បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ៣០ ទំ. ២៥០-២៥៥
  • អ្វីដែលលោកអ្នកត្រូវតែធ្វើដើម្បីរស់នៅជានិរន្ដរ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីដែលលោកអ្នកត្រូវតែធ្វើដើម្បីរស់នៅជានិរន្ដរ៍
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ថ្វាយ​ខ្លួន​និង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក
  • ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​លោក​អ្នក​សព្វ​ថ្ងៃ​នេះ
  • សូម​ជ្រើសរើស​យក​ជីវិត​ជា​អនន្ត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើខ្ញុំគួរប្រគល់ខ្លួនជូនព្រះហើយទទួលការជ្រមុជទឹកឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ៣០ ទំ. ២៥០-២៥៥

ជំពូក​ទី៣០

អ្វី​ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​រស់​នៅ​ជា​និរន្តរ៍

១ (​ក​) តើ​មាន​ផ្លូវ​ពីរ​ណា​បើក​ឲ្យ​លោក​អ្នក? (​ខ​) តើ​លោក​អ្នក​អាច​ជ្រើសរើស​យក​ផ្លូវ​ត្រឹម​ត្រូវ​បាន​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​លោក​អ្នក​នូវ​អ្វី​មួយ​ដ៏​អស្ចារ្យ—គឺ​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​របប​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់។ (​ពេត្រុសទី២ ៣:១៣​) ប៉ុន្តែ ការ​រស់​នៅ​ទីនោះ គឺ​ស្រេច​ទៅ​លើ​អ្នក​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នៅ​ក្នុង​បច្ចុប្បន្ន​កាល​នេះ។ លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ រួម​ទាំង​ពួក​អ្នក​ទាំងអស់​ដែល​ជា​ផ្នែក​របស់​វា គឺ​ជិត​នឹង​ហិនវិនាស​ហើយ ​«​តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ​»។ (​យ៉ូហានទី១ ២:១៧​) ដូច្នេះ លោក​អ្នក​ត្រូវ​ជ្រើសរើស​រវាង​ផ្លូវ​ទាំង​ពីរ​នេះ។ ផ្លូវ​មួយ​នាំ​ទៅ​ឯ​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​មួយ​ទៀត​ទៅ​ជីវិត​ជា​អនន្ត។ (​ចោទិយកថា ៣០:១៩, ២០​) តើ​លោក​អ្នក​នឹង​ជ្រើស​យក​ផ្លូវ​មួយ​ណា?

២ (​ក​) ប្រសិន​បើ​លោក​អ្នក​មាន​ជំនឿ​ពិត​ប្រាកដ​នោះ តើ​លោក​អ្នក​នឹង​ជឿជាក់​ទៅ​លើ​អ្វី​ខ្លះ? (​ខ​) តើ​ការ​ទុក​ចិត្ត​លើ​ព្រះ​ដូច​ជា​កូន​ទុក​ចិត្ត​លើ​ឪពុក​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ជួយ​អ្នក​ឲ្យ​បម្រើ​ទ្រង់​បាន​យ៉ាង​ណា?

២ តើ​លោក​អ្នក​អាច​បង្ហាញ​យ៉ាង​ណា​ថា អ្នក​ជ្រើសរើស​យក​ផ្លូវ​ជីវិត​នោះ? ជា​បឋម លោក​អ្នក​ត្រូវ​តែ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​កិច្ចសន្យា​របស់​ទ្រង់។ តើ​លោក​អ្នក​ជឿ​យ៉ាង​មុត​មាំ​ថា ពិត​ជា​មាន​ព្រះ​មែន​ទេ ​«​ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់​»​ទេ? (​ហេព្រើរ ១១:៦​) លោក​អ្នក​ត្រូវ​តែ​ទុក​ចិត្ត​លើ​ព្រះ ដូច​ជា​កូន​ប្រុស​ឬ​កូន​ស្រី​ទុក​ចិត្ត​លើ​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​នោះ​ដែរ។ (​ទំនុកដំកើង ១០៣:១៣, ១៤; សុភាសិត ៣:១១, ១២​) ការ​មាន​ជំនឿ​បែប​នេះ នឹង​ញ៉ាំង​ឲ្យ​លោក​អ្នក​លែង​មាន​ការ​សង្ស័យ​ពី​រឿង​ដែល​ថា ដំបូន្មាន​របស់​ទ្រង់​ជា​ការ​មាន​ប្រាជ្ញា ឬ​ផ្លូវ​របស់​ទ្រង់​ជា​ការ​ត្រឹម​ត្រូវ​នោះ ទោះបី​ជួនកាល​បើ​លោក​អ្នក មិន​ទាន់​យល់​រឿង​នោះ​ឲ្យ​បាន​ពេញលេញ​ក៏​ដោយ។

៣ (​ក​) ក្រៅ​ពី​សេចក្ដី​ជំនឿ តើ​អ្វី​ទៀត​ដែល​ជា​ការ​ចាំបាច់​នោះ? (​ខ​) តើ​ការ​ប្រព្រឹត្ត​ណា​ដែល​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​បង្ហាញ​ថា លោក​អ្នក​នឹង​ជ្រើសរើស​យក​ផ្លូវ​ជីវិត​នោះ?

៣ ក៏​ប៉ុន្តែ មិន​គ្រាន់​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ​ដែល​យើង​ត្រូវ​ការ​ជា​ចាំបាច់​នោះ។ គឺ​ត្រូវ​តែ​មាន​ការ​ប្រព្រឹត្ត​ណា​មួយ ដើម្បី​បង្ហាញ​នូវ​អារម្មណ៍​ដ៏​ពិត​ប្រាកដ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ (​យ៉ាកុប ២:២០, ២៦​) តើ​លោក​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​សម្ដែង​ថា អ្នក​មាន​ចិត្ត​សោក​ស្ដាយ​ចំពោះ​ការ​មិន​បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​នៅ​អតីតកាល​ទេ? តើ​លោក​អ្នក​បាន​កែ​ប្រែចិត្ត ឬ​ធ្វើ​ការ​ប្រែប្រួល​ណា​មួយ​ដើម្បី​ធ្វើ​ដំណើរ​ជីវិត​របស់​លោក​អ្នក ឲ្យ​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ទេ? តើ​លោក​អ្នក​បាន​ត្រឡប់​បែរ គឺ​ថា បោះបង់​ចោល​នូវ​ផ្លូវ​អាក្រក់​ណា​ដែល​លោក​អ្នក​បាន​កាន់​ពីដើម ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​អំពើ​អ្វី​ដែល​ព្រះ​បាន​តម្រូវ​ហើយ​ឬ​នៅ? (​កិច្ចការ ៣:១៩; ១៧:៣០​) ការ​ប្រព្រឹត្ត​ដូច្នេះ​នឹង​បង្ហាញ​ថា លោក​អ្នក​កំពុង​ជ្រើសរើស​យក​ផ្លូវ​ជីវិត​ហើយ។

ការ​ថ្វាយ​ខ្លួន​និង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក

៤ (​ក​) តើ​អ្វី​ដែល​ញ៉ាំង​លោក​អ្នក​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នោះ? (​ខ​) ពេល​ដែល​លោក​អ្នក​សម្រេច​ចិត្ត​ថា អ្នក​ចង់​បម្រើ​ព្រះ តើ​អ្វី​ជា​ការ​ត្រឹម​ត្រូវ​នឹង​ធ្វើ​នោះ?

៤ ដោយ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ តើ​អ្វី​ដែល​ញ៉ាំង​លោក​អ្នក​ឲ្យ​ជ្រើសរើស​យក​ជីវិត​នោះ? គឺ​សេចក្ដី​អំណរគុណ។ សូម​អញ្ជើញ​គិត​មើល​៖ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​លទ្ធភាព ចំពោះ​ការ​រំដោះ​លោក​អ្នក​ពី​ជម្ងឺ​ទាំងអស់ ពី​ការ​រង​ទុក្ខ​លំបាក និង​សូម្បី​តែ​សេចក្ដី​ស្លាប់​ទៀត​ផង! ដោយសារ​អំណោយ​ទាន​ដ៏​មាន​តម្លៃ​នៃ​ព្រះ​រាជបុត្រា​ទ្រង់ ទ្រង់​បាន​បើក​ផ្លូវ​ឲ្យ​លោក​អ្នក​ទទួល​ជីវិត​ដែល​គ្មាន​ទីបញ្ចប់​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ។ (​កូរិនថូសទី១ ៦:១៩, ២០; ៧:២៣; យ៉ូហាន ៣:១៦​) ពេល​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ញ៉ាំង​លោក​អ្នក​ឲ្យ​ស្រឡាញ់​ទ្រង់​វិញ​នោះ តើ​លោក​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? (​យ៉ូហានទី១ ៤:៩, ១០; ៥:២, ៣​) លោក​អ្នក​គួរ​តែ​អធិស្ឋាន​ទៅ​ព្រះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ ហើយ​ទូល​ប្រាប់​ទ្រង់​ថា អ្នក​ចង់​ទៅ​ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ចង់​ទៅ​ជា​របស់​ផង​ទ្រង់​ដែរ។ នេះ​ជា​របៀប​ដែល​លោក​អ្នក​អាច​ថ្វាយ​ខ្លួន​អ្នក​ផ្ទាល់​ដល់​ទ្រង់។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន ជា​រឿង​ឯក​ជន។ គឺ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​អាច​ធ្វើ​ការ​នេះ​ជូន​លោក​អ្នក​បាន​ឡើយ។

៥ (​ក​) ក្រោយ​ពី​លោក​អ្នក​បាន​ធ្វើ​ការ​ថ្វាយ​ខ្លួន​ដល់​ព្រះ​ហើយ តើ​ទ្រង់​តម្រូវ​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី? (​ខ​) តើ​មាន​ជំនួយ​អ្វី​​ចំពោះ​លោក​អ្នក ក្នុង​ការ​ធ្វើ​តាម​ការ​ថ្វាយ​ខ្លួន​របស់​លោក​អ្នក​នោះ?

៥ ក្រោយ​ពី​លោក​អ្នក​បាន​ធ្វើ​ការ​ថ្វាយ​ខ្លួន​ទៅ​ព្រះ​រួច​ហើយ ទ្រង់​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ការ​នោះ។ ដូច្នេះ សូម​សម្ដែង​ជា​ភស្តុតាង​ថា​អ្នក​ជា​បុគ្គល​ដែល​ចាំ​នូវ​ពាក្យ​សំដី​របស់​ខ្លួន ដោយ​កាន់​ជាប់​នូវ​ការ​សម្រេច​ចិត្ត ឬ​ការ​ថ្វាយ​ខ្លួន​នេះ ដរាប​ណា​ដែល​លោក​អ្នក​នៅ​រស់។ (​ទំនុកដំកើង ៥០:១៤​) ប្រសិន​បើ​លោក​អ្នក​នៅ​ជាប់​នឹង​អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ នោះ​ពួក​គ្រីស្ទាន​គ្នា​ឯង​អាច​ជួយ​លោក​អ្នក​បាន ដោយ​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​លើកទឹកចិត្ត​នឹង​ការ​ជ្រោមជ្រែង​ដោយ​សេចក្ដី​ស្រឡាញ់​ផង។—ថែស្សាឡូនីចទី១ ៥:១១

៦ (​ក​) នៅ​ពេល​ដែល​លោក​អ្នក​បាន​ថ្វាយ​ជីវិត​របស់​អ្នក​ទៅ​ព្រះ​ហើយ​នោះ តើ​ជំហាន​អ្វី​ដែល​ជា​ចាំបាច់​បន្ទាប់​មក​នោះ? តើ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​មាន​ន័យ​យ៉ាង​ណា?

៦ ប៉ុន្តែ លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត គឺ​មិន​ត្រឹម​តែ​ការ​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ចិត្ត​ថា អ្នក​ចង់​ទៅ​ជា​របស់​ផង​ទ្រង់​ប៉ុណ្ណោះ​ទេ។ លោក​អ្នក​ត្រូវ​តែ​បង្ហាញ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ថា លោក​អ្នក​បាន​ធ្វើ​ការ​ថ្វាយ​ខ្លួន​ដើម្បី​បម្រើ​ទ្រង់​ហើយ។ តើ​លោក​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? គឺ​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បែប​នេះ​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ថា បុគ្គល​ម្នាក់​បាន​ថ្វាយ​ជីវិត​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា​និង​ប្រគល់​ខ្លួន​គាត់​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ។

៧ (​ក​) តើ​គំរូ​អ្វី ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ​ពួក​គ្រីស្ទាន? (​ខ​) ហេតុ​អ្វី​ក៏​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដែល​បាន​បញ្ជា​ដោយ​ព្រះ​យេស៊ូវ មិន​មែន​សំរាប់​កូនង៉ា​ទេ​នោះ?

៧ ដែល​ថា​បុណ្យ​ជ្រមុជ​ទឹក​ជា​សេចក្ដី​តម្រូវ​ដ៏​សំខាន់​មួយ​នោះ គឺ​បាន​បង្ហាញ​មក​ដោយ​គំរូ​របស់​ព្រះ​​យេស៊ូវ​គ្រីស្ទ។ ព្រះ​យេស៊ូវ​ទ្រង់​មិន​គ្រាន់​តែ​បាន​ទូល​ប្រាប់​ព្រះវរបិតា​ទ្រង់​ថា ទ្រង់​បាន​យាង​មក​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​ប៉ុណ្ណោះ​ទេ។ (​ហេព្រើរ ១០:៧​) ពេល​ដែល​ទ្រង់​រៀប​នឹង​ចាប់​ផ្ដើម​កិច្ចបម្រើ​របស់​ទ្រង់​ជា​អ្នក​ផ្សាយ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ ព្រះ​យេស៊ូវ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ (​ម៉ាថាយ ៣:១៣​-​១៧​) ដោយ​ព្រះ​យេស៊ូវ​បាន​ទុក​ជា​គំរូ​ឲ្យ​នោះ សព្វ​ថ្ងៃ​នេះ ជន​ណា​ដែល​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ត្រូវ​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​ចាំបាច់។ (​ពេត្រុសទី១ ២:២១; ៣:២១​) តាម​ការ​ពិត ព្រះ​យេស៊ូវ​បាន​បញ្ជា​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ពី​មនុស្ស​គ្រប់​សាសន៍ ហើយ​បន្ទាប់​មក​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​សិស្ស​ថ្មី​ទាំង​នេះ។ នេះ​មិន​មែន​ជា​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​កូនង៉ា​ទេ។ តែ​ជា​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បុគ្គល​ណា​ដែល​បាន​ទៅ​ជា​អ្នក​ជឿ ដែល​បាន​សម្រេច​ចិត្ត​នឹង​បម្រើ​ព្រះ​យេហូវ៉ា​រួច​ហើយ។—ម៉ាថាយ ២៨:១៩; កិច្ចការ ៨:១២

៨ ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នោះ តើ​អ្នក​ណា​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​លោក​អ្នក​ត្រូវ​តែ​ជំរាប​ប្រាប់​ពី​រឿង​នេះ ហើយ​ហេតុ​អ្វី?

៨ ប្រសិន​បើ​លោក​អ្នក​បាន​សម្រេច​ចិត្ត​ថា​នឹង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នោះ តើ​លោក​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? លោក​អ្នក​ត្រូវ​តែ​ប្រាប់​ចំណង់​ចិត្ត​របស់​អ្នក​ដល់​ប្រធាន​ត្រួត​ត្រា​ក្រុម​ជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​លោក​អ្នក​កំពុង​តែ​ចូល​រួបរួម​ជា​មួយ​នោះ។ គាត់​ជា​មួយ​នឹង​ពួក​អ្នកចាស់ទុំ​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ នឹង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ពិភាក្សា​សាឡើងវិញ​ជា​មួយ​លោក​អ្នក​អំពី​ពត៌មាន​ដែល​លោក​អ្នក​ត្រូវ​តែ​ដឹង​ជា​ចាំបាច់ ដើម្បី​ឲ្យ​អាច​បម្រើ​ព្រះ​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នោះ។ បន្ទាប់​មក គេ​អាច​រៀបចំ​ចាត់​ចែង​ជូន​លោក​អ្នក​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បាន។

ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​លោក​អ្នក​សព្វ​ថ្ងៃ​នេះ

៩ តើ​លោក​ណូអេ​បាន​ធ្វើ​អ្វី​មុន​ទឹក​ជំនន់ ដែល​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​លោក​អ្នក​ឲ្យ​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

៩ មុន​ពេល​ទឹក​ជំនន់ ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​ណូអេ ​«​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​»​ ដើម្បី​ព្រមាន​ពី​សេចក្ដី​ហិនវិនាស​ដែល​នឹង​មក​ដល់ ហើយ​បង្ហាញ​ថា​មាន​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់​តែមួយ​ទេ គឺ​ទូក​ធំ។ (​ម៉ាថាយ ២៤:៣៧​-​៣៩; ពេត្រុសទី២ ២:៥; ហេព្រើរ ១១:៧​) ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​អ្នក​ក៏​ធ្វើ​កិច្ចការ​ផ្សាយ​ស្រដៀង​គ្នា​នេះ​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទាយ​ចំពោះ​សម័យ​យើង​នេះ​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​ដឹង​អំពី​អ្វី​ៗ​ដែល​លោក​អ្នក​បាន​រៀន​អំពី​ព្រះ​រាជ​បំណង​របស់​ព្រះ ប្រសិន​បើ​ពួកគេ​ចង់​រួច​រស់​ជីវិត​ពី​ទីបញ្ចប់​នៃ​របប​នេះ និង​រស់​នៅ​ជា​និរន្តរ៍​នោះ។ (​យ៉ូហាន ១៧:៣​) តើ​ចិត្ត​របស់​លោក​អ្នក​មិន​រំជួល​ចង់​ចូលរួម​ក្នុង​ការ​ចែក​ចាយ​តម្រិះ​វិជ្ជា​ដែល​ផ្ដល់​ឲ្យ​ជីវិត​នេះ​ជា​មួយ​អ្នក​ដទៃ​ទេ​ឬ?

១០ (​ក​) តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក ញ៉ាំង​យើង​ឲ្យ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​​យេស៊ូវ​មួយ​ណា? (​ខ​) តើ​កិច្ចការ​ប្រកាស​ផ្សាយ​ជា​ច្រើន​បាន​ធ្វើ​ឡើង​យ៉ាង​ណា?

១០ សូម​កាន់​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ​ចុះ។ ទ្រង់​មិន​រង់ចាំ​ឲ្យ​ប្រជា​រាស្ត្រ​មក​ឯ​ទ្រង់​ទេ ប៉ុន្តែ​ទ្រង់​បាន​យាង​ទៅ​ស្វែងរក​ពួក​ណា​ដែល​ចង់​ស្ដាប់​សារ​ព្រះ​រាជាណាចក្រ​នេះ។ ហើយ​ទ្រង់​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់—ពួកគេ​ទាំងអស់—ឲ្យ​ធ្វើ​ដូច​នេះ​ដែរ។ (​ម៉ាថាយ ២៨:១៩; កិច្ចការ ៤:១៣; រ៉ូម ១០:១០​-​១៥​) ក្នុង​ការ​កាន់​តាម​សេចក្ដី​បង្រៀន​និង​គំរូ​របស់​ព្រះ​គ្រីស្ទ ពួក​គ្រីស្ទាន​ពីដើម​បាន​ទៅ​ជួប​ប្រជាជន​នៅ​តាម​ផ្ទះ​របស់​គេ។ ពួកគេ​បាន​ទៅ​«​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​»​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ។ (​លូកា ១០:១​-​៦; កិច្ចការ ២០:២០​) នេះ​ក៏​នៅ​តែ​ជា​របៀប​ដ៏​សំខាន់​បំផុត ដែល​ពួក​គ្រីស្ទាន​ពិត​ប្រាកដ​ប្រតិបត្ដិ​កិច្ចបម្រើ​របស់​ពួកគេ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

១១ (​ក​) ហេតុ​អ្វី​ក៏​ត្រូវ​តែ​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ហេតុ​អ្វី​ក៏​យើង​មិន​ចាំបាច់​ភ័យ​ខ្លាច​នោះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ការងារ​ដែល​យើង​ធ្វើ​នេះ?

១១ ត្រូវ​តែ​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ សាតាំង​និង​លោកីយ៍​របស់​វា​ពិត​ជា​ខំ​ព្យាយាម​បញ្ឈប់​លោក​អ្នក ក៏​ដូច​ជា​ពេល​ដែល​ពួក​វា​បាន​ខំ​ព្យាយាម​បញ្ឈប់​ការ​ប្រកាស​ផ្សាយ​នៃ​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ពីដើម​ដែរ។ (​កិច្ចការ ៤:១៧​-​២១; ៥:២៧​-​២៩, ៤០​-​៤២​) ប៉ុន្តែ​លោក​អ្នក​មិន​ចាំបាច់​ភ័យ​ខ្លាច​ទេ។ ព្រះ​យេហូវ៉ា​បាន​គាំទ្រ​និង​ចម្រើន​កម្លាំង​ដល់​ពួក​គ្រីស្ទាន​ពីដើម ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​លោក​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​ធីម៉ូថេ​ទី​២ ៤:១៧​) សូម​ឲ្យ​មាន​សេចក្ដី​ក្លាហាន​ឡើង! សូម​សម្ដែង​ជា​ភស្តុតាង​ថា លោក​អ្នក​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​មនុស្ស​គ្នា​ឯង ដោយ​ការ​ចូល​រួបរួម​ក្នុង​កិច្ចការ​ផ្សាយ​និង​បង្រៀន​ដែល​ជួយ​សង្គ្រោះ​ជីវិត​នេះ។ (​កូរិនថូសទី១ ៩:១៦; ធីម៉ូថេទី១ ៤:១៦​) ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ភ្លេច​ការងារ​របស់​លោក​អ្នក​ទេ ប៉ុន្តែ​នឹង​ផ្ដល់​រង្វាន់​ជា​ច្រើន​ដល់​លោក​អ្នក​វិញ។—ហេព្រើរ ៦:១០​-​១២; ទីតុស ១:២

១២ តើ​យើង​អាច​រៀន​ដឹង​អ្វី​ខ្លះ​អំពី​គំរូ​របស់​ប្រពន្ធ​លោក​ឡុត​នោះ?

១២ គ្មាន​អ្វី​ដែល​មាន​តម្លៃ​ពិត​ប្រាកដ ដែល​របប​ចាស់​នេះ​អាច​ផ្ដល់​ឲ្យ​ទេ ដូច្នេះ សូម​កុំ​នឹក​ស្មាន​ថា លោក​អ្នក​នឹង​បាត់បង់​អ្វី​មួយ​ដោយសារ​ការ​បោះបង់​ចោល​របប​នេះ​នោះ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត​»។ (​លូកា ១៧:៣២​) ក្រោយ​ពេល​ដែល​នាង​និង​គ្រួសារ​របស់​នាង​បាន​រត់​ចេញ​ពី​ទីក្រុង​សូដុំម នាង​បាន​ក្រឡេក​មើល​ដោយ​ចិត្ត​ចង់​បាន​ជា​ខ្លាំង​នូវ​របស់​របរ​ដែល​នាង​បាន​ទុក​ចោល។ ព្រះ​បាន​ទត​ឃើញ​ពី​សភាព​នៃ​ចិត្ត​របស់​នាង ហើយ​នាង​ក៏​បាន​ទៅ​ជា​បង្គោល​អំបិល​មួយ​ទៅ។ (​លោកុប្បត្តិ ១៩:២៦​) សូម​កុំ​ឲ្យ​ដូច​ប្រពន្ធ​លោក​ឡុត​ឲ្យ​សោះ! សូម​សម្លឹង​មើល​ទៅ​អ្វី​ដែល​នៅ​ខាង​មុខ​ជានិច្ច គឺ​«​ជីវិត​អស់កល្ប​ជានិច្ច​»​នៅ​ក្នុង​របប​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។—ធីម៉ូថេទី១ ៦:១៩

សូម​ជ្រើសរើស​យក​ជីវិត​ជា​អនន្ត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី

១៣ តើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​យ៉ាង​ណា អំពី​ការ​ជ្រើសរើស​ដែល​យើង​គ្រប់​ៗ​គ្នា​ត្រូវ​ធ្វើ​នោះ?

១៣ តាម​ពិត​ទៅ មាន​ការ​ជ្រើសរើស​តែ​ពីរ​ទេ។ ព្រះ​គ្រីស្ទ​បាន​ប្រៀបធៀប​រឿង​នេះ ទៅ​នឹង​ការ​ជ្រើសរើស​យក​ផ្លូវ​មួយ​រវាង​ផ្លូវ​ពីរ។ ទ្រង់​បាន​មាន​បន្ទូល​ថា ផ្លូវ​មួយ​«​ធំ ហើយ​ទូលាយ​ផង​»។ នៅ​លើ​ផ្លូវ​នោះ​អ្នក​ដំណើរ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សំរាប់​បំពេញ​ចិត្ត​ខ្លួន​ឯង។ ប៉ុន្តែ ផ្លូវ​មួយ​ទៀត​ជា​ផ្លូវ​«​ចង្អៀត​»។ មែន​ហើយ ពួក​ណា​ដែល​នៅ​លើ​ផ្លូវ​នេះ បាន​តម្រូវ​ឲ្យ​គោរព​តាម​សេចក្ដី​បង្រៀន​និង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ព្រះ​យេស៊ូវ​បាន​សម្គាល់​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​កំពុង​តែ​យក​ផ្លូវ​ធំ មាន​តែ​ភាគតិច​ទេ​ដែល​យក​ផ្លូវ​ចង្អៀត​នេះ។ តើ​ផ្លូវ​មួយ​ណា​ដែល​លោក​អ្នក​នឹង​ជ្រើសរើស​យក? ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​នេះ សូម​លោក​អ្នក​ចង​ចាំ​ថា​៖ ផ្លូវ​ធំ​នឹង​ភ្លាម​នោះ​មក​ដល់​ទីបញ្ចប់—សេចក្ដី​ហិន​​វិនាស! ផ្ទុយ​ទៅ​វិញ ផ្លូវ​ចង្អៀត​នឹង​នាំ​លោក​អ្នក​ឆ្ពោះ​ត្រង់​ទៅ​ក្នុង​របប​ថ្មី​របស់​ព្រះ។ នៅ​ទីនោះ​លោក​អ្នក​អាច​ចូលរួម​ក្នុង​ការ​កសាង​ផែនដី​ឲ្យ​ទៅ​ជា​សួន​មនោរម្យ​ដ៏​រុង​រឿង​មួយ ដែល​លោក​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍ ដោយ​សុភមង្គល​បាន។

១៤ តើ​លោក​អ្នក​ត្រូវ​តែ​ទៅ​ជា​ផ្នែក​នៃ​អង្គការ​ណា ដើម្បី​ឲ្យ​អាច​រួច​រស់​ជីវិត​ចូល​ទៅ​ក្នុង​របប​ថ្មី​របស់​ព្រះ​នោះ?

១៤ សូម​កុំ​សន្និដ្ឋាន​ថា មាន​វិថី​ឬ​ផ្លូវ​ផ្សេង​ៗ​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ដើរ​តាម​ដើម្បី​ឲ្យ​បាន​ជីវិត​នៅ​ក្នុង​របប​ថ្មី​របស់​ព្រះ​ឡើយ។ គឺ​មាន​ផ្លូវ​តែមួយ​ទេ។ គឺ​មាន​ទូក​ធំ​តែមួយ​ទេ ដែល​បាន​ឆ្លង​ផុត​ពី​ទឹក​ជំនន់​នោះ មិន​មែន​មាន​ទូក​ជា​ច្រើន​ទេ។ ហើយ​ក៏​នឹង​មាន​អង្គការ​តែមួយ—អង្គការ​មើល​ឃើញ​របស់​ព្រះ—ដែល​នឹង​ឆ្លង​ផុត​ពី​«​សេចក្ដី​វេទនា​ជា​ខ្លាំង​»​ដែល​កំពុង​តែ​ខិត​មក​ជិត​យ៉ាង​លឿន​នេះ។ គឺ​មិន​ពិត​ទេ ដែល​ថា​សាសនា​ទាំងអស់​ដឹក​នាំ​ទៅ​រក​ទិសដៅ​ដូច​គ្នា​នោះ។ (​ម៉ាថាយ ៧:២១​-​២៣; ២៤:២១​) លោក​អ្នក​ត្រូវ​តែ​ទៅ​ជា​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដើម្បី​ឲ្យ​អាច​ទទួល​នូវ​ពរ​របស់​ទ្រង់ ដែល​ជា​ជីវិត​អស់កល្ប​ជានិច្ច។—ទំនុកដំកើង ១៣៣:១​-​៣

១៥ (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​រៀង​រាល់​ថ្ងៃ? (​ខ​) តើ​សេចក្ដី​សង្ឃឹម​មួយ​ណា ដែល​មិន​មែន​ជា​ការ​យល់សប្ដិ​នោះ?

១៥ ដូច្នេះ សូម​ចង​ចាំ​ទុក​រូប​ភាព​នៃ​របប​ថ្មី​ដែល​ព្រះ​បាន​សន្យា​នោះ ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​សតិ​និង​ចិត្ត​របស់​លោក​អ្នក​ជានិច្ច​ចុះ។ ជា​រៀង​រាល់​ថ្ងៃ សូម​គិត​អំពី​រង្វាន់​ដ៏​ធំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ទុក​សំរាប់​លោក​អ្នក—គឺ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ នេះ​មិន​មែន​ជា​ការ​យល់សប្ដិ​ទេ។ នេះ​ជា​ការ​ពិត​មែន! ពីព្រោះ​សេចក្ដី​សន្យា​នៃ​បទ​គម្ពីរ​នឹង​ពិត​ជា​បាន​សម្រេច​ជា​មិន​ខាន គឺ​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​[​ផែនដី​]​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច . . . នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ​»។—ទំនុកដំកើង ៣៧:២៩, ៣៤

[​រូបភាព​នៅ​ទំព័រ​២៥១​]

សូម​ថ្វាយ​ខ្លួន​អ្នក​ដល់​ព្រះ​យេហូវ៉ា . . . ហើយ​សូម​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក

[​រូបភាព​នៅ​ទំព័រ​២៥៣​]

​«​ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត​»​

[​រូបភាព​នៅ​ទំព័រ​២៥៤​]

សូម​ចង​ចាំ​របប​ថ្មី​របស់​ព្រះ​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​សតិ​និង​ចិត្ត​របស់​អ្នក​ជានិច្ច​ចុះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក