តើអ្វីជាអនាគតចំពោះផែនដីរបស់យើង?
ការចំណាយខាងទាហាននិងខាងសង្គមនៅឆ្នាំ១៩៩៦ ចែងថា «គ្មានសតវត្សឯណាក្នុងប្រវត្ដិសាស្ត្រដែលស្មើនឹងសតវត្សទី២០នេះ ស្តីអំពីអំពើឃោរឃៅរវាងមនុស្សធម្មតា សង្គ្រាមមួយចំនួនដែលកំពុងតែច្បាំង ជនភៀសខ្លួនជាច្រើនដែលមានដោយសាររឿងនេះ មនុស្សជាច្រើនលាននាក់ដែលបានស្លាប់ក្នុងសង្គ្រាម ហើយនិងការចំណាយដ៏ធំដើម្បី‹ការពារជាតិ› »។ តើស្ថានការណ៍នេះនឹងមានការផ្លាស់ប្ដូរទេ?
សាវ័កពេត្រុសបានរំឭកពួកគ្រីស្ទានអំពីសេចក្ដីសន្យាមួយ ដែលព្រះបានថ្លែងឡើងមួយសតវត្សមុននោះ ដែលថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) ពីដំបូងមក ពាក្យបែបនេះបានជាផ្នែកនៃទំនាយរបស់អេសាយ។ (អេសាយ ៦៥:១៧; ៦៦:២២) អ៊ីស្រាអែលពីសម័យបុរាណបានទទួលការសម្រេចដំបូង នៅពេលដែលសាសន៍នោះបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកដែលបានសន្យានោះ ក្រោយពីបាននៅជាប់ឃុំឃាំងក្នុងបាប៊ីឡូនអស់៧០ឆ្នាំ។ ដោយរៀបរាប់ម្ដងទៀតអំពីសេចក្ដីសន្យានៃ«ផ្ទៃមេឃថ្មីនិងផែនដីថ្មី» ពេត្រុសបានបង្ហាញថា ទំនាយនឹងត្រូវសម្រេចតាមរបៀបដ៏ធំជាងទៅទៀត—គឺពេញពិភពលោក!
ការស្ថាបនានៃស្ថានភាពដ៏សុចរិតនៅលើផែនដីទាំងមូល គឺជាព្រះហឫទ័យរបស់ព្រះ ហើយព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ទ្រង់ ដែលមានព្រះគ្រីស្ទជាស្តេចនោះនឹងបណ្ដាលឲ្យមានការនេះមែន។ «នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។ (អេសាយ ២:៤) សន្ដិភាពនិងសន្ដិសុខបែបនេះនៅលើផែនដី ជាអ្វីដែលព្រះយេស៊ូបានបង្រៀនពួកកាន់តាមទ្រង់ ឲ្យទន្ទឹងចាំ ហើយឲ្យអធិស្ឋានសុំ ដែលគេល្បីហៅថា ការអធិស្ឋានរបស់ព្រះអម្ចាស់ ដែលចែងថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:៩, ១០
តើអ្នកចង់រស់នៅក្នុងពិភពលោក ដែលនឹងបានទៅជាសុចរិតដូចស្ថានសួគ៌នោះទេ? នោះហើយជាសេចក្ដីសង្ឃឹមដែលព្រះគម្ពីរធានារ៉ាប់រងនោះ ដែលជូនអស់អ្នកណាដែលស្វែងរកដោយអស់ពីចិត្ត ដើម្បីឲ្យស្គាល់ព្រះ ហើយរស់នៅតាមផ្លូវដ៏សុចរិតរបស់ទ្រង់។