បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ៥ ទំ. ២៥-២៩
  • ជួយមនុស្សឲ្យយកចិត្ដទុកដាក់នឹងព្រះគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយមនុស្សឲ្យយកចិត្ដទុកដាក់នឹងព្រះគម្ពីរ
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ៥ ទំ. ២៥-២៩

ចំណុច​ហាត់​រៀន​ទី៥

ជួយ​មនុស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ

១ ក្នុង​កិច្ចបំរើ​ផ្សាយ យើង​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​គម្ពីរ​មាន​សារ​ដែល​យើង​ផ្សព្វផ្សាយ ហើយ​យើង​ចង់​ឲ្យ​មនុស្ស​ដឹង​ថា ពាក្យ​ដែល​យើង​និយាយ​គឺ​មក​ពី​ព្រះ មិន​មែន​ជា​សំដី​របស់​យើង​ផ្ទាល់​ទេ។ មនុស្ស​ដែល​ស្រឡាញ់​ព្រះ រមែង​មាន​ទំនុក​ចិត្ត​លើ​ព្រះ​គម្ពីរ។ ពេល​អាន​បទ​គម្ពីរ នោះ​ពួក​គេ​ស្ដាប់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ឱវាទ​នោះ។ ប៉ុន្តែ ពេល​ដែល​គេ​បើក​អាន​ព្រះ​គម្ពីរ​របស់​គេ នោះ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ជាង។ ដូច្នេះ ក្នុង​កិច្ចបំរើ​ផ្សាយ ពេល​កាលៈទេសៈ​ហុច​ឲ្យ យក​ល្អ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​បើក​មើល​ព្រះ​គម្ពីរ​របស់​គាត់ និង​ឲ្យ​យើង​អាន​បទ​គម្ពីរ​នានា​ជា​មួយ​នឹង​គ្នា។ យ៉ាង​ដូច្នេះ​ដែរ នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ ប្រសិន​បើ​យើង​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​បើក​មើល​ព្រះ​គម្ពីរ នោះ​អ្នក​មាន​ចំណាប់អារម្មណ៍​ថ្មីៗនឹង​ដឹង​ភ្លាមៗថា ព្រះ​គម្ពីរ​ជា​ប្រភព​នៃ​ជំនឿ​របស់​យើង ហើយ​ទាំង​អស់​គ្នា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​និង​ការ​អាន​ដោយ​ខ្លួន​ឯង។

២ ដូច្នេះ​ហើយ យើង​អាច​បំពេញ​គោល​បំណង​នៃ​សុន្ទរកថា​យ៉ាង​ស្រួល​ជាង ប្រសិន​បើ​អ្នក​ស្ដាប់​អាច​ផ្ទៀង​មើល​ក្នុង​ព្រះ​គម្ពីរ​របស់​ខ្លួន​ពេល​ដែល​យើង​អាន​បទ​គម្ពីរ​នានា។ តើ​អ្នក​ស្ដាប់​នឹង​បើក​អាន​ព្រះ​គម្ពីរ​ផ្ទៀង​តាម​ឬ​ទេ? នេះ​ច្រើន​តែ​អាស្រ័យ​លើ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ពួក​គេ​ចង់​មើល​តាម​យើង។ ក្នុង​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ ចំណុច​នេះ​ហៅ​ថា «លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​ព្រះ​គម្ពីរ»។

៣ និយាយ​ប្រាប់​អំពី​បទ​គម្ពីរ: វិធី​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​ព្រះ​គម្ពីរ គឺ​ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​បើក​អាន​ព្រះ​គម្ពីរ​តែ​ម្ដង។ នេះ​ជា​វិធី​ដែល​ត្រូវ​បាន​ប្រើ​ជា​ញឹកញយ។ នៅ​ពេល​ខ្លះ យើង​អាច​ទទួល​បាន​លទ្ធផល​ដូច​គ្នា ដោយ​គ្រាន់​តែ​និយាយ​ប្រាប់​អំពី​បទ​គម្ពីរ មុន​នឹង​យើង​អាន។ ប្រហែល​ជា​យើង​អាច​និយាយ​ដូច​នេះ​ថា៖ «ពេល​យើង​អាន​ធីម៉ូថេទី២ ៣:១​-​៥ សូម​គិត​អំពី​ស្ថានភាព​ក្នុង​សហគមន៍​យើង​នេះ»។ រួច​មក ពេល​ដែល​យើង​បើក​បទ​គម្ពីរ​នោះ សូម​ក្រឡេក​មើល​អ្នក​ស្ដាប់​ដើម្បី​ដឹង​ថា តើ​ពួក​គេ​កំពុង​តែ​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នេះ​ឬ​ទេ? ធម្មតា​ពួក​គេ​នឹង​បើក​អាន​បទ​គម្ពីរ​នោះ​ដែរ។

៤ អ្នក​ថ្លែង​សុន្ទរកថា​ត្រូវ​សម្រេច​ចិត្ត​ថា ចង់​លើក​បញ្ជាក់​នូវ​បទ​គម្ពីរ​ណា ដោយ​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​បើក​អាន​បទ​គម្ពីរ​នោះ។ សូម​សង្កេត​មើល​អ្នក​ស្ដាប់។ សូម​យក​ចិត្ត​ទុក​ដាក់​ថា តើ​ពួក​គេ​កំពុង​តែ​បើក​មើល​ព្រះ​គម្ពីរ​តាម​យើង​ឬ​ទេ? សូម្បី​តែ​ពេល​ដែល​យើង​ត្រូវ​ថ្លែង​សុន្ទរកថា​ដែល​ត្រូវ​អាន​ក៏​ដោយ យើង​ក៏​អាច​បញ្ជាក់​នូវ​បទ​គម្ពីរ​សំខាន់ៗបាន តាម​បែប​ដែល​ជំរុញ​ឲ្យ​អ្នក​ស្ដាប់​បើក​អាន​ព្រះ​គម្ពីរ​ផ្ទៀង​មើល​តាម។

៥ ទុក​ពេល​ឲ្យ​គេ​រក​បទ​គម្ពីរ: ការ​ប្រាប់​នូវ​ឈ្មោះ​សៀវភៅ ព្រម​ទាំង​ជំពូក​និង​ខ នោះ​មិន​គ្រប់គ្រាន់​ទេ។ ប្រសិន​បើ​យើង​អាន​បទ​គម្ពីរ​មួយ ហើយ​រួច​មក​បន្ត​ពិគ្រោះ​ចំណុច​មួយ​ទៀត មុន​នឹង​អ្នក​ស្ដាប់​រក​ឃើញ​បទ​គម្ពីរ​នោះ មិន​យូរ​ទេ អ្នក​ស្ដាប់​នឹង​ធ្លាក់​ទឹក​ចិត្ត ហើយ​លែង​ចង់​បើក​អាន​ព្រះ​គម្ពីរ​ទៀត។ សូម​សង្កេត​មើល​អ្នក​ស្ដាប់ ហើយ​ពេល​ពួក​គេ​ភាគ​ច្រើន​បាន​រក​ឃើញ​បទ​គម្ពីរ​នោះ សឹម​អាន​បទ​គម្ពីរ​នោះ។

៦ ចំពោះ​បទ​គម្ពីរ​ដែល​យើង​បំរុង​នឹង​អាន យក​ល្អ​ឲ្យ​យើង​ប្រាប់​អំពី​បទ​គម្ពីរ​នោះ​ទុក​ជា​មុន ដើម្បី​កុំ​ឲ្យ​ខាត​ពេល​ច្រើន ដោយសារ​ផ្អាក​យូរ ឬ​និយាយ​គ្រាន់​តែ​ដើម្បី​បង្គ្រប់​ម៉ោង​ពេល​ចាំ​ឲ្យ​អ្នក​ស្ដាប់​រក​ឃើញ​បទ​គម្ពីរ​នោះ។ ប៉ុន្តែ ការ​ផ្អាក​បន្ដិច​គឺ​សំខាន់​ដែរ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​ប្រាប់​អំពី​បទ​គម្ពីរ​ទុក​ជា​មុន យើង​គួរ​ដឹង​ថា អ្នក​ស្ដាប់​នឹង​មិន​ស្ដាប់​យ៉ាង​ដិត​ដល់​នូវ​ពាក្យ​ខ្លះៗដែល​យើង​និយាយ​នោះ​ទេ។ ដូច្នេះ ក្នុង​ករណី​នេះ ពត៌មាន​ដ៏​សំខាន់​ដែល​ទាក់ទង​នឹង​ហេតុ​អាន​បទ​គម្ពីរ នោះ​ត្រូវ​ថ្លែង​មុន​នឹង​យើង​ប្រាប់​ឈ្មោះ​សៀវភៅ ហើយ​ជំពូក​និង​ខ។

**********

៧ បទ​គម្ពីរ​ដែល​ត្រូវ​អាន​ក្នុង​កំឡុង​ពេល​ថ្លែង​សុន្ទរកថា តាម​ធម្មតា​គឺ​ជា​ចំណុច​សំខាន់​នៃ​សុន្ទរកថា។ ការ​វែកញែក​ហេតុ​ផល​ច្រើន​តែ​ទាក់ទង​នឹង​បទ​គម្ពីរ​ទាំង​នោះ។ តើ​បទ​គម្ពីរ​ទាំង​នោះ​នឹង​ជួយ​យ៉ាង​ណា ពេល​ថ្លែង​សុន្ទរកថា? នេះ​អាស្រ័យ​លើ​ការ​ប្រើ​បទ​គម្ពីរ​នោះ​ដោយ​មាន​ប្រសិទ្ធភាព។ ដូច្នេះ ចំណុច​ដែល​កត់​ទុក​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ អំពី«របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ» គឺ​ជា​ចំណុច​មួយ​ដ៏​សំខាន់​ដែរ។

៨ របៀប​អាន​និង​ពន្យល់​សាច់​រឿង ព្រម​ទាំង​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​នោះ គឺ​មាន​វិធី​ច្រើន​យ៉ាង។ ជា​ឧទាហរណ៍ នៅ​ពេល​ខ្លះ ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យមើល​បទ​គម្ពីរ មិន​គ្រាន់​តែ​ជា​ការ​អញ្ជើញ​ប៉ុណ្ណោះ ឲ្យ​គាត់​ផ្ទៀង​អាន​តាម តែ​ជា​ការ​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ចង់​អាន​បទ​គម្ពីរ​នោះ ដើម្បី​ឲ្យ​ការ​អាន​គ្រាន់​តែ​ជា​ការ​បញ្ជាក់​ចំណុច​សា​ឡើង​វិញ ឬ​ឲ្យ​បាន​ប្រាកដប្រជា។ ផ្ទុយ​ទៅ​វិញ យើង​អាច​អាន​បទ​គម្ពីរ​ខ្លះ​យ៉ាង​មាន​ប្រសិទ្ធភាព​បាន ទោះ​ជា​មិន​បង្ហាញ​មូលហេតុ​អាន​ទុក​ជា​មុន​ក្ដី។ តួ​យ៉ាង​ដូច​ជា ពេល​អាន​បទ​គម្ពីរ​មួយ​ជា​ការ​ផ្ដើម​វាចា​តែ​ម្ដង។

៩ បើ​ចង់​រៀន​នូវ​របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​នោះ សូម​មើល​អ្នក​ថ្លែង​ដែល​មាន​បទពិសោធន៍។ សូម​ខំ​កត់​សម្គាល់​នូវ​របៀប​ផ្សេងៗដែល​ពួក​គាត់​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ។ សូម​ពិនិត្យ​មើល​នូវ​ប្រសិទ្ធភាព​នៃ​វិធី​ទាំង​នោះ។ ពេល​យើង​រៀបចំ​សុន្ទរកថា សូម​គិត​ឲ្យ​បាន​ជ្រៅជ្រះ​ថា បទ​គម្ពីរ​នេះ​គួរ​នឹង​សម្រេច​គោល​ដៅ​អ្វី ជា​ពិសេស​បើ​បទ​គម្ពីរ​នេះ​ជា​បទ​គម្ពីរ​ដ៏​សំខាន់​ដែល​គាំទ្រ​គោល​ចំណុច។ សូម​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​នូវ​របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​នោះ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។ យើង​សូម​បង្ហាញ​របៀប​ខ្លះៗដូច​ត​ទៅ​នេះ៖

១០ សួរ​សំនួរ : សំនួរ​តម្រូវ​ឲ្យ​មាន​ចម្លើយ។ សំនួរ​នឹង​ញ៉ាំង​ឲ្យ​មនុស្ស​គិត។ សូម​ទុក​ឲ្យ​បទ​គម្ពីរ​និង​ការ​ពន្យល់​សាច់​រឿង​នោះ​ផ្ដល់​នូវ​ចម្លើយ​វិញ។ ជា​ឧទាហរណ៍ ពេល​ពិគ្រោះ​អំពី​ការ​បញ្ចូល​ឈាម យើង​ប្រហែល​ជា​បាន​បញ្ជាក់​អំពី​បំរាម​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ​រួច​ទៅ​ហើយ និង​ឥឡូវ​ចង់​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​បើក​អាន​កិច្ចការ ១៥:២៨, ២៩។ យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​នោះ​បាន ដោយ​សួរ​ថា៖ «ប៉ុន្តែ តើ​បំរាម​នេះ​ទាក់ទង​នឹង​ពួក​គ្រីស្ទាន​ឬ​ទេ? សូម​កត់​សម្គាល់​នូវ​ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល​នៃ​ក្រុមជំនុំ​សម័យ​ដើម ដែល​ត្រូវ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ»។

១១ លើក​គោលការណ៍​ឬ​ចំណុច​ណា​មួយ​ដែល​បទ​គម្ពីរ​គាំទ្រ​ចំណុច​នោះ : ជា​ឧទាហរណ៍ សុន្ទរកថា​អំពី​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់ យើង​អាច​និយាយ​ថា៖ «ពួក​អ្នក​ដែល​យើង​ជ្រើសរើស​ជា​ពួក​ម៉ាក ក៏​អាច​មាន​អានុភាព​លើ​គំនិត​របស់​យើង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ»។ រួច​មក យើង​អាច​អាន​ពាក្យ​របស់​សាវ័ក​ប៉ុល​នៅ​កូរិនថូសទី១ ១៥:៣៣ ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​យើង​បាន​និយាយ​នោះ។

១២ សំដៅ​ទៅ​ព្រះ​គម្ពីរ​ជា​ប្រភព​ពត៌មាន​ពិត : ចំពោះ​បទ​គម្ពីរ​បន្ទាប់បន្សំ យើង​អាច​និយាយ​ថា៖ «សូម​កត់​សម្គាល់​ថា តើ​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​យ៉ាង​ណា​អំពី​ចំណុច​នេះ?»។ នេះ​ជា​អ្វី​ដែល​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​បើក​អាន​បទ​គម្ពីរ​ដោយ​មាន​ចំណាប់អារម្មណ៍ ហើយ​ក៏​ផ្ដល់​នូវ​មូលហេតុ​ជាក់​ច្បាស់​ឲ្យ​យើង​ប្រើ​បទ​គម្ពីរ​នោះ។

១៣ លើក​បញ្ហា​មួយ​ឡើង : ក្នុង​សុន្ទរកថា​អំពី«ស្ថាន​នរក» យើង​អាច​និយាយ​ថា៖ «ប្រសិន​បើ​មនុស្ស​ជាតិ​នឹង​រង​ទុក្ខ​ក្នុង​ភ្លើង​នរក​រហូត​មែន នោះ​បាន​សេចក្ដី​ថា គាត់​ដឹង​ខ្លួន​ក្រោយ​ពីស្លាប់ មែន​ទេ? ប៉ុន្តែ សូម​កត់​សម្គាល់​ថា សាស្ដា ៩:៥, ១០ ចែង​យ៉ាង​ណា​អំពី​រឿង​នេះ»។

១៤ ជំរើស : ប្រសិន​បើ​ការ​សួរ​សំនួរ ឬ​ការ​លើក​បញ្ហា​មក​និយាយ​នោះ​គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ពិបាក​យល់ យើង​អាច​លើក​ចំណុច​បី​បួន​ឲ្យ​គាត់​ជ្រើសរើស ហើយ​ទុក​ឲ្យ​បទ​គម្ពីរ​និង​ការ​ពន្យល់​សាច់​រឿង​នោះ​ផ្ដល់​នូវ​ចម្លើយ​វិញ។ ពេល​និយាយ​ជា​មួយ​អ្នក​កាន់​សាសនា​កាតូលិក យើង​អាច​ប្រើ​ម៉ាថាយ ៦:៩ ដើម្បី​បង្ហាញ​ថា យើង​ត្រូវ​អធិស្ឋាន​ថ្វាយ​អ្នក​ណា។ បើ​យើង​សួរ​សំនួរ​ចំៗ ឬ​លើក​បញ្ហា​មក​និយាយ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​នឹក​គិត​មិន​ឃើញ​ទេ។ ដូច្នេះ យើង​អាច​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​យល់​ផ្សេងៗថា តើ​យើង​ត្រូវ​អធិស្ឋាន​ថ្វាយ​អ្នក​ណា? អ្នក​ខ្លះ​ថា យើង​ត្រូវ​អធិស្ឋាន​ថ្វាយ​នាង​ម៉ារា អ្នក​ឯ​ទៀត​ថា​ត្រូវ​អធិស្ឋាន​ថ្វាយ​ព្រះ​យេស៊ូ ប៉ុន្តែ​មាន​អ្នក​ឯ​ទៀត​ថា គួរ​គប្បី​ឲ្យ​យើង​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​វរបិតា​តែ​ប៉ុណ្ណោះ។ សូម​មើល​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្នុង​ខ​នេះ»។

១៥ ពន្យល់​ប្រវត្ដិ​សាស្ត្រ​បន្ដិច​សិន : ក្នុង​សុន្ទរកថា​ដែល​ពិគ្រោះ​អំពី​តម្លៃ​លោះ បើ​យើង​ចង់​អាន​ហេព្រើរ ៩:១២ ដើម្បី​បង្ហាញ​ថា ព្រះ​យេស៊ូ‹បាន​រៀបចំ​សេចក្ដី​ប្រោស​លោះ​នៅ​អស់កល្ប​ជានិច្ច​ចំពោះ​យើង›ដោយ​ថ្វាយ​លោហិត​ទ្រង់ នោះ​យើង​ប្រហែល​ជា​ត្រូវ​ពន្យល់​ប្រវត្ដិ​ពី​រឿង​នោះ​បន្ដិច​សិន មុន​នឹង​អាន​បទ​គម្ពីរ។ យើង​ប្រហែល​ជា​ចង់​ពន្យល់​សង្ខេប​អំពី«ទី​បរិសុទ្ធ»ក្នុង​រោង​ឧបោសថ ដែល​ប៉ុល​បញ្ជាក់​ថា តំណាង​កន្លែង​ដែល​ព្រះ​យេស៊ូ​បាន​ចូល។

១៦ បរិបទ : ជួន​កាល​បរិបទ​នៃ​ខ​ណា​មួយ​ដូច​បាន​ពន្យល់​ក្នុង​ខ​ផ្សេងៗមុន​និង​ក្រោយ​ខ​នោះ ក៏​ជា​ជំនួយ​ដែរ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ។ ជា​ឧទាហរណ៍ មុន​នឹង​អាន​លូកា ២០:២៥ ដើម្បី​បង្ហាញ​ថា​ការ«ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ» មាន​ន័យ​យ៉ាង​ណា គឺ​យក​ល្អ​ឲ្យ​យើង​ពន្យល់​នូវ​កំណត់​ហេតុ​តាម​បរិបទ​ជា​មុន​សិន ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេស៊ូ​ប្រើ​កាក់​ដែល​មាន​រូប​សេសារ​នោះ។

១៧ រួម​បញ្ចូល​វិធី​ផ្សេងៗ : ប្រាកដ​ហើយ យើង​ក៏​អាច​ប្រើ​វិធី​ទាំង​ប៉ុន្មាន​នេះ​ដោយ​រួម​បញ្ចូល​គ្នា ហើយ​នេះ​ក៏​ច្រើន​តែ​មាន​ប្រយោជន៍​ផង​ដែរ។

១៨ ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​គួរ​បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ខ​នោះ ហើយ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​ពេល​យើង​អាន​បទ​គម្ពីរ​នោះ។ ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ក៏​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​យើង​ចង់​អាន​បទ​គម្ពីរ​នោះ។

១៩ បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍​នឹង​បទ​គម្ពីរ: តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា យើង​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​ចំណាប់អារម្មណ៍​នឹង​បទ​គម្ពីរ? គឺ​ដោយ​ប្រតិកម្ម​របស់​អ្នក​ស្ដាប់​ជា​ដើម។ ប៉ុន្តែ យើង​ក៏​អាច​ដឹង​ដែរ​ដោយ​របៀប​ដែល​យើង​លើក​ទឹក​ចិត្ត​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ។ បើ​កាល​ណា​យើង​សួរ​សំនួរ​ពេល​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ តែ​មិនផ្ដល់​នូវ​ចម្លើយ​ភ្លាមៗ ឬ​ពុំ​អាន​បទ​គម្ពីរ​ដើម្បី​ឆ្លើយ​សំនួរ​នោះ ហើយ​យើង​ឃើញ​ពួក​គេ​បញ្ចេញ​ទឹក​មុខ​ចេះ​តែ​ឆ្ងល់ នោះ​យើង​អាច​ដឹង​ប្រាកដ​ថា យើង​បាន​បង្កើត​ចំណាប់អារម្មណ៍​ទៅ​លើ​បទ​គម្ពីរ​នោះ​មែន។ មែន​ហើយ យើង​ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ប្រធាន​និង​ស្រប​តាម​របៀប​ដែល​យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​ពិនិត្យ​មើល​បទ​គម្ពីរ​ដែរ។ ក្រោយ​មក បទ​គម្ពីរ​នោះ​ឬ​ការ​ពន្យល់​ន័យ​បទ​គម្ពីរ​នោះ ត្រូវ​តែ​ឆ្លើយ​នូវ​សំនួរ​ដែល​យើង​បាន​លើក​ឡើង​នៅ​ដើម​ដំបូង។

២០ ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​បទ​គម្ពីរ គឺ​អាច​ប្រៀបប្រដូច​នឹង​ភ្លេង​ដែល​គេ​លេង​មុន​នឹង​ល្ខោន​ចាប់​ផ្ដើម។ ភ្លេង​នោះ​មិន​មែន​ជា​ភ្លេង​ក្នុង​ល្ខោន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​លេង​ភ្លេង​នោះ​គ្រាន់​តែ​នាំ​ឲ្យ​អ្នក​ទស្សនា​យក​ចិត្ត​ទុក​ដាក់​នឹង​ល្ខោន​ដែល​នឹង​ចាប់​ផ្ដើម​សម្ដែង។ បើ​យើង​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​តាម​របៀប​នេះ នោះ​ពួក​គេ​នឹង​ប្រុង​ស្ដាប់​ការ​អាន​បទ​គម្ពីរ​ដោយ​រីករាយ ហើយ​ក៏​នឹង​ទទួល​ប្រយោជន៍​ជា​ទីបំផុត​ពី​បទ​គម្ពីរ​ដែល​យើង​បាន​ជ្រើសរើស​អាន​នោះ។

២១ ប្រមូល​អារម្មណ៍​លើ​មូលហេតុ​ដែល​អាន​បទ​គម្ពីរ: ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រហែល​ជា​មិន​ទាន់​ឆ្លើយ​សំនួរ​ណា​មួយ​នៅ​ឡើយ។ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ក៏​គួរ​តែ​ផ្ដល់​នូវ​មូលហេតុ​ឲ្យ​យើង​អាន​និង​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​គម្ពីរ​នោះ។ ជា​ឧទាហរណ៍ ពេល​ពិគ្រោះ​អំពី​ផែនដី​ជា​លំនៅ​អចិន្ត្រៃយ៍​របស់​មនុស្ស​ជាតិ យើង​អាច​សម្រេច​ចិត្ត​អាន​វិវរណៈ ២១:៣, ៤។ ក្រោយ​ពី​បាន​បញ្ជាក់​ហេតុ​ផល​ខ្លះៗរួច​ហើយ យើង​អាច​និយាយ​ត​ទៅ​ទៀត​ថា៖ «ម្យ៉ាង​ទៀត ក្នុង​បទ​គម្ពីរ​នេះ​នៅ​វិវរណៈ ២១:៣, ៤ សូម​កត់​សម្គាល់​មើល​ថា រោង​ឧបោសថ​ឬ​ត្រសាល​របស់​ព្រះ​នឹង​ត្រូវ​នៅ​ទីណា ពេល​ដែល​លែង​មាន​ការ​រង​ទុក្ខ​និង​សេចក្ដី​ស្លាប់​នោះ»។ សំដី​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​ចំណាប់អារម្មណ៍ ដោយសារ​យើង​ទុក​ឲ្យ​បទ​គម្ពីរ​លើក​ចម្លើយ​វិញ។ ប៉ុន្តែ សំដី​បែប​នេះ​ក៏​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​សំខាន់​ក្នុង​បទ​គម្ពីរ​នោះ​ផង​ដែរ។ ដូច្នេះ ក្រោយ​ពី​យើង​អាន​បទ​គម្ពីរ​នោះ យើង​អាច​ពន្យល់​យ៉ាង​ស្រួល​នូវ​របៀប​ដែល​ចំណុច​នោះ​បញ្ជាក់​ហេតុ​ផល។ ដោយ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សាច់​រឿង​ក្នុង​បទ​គម្ពីរ​បែប​នេះ យើង​អាច​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​បាន។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ?

៣, ៤​. តើ​យើង​អាច​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច​បាន ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ?

៥, ៦​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​មាន​ប្រយោជន៍​ដោយ​ទុក​ពេល​ឲ្យ​អ្នក​ស្ដាប់​រក​បទ​គម្ពីរ ដែល​យើង​ចង់​អាន​នោះ។

៧​-​១៨​. តើ​មាន​វិធី​ណា​ខ្លះ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ?

១៩, ២០​. តើ​យើង​អាច​ដឹង​យ៉ាង​ណា​បាន​ថា យើង​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​ចំណាប់អារម្មណ៍​ចង់​មើល​បទ​គម្ពីរ?

២១​. ហេតុ​អ្វី​ក៏​យើង​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​យើង​ចង់​អាន​បទ​គម្ពីរ​ណា​មួយ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក