពីអត្ថបទមួយបែបនេះ បងស្រីគ្រីស្ទានម្នាក់បានសរសេរថា៖ «ខ្ញុំអានអត្ថបទនោះស្ទើរតែរាល់ថ្ងៃ ហើយកាលណាអាន ខ្ញុំចាប់ផ្ដើមយំដូចកំពុងតែអានជាលើកទីមួយ។ ខ្ញុំទុកអត្ថបទនោះនៅក្បែរគ្រែរបស់ខ្ញុំនៅជិតៗដៃ ដើម្បីអាចទាញយកមកអានបាននៅពេលណាដែលខ្ញុំធ្លាក់ទឹកចិត្ត។ អត្ថបទបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាព្រះយេហូវ៉ាកំពុងឱបការពារខ្ញុំក្នុងរង្វង់ព្រះហស្តទ្រង់»។ យើងពិតជាដឹងគុណណាស់ ដោយសារព្រះយេហូវ៉ាផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេល មែនទេ? សូមចាំថា សំវិធានការសំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង ជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់នៅជិតយើង ហើយកំពុងតែការពារយើង។
ទូលចំពោះ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»
១៤, ១៥. (ក) តើព្រះយេហូវ៉ាទ្រង់ប្រទានពរអ្វីដល់ពួកអ្នកដែលស្និទ្ធស្នាលនឹងទ្រង់? (ខ) ហេតុអ្វីបានជាការអធិស្ឋានទូលព្រះយេហូវ៉ាដោយសេរីជាឯកសិទ្ធិដ៏ប្រសើរ?
១៤ តើអ្នកធ្លាប់កត់សម្គាល់ទេថា ពេលមនុស្សមានអំណាចរឹតតែច្រើន នោះពួកគេទៅជាមនុស្សដែលរឹតតែពិបាករកជួបហើយទាក់ទង។ ចុះយ៉ាងណាវិញចំពោះព្រះយេហូវ៉ា? តើទ្រង់គង់ឆ្ងាយដល់ម្ល៉េះដែលទ្រង់មិនចាប់អារម្មណ៍ទៅលើការទូលរបស់មនុស្សជាតិឬ? ប្រាកដជាមិនដូច្នេះទេ! សេចក្ដីអធិស្ឋានជាអំណោយមួយទៀតដែលព្រះយេហូវ៉ាប្រទានចំពោះពួកអ្នកដែលមានភាពជិតស្និទ្ធជាមួយទ្រង់។ យើងមានសិទ្ធិទូលដោយសេរីចំពោះ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នេះគឺជាឯកសិទ្ធិដ៏ប្រសើរកន្លង។ (ទំនុកដំកើង ៦៥:២) ហេតុអ្វី?
១៥ ជាឧទាហរណ៍: ប្រធានក្រុមហ៊ុនដ៏ធំមួយមានភារកិច្ចជាច្រើន។ គាត់សម្រេចចិត្តអំពីរឿងណាដែលគាត់នឹងធ្វើខ្លួនឯង ហើយរឿងណាដែលគាត់នឹងផ្ទេរឲ្យអ្នកផ្សេងទៀតធ្វើ។ ស្រដៀងគ្នាដែរ ព្រះមហាក្សត្រសកលលោកមានសិទ្ធិជ្រើសរើសរឿងណាដែលទ្រង់នឹងធ្វើដោយអង្គទ្រង់ផ្ទាល់ និងរឿងណាដែលទ្រង់នឹងប្រគល់ឲ្យអ្នកផ្សេងទៀត។ សូមគិតអំពីអ្វីៗជាច្រើនដែលព្រះយេហូវ៉ាបានប្រគល់ដល់រាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ព្រះយេស៊ូ។ រាជបុត្រាទ្រង់បានទទួល«អំណាច . . . ជំនុំជំរះ»។ (យ៉ូហាន ៥:២៧) បណ្ដាទេវតាក៏ត្រូវ«ចុះចូលនឹងទ្រង់»ដែរ។ (ពេត្រុសទី១ ៣:២២) ព្រះយេហូវ៉ាបានប្រទានវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ទ្រង់ ដើម្បីជួយព្រះយេស៊ូដឹកនាំសិស្សរបស់ទ្រង់នៅលើផែនដី។ (យ៉ូហាន ១៥:២៦; ១៦:៧) ដូច្នេះ ព្រះយេស៊ូអាចមានបន្ទូលយ៉ាងត្រឹមត្រូវថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨) ប៉ុន្តែ ចំណែកឯសេចក្ដីអធិស្ឋានរបស់យើងវិញ ព្រះយេហូវ៉ាបានសម្រេចព្រះទ័យទុកសេចក្ដីអធិស្ឋានរបស់យើងដើម្បីសណ្ដាប់ដោយអង្គទ្រង់ផ្ទាល់វិញ។ ហេតុនេះហើយ ព្រះគម្ពីរណែនាំយើងឲ្យអធិស្ឋានទូលព្រះយេហូវ៉ាតែប៉ុណ្ណោះ តាមរយៈព្រះនាមព្រះយេស៊ូ។—ទំនុកដំកើង ៦៩:១៣; យ៉ូហាន ១៤:៦, ១៣
១៦. ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាពិតជាព្រះសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើង?
១៦ តើព្រះយេហូវ៉ាពិតជាព្រះសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើងឬ? បើទ្រង់មិនយកព្រះទ័យទុកដាក់ឬមិនចាប់អារម្មណ៍ចំពោះយើង នោះទ្រង់នឹងមិនជំរុញយើងឲ្យ«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន» ឬផ្ទេរបន្ទុករបស់យើងទៅលើទ្រង់នោះទេ។ (រ៉ូម ១២:១២; ទំនុកដំកើង ៥៥:២២; ពេត្រុសទី១ ៥:៧) អ្នកស្មោះត្រង់ពីសម័យព្រះគម្ពីរបានជឿជាក់ថា ព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋាន។ (យ៉ូហានទី១ ៥:១៤) ដូច្នេះ ដាវីឌជាអ្នកតែងបទទំនុកដំកើងបានប្រាប់ថា៖ «[ព្រះយេហូវ៉ា]នឹងស្ដាប់សំឡេងខ្ញុំជាមិនខាន»។ (ទំនុកដំកើង ៥៥:១៧) យើងក៏មានហេតុជឿជាក់ថា ព្រះយេហូវ៉ាគង់នៅជិត និងប្រុងប្រៀបស្ដាប់យើងពេលយើងទូលអំពីគំនិតនិងកង្វល់សព្វបែបយ៉ាងរបស់យើងដែរ។
ព្រះយេហូវ៉ាប្រទានរង្វាន់ដល់អ្នកបំរើរបស់ទ្រង់
១៧, ១៨. (ក) តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាចំពោះកិច្ចបំរើដ៏ស្មោះត្រង់របស់បុគ្គលវិញ្ញាណនិងមនុស្សជាតិ? (ខ) សូមពន្យល់នូវរបៀបដែលសុភាសិត ១៩:១៧ បញ្ជាក់ឲ្យដឹងថា ព្រះយេហូវ៉ាតែងតែកត់សម្គាល់ពេលយើងប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណា?
១៧ អ្វីដែលមនុស្សជាតិប្រព្រឹត្តឬក៏មិនប្រព្រឹត្តនោះ នឹងមិនប៉ះពាល់ដល់ឋានៈរបស់ព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោកទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាជាព្រះកតញ្ញូ។ ការពិត កិច្ចបំរើស្មោះត្រង់របស់បុគ្គលវិញ្ញាណនិងមនុស្សជាតិ ជាអ្វីដែលមានតម្លៃវិសេសនៅចំពោះទ្រង់។ (ទំនុកដំកើង ១៤៧:១១) ដូច្នេះ នេះជាប្រយោជន៍មួយទៀតសំរាប់អស់អ្នកដែលនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា គឺទ្រង់ប្រទានរង្វាន់ចំពោះអស់អ្នកដែលបំរើទ្រង់។—ហេព្រើរ ១១:៦
១៨ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា កិច្ចបំរើរបស់អស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាមានតម្លៃណាស់ចំពោះទ្រង់។ ជាឧទាហរណ៍ យើងអានថា៖ «អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ»។ (សុភាសិត ១៩:១៧) ការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាទៅលើអ្នកក្រីក្រ គឺជាក់ស្តែងក្នុងក្រិត្យវិន័យម៉ូសេ។ (លេវីវិន័យ ១៤:២១; ១៩:១៥) តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណា ពេលយើងយកតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ទ្រង់ ក្នុងការប្រព្រឹត្តទៅលើពួកអ្នកខ្សោយជាងយើងនោះ? ពេលដែលយើងឲ្យដល់អ្នកទាល់ក្រ ដោយមិនចង់ឲ្យគេសងគុណយើងវិញនោះ ព្រះយេហូវ៉ាចាត់ទុកនេះជាការថ្វាយឲ្យទ្រង់ខ្ចីវិញ។ ទ្រង់សន្យាថា ទ្រង់នឹងសងគុណយើងវិញ ដោយប្រទានព្រះគុណនិងព្រះពរ។ (សុភាសិត ១០:២២; ម៉ាថាយ ៦:៣, ៤; លូកា ១៤:១២-១៤) ពិតណាស់ ពេលយើងបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកថ្វាយបង្គំគ្នីគ្នា នោះធ្វើឲ្យព្រះយេហូវ៉ារីករាយ។ យើងពិតជាដឹងគុណណាស់ ដែលព្រះវរបិតារបស់យើងនៅស្ថានសួគ៌តែងតែកត់សម្គាល់ដោយកតញ្ញូតាធម៌នៅពេលដែលឃើញយើងប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណា!—ម៉ាថាយ ៥:៧
១៩. (ក) ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាមានកតញ្ញូតាធម៌ចំពោះអ្វីដែលយើងធ្វើក្នុងកិច្ចការផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស? (ខ) តើព្រះយេហូវ៉ាប្រទានរង្វាន់យ៉ាងណាចំពោះកិច្ចបំរើដែលគាំទ្រព្រះរាជាណាចក្រទ្រង់?
១៩ ព្រះយេហូវ៉ាពិតជាដឹងគុណចំពោះអ្វីដែលយើងធ្វើដើម្បីជាប្រយោជន៍ឲ្យព្រះរាជាណាចក្ររបស់ទ្រង់។ ពេលដែលយើងចូលទៅជិតព្រះយេហូវ៉ានោះ គឺជាការធម្មតាទេ ដែលយើងចង់ប្រើពេលវេលា កម្លាំង និងធនធានរបស់យើងដើម្បីចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩, ២០) ជួនកាល យើងប្រហែលជាគិតថា យើងមិនបានសម្រេចការប៉ុន្មានទេ។ ចិត្តឥតគ្រប់ល័ក្ខណ៍របស់យើងប្រហែលជាធ្វើឲ្យយើងឆ្ងល់ថា តើព្រះយេហូវ៉ាពិតជាពេញព្រះហឫទ័យនឹងការព្យាយាមរបស់យើងឬក៏អត់។ (យ៉ូហានទី១ ៣:១៩, ២០) ប៉ុន្តែ ព្រះយេហូវ៉ាចាត់ទុកគ្រប់ទាំងអំណោយ មិនថាតិចឬច្រើន ជាអ្វីដ៏វិសេស ឲ្យតែនោះចេញពីដួងចិត្តរបស់យើង។ (ម៉ាកុស ១២:៤១-៤៤) ព្រះគម្ពីរធានាយើងថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។ (ហេព្រើរ ៦:១០) ប្រាកដហើយ ព្រះយេហូវ៉ាចាំតែនិងប្រទានរង្វាន់ចំពោះកិច្ចបំរើសំរាប់ព្រះរាជាណាចក្រទ្រង់ សូម្បីតែយើងបំពេញកិច្ចបំរើនោះតិចតួចបំផុតក្ដី។ បន្ថែមទៅនឹងពរជាច្រើនខាងវិញ្ញាណនៅឥឡូវនេះ យើងអាចទន្ទឹងចាំទទួលនូវអំណរក្នុងពិភពលោកថ្មីរបស់ទ្រង់ ពេលព្រះយេហូវ៉ាលាព្រះហស្តនឹងបំពេញសេចក្ដីប៉ងប្រាថ្នាដ៏សុចរិតទាំងប៉ុន្មានរបស់អ្នកដែលជិតស្និទ្ធនឹងទ្រង់!—ទំនុកដំកើង ១៤៥:១៦; ពេត្រុសទី២ ៣:១៣
២០. ក្នុងកំឡុងឆ្នាំ២០០៣ តើយើងអាចបង្ហាញថាយើងចាំបន្ទូលក្នុងខគម្ពីរប្រចាំឆ្នាំយ៉ាងដូចម្ដេច? តើនឹងមានលទ្ធផលអ្វី?
២០ ក្នុងកំឡុងឆ្នាំ២០០៣ សូមឲ្យយើងសួរខ្លួនថា តើយើងកំពុងតែព្យាយាមជានិច្ចដើម្បីចូលទៅជិតព្រះវរបិតារបស់យើងនៅស្ថានសួគ៌ឬក៏យ៉ាងណា? បើយើងកំពុងតែធ្វើដូច្នេះមែន យើងអាចជឿជាក់ថា ទ្រង់នឹងប្រព្រឹត្តតបដូចទ្រង់បានសន្យា។ ប្រាកដណាស់«ព្រះ . . . មិនចេះភូត»ទេ។ (ទីតុស ១:២) បើអ្នកចូលទៅជិតព្រះ ទ្រង់នឹងចូលមកជិតអ្នកវិញ។ (យ៉ាកុប ៤:៨) តើនឹងមានលទ្ធផលអ្វី? ពរជាច្រើននៅឥឡូវនេះ និងសេចក្ដីសង្ឃឹមចូលទៅជិតព្រះយេហូវ៉ាជារៀងរហូត!
តើអ្នកចាំទេ?
• តើអំណោយអ្វីដែលព្រះយេហូវ៉ាប្រទានចំពោះអស់អ្នកដែលចូលទៅជិតទ្រង់?
-