ចំណុចហាត់រៀនទី១២
ជួយអ្នកស្ដាប់ឲ្យជឿនិងចេះវែកញែក
១ ពេលយើងនិយាយ យើងសង្ឃឹមថាអ្នកស្ដាប់នឹងប្រុងស្មារតីស្ដាប់។ មិនតែប៉ុណ្ណោះ យើងក៏ចង់ឲ្យអ្នកស្ដាប់យល់នូវចំណុចដែលបញ្ជាក់ហេតុផល ហើយឲ្យពួកគេចេះអនុវត្តតាមចំណុចទាំងនោះ។ អ្នកស្ដាប់នឹងខំធ្វើតាមមែន បើពួកគេជឿទៅលើសច្ចភាពនៃពាក្យរបស់យើង និងបើគេមានចិត្តត្រឹមត្រូវ។ យើងត្រូវតែបង្ហាញភស្តុតាងដើម្បីធ្វើឲ្យអ្នកស្ដាប់ជឿ។ ប៉ុន្តែ បើមានតែភស្តុតាងប៉ុណ្ណោះ នេះក៏មិនតែងតែគ្រប់គ្រាន់ទេ។ តាមធម្មតា យើងក៏ត្រូវបញ្ជាក់ពីហេតុផលដែលគាំទ្រភស្តុតាងនោះ។ ដូច្នេះ ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ទាក់ទងនឹងកត្ដាបីយ៉ាង: ទីមួយ ភស្តុតាង។ ទីពីរ លំដាប់ដែលយើងបង្ហាញភស្តុតាង។ ទីបី វិធីនិងរបៀបបង្ហាញភស្តុតាងនោះ។ ក្នុងការពិគ្រោះនេះដែលទាក់ទងនឹង«ការបញ្ជាក់ហេតុដែលនាំឲ្យជឿ»លើប័ណ្ណឱវាទសំរាប់ការហាត់និយាយ យើងនឹងពិចារណានូវអ្វីដែលយើងត្រូវនិយាយ ពោលគឺតើយើងបានផ្ដល់ភស្តុតាងអ្វី ជាជាងពិចារណានូវរបៀបដែលយើងពន្យល់នោះ។
២ ការបញ្ជាក់ហេតុដែលនាំឲ្យជឿ គឺអាស្រ័យលើមូលហេតុត្រឹមត្រូវ ហើយអ្នកជូនឱវាទនឹងយកចិត្តទុកដាក់លើមូលហេតុនោះ។ ភស្តុតាងរបស់យើងគួរនាំឲ្យមនុស្សជឿ ទោះជាយើងត្រូវអានចំណុចនោះពីក្រដាសក៏ដោយ។ ប្រសិនបើយើងពឹងផ្អែកលើវិធីពន្យល់ហេតុនៃសុន្ទរកថា និងមិនពឹងលើហេតុការណ៍ពិតដែលយើងប្រើដើម្បីបញ្ជាក់ចំណុច នោះយើងត្រូវបង្កើនថែមទៀតនូវសមត្ថភាពខាងលក្ខណៈនេះនៃការនិយាយ ដើម្បីឲ្យការវែកញែកមានមូលដ្ឋានដ៏រឹងមាំនិងបញ្ជាក់ពីហេតុការណ៍ពិត។
៣ បង្កើតឲ្យមានមូលដ្ឋាន: មុននឹងយើងបញ្ជាក់ហេតុផលនោះ យើងត្រូវបង្កើតឲ្យមានមូលដ្ឋានត្រឹមត្រូវសិន។ យើងត្រូវបញ្ជាក់ឲ្យបានច្បាស់នូវគោលបំណងនៃការពិគ្រោះនេះ។ យកល្អឲ្យយើងបង្កើតឲ្យមានទស្សនៈស្របគ្នា ដោយបញ្ជាក់ពីចំណុចណាដែលយើងឯកភាពគ្នា។
៤ ក្នុងករណីខ្លះ យើងត្រូវបកស្រាយន័យពាក្យឲ្យច្បាស់។ ចំណុចណាដែលមិនទាក់ទងសាច់រឿង នោះត្រូវយកចេញ។ កុំប្រញាប់ពេកក្នុងការបង្កើតឲ្យមានមូលដ្ឋាន។ ចូរបង្កើតឲ្យមានមូលដ្ឋានមុតមាំ តែកុំពន្យល់ឲ្យសព្វគ្រប់ពីមូលដ្ឋាននោះឡើយ។ បើយើងត្រូវឆ្លើយបដិសេធនូវរឿងណាមួយ ចូរវិភាគមើលចំណុចផ្សេងៗដែលគេប្រើដើម្បីគាំទ្រអំណះអំណាងនោះ។ នេះនឹងជួយយើងសម្គាល់ចំណុចដែលខ្វះខាត ហើយជួយយើងសម្រេចចិត្តអំពីរបៀបវែកញែក និងវិធីពិគ្រោះពីដើមហេតុនៃរឿងនោះ។
៥ ពេលយើងរៀបចំសុន្ទរកថា យើងគួរគិតជាមុនថា តើអ្នកស្ដាប់ដឹងអ្វីខ្លះអំពីប្រធានដែលយើងចង់ពិគ្រោះ? នេះនឹងជួយយើងឲ្យដឹងថា តើយើងត្រូវពន្យល់ចំណុចច្រើនប៉ុណ្ណាទុកជាមូលដ្ឋាន មុននឹងយើងលើកបញ្ជាក់ហេតុផលនោះ។
៦ ការប៉ិនប្រសប់និងសុជីវធម៌គ្រីស្ទាន នឹងជួយយើងឲ្យនិយាយល្អៗដោយចេះគិតដល់អ្នកដទៃ ទោះជានេះមិនមែនជាលក្ខណៈដែលយើងកំពុងតែហាត់ក៏ដោយ។ ចូរពឹងទាំងស្រុងលើចំណេះដឹងរបស់ខ្លួនអំពីគោលការណ៍គ្រីស្ទាន ហើយធ្វើឲ្យពត៌មាននោះជ្រាបចូលទៅក្នុងចិត្តនិងគំនិតរបស់អ្នកស្ដាប់។
៧ បង្ហាញភស្តុតាងពិតគួរឲ្យជឿ: ទោះជាយើងជឿទៅលើរឿងណាមួយ ឬធ្វើជាអ្នកថ្លែងប្រាប់រឿងនោះក្ដី នេះមិនមែនជាភស្តុតាងឡើយ។ យើងត្រូវចងចាំថា អ្នកស្ដាប់ក៏មានសិទ្ធិសួរថា៖ «ហេតុអ្វីបានជារឿងនោះពិត?» ឬ«ហេតុអ្វីបានជាអ្នកនិយាយដូច្នេះ?»។ ជាអ្នកថ្លែងសុន្ទរកថា យើងមានភារកិច្ចឆ្លើយសំនួរនេះថា៖ «ហេតុអ្វី?»។
៨ សំនួរដែលសួរថា៖ យ៉ាងដូចម្ដេច? អ្នកណា? នៅកន្លែងណា? នៅពេលណា? អ្វី? គ្រាន់តែជួយឲ្យដឹងនូវហេតុការណ៍និងពត៌មានប៉ុណ្ណោះ។ ប៉ុន្តែសំនួរ«ហេតុអ្វី?»តែងផ្ដល់នូវមូលហេតុវិញ។ ដូច្នេះ សំនួរនេះគឺខុសពីសំនួរឯទៀត ហើយតម្រូវឲ្យយើងពន្យល់ច្រើនជាង មិនគ្រាន់តែជួយឲ្យយើងដឹងហេតុការណ៍ប៉ុណ្ណោះទេ។ សំនួរនេះតម្រូវឲ្យយើងប្រើសមត្ថភាពគិតគូរ។ ដូច្នេះ ពេលរៀបចំសុន្ទរកថា ចូរសួរខ្លួនម្ដងហើយម្ដងទៀតថា៖ «ហេតុអ្វី?»។ រួចមក ត្រូវប្រាកដក្នុងចិត្តថា យើងអាចឆ្លើយសំនួរនោះបាន។
៩ យើងអាចដកស្រង់ពាក្យសំដីរបស់មនុស្សជាទីសំអាងចំពោះអ្វីដែលយើងនិយាយ បើបុគ្គលនោះត្រូវគេចាត់ទុកជាមនុស្សចេះដឹង។ នេះបានសេចក្ដីថា បើគាត់បាននិយាយដូច្នេះ នោះច្បាស់ជាត្រូវ ពីព្រោះមនុស្សទទួលស្គាល់គាត់ជាអ្នកចេះដឹង។ នេះជាមូលហេតុគ្រប់គ្រាន់ឲ្យអ្នកស្ដាប់ជឿ។ ប្រាកដហើយ បុគ្គលដែលចេះដឹងខ្ពស់បំផុត គឺព្រះយេហូវ៉ា។ ដូច្នេះ ការដកស្រង់ពាក្យក្នុងព្រះគម្ពីរដើម្បីគាំទ្រអ្វីដែលយើងនិយាយ គឺជាភស្តុតាងគ្រប់គ្រាន់ហើយ ដើម្បីបញ្ជាក់ចំណុចនោះ។ នេះគឺជាភស្តុតាងដែលមកពីសាក្សីដែលយើងអាចទុកចិត្តបាន។
១០ ពេលយើងបង្ហាញភស្តុតាងដែលមកពីសាក្សី យើងត្រូវតែប្រាកដថា អ្នកស្ដាប់នឹងទទួលស្គាល់សាក្សីរបស់យើង។ ប្រសិនបើយើងសំដៅទៅលើមនុស្សជាសាក្សី នោះយើងត្រូវដឹងប្រាកដអំពីប្រវត្ដិរូបរបស់សាក្សីនោះ ថាតើអ្នកស្ដាប់នឹងមានទស្សនៈយ៉ាងណាចំពោះគាត់។ មនុស្សជាច្រើននឹងយល់ព្រមថា ព្រះគម្ពីរមានសច្ចភាពពីព្រោះមកពីព្រះ ប៉ុន្តែ មនុស្សឯទៀតចាត់ទុកព្រះគម្ពីរជាស្នាដៃរបស់មនុស្ស ដូច្នេះចំពោះពួកគេព្រះគម្ពីរមិនមែនជាប្រភពចំណេះដ៏ខ្ពស់បំផុតទេ។ ក្នុងករណីនេះ យើងប្រហែលជាត្រូវរកភស្តុតាងផ្សេងទៀត ឬបង្ហាញជាមុនសិននូវហេតុដែលយើងអាចទុកចិត្តព្រះគម្ពីរបាន។
១១ ប៉ុន្តែ សូមប្រុងប្រយ័ត្ន! យើងត្រូវប្រើភស្តុតាងទាំងអស់ឲ្យបានត្រឹមត្រូវតាមប្រភពដើម។ កុំដកស្រង់ពាក្យយកមកប្រើខុសបរិបទ។ ចូរឲ្យប្រាកដក្នុងចិត្តថា អ្វីដែលយើងនិយាយ គឺដូចគ្នាបេះបិទនឹងប្រភពពត៌មាននោះ។ ចូរប្រាប់ឲ្យច្បាស់អំពីឯកសារយោងរបស់យើង។ ចូរប្រយ័ត្នអំពីស្ថិតិដែរ។ បើយើងប្រាប់ស្ថិតិមិនត្រឹមត្រូវ នេះក៏អាចនាំឲ្យមានលទ្ធផលមិនល្អ។ ជាឧទាហរណ៍ បើមនុស្សម្នាក់មិនចេះហែលទឹក តែសុខចិត្តមុជទឹកក្នុងស្ទឹងដែលគេប្រាប់ថា មានជំរៅជាមធ្យមតែមួយម៉ែត្រប៉ុណ្ណោះ គាត់ក៏អាចលង់ទឹកស្លាប់បាន ដោយសារគេមិនប្រាប់គាត់អំពីរណ្ដៅកណ្ដាលស្ទឹងដែលមានជំរៅបីម៉ែត្រវិញ!
១២ ភស្តុតាងពីហេតុការណ៍ ជាភស្តុតាងដែលមិនមកពីសាក្សីឬពីព្រះទេ។ នេះគឺជាភស្តុតាងដែលមានមូលដ្ឋានលើហេតុការណ៍ ជាជាងមកពីសាក្សី។ បើយើងចង់ឲ្យការសន្និដ្ឋានរបស់យើងមានមូលដ្ឋាន ឬចង់ធ្វើឲ្យភស្តុតាងពីហេតុការណ៍មានភាពគួរឲ្យជឿនោះ យើងត្រូវលើកបញ្ជាក់ហេតុការណ៍ពិតនិងហេតុផលច្រើនល្មម ដើម្បីគាំទ្រនូវសេចក្ដីសន្និដ្ឋានរបស់យើង។
១៣ បើយើងបង្ហាញភស្តុតាងផ្សេងៗបានគ្រប់គ្រាន់ដើម្បីឲ្យអ្នកស្ដាប់ពេញចិត្ត (មិនថាបង្ហាញតាមលំដាប់លំដោយឬអត់ក្ដី) នោះអ្នកជូនឱវាទនឹងចាត់ទុកថា យើងបានបញ្ជាក់ហេតុល្មមគ្រប់គ្រាន់ហើយ។ អ្នកជូនឱវាទនឹងសួរខ្លួន ដោយគិតអំពីទស្សនៈរបស់អ្នកស្ដាប់ថា៖ «តើពត៌មាននេះនាំឲ្យខ្ញុំជឿទេ?»។ បើគាត់ជឿមែន នោះគាត់នឹងសរសើរយើងចំពោះការពន្យល់នេះ។
១៤ ការសង្ខេបដែលមានប្រសិទ្ធភាព: តាមធម្មតា ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ត្រូវរួមបញ្ចូលនូវការសង្ខេបណាមួយ។ នេះជាការទាមទារលើកចុងក្រោយឲ្យអ្នកស្ដាប់គិតវែកញែក ទាំងជួយអ្នកស្ដាប់ឲ្យត្រេកអរនឹងចំណុចដែលបញ្ជាក់ហេតុផល។ ការសង្ខេបគឺមិនគួរធ្វើឡើងដោយគ្រាន់តែថ្លែងប្រាប់ហេតុការណ៍ពិតសាឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែបើនិយាយឲ្យចំទៅ យើងអាចនិយាយថា៖ «ដោយសារហេតុនេះ ហើយហេតុនោះទៀត យើងអាចសន្និដ្ឋានថា . . . »។ ការសង្ខេបសាឡើងវិញបែបនេះ គឺដើម្បីភ្ជាប់នូវចំណុចទាំងអស់ឆ្ពោះទៅកាន់សេចក្ដីបញ្ចប់។ តាមធម្មតា ការសង្ខេបដែលមានប្រសិទ្ធភាព នឹងបញ្ជាក់ពីហេតុផលដល់ម្ល៉េះបានជាជំរុញឲ្យអ្នកស្ដាប់ជឿតាម។
**********
១៥ ទោះជាយើងពន្យល់ចំណុចដែលបញ្ជាក់ហេតុផលយ៉ាងត្រឹមត្រូវក៏ដោយ នោះការលើកឡើងតែហេតុការណ៍ប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែពន្យល់អំពីហេតុការណ៍នោះតាមរបៀបដែលនឹងជួយអ្នកស្ដាប់ឲ្យចេះវែកញែក គឺឲ្យយល់នូវចំណុចដែលបញ្ជាក់ហេតុផល ហើយធ្វើឲ្យគាត់សន្និដ្ឋានដូចយើងដែរ។ ប័ណ្ណឱវាទសំរាប់ការហាត់និយាយហៅលក្ខណៈនេះថា «ជួយអ្នកស្ដាប់ឲ្យចេះវែកញែក»។
១៦ យើងគួរចង់ចេះវែកញែកដែរ ពីព្រោះព្រះតែងតែវែកញែកជាមួយនឹងយើង។ ព្រះយេស៊ូក៏បានពន្យល់នូវរឿងប្រៀបប្រដូចរបស់ទ្រង់ជូនសិស្ស និងបានបង្រៀនពួកគេឲ្យមានសមត្ថភាពបង្រៀនសេចក្ដីពិតទាំងនោះដល់អ្នកដទៃដែរ។ ដូច្នេះ ការជួយអ្នកស្ដាប់ឲ្យចេះវែកញែក មានន័យថាយើងប្រើវិធីណាក៏បានដើម្បីជួយអ្នកស្ដាប់ឲ្យយល់ចំណុចដែលបញ្ជាក់ហេតុផល ទាំងជួយឲ្យពួកគេសន្និដ្ឋានដូចយើងដែរ ព្រមទាំងជួយពួកគេឲ្យប្រើចំណុចដែលបញ្ជាក់ហេតុផលនោះ ដើម្បីបង្រៀនមនុស្សឯទៀត។
១៧ រក្សាឲ្យមានទស្សនៈស្របគ្នា: អ្វីដែលយើងនិយាយ ព្រមទាំងរបៀបដែលយើងនិយាយគឺសំខាន់ណាស់ ដើម្បីបង្កើតឲ្យមានទស្សនៈស្របគ្នានៅដើមសុន្ទរកថា។ ប៉ុន្តែ ពេលយើងនិយាយជាបន្ត យើងមិនត្រូវភ្លេចអំពីទស្សនៈស្របគ្នានេះឡើយ ក្រែងលោអ្នកស្ដាប់ឈប់យល់ស្របនឹងគំនិតយើងវិញ។ យើងត្រូវបន្តពន្យល់ចំណុចនានាតាមរបៀបដែលទាក់ចិត្តទាញអារម្មណ៍របស់អ្នកស្ដាប់។ នេះតម្រូវឲ្យយើងចងចាំនូវទស្សនៈរបស់ពួកគេ ស្តីអំពីប្រធានដែលយើងកំពុងពិគ្រោះ និងប្រើចំណេះនេះដើម្បីជួយពួកគេឲ្យទទួលស្គាល់ថា ចំណុចដែលយើងកំពុងតែលើកបញ្ជាក់នោះ គឺសមហេតុផលមែន។
១៨ ការពិគ្រោះរបស់សាវ័កប៉ុល នៅកិច្ចការ ១៧:២២-៣១ ជាគំរូល្អ ស្តីអំពីការស្ថាបនាឲ្យមានទស្សនៈស្របគ្នានឹងអ្នកស្ដាប់ ព្រមទាំងរក្សាឲ្យមានទស្សនៈស្របគ្នានោះរហូតដល់និយាយចប់ ពោលគឺ ការជួយអ្នកស្ដាប់ឲ្យចេះវែកញែក។ សូមកត់សម្គាល់នូវរបៀបដែលប៉ុលបង្កើតឲ្យមានទស្សនៈស្របគ្នានៅដើមដំបូង ហើយរបៀបដែលគាត់រក្សាឲ្យមានទស្សនៈស្របគ្នានោះក្នុងកំឡុងសុន្ទរកថាទាំងមូលរបស់គាត់។ ពេលដែលប៉ុលនិយាយចប់ គាត់បានជួយអ្នកស្ដាប់ខ្លះឲ្យជឿលើសេចក្ដីពិត រួមទាំងចៅក្រមម្នាក់ដែរ។—កិច្ចការ ១៧:៣៣, ៣៤
១៩ ពន្យល់ចំណុចផ្សេងៗឲ្យច្បាស់លាស់: ដើម្បីឲ្យអ្នកស្ដាប់ចេះវែកញែក ពួកគេត្រូវមានពត៌មានគ្រប់គ្រាន់ដែលត្រូវពន្យល់តាមបែបដែលពួកគេមិនបដិសេធនូវចំណុចនោះដោយសារតែមិនយល់។ យើងមានភារកិច្ចជួយអ្នកស្ដាប់ឲ្យយល់ចំណុចនានា។
២០ ដើម្បីពន្យល់ឲ្យមានប្រសិទ្ធភាពនោះ យើងត្រូវប្រុងប្រយ័ត្នកុំប្រើចំណុចច្រើនពេក។ ប្រសិនបើយើងពន្យល់យ៉ាងប្រញាប់ប្រញាល់ នោះអ្នកស្ដាប់នឹងមិនទទួលប្រយោជន៍ពីពត៌មានរបស់យើងឡើយ។ ចូរឆ្លៀតពេលដើម្បីពន្យល់ចំណុចផ្សេងៗឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកស្ដាប់ងាយស្ដាប់ងាយយល់។ ពេលយើងថ្លែងនូវចំណុចសំខាន់ណាមួយ ចូរឆ្លៀតពេលដើម្បីពន្យល់ចំណុចនោះ។ ចូរឆ្លើយសំនួរដូចជា ហេតុអ្វី? អ្នកណា? ដូចម្ដេច? អ្វី? ពេលណា? និងកន្លែងណា។ បើយើងធ្វើដូច្នេះ យើងអាចជួយអ្នកស្ដាប់ឲ្យយល់គំនិតនោះបានច្បាស់លាស់។ ជួនកាលយើងអាចបង្ហាញនូវមូលហេតុជឿឬមិនជឿទៅលើចំណុចណាមួយ ដើម្បីបញ្ជាក់ថា ទស្សនៈរបស់យើងសមហេតុផលមែន។ បន្ថែមទៅទៀត ក្រោយពីបាននិយាយអំពីគោលការណ៍មួយ យកល្អឲ្យយើងពន្យល់ដោយប្រើឧទាហរណ៍ ឲ្យអ្នកស្ដាប់យល់នូវរបៀបអនុវត្តតាមគោលការណ៍នោះដើម្បីទទួលប្រយោជន៍។ ប្រាកដហើយ យើងត្រូវតែប្រុងប្រយ័ត្នបន្ដិចដែរ! ការពន្យល់ចំណុចមួយដល់កំរិតណា នោះពឹងផ្អែកលើម៉ោង និងសារៈសំខាន់នៃចំណុចនោះក្នុងការទាក់ទងប្រធាន។
២១ ការសួរសំនួរជាវិធីល្អដើម្បីជួយអ្នកស្ដាប់ឲ្យចេះវែកញែក។ សំនួរត្រិះរិះជាសំនួរដែលយើងសួរអ្នកស្ដាប់ តែមិនតម្រូវឲ្យគេឆ្លើយប្រាប់យើងទេ រួមទាំងការផ្អាកយ៉ាងត្រឹមត្រូវ នឹងជួយឲ្យអ្នកស្ដាប់ត្រិះរិះដែរ។ ប្រសិនបើយើងនិយាយទៅកាន់មនុស្សម្នាក់ឬពីរនាក់ប៉ុណ្ណោះ ដូចក្នុងកិច្ចផ្សព្វផ្សាយ នោះយើងអាចសួរសំនួរម្ដងម្កាលបាន។ បើធ្វើដូច្នេះ យើងអាចដឹងប្រាកដថា តើពួកគេយល់និងឯកភាពតាមគំនិតដែលយើងកំពុងតែពន្យល់នោះឬទេ?
២២ ដោយសារយើងចង់នាំឲ្យអ្នកស្ដាប់ចេះវែកញែកនោះ យើងត្រូវលើកចំណុចស្របទៅតាមអ្វីដែលគេស្គាល់ឬដឹងរួចហើយ មិនថាជាបទពិសោធរបស់គេផ្ទាល់ ឬទាក់ទងចំណុចដែលយើងបានពិគ្រោះមុនៗទៅទៀត។ ដូច្នេះ ដើម្បីឲ្យដឹងថា យើងបានពន្យល់ចំណុចឲ្យបានច្បាស់លាស់ឬក៏អត់នោះ យើងត្រូវគិតអំពីអ្វីដែលអ្នកស្ដាប់ដឹងអំពីប្រធាននោះរួចហើយ។
២៣ គឺសំខាន់ណាស់ដែលយើងមើលប្រតិកម្មរបស់អ្នកស្ដាប់ ដើម្បីឲ្យដឹងថាគេកំពុងតែស្ដាប់ទាន់នឹងការពន្យល់របស់យើង។ បើត្រូវការ យើងអាចបញ្ជាក់ចំណុចមួយសាឡើងវិញ មុននឹងពន្យល់ចំណុចមួយទៀត។ បើយើងមិនខំជួយអ្នកស្ដាប់ឲ្យចេះវែកញែកទេ នោះពួកគេប្រហែលជាមិនយល់នូវសាច់រឿងដែលយើងកំពុងតែពន្យល់។
២៤ ពន្យល់ឲ្យច្បាស់នូវរបៀបអនុវត្តតាម: ពេលដែលយើងប្រាប់នូវចំណុចណាដែលបញ្ជាក់ហេតុផល ចូរបង្ហាញឲ្យឃើញច្បាស់នូវរបៀបដែលចំណុចនោះទាក់ទងនឹងប្រធាន។ ម្យ៉ាងទៀត ចូរជំរុញចិត្ត ដោយដាស់តឿនអ្នកស្ដាប់ឲ្យចាត់វិធានការធ្វើតាមអ្វីដែលយើងបានពន្យល់។ ប្រសិនបើអ្នកស្ដាប់ពិតជាបានជឿលើអ្វីដែលយើងនិយាយ នោះពួកគេនឹងសុខចិត្តប្រព្រឹត្តតាមជាក់ជាពុំខាន។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើអ្វីទៅជាការបញ្ជាក់ហេតុដែលនាំឲ្យជឿ?
៣-៦. សូមប្រាប់នូវមូលហេតុដែលយើងត្រូវបង្កើតឲ្យមានមូលដ្ឋាន។
៧-១៣. សូមពន្យល់អត្ថន័យនៃការបង្ហាញភស្តុតាងពិតដែលគួរឲ្យជឿ។ ១៤. តើការសង្ខេបដែលមានប្រសិទ្ធភាពរួមបញ្ចូលអ្វី?
១៥, ១៦. ហេតុអ្វីក៏យើងត្រូវជួយអ្នកស្ដាប់ឲ្យចេះវែកញែក?
១៧, ១៨. តើយើងអាចរក្សាឲ្យមានទស្សនៈស្របគ្នាយ៉ាងដូចម្ដេច?
១៩-២៣. សូមប្រាប់នូវវិធីផ្សេងៗដើម្បីពន្យល់ពីចំណុចណាមួយឲ្យបានច្បាស់លាស់។
២៤. តើការពន្យល់ច្បាស់នូវរបៀបអនុវត្តតាម មានប្រយោជន៍អ្វីខ្លះ?