បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៧ ជំ. ១០ ទំ. ៣-១៤
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • កិច្ច​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ពេញ​ពេល និង​ពិសេស
  • សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ
  • ការ​បម្រើ​ជា​សាសនទូត
  • កិច្ច​បម្រើ​នៅ​បេតអែល
  • អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​សាង​សង់
  • តើ​អ្នក​មាន​គោល​ដៅ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ?
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១០/០៧ ជំ. ១០ ទំ. ៣-១៤

ជំពូក​ទី​១០ (​ផ្នែក​ជា​បន្ត​)

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

កិច្ច​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ពេញ​ពេល និង​ពិសេស

អ្នក​ផ្សាយ​ទាំង​ឡាយ​គួរ​តែ​ដឹង​អំពី​តម្រូវ​ការ​ជា​ទូទៅ​សម្រាប់​កិច្ច​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ត្រួសត្រាយ​ពេញ​ពេល និង​ត្រួសត្រាយ​ពិសេស ព្រម​ទាំង​កិច្ច​បម្រើ​ពេញ​ពេល​ឯ​ទៀត។ ម្ដងម្កាល កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ផ្ដល់​ព័ត៌មាន​បន្ថែម​យ៉ាង​ចំ​ៗ​ចំពោះ​កិច្ច​បម្រើ​ទាំង​នេះ។ អ្នក​ត្រួសត្រាយ ត្រូវ​ទុក​គំរូ​ដ៏​ល្អ​ជា​គ្រិស្ត​សាសនិក​ដែល​ត្រូវ​បាន​ជ្រមុជ​ទឹក ហើយ​មាន​កាលៈទេសៈ​ដែល​អនុញ្ញាត​ឲ្យ​គាត់​បំពេញ​ចំនួន​ម៉ោង​ប្រចាំ​ខែ​ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​ត្រូវ​យល់​ព្រម​នឹង​ការ​ដាក់​ពាក្យ​សុំ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ រីឯ​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​ត្រួសត្រាយ​ពិសេស​វិញ ត្រូវ​បាន​តែងតាំង​ដោយ​ការិយាល័យ​សាខា។

អ្នក​ត្រួសត្រាយ​ជំនួយ ត្រូវ​បាន​តែងតាំង​យ៉ាង​ហោច​ណាស់​សម្រាប់​មួយ​ខែ សម្រាប់​ប៉ុន្មាន​ខែ​ជា​បន្តបន្ទាប់ ឬ​ក៏​រហូត អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​របស់​គាត់។ អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ជា​ច្រើន​ចូល​ចិត្ត​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​នៅ​ពេល​វេលា​ពិសេស ដូច​ជា​ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​បុណ្យ​រំលឹក ឬ​ខែ​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ អ្នក​ខ្លះ​ជ្រើសរើស​ខែ​ណា​ដែល​មាន​ពេល​សម្រាក​ពី​ការងារ។ សិស្ស​សាលា​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​ជ្រមុជ​ទឹក ប្រហែល​អាច​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​អំឡុង​ពេល​វិស្សមកាល។ ទោះបី​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ អាច​បំពេញ​ចំនួន​ម៉ោង​ដែល​ត្រូវ​ការ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ ហើយ​ជឿ​ថា​អ្នក​អាច​បម្រើ​មួយ​ខែ​ឬ​ច្រើន​ខែ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ក្រុម​ជំនុំ​អ្នក​ចាស់​ទុំ​នឹង​សប្បាយ​ចិត្ត​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ដែល​ជា​ឯក​សិទ្ធ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល អ្នក​ត្រូវ​មាន​លទ្ធភាព​បំពេញ​ម៉ោង​កិច្ច​បម្រើ​ផ្សាយ​ប្រចាំ​ឆ្នាំ។ កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ណែនាំ​ឲ្យ​មាន​គោល​ដៅ​បំពេញ​ម៉ោង​ជា​ប្រចាំ​ខែ ហើយ​នេះ​នឹង​ជួយ​អ្នក​បំពេញ​ភារកិច្ច​នេះ។ ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល អ្នក​ត្រូវ​សហ​ការ​ជា​និច្ច​ជា​មួយ​ក្រុម​ជំនុំ​ដែល​អ្នក​បម្រើ។ អ្នក​ត្រួសត្រាយ​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​ជំនុំ បង្កើត​ឲ្យ​មាន​អារម្មណ៍​សាទរ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ ហើយ​ក៏​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ដែរ។ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​បាន​ជ្រមុជ​ទឹក​អស់​រយៈ​ពេល​៦​ខែ មាន​សីលធម៌​ល្អ ហើយ​បង្ហាញ​ថា​អ្នក​ជា​អ្នក​ផ្សាយ​ដែល​ទុក​គំរូ​ល្អ មុន​ដែល​ពួក​អ្នក​ចាស់​ទុំ​ស្នើ​សុំ​ការិយាល័យ​សាខា​ឲ្យ​តែងតាំង​អ្នក​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ ដើម្បី​បំពេញ​តម្រូវ​ការ​ម៉ោង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​អ្នក​ត្រូវ​តែ​មាន​កាលវិភាគ​ដែល​អាច​ធ្វើ​បាន។

អ្នក​ត្រួសត្រាយ​ពិសេស ត្រូវ​បាន​ជ្រើសរើស​ពី​ចំណោម​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ដែល​បាន​បង្ហាញ​ដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ជា​អ្នក​ដែល​អាច​បម្រើ​នៅ​តំបន់​ណា​ដែល​ការិយាល័យ​សាខា​ចាត់​ឲ្យ​ទៅ។ ជា​ញឹកញាប់ តំបន់​នោះ​ជា​តំបន់​ដាច់​ស្រយាល​ដែល​គាត់​អាច​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍ ហើយ​បង្កើត​ក្រុម​ជំនុំ​ថ្មី។ ម្ដង​ម្កាល អ្នក​ត្រួសត្រាយ​ពិសេស ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​តំបន់​ផ្សាយ​ដែល​មិន​បាន​ធ្វើ​ជា​រឿយ​ៗ។ អ្នក​ត្រួសត្រាយ​ពិសេស​ខ្លះ​ដែល​ជា​អ្នក​ចាស់​ទុំ​ដែរ ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ជួយ​ក្រុម​ជំនុំ​តូច​ៗ​ សូម្បី​តែ​មិន​ត្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​ថែម​ទៀត​ក៏​ដោយ។ អ្នក​ត្រួសត្រាយ​ពិសេស​ទទួល​ប្រាក់​ឧបត្ថម្ភ​ល្មម​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត។

សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ

ការ​រីក​ចម្រើន​នូវ​ក្រុម​ជំនុំ​ថ្មី​ៗ​ដែល​ត្រូវ​បាន​បង្កើន​រៀង​រាល់​ឆ្នាំ បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​នៃ​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។ (​កិច្ច. ១៦:៥​) ដោយសារ​ចំនួន​ក្រុម​ជំនុំ​កាន់​តែ​ច្រើន​ឡើង​ៗ នេះ​មាន​ន័យ​ថា​ត្រូវ​ការ​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ជា​ច្រើន​ថែម​ទៀត​ដែរ។ បង​ប្រុស​ៗ​ដែល​នៅ​លីវ​ហើយ​មាន​លក្ខណៈ​គ្រប់គ្រាន់ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ​ដោយ​ពោល​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ!​»។ (​អេសា. ៦:៨​) បង​ប្រុស​ជា​ច្រើន​បាន​តប​ឆ្លើយ​ដូច​នេះ​ដោយ​ដាក់​ពាក្យ​សុំ​ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ ជា​សាលា​សម្រាប់​តែ​អ្នក​ងារ​ជំនួយ​និង​អ្នក​ចាស់​ទុំ​ដែល​នៅ​លីវ ហើយ​សុខ​ចិត្ត​និង​អាច​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត បង​ប្រុស​ណា​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ អាច​ចូល​រួម​ប្រជុំ​សម្រាប់​សាលា​នេះ​នៅ​ឯ​សន្និបាត​ប្រចាំ​មណ្ឌល។

សាលា​នេះ​ផ្ដល់​ការ​អប់រំ​ខាង​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ និង​ដឹង​ពី​ដំណើរ​ការ​របស់​អង្គការ ដើម្បី​បង្រៀន​បង​ប្រុស​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​នោះ អាច​គង្វាល​ក្រុម​ជំនុំ​និង​បំពេញ​ភារកិច្ច​ឯ​ទៀត។ (​យេ. ២៣:៤​) ដោយ​មាន​ការ​អប់រំ​បែប​នេះ អ្នក​ខ្លះ​បាន​ចាត់​ឲ្យ​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស រីឯ​អ្នក​ឯ​ទៀត​បាន​ចាត់​ឲ្យ​បម្រើ​នៅ​ប្រទេស​ក្រៅ។ អ្នក​ខ្លះ​ត្រូវ​បាន​ចាត់​ឲ្យ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​របស់​ខ្លួន​វិញ ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​បងប្អូន​នៅ​ទី​នោះ។ បង​ប្រុស​ដែល​បាន​ទទួល​ការ​អប់រំ​នេះ អាច​ផ្ដល់​ជំនួយ​កាន់​តែ​ប្រសើរ​ជាង​ទៅ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ឲ្យ​ពង្រីក​កិច្ច​បម្រើ និង​ជួយ​បំពេញ​ភារកិច្ច​ផ្សេង​ៗ។—២ធី. ៣:​១៦, ១៧

ការ​បម្រើ​ជា​សាសនទូត

ដើម្បី​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ត្រូវ​បាន​ផ្សព្វផ្សាយ​«​ដល់​ចុង​ផែនដី​បំផុត​»​មុន​ទី​បញ្ចប់​មក​ដល់ គឺ​ចាំបាច់​ឲ្យ​បញ្ជូន​សាសនទូត​ទៅ​ប្រទេស​ជា​ច្រើន។ (​កិច្ច. ១:៨; ម៉ាថ. ២៤:១៤​) នេះ​បាន​បើក​ឱកាស​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់​ឲ្យ​ទទួល​នូវ​ឯកសិទ្ធិ​កិច្ច​បម្រើ​ច្រើន​ជាង​ថែម​ទៀត ជា​ពិសេស​សម្រាប់​អស់​អ្នក​ដែល​បាន​បង្ហាញ​រួច​ទៅ​ហើយ​ថា ខ្លួន​មាន​ចិត្ត​ខ្នះខ្នែង ថ្វាយ​បង្គំ​ព្រះ​អស់​ពី​ចិត្ត និង​មាន​ប្រសិទ្ធភាព​នៅ​កិច្ច​បម្រើ​ផ្សាយ។ ធម្មតា​អស់​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បម្រើ​ជា​សាសនទូត ទទួល​ការ​អប់រំ​ពិសេស​នៅ​សាលា​ព្រះ​គម្ពីរ​គី​លាត​នៃ​សមាគម​ប៉ម​យាម។

ដោយសារ​សាសនទូត​ជា​ច្រើន​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​នៅ​ប្រទេស​ដែល​មាន​ជីវភាព​រស់​នៅ​លំបាក​ណាស់ ហេតុ​នេះ​ហើយ​បុគ្គល​ម្នាក់​ត្រូវ​មាន​សុខភាព​ល្អ និង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត ទើប​មាន​លក្ខណៈ​គ្រប់គ្រាន់​បម្រើ​ជា​សាសនទូត។ ក្រៅ​ពី​ជំងឺ​នានា​ដែល​អាច​មាន សាសនទូត​ប្រហែល​ត្រូវ​កែ​ប្រែ​របៀប​រស់​នៅ​ពីព្រោះ​មាន​កម្រិត​ជីវភាព​ខុស​ពី​មុន និង​មាន​វប្បធម៌​ថ្មី។

ប្រសិន​បើ​អ្នក​ជា​អ្នក​បម្រើ​ពេញ​ពេល​រួច​ទៅ​ហើយ និង​មាន​បំណង​ចង់​ទទួល​ឯកសិទ្ធិ​បន្ថែម​ជា​សាសនទូត អ្នក​អាច​ទទួល​ព័ត៌មាន​ថែម​ទៀត​ពី​តម្រូវ​ការ​ផ្សេង​ៗ​ ដោយ​ចូល​រួម​ប្រជុំ សម្រាប់​អស់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​កិច្ចការ​ជា​សាសនទូត ពេល​ដែល​មាន​នៅ​ឯ​មហា​សន្និបាត។ អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​របស់​អ្នក​ក៏​អាច​ជូន​យោបល់​ល្អ​ចំពោះ​រឿង​នេះ​ដល់​អ្នក​ដែរ។ ប្រសិន​បើ​មាន​លក្ខណៈ​គ្រប់គ្រាន់ អ្នក​អាច​មាន​ឱកាស​បម្រើ​ជា​សាសនទូត ដ្បិត​នេះ​ជា​កិច្ច​បម្រើ​ដែល​បាន​ជួយ​យ៉ាង​ច្រើន​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​រីក​ចម្រើន​ទូ​ទាំង​ពិភព​លោក។

កិច្ច​បម្រើ​នៅ​បេតអែល

ការ​បម្រើ​នៅ​ឯ​បេតអែល​ដែល​មាន​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​ជា​ឯកសិទ្ធិ​ដ៏​ពិសេស។ ពាក្យ​បេតអែល​មាន​ន័យ​ថា ​«​ដំណាក់​នៃ​ព្រះ​»​ ហើយ​ការ​ជ្រើសរើស​ពាក្យ​នេះ​ជា​សមរម្យ​ណាស់​សម្រាប់​មជ្ឈ​មណ្ឌល​នៃ​សកម្មភាព​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​បម្រើ​ព្រះ​ទូ​ទាំង​ពិភពលោក។ បង​ប្រុស​និង​បង​ស្រី​នៅ​បេតអែល​ធ្វើ​កិច្ចការ​ដ៏​សំខាន់ ក្នុង​ការ​បោះ​ពុម្ព​និង​បែងចែក​សៀវភៅ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ប្រាស់​ទូ​ទាំង​ពិភព​លោក។ ពី​មន្ទីរ​ចាត់ការ​នៅ​ទី​ក្រុង​ប៊្រូគ្លិន រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក គណៈ​អភិបាល​ត្រួត​ពិនិត្យ​និង​ណែនាំ​ក្រុម​ជំនុំ​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក។

កិច្ចការ​ជា​ច្រើន​នៅ​បេតអែល​ត្រូវ​ប្រើ​កម្លាំង​កាយ។ ហេតុ​នេះ​ហើយ អស់​អ្នក​ដែល​បាន​អញ្ជើញ​ទៅ​បម្រើ​នៅ​បេតអែល​ភាគ​ច្រើន​ជា​បង​ប្រុស​ដែល​ត្រូវ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ជ្រមុជ​ទឹក មាន​អាយុ​វ័យ​ក្មេង មាន​សុខភាព​ល្អ ហើយ​និង​មាន​កម្លាំង។ ប្រសិន​បើ​មាន​សេចក្ដី​ត្រូវ​ការ​នៅ​ប្រទេស​របស់​អ្នក ហើយ​អ្នក​មាន​ចិត្ត​ចង់​បម្រើ​នៅ​បេតអែល អ្នក​អាច​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​តម្រូវ​ការ ដោយ​ចូល​រួម​ប្រជុំ​ពិសេស សម្រាប់​អស់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​នៅ​បេតអែល ពេល​ដែល​មាន​នៅ​ឯ​មហា​សន្និបាត។ អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​របស់​អ្នក​ក៏​អាច​ផ្ដល់​ជំនួយ​ចំពោះ​រឿង​នេះ​ដល់​អ្នក​ដែរ។

អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​សាង​សង់

ការ​កសាង​សាល​ព្រះ​រាជាណាចក្រ​និង​សាល​សន្និបាត ជា​មួយ​ផ្នែក​នៃ​កិច្ច​បម្រើ​ពិសិដ្ឋ ដែល​ស្រ​ដៀង​នឹង​ព្រះ​វិហារ​ដែល​ស្តេច​សាឡូម៉ូន​កសាង។ (​១ពង្ស. ៨:១៣​-​១៨​) បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​បង្ហាញ​ការ​ខ្នះខ្នែង​ដ៏​ខ្លាំង​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា ដោយ​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​និង​ទ្រព្យ​របស់​ខ្លួន​ដើម្បី​គាំទ្រ​ព្រម​ទាំង​ចូល​រួម​ក្នុង​កិច្ចការ​នេះ។

តើ​អ្នក​អាច​ជួយ​ក្នុង​ផ្នែក​នៃ​កិច្ច​បម្រើ​ពិសិដ្ឋ​នេះ​ទេ? ប្រសិន​បើ​អ្នក​ជា​អ្នក​ផ្សាយ​ដែល​បាន​ជ្រមុជ​ទឹក​ហើយ ស្ម័គ្រ​ចិត្ត​ចង់​ជួយ​ក្នុង​កិច្ចការ​នេះ នោះ​គណៈ​កម្មាធិការ​ខាង​ការ​សង់​តាម​ភូមិភាគ​នឹង​មាន​ចិត្ត​កតញ្ញូ​ដោយ​អ្នក​ចង់​ផ្ដល់​ជំនួយ​ក្នុង​ការ​នេះ។ ប្រសិន​បើ​អ្នក​មិន​មាន​ជំនាញ​ខាង​ផ្នែក​សាង​សង់ ឬ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក តែ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ក្រុម​ជំនុំ អ្នក​ប្រហែល​អាច​ជួយ​ក្នុង​ការ​កសាង​សាល​ព្រះ​រាជាណាចក្រ​នៅ​តំបន់​អ្នក។ សូម​ជម្រាប​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​អំពី​កាលៈទេសៈ​របស់​អ្នក​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នេះ។ អ្នក​ផ្សាយ​ខ្លះ​ៗ​ដែល​បាន​ជ្រមុជ​ទឹក​ហើយ​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ខាង​ផ្នែក​សាង​សង់​អន្តរជាតិ​ដើម្បី​កសាង​សាល​រាជាណាចក្រ និង​សាល​សន្និបាត​នៅ​ប្រទេស​ឯ​ទៀត។

តើ​អ្នក​មាន​គោល​ដៅ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ?

ប្រសិន​បើ​អ្នក​បាន​ឧទ្ទិស​ថ្វាយ​ជីវិត​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា អ្នក​មាន​បំណង​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ ប៉ុន្តែ​មុន​នឹង​សម្រេច​បំណង​នេះ​បាន តើ​អ្នក​មាន​គោល​ដៅ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ? ការ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​នឹង​ជួយ​អ្នក​ប្រើ​កម្លាំង និង​ធនធាន​ឯ​ទៀត​ដោយ​ប្រាជ្ញា។ (​១កូ. ៩:២៦​) អ្នក​នឹង​អាច​ធ្វើ​ការ​សម្រាប់​អ្វី​ដែល​មាន​ប្រយោជន៍។ គោល​ដៅ​បែប​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង ពេល​ដែល​អ្នក​បង្ហាញ​ចិត្ត​ចង់​ទទួល​ឯកសិទ្ធិ​កិច្ច​បម្រើ​បន្ថែម។—ភី. ១:១០; ១ធី. ៤:​១៥, ១៦

នៅ​រឿង​ប្រៀបប្រដូច​អំពី​អ្នក​សាប​ព្រោះ​ពូជ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា​ដី​ល្អ​បង្កើត​ផល​ផ្លែ​ខុស​ពី​គ្នា។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០​»។ (​ម៉ាថ. ១៣:២៣​) ប្រសិន​បើ​យើង​ពិត​ជា​យល់​អត្ថន័យ​នៃ​ព្រះ​បន្ទូល​មែន យើង​គួរ​ខំ​ប្រឹង​បង្កើត​ផល​ផ្លែ​យ៉ាង​ច្រើន​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា មែន​ទេ? យើង​ចង់​បង្កើត​ផល​ផ្លែ​ព្រះ​រាជាណាចក្រ​ជា​ច្រើន​នៅ​ពេល​យើង​ផ្សព្វផ្សាយ​យ៉ាង​ខ្នះខ្នែង មែន​ទេ? ហើយ​យើង​ចង់​បង្កើត​ផល​ផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ​យ៉ាង​បរិបូរ​នៅ​ជីវិត​ប្រចាំ​ថ្ងៃ​យើង មែន​ទេ? (​យ៉ូន. ១៥:២, ៣; កា. ៥:២២, ២៣​) ការ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​អាច​ជួយ​យើង​ឲ្យ​សម្រេច​កិច្ចការ​ទាំង​អស់​នោះ។

សាវ័ក​ប៉ុល​បាន​តាំង​គំរូ​ដ៏​ល្អ​ឲ្យ​យើង​ត្រាប់​តាម​ក្នុង​កិច្ច​បម្រើ​ព្រះ។ (​១កូ. ១១:១​) ប៉ុល​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព។ គាត់​បាន​កត់​សម្គាល់​ថា កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​បើក​ឱកាស​ជា​ច្រើន​ដល់​គាត់។ ដោយ​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ទី​ក្រុង​កូរិនថូស ប៉ុល​បាន​កត់​ទុក​ថា​៖ ​«​ទ្វារ​បើក​ចំហ​រយ៉ាង​ធំ​សំរាប់​អោយ​ខ្ញុំ​បំពេញ​កិច្ចការ​»។ ករណី​របស់​យើង​ក៏​ដូច​នេះ​ដែរ មែន​ទេ? យើង​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ក្រុម​ជំនុំ ជា​ពិសេស​នៅ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ មែន​ទេ? ប៉ុន្តែ​ដូច​សាវ័ក​ប៉ុល យើង​ត្រូវ​ចាំ​ថា​ការ​ចូល​ក្នុង​«​ទ្វារ​បើក​ចំហ​រយ៉ាង​ធំ​»​នោះ ក៏​ត្រូវ​តយុទ្ធ​នឹង​«​អ្នក​ប្រឆាំង​ច្រើន​»​ដែរ។ (​១​ករ​. [​១កូ.​] ១៦:៩, ខ.ស.​) ប៉ុល​សុខ​ចិត្ត​លត់​ដំ​ខ្លួន​ជា​និច្ច ដូច​ជា​កីឡាករ​ដែល​មាន​ចិត្ត​ចង់​ឈ្នះ​មកុដ​នៅ​ឯ​ការ​ប្រណាំង​ដែល​នឹង​ស្វិត​ស្រពោន​យ៉ាង​រហ័ស។ សូម​កត់​សម្គាល់​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​៖ ​«​ខ្ញុំ​វាយ​[​លត់​]​ដំ​រូប​កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល​»។ (​១កូ. ៩:២៤​-​២៧​) តើ​យើង​មាន​ចិត្ត​គំនិត​ដូច​នេះ​ទេ?

សព្វ​ថ្ងៃ​នេះ​មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​បម្រើ​ជា​សាសនទូត ដោយសារ​គេ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មាតា​បិតា​និង​អ្នក​ឯ​ទៀត ហើយ​គេ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ជា​សាសនទូត​និង​ចង់​ទទួល​ការ​អប់រំ​នៅ​សាលា​គីលាត​តាំង​ពី​ក្មេង​មក។ ស្រ​ដៀង​គ្នា​ដែរ បង​ប្អូន​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​បម្រើ​នៅ​បេតអែល​បាន​ទុក​កិច្ច​បម្រើ​នេះ​ជា​គោល​ដៅ​ពេល​គេ​នៅ​ក្មេង ឬ​ពេល​គេ​ស្គាល់​ដំណឹង​ល្អ​ជា​លើក​ដំបូង​ហើយ​រៀន​អំពី​ឯក​សិទ្ធ​ពិសេស​នេះ។

យោង​ទៅ​តាម​កាលៈទេសៈ​ខុស​ៗ​គ្នា យើង​ម្នាក់​ៗ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ព្យាយាម​បំពេញ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ គោល​ដៅ​ខ្លះ​ប្រហែល​ដូច​ត​ទៅ​នេះ : ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​រាល់​សប្ដាហ៍ ចាប់​ផ្ដើម​និង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ ចាត់​ទុក​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ចុះ​ឈ្មោះ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ឬ​ពេញ​ពេល បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង ការ​កសាង​សាល​ព្រះ​រាជាណាចក្រ​និង​សាល​សន្និបាត បម្រើ​នៅ​បេតអែល​ឬ​ជា​សាសនទូត។ ពិត​មែន មាន​គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ​ឯ​ទៀត​ដែល​ប្រហែល​បញ្ជាក់​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ មហា​សន្និបាត ហើយ​ក្នុង​សៀវភៅ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​អ្នក​អាច​ពិចារណា​និង​ព្យាយាម​បំពេញ​តាម​កាលៈទេសៈ​របស់​អ្នក។ អ្វី​ដ៏​សំខាន់​គឺ​ឲ្យ​អ្នក​រក្សា​ភាព​ខ្ជាប់ខ្ជួន និង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​បាន​ពេញ​ទំហឹង។ ប្រសិន​បើ​ធ្វើ​ដូច​នេះ​មែន អ្នក​នឹង​លើក​កិត្ដិយស​ថ្វាយ​ព្រះ និង​បំពេញ​គោល​ដៅ​ល្អ​បំផុត​របស់​អ្នក ពោល​គឺ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។—លូ. ១៣:២៤; ១ធី. ៤:៧​ខ, ៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក