បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការកើតទុក្ខ
    ភ្ញាក់រឭក! ២០១៨ | លេខ៣
    • បុរសកើតទុក្ខម្នាក់កំពុងអង្គុយនៅក្នុងហាងម្នាក់ឯង

      ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

      ការ​កើត​ទុក្ខ

      ​«​សឺហ្វៀaនិង​ខ្ញុំ​បាន​រៀប​ការ​ជាង​៣៩​ឆ្នាំ​រហូត​ដល់​នាង​ស្លាប់​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ។ ខ្ញុំ​បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​មិត្ត​ភក្ដិ ហើយ​ខ្ញុំ​តែង​តែ​ជាប់​រវល់។ ប៉ុន្តែ​អស់​មួយ​ឆ្នាំ​ពេញ ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ខ្លាំង​ណាស់។ អារម្មណ៍​របស់​ខ្ញុំ​ម្ដង​ឡើង​ម្ដង​ចុះ ម្ដង​សប្បាយ​ម្ដង​កើត​ទុក្ខ។ សូម្បី​តែ​ឥឡូវ ជិត​បី​ឆ្នាំ​មក​ហើយ​តាំង​ពី​នាង​បាន​ស្លាប់ ជួន​កាល​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ច្រើន​តែ​មិន​ដឹង​ទុក​ជា​មុន​»។ ពាក្យ​សម្ដី​នេះ​រៀប​រាប់​ដោយ​កូស្ដាស។

      តើ​អ្នក​ធ្លាប់​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់​ឬ​ទេ? បើ​ដូច្នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​កូស្ដាស​ដែរ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត ឬ​ឈឺ​ចិត្ត​ជាង​ការ​ស្លាប់​របស់​ប្ដី ប្រពន្ធ សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​នោះ​ទេ។ អ្នក​ជំនាញ​ដែល​សិក្សា​អំពី​ទុក្ខ​សោក​យល់​ស្រប​អំពី​ចំណុច​នេះ។ អត្ថបទ​មួយ​សរសេរ​ថា​៖ ​«​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ មនុស្ស​ជា​ច្រើន​កើត​ទុក្ខ​យ៉ាង​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​បាត់​បង់​ពួក​គេ​ជា​រៀង​រហូត​»។ (​The American Journal of Psychiatry​) អ្នក​ដែល​ជួប​ទុក្ខ​សោក​ដែល​មក​ពី​ការ​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​អារម្មណ៍​នេះ​នឹង​នៅ​យូរ​ប៉ុណ្ណា? តើ​ខ្ញុំ​នឹង​សប្បាយ​ម្ដង​ទៀត​បាន​ឬ​ទេ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​រក​ឃើញ​ការ​សម្រាល​ទុក្ខ?›។

      ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​នេះ។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បើ​បុគ្គល​ដែល​អ្នក​ស្រឡាញ់​ទើប​តែ​ស្លាប់។ អត្ថបទ​បន្ត​បន្ទាប់​នឹង​បង្ហាញ​អំពី​របៀប​ដែល​អាច​ជួយ​សម្រាល​ទុក្ខ​សោក​របស់​អ្នក។

      យើង​សង្ឃឹម​យ៉ាង​ស្មោះ​ថា​អត្ថបទ​បន្ត​បន្ទាប់​នឹង​សម្រាល​ទុក្ខ ព្រម​ទាំង​ជួយ​អ្នក​ដែល​កើត​ទុក្ខ។

      a ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ត​បន្ទាប់​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

  • អ្វីដែលនឹងកើតឡើង
    ភ្ញាក់រឭក! ២០១៨ | លេខ៣
    • ប្ដីប្រពន្ធមួយគូកំពុងកើតទុក្ខ

      ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

      អ្វី​ដែល​នឹង​កើត​ឡើង

      មនុស្ស​គឺ​ខុស​ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​ពេល​អ្នក​ណា​ម្នាក់​ស្លាប់ យើង​មិន​បង្ហាញ​ការ​កើត​ទុក្ខ​ដូច​ៗ​គ្នា​នោះ​ទេ។ ពេល​អ្នក​ណា​ម្នាក់​ស្លាប់ មនុស្ស​ខ្លះ​ធ្វើ​ដូច​ជា​មិន​កើត​ទុក្ខ ឬ​ពួក​គេ​មិន​បង្ហាញ​ថា​ពួក​គេ​កើត​ទុក្ខ​ខ្លាំង​ប៉ុណ្ណា។ ពិត​មែន​តែ​ការ​បង្ហាញ​ទុក្ខ​សោក​របស់​ខ្លួន​គឺ​អាច​ជួយ​ឲ្យ​ធូរ​ចិត្ត ប៉ុន្តែ​គ្មាន​របៀប​ត្រឹម​ត្រូវ​តែ​មួយ​ដើម្បី​បង្ហាញ​ទុក្ខ​សោក​នោះ​ទេ។ វប្បធម៌ បុគ្គលិក​លក្ខណៈ បទ​ពិសោធន៍​ក្នុង​ជីវិត និង​របៀប​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាន​ស្លាប់ អាច​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។

      តើ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់​នឹង​ពិបាក​យ៉ាង​ណា?

      អ្នក​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ប្រហែល​ជា​មិន​ដឹង​ថា​គាត់​នឹង​មាន​អារម្មណ៍​ឬ​ការ​ពិបាក​ណា​ខ្លះ​ក្រោយ​មក​ទេ។ ប៉ុន្តែ អារម្មណ៍​ខ្លះ​និង​ការ​ពិបាក​ខ្លះ​គឺ​ធម្មតា​ទេ ដូច្នេះ​យើង​ច្រើន​តែ​អាច​ដឹង​ទុក​ជា​មុន។ សូម​ពិចារណា​ដូច​ត​ទៅ​៖

      ការ​ពិបាក​គ្រប់​គ្រង​អារម្មណ៍។ អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់ ប្រហែល​ជា​យំ កើត​ទុក្ខ​អស់​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​របស់​ពួក​គេ​ឆាប់​ប្រែ​ប្រួល។ អារម្មណ៍​ក៏​ប្រហែល​ជា​ទទួល​ឥទ្ធិពល​ពី​ការ​នឹក​ចាំ និង​ការ​យល់សប្ដិ។ ប្រតិកម្ម​ដំបូង​ប្រហែល​ជា​ភ្ញាក់​ផ្អើល​និង​ពិបាក​ជឿ។ ធីណា​នឹក​ចាំ​ប្រតិកម្ម​របស់​នាង​ពេល​ទីម៉ូ​ដែល​ជា​ប្ដី​នាង​បាន​ស្លាប់​ភ្លាម​ៗ។ នាង​និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​គិត​អ្វី​មិន​ចេញ​សោះ ហើយ​ខ្ញុំ​យំ​មិន​ចេញ។ ជួន​កាល ខ្ញុំ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ខ្លាំង​ណាស់​រហូត​ដល់​ពិបាក​ដក​ដង្ហើម។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​អ្វី​ដែល​បាន​កើត​ឡើង​»។

      ទុក្ខ​កង្វល់ កំហឹង និង​ការ​បន្ទោស​ខ្លួន​ក៏​ជា​អ្វី​ធម្មតា​ដែរ។ អ៊ីវ៉ាន​និយាយ​ថា​៖ ​«​មួយ​រយៈ​ពេល​ក្រោយ​ពី​អេរិច​កូន​ប្រុស​យើង​ដែល​មាន​អាយុ​២៤​ឆ្នាំ​បាន​ស្លាប់ ខ្ញុំ​និង​យ៉ូឡេនដា​ដែល​ជា​ប្រពន្ធ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់! យើង​ភ្ញាក់​ផ្អើល​មែន ដោយ​សារ​ពី​មុន​យើង​មិន​ដែល​គិត​ថា​យើង​ជា​មនុស្ស​ដែល​មាន​កំហឹង​ខ្លាំង​ដូច​នេះ​ទេ។ យើង​ក៏​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ថា​បើ​យើង​ធ្វើ​ច្រើន​ជាង​នេះ​ដើម្បី​ជួយ​កូន​ប្រុស​យើង ប្រហែល​កូន​យើង​មិន​ស្លាប់​ទេ​»។ អាឡេហានត្រូ ដែល​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ក្រោយ​ឈឺ​អស់​រយៈ​ពេល​ជា​យូរ ក៏​ធ្លាប់​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ដែរ។ គាត់​និយាយ​ថា​៖ ​«​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ព្រះ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​បែប​នេះ ខ្ញុំ​ច្បាស់​ជា​មនុស្ស​អាក្រក់​ហើយ។ រួច​មក ខ្ញុំ​បន្ទោស​ខ្លួន​ឯង ព្រោះ​នេះ​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ថា​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​»។ ម្យ៉ាង​ទៀត កូស្ដាស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន និយាយ​ថា​៖ ​«​ប៉ុន្មាន​ដង ខ្ញុំ​ខឹង​សឺហ្វៀ​ថា​ហេតុ​អ្វី​ស្លាប់​ចោល​ខ្ញុំ។ ក្រោយ​មក ខ្ញុំ​បន្ទោស​ខ្លួន​ឯង​ដែល​មាន​អារម្មណ៍​ដូច្នេះ ព្រោះ​មិន​មែន​ជា​កំហុស​របស់​នាង​ទេ​»។

      ការ​ពិបាក​គិត​គូរ។ អស់​មួយ​រយៈ​ពេល មនុស្ស​កើត​ទុក្ខ​ប្រហែល​ជា​អាច​គិត​អ្វី​ផ្ដេស​ផ្ដាស ឬ​មិន​សម​ហេតុ​ផល។ ជា​ឧទាហរណ៍ ពេល​ខ្លះ មនុស្ស​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ប្រហែល​ជា​រវើ​រវាយ​ថា​ពួក​គេ​អាច​ឮ ឬ​មើល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ ឬ​ក៏​អ្នក​នោះ​នៅ​ជា​មួយ។ ឬ​មនុស្ស​ដែល​កើត​ទុក្ខ​ប្រហែល​ជា​ពិបាក​ផ្ដោត​អារម្មណ៍​ឬ​ចង​ចាំ​អ្វី​ផ្សេង​ៗ។ ធីណា​និយាយ​ថា​៖ ​«​ពេល​ខ្លះ ខ្ញុំ​និយាយ​ជា​មួយ​គេ​មែន តែ​អារម្មណ៍​ខ្ញុំ​មិន​នៅ​ក្នុង​ខ្លួន​ទេ។ អារម្មណ៍​ខ្ញុំ​ច្របូក​ច្របល់ នឹក​ឃើញ​តែ​ព្រឹត្តិការណ៍​ពេល​ដែល​ទីម៉ូ​ស្លាប់។ ជួន​កាល ខ្ញុំ​មិន​អាច​ផ្ដោត​អារម្មណ៍ ហើយ​ខ្ញុំ​ឈឺ​ចិត្ត​»។

      ការ​ចង់​នៅ​ដាច់​ឆ្ងាយ​ពី​គេ។ មនុស្ស​ដែល​កើត​ទុក្ខ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ពេល​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។ កូស្ដាស​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ជា​មួយ​គូ​ប្ដី​ប្រពន្ធ​ឯ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​សម​នឹង​នៅ​ទី​នេះ​ទេ។ ហើយ​ពេល​នៅ​ជា​មួយ​មនុស្ស​នៅ​លីវ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ពី​ពួក​គេ​»។ យ៉ូឡេនដា​ដែល​ជា​ប្រពន្ធ​របស់​អ៊ីវ៉ាន នឹក​ចាំ​ថា​«​ខ្ញុំ​ពិបាក​ពេល​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ ត្អូញត្អែរ​អំពី​បញ្ហា​ដែល​មើល​ទៅ​តូច​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​បញ្ហា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត ក៏​មាន​មនុស្ស​ដែល​ប្រាប់​យើង​អំពី​សុខ​ទុក្ខ​របស់​កូន​ពួក​គេ។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ពួក​គេ ប៉ុន្តែ​ដំណាល​គ្នា ខ្ញុំ​ពិបាក​ស្ដាប់​ពួក​គេ​ណាស់។ ខ្ញុំ​និង​ប្ដី​ខ្ញុំ​យល់​ថា​យើង​មិន​អាច​រស់​នៅ​ក្នុង​អតីតកាល​បាន​ឡើយ។ តែ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ចង់​ឮ​មិន​ចង់​ស្ដាប់​អ្នក​ណា​ទេ​»។

      បញ្ហា​សុខភាព។ ការ​ប្រែ​ប្រួល​នៃ​ចំណង់​អាហារ ទម្ងន់ និង​ការ​ដេក គឺ​ជា​រឿង​ធម្មតា​ទេ។ មួយ​ឆ្នាំ​ក្រោយ​ពី​ឪពុក​របស់​អេរ៉ុន​ស្លាប់​ទៅ គាត់​នឹក​ចាំ​ថា ​«​ខ្ញុំ​ពិត​ជា​ពិបាក​ដេក​លក់​ណាស់។ ខ្ញុំ​ភ្ញាក់​នៅ​ម៉ោង​ដដែល​ៗ​រាល់​យប់ គិត​អំពី​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​»។

      អាឡេហានត្រូ​នឹក​ចាំ​កាល​គាត់​មាន​បញ្ហា​សុខភាព​ដោយ​មិន​ដឹង​មូលហេតុ។ គាត់​រៀប​រាប់​ថា​៖ ​«​ជា​ច្រើន​ដង ខ្ញុំ​បាន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ ដើម្បី​ប្រាកដ​ថា​ខ្ញុំ​មាន​សុខភាព​ល្អ​ឬ​អត់។ ខ្ញុំ​សង្ស័យ​ថា​ទុក្ខ​សោក​ជា​ហេតុ​បង្ក​ឲ្យ​ខ្ញុំ​មាន​អាការ​ផ្សេង​ៗ​»។ នៅ​ទី​បំផុត អាការ​ទាំង​នោះ​បាត់​ទៅ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គឺ​ជា​ការ​ឈ្លាស​វៃ​មែន​ដែល​អាឡេហានត្រូ​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គ្រូ​ពេទ្យ។ ទុក្ខ​សោក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅ ឬ​ថែម​ទាំង​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេង​ទៀត។

      ការ​ពិបាក​ធ្វើ​កិច្ច​ការ​ចាំ​បាច់។ អ៊ីវ៉ាន​នឹក​ចាំ​ថា ​«​ក្រោយ​អេរិច​ស្លាប់ យើង​ត្រូវ​ប្រាប់​សាច់​ញាតិ​ផង និង​មិត្ត​ភក្ដិ​ផង ហើយ​យើង​ក៏​ត្រូវ​ប្រាប់​ថៅកែ​គាត់​និង​ម្ចាស់​ផ្ទះ​របស់​គាត់​ដែរ។ ម្យ៉ាង​ទៀត មាន​ឯកសារ​ច្បាប់​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ ក្រោយ​មក យើង​ត្រូវ​រៀបចំ​អីវ៉ាន់​ផ្សេង​ៗ​របស់​អេរិច។ នៅ​ចំ​ពេល​ដែល​យើង​កំពុង​ពិបាក​ចិត្ត​និង​អស់​កម្លាំង យើង​ត្រូវ​ខំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំង​អស់​នេះ​»។

      ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ខ្លះ​ជួប​ការ​ពិបាក​នៅ​ពេល​ក្រោយ​មក ពេល​ពួក​គេ​ត្រូវ​ចាត់​ចែង​កិច្ចការ​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ នេះ​ជា​បទ​ពិសោធន៍​របស់​ធីណា។ នាង​ពន្យល់​ថា​៖ ​«​ទីម៉ូ​តែង​តែ​មើល​ការ​ខុស​ត្រូវ​គណនេយ្យ​របស់​យើង​នៅ​ធនាគារ​និង​រឿង​រក​ស៊ី​ផ្សេង​ទៀត។ ឥឡូវ​នេះ ខ្ញុំ​ជា​អ្នក​រ៉ាប់​រ៉​ង​អ្វី​ទាំង​នេះ។ នេះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​តាន​តឹង​ចិត្ត។ ខ្ញុំ​ខ្លាច​ថា តើ​ខ្ញុំ​ពិត​ជា​អាច​ចាត់​ចែង​អ្វី​ទាំង​អស់​នេះ​យ៉ាង​ត្រឹម​ត្រូវ​បាន​ឬ​ទេ?​»។

      ការ​ពិបាក​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បង្ហាញ​ថា​គឺ​មិន​ស្រួល​ឲ្យ​ធូរ​ស្បើយ​ពី​ទុក្ខ​សោក​ទេ។ ពិត​មែន ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ដឹង​អំពី​ការ​ពិបាក​ទាំង​នេះ​ទុក​ជា​មុន​អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​ដែល​ទើប​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់។ សូម​ចាំ​ដែរ​ថា មិន​មែន​មនុស្ស​គ្រប់​គ្នា​ទទួល​ផល​វិបាក​ទាំង​អស់​ដែល​មក​ពី​ទុក្ខ​សោក​នោះ​ទេ។ លើស​ពី​នេះ​ទៀត មនុស្ស​កើត​ទុក្ខ​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ខ្លះ​ដោយ​ដឹង​ថា​អារម្មណ៍​ទុក្ខ​សោក​ជា​ខ្លាំង​នោះ គឺ​ជា​រឿង​ធម្មតា​ទេ។

      តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ម្ដង​ទៀត​បាន​ឬ​ទេ?

      អ្វី​ដែល​នឹង​កើត​ឡើង: ទុក្ខ​សោក​ជា​ខ្លាំង​មិន​នៅ​ជាប់​រហូត​ឡើយ នៅ​ចុង​បំផុត​វា​នឹង​រសាយ​ទៅ។ នេះ​មិន​មាន​ន័យ​ថា​អ្នក​កើត​ទុក្ខ​ធូរ​ស្បើយ​ទាំង​ស្រុង ឬ​ភ្លេច​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​នោះ​ទេ។ ក៏​ប៉ុន្តែ បន្តិច​ម្ដង​ៗ ការ​ពិបាក​ចិត្ត​នឹង​ធូរ​ស្រាល​ទៅ។ ទុក្ខ​សោក​អាច​កើត​មាន​ឡើង​វិញ​នៅ​ពេល​នឹក​ឃើញ​អនុស្សាវរីយ៍​ណា​មួយ​ភ្លាម​ៗ ឬ​នៅ​ពេល​ផ្សេង​ទៀត ដូច​ជា​គម្រប់​ខួប​អាពាហ៍ពិពាហ៍ និង​គម្រប់​ខួប​មរណភាព​ជា​ដើម។ តែ​នៅ​ទី​បំផុត មនុស្ស​ភាគ​ច្រើន​អាច​ធ្វើ​ចិត្ត​បាន ហើយ​អាច​ផ្ដោត​អារម្មណ៍​ម្ដង​ទៀត​ទៅ​លើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ។ ជា​ពិសេស នេះ​កើត​ឡើង​បាន​ពេល​ដែល​មនុស្ស​កើត​ទុក្ខ​មាន​ការ​គាំទ្រ​ពី​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ ហើយ​ធ្វើ​អ្វី​មួយ​ចំនួន​ដើម្បី​ធូរ​ស្បើយ។

      តើ​ទុក្ខ​សោក​នឹង​នៅ​យូរ​ប៉ុណ្ណា? អ្នក​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ខែ​ដើម្បី​ធ្វើ​ចិត្ត។ មនុស្ស​ជា​ច្រើន​ទៀត​ប្រហែល​ជា​ត្រូវ​ការ​ពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ដើម្បី​ឲ្យ​ធូរ​ចិត្ត​ជាង។ រីឯ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ។a អាឡេហានត្រូ​នឹក​ចាំ​ថា ​«​សម្រាប់​ខ្ញុំ ទុក្ខ​សោក​បន្ត​អស់​រយៈ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​»។

      សូម​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង។ សូម​កុំ​គិត​ច្រើន​ពេក តែ​គិត​មួយ​ថ្ងៃ​ៗ។ សូម​បន្ត​ទៅ​មុខ​តាម​សមត្ថភាព​របស់​អ្នក ហើយ​សូម​ដឹង​ថា​ទុក្ខ​សោក​មិន​នៅ​ជាប់​រហូត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ​ទុក្ខ​សោក​របស់​អ្នក​នៅ​ឥឡូវ​នេះ ហើយ​ថែម​ទាំង​ជួយ​អ្នក​មិន​ឲ្យ​រង​ទុក្ខ​សោក​រយៈ​ពេល​យូរ​ពេក?

      អារម្មណ៍​ទុក្ខ​សោក​ជា​ខ្លាំង គឺ​ជា​រឿង​ធម្មតា​ទេ

      a មនុស្ស​តិច​ណាស់ ប្រហែល​ជា​មាន​ទុក្ខ​សោក​ខ្លាំង​ក្រៃ​លែង​និង​មាន​រយៈ​ពេល​យូរ​ដែល​នាំ​ឲ្យ​គេ​ហៅ​ថា​ទុក្ខ​សោក​រ៉ាំរ៉ៃ។ មនុស្ស​បែប​នេះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត។

  • របៀបស៊ូទ្រាំនឹងទុក្ខសោក អ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ
    ភ្ញាក់រឭក! ២០១៨ | លេខ៣
    • មនុស្សមួយក្រុមនៅមាត់សមុទ្រកំពុងបង្ហោះខ្លែងនិងថតរូប

      ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

      របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

      បើ​អ្នក​កំពុង​ស្វែង​រក​យោបល់​ដើម្បី​ជួយ​សម្រាល​ទុក្ខ​របស់​អ្នក អ្នក​នឹង​ទំនង​ជា​ឃើញ​មាន​យោបល់​ជា​ច្រើន។ យោបល់​ខ្លះមាន​ប្រយោជន៍​ជាង​យោបល់​ផ្សេង​ទៀត។ ប្រហែល​នោះ​គឺ​ដោយ​សារ​ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន មនុស្ស​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។ យោបល់​ដែល​ជួយ​មនុស្ស​ម្នាក់ ប្រហែល​ជា​មិន​ជួយ​ម្នាក់​ទៀត​ទេ។

      ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​ការ​ណែនាំ​ខ្លះ​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន។ ការ​ណែនាំ​ទាំង​នោះ​ច្រើន​តែ​មក​ពី​អ្នក​ផ្ដល់​ឱវាទ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ ហើយ​ក៏​បង្ហាញ​អំពី​គោល​ការណ៍​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ក្នុង​សៀវភៅ​ល្អ​ពី​បុរាណ​មួយ​ហៅ​ថា​គម្ពីរ។

      ១: ទទួល​យក​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ

      • មនុស្សមួយក្រុមនៅមាត់សមុទ្រកំពុងបង្ហោះខ្លែងនិងថតរូប

        អ្នក​ជំនាញ​ខ្លះ​គិត​ថា​នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក។ ប៉ុន្តែ ពេល​ខ្លះ អ្នក​ប្រហែល​ជា​ចង់​នៅ​ម្នាក់​ឯង។ អ្នក​ក៏​ប្រហែល​ជា​ខឹង​ឬ​ទើស​ចិត្ត​នឹង​អ្នក​ដែល​ព្យាយាម​ជួយ​អ្នក។ នេះ​ជា​រឿង​ធម្មតា​ទេ។

      • សូម​កុំ​គិត​ថា​អ្នក​ត្រូវ​តែ​នៅ​ជា​មួយ​អ្នក​ឯ​ទៀត​រហូត​ឡើយ ប៉ុន្តែ​សូម​កុំ​គេច​ពី​អ្នក​ឯ​ទៀត​ទាំង​ស្រុង​ដែរ ពីព្រោះ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ឲ្យ​ពួក​គេ​ជួយ​ក្រោយ​មក។ ដោយ​ចិត្ត​សុភាព សូម​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង ពេល​ណា​អ្នក​ត្រូវ​ការ​នៅ​ម្នាក់​ឯង និង​ពេល​ណា​អ្នក​ត្រូវ​ការ​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។

      • តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក សូម​មាន​តុល្យភាព​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត និង​ពេល​នៅ​ម្នាក់​ឯង។

      គោល​ការណ៍: ​«​មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង . . . ប្រសិន​បើ​ម្នាក់​ដួល នោះ​បាន​ម្នាក់​ទៀត​ជួយ​លើក​គាត់​ឡើង។—អ្នក​ទូន្មាន ៤:៩, ១០

      ២: ពិនិត្យ​មើល​របប​អាហារ​របស់​អ្នក និង​លៃ​ទុក​ពេល​ធ្វើ​លំហាត់​ប្រាណ

      • ការ​មាន​តុល្យភាព​ក្នុង​របប​អាហារ​នឹង​ជួយ​អ្នក​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដែល​មក​ពី​ទុក្ខ​សោក។ ព្យាយាម​បរិភោគ​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន។

      • ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ផឹក​ភេសជ្ជៈ​ឯ​ទៀត​ដែល​ជំនួយ​សុខភាព។

      • បើ​អ្នក​មិន​សូវ​ចង់​បរិភោគ​ច្រើន សូម​បរិភោគ​តិច​តួច តែ​បរិភោគ​ច្រើន​ដង​ជាង។ អ្នក​ក៏​អាច​សួរ​គ្រូ​ពេទ្យ​អំពី​អាហារ​បំប៉ន។a

      • ការ​ដើរ​លឿន​ៗ​និង​លំហាត់​ប្រាណ​ផ្សេង​ទៀត​អាច​កាត់​បន្ថយ​គំនិត​អវិជ្ជមាន។ ការ​ហាត់​ប្រាណ​អាច​ជួយ​មនុស្ស​ខ្លះ​ឲ្យ​មាន​ពេល​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ ការ​ហាត់​ប្រាណ​ក៏​ជួយ​មនុស្ស​ខ្លះ​ទៀត​មិន​ឲ្យ​គិត​ច្រើន​ពេក​អំពី​ទុក្ខ​សោក​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។

      គោល​ការណ៍: ​«​ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​រូប​កាយ​នោះ​»។—អេភេសូរ ៥:២៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

      ៣: ដេក​ឲ្យ​បាន​ច្រើន

      • A bed

        ការ​ដេក​តែង​តែ​សំខាន់ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ ដោយ​សារ​ពួក​គេ​ប្រហែល​ជា​អស់​កម្លាំង​ជាង​ធម្មតា។

      • សូម​ប្រយ័ត្ន​ចំពោះ​បរិមាណ​នៃ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​និង​ជាតិ​ស្រា ដោយ​សារជាតិ​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​ដេក​មិន​លក់។

      គោល​ការណ៍: ​«​បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។—អ្នក​ទូន្មាន ៤:៦

      ៤: ប្រែ​ប្រួល​តាម​កាលៈទេសៈ

      • ស្ត្រីដែលកើតទុក្ខម្នាក់កំពុងប្រាប់អារម្មណ៍ទៅមិត្តភក្តិរបស់គាត់

        សូម​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។ យ៉ាង​នេះ អ្នក​នឹង​ត្រូវ​ជ្រើស​រើស​វិធី​សាស្ត្រ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក។

      • មនុស្ស​ជា​ច្រើន​យល់​ថា​ការ​បញ្ចេញ​អារម្មណ៍​ទុក្ខ​សោក​អាច​ជួយ​សម្រាល​ទុក្ខ​ពួក​គេ រីឯ​អ្នក​ខ្លះ​ទៀត​មិន​សូវ​បញ្ចេញ​អារម្មណ៍​ទុក្ខ​សោក​ទេ។ អ្នក​ជំនាញ​ខ្លះ​មាន​ទស្សនៈ​ថា​ការ​បញ្ចេញ​អារម្មណ៍​ជួយ​មនុស្ស​កើត​ទុក្ខ តែ​អ្នក​ជំនាញ​ខ្លះ​ទៀត​មាន​ទស្សនៈ​ថា​មិន​ជួយ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​និយាយ​អំពី​អារម្មណ៍​របស់​ខ្លួន​តែ​ស្ទាក់​ស្ទើរ នោះ​អ្នក​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ​ដោយ​ប្រាប់​អំពី​អារម្មណ៍​ខ្លះ​ដល់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​អ្នក។

      • អ្នក​ខ្លះ​យំ​ច្រើន​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ធូរ​ចិត្ត។ តាម​មើល​ទៅ អ្នក​ខ្លះ​ទៀត​ធូរ​ចិត្ត​បាន​ទោះ​ជា​មិន​សូវ​យំ​ក្ដី។

      គោល​ការណ៍: ​«​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​យល់​ពី​ភាព​ល្វីង​ជូរ​ចត់​របស់​ខ្លួន​»។—សុភាសិត ១៤:១០

      ៥: ជៀស​វាង​ទម្លាប់​ដែល​បង្ខូច​សុខភាព

      • បុរសម្នាក់កំពុងផឹកស្រា

        មនុស្ស​ខ្លះ​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ផឹក​ស្រា​ឬ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​ព្យាយាម​បំបាត់​ទុក្ខ​សោក​របស់​ពួក​គេ។ ប៉ុន្តែ ការ​ធ្វើ​របៀប​នេះ​គឺ​បង្ខូច​សុខភាព​របស់​ខ្លួន។ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ជួយ​ឲ្យ​ធូរ​ចិត្ត​បន្តិច​មែន តែ​នោះ​មិន​ជួយ​រហូត​នោះ​ទេ ហើយ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ទៀត​ផង។ សូម​ព្យាយាម​រក​វិធី​សម្រាល​ទុក្ខ​ដែល​សម​ត្រឹម​ត្រូវ។

      គោល​ការណ៍: ​«​ចូរ​យើង​សម្អាត . . . កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។—កូរិនថូស​ទី​២ ៧:១

      ៦: តុល្យភាព​ចំពោះ​ពេល​វេលា

      • មនុស្ស​ជា​ច្រើន​ឃើញ​ថា​គឺ​មាន​ប្រយោជន៍​ពេល​ពួក​គេ​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង​ៗ ដើម្បី​មិន​ឲ្យ​គិត​ច្រើន​ពេក​អំពី​ការ​ឈឺ​ចាប់​របស់​ខ្លួន។

      • អ្នក​ប្រហែល​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មួយ​រយៈ​ពេល​ដោយ​សេព​គប់​ជា​មួយ​មិត្ត​ភក្ដិ រាប់​អាន​មិត្ត​ថ្មី​ៗ រៀន​ជំនាញ​ថ្មី ឬ​ដើរ​លេង​កម្សាន្ត។

      • កាល​ដែល​ពេល​វេលា​កន្លង​ទៅ អ្នក​មិន​សូវ​កើត​ទុក្ខ​ច្រើន​ដង​ដូច​ពី​មុន ហើយ​បើ​កើត​ទុក្ខ​ក៏​មិន​យូរ​ដូច​ពី​មុន​ដែរ។

      គោល​ការណ៍: ​«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់ . . . ដូច​ជា​៖ មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ​»។—អ្នក​ទូន្មាន ៣:១, ៤

      ៧: រក្សា​ទម្លាប់

      • ស្ត្រីម្នាក់ប្រើប្រតិទិនដើម្បីរៀបចំទម្លាប់របស់គាត់

        សូម​ឆាប់​បន្ត​មាន​សកម្មភាព​ដូច​ទម្លាប់​ធម្មតា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

      • ពេល​អ្នក​រក្សា​ទម្លាប់​ដូច​ពី​មុន​ដូច​ជា​ការ​ដេក ការ​ងារ និង​សកម្មភាព​ផ្សេង​ទៀត អ្នក​នឹង​ទំនង​ជា​ត្រឡប់​មក​មាន​សភាព​ដូច​ធម្មតា​វិញ។

      • ការ​ធ្វើ​កិច្ច​ការ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់។

      គោល​ការណ៍: ​«​គាត់​នឹង​មិន​គិត​ច្រើន​ពេក​អំពី​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គាត់​ឡើយ ដោយ​សារ​ព្រះ​ពិត​ឲ្យ​គាត់​ជាប់​រវល់​នឹង​អ្វី​ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ​»។—អ្នក​ទូន្មាន ៥:២០

      ៨: កុំ​សម្រេច​ចិត្ត​ក្នុង​រឿង​សំខាន់​ៗ​លឿន​ពេក

      • មនុស្ស​ជា​ច្រើន​ដែល​សម្រេច​ចិត្ត​លឿន​ពេក​ក្នុង​រឿង​សំខាន់​ៗ​ពេល​ដែល​ទើប​តែ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ក្រោយ​មក​តែង​តែ​ស្ដាយ​ក្រោយ។

      • បើ​អាច សូម​រង់​ចាំ​រយៈ​ពេល​ល្មម​មុន​សម្រេច​ចិត្ត​ដូច​ជា រើ​ផ្ទះ ប្ដូរ​ការ​ងារ ឬ​បោះ​ចោល​អីវ៉ាន់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។

      គោល​ការណ៍: ​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រ​ហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។—សុភាសិត ២១:៥

      ៩: ចង​ចាំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក

      • បរុសម្នាក់កំពុងបង្ហាញរូបថតប្រពន្ធរបស់គាត់ដែលបានស្លាប់ដល់មិត្តភក្តិ

        មនុស្ស​ជា​ច្រើន​ដែល​កើត​ទុក្ខ​មាន​អារម្មណ៍​ថា គឺ​មាន​ប្រយោជន៍​ពេល​ពួក​គេ​ធ្វើ​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គេ​នៅ​តែ​ចង​ចាំ​អនុស្សាវរីយ៍​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។

      • អ្នក​ប្រហែល​ជា​ឃើញ​ថា​គឺ​សម្រាល​ទុក្ខ​មែន ពេល​ប្រមូល​ទុក​នូវ​រូប​ថត ឬ​អនុស្សាវរីយ៍​ផ្សេង​ៗ ឬ​ក៏​បង្កើត​សៀវភៅ​កម្រង​អំពី​រឿង​ដែល​អ្នក​ចង់​ចង​ចាំ។

      • រក្សា​ទុក​របស់​ដែល​នឹង​ឲ្យ​នឹក​ចាំ​អនុស្សាវរីយ៍​ល្អ​ៗ ហើយ​យក​មក​មើល​ក្រោយ​មក ពេល​ដែល​អ្នក​ធ្វើ​ចិត្ត​បាន​ហើយ។

      គោល​ការណ៍: ​«​ចូរ​នឹក​ឃើញ​នូវ​គ្រា​មុន​ៗ​»។—ការ​បំភ្លឺ​ច្បាប់ ៣២:៧

      ១០: ឈប់​សម្រាក

      • អ្នក​ប្រហែល​ជា​អាច​ឈប់​សម្រាក។

      • បើ​អ្នក​មិន​អាច​ឈប់​សម្រាក​យូរ ប្រហែល​ជា​អ្នក​អាច​ធ្វើ​អ្វី​ដែល​សប្បាយ​គ្រាន់​តែ​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ដូច​ជា​ឡើង​ភ្នំ ទៅ​ឆ្នេរ​សមុទ្រ ឬ​ជិះ​ដើរ​លេង​ជា​ដើម។

      • សូម្បី​តែ​ការ​ធ្វើ​អ្វី​ដែល​ខុស​ពី​សកម្មភាព​ធម្មតា​របស់​អ្នក ក៏​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ចិត្ត​ពី​ទុក្ខ​សោក​ដែរ។

      គោល​ការណ៍: ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្តិច​»។—ម៉ាកុស ៦:៣១

      ១១: ជួយ​អ្នក​ឯ​ទៀត

      • ស្ត្រីវ័យក្មេងម្នាក់កំពុងជួយស្ត្រីវ័យចាស់ដើម្បីទិញបន្លែ

        សូម​ចាំ​ថា​ពេល​ដែល​អ្នក​ជួយ​អ្នក​ឯ​ទៀត នោះ​ក៏​ជួយ​អ្នក​ឲ្យ​ធូរ​ចិត្ត​ជាង​ដែរ។

      • អ្នក​អាច​ចាប់​ផ្ដើម​ជួយ​បុគ្គល​ដែល​កើត​ទុក្ខ​ដូច​គ្នា ដោយ​សារ​ពួក​គេ​ក៏​ស្គាល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដែរ។ ជា​ឧទាហរណ៍ ពួក​គេ​អាច​ជា​សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​របស់​អ្នក។ ពួក​គេ​ប្រហែល​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ដើម្បី​កើត​ទុក្ខ​ជា​មួយ​គ្នា និង​អាច​យល់​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក។

      • ការ​គាំទ្រ​និង​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​ដែល​មាន​ន័យ​ខ្លឹម​សារ ហើយ​ថា​អ្នក​នៅ​តែ​មាន​គោល​បំណង​ក្នុង​ជីវិត។

      គោល​ការណ៍: ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

      ១២: គិត​ឡើង​វិញ​អំពី​អ្វី​ដែល​សំខាន់​បំផុត

      • ទុក្ខ​សោក​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​យល់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់។

      • សូម​យក​ឱកាស​នោះ​ដើម្បី​គិត​អំពី​ការ​រស់​នៅ​របស់​អ្នក។

      • បើ​ចាំ​បាច់ សូម​កែ​ប្រែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។

      គោល​ការណ៍: ​«​ទៅ​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ នោះ​ប្រសើរ​ជាង​ទៅ​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង ព្រោះ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​របស់​មនុស្ស​ទាំង​អស់។ ដូច្នេះ មនុស្ស​ដែល​នៅ​រស់​គួរ​ចាំ​ទុក​ក្នុង​ចិត្ត​»។—អ្នក​ទូន្មាន ៧:២

      របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក | សេចក្ដី​សង្ខេប

      • ១: ទទួល​យក​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ

        តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក សូម​មាន​តុល្យភាព​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​និង​ពេល​នៅ​ម្នាក់​ឯង។

      • ២: ពិនិត្យ​មើល​របប​អាហារ​របស់​អ្នក និង​លៃ​ទុក​ពេល​ធ្វើ​លំហាត់​ប្រាណ

        បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ហាត់​ប្រាណ​ឲ្យ​បាន​ល្មម​គ្រប់​គ្រាន់។

      • ៣: ដេក​ឲ្យ​បាន​ច្រើន

        សូម​ទទួល​ស្គាល់​ថា​ការ​ដេក​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​មិន​ឲ្យ​អស់​កម្លាំង​ពី​ទុក្ខ​សោក។

      • ៤: ប្រែ​ប្រួល​តាម​កាលៈទេសៈ

        ដោយ​សារ​មនុស្ស​ម្នាក់​ៗ​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា សូម​ស្វែង​រក​វិធី​ណា​មួយ​ដែល​អាច​សម្រាល​ទុក្ខ​អ្នក។

      • ៥: ជៀស​វាង​ទម្លាប់​ដែល​បង្ខូច​សុខភាព

        សូម​ជៀស​វាង​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ​ឬ​ប្រើ​ថ្នាំ​ញៀន​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ថែម​ទៀត​ជា​ជាង​ដោះ​ស្រាយ។

      • ៦: តុល្យភាព​ចំពោះ​ពេល​វេលា

        ក្នុង​អំឡុង​ពេល​កើត​ទុក្ខ សូម​ចំណាយ​ពេល​សេព​គប់​ជា​មួយ​អ្នក​ឯ​ទៀត និង​មាន​ការ​កម្សាន្ត។

      • ៧: រក្សា​ទម្លាប់

        សូម​ត្រឡប់​មក​មាន​សភាព​ដូច​ធម្មតា​វិញ ដោយ​រក្សា​ទម្លាប់​ល្អ​ក្នុង​កិច្ច​ការ​របស់​អ្នក។

      • ៨: កុំ​សម្រេច​ចិត្ត​ក្នុង​រឿង​សំខាន់​ៗ​លឿន​ពេក

        បើ​អាច សូម​ចាំ​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។

      • ៩: ចង​ចាំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក

        ប្រមូល​ទុក​នូវ​រូប​ថត ឬ​អនុស្សាវរីយ៍​ផ្សេង​ៗ ឬ​សរសេរ​ជា​សៀវភៅ​កម្រង​ដើម្បី​ចង​ចាំ​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។

      • ១០: ឈប់​សម្រាក

        សូម​ឆ្លៀត​ពេល​សម្រាក ទោះ​ជា​ត្រឹម​តែ​មួយ​ថ្ងៃ​ឬ​តិច​ជាង​ក្ដី។

      • ១១: ជួយ​អ្នក​ឯ​ទៀត

        សូម​មាន​គោល​បំណង​ក្នុង​ជីវិត​ម្ដង​ទៀត ដោយ​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ រួម​បញ្ចូល​អ្នក​ដែល​កើត​ទុក្ខ​ដូច​គ្នា ដោយ​សារ​ពួក​គេ​ក៏​ស្គាល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដែរ។

      • ១២: គិត​ឡើង​វិញ​អំពី​អ្វី​ដែល​សំខាន់​បំផុត

        សូម​ប្រើ​ឱកាស​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​យល់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់ ហើយ​បើ​ចាំ​បាច់ សូម​កែ​ប្រែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។

      ពិត​មែន គ្មាន​អ្វី​នឹង​បំបាត់​អារម្មណ៍​ឈឺ​ចាប់​ទាំង​ស្រុង​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​របស់​ពួក​គេ។ ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​តាម​យោបល់​ផ្សេង​ៗ ដូច​ជា​យោបល់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ គឺ​ពិត​ជា​បាន​ជួយ​សម្រាល​ទុក្ខ​ពួក​គេ​មែន។ មែន​ហើយ អត្ថបទ​នេះ​មិន​បាន​រៀប​រាប់​អំពី​វិធី​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ទុក្ខ​សោក​នោះ​ទេ។ ក៏​ប៉ុន្តែ បើ​អ្នក​ព្យាយាម​ធ្វើ​តាម​យោបល់​ទាំង​នេះ​ខ្លះ នោះ​អ្នក​ប្រហែល​ជា​ឃើញ​ថា​យោបល់​ទាំង​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​អ្នក​មួយ​កម្រិត។

      a ទស្សនាវដ្ដី​ភ្ញាក់​រឭក! មិន​មែន​គាំទ្រ​វិធី​ព្យាបាល​សុខភាព​ណា​មួយ​ទេ។

  • ជំនួយដ៏ល្អបំផុតសម្រាប់អ្នកដែលមានទុក្ខសោក
    ភ្ញាក់រឭក! ២០១៨ | លេខ៣
    • មនុស្សនៅក្នុងសួនឧទ្យានត្រៀមខ្លួនទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ

      ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

      ជំនួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទុក្ខ​សោក

      នៅ​ពេល​ថ្មី​ៗ​នេះ មនុស្ស​ជា​ច្រើន​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​ឈឺ​ចាប់​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ ប៉ុន្តែ ដូច​អ្វី​ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន អ្នក​ជំនាញ​ដ៏​ល្អ​បំផុត​ច្រើន​តែ​ឲ្យ​យោបល់​ស្រប​តាម​គម្ពីរ​ដែល​ជា​សៀវភៅ​ល្អ​ពី​បុរាណ។ នេះ​បញ្ជាក់​ថា​យោបល់​ឬ​ការ​ណែនាំ​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គម្ពីរ​មាន​យោបល់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង។ គម្ពីរ​ផ្ដល់​ព័ត៌មាន​ដែល​មិន​អាច​រក​នៅ​កន្លែង​ផ្សេង​បាន។ ព័ត៌មាន​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​មាន​ទុក្ខ​សោក។

      • ការ​ធានា​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​គឺ​មិន​រង​ទុក្ខ​ទេ

        ក្នុង​គម្ពីរ នៅ​អ្នក​ទូន្មាន ៩:៥ ចែង​ថា​៖ ​«​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​»។ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៤៦:៤​) ស្ដី​អំពី​រឿង​នេះ គម្ពីរ​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់​ស៊ប់។—យ៉ូហាន ១១:១១

      • ការ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ផ្ដល់​នូវ​ការ​សម្រាល​ទុក្ខ

        ក្នុង​គម្ពីរ នៅ​ចម្រៀង​សរសើរ​ព្រះ ៣៤:១៥ ចែង​ថា​៖ ​«​ភ្នែក​របស់​ព្រះ​យេហូវ៉ាaគន់​មើល​មនុស្ស​សុចរិត ត្រចៀក​របស់​លោក​ស្ដាប់ ពេល​ពួក​គេ​ស្រែក​សុំ​លោក​ឲ្យ​ជួយ​»។ កាល​ដែល​យើង​ប្រាប់​អារម្មណ៍​របស់​យើង​ទៅ​ព្រះ នោះ​អាច​ជួយ​យើង​ឲ្យ​ធូរ​ចិត្ត​និង​គ្រប់​គ្រង​គំនិត​របស់​ខ្លួន។ តែ​អ្វី​ដែល​សំខាន់​បំផុត ការ​អធិដ្ឋាន​ជួយ​យើង​ឲ្យ​បង្កើត​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ដែល​អាច​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​សម្រាល​ទុក្ខ​យើង។

      • ការ​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​ត្រចះ​ត្រចង់

        សូម​ស្រមៃ​គិត​អំពី​គ្រា​មួយ​នៅ​ថ្ងៃ​អនាគត​ពេល​ដែល​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ! គម្ពីរ​ចែង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​គ្រា​នោះ។ ស្ដី​អំពី​ស្ថានភាព​នៅ​ផែនដី​នឹង​ទៅ​ជា​យ៉ាង​ណា គម្ពីរ​ចែង​ថា​ព្រះ​«​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

      មនុស្ស​ជា​ច្រើន​ដែល​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​គម្ពីរ ទទួល​កម្លាំង​ចិត្ត​ជា​ខ្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម។ សេចក្ដី​សង្ឃឹម​នោះ​គឺ​ពួក​គេ​នឹង​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ឈ្មោះ​អាន​ដែល​បាន​បាត់​បង់​ប្ដី​របស់​គាត់ ហើយ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​៦៥​ឆ្នាំ​និយាយ​ថា​៖ ​«​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​មិន​រង​ទុក្ខ​ទេ ហើយ​ថា​ព្រះ​នឹង​ប្រោស​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ។ រាល់​ពេល​ខ្ញុំ​គិត​អំពី​ការ​បាត់​បង់​ប្ដី ខ្ញុំ​នឹក​ឃើញ​អ្វី​ទាំង​នេះ ហើយ​ជា​លទ្ធផល​ខ្ញុំ​ពិត​ជា​អាច​ស៊ូ​ទ្រាំ​ចំពោះ​រឿង​ដ៏​អាក្រក់​បំផុត​ដែល​កើត​ឡើង​មក​លើ​ខ្ញុំ!​»។

      ធីណា​ដែល​ត្រូវ​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន​និយាយ​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដែល​ទីម៉ូ​បាន​ស្លាប់ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​ជួយ​ថែ​រក្សា​ខ្ញុំ។ ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ក្នុង​គ្រា​ដ៏​ពិបាក។ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ពិត​ប្រាកដ​សម្រាប់​ខ្ញុំ។ សេចក្ដី​សន្យា​នេះ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ស៊ូ​ទ្រាំ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ជួប​ទីម៉ូ​ម្ដង​ទៀត​»។

      ទស្សនៈ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ទស្សនៈ​របស់​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ដែល​ជឿ​ជាក់​ថា​គម្ពីរ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។ ទោះ​ជា​អ្នក​មាន​អារម្មណ៍​ថា​ការ​អះអាង​ពី​គម្ពីរ​គឺ​មិន​ពិត ឬ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ក៏​ដោយ អ្នក​គួរ​តែ​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​អំពី​ទី​សំអាង​ដែល​បញ្ជាក់​ថា​យោបល់​និង​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​គឺ​សម​ហេតុ​ផល។ យ៉ាង​នេះ អ្នក​អាច​ឃើញ​ថា​គម្ពីរ​គឺ​ជា​ជំនួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទុក្ខ​សោក។

      សូម​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់

      សូម​ទស្សនា​វីដេអូ​ដែល​ទាក់​ទង​អំពី​រឿង​នេះ​នៅ​គេហទំព័រ​jw.org/km

      មនុស្សនៅក្នុងសួនឧទ្យានត្រៀមខ្លួនទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ

      គម្ពីរ​សន្យា​ថា​នៅ​ថ្ងៃ​អនាគត យើង​នឹង​ទទួល​ស្វាគមន៍​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

      តើ​មនុស្ស​ស្លាប់​មាន​ស្ថានភាព​បែប​ណា?

      តើមានអ្វីកើតឡើងពេលដែលយើងស្លាប?

      តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ពេល​យើង​ស្លាប់? គម្ពីរ​ផ្ដល់​ចម្លើយ​យ៉ាង​ច្បាស់​ដែល​ជួយ​សម្រាល​ទុក្ខ ហើយ​ពង្រឹង​ទំនុក​ចិត្ត

      សូម​ចុច​«​បណ្ណាល័យ​»​▸​«​វីដេអូ​»​ (​ចុច​វីដេអូ: ​«​គម្ពីរ​»​▸​«​សេចក្ដី​បង្រៀន​ពី​គម្ពីរ​»​)

      តើ​លោក​អ្នក​ចង់​ដឹង​អំពី​ដំណឹង​ល្អ​ឬ​ទេ?

      តើលោកអ្នកចង់ដឹងអំពីដំណឹងល្អឬទេ?

      មាន​ដំណឹង​អាក្រក់​ជា​ច្រើន ដូច្នេះ​តើ​លោក​អ្នក​អាច​ស្វែង​រក​ដំណឹង​ល្អ​នៅ​ឯ​ណា?

      សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​▸​«​សេចក្ដី​សុខ​និង​សុភមង្គល​»

      a យេហូវ៉ា​គឺ​ជា​នាម​ផ្ទាល់​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក