ជំពូកទី១
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
ទូទាំងពិភពលោក មានរាប់ពាន់អង្គការជាតិនិងអន្តរជាតិ។ ក្នុងចំណោមអង្គការទាំងនោះ មានអង្គការសាសនា នយោបាយ និងពាណិជ្ជកម្មច្រើនសន្ធឹក ដែលមានលក្ខណៈនិងគោលដៅខុសៗគ្នា។ សមាជិកអង្គការទាំងនោះ ទោះច្រើនឬតិចក្ដី បានត្រូវរៀបចំឡើងតាមទស្សនៈនិងមតិរបស់មនុស្សជាតិ។ ក៏ប៉ុន្តែមានអង្គការមួយដែលលេចធ្លោឃើញខុសពីអង្គការទាំងនោះ។ ព្រះបន្ទូលរបស់ព្រះ និងភ័ស្តុតាងជាច្រើនជាលាយលក្ខណ៍អក្សរដែលមានសព្វថ្ងៃនេះ បញ្ជាក់ច្បាស់ថា អង្គការនោះគឺអង្គការស្មរបន្ទាល់ព្រះយេហូវ៉ា។
ដោយសារអ្នកបានឧទ្ទិសថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា នោះអ្នកជាសមាជិកនៃអង្គការព្រះយេហូវ៉ាហើយ។ ម្យ៉ាងទៀត អ្នកកំពុងតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ដ្បិតអ្នកបានលមើលឬពិចារណាឲ្យស្គាល់បំណងព្រះហឫទ័យនៃទ្រង់រួចហើយ។ (ទំនុក. ១៤៣:១០; រ៉ូម ១២:២) អ្នកបម្រើព្រះយ៉ាងសកម្មជាមួយនឹងបងប្អូនទូទាំងពិភពលោក ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ (២កូ. ៦:៤; ១ពេ. ២:១៧; ៥:៩) ដូចដែលព្រះយេស៊ូបានសន្យានោះ អ្នកបានទៅជាអ្នកមានខាងវិញ្ញាណក្នុងសម័យនេះ។ (សុ. ១០:២២; ម៉ាក. ១០:៣០) ដោយរួបរួមគ្នាធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ាយ៉ាងស្មោះភក្ដី នោះអ្នកកំពុងតែត្រៀមលក្ខណៈឲ្យមានអនាគតដ៏ស្ថិតស្ថេរនិងភ្លឺស្វាង។—១ធី. ៦:១៨, ១៩; ១យ៉ូន. ២:១៧
យើងទទួលប្រយោជន៍ជាច្រើនណាស់ ហើយជំនឿរបស់យើងក៏ត្រូវពង្រឹងទៀតផង ដោយសារព្រះឧត្តុង្គឧត្តមដែលជាអ្នកបង្កើតយើងមានអង្គការដ៏ប្រសើរឯកមួយនៅទូទាំងពិភពលោក ដែលជាអង្គការព្រះធិបតេយ្យ។ នេះមានន័យថា ព្រះយេហូវ៉ាជាអធិបតីឬជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់។ យើងទុកចិត្តទ្រង់ទាំងស្រុង។ ទ្រង់ជាចៅក្រម អ្នកតែងច្បាប់ និងមហាក្សត្រនៃយើងរាល់គ្នា។ (អេសា. ៣៣:២២) ដោយព្រោះព្រះយេហូវ៉ាធ្វើអ្វីៗទាំងអស់ដោយរបៀបរៀបរយ នោះទ្រង់មានការរៀបចំមួយដើម្បីជួយឲ្យយើងរួមធ្វើការជាមួយនឹងទ្រង់ក្នុងការសម្រេចបំណងព្រះហឫទ័យទ្រង់។—២កូ. ៦:១, ២
កាលដែលទីបញ្ចប់នៃរបបលោកិយនេះឆ្ពោះមកកាន់តែជិត យើងជឿនទៅមុខដោយស្ដាប់បង្គាប់យ៉ាងស្មោះភក្ដីចំពោះព្រះគ្រីស្ទយេស៊ូដែលបានត្រូវតែងតាំងជាព្រះមេស្ស៊ី ជាស្តេច ជាអ្នកបង្គាប់ និងអ្នកនាំមុខយើង។ (អេសា. ៥៥:៤; វិវរ. ៦:២; ១១:១៥) ព្រះយេស៊ូបានទាយថា អ្នកកាន់តាមទ្រង់នឹងធ្វើការធំជាងការដែលទ្រង់បានធ្វើ ពេលទ្រង់បំពេញកិច្ចបម្រើនៅផែនដី ដោយផ្សាយសារព្រះរាជាណាចក្រនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (យ៉ូន. ១៤:១២) ទ្រង់មានបន្ទូលដូច្នោះ ដោយសារអ្នកកាន់តាមទ្រង់នឹងផ្សព្វផ្សាយយូរជាងទ្រង់ ហើយនឹងផ្សព្វផ្សាយដល់កន្លែងឆ្ងាយៗ ដោយមានចំនួនអ្នកផ្សាយកាន់តែច្រើន។ ពួកគេនឹងផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររហូតដល់ចុងផែនដីបំផុត ហើយនឹងបញ្ចុះបញ្ចូលមនុស្សគ្រប់សាសន៍ឲ្យទៅជាសិស្សរបស់ទ្រង់។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០; កិច្ច. ១:៨
ទំនាយនោះកំពុងតែសម្រេចហើយ ដូចយើងឃើញក្នុងសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ាជាភាសាអង់គ្លេស។ ក៏ប៉ុន្តែ ដូចព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ នោះកិច្ចការប្រកាសដំណឹងល្អអំពីការជំនុំជម្រះរបស់ព្រះ នឹងចប់នៅពេលកំណត់របស់ព្រះយេហូវ៉ា។ បទទំនាយទាំងប៉ុន្មានក្នុងព្រះបន្ទូលរបស់ព្រះបញ្ជាក់ឲ្យដឹងថាថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាគឺជិតណាស់ហើយ។—សេផា. ១:១៤-១៨; ២:២, ៣; ១ពេ. ៤:៧
ដោយសារអង្គការរបស់ព្រះយេហូវ៉ាបានខំឲ្យយល់បំណងព្រះហឫទ័យទ្រង់សម្រាប់គ្រាចុងបញ្ចប់នេះ នោះអង្គការទ្រង់ធ្វើគ្រប់កិច្ចការទាំងអស់ជាបន្ទាន់។ យើងត្រូវតែខំខ្នះខ្នែងជាងមុនដើម្បីធ្វើអ្វីដែលព្រះតម្រូវ។ ហេតុនេះហើយ យើងត្រូវយល់ច្បាស់អំពីរបៀបដែលអង្គការរបស់ព្រះដំណើរការ ហើយត្រូវចុះចូលទាំងស្រុងនឹងអង្គការទ្រង់។ ដំណើរការនៃអង្គការរបស់ព្រះមានមូលដ្ឋានទៅលើគោលការណ៍ក្នុងបទគម្ពីរ រួមទាំងក្រឹត្យវិន័យ បញ្ញត្ដិ ក្រឹត្យក្រម និងសេចក្ដីបង្រៀនដែលមានក្នុងព្រះបន្ទូលរបស់ព្រះដែលត្រូវបណ្ដាលឲ្យសរសេរដោយវិញ្ញាណទ្រង់។—ទំនុក. ១៩:៧-៩
ដោយកាន់តាមការណែនាំក្នុងព្រះគម្ពីរជានិច្ច រាស្ត្រព្រះយេហូវ៉ាគ្រប់រូបមូលគ្នាធ្វើការដោយចិត្តព្រមព្រៀងនិងសេចក្ដីសុខ។ (ទំនុក. ១៣៣:១; អេសា. ៦០:១៧; រ៉ូម ១៤:១៩) ហេតុអ្វីយើងមានចំណងមិត្តភាពរឹងមាំជាមួយបងប្អូនយើងនៅគ្រប់ទីកន្លែង? គឺដោយសារសេចក្ដីស្រឡាញ់ជំរុញចិត្តយើង ហើយយើងក៏ប្រដាប់កាយឬបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់ទៀតផង។ (យ៉ូន. ១៣:៣៤, ៣៥; កូល. ៣:១៤) ដោយធ្វើតាមវិធីនេះដែលព្រះសព្វព្រះហឫទ័យនោះ យើងជឿនទៅមុខទាន់ផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ា។
ផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ា
ព្យាការីអេសាយ ដានីយ៉ែល និងអេសេគាល ធ្លាប់ឃើញចក្ខុនិមិត្តអំពីផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ា។ (អេសា. ជំពូកទី៦; អេសេ. ជំពូកទី១; ដា. ៧:៩, ១០) សាវ័កយ៉ូហានក៏ធ្លាប់ឃើញចក្ខុនិមិត្តអំពីរបៀបរៀបចំនោះនៅស្ថានសួគ៌ ហើយគាត់បានកត់ទុកក្នុងសៀវភៅវិវរណៈ ឲ្យយើងអាចយល់អំពីរបៀបរៀបចំនោះដែរ។ សាវ័កយ៉ូហានបានឃើញព្រះយេហូវ៉ាគង់លើបល្ល័ង្ករុងរឿង អមដោយទេវតាមួយចំនួនដែលប្រកាសថា៖ «បរិសុទ្ធ! បរិសុទ្ធ! បរិសុទ្ធ! គឺ[ព្រះយេហូវ៉ា] ជាព្រះដ៏មានព្រះចេស្ដាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត»។ (វិវរ. ៤:៨) យ៉ូហានក៏បានឃើញ«កូនចៀម១ . . . កំពុងតែឈរទៅកណ្ដាលបល្ល័ង្ក»។ នោះជាកូនចៀមនៃព្រះ គឺព្រះយេស៊ូគ្រីស្ទ។—វិវរ. ៥:៦, ១៣, ១៤; យ៉ូន. ១:២៩
ចក្ខុនិមិត្តរបស់យ៉ូហានបញ្ជាក់ថា ផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ាត្រូវដឹកនាំដោយព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ករបស់ទ្រង់។ របាក្សត្រទី១ ២៩:១១, ១២ បានសរសេរអំពីព្រះយេហូវ៉ានិងឋានៈខ្ពង់ខ្ពស់បំផុតរបស់ទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ! ភាពដ៏ធំនឹងព្រះចេស្ដា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ! រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ ទ្រព្យសម្បត្ដិនឹងកេរ្ដិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្ដា នឹងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់»។
ដោយសារព្រះយេស៊ូគ្រីស្ទរួមធ្វើការជាមួយព្រះយេហូវ៉ា ទ្រង់មានឋានៈខ្ពស់នៅស្ថានសួគ៌ ព្រមទាំងបានទទួលអំណាច។ ព្រះបាន«បង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ»។ (អេភ. ១:២២) សាវ័កប៉ុលបានសរសេរអំពីព្រះយេស៊ូថា៖ «ព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ (ភី. ២:៩-១១) អាស្រ័យហេតុនេះ យើងអាចទុកចិត្តទាំងស្រុងទៅលើការដឹកនាំដ៏សុចរិតរបស់ព្រះយេស៊ូគ្រីស្ទ។
ព្យាការីដានីយ៉ែលធ្លាប់ឃើញចក្ខុនិមិត្តអំពីព្រះដ៏មានព្រះជន្មពីបុរាណគង់លើបល្ល័ង្កទ្រង់ ហើយមានទេវតា«ទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់»។ (ដា. ៧:១០) ព្រះគម្ពីរសំដៅលើកងទ័ពទេវតានេះនៅស្ថានសួគ៌ជា«វិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដក»។ (ហេ. ១:១៤) បុគ្គលវិញ្ញាណទាំងអស់នេះត្រូវបានរៀបចំជា‹រាជ្យ អម្ចាស់ អ្នកគ្រប់គ្រង និងអ្នកមានអំណាច›។—កូល. ១:១៦
នៅពេលយើងរំពឹងគិតអំពីលក្ខណៈផ្សេងៗនៃផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ា យើងអាចយល់អារម្មណ៍របស់អេសាយពេលគាត់ឃើញចក្ខុនិមិត្តអំពី «[ព្រះយេហូវ៉ា]គង់លើបល្ល័ង្ក»ហើយ«នៅពីលើទ្រង់មានពួកសេរភីម»នោះ។ អេសាយបានឧទានថា៖ «វរហើយខ្ញុំ! ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែល មានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។ ពេលអេសាយយល់អំពីទំហំអង្គការព្រះយេហូវ៉ានៅស្ថានសួគ៌ គាត់បានកោតស្ញប់ស្ញែងហើយមានអារម្មណ៍ថាខ្លួនតូចទាបណាស់។ ចក្ខុនិមិត្តនេះមានឥទ្ធិពលខ្លាំងណាស់ទៅលើអេសាយ។ ហេតុនេះ នៅពេលមានសេចក្ដីអញ្ជើញមួយពីស្ថានសួគ៌ឲ្យធ្វើកិច្ចការពិសេស ប្រកាសប្រាប់ពីសេចក្ដីជំនុំជម្រះរបស់ព្រះយេហូវ៉ា អេសាយបានឆ្លើយតបថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។—អេសា. ៦:១-៥, ៨
ចិត្តកតញ្ញូនិងចំណេះអំពីអង្គការព្រះយេហូវ៉ាក៏មានមានឥទ្ធិពលស្រដៀងគ្នាទៅលើរាស្ត្រទ្រង់ដែរ។ កាលដែលអង្គការរបស់ព្រះជឿនទៅមុខ យើងសុខចិត្តខ្នះខ្នែងជឿនទៅមុខឲ្យទាន់អង្គការទ្រង់។ យើងព្យាយាមបង្ហាញថា យើងទុកចិត្តលើអង្គការព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។
អង្គការព្រះយេហូវ៉ាកំពុងតែជឿនទៅមុខ
នៅជំពូកទី១នៃបទទំនាយរបស់អេសេគាល ឃើញចក្ខុនិមិត្តមួយ ដែលពណ៌នាជាន័យធៀបអំពីព្រះយេហូវ៉ាថា ទ្រង់កំពុងតែគង់លើរទេះដ៏ធំសម្បើមមួយនៅស្ថានសួគ៌។ រទេះដ៏រុងរឿងចិញ្ចាចចិញ្ចែងនេះ ជានិមិត្តរូបផ្នែកស្ថានសួគ៌នៃអង្គការព្រះយេហូវ៉ា ជាផ្នែកដែលយើងមើលមិនឃើញឡើយ។ ព្រះយេហូវ៉ាគង់លើរទេះនេះក្នុងន័យថា ទ្រង់ជាអ្នកដឹកនាំអង្គការទ្រង់ ហើយក៏ប្រើអង្គការនោះសមស្របតាមបំណងព្រះហឫទ័យទ្រង់។—ទំនុក. ១០៣:២០
កង់នីមួយៗនៃរទេះនេះក៏មានកង់មួយទៀតនៅក្នុង។ កង់នៅក្នុងគឺខ្វែងគ្នានឹងកង់នៅក្រៅ។ ហេតុនេះទើបអាចនិយាយថា ពេលកង់នោះទៅ‹វាទៅទាំង៤មុខ›។ (អេសេ. ១:១៧) កង់ទាំងនោះអាចដូរទិសភ្លាមមួយរំពេចដោយសារកង់នីមួយៗមានមុខបែរទៅទិសទាំងបួន។ ក៏ប៉ុន្តែ រទេះនេះមិនមែនទៅដោយគ្មានអ្នកបញ្ជានោះទេ។ ព្រះយេហូវ៉ាមិនមែនបណ្ដោយឲ្យអង្គការទ្រង់ទៅតាមទិសណាតាមចិត្តចង់នោះទេ។ អេសេគាល ១:២០សរសេរថា៖ «នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ»។ ដូច្នេះ គឺព្រះយេហូវ៉ាទេដែលបណ្ដាលឲ្យអង្គការទ្រង់ទៅតាមទិសណាដែលវិញ្ញាណទ្រង់បណ្ដាលឲ្យទៅ។ សំណួរដែលយើងត្រូវសួរខ្លួនឯងគឺ‹តើខ្ញុំកំពុងតែតាមទាន់អង្គការទ្រង់ឬទេ?›។
ការជឿនទៅមុខជាមួយអង្គការព្រះយេហូវ៉ា មិនត្រឹមតែទាក់ទងនឹងការទៅកិច្ចប្រជុំនិងការផ្សព្វផ្សាយប៉ុណ្ណោះទេ។ សំខាន់បំផុត ការជឿនទៅមុខទាក់ទងនឹងការរីកចម្រើនខាងវិញ្ញាណ។ នោះតម្រូវឲ្យយើង«ពិចារណាមើលថា ការអ្វីប្រសើរជាងគេ» ហើយតាមទាន់នូវកម្មវិធីសម្រាប់ផ្ដល់អាហារខាងវិញ្ញាណ។ (ភីល.[ភី.] ១:១០, ខ.ស.; ៤:៨, ៩; យ៉ូន. ១៧:៣) យើងក៏ត្រូវចាំដែរថា ពេលណាមានអង្គការមួយ ក៏ត្រូវមានការចាត់ចែងឲ្យបានល្អហើយសហប្រតិបត្ដិការ។ ហេតុដូច្នេះ យើងត្រូវចងចាំជានិច្ចនូវសារៈសំខាន់នៃការប្រើធនធាននិងទ្រព្យខាងវិញ្ញាណដែលព្រះយេហូវ៉ាបានផ្ញើទុកនឹងយើង ឲ្យបានប្រយោជន៍ច្រើនបំផុតដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ពេលយើងជឿនទៅមុខទាន់រទេះរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌ យើងមានរបៀបរស់នៅដែលសមស្របនឹងសារដែលយើងប្រកាសផ្សាយ។
ដោយមានជំនួយពីអង្គការព្រះយេហូវ៉ា យើងទាំងអស់គ្នាកំពុងតែជឿនទៅមុខក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ សូមចាំថា អ្នកដែលគង់លើរទេះនៅស្ថានសួគ៌នោះគឺព្រះយេហូវ៉ា។ ហេតុនេះ ការជឿនទៅមុខទាន់រទេះនៅស្ថានសួគ៌នោះបង្ហាញថាយើងគោរពព្រះយេហូវ៉ានិងទុកចិត្តទ្រង់ជា«ថ្មដា»របស់យើង។ (ទំនុក. ១៨:៣១) ព្រះគម្ពីរមានសេចក្ដីសន្យាថា៖ «ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ»។ (ទំនុក. ២៩:១១) ដោយរួមចំណែកជាមួយអង្គការព្រះយេហូវ៉ាសព្វថ្ងៃនេះ យើងទទួលកម្លាំងពីទ្រង់ ហើយក៏រីករាយនឹងសេចក្ដីសុខសាន្តដែលទ្រង់ប្រទានដល់រាស្ត្រទ្រង់ ដែលបានត្រូវរៀបចំឡើងជាអង្គការមួយ។ យើងនឹងបន្តទទួលពរយ៉ាងសន្ធឹកជាមិនខាន ពេលដែលយើងធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ាឥឡូវនេះនិងជារៀងរហូត។