-
បំណុលដែលយើងជំក់អ្នកឯទៀត២០០៥ កិច្ចបម្រើព្រះ | កក្កដា
-
-
បំណុលដែលយើងជំពាក់អ្នកឯទៀត
១ សាវ័កប៉ុលបានមានអារម្មណ៍ថាគាត់មានកាតព្វកិច្ចផ្សព្វផ្សាយដល់អ្នកឯទៀត។ គាត់ដឹងថាព្រះយេហូវ៉ាបានចាត់វិធានការដើម្បីឲ្យមនុស្សគ្រប់ប្រភេទមានលទ្ធភាពទទួលសេចក្ដីសង្គ្រោះតាមរយៈលោហិតដ៏មានតម្លៃនៃរាជបុត្ររបស់ទ្រង់។ (១ធី. ២:៣-៦) ហេតុដូច្នេះ ប៉ុលបានថ្លែងថា៖ «ខ្ញុំមានសេចក្ដីជំពាក់ទាំងសាសន៍ក្រេក នឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញនឹងអ្នកខ្លៅផង»។ គាត់បានធ្វើការដោយយកចិត្តទុកដាក់និងដោយឥតចេះនឿយហត់ដើម្បីសងបំណុលគាត់ទៅមនុស្សគ្នីគ្នាដោយប្រាប់ដំណឹងល្អដល់ពួកគេ។—រ៉ូម ១:១៤, ១៥
២ ដូចសាវ័កប៉ុលដែរ គ្រីស្ទានសព្វថ្ងៃនេះឆ្លៀតគ្រប់ឱកាសទាំងអស់ដើម្បីប្រាប់ដំណឹងល្អដល់អ្នកជិតខាង។ ពេលដែល«សេចក្ដីវេទនាជាខ្លាំង»កំពុងតែខិតចូលមកជិតយ៉ាងឆាប់រហ័សនោះ ការស្វែងរកអ្នកដែលមានចិត្តស្មោះត្រង់គឺជាការបន្ទាន់។ សូមឲ្យសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះមនុស្សជំរុញយើងឲ្យឧស្សាហ៍ក្នុងកិច្ចការសង្គ្រោះជីវិតនេះ។—ម៉ាថ. ២៤:២១; អេសេ. ៣៣:៨
៣ ការសងបំណុលរបស់យើងៈ របៀបដ៏សំខាន់បំផុតដែលយើងជួបមនុស្សគឺដោយផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ នៅតំបន់ផ្សាយដែលមិនជួបគេនៅផ្ទះ យើងអាចកត់កំណត់ឲ្យបានត្រឹមត្រូវនិងត្រឡប់មកវិញនៅពេលម៉ោងផ្សេងដើម្បីជួបមនុស្សបានច្រើនជាង។ (១កូ. ១០:៣៣) យើងក៏អាចជួបមនុស្សផ្សេងៗដោយធ្វើបន្ទាល់នៅតំបន់ពាណិជ្ជកម្ម នៅតាមផ្លូវ នៅសួនសាធារណៈ នៅចំណតរថយន្តនិងតាមទូរស័ព្ទផងដែរ។ យើងអាចសួរខ្លួនយើងថា៖‹តើខ្ញុំកំពុងតែប្រើគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយសារដែលសង្គ្រោះជីវិតនេះទេ›?—ម៉ាថ. ១០:១១
៤ អ្នកត្រួសត្រាយម្នាក់មានចិត្តជំរុញយ៉ាងខ្លាំងឲ្យទាក់ទងមនុស្សទាំងអស់ក្នុងតំបន់ផ្សាយរបស់គាត់។ នៅផ្ទះមួយ រនាំងបង្អួចបិទជាប់ជានិច្ច ហើយគ្មាននរណាម្នាក់ដែលនៅផ្ទះឡើយ។ ក៏ប៉ុន្តែ ថ្ងៃមួយដែលមិនមែនជាពេលបំរើផ្សាយ អ្នកត្រួសត្រាយបានកត់សម្គាល់ថាមានឡានមួយនៅមុខផ្ទះនោះដែលគាត់មិនដែលឃើញនរណាម្នាក់នៅផ្ទះសោះ។ ដោយមិនចង់បាត់បង់ឱកាសនេះ គាត់បានចុចកណ្ដឹងផ្ទះ។ បុរសម្នាក់បានបើកទ្វារ ហើយការសន្ទនាដំបូងបាននាំឲ្យមានការត្រឡប់មកជួបដោយបងស្រីនេះនិងស្វាមីគាត់។ នៅទីបំផុត បុរសនោះយល់ព្រមសិក្សាព្រះគម្ពីរហើយឥឡូវនេះគាត់ជាបងប្រុសម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹកហើយ។ គាត់មានចិត្តកតញ្ញូចំពោះបងស្រីនេះដែលមានអារម្មណ៍ថាជំពាក់បំណុលអ្នកជិតខាង ដោយត្រូវផ្សព្វផ្សាយដល់អ្នកឯទៀតនោះ។
៥ ដោយសារទីបញ្ចប់កំពុងតែខិតចូលមកជិតយ៉ាងឆាប់រហ័សនោះ ឥឡូវនេះគឺជាពេលដែលត្រូវសងបំណុលទៅមនុស្សគ្នីគ្នាដោយព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការផ្សព្វផ្សាយ។—២កូ. ៦:១, ២
-
-
ភាគទី១១: ការជួយអ្នកផ្សព្វផ្សាយថ្មីឲ្យធ្វើការត្រឡប់ទៅជួប២០០៥ កិច្ចបម្រើព្រះ | កក្កដា
-
-
ភាគទី១១: ការជួយអ្នកផ្សព្វផ្សាយថ្មីឲ្យធ្វើការត្រឡប់ទៅជួប
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ កាលណាសិស្សព្រះគម្ពីរម្នាក់ចាប់ផ្ដើមចូលរួមក្នុងការផ្សព្វផ្សាយ គាត់នឹងជួបមនុស្សដែលបង្ហាញចំណាប់អារម្មណ៍អំពីដំណឹងល្អ។ តើយើងអាចជួយអ្នកផ្សព្វផ្សាយថ្មីឲ្យធ្វើការត្រឡប់ទៅជួបដោយប្រសិទ្ធភាពនិងបណ្ដុះចំណាប់អារម្មណ៍ដែលគាត់រកឃើញយ៉ាងណា?
២ ការរៀបចំសំរាប់ត្រឡប់ទៅជួបចាប់ផ្ដើមពេលជួបម្ចាស់ផ្ទះជាលើកដំបូង។ លើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់ដោយស្មោះនឹងអ្នកដែលគាត់និយាយជាមួយ។ (ភី. ២:៤) បន្ដិចម្ដងៗ សូមបង្ហាត់សិស្សឲ្យអញ្ជើញម្ចាស់ផ្ទះឲ្យបញ្ចេញយោបល់ ឲ្យស្ដាប់អ្វីដែលគាត់និយាយហើយកត់សម្គាល់អ្វីៗដែលធ្វើឲ្យគាត់ចាប់អារម្មណ៍។ កាលណានរណាម្នាក់បង្ហាញចំណាប់អារម្មណ៍ សូមឲ្យអ្នកផ្សព្វផ្សាយថ្មីកត់ព័ត៌មានឲ្យបានច្បាស់អំពីម្ចាស់ផ្ទះនោះ។ ចូរប្រើព័ត៌មាននោះដើម្បីជួយគាត់មានគ្រោងការពិភាក្សាបន្តទៅទៀត។
៣ រៀបចំដើម្បីត្រឡប់មកវិញ: មើលសាឡើងវិញនូវព័ត៌មានដែលបានកត់ពេលដែលជួបម្ចាស់ផ្ទះលើកដំបូង និងបង្ហាញសិស្សវិធីជ្រើសរើសផ្នែកណាមួយនៃសារព្រះរាជាណាចក្រដែលនឹងទាក់ទាញចិត្តម្ចាស់ផ្ទះ។ (១កូ. ៩:១៩-២៣) ជួយសិស្សរៀបចំពាក្យផ្សាយយ៉ាងខ្លីដែលមានបទគម្ពីរមួយព្រមទាំងវគ្គមួយក្នុងប្រកាសនវត្ថុសិក្សា។ បន្ថែមទៅទៀត ចូររៀបចំសំនួរមួយដែលអាចលើកឡើងនៅទីបញ្ចប់នៃការពិភាក្សាដើម្បីធ្វើជាមូលដ្ឋានសំរាប់ការត្រឡប់ទៅជួបនៅលើកក្រោយ។ ចូរបង្ហាញអ្នកផ្សព្វផ្សាយថ្មីអំពីរបៀបបង្កើនចំណេះដល់បុគ្គលនោះអំពីព្រះបន្ទូលរបស់ព្រះរាល់ដងដែលទៅជួបគាត់ជាបន្តបន្ទាប់។
៤ ជាការមានប្រយោជន៍ដែរបើបង្រៀនសិស្សឲ្យធ្វើការផ្ដើមវាចាដ៏ងាយមួយនៅពេលត្រឡប់មកជួប។ បន្ទាប់ពីបានជំរាបសួរសុខទុក្ខម្ចាស់ផ្ទះ គាត់អាចសួរថា៖«ខ្ញុំបានរីករាយនឹងការសន្ទនាដំបូងរបស់យើងហើយខ្ញុំបានត្រឡប់មកវិញដើម្បីប្រាប់ព័ត៌មានពីព្រះគម្ពីរបន្ថែមទៀតអំពី[ប្រាប់ពីប្រធាន]»។ អ្នកក៏ប្រហែលជាត្រូវបង្ហាញអ្នកផ្សព្វផ្សាយថ្មីអំពីអ្វីដែលអាចនិយាយបើមនុស្សផ្សេងមកបើកទ្វារនោះ។
៥ ធ្វើតាមដោយយកចិត្តទុកដាក់: ចូរលើកទឹកចិត្តសិស្សឲ្យតាំងគំរូល្អក្នុងការត្រឡប់ទៅជួបអ្នកមានចំណាប់អារម្មណ៍ទាំងអស់យ៉ាងឆាប់រហ័ស។ ការរកឃើញអ្នកចាប់អារម្មណ៍នៅតាមផ្ទះអាចតម្រូវឲ្យមានការព្យាយាមក្នុងការត្រឡប់ទៅជួប។ ចូរបង្រៀនសិស្សអំពីរបៀបណាត់ពេលទៅលេងម្ដងទៀតហើយជួយគាត់ឲ្យយល់ថាត្រូវត្រឡប់ទៅជួបដូចបានសន្យា។ (ម៉ាថ. ៥:៣៧) ចូរបង្ហាត់អ្នកផ្សព្វផ្សាយថ្មីឲ្យមានចិត្តសប្បុរស ចេះយល់ចិត្តអ្នកដទៃ និងមានការគោរព ពេលដែលគាត់ស្វែងរកអ្នកដែលមានលក្ខណៈដូចចៀមហើយបណ្ដុះចំណាប់អារម្មណ៍របស់ពួកគេ។—ទីត. ៣:២
-