ចំណុចហាត់រៀនទី៤
ទំហំសម្លេងនិងការផ្អាក
១ ប្រសិនបើអ្នកដទៃស្ដាប់មិនឮនូវអ្វីដែលយើងនិយាយ នោះសំដីរបស់យើងគឺគ្មានប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ ប្រសិនបើទំហំសម្លេងយើងឮខ្លាំងពេក នេះនឹងធ្វើឲ្យអ្នកស្ដាប់សង្កៀរត្រចៀកណាស់ ហើយធ្វើឲ្យពួកគេលែងប្រុងស្មារតីនឹងចំណុចសំខាន់ៗដែលយើងបានរៀបចំ។ ហេតុដែលយើងគួរយកចិត្តទុកដាក់នឹងទំហំសម្លេងខ្លាំងល្មម គឺពីព្រោះជាញឹកញយក្នុងសាលប្រជុំជាច្រើន អស់អ្នកដែលអង្គុយនៅខាងក្រោយពុំអាចឮចម្លើយរបស់អ្នកដែលអង្គុយនៅខាងមុខទេ។ ជួនកាលអ្នកថ្លែងនៅលើវេទិកាមានទំហំសម្លេងខ្សោយ ហេតុនេះហើយគាត់ពុំអាចជំរុញទឹកចិត្តអ្នកស្ដាប់បានឡើយ។ នៅក្នុងកិច្ចបំរើផ្សាយ យើងក៏ជួបមនុស្សខ្លះដែលមានត្រចៀកធ្ងន់ ហើយយើងក៏ប្រឈមមុខនឹងសូរសម្លេងរំខាន មិនថាពីក្រៅផ្ទះឬក្នុងផ្ទះឡើយ។ កត្ដាទាំងនេះបញ្ជាក់ថាយើងត្រូវយកចិត្តទុកដាក់ឲ្យមានទំហំសម្លេងខ្លាំងល្មម។
២ សម្លេងខ្លាំងល្មមឲ្យស្រួលស្ដាប់: ក្នុងការពិចារណាឲ្យដឹងថា ត្រូវការទំហំសម្លេងប៉ុណ្ណា នោះមុនដំបូងយើងគួរសួរថា តើខ្ញុំនិយាយដោយសម្លេងខ្លាំងល្មមឬទេ? បើនិយាយឲ្យចំទៅ តើអ្នកស្ដាប់នៅជួរខាងក្រោយអាចឮសម្លេងយើងបានទេ ដោយឥតឮខ្លាំងពេកចំពោះអស់អ្នកនៅខាងមុខនោះ? ចំពោះសិស្សថ្មីការពិចារណាបែបនេះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ចំពោះសិស្សដែលមានបទពិសោធន៍ច្រើន គាត់គួរខំព្យាយាមឲ្យចេះស្ទាត់នូវលក្ខណៈផ្សេងៗទៀតដែលមានដូចតទៅនេះ។ អ្នកត្រួតពិនិត្យសាលាគួរសម្រេចចិត្តថា តើត្រូវឲ្យឱវាទសិស្សអំពីលក្ខណៈនេះដល់កំរិតណា។
៣ ទំហំសម្លេងស្របតាមកាលៈទេសៈ: អ្នកថ្លែងសុន្ទរកថាត្រូវចេះដឹងនូវស្ថានភាពផ្សេងៗ។ នេះនឹងបង្កើននូវសមត្ថភាពចេះវែកញែករបស់គាត់ ធ្វើឲ្យគាត់ចេះប្រែប្រួលតាមកាលៈទេសៈនិងធ្វើឲ្យពត៌មានជ្រួតជ្រាបក្នុងចិត្តរបស់អ្នកស្ដាប់ ថែមទាំងធ្វើឲ្យពួកគេចង់ស្ដាប់ជាបន្តដោយមិនធុញទ្រាន់។
៤ ធម្មតាគឺមានស្ថានភាពខុសៗគ្នាពីសាលប្រជុំមួយទៅសាលប្រជុំមួយ ហើយចំនួនអ្នកស្ដាប់ក៏ខុសពីគ្នាដែរ។ ដើម្បីយកឈ្នះលើកាលៈទេសៈនោះ យើងក៏ត្រូវចេះប្រើទំហំសម្លេងយើងដែរ។ ពេលយើងថ្លែងសុន្ទរកថានៅក្នុងសាលប្រជុំ យើងត្រូវមានទំហំសម្លេងខ្លាំងជាងការនិយាយប្រាប់អ្នកចាប់អារម្មណ៍ថ្មីនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ម្យ៉ាងវិញទៀត ក្នុងការប្រជុំសំរាប់កិច្ចផ្សាយបំរើដែលមានក្រុមតូចមួយនៅខាងមុខសាលប្រជុំ គឺត្រូវការទំហំសម្លេងតិចជាងការប្រជុំអប់រំកិច្ចបំរើ ពេលដែលមានមនុស្សពេញសាលប្រជុំ។
៥ ប៉ុន្តែ សូម្បីតែមានស្ថានភាពដូចខាងលើនេះក៏មិនមានជានិច្ចនោះទេ។ សម្លេងរំខានអាចកើតឡើងភ្លាមៗនៅខាងក្នុងនិងខាងក្រៅសាលប្រជុំ ដូចជារថយន្តបើកកាត់ រទេះភ្លើងនៅជិតតំបន់នោះ សម្រែកសត្វយំ កូនក្មេងយំ ឬមនុស្សមកប្រជុំយឺត។ ស្ថានការណ៍ទាំងនេះតម្រូវឲ្យយើងចេះប្រែប្រួលឲ្យមានសម្លេងខ្លាំងល្មមស្របតាមកាលៈទេសៈ។ ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងសម្លេងដែលអាចរំខាននោះ ហើយមិនផ្អាកឬនិយាយឲ្យបានឮខ្លាំងល្មមទេ នោះប្រហែលជាអ្នកស្ដាប់នឹងមិនទទួលប្រយោជន៍ពីចំណុចសំខាន់របស់យើងនោះទេ។
៦ ក្រុមជំនុំជាច្រើនមានឧបករណ៍សម្លេង។ ប៉ុន្តែ ប្រសិនបើមិនប្រើឧបករណ៍សម្លេងឲ្យបានត្រឹមត្រូវទេ ហើយសម្លេងសិស្សឡើងថ្លង់ឬចុះខ្សោយខ្លាំងនោះ សិស្សប្រហែលជាត្រូវទទួលឱវាទដោយសារគាត់មិនបានប្រែប្រួលតាមកាលៈទេសៈ។
៧ យូរៗម្ដង អ្នកថ្លែងម្នាក់ប្រហែលជាមិនចេះស្ទាត់ក្នុងការប្រើទំហំសម្លេង ពីព្រោះគាត់មានសម្លេងខ្សោយ។ ប្រសិនបើយើងមានបញ្ហាដូច្នេះ ហើយសម្លេងយើងមិនសូវឮច្បាស់ នោះអ្នកត្រួតពិនិត្យសាលានឹងយល់ដល់កំរិតសមត្ថភាពរបស់សិស្ស ពេលគាត់ជូនឱវាទ។ គាត់អាចឲ្យយោបល់ខ្លះដែលប្រាប់ពីវិធីឲ្យចេះបញ្ចេញសម្លេងខ្លាំងល្មម។ ក៏ប៉ុន្តែ លក្ខណៈនៃសម្លេងជាចំណុចផ្សេងទៀត ហើយអ្នកជូនឱវាទនឹងមិននិយាយវែងឆ្ងាយអំពីចំណុចនោះ ពេលជូនឱវាទអំពីទំហំសម្លេងទេ។
៨ យើងពុំអាចគិតដល់កាលៈទេសៈសព្វបែបយ៉ាងក្នុងសុន្ទរកថាតែមួយទេ។ យើងនឹងទទួលឱវាទចំពោះតែសុន្ទរកថាដែលទើបនឹងថ្លែង មិនមែនចំពោះគ្រប់កាលៈទេសៈដែលអាចកើតឡើងទេ។ ប៉ុន្តែ ទោះជាអ្នកត្រួតពិនិត្យសាលាសរសើរសិស្សស្តីអំពីសុន្ទរកថាដែលទើបថ្លែង ហើយកត់«ល»លើប័ណ្ណឱវាទក៏ដោយ បើចាំបាច់គាត់នឹងប្រាប់អំពីបញ្ហាដែលសិស្សអាចជួបប្រទះក្រោមកាលៈទេសៈផ្សេងៗទៀត។
៩ តើសិស្សម្នាក់អាចដឹងយ៉ាងដូចម្ដេចថា ទំហំសម្លេងរបស់ខ្លួនគឺខ្លាំងល្មម? វិធីដ៏ប្រសើរគឺប្រតិកម្មពីអ្នកស្ដាប់។ ពេលដែលចាប់ផ្ដើមវាចានោះ អ្នកថ្លែងដែលមានបទពិសោធន៍នឹងសង្កេតមើលអស់អ្នកដែលអង្គុយជួរក្រោយ ហើយអាចដឹងពីទឹកមុខនិងអាកប្បកិរិយាថា តើស្ដាប់ឮបានទេ? រួចមក គាត់នឹងនិយាយឲ្យឮខ្លាំងល្មម ស្របតាមកាលៈទេសៈនៃសាលនោះ។
១០ វិធីមួយទៀត គឺយើងអាចយកចិត្តទុកដាក់ស្ដាប់អ្នកថ្លែងឯទៀតក្នុងកម្មវិធីដដែលនោះ។ តើសម្លេងរបស់ពួកគេខ្លាំងល្មមស្រួលស្ដាប់ឬទេ? តើពួកគេមានទំហំសម្លេងខ្លាំងប៉ុណ្ណា? យើងអាចបន្ថែមឬបន្ថយទំហំសម្លេងរបស់យើងតាមដែលយើងពិនិត្យមើលពួកគេនោះ។
១១ ទំហំសម្លេងស្របតាមសាច់រឿង: ការពិគ្រោះអំពីទំហំសម្លេង មិនគួរយល់ច្រឡំនឹងការឡើងចុះសម្លេងឡើយ។ ឥឡូវនេះ យើងចាប់អារម្មណ៍នឹងការមានទំហំសម្លេងស្របតាមសាច់រឿងដែលត្រូវថ្លែង។ ជាឧទាហរណ៍ បើយើងកំពុងតែអាននូវសេចក្ដីថ្កោលទោសពីបទគម្ពីរ យើងត្រូវមានទំហំសម្លេងខ្លាំងជាងការអានឱវាទអំពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើង។ សូមប្រៀបធៀបអេសាយ ៣៦:១១ ជាមួយនឹងខ១២ និង១៣ ហើយកត់សម្គាល់ថា ពេលថ្លែងសេចក្ដីទាំងនោះពីដំបូងមក ពិតជាបានប្រើទំហំសម្លេងខុសៗពីគ្នាដែរ។ យើងត្រូវតែប្រើទំហំសម្លេងស្របតាមសាច់រឿង ប៉ុន្តែមិនគួរធ្វើឲ្យជ្រុលពេកនោះទេ។
១២ ពេលដែលសម្រេចចិត្តថាត្រូវមានទំហំសម្លេងខ្លាំងប៉ុណ្ណា យើងត្រូវពិចារណាពត៌មាននិងគោលបំណងនៃសុន្ទរកថានេះឲ្យបានហ្មត់ចត់។ ប្រសិនបើចង់ជួយអ្នកស្ដាប់ឲ្យយល់ព្រមនឹងគំនិតថ្មី សូមកុំធ្វើឲ្យគេលែងស្ដាប់ ដោយសារយើងនិយាយខ្លាំងពេកនោះឡើយ។ ប៉ុន្តែ បើយើងចង់ជំរុញឲ្យគេធ្វើកិច្ចការអ្វីមួយឲ្យអស់ពីចិត្តនោះ យើងប្រហែលត្រូវនិយាយឲ្យឮខ្លាំងជាង។ ប្រសិនបើពត៌មាននេះតម្រូវឲ្យយើងនិយាយខ្លាំងៗ កុំធ្វើឲ្យពត៌មានទៅជាមិនសំខាន់ដោយប្រើសម្លេងខ្សោយនោះ។
**********
១៣ ការចេះផ្អាកចំកន្លែងត្រូវផ្អាកក្នុងពេលយើងថ្លែងសុន្ទរកថា ក៏សឹងតែសំខាន់ដូចជាការមានទំហំសម្លេងខ្លាំងល្មមនោះដែរ។ ប្រសិនបើគ្មានការផ្អាកទេ នោះអត្ថន័យនៃសុន្ទរកថាអាចទៅជាពិបាកយល់ទៅវិញ ហើយគោលចំណុចដែលអ្នកស្ដាប់ត្រូវចាំ មិនបានដក់ជាប់ក្នុងចិត្តគំនិតរបស់គេទេ។ ការផ្អាកអាចជួយនាំឲ្យយើងមានចិត្តមុតមាំនិងភាពនឹងនរ អនុញ្ញាតឲ្យដកដង្ហើមស្រួលបួល ព្រមទាំងហុចឱកាសឲ្យមានភាពស្ងប់ពេលត្រូវថ្លែងចំណុចដ៏ពិបាកក្នុងសុន្ទរកថា។ ការផ្អាកអាចបង្ហាញដល់អ្នកស្ដាប់ថា យើងមានជំនះលើស្ថានការណ៍ បង្ហាញថាយើងមិនភិតភ័យហួសហេតុ ក៏បង្ហាញថាយើងកំពុងយកចិត្តទុកដាក់នឹងអ្នកស្ដាប់ ហើយមានពត៌មានខ្លះៗដែលចង់ឲ្យពួកគាត់ឮនិងចងចាំដែរ។
១៤ អ្នកថ្លែងសុន្ទរកថាថ្មីត្រូវខំសង្វាតព្យាយាមបណ្ដុះឲ្យចេះផ្អាកឲ្យបានត្រឹមត្រូវ។ ទីមួយ យើងត្រូវតែជឿជាក់ថា អ្វីដែលយើងនឹងនិយាយគឺមានសារៈសំខាន់ ហើយយើងចង់ឲ្យគេចងចាំពត៌មាននោះ។ ជួនកាល មុនពេលដែលម្ដាយប្រដៅកូន គាត់និយាយអ្វីដើម្បីឲ្យកូនប្រុងស្មារតី។ ម្ដាយមិននិយាយបន្តទៀតទេ ទាល់តែកូនប្រុងស្មារតីស្ដាប់គាត់សិន។ រួចមក ម្ដាយនិយាយប្រាប់គំនិតគាត់។ ម្ដាយចង់ធ្វើឲ្យប្រាកដថា កូននឹងមិនធ្វើកន្តើយចំពោះសំដីម្ដាយ ហើយឲ្យកូនចាំពត៌មាននោះ។
១៥ មនុស្សខ្លះនិយាយមិនចេះផ្អាកទេ សូម្បីតែនិយាយធម្មតារាល់ថ្ងៃក៏ដោយ។ ប្រសិនបើយើងមានបញ្ហានេះ យើងចង់បណ្ដុះនូវលក្ខណៈនេះក្នុងការនិយាយ ដើម្បីឲ្យកិច្ចបំរើផ្សាយរបស់យើងមានប្រសិទ្ធភាព។ ក្នុងកិច្ចបំរើផ្សាយ យើងនិយាយមានបែបបទជាការសន្ទនា។ យើងត្រូវចេះផ្អាកឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យម្ចាស់ផ្ទះកាត់សំដីយើង តែឲ្យគាត់ស្ដាប់ទាល់តែយើងនិយាយចប់។ ប៉ុន្តែ បំនិនក្នុងការផ្អាកយ៉ាងត្រឹមត្រូវពេលដែលសន្ទនាជាមួយគ្នានោះ គឺសំខាន់ចាំបាច់ហើយមានប្រយោជន៍ដូចគ្នា ពេលដែលយើងផ្អាកក្នុងការនិយាយលើវេទិកាដែរ។
១៦ បញ្ហាដ៏ធំមួយដែលរារាំងការផ្អាកយ៉ាងត្រឹមត្រូវពេលថ្លែងសុន្ទរកថា គឺដោយសារមានពត៌មានច្រើនពេក។ យើងត្រូវជៀសវាងកុំឲ្យមានពត៌មានច្រើនពេកជាដាច់ខាត។ ចូរអនុញ្ញាតឲ្យមានពេលផ្អាកចុះ! ដ្បិតនេះគឺសំខាន់ចាំបាច់។
១៧ ផ្អាកតាមវណ្ណយុត្ត: ការផ្អាកតាមវណ្ណយុត្តបានន័យថា យើងចង់បញ្ជាក់គំនិតឲ្យបានច្បាស់លាស់ ឬចង់បែងចែករវាងគំនិតផ្សេងៗដែលទាក់ទងគ្នា។ ការផ្អាកតាមវណ្ណយុត្តអាចជួយបញ្ជាក់ពីឃ្លា ប្រយោគ ឬចុងប្រយោគ និងចុងវគ្គជាដើម។ តាមធម្មតា យើងអាចបញ្ជាក់ពីការផ្លាស់ប្ដូរបែបនេះដោយលើកដាក់សម្លេង ប៉ុន្តែការផ្អាកក៏មានប្រសិទ្ធភាពដែរ។ ហើយដូចជាការដកឃ្លានិងខណ្ឌមានសារៈសំខាន់ក្នុងការបែងចែកប្រយោគ នោះការផ្អាកក៏ត្រូវផ្លាស់ប្ដូរតាមវណ្ណយុត្តយ៉ាងដូច្នេះដែរ។
១៨ បើយើងផ្អាកខុសកន្លែង នោះអាចផ្លាស់ប្ដូរគំនិតទាំងស្រុងក្នុងប្រយោគ។ តួយ៉ាងដូចជាពាក្យរបស់សាវ័កប៉ុលនៅធីម៉ូថេទី១ ៥:២៣ ដែលថា៖ «កុំឲ្យផឹកទឹក តែប៉ុណ្ណោះ»។ ប្រសិនបើយើងផ្អាកខុសកន្លែង នេះអាចផ្លាស់ប្ដូរន័យថា៖ «កុំឲ្យផឹកទឹកតែប៉ុណ្ណោះ»។ ដូច្នេះហើយ ការផ្អាកយ៉ាងត្រឹមត្រូវ គឺចាំបាច់ដើម្បីបញ្ជាក់នូវគំនិតដែលយើងចង់ប្រាប់។
១៩ បើយើងយកចិត្តទុកដាក់នឹងវណ្ណយុត្តពេលអានឯកសារដែលមានជាលាយលក្ខណ៍អក្សរនោះ នេះនឹងជួយយើងចេះផ្អាកពេលនិយាយដោយឥតមើលកំណត់។ សញ្ញាវណ្ណយុត្តដែលជួនកាលយើងមិនចាំបាច់ធ្វើតាមពេលអាន គឺមានតែដកឃ្លាទេ។ ការផ្អាកឬមិនផ្អាកតាមដកឃ្លា គឺច្រើនតែជាការសម្រេចចិត្តខ្លួនឯង។ ប៉ុន្តែ យើងត្រូវតែផ្អាកត្រង់ខណ្ឌ អព្ភន្តរសញ្ញា និងវគ្គបញ្ចប់។
២០ ពេលយើងរៀបចំសុន្ទរកថាដែលត្រូវអានជាសាធារណៈឬអានបទគម្ពីរ ប្រហែលជាមានប្រយោជន៍បើយើងគូសលើពត៌មានដែលយើងនឹងអាន។ យើងអាចគូសបន្ទាត់រវាងប្រយោគដែលត្រូវផ្អាកបន្ដិច ហើយអាចគូសពីរបន្ទាត់សំរាប់ពេលដែលត្រូវផ្អាកយូរជាង។
២១ ផ្ទុយទៅវិញ ពេលដែលយើងហាត់អាន បើយើងឃើញថាប្រយោគខ្លះពិបាកអាន ហើយយើងចេះតែផ្អាកខុសកន្លែងជានិច្ច យើងអាចប្រើខ្មៅដៃគូសភ្ជាប់ពាក្យទាំងប៉ុន្មានដែលត្រូវអានក្នុងប្រយោគនោះ។ រួចមក សូមអានពីដើមប្រយោគរហូតដល់ចុងប្រយោគដោយមិនផ្អាក។ អ្នកថ្លែងសុន្ទរកថាជាច្រើនដែលមានបទពិសោធន៍បានធ្វើដូច្នេះ។
២២ ផ្អាកមុននឹងពិគ្រោះចំណុចថ្មី: ពេលដែលយើងបានពិគ្រោះគោលចំណុចមួយហើយ នោះការផ្អាកនឹងអនុញ្ញាតឲ្យអ្នកស្ដាប់មានឱកាសរំពឹងគិតបន្ដិចសិន មុននឹងយើងពិគ្រោះគោលចំណុចមួយទៀត។ ម្យ៉ាងវិញទៀត នេះអាចជួយបង្ការកុំឲ្យមានការយល់ច្រឡំ។ ការផ្អាកនឹងអនុញ្ញាតឲ្យអ្នកស្ដាប់មានពេលគិត ព្រមទាំងទទួលស្គាល់ថា យើងនឹងពិគ្រោះចំណុចថ្មីមួយទៀត ហើយនេះក៏ឲ្យគេយល់យ៉ាងច្បាស់នូវចំណុចថ្មីដែលយើងនឹងពន្យល់។ ការផ្អាកមុននឹងពិគ្រោះចំណុចថ្មីនោះ គឺសំខាន់ណាស់ ក៏ប្រៀបដូចជាអ្នកបើករថយន្តដែលត្រូវបង្អង់ល្បឿនមុនបត់ពីផ្លូវមួយទៅផ្លូវមួយទៀតដែរ។
២៣ បើយើងថ្លែងសុន្ទរកថាដោយឥតអានតាមកំណត់ យើងត្រូវរៀបចំពត៌មានក្នុងទម្រង់ការដែលអនុញ្ញាតឲ្យយើងផ្អាករវាងគោលចំណុចនិមួយៗ។ ទង្វើនេះមិនគួរប៉ះទង្គិចនឹងភាពជាប់គ្នាឬភាពទាក់ទងគ្នាហូរហែនៃសុន្ទរកថាទេ ប៉ុន្តែយើងត្រូវរៀបចំចំណុចនោះឲ្យបានល្អ ដើម្បីឲ្យយើងអាចបញ្ជាក់ចំណុចនោះខ្លាំងជាងគេ រួចមកអាចផ្អាកផង ហើយក្រោយមកពិគ្រោះអំពីគោលចំណុចមួយទៀត។ បើត្រូវការនោះ យើងអាចកត់ចំណាំក្នុងទម្រង់ការ ដើម្បីរំឭកពីចំណុចណាដែលត្រូវបញ្ជាក់ខ្លាំងជាងគេ ហើយកន្លែងណាដែលផ្លាស់ពីចំណុចមួយចូលទៅចំណុចមួយទៀត។
២៤ តាមធម្មតា ការផ្អាកមុននឹងពិគ្រោះចំណុចថ្មីនោះ គឺយូរជាងការផ្អាកតាមវណ្ណយុត្ត។ ប៉ុន្តែ យើងមិនគួរផ្អាកយូរពេក ដ្បិតនេះអាចធ្វើឲ្យអ្នកស្ដាប់ធុញទ្រាន់នឹងសុន្ទរកថានោះ។ បើផ្អាកយូរពេក នោះធ្វើឲ្យការនិយាយរបស់យើងទៅជាខុសធម្មតាទៅវិញ។
២៥ ផ្អាកដើម្បីបញ្ជាក់ចំណុច: ការផ្អាកដើម្បីបញ្ជាក់ចំណុច តាមធម្មតាគឺជាការផ្អាកដើម្បីបង្កើតចំណាប់អារម្មណ៍។ ការផ្អាកបែបនេះហុចឱកាសឲ្យអ្នកស្ដាប់គិតទៅលើអ្វីដែលយើងបានថ្លែង ឬនាំឲ្យពួកគេរង់ចាំស្ដាប់ពត៌មានជាបន្តបន្ទាប់ទៀត។
២៦ ការផ្អាកមុនពេលលើកគោលចំណុច នោះនាំឲ្យអ្នកស្ដាប់រង់ចាំស្ដាប់យ៉ាងរំភើប។ ហើយការផ្អាកក្រោយពីបានលើកគោលចំណុចវិញ ក៏អនុញ្ញាតឲ្យខ្លឹមសារនៃចំណុចនោះជ្រួតជ្រាបដល់ចិត្តរបស់អ្នកស្ដាប់។ ការផ្អាកពីរយ៉ាងនេះគឺមិនដូចគ្នាទេ។ ដូច្នេះយើងត្រូវតែសម្រេចចិត្តថា តើការផ្អាកមួយណាគឺត្រឹមត្រូវជាងក្នុងករណីណាមួយ ឬតើត្រូវប្រើការផ្អាកទាំងពីរយ៉ាងវិញ?
២៧ ការផ្អាកដើម្បីបញ្ជាក់ចំណុចត្រូវប្រើសំរាប់តែចំណុចសំខាន់បំផុតប៉ុណ្ណោះ។ បើមិនដូច្នេះទេ ការផ្អាកនោះលែងមានតម្លៃ។
២៨ ផ្អាកតាមកាលៈទេសៈ: តាមធម្មតា សម្លេងរំខានតម្រូវឲ្យអ្នកថ្លែងផ្អាកមួយភ្លែត។ ប្រសិនបើសម្លេងរំខាននេះគឺមិនឡូឡាខ្លាំងទេ យកល្អឲ្យយើងបន្ថែមសម្លេងឲ្យឮខ្លាំងជាង ហើយនិយាយជាបន្ត។ ប៉ុន្តែ ប្រសិនបើសម្លេងរំខានឡូឡាខ្លាំងដល់ម្ល៉េះបានជាស្ដាប់សុន្ទរកថាមិនឮទៀត នោះយើងត្រូវតែផ្អាកសិន។ អ្នកស្ដាប់នឹងអបអរបើយើងធ្វើដូច្នេះ។ ម្យ៉ាងវិញទៀត ពួកគេមិនប្រុងស្មារតីស្ដាប់ទេដោយសារតែសម្លេងរំខាននោះ។ ដូច្នេះ ចូរចេះផ្អាកបែបយ៉ាងណាដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យអ្នកស្ដាប់ទទួលប្រយោជន៍យ៉ាងពេញលេញពីពត៌មានដ៏ល្អៗដែលយើងចង់ប្រាប់ពួកគេនោះ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. ហេតុអ្វីក៏យើងត្រូវនិយាយខ្លាំងល្មមដើម្បីឲ្យស្រួលស្ដាប់?
៣-១០. តើមានកាលៈទេសៈអ្វីដែលជួយយើងឲ្យដឹងថា ត្រូវប្រើទំហំសម្លេងប៉ុណ្ណា?
១១, ១២. ហេតុអ្វីក៏ចាំបាច់ឲ្យមានទំហំសម្លេងស្របតាមសាច់រឿង?
១៣-១៦. សូមរៀបរាប់ពីប្រយោជន៍នៃការផ្អាក។ ១៧-២១.
សូមពន្យល់នូវសារៈសំខាន់នៃការផ្អាកតាមវណ្ណយុត្ត។
២២-២៤. ហេតុអ្វីក៏ចាំបាច់ឲ្យយើងផ្អាកមុននឹងពិគ្រោះចំណុចថ្មី?
២៥-២៨. សូមបង្ហាញនូវរបៀបដែលការផ្អាកអាចជួយយើងបញ្ជាក់ចំណុចណាមួយ ព្រមទាំងជួយពេលមានសម្លេងរំខាន។