ចំណុចហាត់រៀនទី១៧
ការបញ្ចប់សមរម្យ និងការកំណត់ពេល
១ អ្នកស្ដាប់តែងតែចាំបានយូរនូវចំណុចដែលយើងនិយាយចុងក្រោយ។ ដូច្នេះ យើងគួររៀបចំការបញ្ចប់សុន្ទរកថាឲ្យបានហ្មត់ចត់។ ការបញ្ចប់គួរប្រមូលអារម្មណ៍លើគោលចំណុចដែលយើងចង់ឲ្យអ្នកស្ដាប់ចងចាំ និងគួរបញ្ជាក់នូវគោលរឿងផងដែរ។ ដោយផ្អែកលើការរៀបចំរបស់យើង និងថ្លែងដោយមានការពន្យល់ផងដែរ នេះគួរជំរុញចិត្តអ្នកស្ដាប់ឲ្យប្រព្រឹត្តតាម។ ដូច្នេះហើយ យើងត្រូវបានដាស់តឿនឲ្យយកចិត្តទុកដាក់នឹងលក្ខណៈមួយដែលហៅថា «ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព»ដែលមានក្នុងប័ណ្ណឱវាទ។
២ ការបញ្ចប់ទាក់ទងយ៉ាងចំៗនឹងគោលរឿង: ចំពោះពត៌មានលំអិតអំពីរបៀបភ្ជាប់សេចក្ដីបញ្ចប់ជាមួយនឹងគោលរឿងនៃសុន្ទរកថា សូមយើងមើលសាឡើងវិញនូវចំណុចហាត់រៀនទី៨។ ការបញ្ចប់គួរសំដៅទៅលើគោលរឿង ទោះជាមិនចាំបាច់ប្រាប់គោលរឿងចំៗសាឡើងវិញក៏ដោយ។ ប៉ុន្តែ ប្រហែលជាស្រួលហើយល្អទៀតផង បើសិស្សខ្លះជាពិសេសសិស្សថ្មីៗ ប្រាប់គោលរឿងនោះចំៗសាឡើងវិញ។ រួចមក ដោយផ្អែកលើគោលរឿង យើងអាចបង្ហាញដល់អ្នកស្ដាប់នូវអ្វីដែលពួកគេត្រូវធ្វើ។
៣ ប្រសិនបើការបញ្ចប់ឥតទាក់ទងចំៗនឹងគោលរឿងទេ គឺនឹងមិនធ្វើឲ្យសាច់រឿងទាក់ទងគ្នាហូរហែឡើយ។ សូម្បីតែយើងបញ្ចប់ដោយគ្រាន់តែសង្ខេបគោលចំណុចចំៗប៉ុណ្ណោះក៏ដោយ តែយើងក៏នៅតែចង់និយាយបន្ថែមមួយឬពីរឃ្លា ដើម្បីប្រាប់ពីគោលគំនិតក្នុងគោលរឿងនៃសុន្ទរកថា។
៤ ការបញ្ចប់ប្រាប់អ្នកស្ដាប់ឲ្យត្រូវធ្វើយ៉ាងណា: តាមធម្មតា យើងនិយាយដោយមានបំណងជំរុញចិត្តអ្នកស្ដាប់ឲ្យធ្វើអ្វីមួយ ឬចង់បញ្ចុះបញ្ចូលឲ្យគេជឿតាមទស្សនៈណាមួយ។ ការបញ្ចប់សុន្ទរកថាក៏គួរធ្វើដូច្នេះដែរ។ ដូច្នេះ គោលបំណងចំបងនៃការបញ្ចប់ គឺដើម្បីបង្ហាញឲ្យអ្នកស្ដាប់ដឹងថាគាត់ត្រូវធ្វើអ្វី ហើយក៏ចង់លើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។
៥ ហេតុនេះហើយបានជាការបញ្ចប់ត្រូវបង្ហាញយ៉ាងច្បាស់នូវគោលបំណងនៃសុន្ទរកថា ហើយត្រូវថ្លែងដោយស្មោះអស់ពីចិត្ត ទាំងបញ្ជាក់ពីជំនឿស៊ប់ ព្រមទាំងជំរុញទឹកចិត្តអ្នកស្ដាប់ផងដែរ។ ធម្មតា ឃ្លាខ្លីៗមានប្រសិទ្ធភាពក្នុងការផ្ដល់ឥទ្ធិពលដល់ការបញ្ចប់។ ប៉ុន្តែ មិនថាប្រើឃ្លាខ្លីឬវែងក៏ដោយ យើងត្រូវផ្ដល់នូវមូលហេតុត្រឹមត្រូវឲ្យអ្នកស្ដាប់ធ្វើតាម ហើយត្រូវប្រាប់អំពីប្រយោជន៍ដែលមកពីការធ្វើតាមនោះ។
៦ ការបញ្ចប់គួរបង្ហាញនូវហេតុផលស្របទៅតាមអ្វីដែលបានថ្លែងក្នុងសុន្ទរកថារួចហើយ។ ដូច្នេះហើយ អ្វីដែលយើងនិយាយក្នុងសេចក្ដីបញ្ចប់ គឺដើម្បីជំរុញចិត្តអ្នកស្ដាប់ឲ្យប្រព្រឹត្តតាមអ្វីដែលបានថ្លែងក្នុងតួសេចក្ដី។ ការបញ្ចប់ត្រូវពន្យល់ហើយបញ្ជាក់នូវអ្វីដែលអ្នកស្ដាប់ត្រូវធ្វើ ដើម្បីឲ្យពួកគេប្រព្រឹត្តតាមចំណុចនានាដែលបានថ្លែងជូន ហើយពួកគេនឹងមានចិត្តជំរុញឲ្យធ្វើតាមមែន ដោយសារឥទ្ធិពលនៃការបញ្ចប់របស់យើង។
៧ តាមធម្មតា ក្នុងកិច្ចបំរើផ្សាយពីផ្ទះមួយទៅផ្ទះមួយ ការបញ្ចប់គឺពុំសូវមានឥទ្ធិពលទេ។ នេះគឺដោយសារអ្នកផ្សាយមិនបង្ហាញដល់ម្ចាស់ផ្ទះយ៉ាងច្បាស់ ថាយើងចង់ឲ្យគាត់ធ្វើយ៉ាងណា ពោលគឺ ទទួលយកប្រកាសនវត្ថុមួយ ឬយល់ព្រមឲ្យយើងត្រឡប់មកជួបគាត់ម្ដងទៀត ឬត្រូវធ្វើអ្វីផ្សេងទៀត។
៨ ការបញ្ចប់សុន្ទរកថានៅក្នុងសាលាក៏នឹងគ្មានឥទ្ធិពលដែរ បើគ្រាន់តែនិយាយសង្ខេបនូវសាច់រឿង ហើយឥតជំរុញអ្នកស្ដាប់ឲ្យធ្វើអ្វីមួយនោះ។ យើងត្រូវពន្យល់ពីរបៀបធ្វើតាមសាច់រឿង ឬក៏បង្ហាញឲ្យអ្នកស្ដាប់ជ្រាបពីតម្លៃនៃសាច់រឿងនោះ។
៩ អ្នកខ្លះដែលថ្លែងសុន្ទរកថាដែលមានមូលដ្ឋានលើព្រះគម្ពីរបានឃើញថា មានប្រយោជន៍មែន បើប្រើខគម្ពីរសំខាន់ៗនិងគោលរឿងនៃសុន្ទរកថា ជាមូលដ្ឋានសំរាប់ការសង្ខេបសេចក្ដីក្នុងការបញ្ចប់។ បើយើងបង្រួមសុន្ទរកថាតាមរបៀបនេះដោយប្រើបទគម្ពីរពីរបី ដូចយើងធ្វើនៅក្នុងកិច្ចបំរើផ្សាយដែរ នោះយើងនឹងបញ្ជាក់យ៉ាងច្បាស់នូវគោលបំណងនៃសុន្ទរកថា ហើយជួយអ្នកស្ដាប់ចងចាំនូវចំណុចដែលជួយរំឭកពីគោលសំខាន់ៗផងដែរ។ នេះហើយជាគោលបំណងចំបងនៃការបញ្ចប់ ហើយនេះគឺសមរម្យ ហើយមានប្រសិទ្ធភាពផងដែរ ក្នុងការសម្រេចគោលបំណងនោះ។
**********
១០ ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ: ជាច្រើនដង អ្នកថ្លែងនឹងបញ្ចប់សុន្ទរកថាដោយសម្របទៅតាមពេលវេលាដែលនៅសល់ ប៉ុន្តែ ប្រវែងនៃការបញ្ចប់មិនគួរផ្អែកលើម៉ោងនោះទេ។ ការបញ្ចប់នឹងមានប្រវែងត្រឹមត្រូវ បើការបញ្ចប់នោះមានប្រសិទ្ធភាពនិងសម្រេចនូវគោលបំណង។ ដូច្នេះ លទ្ធផលពីការបញ្ចប់គឺជាអ្វីដែលបញ្ជាក់ថាមានប្រវែងត្រឹមត្រូវ។ នេះហើយជាអ្វីដែលអ្នកជូនឱវាទនឹងគិត ពេលយើងហាត់ចំណុចនេះដែលហៅថា «ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ»។
១១ បើចង់ប្រៀបធៀបប្រវែងនៃការបញ្ចប់ជាមួយនឹងតួសេចក្ដី សូមមើលសាស្ដា ១២:១៣, ១៤ និងកត់សម្គាល់នូវការបញ្ចប់សៀវភៅទាំងមូលយ៉ាងខ្លីនោះ ហើយប្រៀបធៀបនោះជាមួយនឹងធម្មទានរបស់ព្រះយេស៊ូនៅលើភ្នំ និងការបញ្ចប់របស់ទ្រង់នៅម៉ាថាយ ៧:២៤-២៧។ យើងឃើញនូវការបញ្ចប់ពីរដែលមានប្រភេទនិងប្រវែងខុសគ្នា ប៉ុន្តែ ការបញ្ចប់ទាំងពីរនេះបានសម្រេចគោលបំណងនៃសុន្ទរកថាដូចគ្នា។
១២ យើងមិនត្រូវធ្វើឲ្យអ្នកស្ដាប់ភ្ញាក់ផ្អើលដោយបញ្ចប់យ៉ាងកំបុតនោះទេ។ ពាក្យដែលយើងនិយាយគួរបង្ហាញយ៉ាងច្បាស់ទៅកាន់ទីបញ្ចប់នៃសុន្ទរកថា។ អ្វីដែលយើងនិយាយ និងរបៀបដែលយើងនិយាយគួរបង្ហាញថានេះជាការបញ្ចប់នូវការពិគ្រោះហើយ។ ការបញ្ចប់មិនគួរនិយាយបូរបាច់ច្រើនពេកនោះទេ។ ប្រសិនបើយើងមិនអាចបន្តធ្វើឲ្យមានចំណាប់អារម្មណ៍ក្នុងកំឡុងការបញ្ចប់ដែលសង្ខេបសេចក្ដីឲ្យទាក់ទងគ្នាហូរហែនោះ យើងត្រូវគិតរៀបចំការបញ្ចប់ម្ដងទៀត ពីព្រោះការបញ្ចប់នោះនៅតែវែងពេក។
១៣ បើយើងជាសិស្សថ្មី យកល្អឲ្យយើងបង្រួមការបញ្ចប់ឲ្យមានប្រវែងខ្លី។ ចូររៀបចំការបញ្ចប់ឲ្យស្រួលយល់ ដោយនិយាយចំៗហើយលើកទឹកចិត្តផងដែរ។ កុំឲ្យការបញ្ចប់ស្ដាប់ទៅដូចជាឥតមានក្បាលឥតមានកន្ទុយឡើយ។
១៤ បើយើងថ្លែងសុន្ទរកថាមួយដែលចែកជាផ្នែកៗ ឬយើងមានសុន្ទរកថាក្នុងការប្រជុំអប់រំកិច្ចបំរើនោះ ការបញ្ចប់របស់យើងទាក់ទងនឹងការផ្ដើមវាចានៃសុន្ទរកថាជាបន្ទាប់ ដូច្នេះអាចបង្រួមឲ្យខ្លីបាន។ យ៉ាងណាក៏ដោយ ផ្នែកនិមួយៗគួរមានការបញ្ចប់ដែលសម្រេចនូវគោលបំណងនៃសុន្ទរកថានោះ។ បើដូច្នេះមែន នោះការបញ្ចប់នឹងមានប្រវែងត្រឹមត្រូវ។
**********
១៥ ការកំណត់ពេល: សំខាន់មែនដែលការបញ្ចប់នៃសុន្ទរកថាមានប្រវែងត្រឹមត្រូវ ប៉ុន្តែយើងក៏គួរយកចិត្តទុកដាក់កំណត់ពេលនៃផ្នែកនិមួយៗក្នុងសុន្ទរកថាឲ្យបានត្រឹមត្រូវដែរ។ ដោយហេតុនេះលក្ខណៈនេះគឺជាលក្ខណៈផ្សេងដែលមាននៅលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ ដែលត្រូវហៅថា«ការកំណត់ពេល»។
១៦ យើងមិនត្រូវមើលស្រាលឡើយនូវសារៈសំខាន់នៃការកំណត់ពេលក្នុងសុន្ទរកថា។ ប្រសិនបើយើងរៀបចំសុន្ទរកថាបានល្អនោះបានន័យថា យើងបានយកចិត្តទុកដាក់នឹងការកំណត់ពេលដែរ។ ប៉ុន្តែ បើអ្នកថ្លែងខំរួមបញ្ចូលពត៌មានទាំងអស់រហូតដល់ថ្លែងលើសពេលកំណត់ នោះគាត់ពុំបានសម្រេចនូវគោលបំណងនៃសុន្ទរកថាទេ។ នេះគឺពីព្រោះអ្នកស្ដាប់នឹងលែងអង្គុយស្ងៀម ចេះតែមើលម៉ោង ហើយនឹងមិនប្រុងស្ដាប់នូវអ្វីដែលគាត់និយាយទៀតទេ។ បើដូច្នេះ ការបញ្ចប់នឹងលែងមានអានុភាព ពីព្រោះការបញ្ចប់ត្រូវពន្យល់នូវរបៀបធ្វើតាមនិងជំរុញចិត្ត ដែលសំខាន់ចាំបាច់ចំពោះការសម្រេចគោលបំណងនៃសុន្ទរកថា។ សូម្បីតែអាចថ្លែងចប់ក៏ដោយ ធម្មតាអ្នកស្ដាប់ពុំបានទទួលប្រយោជន៍ទេ ពីព្រោះអ្នកថ្លែងបាននិយាយលើសពេលកំណត់ហើយ។
១៧ ពេលអ្នកថ្លែងនិយាយលើសពេលកំណត់ នោះអ្នកស្ដាប់មានអារម្មណ៍មិនស្រួល ហើយអ្នកថ្លែងក៏មានអារម្មណ៍មិនស្រួលដែរ។ ពេលគាត់ឃើញថាជិតអស់ពេលហើយ តែនៅមានពត៌មានច្រើនទៀត គាត់ប្រហែលជាថ្លែងដោយរួមបញ្ចូលពត៌មានទាំងអស់ នេះនឹងធ្វើឲ្យសុន្ទរកថាលែងមានប្រសិទ្ធភាពទៀត។ នេះអាចបណ្ដាលឲ្យគាត់លែងមានលក្ខណៈថ្លៃថ្នូរទៀតដែរ។ ផ្ទុយទៅវិញ បើអ្នកថ្លែងជ្រាបថា ពុំមានពត៌មានគ្រប់គ្រាន់ដើម្បីបំពេញពេលកំណត់ ហើយគាត់ប្រហែលជាខំនិយាយឲ្យបានយូរ នោះការពន្យល់នឹងទៅជាឥតទាក់ទងនឹងសាច់រឿង ព្រមទាំងនិយាយរអាក់រអួលទៀតផង។
១៨ ពិតមែន អ្នកត្រួតពិនិត្យសាលានឹងបង្ហាញឲ្យសិស្សដឹងថា អស់ពេលហើយ ប៉ុន្តែគួរឲ្យស្ដាយមែនចំពោះសិស្សនិងអ្នកស្ដាប់ បើត្រូវកាត់សុន្ទរកថាឲ្យខ្លីដោយមិនមានការបញ្ចប់ត្រឹមត្រូវ។ អ្នកថ្លែងគួរបង្ហាញថាមានទឹកចិត្តចង់ថ្លែងពត៌មានជូនអ្នកស្ដាប់។ អ្នកស្ដាប់នឹងពុំដឹងនូវគោលដៅច្បាស់លាស់ទេ បើពួកគេពុំឮនូវសេចក្ដីបញ្ចប់នោះ។ បុគ្គលដែលនិយាយលើសពេលកំណត់ជារៀងរាល់ដង បង្ហាញថាគាត់មិនចេះគិតដល់អ្នកដទៃ ឬក៏បង្ហាញជាភស្តុតាងថាមិនបានរៀបចំគ្រប់គ្រាន់ទេ។
១៩ ពេលមានអ្នកថ្លែងច្រើននាក់តៗគ្នាក្នុងកម្មវិធីមួយ នោះការកំណត់ពេលជារឿងកាន់តែសំខាន់ណាស់។ ជាឧទាហរណ៍ ប្រហែលជាមានសុន្ទរកថាប្រាំក្នុងការប្រជុំអប់រំកិច្ចបំរើ។ បើអ្នកថ្លែងម្នាក់ៗនិយាយលើសពេលកំណត់តែមួយនាទី នោះការប្រជុំនឹងចប់លើសប្រាំនាទី។ ប៉ុន្តែ ម្នាក់ៗបាននិយាយលើសពេលកំណត់តែបន្ដិចបន្តួចទេ។ ជាលទ្ធផល អ្នកស្ដាប់ខ្លះប្រហែលជាត្រូវចេញដំណើរទៅផ្ទះមុនកិច្ចប្រជុំចប់ ពីព្រោះត្រូវជិះឡានក្រុងឲ្យទាន់ម៉ោង ឬមានគូដែលមិនរួមជំនឿកំពុងតែរង់ចាំដឹកគេទៅផ្ទះ ហើយខ្លាចគូនោះខឹងបើត្រូវចាំយ៉ាងយូរ។ ដូច្នេះ ការនិយាយលើសពេលកំណត់គឺមិនមានផលល្អនោះទេ។
២០ រីឯអ្នកថ្លែងផ្នែកណាមួយក្នុងសុន្ទរកថាដែលចែកជាផ្នែកផ្សេងៗនោះ ប្រសិនបើគាត់មិនថ្លែងគ្រប់ពេលដែលបានកំណត់នោះ នេះក៏អាចនាំឲ្យមានបញ្ហាដែរ។ ជាឧទាហរណ៍ បើបងប្រុសម្នាក់ត្រូវថ្លែងសុន្ទរកថាដែលមានរយៈពេល៣០នាទីក្នុងកម្មវិធីមហាសន្និបាត តែគាត់ថ្លែងចប់ក្នុងរយៈពេលតែ២០នាទីវិញ នោះនឹងអាចធ្វើឲ្យមានបញ្ហា បើអ្នកថ្លែងជាបន្ទាប់ពុំបានប្រុងប្រៀបខ្លួនជាមុននោះ។
២១ ប្រាកដហើយ មូលហេតុចំបងមួយចំពោះការនិយាយលើសពេលកំណត់ គឺដោយសារមានពត៌មានច្រើនពេក។ នេះគឺជាអ្វីដែលយើងគួរកែប្រែ ពេលដែលយើងរៀបចំសុន្ទរកថា។ បើយើងអាចធ្វើតាមចំណុចឯទៀតលើប័ណ្ណឱវាទ នោះមកដល់ឥឡូវនេះ ការកំណត់ពេលគឺមិនជាបញ្ហាទេ។ បើយើងចេះលើកបញ្ជាក់គោលចំណុចម្ដងមួយៗ ហើយចេះរៀបចំទម្រង់សុន្ទរកថាបានល្អ ជាលទ្ធផលនោះ យើងអាចធ្វើតាមការកំណត់ពេលបានយ៉ាងល្អ។ យើងពិនិត្យមើលការកំណត់ពេលនៅជិតចុងក្រោយគេពីព្រោះយើងត្រូវចេះធ្វើតាមជាមុនសិននូវលក្ខណៈឯទៀតនៃការនិយាយដែលយើងបានពិគ្រោះរួចហើយនោះ។
២២ តាមធម្មតាបញ្ហាខាងការកំណត់ពេល គឺការនិយាយលើសពេលកំណត់។ អ្នកថ្លែងដែលបានរៀបចំយ៉ាងល្អ ធម្មតាមានពត៌មានច្រើនដែលអាចនាំឲ្យយល់ដឹង ប៉ុន្តែគាត់ត្រូវប្រយ័ត្នកុំថ្លែងប្រាប់ពត៌មានលើសពេលកំណត់ឡើយ។
២៣ រីឯអ្នកថ្លែងថ្មីដែលពុំមានបទពិសោធន៍ ជួនកាលពួកគេនិយាយចប់មុនពេលកំណត់វិញ។ ពួកគេគួររៀនឲ្យចេះប្រើពេលដែលនៅសល់នោះ។ មុនដំបូង ប្រហែលជាពួកគេពិបាករៀបចំសុន្ទរកថាឲ្យមានប្រវែងត្រូវនឹងពេលកំណត់ ប៉ុន្តែ ពួកគេគួរខំធ្វើយ៉ាងណាដើម្បីថ្លែងឲ្យជិតដល់ពេលកំណត់។ ប៉ុន្តែ បើសិស្សបានរៀបចំហើយថ្លែងសុន្ទរកថាបានយ៉ាងល្អដែលមានប្រសិទ្ធភាព នោះមិនមានបញ្ហាខាងការកំណត់ពេលទេ លើកលែងតែសុន្ទរកថាចប់យ៉ាងយូរមុនកំណត់ពេល។
២៤ កំណត់ពេលរបស់អ្នកថ្លែងត្រូវចាត់ទុកល្អឬក៏មិនល្អ ដោយមើលនូវឥទ្ធិពលដែលមានទៅលើអ្នកស្ដាប់។ ពេលអ្នកត្រួតពិនិត្យសាលាបង្ហាញថាដល់ពេលកំណត់ហើយ នោះសិស្សអាចនិយាយចប់បាន នូវប្រយោគដែលគាត់កំពុងតែនិយាយនោះ។ បើគាត់អាចបញ្ចប់សុន្ទរកថាយ៉ាងមានប្រសិទ្ធភាពដោយប្រើតែមួយប្រយោគប៉ុណ្ណោះនោះ ហើយធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថា បានឮការពិគ្រោះដែលមានខ្លឹមសារ នោះមិនចាំបាច់ហាត់ការកំណត់ពេលទេ។
២៥ តើយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីថ្លែងឲ្យបានត្រូវតាមពេលកំណត់? ការរៀបចំគឺមានសារៈសំខាន់ណាស់ ពោលគឺការរៀបចំពត៌មានផង ហើយការហាត់ថ្លែងនូវពត៌មាននោះក៏សំខាន់ផងដែរ។ បើយើងបានហាត់ថ្លែងពត៌មានឲ្យបានគ្រប់គ្រាន់ នោះពេលកំណត់ក៏បានល្អដែរ។
២៦ ពេលរៀបចំទម្រង់សុន្ទរកថារបស់យើង សូមគូសបញ្ជាក់នូវគោលចំណុចយ៉ាងច្បាស់។ ក្រោមគោលចំណុចនិមួយៗ យើងអាចមានចំណុចបន្ទាប់បន្សំបីបួនដែរ។ ពិតមែន ចំណុចខ្លះគឺសំខាន់ជាងចំណុចឯទៀត។ ចូរដឹងថា ចំណុចណាដែលចាំបាច់សំរាប់ការពិគ្រោះ ហើយចំណុចណាដែលយើងមិនចាំបាច់យកមកថ្លែង។ រួចមក ក្នុងកំឡុងការថ្លែងសុន្ទរកថា បើយើងដឹងថា យើងថ្លែងមិនទាន់ពេលដែលបានកំណត់នោះ គឺស្រួលឲ្យយើងពន្យល់តែគោលចំណុចដែលបញ្ជាក់ហេតុផល ហើយមិនចាំបាច់រៀបរាប់ចំណុចបន្ទាប់បន្សំនោះទេ។
២៧ យើងតែងតែធ្វើដូច្នេះក្នុងកិច្ចបំរើផ្សាយរបស់យើង។ ពេលយើងជួបម្ចាស់ផ្ទះដែលព្រមស្ដាប់ នោះយើងនិយាយជាមួយគាត់យូរបន្ដិច។ ប៉ុន្តែ យើងក៏បានត្រៀមសារដដែលនោះដោយនិយាយយ៉ាងសង្ខេបតែមួយឬពីរនាទីក៏បាន។ តើយើងធ្វើនេះយ៉ាងដូចម្ដេច? យើងគិតអំពីចំណុចសំខាន់ៗ និងពត៌មានឯទៀតដែលគាំទ្រចំណុចនោះ។ យើងក៏រៀបចំពត៌មានបន្ទាប់បន្សំដែលយើងអាចពិគ្រោះបានវែងឆ្ងាយជាង។ ប៉ុន្តែ យើងដឹងថា បើគ្មានឱកាសពិគ្រោះវែងឆ្ងាយទេ យើងមិនចាំបាច់ប្រើចំណុចទាំងនោះទេ។ ពេលថ្លែងសុន្ទរកថានៅលើវេទិកា យើងក៏អាចធ្វើដូចគ្នាដែរ។
២៨ យកល្អឲ្យអ្នកថ្លែងសរសេរសញ្ញាអ្វីមួយនៅដើមបន្ទាត់ដើម្បីបង្ហាញថា ពត៌មានត្រឹមណាគឺពាក់កណ្ដាលកំណត់ពេល។ បើសុន្ទរកថានោះវែង គាត់អាចចែកកំណត់ពេលទៅជាបួនផ្នែកក៏បាន។ រួចមក ពេលគាត់ថ្លែងមកដល់ចំណុចដែលមានសញ្ញានោះក្នុងទម្រង់សុន្ទរកថា គាត់ត្រូវមើលម៉ោងថា តើបានថ្លែងលើសឬខ្វះម៉ោង។ បើគាត់និយាយលើសពេលកំណត់ នោះគាត់គួរទុកចោលចំណុចបន្ទាប់បន្សំ ជាជាងចាំដល់ជិតចប់ ទើបសង្ខេបពត៌មានជាច្រើនក្នុងរយៈពេលខ្លី ដែលធ្វើឲ្យការបញ្ចប់នៃសុន្ទរកថាលែងមានប្រសិទ្ធភាពវិញ។ ប៉ុន្តែ អ្នកស្ដាប់នឹងពិបាកប្រុងស្មារតីស្ដាប់មែន បើអ្នកថ្លែងតែងតែមើលម៉ោង ហើយអ្នកស្ដាប់តែងតែឃើញគាត់ធ្វើដូច្នេះ ឬក៏បើគាត់ប្រាប់អ្នកស្ដាប់ថា ជិតអស់ម៉ោងហើយ ដូច្នេះត្រូវនិយាយឲ្យលឿនបន្ដិចនោះ។ ការកែប្រែតាមពេលកំណត់ជាអ្វីដែលត្រូវធ្វើឡើងដោយមិនរំខានដល់អ្នកស្ដាប់។
២៩ ការនិយាយឲ្យត្រូវតាមកំណត់ពេល តម្រូវឲ្យពាក្យផ្ដើមមានប្រវែងត្រឹមត្រូវ ឲ្យចំណុចសំខាន់និមួយៗបកស្រាយតាមកំណត់ពេល និងត្រូវមានពេលគ្រប់គ្រាន់សំរាប់ការបញ្ចប់។ យើងមិនគួររង់ចាំដល់ជិតអស់ម៉ោងហើយ ទើបគិតអំពីកំណត់ពេលទេ។ បើយើងប្រយ័ត្ននឹងកំណត់ពេលតាំងពីចាប់ផ្ដើមថ្លែង នោះការថ្លែងសុន្ទរកថានឹងមានប្រវែងត្រឹមត្រូវ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១-៣. តើយើងអាចធ្វើឲ្យការបញ្ចប់ទាក់ទងនឹងគោលរឿងនៃសុន្ទរកថាបានយ៉ាងណា?
៤-៩. ហេតុអ្វីក៏ការបញ្ចប់ត្រូវបង្ហាញពីអ្វីដែលអ្នកស្ដាប់គួរធ្វើនោះ?
១០-១៤. សូមឲ្យយោបល់ខ្លះអំពីប្រវែងនៃការបញ្ចប់។
១៥-១៨. បើយើងមិនប្រយ័ត្ននឹងការកំណត់ពេល តើនឹងមានលទ្ធផលយ៉ាងណា?
១៩, ២០. ហេតុអ្វីក៏ការកំណត់ពេលគឺសំខាន់ ជាពិសេសក្នុងកម្មវិធីប្រជុំអប់រំកិច្ចបំរើនិងនៅឯមហាសន្និបាត?
២១-២៤. សូមពន្យល់ដោយសង្ខេបអំពីបញ្ហាខ្លះខាងការកំណត់ពេល និងមូលហេតុដែលមានបញ្ហានោះ។
២៥-២៩. តើយើងអាចធ្វើយ៉ាងណា ដើម្បីឲ្យថ្លែងស្របតាមពេលកំណត់?