បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៥ ទំ. ៥២-៦៣
  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អ្វី?
  • វិធី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ
  • តើ​តម្លៃ​លោះ​មាន​ប្រយោជន៍​អ្វី​សំរាប់​អ្នក?
  • តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?
  • ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ព្រះយេហូវ៉ាប្រទាន«ថ្លៃលោះមនុស្សជាច្រើន»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរបន្តមានចិត្តកតញ្ញូចំពោះថ្លៃលោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • តើអ្វីជាអំណោយដ៏ល្អបំផុត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៥ ទំ. ៥២-៦៣

ជំពូក​ទី​ប្រាំ

តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អំណោយ​វិសេស​បំផុត​របស់​ព្រះ

តើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អ្វី?

តើ​តម្លៃ​លោះ​នោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​វិធី​ណា?

តើ​តម្លៃ​លោះ​នោះ​អាច​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក?

តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

១, ២​. (​ក​) តើ​អំណោយ​មួយ​មាន​តម្លៃ​វិសេស​ចំពោះ​អ្នក​នៅ​ពេល​ណា? (​ខ​) ហេតុ​អ្វី​អាច​និយាយ​ថា តម្លៃ​លោះ​ជា​អំណោយ​វិសេស​បំផុត?

តើ​អ្វី​ជា​អំណោយ​វិសេស​បំផុត​ដែល​អ្នក​ធ្លាប់​ទទួល? អំណោយ​មួយ​អាច​មាន​តម្លៃ ទោះ​ជា​វា​មិន​សូវ​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។ យ៉ាង​ណា​មិញ តម្លៃ​ពិត​ប្រាកដ​នៃ​អំណោយ​មួយ មិន​អាស្រ័យ​ទៅ​លើ​តម្លៃ​ដែល​គេ​ទិញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អំណោយ​នោះ​មាន​តម្លៃ​វិសេស​ចំពោះ​អ្នក ពេល​ដែល​វា​នាំ​ឲ្យ​អ្នក​សប្បាយ​ឬ​ក៏​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ណា​មួយ​របស់​អ្នក។

២ ក្នុង​ចំណោម​អំណោយ​ទាំង​អស់​ដែល​អ្នក​អាច​ទទួល​បាន​នោះ មាន​អំណោយ​មួយ​ដែល​ល្អ​បំផុត។ នោះ​ជា​អំណោយ​មួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​ជាតិ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​អ្វី​ជា​ច្រើន​ដល់​យើង ប៉ុន្តែ​អំណោយ​វិសេស​បំផុត​ដែល​ទ្រង់​បាន​ប្រទាន គឺ​ជា​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​រាជបុត្រា​របស់​ទ្រង់។ (​ម៉ាថាយ ២០:២៨​) យើង​នឹង​រៀន​ក្នុង​ជំពូក​នេះ​ថា តម្លៃ​លោះ​ជា​អំណោយ​ដ៏​វិសេស​បំផុត ដ្បិត​នោះ​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ដែល​រក​ថ្លែង​ពុំ​បាន ហើយ​ក៏​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​សំខាន់​បំផុត​របស់​អ្នក​ទៀត​ផង។ តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ពិត​ជា​វិធី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​យើង។

តើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អ្វី?

៣​. តើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អ្វី? ដើម្បី​យល់​នូវ​តម្លៃ​វិសេស​នៃ​អំណោយ​នេះ តើ​យើង​ត្រូវ​យល់​អ្វី​ជា​មុន​សិន?

៣ បើ​និយាយ​ឲ្យ​ចំ​ទៅ តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​វិធី​ដែល​ព្រះ​យេហូវ៉ា​លោះ​ឬ​សង្គ្រោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់។ (​អេភេសូរ ១:៧​) ដើម្បី​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​រឿង​នេះ យើង​ត្រូវ​នឹក​ចាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សួន​ច្បារ​អេដែន។ យើង​ត្រូវ​យល់​នូវ​អ្វី​ដែល​អ័ដាម​បាន​បាត់​បង់​នៅ​ពេល​ដែល​គាត់​ធ្វើ​បាប ទើប​អាច​យល់​នូវ​មូលហេតុ​ដែល​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ត្រូវ​ជា​អំណោយ​ថ្លៃ​វិសេស​ចំពោះ​យើង។

៤​. ដោយ​សារ​អ័ដាម​មាន​ជីវិត​គ្រប់​ល័ក្ខណ៍ តើ​គាត់​ទទួល​ផល​ប្រយោជន៍​អ្វី?

៤ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បង្កើត​អ័ដាម ទ្រង់​ប្រទាន​អ្វី​មួយ​ដែល​មាន​តម្លៃ​វិសេស​ពិត​ប្រាកដ​មែន នោះ​គឺ​ជីវិត​គ្រប់​ល័ក្ខណ៍។ សូម​ពិចារណា​នូវ​ផល​ប្រយោជន៍​ដែល​អ័ដាម​បាន​ទទួល​ពី​ជីវិត​គ្រប់​ល័ក្ខណ៍​នោះ។ ដោយ​សារ​អ័ដាម​មាន​រូប​កាយ​និង​ចិត្ត​គំនិត​គ្រប់​ល័ក្ខណ៍ គាត់​នឹង​មិន​ទៅ​ជា​ឈឺ ចាស់ ហើយ​ក៏​មិន​ស្លាប់​ដែរ។ ដោយ​សារ​គាត់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ អ័ដាម​មាន​ចំណង​មិត្តភាព​ដ៏​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​គម្ពីរ​ប្រាប់​ថា អ័ដាម​ជា​«​កូន​ព្រះ​»។ (​លូកា ៣:៣៨​) ដូច្នេះ អ័ដាម​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដូច​កូន​ប្រុស​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ឪពុក​ដែល​ស្រឡាញ់​កូន។ ព្រះ​យេហូវ៉ា​ធ្លាប់​មាន​បន្ទូល​នឹង​អ័ដាម​ជា​កូន​ទ្រង់ ដោយ​ប្រាប់​នូវ​កិច្ច​ការ​គួរ​ឲ្យ​ពេញ​ចិត្ត​ដែល​អ័ដាម​ត្រូវ​ធ្វើ ហើយ​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​គាត់។—លោកុប្បត្តិ ១:២៨​-​៣០; ២:១៦, ១៧

៥​. ពេល​ដែល​ព្រះ​គម្ពីរ​ប្រាប់​ថា អ័ដាម​ត្រូវ​បាន​បង្កើត‹ឲ្យ​ចំ​នឹង​រូប​អង្គ​ព្រះ› តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?

៥ អ័ដាម​ត្រូវ​បាន​បង្កើត‹ឲ្យ​ចំ​នឹង​រូប​អង្គ​ព្រះ›។ (​លោកុប្បត្តិ ១:២៧​) នេះ​មិន​មាន​ន័យ​ថា​អ័ដាម​មាន​រូប​សម្បត្ដិ​ដូច​ព្រះ​ទេ។ ដូច​ដែល​យើង​បាន​រៀន​នៅ​ជំពូក​ទី១​នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​ជា​វិញ្ញាណ យើង​មើល​ទ្រង់​ពុំ​ឃើញ​ឡើយ។ (​យ៉ូហាន ៤:២៤​) ដូច្នេះ ព្រះ​យេហូវ៉ា​គ្មាន​រូប​កាយ​ជា​សាច់​ឈាម​នោះ​ទេ។ អ័ដាម​ត្រូវ​បាន​បង្កើត​ឲ្យ​ចំ​នឹង​រូប​អង្គ​ព្រះ​ក្នុង​ន័យ​ថា អ័ដាម​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ រួម​ទាំង​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និង​អំណាច។ អ័ដាម​គឺ​ដូច​ព្រះ​វរបិតា​របស់​គាត់​ក្នុង​ន័យ​មួយ​ទៀត​ដ៏​សំខាន់ គឺ​អ័ដាម​មាន​ចិត្ត​សេរី។ ហេតុ​នេះ អ័ដាម​មិន​មែន​ដូច​ជា​ម៉ាស៊ីន​ដែល​ពុំ​អាច​ធ្វើ​អ្វី​បើ​គ្មាន​ការ​បញ្ជា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​គាត់​អាច​សម្រេច​ចិត្ត​ធ្វើ​ល្អ​ឬ​ក៏​ធ្វើ​អាក្រក់។ បើ​គាត់​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ គាត់​នឹង​បាន​រស់​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ​នៅ​ផែន​ដី។

៦​. នៅ​ពេល​ដែល​អ័ដាម​មិន​ស្ដាប់​បង្គាប់​ព្រះ តើ​គាត់​បាត់​បង់​អ្វី? តើ​នោះ​ប៉ះ​ពាល់​ដល់​កូន​ចៅ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

៦ ដូច្នេះ យើង​យល់​ច្បាស់​ហើយ​ថា នៅ​ពេល​ដែល​អ័ដាម​មិន​ស្ដាប់​បង្គាប់​ព្រះ​ហើយ​បាន​ទទួល​ការ​កាត់​ទោស​ឲ្យ​ត្រូវ​ស្លាប់​នោះ គាត់​បាន​បាត់​បង់​អ្វី​ដែល​មាន​តម្លៃ​ក្រៃ​លែង។ អំពើ​បាប​របស់​អ័ដាម​នាំ​ឲ្យ​បាត់​បង់​ជីវិត​គ្រប់​ល័ក្ខណ៍​ព្រម​ទាំង​ផល​ប្រយោជន៍​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ទទួល​ដែរ។ (​លោកុប្បត្តិ ៣:១៧​-​១៩​) គួរ​ឲ្យ​ស្ដាយ​ណាស់ អ័ដាម​មិន​ត្រឹម​តែ​បាត់​បង់​នូវ​ជីវិត​គ្រប់​ល័ក្ខណ៍​ជា​អំណោយ​ដ៏​វិសេស​នោះ​ទេ តែ​កូន​ចៅ​របស់​គាត់​ដែល​កើត​ក្រោយ​ៗ​មក​ក៏​នឹង​គ្មាន​ជីវិត​គ្រប់​ល័ក្ខណ៍​ដែរ។ ព្រះ​បន្ទូល​របស់​ព្រះ​ប្រាប់​ថា​៖ ​«​បាប​បាន​ចូល​មក​ក្នុង​លោ​កី​យ ដោយ​សារ​មនុស្ស​តែ​ម្នាក់[​អ័ដាម​] ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ​»។ (​រ៉ូម ៥:១២​) ពិត​មែន យើង​ទាំង​អស់​គ្នា​មាន​បាប​ដោយ​សារ​បាន​ឆ្លង​ពី​អ័ដាម។ ហេតុ​នេះ​ព្រះ​គម្ពីរ​ប្រាប់​ថា​អ័ដាម​បាន​«​លក់​»​ខ្លួន​ឯង​និង​កូន​ចៅ​ទៅ​ជា​ទាសករ​នៅ​ក្រោម​អំណាច​របស់​បាប​និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៧:១៤​) អ័ដាម​និង​អេវ៉ា​មិន​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​ឡើយ ពី​ព្រោះ​ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ចេតនា។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​វិញ​កូន​ចៅ​របស់​ពួក​គាត់ ដែល​រួម​មាន​យើង​ទាំង​អស់​គ្នា​ដែរ?

៧, ៨​. ពាក្យ​ថា​តម្លៃ​លោះ​រួម​បញ្ចូល​អ្វី​ពីរ​យ៉ាង តើ​នោះ​ជា​អ្វី?

៧ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​មនុស្ស​តាម​រយៈ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ។ តើ​ពាក្យ​ថា​តម្លៃ​លោះ​សំដៅ​លើ​អ្វី? ជា​បឋម​តម្លៃ​លោះ​រួម​បញ្ចូល​អ្វី​ពីរ​យ៉ាង។ ទី​មួយ តម្លៃ​លោះ​ជា​ថ្លៃ​ដែល​ត្រូវ​ចេញ​ដើម្បី​លោះ​អ្នក​ណា​ម្នាក់​ឬ​ទិញ​អ្វី​មួយ​មក​វិញ។ គឺ​ដូច​ថ្លៃ​ដែល​ត្រូវ​បង់​ដើម្បី​លោះ​ឈ្លើយ​សឹក។ ទី​ពីរ តម្លៃ​លោះ​ជា​ថ្លៃ ដែល​ត្រូវ​បង់​ដើម្បី​សង​ថ្លៃ​នៃ​អ្វី​មួយ។ គឺ​ស្រដៀង​នឹង​ថ្លៃ​ដែល​ត្រូវ​ចេញ​ជា​ការ​ទូទាត់​សង​ជំងឺ​ចិត្ត ពេល​ដែល​នាំ​ឲ្យ​ជន​ណា​ផ្សេង​ទៀត​មាន​ការ​ខូច​បង់​ឬ​រង​របួស។ ជា​ឧទាហរណ៍ បើ​អ្នក​ណា​ម្នាក់​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ គាត់​ត្រូវ​សង​តម្លៃ​ឲ្យ​ស្មើ​នឹង​របស់​អ្វី​ដែល​បាន​ខូច​បង់​នោះ។

៨ តើ​អាច​ទូទាត់​សង​នូវ​ការ​ខាត​បង់​ដ៏​ធំ​ក្រៃ​លែង​ដែល​អ័ដាម​នាំ​ឲ្យ​យើង​គ្រប់​រូប​មាន​នោះ​យ៉ាង​ដូច​ម្ដេច? តើ​នឹង​អាច​លោះ​យើង​ពី​អំណាច​បាប​និង​សេចក្ដី​ស្លាប់​បាន​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ ថែម​ទាំង​ផល​ប្រយោជន៍​ដែល​អ្នក​អាច​ទទួល​ពី​តម្លៃ​លោះ​នោះ។

វិធី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ

៩​. តើ​ត្រូវ​ការ​តម្លៃ​លោះ​បែប​ណា?

៩ ដោយ​ព្រោះ​បាន​បាត់​បង់​នូវ​ជីវិត​របស់​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់ នោះ​គ្មាន​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ណា​ម្នាក់​អាច​ចេញ​ថ្លៃ​ទិញ​នោះ​មក​វិញ​បាន​ឡើយ។ (​ទំនុក​ដំកើង ៤៩:៧, ៨​) អ្វី​ដែល​ត្រូវ​ការ​គឺ​ថ្លៃ​លោះ​ដែល​ស្មើ​នឹង​តម្លៃ​នៃ​អ្វី​ដែល​បាន​បាត់​បង់។ នេះ​សម​ស្រប​តាម​គោល​ការណ៍​យុត្ដិធម៌​គ្រប់​ល័ក្ខណ៍​ដែល​នៅ​ក្នុង​បន្ទូល​របស់​ព្រះ​គឺ​៖ ​«​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត​»។ (​ចោទិយកថា ១៩:២១​) ដូច្នេះ តើ​អ្វី​អាច​ទូទាត់​សង​ថ្លៃ​ជីវិត​គ្រប់​ល័ក្ខណ៍​ដែល​អ័ដាម​បាន​បាត់​បង់? ជីវិត​របស់​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់​ទៀត​គឺ​ចាំ​បាច់​ដើម្បី​ជា​ថ្លៃ​លោះ​ដែល​ស្មើ​នឹង​អ្វី​ដែល​បាន​បាត់​បង់​នោះ។​—ធីម៉ូថេ​ទី១ ២:៦

១០​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

១០ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ​នោះ​យ៉ាង​ដូច​ម្ដេច? ទ្រង់​បាន​ចាត់​បុត្រ​ជា​វិញ្ញាណ​គ្រប់​ល័ក្ខណ៍​មួយ​អង្គ​របស់​ទ្រង់​ឲ្យ​មក​ផែន​ដី។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​បាន​បិទ​ព្រះ​នេត្រ​រើស​បុគ្គល​វិញ្ញាណ​មួយ​ហើយ​ចាត់​ឲ្យ​មក​នោះ​ទេ។ ទ្រង់​បាន​ចាត់​បុគ្គល​វិញ្ញាណ​ជា​ទី​ស្រឡាញ់​បំផុត​របស់​ទ្រង់ នេះ​គឺ​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ។ (​យ៉ូហាន​ទី១ ៤:៩, ១០​) ព្រះ​រាជបុត្រា​សុខ​ចិត្ត​ចេញ​ពី​ស្ថាន​សួគ៌​ជា​លំនៅ​ទ្រង់។ (​ភីលីព ២:៧​) ដូច​ដែល​យើង​បាន​រៀន​ក្នុង​ជំពូក​មុន​នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ផ្ទេរ​ព្រះ​ជន្ម​របស់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ទៅ​ក្នុង​ផ្ទៃ​របស់​នាង​ម៉ារា។ តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ដោយ​មិន​ជាប់​ទោស​ជា​អ្នក​មាន​បាប​ឡើយ។—លូកា ១:៣៥

១១​. តើ​មនុស្ស​ម្នាក់​អាច​លោះ​មនុស្ស​រាប់​លាន​នាក់​បាន​យ៉ាង​ដូច​ម្ដេច?

១១ តើ​បុរស​ម្នាក់​អាច​លោះ​មនុស្ស​រាប់​លាន​នាក់​បាន​យ៉ាង​ដូច​ម្ដេច? ចុះ​តើ​មនុស្ស​រាប់​លាន​នាក់​បាន​ទៅ​ជា​អ្នក​មាន​បាប​យ៉ាង​ដូច​ម្ដេច? សូម​ចាំ​ថា ពេល​ដែល​អ័ដាម​ធ្វើ​បាប នោះ​គាត់​បាត់​បង់​អំណោយ​ដ៏​វិសេស​មួយ គឺ​ជីវិត​គ្រប់​ល័ក្ខណ៍។ ហេតុ​នេះ កូន​ចៅ​របស់​អ័ដាម​មិន​អាច​ទទួល​បាន​ជីវិត​គ្រប់​ល័ក្ខណ៍​ពី​គាត់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ កូន​ចៅ​របស់​គាត់​អាច​ឆ្លង​តែ​បាប​និង​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ។ ព្រះ​យេស៊ូ​ដែល​ព្រះ​គម្ពីរ​ហៅ​«​លោក​អ័ដាម​ក្រោយ​បង្អស់​»​ ទ្រង់​មាន​ព្រះ​ជន្ម​គ្រប់​ល័ក្ខណ៍ ហើយ​ទ្រង់​មិន​ដែល​ធ្វើ​បាប​ឡើយ។ (​កូរិនថូស​ទី១ ១៥:៤៥​) យើង​អាច​និយាយ​ថា​ព្រះ​យេស៊ូ​បាន​មក​ជំនួស​អ័ដាម ដើម្បី​អាច​សង្គ្រោះ​យើង។ ពេល​ដែល​ព្រះ​យេស៊ូ​បូជា​ឬ​លះ​បង់​ព្រះ​ជន្ម​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះ ទ្រង់​បាន​ទូទាត់​សង​ថ្លៃ​នៃ​ការ​ខូច​ខាត​ដែល​មក​ពី​បាប​របស់​អ័ដាម។ យ៉ាង​នេះ​ព្រះ​យេស៊ូ​បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​សំរាប់​កូន​ចៅ​របស់​អ័ដាម។—រ៉ូម ៥:១៩; កូរិនថូស​ទី១ ១៥:២១, ២២

១២​. តើ​ការ​ឈឺ​ចាប់​របស់​ព្រះ​យេស៊ូ​បាន​បង្ហាញ​អ្វី?

១២ ព្រះ​គម្ពីរ​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ទុក្ខ​វេទនា​ដែល​ព្រះ​យេស៊ូ​បាន​ស៊ូ​ទ្រាំ​មុន​ទ្រង់​សោយ​ទិវង្គត។ ទ្រង់​ត្រូវ​គេ​វាយ​នឹង​ខ្សែ​តី​យ៉ាង​សាហាវ​ព្រៃផ្សៃ ត្រូវ​គេ​បោះ​ដែក​គោល​ព្យួរ​នឹង​បង្គោល​ឈើ​ដោយ​គ្មាន​ក្ដី​មេត្ដា ហើយ​ទ្រង់​ក៏​បាន​សោយ​ទិវង្គត​យ៉ាង​ឈឺ​ចាប់​វេទនា​លើ​បង្គោល​ឈើ​ទារុណកម្ម​នោះ។ (​យ៉ូហាន ១៩:១, ១៦​-​១៨, ៣០; ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​មូលហេតុ​គ្រីស្ទាន​ពិត​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ​»​) ហេតុ​អ្វី​ព្រះ​យេស៊ូ​ត្រូវ​រង​ការ​ឈឺ​ចាប់​ដូច្នេះ? ក្នុង​ជំពូក​ក្រោយ​ៗ​យើង​នឹង​ឃើញ​ថា សាតាំង​បាន​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា ព្រះ​យេហូវ៉ា​គ្មាន​អ្នក​បំរើ​ណា​ម្នាក់​នៅ​ផែន​ដី​ដែល​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​នៅ​ចំពោះ​មុខ​ការ​ល្បង​ល​ឬ​ទុក្ខ​លំបាក​ទេ។ ក៏​ប៉ុន្តែ​ដោយ​សារ​ព្រះ​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ណាស់​ក៏​ដោយ ទ្រង់​បាន​ផ្ដល់​ចម្លើយ​ល្អ​បំផុត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់​ដែល​មាន​ចិត្ត​សេរី​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះ​ព្រះ​បាន មិន​ថា​អារក្ស​ធ្វើ​អ្វី​ក៏​ដោយ​ចំពោះ​គាត់។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​រីក​រាយ​ណាស់​ដោយ​ទត​ឃើញ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់!​—សុភាសិត ២៧:១១

១៣​. តើ​តម្លៃ​លោះ​នោះ​ត្រូវ​បាន​បង់​យ៉ាង​ដូច​ម្ដេច?

១៣ តើ​តម្លៃ​លោះ​នោះ​ត្រូវ​បាន​បង់​យ៉ាង​ដូច​ម្ដេច? នៅ​ឆ្នាំ​៣៣​គ.ស. នា​ថ្ងៃ​ទី​១៤ នៃ​ខែ​ណែសាន ជា​ខែ​របស់​សាសន៍​យូដា ព្រះ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រហារ​ព្រះ​ជន្ម​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដែល​គ្រប់​ល័ក្ខណ៍​គ្មាន​បាប​នោះ។ យ៉ាង​នេះ ព្រះ​យេស៊ូ​បូជា​ព្រះ​ជន្ម​របស់​ទ្រង់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​«​១​ដង​ជា​សំរេច​»។ (​ហេព្រើរ ១០:១០​) បី​ថ្ងៃ​ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ ព្រះ​យេហូវ៉ា​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ នៅ​ស្ថាន​សួគ៌ ព្រះ​យេស៊ូ​បាន​យក​តម្លៃ​នៃ​ព្រះ​ជន្ម​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ថ្វាយ​ព្រះ​ជា​ថ្លៃ​លោះ​កូន​ចៅ​របស់​អ័ដាម។ (​ហេព្រើរ ៩:២៤​) ព្រះ​យេហូវ៉ា​បាន​ព្រម​ទទួល​នូវ​តម្លៃ​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ជា​ថ្លៃ​ដែល​ត្រូវ​ការ​ដើម្បី​លោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​អំណាច​របស់​បាប​និង​សេចក្ដី​ស្លាប់។—រ៉ូម ៣:២៣, ២៤

តើ​តម្លៃ​លោះ​មាន​ប្រយោជន៍​អ្វី​សំរាប់​អ្នក?

១៤, ១៥​. ដើម្បី​ទទួល​នូវ​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៤ ទោះ​ជា​យើង​នៅ​មាន​បាប​ក៏​ដោយ យើង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន តាម​រយៈ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ។ សូម​ពិចារណា​ប្រយោជន៍​ខ្លះ​ៗ​ដែល​អាច​ទទួល​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត​ដោយ​សារ​អំណោយ​វិសេស​បំផុត​នេះ​ពី​ព្រះ។

១៥ ការ​លើក​លែង​ទោស​បាប: ដោយ​សារ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ដែល​យើង​បាន​ឆ្លង​ពី​អ័ដាម​មក នោះ​យើង​ត្រូវ​ខំ​ប្រឹង​ទាំង​លំបាក​ទើប​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​បាន។ យើង​ទាំង​អស់​គ្នា​ធ្វើ​បាប​ក្នុង​ពាក្យ​សំ​ដី​ឬ​ការ​ប្រព្រឹត្ត។ ប៉ុន្តែ​តាម​រយៈ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ យើង​អាច​ទទួល​«​សេចក្ដី​ផ្ដាច់​បាប​»​ឬ​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។ (​កូល៉ុស ១:១៣, ១៤​) ក៏​ប៉ុន្តែ​ដើម្បី​ទទួល​ការ​លើក​លែង​ទោស​នោះ យើង​ត្រូវ​តែ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ យើង​ក៏​ត្រូវ​មាន​ចិត្ត​រាប​ទាប​ហើយ​អំពាវ​នាវ​រក​ព្រះ​យេហូវ៉ា សុំ​ទ្រង់​លើក​លែង​ទោស​ឲ្យ​ដោយ​សារ​ជំនឿ​របស់​យើង​លើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ។—យ៉ូហាន​ទី១ ១:៨, ៩

១៦​. ហេតុ​អ្វី​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​ដោយ​មាន​អារម្មណ៍​ថា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង មិន​មែន​ផ្ដន្ទា​ទោស​យើង​នោះ? តើ​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៦ ការ​មាន​អារម្មណ៍​ថា​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង មិន​មែន​ផ្ដន្ទា​ទោស​យើង: បើ​មាន​អារម្មណ៍​ថា​ព្រះ​ផ្ដន្ទា​ទោស​យើង នោះ​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​តម្លៃ​ទេ។ ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​យើង​ដោយ​ផ្អែក​លើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ ហើយ​ការ​ធ្វើ​ដូច្នេះ​ក៏​បញ្ជាក់​ថា​ទ្រង់​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​ថ្វាយ​បង្គំ​ទ្រង់ ដោយ​មាន​អារម្មណ៍​ថា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ទោះ​ជា​យើង​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ។ (​ហេព្រើរ ៩:១៣, ១៤​) ហេតុ​នេះ​ហើយ​យើង​អាច​ទូល​ព្រះ​យេហូវ៉ា​ដោយ​សេរី។ ដូច្នេះ យើង​អាច​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​ដោយ​ក្លាហាន។ (​ហេព្រើរ ៤:១៤​-​១៦​) ការ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដូច្នេះ ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ និង​ក៏​ធ្វើ​ឲ្យ​មាន​សុភមង្គល​ទៀត​ផង។

១៧​. តើ​យើង​អាច​ទទួល​សេចក្ដី​ល្អ​អ្វី​ដោយ​សារ​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ដើម្បី​យើង?

១៧ សេចក្ដី​សង្ឃឹម​ទទួល​បាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ផែន​ដី​មនោ​រម្យ: រ៉ូម ៦:២៣ ប្រាប់​ថា​៖ ​«​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់​»។ ប៉ុន្តែ​ខ​នោះ​ក៏​ប្រាប់​ដែរ​ថា​៖ ​«​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូ​វ​ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​»។ នៅ​ជំពូក​ទី៣​នៃ​សៀវភៅ​នេះ យើង​បាន​ពិភាក្សា​អំពី​អ្វី​ល្អ​ៗ​ដែល​យើង​នឹង​ទទួល​ក្នុង​ផែន​ដី​មនោ​រម្យ។ (​វិវរណៈ ២១:៣, ៤​) សេចក្ដី​ល្អ​ទាំង​អស់​នោះ​ដែល​យើង​អាច​ទទួល​នៅ​អនាគត រួម​ទាំង​ជីវិត​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​គ្រប់​ល័ក្ខណ៍ គឺ​បាន​ដោយ​សារ​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ដើម្បី​យើង។ ដើម្បី​ទទួល​សេចក្ដី​ល្អ​នោះ យើង​ត្រូវ​តែ​បង្ហាញ​ថា យើង​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​បាន​ទទួល​តម្លៃ​លោះ​ជា​អំណោយ​ទាន។

តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

១៨​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​មាន​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សារ​ទ្រង់​ផ្ដល់​តម្លៃ​លោះ?

១៨ ហេតុ​អ្វី​យើង​គួរ​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ? អំណោយ​មួយ​មាន​តម្លៃ​វិសេស​ចំពោះ​យើង​ពេល​អ្នក​ដែល​ឲ្យ​បាន​ចំណាយ​ពេល កម្លាំង ឬ​ធន​ធាន​របស់​ខ្លួន។ យើង​រំជួល​ចិត្ត​ពេល​ដែល​ឃើញ​ថា​អំណោយ​ដែល​បាន​ទទួល​បញ្ជាក់​នូវ​ជំ​រៅ​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​អ្នក​ជូន។ តម្លៃ​លោះ​គឺ​ជា​អំណោយ​វិសេស​បំផុត ដ្បិត​ព្រះ​បាន​ធ្វើ​ពលិកម្ម​ធំ​បំផុត​ដើម្បី​ផ្ដល់​តម្លៃ​លោះ​នោះ។ យ៉ូហាន ៣:១៦ ប្រាប់​ថា​៖ ​«​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១​»។ តម្លៃ​លោះ​ជា​ភស្តុ​តាង​អស្ចារ្យ​បំផុត​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ តម្លៃ​លោះ​ក៏​ជា​ភស្តុ​តាង​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​បូជា​ព្រះ​ជន្ម​ទ្រង់​ដើម្បី​យើង។ (​យ៉ូហាន ១៥:១៣​) ដូច្នេះ អំណោយ​ជា​តម្លៃ​លោះ​គួរ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​ស្រឡាញ់​យើង​ម្នាក់​ៗ។​—កាឡាទី ២:២០

១៩, ២០​. តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​បាន​ទទួល​តម្លៃ​លោះ​ជា​អំណោយ​ពី​ព្រះ?

១៩ ដូច្នេះ តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​បាន​ទទួល​តម្លៃ​លោះ​ជា​អំណោយ​នោះ? ជា​បឋម ចូរ​រៀន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ប្រទាន​អំណោយ​នេះ: (​យ៉ូហាន ១៧:៣​) ការ​សិក្សា​ព្រះ​គម្ពីរ​តាម​រយៈ​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​រៀន​អំពី​ទ្រង់។ ពេល​ដែល​អ្នក​បាន​ចំណេះ​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់​នឹង​កាន់​តែ​ជ្រាល​ជ្រៅ​ទៅ​ៗ។ ជា​លទ្ធផល សេចក្ដី​ស្រឡាញ់​នោះ​នឹង​ជំរុញ​ឲ្យ​អ្នក​ចង់​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។—យ៉ូហាន​ទី១ ៥:៣

២០ ចូរ​បង្ហាញ​ថា​អ្នក​មាន​ជំនឿ​លើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ: ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ហើយ​»។ (​យ៉ូហាន ៣:៣៦​) តើ​យើង​អាច​បង្ហាញ​ថា​យើង​ជឿ​លើ​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? ជំនឿ​បែប​នេះ​មិន​ត្រូវ​បញ្ជាក់​ដោយ​ពាក្យ​សំ​ដី​ប៉ុណ្ណោះ​ទេ។ យ៉ាកុប ២:២៦​ប្រាប់​ថា​៖ ​«​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ​»។ ប្រាកដ​ហើយ ជំនឿ​ពិត​ត្រូវ​បញ្ជាក់​ដោយ​«​ការ​ប្រព្រឹត្ត​»​ គឺ​អ្វី​ដែល​យើង​ធ្វើ។ វិធី​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ជឿ​លើ​ព្រះ​យេស៊ូ គឺ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​តាម​ទ្រង់ មិន​ត្រឹម​តែ​ដោយ​និយាយ​តាម​ទ្រង់​ប៉ុណ្ណោះ តែ​ដោយ​ប្រព្រឹត្ត​តាម​ទ្រង់​ទៀត​ផង។—យ៉ូហាន ១៣:១៥

២១, ២២​. (​ក​) ហេតុ​អ្វី​បាន​ជា​យើង​គួរ​មាន​វត្តមាន​នៅ​ឯ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ឆ្នាំ? (​ខ​) តើ​អ្វី​នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​ទី​៦​និង​៧?

២១ ចូរ​មាន​វត្តមាន​នៅ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ឆ្នាំ: នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​គ.ស. ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នូវ​ពិធី​ពិសេស ដែល​ព្រះ​គម្ពីរ​ហៅ​ថា​«​លៀង​បរិសុទ្ធ​នៃ​ព្រះ​អម្ចាស់​»​ឬ​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ (​កូរិនថូស​ទី១ ១១:២០; ម៉ាថាយ ២៦:២៦​-​២៨​) ពិធី​នេះ​ក៏​ត្រូវ​ហៅ​ថា​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​របស់​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​ផ្ដើម​ពិធី​នេះ ដើម្បី​ជួយ​សាវ័ក​របស់​ទ្រង់​និង​អស់​អ្នក​ណា​ដែល​ក្លាយ​ជា​គ្រីស្ទាន​ពិត​ក្រោយ​មក​ទៀត ឲ្យ​ចាំ​ថា​ទ្រង់​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ ពេល​ដែល​សោយ​ទិវង្គត​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​នោះ។ ស្តី​អំពី​ពិធី​នេះ ព្រះ​យេស៊ូ​បង្គាប់​ថា​៖ ​«​ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ!​»។ (​លូកា ២២:១៩​) ការ​មាន​វត្តមាន​នៅ​ឯ​បុណ្យ​រំឭក​នេះ​ជួយ​យើង​ចាំ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​បាន​បង្ហាញ​ដោយ​ផ្ដល់​តម្លៃ​លោះ ហើយ​យើង​អាច​បង្ហាញ​ថា​យើង​ជា​មនុស្ស​កតញ្ញូ​ដោយ​មាន​វត្តមាន​នៅ​ពិធី​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ជា​រៀង​រាល់​ឆ្នាំ។a

២២ តម្លៃ​លោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នោះ ពិត​ជា​អំណោយ​វិសេស​ដែល​កាត់​ថ្លៃ​ពុំ​បាន​ឡើយ។ (​កូរិនថូស​ទី២ ៩:១៤, ១៥​) អំណោយ​នេះ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទៀត​ផង។ ជំពូក​ទី​៦​និង​៧​នឹង​ពន្យល់​នូវ​មូលហេតុ។

[កំណត់​សម្គាល់]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​អត្ថន័យ​នៃ​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​ពិធី​មួយ​ដែល​លើក​កិត្ដិយស​ថ្វាយ​ព្រះ​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​វិធី​ដែល​ព្រះ​យេហូវ៉ា​លោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់។—អេភេសូរ ១:៧

▪ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​តម្លៃ​លោះ​ដោយ​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ​មក​ផែន​ដី​ឲ្យ​សោយ​ទិវង្គត​ដើម្បី​យើង។—យ៉ូហាន​ទី១ ៤:៩, ១០

▪ តាម​រយៈ​តម្លៃ​លោះ យើង​ទទួល​ការ​លើក​លែង​ទោស​នូវ​បាប​របស់​យើង ហើយ​មាន​អារម្មណ៍​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​មិន​មែន​ផ្ដន្ទា​ទោស​យើង​ទេ។ យើង​ថែម​ទាំង​មាន​សេចក្ដី​សង្ឃឹម​ទទួល​បាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ផែន​ដី​មនោ​រម្យ។—យ៉ូហាន​ទី១ ១:៨, ៩

▪ ដោយ​សារ​យើង​បាន​ទទួល​តម្លៃ​លោះ យើង​បង្ហាញ​កតញ្ញូ​ធម៌​ដោយ​មាន​វត្តមាន​នៅ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ ដោយ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា និង​ដោយ​បង្ហាញ​ថា​យើង​ជឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។—យ៉ូហាន ៣:១៦

[រូប​ភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​៥៨]

ព្រះ​យេហូវ៉ា​បាន​ឲ្យ​រាជបុត្រា​លោក​តែ​មួយ​ជា​ថ្លៃ​លោះ​យើង

[រូប​ភាព​នៅ​ទំព័រ​៦០]

ការ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​ជា​វិធី​មួយ​ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​បាន​ទទួល​ថ្លៃ​លោះ​ជា​អំណោយ​ទាន

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក