បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១២ ទំ. ៥៨-៦២
  • ជួយអ្នកស្ដាប់ឲ្យជឿនិងចេះវែកញែក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយអ្នកស្ដាប់ឲ្យជឿនិងចេះវែកញែក
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១២ ទំ. ៥៨-៦២

ចំណុច​ហាត់​រៀន​ទី១២

ជួយ​អ្នក​ស្ដាប់​ឲ្យ​ជឿ​និង​ចេះ​វែកញែក

១ ពេល​យើង​និយាយ យើង​សង្ឃឹម​ថា​អ្នក​ស្ដាប់​នឹង​ប្រុង​ស្មារតី​ស្ដាប់។ មិន​តែ​ប៉ុណ្ណោះ យើង​ក៏​ចង់​ឲ្យ​អ្នក​ស្ដាប់​យល់​នូវ​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល ហើយ​ឲ្យ​ពួក​គេ​ចេះ​អនុវត្ត​តាម​ចំណុច​ទាំង​នោះ។ អ្នក​ស្ដាប់​នឹង​ខំ​ធ្វើ​តាម​មែន បើ​ពួក​គេ​ជឿ​ទៅ​លើ​សច្ចភាព​នៃ​ពាក្យ​របស់​យើង និង​បើ​គេ​មាន​ចិត្ត​ត្រឹម​ត្រូវ។ យើង​ត្រូវ​តែ​បង្ហាញ​ភស្តុតាង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ។ ប៉ុន្តែ បើ​មាន​តែ​ភស្តុតាង​ប៉ុណ្ណោះ នេះ​ក៏​មិន​តែង​តែ​គ្រប់គ្រាន់​ទេ។ តាម​ធម្មតា យើង​ក៏​ត្រូវ​បញ្ជាក់​ពី​ហេតុ​ផល​ដែល​គាំទ្រ​ភស្តុតាង​នោះ។ ដូច្នេះ ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ ទាក់ទង​នឹង​កត្ដា​បី​យ៉ាង: ទី​មួយ ភស្តុតាង។ ទីពីរ លំដាប់​ដែល​យើង​បង្ហាញ​ភស្តុតាង។ ទី​បី វិធី​និង​របៀប​បង្ហាញ​ភស្តុតាង​នោះ។ ក្នុង​ការ​ពិគ្រោះ​នេះ​ដែល​ទាក់ទង​នឹង«ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ»លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ យើង​នឹង​ពិចារណា​នូវ​អ្វី​ដែល​យើង​ត្រូវ​និយាយ ពោល​គឺ​តើ​យើង​បាន​ផ្ដល់​ភស្តុតាង​អ្វី ជាជាង​ពិចារណា​នូវ​របៀប​ដែល​យើង​ពន្យល់​នោះ។

២ ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ គឺ​អាស្រ័យ​លើ​មូលហេតុ​ត្រឹម​ត្រូវ ហើយ​អ្នក​ជូន​ឱវាទ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​មូលហេតុ​នោះ។ ភស្តុតាង​របស់​យើង​គួរ​នាំ​ឲ្យ​មនុស្ស​ជឿ ទោះ​ជា​យើង​ត្រូវ​អាន​ចំណុច​នោះ​ពី​ក្រដាស​ក៏​ដោយ។ ប្រសិន​បើ​យើង​ពឹងផ្អែក​លើ​វិធី​ពន្យល់​ហេតុ​នៃ​សុន្ទរកថា និង​មិន​ពឹង​លើ​ហេតុ​ការណ៍​ពិត​ដែល​យើង​ប្រើ​ដើម្បី​បញ្ជាក់​ចំណុច នោះ​យើង​ត្រូវ​បង្កើន​ថែម​ទៀត​នូវ​សមត្ថភាព​ខាង​លក្ខណៈ​នេះ​នៃ​ការ​និយាយ ដើម្បី​ឲ្យ​ការ​វែកញែក​មាន​មូលដ្ឋាន​ដ៏​រឹង​មាំ​និង​បញ្ជាក់​ពី​ហេតុ​ការណ៍​ពិត។

៣ បង្កើត​ឲ្យ​មាន​មូលដ្ឋាន: មុន​នឹង​យើង​បញ្ជាក់​ហេតុ​ផល​នោះ យើង​ត្រូវ​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​សិន។ យើង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នូវ​គោល​បំណង​នៃ​ការ​ពិគ្រោះ​នេះ។ យក​ល្អ​ឲ្យ​យើង​បង្កើត​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា ដោយ​បញ្ជាក់​ពី​ចំណុច​ណា​ដែល​យើង​ឯកភាព​គ្នា។

៤ ក្នុង​ករណី​ខ្លះ យើង​ត្រូវ​បកស្រាយ​ន័យ​ពាក្យ​ឲ្យ​ច្បាស់។ ចំណុច​ណា​ដែល​មិន​ទាក់ទង​សាច់​រឿង នោះ​ត្រូវ​យក​ចេញ។ កុំ​ប្រញាប់​ពេក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​មូលដ្ឋាន។ ចូរ​បង្កើត​ឲ្យ​មានមូលដ្ឋាន​មុត​មាំ តែ​កុំ​ពន្យល់​ឲ្យ​សព្វ​គ្រប់​ពី​មូលដ្ឋាន​នោះ​ឡើយ។ បើ​យើង​ត្រូវ​ឆ្លើយ​បដិសេធ​នូវ​រឿង​ណា​មួយ ចូរ​វិភាគ​មើល​ចំណុច​ផ្សេងៗដែល​គេ​ប្រើ​ដើម្បី​គាំទ្រ​អំណះអំណាង​នោះ។ នេះ​នឹង​ជួយ​យើង​សម្គាល់​ចំណុច​ដែល​ខ្វះ​ខាត ហើយ​ជួយ​យើង​សម្រេច​ចិត្ត​អំពី​របៀប​វែកញែក និង​វិធី​ពិគ្រោះ​ពីដើម​ហេតុ​នៃ​រឿង​នោះ។

៥ ពេល​យើង​រៀបចំ​សុន្ទរកថា យើង​គួរ​គិត​ជា​មុន​ថា តើ​អ្នក​ស្ដាប់​ដឹង​អ្វី​ខ្លះ​អំពី​ប្រធាន​ដែល​យើង​ចង់​ពិគ្រោះ? នេះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា តើ​យើង​ត្រូវ​ពន្យល់​ចំណុច​ច្រើន​ប៉ុណ្ណា​ទុក​ជា​មូលដ្ឋាន មុន​នឹង​យើង​លើក​បញ្ជាក់​ហេតុ​ផល​នោះ។

៦ ការ​ប៉ិនប្រសប់​និង​សុជីវធម៌​គ្រីស្ទាន នឹង​ជួយ​យើង​ឲ្យ​និយាយ​ល្អៗដោយ​ចេះ​គិត​ដល់​អ្នក​ដទៃ ទោះ​ជា​នេះ​មិន​មែន​ជា​លក្ខណៈ​ដែល​យើង​កំពុង​តែ​ហាត់​ក៏​ដោយ។ ចូរ​ពឹង​ទាំង​ស្រុង​លើ​ចំណេះ​ដឹង​របស់​ខ្លួន​អំពី​គោលការណ៍​គ្រីស្ទាន ហើយ​ធ្វើ​ឲ្យ​ពត៌មាន​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​និង​គំនិត​របស់​អ្នក​ស្ដាប់។

៧ បង្ហាញ​ភស្តុតាង​ពិត​គួរ​ឲ្យ​ជឿ: ទោះ​ជា​យើង​ជឿ​ទៅ​លើ​រឿង​ណា​មួយ ឬ​ធ្វើ​ជា​អ្នក​ថ្លែង​ប្រាប់​រឿង​នោះ​ក្ដី នេះ​មិន​មែន​ជា​ភស្តុតាង​ឡើយ។ យើង​ត្រូវ​ចង​ចាំ​ថា អ្នក​ស្ដាប់​ក៏​មាន​សិទ្ធិ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​រឿង​នោះ​ពិត?» ឬ«ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ដូច្នេះ?»។ ជា​អ្នក​ថ្លែង​សុន្ទរកថា យើង​មាន​ភារកិច្ច​ឆ្លើយ​សំនួរ​នេះ​ថា៖ «ហេតុ​អ្វី?»។

៨ សំនួរ​ដែល​សួរ​ថា៖ យ៉ាង​ដូច​ម្ដេច? អ្នក​ណា? នៅ​កន្លែង​ណា? នៅ​ពេល​ណា? អ្វី? គ្រាន់​តែ​ជួយ​ឲ្យ​ដឹង​នូវ​ហេតុ​ការណ៍​និង​ពត៌មាន​ប៉ុណ្ណោះ។ ប៉ុន្តែ​សំនួរ«ហេតុ​អ្វី?»តែង​ផ្ដល់​នូវ​មូលហេតុ​វិញ។ ដូច្នេះ សំនួរ​នេះ​គឺ​ខុស​ពី​សំនួរ​ឯ​ទៀត ហើយ​តម្រូវ​ឲ្យ​យើង​ពន្យល់​ច្រើន​ជាង មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​ដឹង​ហេតុ​ការណ៍​ប៉ុណ្ណោះ​ទេ។ សំនួរ​នេះ​តម្រូវ​ឲ្យ​យើង​ប្រើ​សមត្ថភាព​គិតគូរ។ ដូច្នេះ ពេល​រៀបចំ​សុន្ទរកថា ចូរ​សួរ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «ហេតុ​អ្វី?»។ រួច​មក ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​អាច​ឆ្លើយ​សំនួរ​នោះ​បាន។

៩ យើង​អាច​ដក​ស្រង់​ពាក្យ​សំដី​របស់​មនុស្ស​ជា​ទី​សំអាង​ចំពោះ​អ្វី​ដែល​យើង​និយាយ បើ​បុគ្គល​នោះ​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ចេះ​ដឹង។ នេះ​បាន​សេចក្ដី​ថា បើ​គាត់​បាន​និយាយ​ដូច្នេះ នោះ​ច្បាស់​ជា​ត្រូវ ពីព្រោះ​មនុស្ស​ទទួល​ស្គាល់​គាត់​ជា​អ្នក​ចេះ​ដឹង។ នេះ​ជា​មូលហេតុ​គ្រប់គ្រាន់​ឲ្យ​អ្នក​ស្ដាប់​ជឿ។ ប្រាកដ​ហើយ បុគ្គល​ដែល​ចេះ​ដឹង​ខ្ពស់​បំផុត គឺ​ព្រះ​យេហូវ៉ា។ ដូច្នេះ ការ​ដក​ស្រង់​ពាក្យ​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​គាំទ្រ​អ្វី​ដែល​យើង​និយាយ គឺ​ជា​ភស្តុតាង​គ្រប់គ្រាន់​ហើយ ដើម្បី​បញ្ជាក់​ចំណុច​នោះ។ នេះ​គឺ​ជា​ភស្តុតាង​ដែល​មក​ពី​សាក្សី​ដែល​យើង​អាច​ទុក​ចិត្ត​បាន។

១០ ពេល​យើង​បង្ហាញ​ភស្តុតាង​ដែល​មក​ពី​សាក្សី យើង​ត្រូវ​តែ​ប្រាកដ​ថា អ្នក​ស្ដាប់​នឹង​ទទួល​ស្គាល់​សាក្សី​របស់​យើង។ ប្រសិន​បើ​យើង​សំដៅ​ទៅ​លើ​មនុស្ស​ជា​សាក្សី នោះ​យើង​ត្រូវ​ដឹង​ប្រាកដ​អំពី​ប្រវត្ដិ​រូប​របស់​សាក្សី​នោះ ថា​តើ​អ្នក​ស្ដាប់​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​គាត់។ មនុស្ស​ជា​ច្រើន​នឹង​យល់​ព្រម​ថា ព្រះ​គម្ពីរ​មាន​សច្ចភាព​ពីព្រោះ​មក​ពី​ព្រះ ប៉ុន្តែ មនុស្ស​ឯ​ទៀត​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​ស្នា​ដៃ​របស់​មនុស្ស ដូច្នេះ​ចំពោះ​ពួក​គេ​ព្រះ​គម្ពីរ​មិន​មែន​ជា​ប្រភព​ចំណេះ​ដ៏​ខ្ពស់​បំផុត​ទេ។ ក្នុង​ករណី​នេះ យើង​ប្រហែល​ជា​ត្រូវ​រក​ភស្តុតាង​ផ្សេង​ទៀត ឬ​បង្ហាញ​ជា​មុន​សិន​នូវ​ហេតុ​ដែល​យើង​អាច​ទុក​ចិត្ត​ព្រះ​គម្ពីរ​បាន។

១១ ប៉ុន្តែ សូម​ប្រុង​ប្រយ័ត្ន! យើង​ត្រូវ​ប្រើ​ភស្តុតាង​ទាំង​អស់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្រភព​ដើម។ កុំ​ដក​ស្រង់​ពាក្យ​យក​មក​ប្រើ​ខុស​បរិបទ។ ចូរ​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្វី​ដែល​យើង​និយាយ គឺ​ដូច​គ្នា​បេះបិទ​នឹង​ប្រភព​ពត៌មាន​នោះ។ ចូរ​ប្រាប់​ឲ្យ​ច្បាស់​អំពី​ឯកសារ​យោង​របស់​យើង។ ចូរ​ប្រយ័ត្ន​អំពី​ស្ថិតិ​ដែរ។ បើ​យើង​ប្រាប់​ស្ថិតិ​មិន​ត្រឹម​ត្រូវ នេះ​ក៏​អាច​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ។ ជា​ឧទាហរណ៍ បើ​មនុស្ស​ម្នាក់​មិន​ចេះ​ហែល​ទឹក តែ​សុខ​ចិត្ត​មុជ​ទឹក​ក្នុង​ស្ទឹង​ដែល​គេ​ប្រាប់​ថា មាន​ជំរៅ​ជា​មធ្យម​តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ គាត់​ក៏​អាច​លង់​ទឹក​ស្លាប់​បាន ដោយសារ​គេ​មិន​ប្រាប់​គាត់​អំពី​រណ្ដៅ​កណ្ដាល​ស្ទឹង​ដែល​មាន​ជំរៅ​បី​ម៉ែត្រ​វិញ!

១២ ភស្តុតាង​ពី​ហេតុ​ការណ៍ ជា​ភស្តុតាង​ដែល​មិន​មក​ពី​សាក្សី​ឬ​ពី​ព្រះ​ទេ។ នេះ​គឺ​ជា​ភស្តុតាង​ដែល​មាន​មូលដ្ឋាន​លើ​ហេតុ​ការណ៍ ជាជាង​មក​ពី​សាក្សី។ បើ​យើង​ចង់​ឲ្យ​ការ​សន្និដ្ឋាន​របស់​យើង​មាន​មូលដ្ឋាន ឬ​ចង់​ធ្វើ​ឲ្យ​ភស្តុតាង​ពី​ហេតុ​ការណ៍​មាន​ភាព​គួរ​ឲ្យ​ជឿ​នោះ យើង​ត្រូវ​លើក​បញ្ជាក់​ហេតុ​ការណ៍​ពិត​និង​ហេតុ​ផល​ច្រើន​ល្មម ដើម្បី​គាំទ្រ​នូវ​សេចក្ដី​សន្និដ្ឋាន​របស់​យើង។

១៣ បើ​យើង​បង្ហាញ​ភស្តុតាង​ផ្សេងៗបាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ពេញ​ចិត្ត (មិន​ថា​បង្ហាញ​តាម​លំដាប់​លំដោយ​ឬ​អត់​ក្ដី) នោះ​អ្នក​ជូន​ឱវាទ​នឹង​ចាត់​ទុក​ថា យើង​បាន​បញ្ជាក់​ហេតុ​ល្មម​គ្រប់គ្រាន់​ហើយ។ អ្នក​ជូន​ឱវាទ​នឹង​សួរ​ខ្លួន ដោយ​គិត​អំពី​ទស្សនៈ​របស់​អ្នក​ស្ដាប់​ថា៖ «តើ​ពត៌មាន​នេះ​នាំ​ឲ្យ​ខ្ញុំ​ជឿ​ទេ?»។ បើ​គាត់​ជឿ​មែន នោះ​គាត់​នឹង​សរសើរ​យើង​ចំពោះ​ការ​ពន្យល់​នេះ។

១៤ ការ​សង្ខេប​ដែល​មាន​ប្រសិទ្ធភាព: តាម​ធម្មតា ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ ត្រូវ​រួម​បញ្ចូល​នូវ​ការ​សង្ខេប​ណា​មួយ។ នេះ​ជា​ការ​ទាមទារ​លើក​ចុង​ក្រោយ​ឲ្យ​អ្នក​ស្ដាប់​គិត​វែកញែក ទាំង​ជួយ​អ្នក​ស្ដាប់​ឲ្យ​ត្រេកអរ​នឹង​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល។ ការ​សង្ខេប​គឺ​មិន​គួរ​ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​ថ្លែង​ប្រាប់​ហេតុ​ការណ៍​ពិត​សា​ឡើង​វិញ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​អាច​និយាយ​ថា៖ «ដោយសារ​ហេតុ​នេះ ហើយ​ហេតុ​នោះ​ទៀត យើង​អាច​សន្និដ្ឋាន​ថា . . . »។ ការ​សង្ខេប​សា​ឡើង​វិញ​បែប​នេះ គឺ​ដើម្បី​ភ្ជាប់​នូវ​ចំណុច​ទាំង​អស់​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​បញ្ចប់។ តាម​ធម្មតា ការ​សង្ខេប​ដែល​មាន​ប្រសិទ្ធភាព នឹង​បញ្ជាក់​ពី​ហេតុ​ផល​ដល់​ម្ល៉េះ​បាន​ជា​ជំរុញ​ឲ្យ​អ្នក​ស្ដាប់​ជឿ​តាម។

**********

១៥ ទោះ​ជា​យើង​ពន្យល់​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល​យ៉ាង​ត្រឹម​ត្រូវ​ក៏​ដោយ នោះ​ការ​លើក​ឡើង​តែ​ហេតុ​ការណ៍​ប៉ុណ្ណោះ គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​តែ​ពន្យល់​អំពី​ហេតុ​ការណ៍​នោះ​តាមរបៀប​ដែល​នឹង​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក គឺ​ឲ្យ​យល់​នូវ​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល ហើយ​ធ្វើ​ឲ្យ​គាត់​សន្និដ្ឋាន​ដូច​យើង​ដែរ។ ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ហៅ​លក្ខណៈ​នេះ​ថា «ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក»។

១៦ យើង​គួរ​ចង់​ចេះ​វែកញែក​ដែរ ពីព្រោះ​ព្រះ​តែង​តែ​វែកញែក​ជា​មួយ​នឹង​យើង។ ព្រះ​យេស៊ូ​ក៏​បាន​ពន្យល់​នូវ​រឿង​ប្រៀបប្រដូច​របស់​ទ្រង់​ជូន​សិស្ស និង​បាន​បង្រៀន​ពួក​គេ​ឲ្យ​មាន​សមត្ថភាព​បង្រៀន​សេចក្ដី​ពិត​ទាំង​នោះ​ដល់​អ្នក​ដទៃ​ដែរ។ ដូច្នេះ ការ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក មាន​ន័យ​ថា​យើង​ប្រើ​វិធី​ណា​ក៏​បាន​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល ទាំង​ជួយ​ឲ្យ​ពួក​គេ​សន្និដ្ឋាន​ដូច​យើង​ដែរ ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​ប្រើ​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល​នោះ ដើម្បី​បង្រៀន​មនុស្ស​ឯ​ទៀត។

១៧ រក្សា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា: អ្វី​ដែល​យើង​និយាយ ព្រម​ទាំង​របៀប​ដែល​យើង​និយាយ​គឺ​សំខាន់​ណាស់ ដើម្បី​បង្កើត​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​នៅ​ដើម​សុន្ទរកថា។ ប៉ុន្តែ ពេល​យើង​និយាយ​ជា​បន្ត យើង​មិន​ត្រូវ​ភ្លេច​អំពី​ទស្សនៈ​ស្រប​គ្នា​នេះ​ឡើយ ក្រែងលោ​អ្នក​ស្ដាប់​ឈប់​យល់​ស្រប​នឹង​គំនិត​យើង​វិញ។ យើង​ត្រូវ​បន្ត​ពន្យល់​ចំណុច​នានា​តាម​របៀប​ដែល​ទាក់​ចិត្ត​ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់។ នេះ​តម្រូវ​ឲ្យ​យើង​ចង​ចាំ​នូវ​ទស្សនៈ​របស់​ពួក​គេ ស្តី​អំពី​ប្រធាន​ដែល​យើង​កំពុង​ពិគ្រោះ និង​ប្រើ​ចំណេះ​នេះ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​ស្គាល់​ថា ចំណុច​ដែល​យើង​កំពុង​តែ​លើក​បញ្ជាក់​នោះ គឺ​សម​ហេតុ​ផល​មែន។

១៨ ការ​ពិគ្រោះ​របស់​សាវ័ក​ប៉ុល នៅ​កិច្ចការ ១៧:២២​-​៣១ ជា​គំរូ​ល្អ ស្តី​អំពី​ការ​ស្ថាបនា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​នឹង​អ្នក​ស្ដាប់ ព្រម​ទាំង​រក្សា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​នោះ​រហូត​ដល់​និយាយ​ចប់ ពោល​គឺ ការ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក។ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​ប៉ុល​បង្កើត​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​នៅ​ដើម​ដំបូង ហើយ​របៀប​ដែល​គាត់​រក្សា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​នោះ​ក្នុង​កំឡុង​សុន្ទរកថា​ទាំង​មូល​របស់​គាត់។ ពេល​ដែល​ប៉ុល​និយាយ​ចប់ គាត់​បាន​ជួយ​អ្នក​ស្ដាប់​ខ្លះ​ឲ្យ​ជឿ​លើ​សេចក្ដី​ពិត រួម​ទាំង​ចៅក្រម​ម្នាក់​ដែរ។—កិច្ចការ ១៧:៣៣, ៣៤

១៩ ពន្យល់​ចំណុច​ផ្សេងៗឲ្យ​ច្បាស់​លាស់: ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ចេះ​វែកញែក ពួក​គេ​ត្រូវ​មាន​ពត៌មាន​គ្រប់គ្រាន់​ដែល​ត្រូវ​ពន្យល់​តាម​បែប​ដែល​ពួក​គេ​មិន​បដិសេធ​នូវ​ចំណុច​នោះ​ដោយសារ​តែ​មិន​យល់។ យើង​មាន​ភារកិច្ច​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ចំណុច​នានា។

២០ ដើម្បី​ពន្យល់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ប្រើ​ចំណុច​ច្រើន​ពេក។ ប្រសិន​បើ​យើង​ពន្យល់​យ៉ាង​ប្រញាប់ប្រញាល់ នោះ​អ្នក​ស្ដាប់​នឹង​មិន​ទទួល​ប្រយោជន៍​ពី​ពត៌មាន​របស់​យើង​ឡើយ។ ចូរ​ឆ្លៀត​ពេល​ដើម្បី​ពន្យល់​ចំណុច​ផ្សេងៗឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ងាយ​ស្ដាប់​ងាយ​យល់។ ពេល​យើង​ថ្លែង​នូវ​ចំណុច​សំខាន់​ណា​មួយ ចូរ​ឆ្លៀត​ពេល​ដើម្បី​ពន្យល់​ចំណុច​នោះ។ ចូរ​ឆ្លើយ​សំនួរ​ដូច​ជា ហេតុ​អ្វី? អ្នក​ណា? ដូច​ម្ដេច? អ្វី? ពេល​ណា? និង​កន្លែង​ណា។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​គំនិត​នោះ​បាន​ច្បាស់​លាស់។ ជួន​កាល​យើង​អាច​បង្ហាញ​នូវ​មូលហេតុ​ជឿ​ឬ​មិន​ជឿ​ទៅ​លើ​ចំណុច​ណា​មួយ ដើម្បី​បញ្ជាក់​ថា ទស្សនៈ​របស់​យើង​សម​ហេតុ​ផល​មែន។ បន្ថែម​ទៅ​ទៀត ក្រោយ​ពី​បាន​និយាយ​អំពី​គោលការណ៍​មួយ យក​ល្អ​ឲ្យ​យើង​ពន្យល់​ដោយ​ប្រើ​ឧទាហរណ៍ ឲ្យ​អ្នក​ស្ដាប់​យល់​នូវ​របៀប​អនុវត្ត​តាម​គោលការណ៍​នោះ​ដើម្បី​ទទួល​ប្រយោជន៍។ ប្រាកដ​ហើយ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បន្ដិច​ដែរ! ការ​ពន្យល់​ចំណុច​មួយ​ដល់​កំរិត​ណា នោះ​ពឹងផ្អែក​លើ​ម៉ោង និង​សារៈ​សំខាន់​នៃ​ចំណុច​នោះ​ក្នុង​ការ​ទាក់ទង​ប្រធាន។

២១ ការ​សួរ​សំនួរ​ជា​វិធី​ល្អ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក។ សំនួរ​ត្រិះរិះ​ជា​សំនួរ​ដែល​យើង​សួរ​អ្នក​ស្ដាប់ តែ​មិន​តម្រូវ​ឲ្យ​គេ​ឆ្លើយ​ប្រាប់​យើង​ទេ រួម​ទាំង​ការ​ផ្អាក​យ៉ាង​ត្រឹម​ត្រូវ នឹង​ជួយ​ឲ្យ​អ្នក​ស្ដាប់​ត្រិះរិះ​ដែរ។ ប្រសិន​បើ​យើង​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ ដូច​ក្នុង​កិច្ច​ផ្សព្វផ្សាយ នោះ​យើង​អាច​សួរ​សំនួរ​ម្ដងម្កាល​បាន។ បើ​ធ្វើ​ដូច្នេះ យើង​អាច​ដឹង​ប្រាកដ​ថា តើ​ពួក​គេ​យល់​និង​ឯកភាព​តាម​គំនិត​ដែល​យើង​កំពុង​តែ​ពន្យល់​នោះ​ឬ​ទេ?

២២ ដោយសារ​យើង​ចង់​នាំ​ឲ្យ​អ្នក​ស្ដាប់​ចេះ​វែកញែក​នោះ យើង​ត្រូវ​លើក​ចំណុច​ស្រប​ទៅ​តាម​អ្វី​ដែល​គេ​ស្គាល់​ឬ​ដឹង​រួច​ហើយ មិន​ថា​ជា​បទ​ពិសោធ​របស់​គេ​ផ្ទាល់ ឬ​ទាក់ទង​ចំណុច​ដែល​យើង​បាន​ពិគ្រោះ​មុនៗទៅ​ទៀត។ ដូច្នេះ ដើម្បី​ឲ្យ​ដឹង​ថា យើង​បាន​ពន្យល់​ចំណុច​ឲ្យ​បាន​ច្បាស់​លាស់​ឬ​ក៏​អត់​នោះ យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​អ្នក​ស្ដាប់​ដឹង​អំពី​ប្រធាន​នោះ​រួច​ហើយ។

២៣ គឺ​សំខាន់​ណាស់​ដែល​យើង​មើល​ប្រតិកម្ម​របស់​អ្នក​ស្ដាប់ ដើម្បី​ឲ្យ​ដឹង​ថា​គេ​កំពុង​តែ​ស្ដាប់​ទាន់​នឹង​ការ​ពន្យល់​របស់​យើង។ បើ​ត្រូវ​ការ យើង​អាច​បញ្ជាក់​ចំណុច​មួយ​សា​ឡើង​វិញ មុន​នឹង​ពន្យល់​ចំណុច​មួយ​ទៀត។ បើ​យើង​មិន​ខំ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក​ទេ នោះ​ពួក​គេ​ប្រហែល​ជា​មិន​យល់​នូវ​សាច់​រឿង​ដែល​យើង​កំពុង​តែ​ពន្យល់។

២៤ ពន្យល់​ឲ្យ​ច្បាស់​នូវ​របៀប​អនុវត្ត​តាម: ពេល​ដែល​យើង​ប្រាប់​នូវ​ចំណុច​ណា​ដែល​បញ្ជាក់​ហេតុ​ផល ចូរ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​របៀប​ដែល​ចំណុច​នោះ​ទាក់ទង​នឹង​ប្រធាន។ ម្យ៉ាង​ទៀត ចូរ​ជំរុញ​ចិត្ត ដោយ​ដាស់​តឿន​អ្នក​ស្ដាប់​ឲ្យ​ចាត់​វិធានការ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​ពន្យល់។ ប្រសិន​បើ​អ្នក​ស្ដាប់​ពិត​ជា​បាន​ជឿ​លើ​អ្វី​ដែល​យើង​និយាយ នោះ​ពួក​គេ​នឹង​សុខ​ចិត្ត​ប្រព្រឹត្ត​តាម​ជាក់​ជា​ពុំ​ខាន។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. តើ​អ្វី​ទៅ​ជា​ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ?

៣​-​៦​. សូម​ប្រាប់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​មាន​មូលដ្ឋាន។

៧​-​១៣​. សូម​ពន្យល់​អត្ថន័យ​នៃ​ការ​បង្ហាញ​ភស្តុតាង​ពិត​ដែល​គួរ​ឲ្យ​ជឿ។ ១៤​. តើ​ការ​សង្ខេប​ដែល​មាន​ប្រសិទ្ធភាព​រួម​បញ្ចូល​អ្វី?

១៥, ១៦​. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក?

១៧, ១៨​. តើ​យើង​អាច​រក្សា​ឲ្យ​មាន​ទស្សនៈ​ស្រប​គ្នា​យ៉ាង​ដូច​ម្ដេច?

១៩​-​២៣​. សូម​ប្រាប់​នូវ​វិធី​ផ្សេងៗដើម្បី​ពន្យល់​ពី​ចំណុច​ណា​មួយ​ឲ្យ​បាន​ច្បាស់​លាស់។

២៤​. តើ​ការ​ពន្យល់​ច្បាស់​នូវ​របៀប​អនុវត្ត​តាម មាន​ប្រយោជន៍​អ្វី​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក