បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើបុរាណវត្ថុវិទ្យាមានភស្តុតាងថាពិតជាមានព្រះយេស៊ូទេ?
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ កញ្ញា
    • សំខាន់​ណាស់។ ដូច្នេះ​ពួក​គេ​សន្និដ្ឋាន​ថា​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​ផ្ដើម​គ្រីស្ទ​សាសនា។

      តើ​នោះ​ជា​កោដ្ឋ​ពិត​ប្រាកដ​មួយ​ឬ?

      តើ​កោដ្ឋ​ជា​អ្វី? កោដ្ឋ​របស់​ជនជាតិ​យូដា​ជា​ប្រអប់​សំរាប់​ដាក់​ធាតុ​របស់​អ្នក​ស្លាប់​ក្រោយ​រូប​កាយ​បាន​រលួយ​ក្នុង​ផ្នូរ​នៅ​ក្នុង​រូង​ភ្នំ​អស់​ទៅ។ កោដ្ឋ​ជា​ច្រើន​ត្រូវ​បាន​មនុស្ស​លួច​ពី​ទី​បញ្ចុះ​សព​ផ្សេង​ៗ​នៅ​ក្រុង​យេរូសាឡិម។ ប្រអប់​ដែល​មាន​ឈ្មោះ​យ៉ាកុប​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្សារ​លក់​វត្ថុ​បុរាណ មិន​មែន​ពី​កន្លែង​ជីក​ដី​ស្រាវ​ជ្រាវ​ជា​ផ្លូវ​ការ​ទេ។ មាន​គេ​ប្រាប់​ថា​ម្ចាស់​កោដ្ឋ​នោះ​បាន​ទិញ​វា​ក្នុង​តម្លៃ​តែ​ពីរ​បី​រយ​ដុល្លារ​នៅ​ទសវត្ស​ឆ្នាំ​១៩៧០។ ដូច្នេះ ប្រភព​ដើម​នៃ​កោដ្ឋ​នេះ​ជា​អាថ៌​កំបាំង​មួយ។ លោក​ប៊្រូស ឈីលតុង សាស្ដ្រាចារ្យ​ម្នាក់​នៅ​សកល​វិទ្យាល័យ​បាដ​នៅ​រដ្ឋ​ញូវយ៉ក​បាន​ប្រាប់​ថា៖«បើ​អ្នក​មិន​ដឹង​ថា​វត្ថុ​បុរាណ​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ណា ឬ​ក៏​មិន​ដឹង​ថា​វា​បាន​ស្ថិត​នៅ​កន្លែង​ណា​ក្នុង​កំឡុង​២.០០០​ឆ្នាំ​កន្លង​មក នោះ​អ្នក​ក៏​គ្មាន​ទី​សំអាង​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​វត្ថុ​នោះ​នឹង​មនុស្ស​ដែល​មាន​ឈ្មោះ​លើ​វត្ថុ​បុរាណ​នោះ​ដែរ»។

      ដើម្បី​ដោះ​ស្រាយ​នូវ​កង្វះ​ខាត​អំពី​ទី​សំអាង​ផ្នែក​បុរាណ​វត្ថុ​វិទ្យា លោក​អនត្រេ ឡាមែរ​ផ្ញើ​ប្រអប់​នោះ​ទៅ​ក្រសួង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​និង​ភូមិ​សាស្ត្រ​អ៊ីស្រាអែល។ អ្នក​ស្រាវ​ជ្រាវ​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា កោដ្ឋ​នោះ​ធ្វើ​អំពី​ថ្ម​កំបោរ​ពី​សតវត្ស​ទី​មួយ​ឬ​ទី​ពីរ​ស.យ.។ ពួក​គេ​បាន​រាយ​ការណ៍​ថា​ពួក​គេ«រក​មិន​ឃើញ​អ្វី​ដែល​ចង្អុល​ប្រាប់​ថា​ឧបករណ៍​ទំនើប​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ធ្វើ​កោដ្ឋ​នោះ​ទេ»។ យ៉ាង​ណា​ក៏​ដោយ បណ្ឌិត​ព្រះ​គម្ពីរ​ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយ​កាសែត​មួយ​បាន​ប្រាប់​ថា«ទោះ​ជា​មាន​ភស្តុ​តាង​ប្រយោល​ដែល​បង្ហាញ​ថា​កោដ្ឋ​នេះ​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​ប្រហែល​ជា​ភស្តុ​តាង​រឹង​មាំ​មែន​ក៏​ដោយ វា​នៅ​តែ​ជា​ភស្តុ​តាង​ប្រយោល​ប៉ុណ្ណោះ»។ The New York Times

      ទស្សនាវដ្ដី​មួយ​បាន​ប្រាប់​ថា៖«សព្វ​ថ្ងៃ​នេះ អ្នក​ចេះ​ដឹង​សឹង​តែ​គ្រប់​រូប​ទាំង​អស់​ជឿ​ថា​ធ្លាប់​មាន​ព្រះ​យេស៊ូ​មែន»។ (Time) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​គិត​ថា​គួរ​តែ​មាន​ភស្តុ​តាង​ក្រៅ​ពី​ព្រះ​គម្ពីរ​ទៀត​ដើម្បី​បង្ហាញ​ថា​ពិត​ប្រាកដ​ធ្លាប់​មាន​ព្រះ​យេស៊ូ​មែន។ តើ​បុរាណ​វត្ថុ​វិទ្យា​គួរ​ជា​ទី​សំអាង​នៃ​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​ទេ? តើ​មាន​ភស្តុ​តាង​ក្នុង​ប្រវត្ដិ​សាស្ត្រ​ដែល​បញ្ជាក់​ថា​ពិត​ជា​ធ្លាប់​មាន «បុគ្គល​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​គង់​នៅ​ផែនដី»ឬ​ទេ?

  • ភស្តុតាងដែលបង្ហាញថាព្រះយេស៊ូគ្រីស្ទធ្លាប់គង់នៅផែនដី
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ កញ្ញា
    • ភស្តុ​តាង​ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ធ្លាប់​គង់​នៅ​ផែនដី

      មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ជួប​អ្នក​វិទ្យា​សាស្ត្រ​ល្បី​ម្នាក់​ឈ្មោះ​អាលប៊ឺត អាំងស្ដាំង។ នៅ​ប្រទេស​ខ្លះ មនុស្ស​ភាគ​ច្រើន​ក៏​មិន​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ។ ក៏​ប៉ុន្តែ សេចក្ដី​រាយ​ការណ៍​ដែល​អាច​យក​ជា​ការ​បាន​បញ្ជាក់​ស្នា​ដៃ​របស់​លោក ហើយ​នេះ​ជា​ភស្តុ​តាង​ថា​លោក​ពិត​ជា​ធ្លាប់​មាន​មែន។ យើង​ទទួល​អានុភាព​ពី​ជីវិត​គាត់​តាម​រយៈ​វិទ្យា​សាស្ត្រ​អនុវត្ត​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​របក​គំហើញ​របស់​លោក។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ទទួល​ប្រយោជន៍​ពី​អគ្គិសនី ដែល​ក្នុង​ករណី​ខ្លះ​ត្រូវ​បង្កើត​ដោយ​សារ​អ្វី​ដែល​លោក​បាន​រក​ឃើញ។

      ការ​វែក​ញែក​នេះ​ក៏​បញ្ជាក់​ថា​ពិត​ប្រាកដ​មាន​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ត្រូវ​ស្គាល់​ជា​ទូទៅ​ថា​ជា​បុរស​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​ប្រចាំ​ប្រវត្ដិ​សាស្ត្រ។ អ្វី​ដែល​បាន​សរសេរ និង​អ្វី​ដែល​បង្ហាញ​យ៉ាង​ជាក់​ស្តែង​អំពី​អានុភាព​របស់​ទ្រង់ ជា​ភស្តុ​តាង​នាំ​ឲ្យ​ជឿ​ជាក់​ថា​ពិត​ប្រាកដ​ធ្លាប់​មាន​ព្រះ​យេស៊ូ​មែន។ អត្ថបទ​មុន​បាន​រៀប​រាប់​អំពី​អក្សរ​ចារឹក​ដែល​មាន​ឈ្មោះ​យ៉ាកុប​ត្រូវ​បាន​រក​ឃើញដោយ​អ្នក​បុរាណ​វត្ថុ​វិទ្យា​ក្នុង​ពេល​ថ្មី​ៗ​នេះ។ ទោះ​ជា​របក​គំហើញ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ តែ​ភាព​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូ​ក្នុង​ប្រវត្ដិ​សាស្ត្រ មិន​អាស្រ័យ​ទៅ​លើ​របក​គំហើញ​បុរាណ​វត្ថុ​វិទ្យា​នោះ​ឬ​ក៏​របក​គំហើញ​ឯ​ទៀត​ទេ។ ការ​ពិត យើង​អាច​រក​ឃើញ​ភស្តុ​តាង​ថា​ពិត​ជា​មាន​ព្រះ​យេស៊ូ​មែន​ដោយ​មើល​អ្វី​ដែល​ប្រវត្ដិវិទូ​និង​អ្នក​កាន់​តាម​ទ្រង់​បាន​សរសេរ​អំពី​ទ្រង់។

      សក្ខី​ភាព​ពី​ប្រវត្ដិវិទូ

      ជា​ឧទាហរណ៍ សូម​ពិចារណា​ភស្តុ​តាង​របស់​លោក​ហ្លាវីស យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្ដិវិទូ​សាសន៍​យូដា​និង​ជា​ផារិស៊ី​ម្នាក់។ គាត់​បាន​រៀប​រាប់​សំដៅ​ទៅ​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ត្រ​បុរាណ​របស់​សាសន៍​យូដា។ ទោះ​ជា​មនុស្ស​ខ្លះ​សង្ស័យ​ទៅ​លើ​ភាព​ពិត​នៃ​សំនេរ​របស់​លោក​យ៉ូសេហ្វឺស​នៅ​កន្លែង​ទី​មួយ​ដែល​គាត់​សំដៅ​លើ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ក៏​ដោយ លោក​លូវិស ហ្វិលម៉ាន សាស្ដ្រាចារ្យ​ម្នាក់​នៅ​សកល​វិទ្យាល័យ​យេហ្ស៊ីវ៉ា ប្រាប់​ថា​មាន​មនុស្ស​តិច​ណាស់​ដែល​សង្ស័យ​ទៅ​លើ​ភាព​ពិត​នៃ​អ្វី​ៗ​គាត់​សរសេរ​នៅ​កន្លែង​ទី​ពីរ​ដែល​គាត់​សំដៅ​លើ​ព្រះ​យេស៊ូ។ ទី​នោះ​លោក​យ៉ូសេហ្វឺស​ប្រាប់​ថា៖«[សម្ដេច​សង្ឃ​លោក​អានាណឺស]បាន​ជំនុំ​គ្នា​នឹង​ពួក​ចៅ​ក្រម​ទាំង​ឡាយ​របស់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ និង​បញ្ជូន​បុរស​ម្នាក់​មក​ដាក់​នៅ​មុខ​គេ ដែល​គាត់​ឈ្មោះ​យ៉ាកុប ប្អូន​របស់​យេស៊ូ​ដែល​ហៅ​ថា​ព្រះ​គ្រីស្ទ»។ (ប្រវត្ដិសាស្ត្រ​បុរាណ​របស់​សាសន៍​យូដា, XX, 200) ដូច្នេះ បុរស​ម្នាក់​ពី​ចំណោម​និកាយ​ផារិស៊ី​ដែល​មាន​សមាជិក​ជា​ច្រើន​ប្រកាស​ជា​ចំហ​ថា​ខ្លួន​ជា​សត្រូវ​ព្រះ​យេស៊ូ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា​ពិត​ប្រាកដ​មាន«យ៉ាកុប ជា​ប្អូន​យេស៊ូ»មែន។

      អានុភាព​របស់​ព្រះ​យេស៊ូ​ក៏​ស​ឲ្យ​ឃើញ​តាម​រយៈ​សកម្មភាព​របស់​អ្នក​កាន់​តាម​ទ្រង់​ដែរ។ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ជាប់​គុក​ប្រហែល​នៅ​ឆ្នាំ​៥៩​ស.យ. ពួក​មេ​សាសន៍​យូដា​ប្រាប់​គាត់​ថា៖ «យើង​ដឹង​ថា​នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ[ឬ«និកាយ​នេះ», ព.ថ.]ណាស់»។ (កិច្ច​ការ ២៨:១៧​-​២២) ពួក​គេ​បាន​ហៅ​សិស្ស​ព្រះ​យេស៊ូ​ថា​ពួក«និកាយ​នេះ»។ បើ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​និយាយ​អាក្រក់​ពី​ពួក​គេ នោះ​ប្រវត្ដិវិទូ​ទំនង​ជា​បាន​រៀប​រាប់​អំពី​ពួក​គេ​ដូច្នេះ​ដែរ មែន​ទេ?

      លោក​ថាស៊ីថឹស​ដែល​កើត​ប្រហែល​ឆ្នាំ​៥៥​ស.យ.ត្រូវ​បាន​ចាត់​ទុក​ជា​ប្រវត្ដិវិទូ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក។ គាត់​បាន​សរសេរ​សំដៅ​ទៅ​ជន​គ្រីស្ទាន​ក្នុង​សៀវភៅ​របស់​គាត់​ចំណង​ជើង​ថា​កំណត់​ប្រវត្ដិ​សាស្ត្រ (Annals)។ ក្នុង​កំណត់​ហេតុ​ស្តី​អំពី​ពេល​ដែល​អធិរាជ​នីរ៉ូ​ទំលាក់​កំហុស​ទៅ​លើ​ពួក​គ្រីស្ទាន​ចំពោះ​រឿង​អគ្គិភ័យ​ដែល​បាន​ឆេះ​រង្គាល​នៅ​ទី​ក្រុង​រ៉ូម​នៅ​ឆ្នាំ​៦៤​ស.យ. លោក​ថាស៊ីថឹស​បាន​សរសេរ​ថា៖ «ស្តេច​នីរ៉ូ​បាន​បន្ទោស​និង​ដាក់​ទារុណកម្ម​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​មួយ​ដែល​ត្រូវ​ស្អប់​សំរាប់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​គេ។ ក្រុម​នេះ​ត្រូវ​បាន​ប្រជាជន​ហៅ​ថា​គ្រីស្ទាន។ ឈ្មោះ​នេះ​មក​ពី​លោក​គ្រីស្ដឹស ដែល​ក្នុង​រាជការ​នៃ​អធិរាជ​ទី​ប៊ើ​រ​បាន​ទទួល​ទណ្ឌកម្ម​តឹង​តែង​បំផុត​នៅ​ក្នុង​កណ្ដាប់​ដៃ​លោក​ប៉ុនទាស​-​ពីឡាតឺស​ដែល​ជា​អភិបាល​ខេត្ត​របស់​យើង»។ សេចក្ដី​ល្អិត​ល្អន់​ក្នុង​កំណត់​ហេតុ​នេះ​សម​ស្រប​នឹង​ពត៌មាន​អំពី​ព្រះ​យេស៊ូ​ក្នុង​ព្រះ​គម្ពីរ។

      បុគ្គល​ម្នាក់​ទៀត​ដែល​បាន​សរសេរ​ពី​អ្នក​កាន់​តាម​ព្រះ​យេស៊ូ គឺ​ជា​លោក​ប្ល៉ាយនី អភិបាល​នៅ​តំបន់​ប៊ីធូនា។ ប្រហែល​ឆ្នាំ​១១១​ស.យ. លោក​ប្ល៉ាយនី​សរសេរ​សំបុត្រ​មួយ​ផ្ញើ​អធិរាជ​ត្រា​ជិន​សួរ​យោបល់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដល់​ពួក​គ្រីស្ទាន។ លោក​ប្ល៉ាយនី​សរសេរ​ថា មនុស្ស​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា​គេ​ជា​គ្រីស្ទាន​នោះ ពួក​គេ​សុខ​ចិត្ត​សូត្រ​ពាក្យ​អង្វរ​ព្រះ​របស់​គេ​និង​ថ្វាយ​បង្គំ​រូប​ចម្លាក់​អធិរាជ​ត្រា​ជិន​ដើម្បី​បង្ហាញ​ថា​ខ្លួន​មិន​មែន​ជា​គ្រីស្ទាន​ទេ។ លោក​ប្ល៉ាយនី​បាន​បន្ត​ទៀត៖ «ពោល​ក៏​មាន គ្មាន​អ្នក​ណា​អាច​បង្ខំ​ពួក​គ្រីស្ទាន​ពិត​ប្រាកដ​ឲ្យ​ធ្វើ​អ្វី​បែប​នេះ​ឡើយ»។ នេះ​បញ្ជាក់​ថា​ពិត​ប្រាកដ​មាន​ព្រះ​គ្រីស្ទ​មែន ដ្បិត​អ្នក​កាន់​តាម​ទ្រង់​សុខ​ចិត្ត​ប្ដូរ​ជីវិត​នឹង​ជំនឿ​ទៅ​លើ​ទ្រង់។

      ស្តី​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​និង​អ្នក​កាន់​តាម​ទ្រង់ សព្វ​វចនាធិប្បាយ​មួយ​សង្ខេប​នូវ​ការ​រៀប​រាប់​របស់​ពួក​ប្រវត្ដិវិទូ​ពី​សតវត្ស​ទី​មួយ​និង​ទី​ពីរ រួច​បញ្ចប់​សេចក្ដី​ដោយ​ប្រាប់​ថា៖ «កំណត់​ហេតុ​ផ្សេង​ៗ​ដែល​បាន​សរសេរ​ដោយ​ឡែក​ពី​គ្នា ជា​ភស្តុ​តាង​ថា​នៅ​សម័យ​បុរាណ សូម្បី​តែ​សត្រូវ​របស់​គ្រីស្ទ​សាសនា​មិន​ដែល​សង្ស័យ​ទៅ​លើ​ភាព​ពិត​ប្រាកដ​នៃ​ព្រះ​យេស៊ូ​ទេ តែ​ចំណុច​នេះ​ត្រូវ​បាន​គេ​ជំទាស់​ជា​លើក​ដំបូង​នៅ​ដំណាច់​សតវត្ស​ទី​១៨ ក្នុង​កំឡុង​សតវត្ស​ទី​១៩ និង​នៅ​ដើម​សតវត្ស​ទី​២០​ដោយ​គ្មាន​មូលដ្ឋាន»។ The Encyclop​æ​dia Britannica (2002 edition)

      សក្ខី​ភាព​ពី​អ្នក​កាន់​តាម​ព្រះ​យេស៊ូ

      «សញ្ញា​ថ្មី​មាន​ភស្តុ​តាង​ស្ទើរ​តែ​ទាំង​អស់​ដែល​គឺ​ជា​ចាំ​បាច់​ដើម្បី​យល់​ពី​ដំណើរ​ជីវិត​និង​វាសនា​របស់​ព្រះ​យេស៊ូ ហើយ​សារៈ​សំខាន់​របស់​ទ្រង់​ចំពោះ​គ្រីស្ទាន​សម័យ​ដើម​ដែរ»។ (The Encyclopedia Americana) អ្នក​ដែល​សង្ស័យ ប្រហែល​ជា​មិន​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​ពិត​ប្រាកដ​មាន​ព្រះ​យេស៊ូ​ទេ។ តែ​ការ​វែក​ញែក​ពីរ​យ៉ាង​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ជួយ​បញ្ជាក់​ជា​ពិសេស​ថា​ពិត​ប្រាកដ​ធ្លាប់​មាន​ព្រះ​យេស៊ូ​លើ​ផែនដី។

      ដូច​យើង​បាន​កត់​សម្គាល់​ហើយ​ថា ទ្រឹស្តី​ឆ្នើម​របស់​លោក​អាំងស្ដាំង​ជា​ភស្តុ​តាង​ថា​លោក​ពិត​ជា​ធ្លាប់​មាន​មែន។ ស្រដៀង​គ្នា​ដែរ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា​ពិត​ជា​មាន​ទ្រង់​មែន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ធម្មទាន​លើ​ភ្នំ ជា​សុន្ទរកថា​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ។ (ម៉ាថាយ ជំពូក​៥​-​៧) សាវ័ក​ម៉ាថាយ​បាន​សរសេរ​អំពី​ឥទ្ធិពល​នៃ​ធម្មទាន​នេះ​ថា៖ «បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពីព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច»។ (ម៉ាថាយ ៧:២៨, ២៩) ស្តី​អំពី​ធម្មទាន​នេះ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​អស់​ប៉ុន្មាន​សតវត្ស​កន្លង​មក​ហើយ លោក​ហាណ ឌីទឺ ប៊ិត សាស្ដ្រាចារ្យ​ម្នាក់​បាន​កត់​សម្គាល់​ថា៖ «ជា​ទូទៅ អានុភាព​នៃ​ធម្មទាន​លើ​ភ្នំ​បាន​រាល​ដាល​វែង​ឆ្ងាយ​ផុត​ពី​វិស័យ​សាសនា​យូដា​ឬ​គ្រីស្ទ​សាសនា​និង​វិស័យ​វប្បធម៌​ប្រទេស​លោក​ខាង​លិច​ទៀត»។ គាត់​បាន​បន្ត​ថា ធម្មទាន​លើ​ភ្នំ «មាន​ឥទ្ធិពល​មួយ​ដ៏​ប្លែក ពោល​គឺ​អាច​ទាក់​ទាញ​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប»។

      សូម​ពិចារណា​នូវ​ប្រាជ្ញា​ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ចំ​ៗ​ហើយ​មាន​ប្រយោជន៍​ដែល​មាន​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ : «បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត»។ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស»។ «កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់​ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង»។ «កុំ . . . បោះ​កែវ​មុក្ដា​របស់​ខ្លួន​នៅ​មុខ​ជ្រូក​ឡើយ»។ «ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក»។ «អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ»។ «ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត»។ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត»។ «អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ»។—ម៉ាថាយ ៥:៣៩; ៦:១, ៣៤; ៧:៦, ៧, ១២, ១៣, ១៦, ១៧

      អ្នក​ច្បាស់​ជា​ធ្លាប់​ឮ​ពំនោល​ឬ​ក៏​ពាក្យ​ដែល​មាន​ខ្លឹម​សារ​ខ្លះ​ដូច​នេះ​ហើយ។ ប្រហែល​ជា​ពំនោល​ទាំង​នេះ​បាន​ទៅ​ជា​សុភាសិត​ក្នុង​ភាសា​របស់​អ្នក​ក៏​មិន​ដឹង។ ពំនោល​ទាំង​អស់​នេះ​គឺ​បាន​ស្រង់​ចេញ​ពី​ធម្មទាន​នៅ​លើ​ភ្នំ។ អានុភាព​ដែល​ធម្មទាន​នោះ​មាន​ទៅ​លើ​សាសន៍​និង​វប្បធម៌​ផ្សេង​ៗ​ជា​ច្រើន​ស​ឲ្យ​ឃើញ​យ៉ាង​ជាក់​ស្តែង​ថា​ធ្លាប់​មាន «អ្នក​បង្រៀន​ដ៏​ឧត្តម»ពិត​មែន។

      ឧបមា​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុគ្គល​ដែល​ត្រូវ​បាន​មនុស្ស​ម្នាក់​ប្រឌិត​ចេញ​មក ហើយ​ថា​អ្នក​ប្រឌិត​នោះ​ជា​មនុស្ស​ឈ្លា​វ​ឆ្លាត​អាច​ប្រឌិត​ឡើង​សេចក្ដី​បង្រៀន​ទាំង​ប៉ុន្មាន​ដែល​ព្រះ​គម្ពីរ​ចែង​ថា​ជា​បន្ទូល​របស់​ផង​ព្រះ​យេស៊ូ។ គាត់​ច្បាស់​ជា​ខំ​ប្រឌិត​សេចក្ដី​បង្រៀន​ដែល​មនុស្ស​ជា​ទូទៅ​នឹង​ពេញ​ចិត្ត​ហើយ មែន​ទេ? ប៉ុន្តែ សាវ័ក​ប៉ុល​បាន​កត់​សម្គាល់​ថា៖ «សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ​តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ​គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា នឹង​ជា​សេចក្ដី​ល្ងង់​ល្ងើ​ដល់​សាសន៍​ក្រេក»។ (កូរិនថូស​ទី​១ ១:២២, ២៣) ការ​ផ្សាយ​ថា​ព្រះ​គ្រីស្ទ​ត្រូវ​បាន​គេ​ធ្វើ​គុត​មិន​ធ្វើ​ឲ្យ​សាសន៍​យូដា​ឬ​សាសន៍​ផ្សេង​ទៀត​ពេញ​ចិត្ត​នោះ​ទេ។ ក៏​ប៉ុន្តែ នោះ​ជា​អ្វី​ដែល​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ប្រកាស​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ។ ហេតុ​អ្វី​បាន​ជា​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ត្រូវ​គេ​ធ្វើ​គុត? ការ​ពន្យល់​មាន​តែ​មួយ​គត់​ដែល​សម​ហេតុ​សម​ផល​គឺ ដោយ​អ្នក​សរសេរ​បទ​គម្ពីរ​ភាសា​ក្រិច​បាន​កត់​សរសេរ​សេចក្ដី​ពិត​អំពី​ព្រះ​ជន្ម​និង​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។

      ការ​វែក​ញែក​ម្យ៉ាង​ទៀត​ដែល​បង្ហាញ​ថា​ពិត​ជា​មាន​ព្រះ​យេស៊ូ​ក្នុង​ប្រវត្ដិ​សាស្ត្រ​គឺ អ្នក​កាន់​តាម​ទ្រង់​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​បង្រៀន​របស់​ទ្រង់​ដោយ​មិន​ខ្លាច​នឿយ​ហត់​ទេ។ ប្រហែល​តែ​៣០​ឆ្នាំ​ក្រោយ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នោះ ប៉ុល​បាន​ប្រាប់​ថា ដំណឹង​ល្អ៖ «បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ (កូល៉ុស ១:២៣) សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ត្រូវ​បាន​ផ្សាយពាស​ពេញ​ពិភព​លោក​នៅ​សម័យ​នោះ​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។ ប៉ុល​ត្រូវ​បាន​គេ​បៀត​បៀន​ដោយ​ព្រោះ​គាត់​ជា​គ្រីស្ទាន​ដែរ។ គាត់​បាន​សរសេរ​ថា៖ «បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ»។ (កូរិនថូស​ទី​១ ១៥:១២​-​១៧) បើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ​ដែល​មិន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ឥត​ប្រយោជន៍ នោះ​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ​ដែល​ពុំ​ធ្លាប់​មាន​គឺ​ឥត​ប្រយោជន៍​ជាង​អំបាលម៉ាន​ទៅ​ទៀត។ ដូច​ដែល​យើង​អាន​ក្នុង​សេចក្ដី​រាយ​ការណ៍​របស់​លោក​ប្ល៉ាយនី​ថា ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​សុខ​ចិត្ត​ស្លាប់​ដើម្បី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ​យេស៊ូ។ ពួក​គេ​ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​ព្រះ​គ្រីស្ទ​ដោយ​ព្រោះ​ទ្រង់​ជា​បុគ្គល​មួយ​រូប​ដ៏​ពិត ដែល​ធ្លាប់​គង់​នៅ​ផែនដី​ដូច​កំណត់​ហេតុ​ព្រះ​គម្ពីរ​បញ្ជាក់​នោះ។

      អ្នក​ធ្លាប់​ឃើញ​ភស្តុ​តាង​ហើយ

      ជន​គ្រីស្ទាន​ត្រូវ​ជឿ​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទើប​អាច​ផ្សព្វ​ផ្សាយ​បាន។ ក្នុង​ចិត្ត​អ្នក​ក៏​អាច​ឃើញ​ព្រះ​យេស៊ូ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ ដោយ​ទទួល​អានុភាព​ពី​សកម្មភាព​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ។

      មុន​ព្រះ​យេស៊ូ​ត្រូវ​គេ​ធ្វើ​គុត ទ្រង់​បាន​ទាយ​យ៉ាង​ទូលំ​ទូលាយ​អំពី​វត្តមាន​របស់​ទ្រង់​នៅ​អនាគត ក៏​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ហស្ត​របស់​ព្រះ​ដោយ​រង់​ចាំ​បង្ក្រាប​សត្រូវ​របស់​ទ្រង់។ (ទំនុក​ដំកើង ១១០:១; យ៉ូហាន ៦:៦២; កិច្ច​ការ ២:៣៤, ៣៥; រ៉ូម ៨:៣៤) ក្រោយ​នោះ ទ្រង់​នឹង​ចាត់​វិធានការ​បណ្ដេញ​សាតាំង​និង​ពួក​បិសាច​របស់​វា​ចេញ​ពី​ស្ថាន​សួគ៌។—វិវរណៈ ១២:៧​-​៩

      តើ​ការ​ទាំង​អស់​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​នូវ ‹ទី​សំគាល់​ពី​វត្តមាន​របស់​ទ្រង់ ហើយ​ពី​វេលា​ចុង​បញ្ចប់​របស់​ប្រព័ន្ធ​សម័យ​នេះ›។ ទី​សម្គាល់​ដែល​ចង្អុល​បញ្ជាក់​ពី​វត្តមាន​របស់​ទ្រង់​រួម​បញ្ចូល​សង្គ្រាម​ដ៏​ធំ ការ​ខ្វះ​ចំណី​អាហារ រញ្ជួយ​ដី ការ​លេច​ឡើង​នៃ​ព្យាការី​ក្លែង​ក្លាយ ការ​ចំរើន​ឡើង​នៃ​ការ​ទទឹង​ច្បាប់ និង​ការ​រាតត្បាត​នៃ​ជំងឺ​អាសន្នរោគ។ សិស្ស​របស់​ទ្រង់​ត្រូវ​ដឹង​ជា​មុន​ថា​នឹង​មាន​អន្តរាយ​បែប​នេះ ដ្បិត​ការ​បណ្ដេញ​អារក្ស​សាតាំង​នឹង​នាំ​ឲ្យ​មាន «វេទនា​ដល់​ផែនដី»។ អារក្ស​បាន​ចុះ​មក​ផែនដី​ដោយ «មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ ម្យ៉ាង​ទៀត ទី​សម្គាល់​នេះ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ព្រះ «ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:៣​-​១៤; វិវរណៈ ១២:១២; លូកា ២១:៧​-​១៩

      ទំនាយ​ដែល​ព្រះ​យេស៊ូ​ទាយ​បាន​កើត​ឡើង​ហើយ។ តាំង​តែ​ពី​សង្គ្រាម​លោក​លើក​ទី​១​នៅ​ឆ្នាំ​១៩១៤ យើង​បាន​ឃើញ​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​មាន​វត្តមាន​ដែល​យើង​មើល​មិន​ឃើញ។ ទ្រង់​កំពុង​តែ​គ្រប់​គ្រង​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​ព្រះ​ទាំង​មាន​អានុភាព​យ៉ាង​ខ្លាំង។ ទស្សនាវដ្ដី​ដែល​អ្នក​កំពុង​តែ​កាន់​មើល​នេះ​ជា​ភស្តុ​តាង​ថា​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​កំពុង​តែ​ត្រូវ​ធ្វើ​ឡើង​សព្វ​ថ្ងៃ​នេះ។

      ដើម្បី​យល់​ថែម​ទៀត​អំពី​ឥទ្ធិពល​នៃ​ព្រះ​យេស៊ូ អ្នក​ត្រូវ​តែ​សិក្សា​ព្រះ​គម្ពីរ។ សូម​អញ្ជើញ​សួរ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ឲ្យ​ដឹង​សេចក្ដី​ល្អិត​ល្អន់​អំពី​វត្តមាន​របស់​ព្រះ​យេស៊ូ?

      [រូប​ភាព​នៅ​ទំព័រ​៥]

      យ៉ូសេហ្វឺស ថាស៊ីថឹស និង​ប្ល៉ាយនី​បាន​រៀប​រាប់​សំដៅ​ទៅ​ព្រះ​យេស៊ូ និង​អ្នក​កាន់​តាម​ទ្រង់

      [អ្នក​ផ្ដល់​សិទ្ធិ]

      All three images: © Bettmann/CORBIS

      [រូប​ភាព​នៅ​ទំព័រ​៧]

      ជន​គ្រីស្ទាន​សម័យ​ដើម​បាន ជឿ​ជាក់​ថា​មាន​ព្រះ​យេស៊ូ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក