-
ការផ្ដើមវាចាដែលមានប្រសិទ្ធភាពវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
[សំណួរសម្រាប់អត្ថបទសិក្សា]
-
-
ទំហំសម្លេងនិងការផ្អាកវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី៤
ទំហំសម្លេងនិងការផ្អាក
១ ប្រសិនបើអ្នកដទៃស្ដាប់មិនឮនូវអ្វីដែលយើងនិយាយ នោះសំដីរបស់យើងគឺគ្មានប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ ប្រសិនបើទំហំសម្លេងយើងឮខ្លាំងពេក នេះនឹងធ្វើឲ្យអ្នកស្ដាប់សង្កៀរត្រចៀកណាស់ ហើយធ្វើឲ្យពួកគេលែងប្រុងស្មារតីនឹងចំណុចសំខាន់ៗដែលយើងបានរៀបចំ។ ហេតុដែលយើងគួរយកចិត្តទុកដាក់នឹងទំហំសម្លេងខ្លាំងល្មម គឺពីព្រោះជាញឹកញយក្នុងសាលប្រជុំជាច្រើន អស់អ្នកដែលអង្គុយនៅខាងក្រោយពុំអាចឮចម្លើយរបស់អ្នកដែលអង្គុយនៅខាងមុខទេ។ ជួនកាលអ្នកថ្លែងនៅលើវេទិកាមានទំហំសម្លេងខ្សោយ ហេតុនេះហើយគាត់ពុំអាចជំរុញទឹកចិត្តអ្នកស្ដាប់បានឡើយ។ នៅក្នុងកិច្ចបំរើផ្សាយ យើងក៏ជួបមនុស្សខ្លះដែលមានត្រចៀកធ្ងន់ ហើយយើងក៏ប្រឈមមុខនឹងសូរសម្លេងរំខាន មិនថាពីក្រៅផ្ទះឬក្នុងផ្ទះឡើយ។ កត្ដាទាំងនេះបញ្ជាក់ថាយើងត្រូវយកចិត្តទុកដាក់ឲ្យមានទំហំសម្លេងខ្លាំងល្មម។
២ សម្លេងខ្លាំងល្មមឲ្យស្រួលស្ដាប់: ក្នុងការពិចារណាឲ្យដឹងថា ត្រូវការទំហំសម្លេងប៉ុណ្ណា នោះមុនដំបូងយើងគួរសួរថា តើខ្ញុំនិយាយដោយសម្លេងខ្លាំងល្មមឬទេ? បើនិយាយឲ្យចំទៅ តើអ្នកស្ដាប់នៅជួរខាងក្រោយអាចឮសម្លេងយើងបានទេ ដោយឥតឮខ្លាំងពេកចំពោះអស់អ្នកនៅខាងមុខនោះ? ចំពោះសិស្សថ្មីការពិចារណាបែបនេះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ចំពោះសិស្សដែលមានបទពិសោធន៍ច្រើន គាត់គួរខំព្យាយាមឲ្យចេះស្ទាត់នូវលក្ខណៈផ្សេងៗទៀតដែលមានដូចតទៅនេះ។ អ្នកត្រួតពិនិត្យសាលាគួរសម្រេចចិត្តថា តើត្រូវឲ្យឱវាទសិស្សអំពីលក្ខណៈនេះដល់កំរិតណា។
៣ ទំហំសម្លេងស្របតាមកាលៈទេសៈ: អ្នកថ្លែងសុន្ទរកថាត្រូវចេះដឹងនូវស្ថានភាពផ្សេងៗ។ នេះនឹងបង្កើននូវសមត្ថភាពចេះវែកញែករបស់គាត់ ធ្វើឲ្យគាត់ចេះប្រែប្រួលតាមកាលៈទេសៈនិងធ្វើឲ្យពត៌មានជ្រួតជ្រាបក្នុងចិត្តរបស់អ្នកស្ដាប់ ថែមទាំងធ្វើឲ្យពួកគេចង់ស្ដាប់ជាបន្តដោយមិនធុញទ្រាន់។
៤ ធម្មតាគឺមានស្ថានភាពខុសៗគ្នាពីសាលប្រជុំមួយទៅសាលប្រជុំមួយ ហើយចំនួនអ្នកស្ដាប់ក៏ខុសពីគ្នាដែរ។ ដើម្បីយកឈ្នះលើកាលៈទេសៈនោះ យើងក៏ត្រូវចេះប្រើទំហំសម្លេងយើងដែរ។ ពេលយើងថ្លែងសុន្ទរកថានៅក្នុងសាលប្រជុំ យើងត្រូវមានទំហំសម្លេងខ្លាំងជាងការនិយាយប្រាប់អ្នកចាប់អារម្មណ៍ថ្មីនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ម្យ៉ាងវិញទៀត ក្នុងការប្រជុំសំរាប់កិច្ចផ្សាយបំរើដែលមានក្រុមតូចមួយនៅខាងមុខសាលប្រជុំ គឺត្រូវការទំហំសម្លេងតិចជាងការប្រជុំអប់រំកិច្ចបំរើ ពេលដែលមានមនុស្សពេញសាលប្រជុំ។
៥ ប៉ុន្តែ សូម្បីតែមានស្ថានភាពដូចខាងលើនេះក៏មិនមានជានិច្ចនោះទេ។ សម្លេងរំខានអាចកើតឡើងភ្លាមៗនៅខាងក្នុងនិងខាងក្រៅសាលប្រជុំ ដូចជារថយន្តបើកកាត់ រទេះភ្លើងនៅជិតតំបន់នោះ សម្រែកសត្វយំ កូនក្មេងយំ ឬមនុស្សមកប្រជុំយឺត។ ស្ថានការណ៍ទាំងនេះតម្រូវឲ្យយើងចេះប្រែប្រួលឲ្យមានសម្លេងខ្លាំងល្មមស្របតាមកាលៈទេសៈ។ ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងសម្លេងដែលអាចរំខាននោះ ហើយមិនផ្អាកឬនិយាយឲ្យបានឮខ្លាំងល្មមទេ នោះប្រហែលជាអ្នកស្ដាប់នឹងមិនទទួលប្រយោជន៍ពីចំណុចសំខាន់របស់យើងនោះទេ។
៦ ក្រុមជំនុំជាច្រើនមានឧបករណ៍សម្លេង។ ប៉ុន្តែ ប្រសិនបើមិនប្រើឧបករណ៍សម្លេងឲ្យបានត្រឹមត្រូវទេ ហើយសម្លេងសិស្សឡើងថ្លង់ឬចុះខ្សោយខ្លាំងនោះ សិស្សប្រហែលជាត្រូវទទួលឱវាទដោយសារគាត់មិនបានប្រែប្រួលតាមកាលៈទេសៈ។
៧ យូរៗម្ដង អ្នកថ្លែងម្នាក់ប្រហែលជាមិនចេះស្ទាត់ក្នុងការប្រើទំហំសម្លេង ពីព្រោះគាត់មានសម្លេងខ្សោយ។ ប្រសិនបើយើងមានបញ្ហាដូច្នេះ ហើយសម្លេងយើងមិនសូវឮច្បាស់ នោះអ្នកត្រួតពិនិត្យសាលានឹងយល់ដល់កំរិតសមត្ថភាពរបស់សិស្ស ពេលគាត់ជូនឱវាទ។ គាត់អាចឲ្យយោបល់ខ្លះដែលប្រាប់ពីវិធីឲ្យចេះបញ្ចេញសម្លេងខ្លាំងល្មម។ ក៏ប៉ុន្តែ លក្ខណៈនៃសម្លេងជាចំណុចផ្សេងទៀត ហើយអ្នកជូនឱវាទនឹងមិននិយាយវែងឆ្ងាយអំពីចំណុចនោះ ពេលជូនឱវាទអំពីទំហំសម្លេងទេ។
៨ យើងពុំអាចគិតដល់កាលៈទេសៈសព្វបែបយ៉ាងក្នុងសុន្ទរកថាតែមួយទេ។ យើងនឹងទទួលឱវាទចំពោះតែសុន្ទរកថាដែលទើបនឹងថ្លែង មិនមែនចំពោះគ្រប់កាលៈទេសៈដែលអាចកើតឡើងទេ។ ប៉ុន្តែ ទោះជាអ្នកត្រួតពិនិត្យសាលាសរសើរសិស្សស្តីអំពីសុន្ទរកថាដែលទើបថ្លែង ហើយកត់«ល»លើប័ណ្ណឱវាទក៏ដោយ បើចាំបាច់គាត់នឹងប្រាប់អំពីបញ្ហាដែលសិស្សអាចជួបប្រទះក្រោមកាលៈទេសៈផ្សេងៗទៀត។
៩ តើសិស្សម្នាក់អាចដឹងយ៉ាងដូចម្ដេចថា ទំហំសម្លេងរបស់ខ្លួនគឺខ្លាំងល្មម? វិធីដ៏ប្រសើរគឺប្រតិកម្មពីអ្នកស្ដាប់។ ពេលដែលចាប់ផ្ដើមវាចានោះ អ្នកថ្លែងដែលមានបទពិសោធន៍នឹងសង្កេតមើលអស់អ្នកដែលអង្គុយជួរក្រោយ ហើយអាចដឹងពីទឹកមុខនិងអាកប្បកិរិយាថា តើស្ដាប់ឮបានទេ? រួចមក គាត់នឹងនិយាយឲ្យឮខ្លាំងល្មម ស្របតាមកាលៈទេសៈនៃសាលនោះ។
១០ វិធីមួយទៀត គឺយើងអាចយកចិត្តទុកដាក់ស្ដាប់អ្នកថ្លែងឯទៀតក្នុងកម្មវិធីដដែលនោះ។ តើសម្លេងរបស់ពួកគេខ្លាំងល្មមស្រួលស្ដាប់ឬទេ? តើពួកគេមានទំហំសម្លេងខ្លាំងប៉ុណ្ណា? យើងអាចបន្ថែមឬបន្ថយទំហំសម្លេងរបស់យើងតាមដែលយើងពិនិត្យមើលពួកគេនោះ។
១១ ទំហំសម្លេងស្របតាមសាច់រឿង: ការពិគ្រោះអំពីទំហំសម្លេង មិនគួរយល់ច្រឡំនឹងការឡើងចុះសម្លេងឡើយ។ ឥឡូវនេះ យើងចាប់អារម្មណ៍នឹងការមានទំហំសម្លេងស្របតាមសាច់រឿងដែលត្រូវថ្លែង។ ជាឧទាហរណ៍ បើយើងកំពុងតែអាននូវសេចក្ដីថ្កោលទោសពីបទគម្ពីរ យើងត្រូវមានទំហំសម្លេងខ្លាំងជាងការអានឱវាទអំពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើង។ សូមប្រៀបធៀបអេសាយ ៣៦:១១ ជាមួយនឹងខ១២ និង១៣ ហើយកត់សម្គាល់ថា ពេលថ្លែងសេចក្ដីទាំងនោះពីដំបូងមក ពិតជាបានប្រើទំហំសម្លេងខុសៗពីគ្នាដែរ។ យើងត្រូវតែប្រើទំហំសម្លេងស្របតាមសាច់រឿង ប៉ុន្តែមិនគួរធ្វើឲ្យជ្រុលពេកនោះទេ។
១២ ពេលដែលសម្រេចចិត្តថាត្រូវមានទំហំសម្លេងខ្លាំងប៉ុណ្ណា យើងត្រូវពិចារណាពត៌មាននិងគោលបំណងនៃសុន្ទរកថានេះឲ្យបានហ្មត់ចត់។ ប្រសិនបើចង់ជួយអ្នកស្ដាប់ឲ្យយល់ព្រមនឹងគំនិតថ្មី សូមកុំធ្វើឲ្យគេលែងស្ដាប់ ដោយសារយើងនិយាយខ្លាំងពេកនោះឡើយ។ ប៉ុន្តែ បើយើងចង់ជំរុញឲ្យគេធ្វើកិច្ចការអ្វីមួយឲ្យអស់ពីចិត្តនោះ យើងប្រហែលត្រូវនិយាយឲ្យឮខ្លាំងជាង។ ប្រសិនបើពត៌មាននេះតម្រូវឲ្យយើងនិយាយខ្លាំងៗ កុំធ្វើឲ្យពត៌មានទៅជាមិនសំខាន់ដោយប្រើសម្លេងខ្សោយនោះ។
**********
១៣ ការចេះផ្អាកចំកន្លែងត្រូវផ្អាកក្នុងពេលយើងថ្លែងសុន្ទរកថា ក៏សឹងតែសំខាន់ដូចជាការមានទំហំសម្លេងខ្លាំងល្មមនោះដែរ។ ប្រសិនបើគ្មានការផ្អាកទេ នោះអត្ថន័យនៃសុន្ទរកថាអាចទៅជាពិបាកយល់ទៅវិញ ហើយគោលចំណុចដែលអ្នកស្ដាប់ត្រូវចាំ មិនបានដក់ជាប់ក្នុងចិត្តគំនិតរបស់គេទេ។ ការផ្អាកអាចជួយនាំឲ្យយើងមានចិត្តមុតមាំនិងភាពនឹងនរ អនុញ្ញាតឲ្យដកដង្ហើមស្រួលបួល ព្រមទាំងហុចឱកាសឲ្យមានភាពស្ងប់ពេលត្រូវថ្លែងចំណុចដ៏ពិបាកក្នុងសុន្ទរកថា។ ការផ្អាកអាចបង្ហាញដល់អ្នកស្ដាប់ថា យើងមានជំនះលើស្ថានការណ៍ បង្ហាញថាយើងមិនភិតភ័យហួសហេតុ ក៏បង្ហាញថាយើងកំពុងយកចិត្តទុកដាក់នឹងអ្នកស្ដាប់ ហើយមានពត៌មានខ្លះៗដែលចង់ឲ្យពួកគាត់ឮនិងចងចាំដែរ។
១៤ អ្នកថ្លែងសុន្ទរកថាថ្មីត្រូវខំសង្វាតព្យាយាមបណ្ដុះឲ្យចេះផ្អាកឲ្យបានត្រឹមត្រូវ។ ទីមួយ យើងត្រូវតែជឿជាក់ថា អ្វីដែលយើងនឹងនិយាយគឺមានសារៈសំខាន់ ហើយយើងចង់ឲ្យគេចងចាំពត៌មាននោះ។ ជួនកាល មុនពេលដែលម្ដាយប្រដៅកូន គាត់និយាយអ្វីដើម្បីឲ្យកូនប្រុងស្មារតី។ ម្ដាយមិននិយាយបន្តទៀតទេ ទាល់តែកូនប្រុងស្មារតីស្ដាប់គាត់សិន។ រួចមក ម្ដាយនិយាយប្រាប់គំនិតគាត់។ ម្ដាយចង់ធ្វើឲ្យប្រាកដថា កូននឹងមិនធ្វើកន្តើយចំពោះសំដីម្ដាយ ហើយឲ្យកូនចាំពត៌មាននោះ។
-