បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «គាត់បានធ្វើឲ្យព្រះពេញចិត្ត»
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • អេណុក​«​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​ទាំង​នោះ​»​

      អេណុក​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​មាន​ជំនឿ​លើ​ព្រះ​ក្នុង​សង្គម​មនុស្ស​ដែល​គ្មាន​ជំនឿ​សោះ។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់​បាន​កត់​សម្គាល់​ជំនឿ​របស់​គាត់​ទេ? ព្រះ​បាន​កត់​សម្គាល់​មែន។ នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អេណុក​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ព្រះ​ឲ្យ​អេណុក​ទៅ​ប្រកាស​ប្រាប់​ដំណឹង​ដល់​មនុស្ស​នៅ​សម័យ​របស់​គាត់។ ម្ល៉ោះ​ហើយ ព្រះ​បាន​ជ្រើស​រើស​អេណុក​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ហើយ​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ដំបូង​ដែល​ដំណឹង​របស់​គាត់​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ យើងដឹង​ដូច្នេះ ដោយ​សារ​យូដាស​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​អំពី​ពាក្យ​សម្ដី​របស់​អេណុក ច្រើន​សតវត្សរ៍​ក្រោយ​មក។a

      តើ​ទំនាយ​របស់​អេណុក​ប្រាប់​អំពី​អ្វី? ទំនាយ​នោះ​ប្រាប់​ថា​៖ ​«​មើល! ព្រះ​យេហូវ៉ា​បាន​មក​ជា​មួយ​នឹង​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត ហើយ​បញ្ជាក់​នូវ​ទោស​កំហុស​របស់​ពួក​គេ​ក្នុង​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ទុច្ចរិត ហើយ​ស្តី​អំពី​សម្ដី​ដ៏​គួរ​ខ្ពើម​រអើម​ដែល​មនុស្ស​ទុច្ចរិត​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ពោល​ប្រឆាំង​លោក​»។ (​យូដាស ១៤, ១៥​) ចំណុច​ដំបូង​ដែល​អ្នក​ប្រហែល​ជា​កត់​សម្គាល់​គឺ​ថា​ពាក្យ​សម្ដី​អេណុក​ជា​ទម្រង់​អតីតកាល ហាក់​ដូច​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​កើត​ឡើង​រួច​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទំនាយ​ក្រោយ​ៗ​មក​ទៀត​មាន​លំនាំ​ដូច​គ្នា។ បើ​និយាយ​ឲ្យ​ចំ​ទៅ ទំនាយ​ដែល​ប្រកាស​ទុក​ជា​មុន​នោះ​គឺ​ច្បាស់​ដល់​ម្ល៉េះ បាន​ជា​ការ​រៀប​រាប់​នោះ​ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ហើយ!—អេសាយ ៤៦:១០

      អេណុកផ្សព្វផ្សាយដល់មនុស្សដែលមិនគោរពកោតខ្លាចព្រះ

      អេណុក​ប្រកាស​ដំណឹង​ពី​ព្រះ​ដោយ​ចិត្ត​ក្លាហាន​ក្នុង​ពិភព​លោក​ដ៏​កាច​សាហាវ

      អេណុក​ប្រហែល​ជា​បាន​ប្រកាស​ផ្សាយ​ដំណឹង​ជំនុំជម្រះ​ដល់​មនុស្ស​ទាំង​អស់ តើ​អ្នក​អាច​ស្រមៃ​ឃើញ​គាត់​កំពុង​ប្រកាស​ដំណឹង​នោះ​ឬ​ទេ? សូម​កត់​សម្គាល់​អំពី​ដំណឹង​ព្រមាន​ដ៏​ខ្លាំង​នោះ ក្នុង​ដំណឹង​នោះ​មាន​បួន​ដង​ដែល​ប្រើ​ពាក្យ​«​ទុច្ចរិត​»​ដើម្បី​ផ្ដន្ទា​ទោស​មនុស្ស និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ទំនាយ​នោះ​ព្រមាន​ដល់​មនុស្ស​ទាំង​អស់​ថា សង្គម​ដែល​ពួក​គេ​បាន​ស្ថាបនា​ឡើង​តាំង​ពី​ពេល​ដែល​អាដាម​និង​អេវ៉ា​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​អេដែន នោះ​គឺ​អាក្រក់​សុទ្ធសាធ។ ដូច្នេះ សង្គម​មនុស្ស​ដ៏​អាក្រក់​នោះ​នឹង​មក​ដល់​ទី​បញ្ចប់ ពេល​ព្រះ​យេហូវ៉ា​មក​ជា​មួយ​«​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​»​ដែល​ជា​កង​ទ័ព​ទេវតា​ដ៏​ខ្លាំង​ក្លា ដែល​តម្រៀប​គ្នា​ប្រុង​ចូល​ច្បាំង ដើម្បី​នាំ​មក​នូវ​ការ​បំផ្លាញ​ចោល។ ដោយ​ចិត្ត​ក្លាហាន អេណុក​បាន​ប្រកាស​ដំណឹង​ព្រមាន​ពី​ព្រះ ហើយ​គាត់​ធ្វើ​ដូច្នេះ​តែ​ម្នាក់​ឯង! ពេល​នោះ​ឡាមេក​នៅ​ក្មេង​នៅ​ឡើយ គាត់​ប្រហែល​ជា​បាន​ឃើញ​ចិត្ត​ក្លាហាន​របស់​ជីតា​គាត់ ហើយ​គាត់​បាន​ស្ញប់​ស្ញែង​ជីតា​គាត់​យ៉ាង​ខ្លាំង។ យើង​អាច​យល់​អារម្មណ៍​របស់​ឡាមេក។

      ជំនឿ​របស់​អេណុក​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​យើង​ថា តើ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​ពិភព​លោក​ដែល​យើង​កំពុង​រស់​នៅ​នេះ​ឬ​ទេ? ដំណឹង​វិនិច្ឆ័យ​ដែល​អេណុក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នោះ ក៏​ទាក់​ទង​នឹង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដែរ។ ស្រប​ទៅ​តាម​ការ​ព្រមាន​របស់​អេណុក ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​ធំ​ក្រៃ​លែង មក​បំផ្លាញ​មនុស្ស​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​នៅ​សម័យ​ណូអេ។ ប៉ុន្តែ ការ​បំផ្លាញ​នោះ​ជា​គំរូ​សម្រាប់​ការ​បំផ្លាញ​ដ៏​ធំ​ជាង ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ។ (​ម៉ាថាយ ២៤:៣៨, ៣៩; ពេត្រុស​ទី២ ២:៤​-​៦​) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​និង​បណ្ដា​ទេវតា​ដ៏​បរិសុទ្ធ​របស់​លោក​កំពុង​ត្រៀម​ជា​ស្រេច ដើម្បី​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ដ៏​សុចរិត​ប្រឆាំង​នឹង​ពិភព​លោក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក។ ដូច្នេះ យើង​ម្នាក់​ៗ​ត្រូវ​ចាំ​ជា​និច្ច​អំពី​ការ​ព្រមាន​របស់​អេណុក ហើយ​ចូល​រួម​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ការ​ព្រមាន​នោះ។ ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ប្រហែល​ជា​លែង​រាប់​អាន​យើង។ ម្ដង​ម្កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ។ ប៉ុន្តែ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ចោល​អេណុក​ទេ ហើយ​លោក​ក៏​នឹង​មិន​បោះ​បង់​ចោល​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ!

  • «គាត់បានធ្វើឲ្យព្រះពេញចិត្ត»
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • a បណ្ឌិត​ខ្លះ​ខាង​គម្ពីរ​អះអាង​ថា យូដាស​បាន​កត់​ទុក​សម្ដី​របស់​អេណុក ដោយ​ដក​ស្រង់​ពី​សៀវភៅ​មួយ​ឈ្មោះ​ថា​សៀវភៅ​អេណុក។ ប៉ុន្តែ សៀវភៅ​នោះ​ជា​សៀវភៅ​រឿង​ព្រេង​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ ហើយ​មនុស្ស​ចេះ​តែ​និយាយ​ថា​អេណុក​បាន​សរសេរ​សៀវភៅ​នោះ។ សៀវភៅ​អេណុក​នោះ​ប្រាប់​ត្រឹម​ត្រូវ​អំពី​ទំនាយ​របស់​អេណុក តែ​ទំនាយ​ក្នុង​សៀវភៅ​អេណុក​នោះ​ប្រហែល​ជា​បាន​ត្រូវ​ដក​ស្រង់​ពី​ឯកសារ​មួយ​ដែល​សព្វ​ថ្ងៃ​នេះ​បាន​បាត់​បង់ ឬ​ពី​ការ​ប្រាប់​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ យូដាស​ប្រហែល​ជា​ដក​ស្រង់​ព័ត៌មាន​ពី​ឯកសារ​ដែល​បាន​បាត់​បង់​នោះ ឬ​ប្រហែល​ជា​គាត់​ដឹង​អំពី​អេណុក​តាម​រយៈ​លោក​យេស៊ូ ដែល​បាន​ឃើញ​ពី​ស្ថាន​សួគ៌​នូវ​ជីវិត​របស់​អេណុក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក