បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ១១ បង្ហាញ​ពី​ផល​ប្រយោជន៍: ការ​បង្ហាញ​ពី​ផល​ប្រយោជន៍​មាន​ន័យ​ថា យើង​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​យល់​យ៉ាង​ច្បាស់​ថា​ពត៌មាន​នោះ​គឺ​ទាក់ទង​នឹង​ជីវិត​គាត់ ជា​អ្វី​ដែល​គាត់​ត្រូវ​ការ ឬ​អាច​យក​មក​អនុវត្ត​បាន។ នៅ​ដើម​ដំបូង​នៃ​សុន្ទរកថា ម្ចាស់​ផ្ទះ​ត្រូវ​ដឹង​ថា ពត៌មាន​នេះ​គឺ​សំខាន់​សំរាប់​គាត់​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ប្រុង​ស្មារតី។ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​ស្ដាប់​បន្ត​ប្រុង​ស្មារតី គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​បង្ហាញ​នូវ​ប្រយោជន៍​នៃ​សាច់​រឿង​នោះ​ដែល​មាន​ក្នុង​សុន្ទរកថា​ទាំង​មូល។

      ១២ ប៉ុន្តែ ការ​មើល​អ្នក​ស្ដាប់ និង​ជួយ​ឲ្យ​គាត់​ចេះ​វែកញែក​ប៉ុណ្ណោះ គឺ​មិន​គ្រប់គ្រាន់​ឡើយ។ ឥឡូវ​យើង​ត្រូវ​ពន្យល់​ថែម​ទៀត ដើម្បី​ឲ្យ​សាច់​រឿង​នេះ​ទាក់ទង​នឹង​ម្ចាស់​ផ្ទះ។ គោល​បំណង​របស់​យើង​ក្នុង​កិច្ចបំរើ​ផ្សាយ គឺ​ដើម្បី​បង្រៀន​មនុស្ស​នូវ​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ និង​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​ផ្លូវ​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។ ដូច្នេះ ដោយ​ការ​ប៉ិនប្រសប់​និង​ការ​គិត​អំពី​ម្ចាស់​ផ្ទះ នោះ​យើង​ត្រូវ​តែ​បង្ហាញ​គាត់​ពី​ផល​ប្រយោជន៍​ដែល​គាត់​អាច​ទទួល​ពី​ការ​ស្ដាប់​ហើយ​ការ​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​និយាយ​នោះ។

      ១៣ ក្នុង​ការ​ពិចារណា​អំពី​លក្ខណៈ​នេះ យើង​បាន​ពិគ្រោះ​អំពី​ការ​បង្ហាញ​ផល​ប្រយោជន៍​ជា​ចំណុច​ចុង​ក្រោយ​បង្អស់។ យ៉ាង​ណា​ក៏​ដោយ នេះ​មិន​បាន​ន័យ​ថា ចំណុច​នេះ​មិន​សូវ​សំខាន់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​មិន​ត្រូវ​ភ្លេច​ឡើយ។ ចូរ​ខំ​ហាត់​ចំណុច​នេះ​ចុះ! ពីព្រោះ​ចំណុច​នេះ​គឺ​សំខាន់​ណាស់​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង។ យើង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ប្រុង​ស្មារតី​បាន​យូរ​ទេ លុះ​ត្រា​តែ​គាត់​ឃើញ​យ៉ាង​ច្បាស់​ថា អ្វីៗដែល​យើង​និយាយ​គឺ​មាន​ប្រយោជន៍​ដល់​គាត់។

  • ការបញ្ចប់សមរម្យ និងការកំណត់ពេល
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី១៧

      ការ​បញ្ចប់​សមរម្យ និង​ការ​កំណត់​ពេល

      ១ អ្នក​ស្ដាប់​តែង​តែ​ចាំ​បាន​យូរ​នូវ​ចំណុច​ដែល​យើង​និយាយ​ចុង​ក្រោយ។ ដូច្នេះ យើង​គួរ​រៀបចំ​ការ​បញ្ចប់​សុន្ទរកថា​ឲ្យ​បាន​ហ្មត់ចត់។ ការ​បញ្ចប់​គួរ​ប្រមូល​អារម្មណ៍​លើ​គោល​ចំណុច​ដែល​យើង​ចង់​ឲ្យ​អ្នក​ស្ដាប់​ចង​ចាំ និង​គួរ​បញ្ជាក់​នូវ​គោល​រឿង​ផង​ដែរ។ ដោយ​ផ្អែក​លើ​ការ​រៀបចំ​របស់​យើង និង​ថ្លែង​ដោយ​មាន​ការ​ពន្យល់​ផង​ដែរ នេះ​គួរ​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រព្រឹត្តតាម។ ដូច្នេះ​ហើយ យើង​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​លក្ខណៈ​មួយ​ដែល​ហៅ​ថា «ការ​បញ្ចប់​សមរម្យ​និង​មាន​ប្រសិទ្ធភាព»ដែល​មាន​ក្នុង​ប័ណ្ណ​ឱវាទ។

      ២ ការ​បញ្ចប់​ទាក់ទង​យ៉ាង​ចំៗនឹង​គោល​រឿង: ចំពោះ​ពត៌មាន​លំអិត​អំពី​របៀប​ភ្ជាប់​សេចក្ដី​បញ្ចប់​ជា​មួយ​នឹង​គោល​រឿង​នៃ​សុន្ទរកថា សូម​យើង​មើល​សា​ឡើង​វិញ​នូវ​ចំណុច​ហាត់​រៀន​ទី៨។ ការ​បញ្ចប់​គួរ​សំដៅ​ទៅ​លើ​គោល​រឿង ទោះ​ជា​មិន​ចាំបាច់​ប្រាប់​គោល​រឿង​ចំៗសា​ឡើង​វិញ​ក៏​ដោយ។ ប៉ុន្តែ ប្រហែល​ជា​ស្រួល​ហើយ​ល្អ​ទៀត​ផង បើ​សិស្ស​ខ្លះ​ជា​ពិសេស​សិស្ស​ថ្មីៗ ប្រាប់​គោល​រឿង​នោះ​ចំៗសា​ឡើង​វិញ។ រួច​មក ដោយ​ផ្អែក​លើ​គោល​រឿង យើង​អាច​បង្ហាញ​ដល់​អ្នក​ស្ដាប់​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

      ៣ ប្រសិន​បើ​ការ​បញ្ចប់​ឥត​ទាក់ទង​ចំៗនឹង​គោល​រឿង​ទេ គឺ​នឹង​មិន​ធ្វើ​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា​ហូរហែ​ឡើយ។ សូម្បី​តែ​យើង​បញ្ចប់​ដោយ​គ្រាន់​តែ​សង្ខេប​គោល​ចំណុច​ចំៗប៉ុណ្ណោះ​ក៏​ដោយ តែ​យើង​ក៏​នៅ​តែ​ចង់​និយាយ​បន្ថែម​មួយ​ឬ​ពីរ​ឃ្លា ដើម្បី​ប្រាប់​ពី​គោល​គំនិត​ក្នុង​គោល​រឿង​នៃ​សុន្ទរកថា។

      ៤ ការ​បញ្ចប់​ប្រាប់​អ្នក​ស្ដាប់​ឲ្យ​ត្រូវ​ធ្វើ​យ៉ាង​ណា: តាម​ធម្មតា យើង​និយាយ​ដោយ​មាន​បំណង​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​អ្វី​មួយ ឬ​ចង់​បញ្ចុះបញ្ចូល​ឲ្យ​គេ​ជឿ​តាម​ទស្សនៈ​ណា​មួយ។ ការ​បញ្ចប់​សុន្ទរកថា​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។ ដូច្នេះ គោល​បំណង​ចំ​បង​នៃ​ការ​បញ្ចប់ គឺ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ស្ដាប់​ដឹង​ថា​គាត់​ត្រូវ​ធ្វើ​អ្វី ហើយ​ក៏​ចង់​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ។

      ៥ ហេតុ​នេះ​ហើយ​បាន​ជា​ការ​បញ្ចប់​ត្រូវ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​គោល​បំណង​នៃ​សុន្ទរកថា ហើយ​ត្រូវ​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ទាំង​បញ្ជាក់​ពី​ជំនឿ​ស៊ប់ ព្រម​ទាំង​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្ដាប់​ផង​ដែរ។ ធម្មតា ឃ្លា​ខ្លីៗមាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដល់​ឥទ្ធិពល​ដល់​ការ​បញ្ចប់។ ប៉ុន្តែ មិន​ថា​ប្រើ​ឃ្លា​ខ្លី​ឬ​វែង​ក៏​ដោយ យើង​ត្រូវ​ផ្ដល់​នូវ​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​អ្នក​ស្ដាប់​ធ្វើ​តាម ហើយ​ត្រូវ​ប្រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​នោះ។

      ៦ ការ​បញ្ចប់​គួរ​បង្ហាញ​នូវ​ហេតុ​ផល​ស្រប​ទៅ​តាម​អ្វី​ដែល​បាន​ថ្លែង​ក្នុង​សុន្ទរកថា​រួច​ហើយ។ ដូច្នេះ​ហើយ អ្វី​ដែល​យើង​និយាយ​ក្នុង​សេចក្ដី​បញ្ចប់ គឺ​ដើម្បី​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ថ្លែង​ក្នុង​តួ​សេចក្ដី។ ការ​បញ្ចប់​ត្រូវ​ពន្យល់​ហើយ​បញ្ជាក់​នូវ​អ្វី​ដែល​អ្នក​ស្ដាប់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​ចំណុច​នានា​ដែល​បាន​ថ្លែង​ជូន ហើយ​ពួក​គេ​នឹង​មាន​ចិត្ត​ជំរុញ​ឲ្យ​ធ្វើ​តាម​មែន ដោយសារ​ឥទ្ធិពល​នៃ​ការ​បញ្ចប់​របស់​យើង។

      ៧ តាម​ធម្មតា ក្នុង​កិច្ចបំរើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ការ​បញ្ចប់​គឺ​ពុំ​សូវ​មាន​ឥទ្ធិពល​ទេ។ នេះ​គឺ​ដោយសារ​អ្នក​ផ្សាយ​មិន​បង្ហាញ​ដល់​ម្ចាស់​ផ្ទះ​យ៉ាង​ច្បាស់ ថា​យើង​ចង់​ឲ្យ​គាត់​ធ្វើ​យ៉ាង​ណា ពោល​គឺ ទទួល​យក​ប្រកាសនវត្ថុ​មួយ ឬ​យល់​ព្រម​ឲ្យ​យើង​ត្រឡប់​មក​ជួប​គាត់​ម្ដង​ទៀត ឬ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទៀត។

      ៨ ការ​បញ្ចប់​សុន្ទរកថា​នៅ​ក្នុង​សាលា​ក៏​នឹង​គ្មាន​ឥទ្ធិពល​ដែរ បើ​គ្រាន់​តែ​និយាយ​សង្ខេប​នូវ​សាច់​រឿង ហើយ​ឥត​ជំរុញ​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ។ យើង​ត្រូវ​ពន្យល់​ពី​របៀប​ធ្វើ​តាម​សាច់​រឿង ឬ​ក៏​បង្ហាញ​ឲ្យ​អ្នក​ស្ដាប់​ជ្រាប​ពី​តម្លៃ​នៃ​សាច់​រឿង​នោះ។

      ៩ អ្នក​ខ្លះ​ដែល​ថ្លែង​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​បាន​ឃើញ​ថា មាន​ប្រយោជន៍​មែន បើ​ប្រើ​ខគម្ពីរ​សំខាន់ៗនិង​គោល​រឿង​នៃ​សុន្ទរកថា ជា​មូលដ្ឋាន​សំរាប់​ការ​សង្ខេប​សេចក្ដី​ក្នុង​ការ​បញ្ចប់។ បើ​យើង​បង្រួម​សុន្ទរកថា​តាម​របៀប​នេះ​ដោយ​ប្រើ​បទ​គម្ពីរ​ពីរបី ដូច​យើង​ធ្វើ​នៅ​ក្នុង​កិច្ចបំរើ​ផ្សាយ​ដែរ នោះ​យើង​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​គោល​បំណង​នៃ​សុន្ទរកថា ហើយ​ជួយ​អ្នក​ស្ដាប់​ចង​ចាំ​នូវ​ចំណុច​ដែល​ជួយ​រំឭក​ពី​គោល​សំខាន់ៗផង​ដែរ។ នេះ​ហើយ​ជា​គោល​បំណង​ចំ​បង​នៃ​ការ​បញ្ចប់ ហើយ​នេះ​គឺ​សមរម្យ ហើយ​មាន​ប្រសិទ្ធភាព​ផង​ដែរ ក្នុង​ការ​សម្រេច​គោល​បំណង​នោះ។

      **********

      ១០ ការ​បញ្ចប់​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ: ជា​ច្រើន​ដង អ្នក​ថ្លែង​នឹង​បញ្ចប់​សុន្ទរកថា​ដោយ​សម្រប​ទៅ​តាម​ពេល​វេលា​ដែល​នៅ​សល់ ប៉ុន្តែ ប្រវែង​នៃ​ការ​បញ្ចប់​មិន​គួរ​ផ្អែក​លើ​ម៉ោង​នោះ​ទេ។ ការ​បញ្ចប់​នឹង​មាន​ប្រវែង​ត្រឹម​ត្រូវ បើ​ការ​បញ្ចប់​នោះ​មាន​ប្រសិទ្ធភាព​និង​សម្រេច​នូវ​គោល​បំណង។ ដូច្នេះ លទ្ធផល​ពី​ការ​បញ្ចប់​គឺ​ជា​អ្វី​ដែល​បញ្ជាក់​ថា​មាន​ប្រវែង​ត្រឹម​ត្រូវ។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ជូន​ឱវាទ​នឹង​គិត ពេល​យើង​ហាត់​ចំណុច​នេះ​ដែល​ហៅ​ថា «ការ​បញ្ចប់​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ»។

      ១១ បើ​ចង់​ប្រៀបធៀប​ប្រវែង​នៃ​ការ​បញ្ចប់​ជា​មួយ​នឹង​តួ​សេចក្ដី សូម​មើល​សាស្ដា ១២:១៣, ១៤ និង​កត់​សម្គាល់​នូវ​ការ​បញ្ចប់​សៀវភៅ​ទាំង​មូល​យ៉ាង​ខ្លី​នោះ ហើយ​ប្រៀបធៀប​នោះ​ជា​មួយ​នឹង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ និង​ការ​បញ្ចប់​របស់​ទ្រង់​នៅ​ម៉ាថាយ ៧:២៤​-​២៧។ យើង​ឃើញ​នូវ​ការ​បញ្ចប់​ពីរ​ដែល​មាន​ប្រភេទ​និង​ប្រវែង​ខុស​គ្នា ប៉ុន្តែ ការ​បញ្ចប់​ទាំង​ពីរ​នេះ​បាន​សម្រេច​គោល​បំណង​នៃ​សុន្ទរកថា​ដូច​គ្នា។

      ១២ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្ញាក់ផ្អើល​ដោយ​បញ្ចប់​យ៉ាង​កំបុត​នោះ​ទេ។ ពាក្យ​ដែល​យើង​និយាយ​គួរ​បង្ហាញ​យ៉ាង​ច្បាស់​ទៅ​កាន់​ទីបញ្ចប់​នៃ​សុន្ទរកថា។ អ្វី​ដែល​យើង​និយាយ និង​របៀប​ដែល​យើង​និយាយ​គួរ​បង្ហាញ​ថា​នេះ​ជា​ការ​បញ្ចប់​នូវ​ការ​ពិគ្រោះ​ហើយ។ ការ​បញ្ចប់​មិន​គួរ​និយាយ​បូរបាច់​ច្រើន​ពេក​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​អាច​បន្ត​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ក្នុង​កំឡុង​ការ​បញ្ចប់​ដែល​សង្ខេប​សេចក្ដី​ឲ្យ​ទាក់ទង​គ្នា​ហូរហែ​នោះ យើង​ត្រូវ​គិត​រៀបចំ​ការ​បញ្ចប់​ម្ដង​ទៀត ពីព្រោះ​ការ​បញ្ចប់​នោះ​នៅ​តែ​វែង​ពេក។

      ១៣ បើ​យើង​ជា​សិស្ស​ថ្មី យក​ល្អ​ឲ្យ​យើង​បង្រួម​ការ​បញ្ចប់​ឲ្យ​មាន​ប្រវែង​ខ្លី។ ចូរ​រៀបចំ​ការ​បញ្ចប់​ឲ្យ​ស្រួល​យល់ ដោយ​និយាយ​ចំៗហើយ​លើក​ទឹក​ចិត្ត​ផង​ដែរ។ កុំ​ឲ្យ​ការ​បញ្ចប់​ស្ដាប់​ទៅ​ដូច​ជា​ឥត​មាន​ក្បាល​ឥត​មាន​កន្ទុយ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក