បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fy ជំ. ៤ ទំ. ៣៩-៥០
  • តើអ្នកអាចចាត់ចែងកិច្ចការផ្ទះបានយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចចាត់ចែងកិច្ចការផ្ទះបានយ៉ាងណា?
  • គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រស់​នៅ​ទៅ​តាម​ធន​ធាន​របស់​អ្នក
  • ចែក​រំលែក​បន្ទុក
  • ភាព​ស្អាត​ស្អំ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ?
  • ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ
  • អនាម័យ ហេតុអ្វីសំខាន់ម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ព្រះស្រឡាញ់មនុស្សស្អាតស្អំ
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូររក្សាឲ្យមានសេចក្ដីសុខក្នុងគ្រួសាររបស់អ្នក
    គន្លឹះនៃសុភមង្គលគ្រួសារ
មើលបន្ថែមទៀត
គន្លឹះនៃសុភមង្គលគ្រួសារ
fy ជំ. ៤ ទំ. ៣៩-៥០

ជំពូក​ទី​បួន

តើ​អ្នក​អាច​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​បាន​យ៉ាង​ណា?

១. ហេតុ​អ្វី​ក៏​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​ជា​អ្វី​ដ៏​ពិបាក​នៅ​សព្វ​ថ្ងៃ​នេះ?

«គំរូ​នៃ​លោ​កី​យ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូស​ទី​១ ៧:៣១) ពាក្យ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ជាង​១៩០០​ឆ្នាំ​មក​ហើយ ហើយ​ពាក្យ​ទាំង​នេះ​ក៏​នៅ​តែ​ជា​ការ​ពិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ! ស្ថានការណ៍​កំពុង​តែ​ប្រែ​ប្រួល ជា​ពិសេស​ស្តី​អំពី​ជីវភាព​គ្រួសារ។ អ្វី​ដែល​គេ​បាន​ចាត់​ទុក​ថា ជា​ធម្មតា​ឬ​បើ​គិត​ពី​ទំនៀម​ទម្លាប់​៤០​ឬ​៥០​ឆ្នាំ​កន្លង​ទៅ​នេះ គេ​ច្រើន​តែ​ឥត​ទទួល​ស្គាល់​ទេ​នៅ​សព្វ​ថ្ងៃ​នេះ។ ហេតុ​នោះ​ហើយ​បាន​ជា​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​បាន​ដោយ​ជោគ​ជ័យ អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​ដ៏​ធំ​ដែរ។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ធ្វើ​តាម​ឱវាទ​ក្នុង​បទ​គម្ពីរ នោះ​អ្នក​អាច​រក​ផ្លូវ​ដោះ​ស្រាយ​នូវ​ការ​ពិបាក​ទាំង​នោះ​បាន។

រស់​នៅ​ទៅ​តាម​ធន​ធាន​របស់​អ្នក

២. តើ​កាលៈទេសៈ​អ្វី​ខាង​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ក្រុម​គ្រួសារ?

២ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លែង​ស្កប់​ចិត្ត​នឹង​ជីវិត​ដែល​មាន​ជីវភាព​សាមញ្ញ​ៗ​រស់​នៅ​ជា​ក្រុម​គ្រួសារ​ទៀត​ហើយ។ កាល​ដែល​ពិភព​ពាណិជ្ជកម្ម​ផលិត​កាន់​តែ​ច្រើន​ឡើង​នូវ​ផលិតផល​ផ្សេង​ៗ និង​ប្រើ​ជំនាញ​របស់​វា​ដើម្បី​ល្បួង​សាធារណជន នោះ​មាតា​បិតា​រាប់​លាន​នាក់​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​ឲ្យ​អាច​ទិញ​ផលិតផល​ទាំង​នោះ។ មាតា​បិតា​ជា​ច្រើន​លាន​នាក់​ទៀត ប្រឈម​មុខ​នឹង​ការ​ពុះ​ពារ​រាល់​ថ្ងៃ ដើម្បី​គ្រាន់​តែ​រក​អាហារ​ខ្លះ​ៗ​ឲ្យ​បាន​បរិភោគ។ ពួក​គេ​ត្រូវ​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន នៅ​ឯ​កន្លែង​ធ្វើ​ការ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត ទាំង​ប្រហែល​ជា​មាន​ការ​ងារ​នៅ​ពីរ​កន្លែង នោះ​គ្រាន់​តែ​ដើម្បី​មាន​ប្រាក់​ចំណាយ​សំ​រាប់​វត្ថុ​ចាំ​បាច់​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ មាន​ពួក​អ្នក​ឯ​ទៀត​ដែល​សប្បាយ​ចិត្ត​ឲ្យ​តែ​រក​បាន​ការ​ងារ​អ្វី​ក៏​បាន ដោយ​ព្រោះ​ការ​គ្មាន​ការ​ងារ​ធ្វើ​ជា​បញ្ហា​ទូទៅ។ ត្រូវ​ហើយ ជីវិត​គឺ​មិន​តែង​តែ​ស្រួល​ចំពោះក្រុម​គ្រួសារ​នៅ​សម័យ​ទំនើប​នេះ​ទេ ក៏​ប៉ុន្តែ​គោល​ការណ៍​ទាំង​ឡាយ​ក្នុង​ព្រះ​គម្ពីរ អាច​ជួយ​ក្រុម​គ្រួសារ​នានា​ឲ្យ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព យោង​ទៅ​តាម​កាលៈទេសៈ​របស់​គេ​រៀង​ៗ​ខ្លួន។

៣. តើ​គោល​ការណ៍​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់? ហើយ​តើ​ការ​អនុវត្តន៍​តាម​គោល​ការណ៍​នោះ អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​បាន​ជោគ​ជ័យ​ខាង​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​បាន​យ៉ាង​ណា?

៣ សាវ័ក​ប៉ុល​បាន​ពិសោធន៍​នូវ​ការ​គាប​សង្កត់​ខាង​សេដ្ឋកិច្ច។ គាត់​បាន​រៀន​មេ​រៀន​មួយ​ដ៏​មាន​តម្លៃ ក្នុង​ការ​ដោះ​ស្រាយ​រឿង​ទាំង​នោះ ដែល​គាត់​ពន្យល់​ប្រាប់​ក្នុង​សំបុត្រ​របស់​គាត់​ជូន​មិត្ត​ម្នាក់​ឈ្មោះ​ធីម៉ូថេ។ ប៉ុល​សរសេរ​ថា៖ «យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោ​កី​យ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។ (ធីម៉ូថេ​ទី​១ ៦:៧, ៨) ពិត​មែន ក្រុម​គ្រួសារ​ត្រូវ​ការ​របស់​របរ​ច្រើន​ជាង​អាហារ​និង​សំលៀក​បំពាក់​ទៅ​ទៀត។ ក្រុម​គ្រួសារ​ក៏​ត្រូវ​ការ​កន្លែង​រស់​នៅ​ផង​ដែរ។ កូន​ក្មេង​ក៏​ត្រូវ​រៀន​សូត្រ។ ហើយ​ក៏​មាន​ការ​ចំណាយ​ខាង​ការ​ព្យាបាល​និង​សោហ៊ុយ​ឯ​ទៀត។ យ៉ាង​ណា​ក៏​ដោយ គោល​ការណ៍​ពី​ពាក្យ​របស់​ប៉ុល​ក៏​អាច​នៅ​ប្រើ​បាន​ដែរ។ ប្រសិន​បើ​យើង​ស្កប់​ចិត្ត​បំពេញ​នូវ​តម្រូវ​ការ​របស់​យើង ជា​ជាង​ផ្ដេក​ផ្ដួល​ទៅ​តាម​សេចក្ដី​ប្រាថ្នា​របស់​យើង​វិញ នោះ​យើង​នឹង​រក្សា​បាន​ជីវិត​រស់​នៅ​បាន​យ៉ាង​ស្រួល។

៤, ៥. តើ​ការ​គិត​និង​ការ​គ្រោង​ទុក​ជា​មុន អាច​ជួយ​ក្នុង​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​បាន​យ៉ាង​ណា?

៤ គោល​ការណ៍​មួយ​ទៀត​ដ៏​មាន​ប្រយោជន៍ គឺ​មាន​ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ​លក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន?»។ (លូកា ១៤:២៨) នេះ​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​ការ​គិត​ទុក​ជា​មុន គឺ​ការ​មាន​គម្រោង​ទៅ​មុខ។ យើង​បាន​ឃើញ​នៅ​ក្នុង​ជំពូក​មុន​នេះ នូវ​របៀប​ដដែល​នេះ​បាន​ជួយ ក្នុង​កាល​ដែល​មនុស្ស​ពីរ​នាក់​គិត​ចង់​រៀប​ការ​នោះ។ ហើយ​ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍ នេះ​ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​ហើយ​នោះ។ ការ​គិត​ទុក​ជា​មុន​ស្តី​អំពី​រឿង​នេះ ទាក់​ទង​នឹង​ការ​ចេះ​លៃ​លក​ក្នុង​ការ​ប្រើ​ថវិកា ការ​គ្រោង​ទុក​ជា​មុន ដើម្បី​ប្រើ​ធន​ធាន​របស់​ខ្លួន​ដោយប្រាជ្ញា។ តាម​របៀប​នេះ ក្រុម​គ្រួសារ​អាច​ដាក់​កំរិត​ទៅ​លើ​សោហ៊ុយ​នានា ដោយ​ទុក​លុយ​សំ​រាប់​ការ​ចំណាយ​លើ​របស់​ត្រូវ​ការ​ប្រចាំ​ថ្ងៃ ឬ​ប្រចាំ​សប្ដាហ៍​និ​មួយ​ៗ និង​មិន​ត្រូវ​រស់​នៅ​ហួស​ពី​ធន​ធាន​របស់​ខ្លួន​ឡើយ។

៥ នៅ​ប្រទេស​ខ្លះ​ៗ ការ​ចេះ​លៃ​លក​ក្នុង​ការ​ប្រើ​ថវិកា​បែប​នេះ ប្រហែល​ជា​មាន​ន័យ​ថា ត្រូវ​ចេះ​ទប់​នឹង​ចំណង់​ចង់​ខ្ចី​ប្រាក់​ដែល​មាន​ការ​ប្រាក់​ច្រើន ដើម្បី​ទិញ​អ្វី​ៗ​ដែល​មិន​ចាំ​បាច់។ នៅ​ប្រទេស​ផ្សេង​ទៀត នេះ​ប្រហែល​ជា​មាន​ន័យ​ថា ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប័ណ្ណ​ឥណទាន​តាម​របៀប​ដោយ​ឥត​ចេះ​គិត។ (សុភាសិត ២២:៧) នេះ​ក៏​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​រា​រាំង​មិន​ឲ្យ​ចិត្ត​ចង់​ទិញ​ដោយ​ឥត​ព្រាង​ទុក​ជា​មុន ដែល​ជា​ការ​ទិញ​នូវ​អ្វី​ៗ​ដោយ​សម្រេច​ចិត្ត​ភ្លាម​ៗ ទាំង​មិន​បាន​គិត​ថ្លឹង​ថ្លែង​ពី​តម្រូវ​ការ​និង​លទ្ធផល​នោះ។ ម្យ៉ាង​ទៀត ការ​ចេះ​លៃ​លក​ក្នុង​ការ​ប្រើ​ថវិកា​នឹង​ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្តែ​ង​ថា ការ​បង្ហិន​ប្រាក់​ដោយ​លេង​ល្បែង​ស៊ីសង ជក់​បារី និង​ការ​ផឹក​ស្រា​ហួស​ហេតុ នឹង​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ដុនដាប​ទៅ​ៗ ព្រម​ទាំង​ប្រឆាំង​នឹង​គោល​ការណ៍​ព្រះ​គម្ពីរ​ទៀត​ផង។—សុភាសិត ២៣:២០, ២១, ២៩​-​៣៥; រ៉ូម ៦:១៩; អេភេសូរ ៥:៣​-​៥

៦. តើ​សេចក្ដី​ពិត​ណា​ក្នុង​បទ​គម្ពីរ ដែល​ជួយ​អស់​អ្នក​ដែល​បាន​ត្រូវ​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ?

៦ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អស់​អ្នក​ដែល​ទាល់​ក្រ​នោះ? ពួក​គេ​អាច​មាន​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា បញ្ហា​ដែល​មាន​ទូ​ទាំង​ពិភព​លោក​នេះ គឺ​គ្រាន់​តែ​ជា​ការ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​ឈាន​មក​យ៉ាង​លឿន នោះ​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​នូវ​ភាព​ក្រី​ក្រ ព្រម​ទាំង​របស់​អាក្រក់​ៗ​ឯ​ទៀត ដែល​នាំ​ឲ្យ​មនុស្សជាតិ​ទទួល​នូវ​សេចក្ដី​វេទនា​នោះ។ (ទំនុក​ដំ​កើង ៧២:១, ១២​-​១៦) នៅ​ចន្លោះ​ពេល​នេះ គ្រីស្ទាន​ពិត​ទោះ​បី​ជា​ពួក​គេ​ក្រ​ខ្សត់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មាន​អារម្មណ៍​អស់​សង្ឃឹម​ទាំង​ស្រុង​នោះ​ដែរ ដ្បិត​គេ​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»។ ដូច្នោះ​ហើយ អ្នក​ជឿ​ម្នាក់​អាច​និយាយ​ដោយ​ទុក​ចិត្ត​ថា៖ «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ!»។ (ហេព្រើរ ១៣:៥, ៦) នៅ​ក្នុង​សម័យ​ដ៏​ពិបាក​នេះ ព្រះ​យេហូវ៉ា​បាន​គាំទ្រ​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​តាម​របៀប​ជា​ច្រើន ពេល​ដែល​ពួក​គេ​ធ្វើ​តាម​គោល​ការណ៍​របស់​ទ្រង់ ហើយ​ទុកព្រះ​រាជាណាចក្រ​របស់​ទ្រង់​ជា​អ្វី​ដែល​មាន​អាទិភាព​ក្នុង​ជីវិត​របស់​ពួក​គេ។ (ម៉ាថាយ ៦:៣៣) ជា​ច្រើន​នាក់​អាច​ធ្វើ​ជា​កសិណសាក្សី ដោយ​និយាយ​តាម​ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។—ភីលីព ៤:១២, ១៣

ចែក​រំលែក​បន្ទុក

រូបភាពនៅទំព័រ៤២

ការ​មើល​ថែ​រក្សា​ផ្ទះ​សម្បែង​ជា​ការងារ​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ

៧. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ណា​ខ្លះ ប្រសិន​បើ​អនុវត្ត​តាម​នោះ​នឹង​ជួយ​ឲ្យ​មាន​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​បាន​យ៉ាង​ជោគ​ជ័យ​នោះ?

៧ ជិត​ដល់​ទី​បញ្ចប់​នៃ​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែន​ដី នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ (ម៉ាថាយ ២២:៣៩) ការអនុវត្តន៍​តាម​ឱវាទ​នេះ​ក្នុង​ក្រុម​គ្រួសារ នឹង​ជួយ​បាន​ច្រើន​ណាស់​ក្នុង​ការ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​នោះ។ យ៉ាង​ណា​មិញ អស់​អ្នក​ដែល​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ក្រុម​គ្រួសារ ដែល​ជា​ស្វាមីភរិយា មាតា​បិតា និង​បុត្រ​ធីតា នោះ​ហើយ​ជា​អ្នក​ជិត​ខាង​ជិត​ជាង​គេ​ហើយ​ក៏​ជា​ទី​ស្រឡាញ់​របស់​យើង​ជាង​គេ​ផង​ដែរ មែន​ទេ? តើ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

៨. តើ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ​អាច​សម្ដែង​ចេញ​មក​ដោយ​ដូច​ម្ដេច?

៨ វិធី​មួយ​គឺ​ឲ្យ​សមាជិក​និ​មួយ​ៗ​ក្នុង​ក្រុម​គ្រួសារ​ធ្វើ​កិច្ចការ​ដែល​ខ្លួន​គួរ​នឹង​ធ្វើ​ក្នុង​ផ្ទះ។ ហេតុ​ដូច្នេះ​ហើយ ត្រូវ​បង្រៀន​បុត្រ​ធីតា​ឲ្យ​ចេះ​ប្រមូល​ទុក​របស់​របរ​បន្ទាប់​ពី​ប្រើ​រួច​ហើយ មិន​ថា​របស់​ទាំង​នេះ​ជា​សំលៀក​បំពាក់​ឬ​ប្រដាប់​ក្មេង​លេង​ឡើយ។ ការ​រៀប​គ្រែ​ដេក​ឲ្យ​មាន​របៀប​រៀប​រយ​ជា​រៀង​រាល់​ព្រឹក គឺ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​និង​ការ​ខ្នះខ្នែង ​ក៏​ប៉ុន្តែ​នេះ​ក៏​ជា​ជំនួយ​ដ៏​ធំ​មួយ​ក្នុង​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​ផង​ដែរ។ ប្រាកដ​ហើយ គឺ​មិន​អាច​ជៀស​វាង​ពី​ការ​មាន​របស់​នៅ​រប៉ាត់​រប៉ាយ​ប​ន្ដិ​ច​បន្តួច​ដែល​មាន​ជា​បណ្ដោះ​អាសន្ន​នោះ​ទេ ប៉ុន្តែ​គ្រប់​គ្នា​អាច​រួម​ដៃ​គ្នា ដើម្បី​រៀប​ចំ​ផ្ទះ​ឲ្យ​មាន​របៀប​រៀប​រយ​ត្រឹម​ត្រូវ ព្រម​ទាំង​លាង​ចាន​ក្រោយ​ពី​បរិភោគ​ហើយ។ ភាព​ខ្ជិល ការ​ភ្លើត​ភ្លើន​ហួស​ប្រមាណ និង​គំនិត​ដ៏​ទើស​ទាល់​ហើយ​ស្ទាក់​ស្ទើរ គឺ​មាន​ឥទ្ធិពល​ដ៏​អវិជ្ជមាន​លើ​មនុស្ស​គ្រប់​គ្នា។ (សុភាសិត ២៦:១៤​-​១៦) ម្យ៉ាង​វិញ​ទៀត ការ​សប្បាយ​ចិត្ត ហើយ​ការ​មាន​គំនិត​ចង់​ជួយ នឹង​ផ្ដល់​នូវ​ជីវភាព​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ។ «ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ»។—កូរិនថូស​ទី​២ ៩:៧

៩, ១០. (ក) ជា​ញឹក​ញាប់​តើ​បន្ទុក​អ្វី​ដែល​មាន​មក​លើ​មេ​ផ្ទះ? ហើយ​តើ​បន្ទុក​នេះ​អាច​ត្រូវ​ធ្វើ​ឲ្យ​ស្រាល​ជាង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​មាន​យោបល់​ណា​ដែល​ប្រកប​ដោយ​តុល្យភាព​ដែល​បាន​ផ្ដល់​មក​ស្តី​អំពី​កិច្ច​ការ​ក្នុង​ផ្ទះ?

៩ ការ​ចេះ​គិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ព្រម​ទាំង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ នឹង​ជួយ​បង្ការ​នូវ​ស្ថានភាព​ដែល​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ផ្ទះ​ខ្លះ​ៗ។ តាម​ទំនៀម​ទម្លាប់ មាតា​ជា​អ្នក​ថែ​រក្សា​ក្នុង​ផ្ទះ។ គាត់​មើល​ថែ​រក្សា​បុត្រ​ធីតា បោស​សំអាត​ផ្ទះ បោក​អ៊ុត​សំលៀក​បំពាក់​សំ​រាប់​ក្រុម​គ្រួសារ ទៅ​ផ្សារ​និង​ចំអិន​អាហារ។ នៅ​ក្នុង​ប្រទេស​ខ្លះ​តាម​ទំនៀម​ទម្លាប់ ស្ត្រី​ក៏​ធ្វើ​ការ​នៅ​ឯ​ស្រែ លក់​ផលិតផល​នៅ​ឯ​ផ្សារ ឬ​បានផ្ដល់​ប្រយោជន៍​ឲ្យ​ដល់​ក្រុម​គ្រួសារ​តាម​របៀប​ផ្សេង​ទៀត ដើម្បី​អាច​មាន​ថវិកា​គ្រប់​គ្រាន់។ ទោះ​ជា​នេះ​មិន​មែន​ត្រូវ​តាម​ទំនៀម​ទម្លាប់​នៅ​ពេល​មុន​ៗ​ក៏​ដោយ ការ​ចាំ​បាច់​បាន​ជំរុញ​ស្ត្រី​ដែល​បាន​រៀប​ការ​រាប់​លាន​នាក់ ឲ្យ​រក​ការ​ងារ​ធ្វើ​នៅ​ក្រៅ​ផ្ទះ។ ភរិយា​និង​មាតា​ម្នាក់​ដែល​បាន​ខំ​ប្រឹង​ធ្វើ​ការ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ផ្ទះ សម​ទទួល​នូវ​ការ​សរសើរ​មែន។ ដូច​ជា‹ស្ត្រី​ដែល​មាន​សមត្ថភាព› បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ នោះ​នាង​មាន​ចិត្ត​ឧស្សាហ៍​ណាស់។ «[នាង]ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ»។ (សុភាសិត ៣១:១០, ២៧) ក៏​ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា ស្ត្រី​ជា​បុគ្គល​តែ​មួយ​ដែល​អាច​ធ្វើ​ការ​ក្នុង​ផ្ទះ​នោះ​ឡើយ។ ក្រោយ​ពី​ស្វាមី​និង​ភរិយា​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​នៅ​ខាង​ក្រៅ​ផ្ទះ តើ​ភរិយា​គួរ​ទទួល​បន្ទុក​ដោយ​ធ្វើ​កិច្ច​ការ​នៅ​ឯ​ផ្ទះ​តែ​ម្នាក់​ឯង កាល​ដែល​ស្វាមី​និង​សមាជិក​គ្រួសារ​ទាំង​ឡាយ​សំ​រាក​នោះ​ឬ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ។ (ប្រៀប​មើល កូរិនថូស​ទី​២ ៨:១៣, ១៤) ជា​ឧទាហរណ៍ ប្រសិន​បើ​មាតា​ម្នាក់​នឹង​ត្រូវ​រៀប​ចំ​អាហារ គាត់​អាច​មាន​ចិត្ត​អរ​ណាស់ បើ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​ជួយ​ក្នុង​ការ​រៀប​ចំ ដូច​ជា​ការ​រៀប​តុ​បាយ ទៅ​ទិញ​របស់​ប​ន្ដិ​ច​បន្តួច ឬ​បោស​សំអាត​ផ្ទះ​នោះ។ ត្រូវ​ហើយ មនុស្ស​គ្រប់​គ្នា​អាច​ចូល​រួម​ក្នុង​ភារកិច្ច​ទាំង​នេះ។—ប្រៀប​មើល កាឡាទី ៦:២

១០ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​រស់​នៅ គឺ​មិន​មែន​ជា​មុខ​នាទី​របស់​បុរស​ឲ្យ​ធ្វើ​ការ​ងារ​បែប​នោះ​ទេ»។ ការ​នេះ​អាច​ជា​ការ​ពិត​មែន ក៏​ប៉ុន្តែ តើ​មិន​ជា​ការ​ល្អ​ទេ​ឬ បើ​យក​រឿង​នេះ​មក​ពិនិត្យ​មើល​ឡើង​វិញ​នោះ? នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ ទ្រង់​មិន​បាន​ចេញ​បញ្ជា​ថា កិច្ច​ការ​ណា​មួយ​នឹង​ត្រូវ​សម្រេច​ដោយ​ស្ត្រី​នោះ​ឡើយ។ នៅ​គ្រា​មួយ ពេល​ដែល​អ្នក​នាំ​សារ​ដ៏​ពិសេស​ពី​ព្រះ​យេហូវ៉ា​បាន​ទៅ​លេង​លោក​អ័ប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ត្រង់ នោះ​លោក​អ័ប្រាហាំ​ក៏​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀប​ចំ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទាំង​នោះ។ (លោកុប្បត្តិ ១៨:១​-​៨) ព្រះ​គម្ពីរ​ឲ្យ​ឱវាទ​ថា៖ «ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ»។ (អេភេសូរ ៥:២៨) ប្រសិន​បើ​នៅ​ពេល​ល្ងាច​ចប់​ការ​ងារ ស្វាមី​អស់​កម្លាំង​និង​ចង់​សំ​រាក នោះ​ភរិយា​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ មែន​ទេ? ប្រហែល​ជា​អស់​កម្លាំង​ច្រើន​ជាង​ស្វាមី​ទៅ​ទៀត​ផង។ (ពេត្រុស​ទី​១ ៣:៧) បើ​ដូច្នេះ តើ​មិន​សម​ហេតុ​ផល​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទេ​ឬ បើ​ស្វាមី​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ​ផង​ដែរ​នោះ?—ភីលីព ២:៣, ៤

១១. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ចំពោះ​សមាជិក​និ​មួយ​ៗ​ក្នុង​ក្រុម​គ្រួសារ?

១១ ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​បំផុត ស្តី​អំពី​បុគ្គល​ដែល​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ហើយ​បាន​នាំ​ឲ្យ​គូកន​របស់​ទ្រង់​មាន​សុភមង្គល។ ទោះ​ជា​ទ្រង់​មិន​ដែល​រៀប​ការ​ក៏​ដោយ ក៏​ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​ចំពោះ​ស្វាមី ព្រម​ទាំង​ភរិយា​និង​បុត្រ​ធីតា​ផង​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ផ្ទាល់​ថា៖ «ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ» បទ​គម្ពីរ​នេះ​គឺ​ឲ្យ​បំរើ​អ្នក​ដទៃ។ (ម៉ាថាយ ២០:២៨) ជា​ការ​គួរ​ឲ្យ​គាប់​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន ដែល​សមាជិក​ទាំង​អស់​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​បែប​នេះ។

ភាព​ស្អាត​ស្អំ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ?

១២. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​អស់​អ្នក​ដែល​បំរើ​ទ្រង់?

១២ គោល​ការណ៍​មួយ​ទៀត​ក្នុង​ព្រះ​គម្ពីរ ដែល​អាច​ជួយ​ក្នុង​ការ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​នោះ គឺ​មាន​នៅ​កូរិនថូស​ទី​២ ៧:១។ នៅ​ខ​នេះ យើង​អាន​ថា៖ «នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង»។ ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អស់​អ្នក​ដែល​ស្ដាប់​តាមបន្ទូល​នេះ ព្រោះ​ទ្រង់​តម្រូវ​ឲ្យ​មាន‹ការ​ថ្វាយ​បង្គំ​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង›។ (យ៉ាកុប ១:២៧) នេះ​ក៏​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​នោះ​ដែរ។

១៣. ហេតុ​អ្វី​បាន​ជា​ភាព​ស្អាត​ស្អំ​គឺ​សំខាន់ ក្នុង​ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​នោះ?

១៣ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ធានា​រ៉ាប់​រង​យើង​ថា នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ជំងឺ​និង​រោគា​នឹង​លែង​មាន​ទៀត។ នៅ​គ្រា​នោះ«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›»។ (អេសាយ ៣៣:២៤; វិវរណៈ ២១:៤, ៥) ក៏​ប៉ុន្តែ​ទំ​រាំ​ដល់​ពេល​នោះ ក្រុម​គ្រួសារ​ទាំង​អស់​ត្រូវ​តែ​រក​ផ្លូវ​ដោះ​ស្រាយ​ចំពោះ​ជំងឺ​ដែល​មាន​ម្ដង​ៗ។ សូម្បី​តែ​ប៉ុល​និង​ធីម៉ូថេ​ក៏​បាន​ឈឺ​ដែរ។ (កាឡាទី ៤:១៣; ធីម៉ូថេ​ទី​១ ៥:២៣) ក៏​ប៉ុន្តែ ពួក​អ្នក​ជំនាញ​ខាង​ពេទ្យ​និយាយ​ថា ជំងឺ​ជា​ច្រើន​គឺ​អាច​បង្ការ​បាន។ ក្រុម​គ្រួសារ​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​គេច​ផុត​ពី​ជំងឺ​ខ្លះ​ដែល​អាច​បង្ការ​បាន ប្រសិន​បើ​គេ​ជៀស​វាង​ពី​ភាព​មិន​ស្អាត​ស្អំ​ខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​តាម​របៀប​ណា។—ប្រៀប​មើល សុភាសិត ២២:៣

១៤. តើ​តាម​របៀប​ណា​ដែល​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ការ​ពារ​ក្រុម​គ្រួសារ​ពី​ជំងឺ​បាន?

១៤ ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ រួម​បញ្ចូល​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ ដូច​គេ​បាន​ដឹង​ជា​ទូទៅ​ថា ព្រះ​គម្ពីរ​បាន​លើក​ដំ​កើង​ខ្នាត​តម្រា​សីលធម៌​យ៉ាង​ខ្ពង់​ខ្ពស់ និង​ផ្ដន្ទា​ទោស​ការ​រួម​ដំណេក​គ្រប់​បែប​គ្រប់​យ៉ាង​ក្រៅ​អាពាហ៍ពិពាហ៍។ «ដ្បិត​ពួក​មនុស្ស​កំផិត . . . ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង . . . នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ (កូរិនថូស​ទី​១ ៦:៩, ១០) ការ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​ម៉ឺង​ម៉ាត់​នេះ គឺ​សំខាន់​ណាស់​ចំពោះ​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​ក្នុង​លោ​កី​យ៍​ដ៏​អន់​ថយ​នេះ។ ការ​ធ្វើ​បែប​នេះ​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ហើយ​ក៏​ជួយ​ការ​ពារ​ក្រុម​គ្រួសារ​ពី​កាមរោគ​ដូច​ជា​រោគ​អេដស៍ រោគ​ស្វាយ រោគ​ប្រមេះ​និង​រោគ​ក្លា​មោ​ឌា​។—សុភាសិត ៧:១០​-​២៣

១៥. សូម​ឲ្យ​ឧទាហរណ៍​មួយ​អំពី​ការ​គ្មាន​ភាព​ស្អាត​ស្អំ​ខាង​រាង​កាយ ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដ៏​មិន​ចាំ​បាច់​នោះ។

១៥ ‹ការ​សំអាត​ខ្លួន​យើង​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ› ជួយ​ការ​ពារ​ក្រុម​គ្រួសារ​ពី​ជំងឺ​ឯ​ទៀត។ រោគ​ជា​ច្រើន​បាន​កើត​ឡើង ដោយ​ព្រោះគ្មាន​ភាព​ស្អាត​ស្អំ​ខាង​រាង​កាយ។ ឧទាហរណ៍​មួយ​គឺ​ទម្លាប់​ជក់​បារី។ ការ​ជក់​បារី​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​សួត សំលៀក​បំពាក់ និង​ខ្យល់​អាកាស​កខ្វក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ដែរ។ មនុស្ស​រាប់​លាន​នាក់​ស្លាប់​រាល់​ឆ្នាំ ដោយ​ព្រោះ​គេ​បាន​ជក់​បារី។ ចូរ​គិត​ទៅ​មើល រៀង​រាល់​ឆ្នាំ​មនុស្ស​រាប់​លាន​នាក់​នឹង​មិន​ឈឺ​ស្លាប់​មុន​អាយុ​ទេ ប្រសិន​បើ​គេ​បាន​ជៀស​វាង​ពី‹សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម!›។

១៦, ១៧. (ក) តើ​ក្រិត្យ​វិន័យ​អ្វី​ដែល​បាន​ផ្ដល់​មក​ដោយ​ព្រះ​យេហូវ៉ា ក្នុង​ការ​ការ​ពារ​ពួក​អ៊ីស្រាអែល​ពី​ជំងឺ​ខ្លះ​នោះ? (ខ) តើ​គោល​ការណ៍​នៅ​ចោទិយកថា ២៣:១២, ១៣ អាច​យក​មក​អនុវត្ត​ក្នុង​ក្រុម​គ្រួសារ​ទាំង​ឡាយ​បាន​យ៉ាង​ដូច​ម្ដេច?

១៦ ចូរ​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​មួយ​ទៀត។ ប្រមាណ​៣.៥០០​ឆ្នាំ​កន្លង​ទៅ​នេះ ព្រះ​បាន​ប្រទាន​ឲ្យ​សាសន៍​អ៊ីស្រាអែល​នូវ​ក្រិត្យ​វិន័យ​របស់​ទ្រង់ ដើម្បី​ឲ្យ​រៀប​ចំ​ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ និង​រៀប​ចំ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ខ្លះ​ៗ​ដែរ។ ក្រិត្យ​វិន័យ​នោះ​បាន​ជួយ​ការ​ពារ​សាសន៍​នេះ​ពី​ជំងឺ ដោយ​ស្ថាបនា​នូវ​គោល​ការណ៍​ដ៏​សំខាន់​ខ្លះ​ៗ​ខាង​អនាម័យ។ ក្រិត្យ​វិន័យ​មួយ​គឺ​ទាក់​ទង​នឹង​ការ​កប់​ចោល​នូវ​លាមក​មនុស្ស ដែល​ត្រូវ​តែ​កប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ឆ្ងាយ​ពី​ជំរំ ដើម្បី​កុំ​ឲ្យ​កន្លែង​ដែល​មនុស្ស​រស់​នៅ​ទៅ​ជា​កខ្វក់នោះ។ (ចោទិយកថា ២៣:១២, ១៣) ក្រិត្យ​វិន័យ​នោះ​ដែល​មាន​តាំង​ពី​បុរាណ គឺ​នៅ​តែ​ជា​ឱវាទ​ដ៏​ល្អ។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​ទៅ​ជា​ឈឺ​ហើយ​ស្លាប់ ដោយ​ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ឱវាទ​នេះ។a

១៧ ស្រប​ទៅ​តាម​គោល​ការណ៍​នៃ​ក្រិត្យ​វិន័យ​របស់​អ៊ីស្រាអែល បន្ទប់​ទឹក​របស់​ក្រុម​គ្រួសារ​និង​កន្លែង​បង្គន់ មិន​ថា​ខាង​ក្នុង​ឬ​ខាង​ក្រៅ​ផ្ទះ គួរ​រក្សា​ឲ្យ​បាន​ស្អាត​ស្អំ​និង​ដើម្បី​បង្ការ​ពី​មេ​រោគ។ ប្រសិន​បើ​កន្លែង​បង្គន់​មិន​បាន​រក្សា​ឲ្យ​បាន​ស្អាត​ស្អំ​និង​គ្រប​ឲ្យ​បាន​ជិត​ទេ នោះ​សត្វ​រុយ​នឹង​មក​រោម ហើយ​និង​ធ្វើ​ឲ្យ​មេ​រោគ​ឆ្លង​រាល​ដាល​ដល់​កន្លែង​ផ្សេង​ទៀត​ក្នុង​ផ្ទះ និង​ទៅ​លើ​ម្ហូប​ដែល​យើង​បរិភោគ​ទៀត​ផង! ម្យ៉ាង​ទៀត កូន​ក្មេង​និង​មនុស្ស​ពេញ​វ័យ​គួរ​លាង​ដៃ ក្រោយ​ពី​ប្រើ​បង្គន់​ហើយ។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​នាំ​មេ​រោគ​មក​តាម​ស្បែក​របស់​គេ។ យោង​ទៅ​តាម​គ្រូ​ពេទ្យ​ម្នាក់​ដែល​ជា​ជន​ជាតិ​បារាំង​បាន​ប្រាប់​ថា ការ​លាង​ដៃ«គឺ​នៅ​តែ​ជា​ការ​ធានា​ដ៏​ល្អ​បំផុត ចំពោះ​ការ​បង្ការ​នៃ​ការ​ឆ្លង​រោគ​ខាង​ការ​រំលាយ​អាហារ ការ​ដក​ដង្ហើម ឬ​រោគ​សើ​ស្បែក​ណា​មួយ»។

រូបភាពនៅទំព័រ៤៧

ការ​រក្សា​របស់​របរ​នៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​ស្អាត​បាត គឺ​ថោក​ជាង​ទិញ​ថ្នាំ

១៨, ១៩. តើ​មាន​យោបល់​អ្វី​ខ្លះ ស្តី​អំពី​ការ​មើល​ថែ​រក្សា​ផ្ទះ​ឲ្យ​បាន​ស្អាត​បាត សូម្បី​តែ​ក្នុង​សង្កាត់​ក្រី​ក្រ​ក៏​ដោយ?

១៨ ពិត​មែន ភាព​ស្អាត​ស្អំ គឺ​ជា​អ្វី​ដ៏​ពិបាក​ក្នុង​សង្កាត់​ពួក​អ្នក​ក្រី​ក្រ។ មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​តំបន់​ដូច​នេះ បាន​ពន្យល់​ថា៖ «ធាតុ​អាកាស​ដ៏​ក្ដៅ​ខ្លាំង ធ្វើ​ឲ្យ​ការ​បោស​សំអាត​កាន់​តែ​ពិបាក​មួយ​ជា​ពីរ។ ខ្យល់​ដែល​ពោរ​ពេញ​ទៅ​ដោយ​ធូលី​គ្រប​ដណ្ដប់​ពេញ​ចន្លោះ​តូច​ៗ​ទាំង​អស់​ក្នុង​ផ្ទះ ដោយ​មាន​លំអង​ដី​ដ៏​ម៉ដ្ឋ​ពណ៌​ត្នោត។ . . . ការ​ចំរើន​ឡើង​ខាង​ចំនួន​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​តាម​ជនបទ ក៏​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង​ដែរ។ លូ​ទឹក​ស្អុយ គំនរ​ស​ម្រាម​ដែល​ឥត​ប្រមូល បង្គន់​រួម​គ្នា​ដែល​ស្មោក​គ្រោក កណ្ដុរ កន្លាត និង​រុយ​ដែល​មាន​រោគ គឺ​មាន​ជា​ទូទៅ​ទាំង​អស់»។

១៩ ការ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ក្រោម​ស្ថានភាព​ទាំង​នេះ គឺ​ពិបាក​មែន។ ក៏​ប៉ុន្តែ​គឺ​នៅ​តែ​មាន​ប្រយោជន៍។ សាប៊ូ និង​ទឹក ហើយ​ការ​ធ្វើ​អ្វី​ប​ន្ដិ​ច​បន្តួច​ថែម​ទៀត គឺ​ថោកជាង​ថ្នាំ​និង​ប្រាក់​បំណុល​ខាង​ពេទ្យ។ ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ឲ្យ​តែ​ធ្វើ​ទៅ​បាន សូម​មើល​ថែ​រក្សា​ផ្ទះ​និង​ទី​ធ្លា​របស់​អ្នក​ឲ្យ​បាន​ស្អាត​បាត និង​កើប​លាមក​សត្វ​ចេញ​ឲ្យ​ស្អាត។ ប្រសិន​បើ​ផ្លូវ​លំ​ឆ្ពោះ​ទៅ​ផ្ទះ​របស់​អ្នក​មាន​ភក់​ក្នុង​កំ​ឡុ​ង​រដូវ​ភ្លៀង តើ​អ្នក​អាច​ដាក់​ក្រួស​ល្អិត​ៗ​និង​ថ្ម ដើម្បី​កុំ​ឲ្យ​ភក់​ចូល​ផ្ទះ​បាន​ឬ​ទេ? ប្រសិន​បើ​ប្រើ​ស្បែក​ជើង​ឬ​ស្បែក​ជើង​សង្រែក តើ​អាច​ដោះ​ស្បែក​ជើង​ទាំង​នេះ​មុន​ចូល​ផ្ទះ​បាន​ឬ​ទេ? ម្យ៉ាង​ទៀត អ្នក​ត្រូវ​តែ​ទុក​ពាង​ទឹក​ឬ​ក៏​អាង​ទឹក​កុំ​ឲ្យ​ក្រ​ខ្វក់។ គឺ​ត្រូវ​បាន​គេ​ស្មាន​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ពីរ​លាន​នាក់​ស្លាប់​រាល់​ឆ្នាំ ដោយ​សារ​រោគ​ដែល​ទាក់​ទង​នឹង​ទឹក​មិន​ស្អាត​និង​ការ​ខ្វះ​អនាម័យ។

២០. បើ​ចង់​ឲ្យ​ផ្ទះ​បាន​ស្អាត​ស្អំ តើ​អ្នក​ណា​ដែល​ចូល​រួម​ទទួល​ភារកិច្ច​នោះ?

២០ ផ្ទះ​ដ៏​ស្អាត​ស្អំ​មួយ​ពឹង​ទៅ​លើ​មនុស្ស​គ្រប់​គ្នា គឺ​មាតា បិតា បុត្រ​ធីតា និង​ភ្ញៀវ​ជួយ​សំអាត។ ម្ដាយ​ម្នាក់​ដែល​មាន​កូន​ប្រាំ​បី​នាក់​នៅ​ប្រទេស​គេ​ន​យ៉ា បាន​និយាយ​ថា៖ «គេ​គ្រប់​គ្នា​បាន​រៀន​ចេះ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន»។ ផ្ទះ​ដ៏​ស្អាត​ស្អំ​និង​រៀប​រយ ក៏​លើក​កិ​ត្ដិ​យស​ក្រុម​គ្រួសារ​ទាំង​មូល​ដែរ។ សុភាសិត​អេ​ស្បា​ញ៉ុល​ចែង​ថា៖ «គឺ​គ្មាន​ការ​ប្រឆាំង​គ្នា​រវាង​ភាព​ក្រី​ក្រ​និង​ភាព​ស្អាត​ស្អំ​ឡើយ»។ មិន​ថា​បុគ្គល​ម្នាក់​រស់​នៅ​ក្នុង​គេហដ្ឋាន​ដ៏​ស្តុក​ស្តម្ភ ​ផ្ទះ​ល្វែង ផ្ទះ​ធម្មតា ឬ​ខ្ទម​ក៏​ដោយ ភាព​ស្អាត​ស្អំ​នោះ​ឯង​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​ក្នុង​ក្រុម​គ្រួសារ។

ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ

២១. ស្រប​ទៅ​តាម​សុភាសិត ៣១:២៨ តើ​អ្វី​ដែល​នឹង​ជួយ​នាំ​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ?

២១ នៅ​ពេល​ដែល​ពិគ្រោះ​អំពី​ភរិយា​ដែល​មាន​សមត្ថភាព នោះ​សៀវភៅ​សុភាសិត​ចែង​ថា៖ «កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្ដាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​នាង​ដែរ»។ (សុភាសិត ៣១:២៨) តើ​ពេល​ណា​គឺ​ជា​ពេល​ចុង​ក្រោយ​ដែល​អ្នក​ធ្លាប់​សរសើរ​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក? ពិត​មែន ពួក​យើង​ដូច​ជា​រុក្ខជាតិ​ក្នុង​និទាឃ​រដូវ​ដែល​ផ្កា​ជិត​រីក ពេល​ទទួល​នូវ​កំ​ដៅ​និង​សំណើម។ ក្នុង​ករណី​យើង​វិញ យើង​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ពី​ការ​សរសើរ។ គឺ​ជា​ការ​ល្អ​ឲ្យ​ភរិយា​ម្នាក់​ដឹង​ថា ស្វាមី​របស់​នាង​អប​អរ​នឹង​ការ​ខំ​ប្រឹង​ហើយ​និង​ការ​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​របស់​នាង ថែម​ទាំង​គាត់​មិន​ភ្លេច​ទទួល​ស្គាល់​តម្លៃ​របស់​នាង​ឡើយ។ (សុភាសិត ១៥:២៣; ២៥:១១) ហើយ​ក៏​ជា​ការ​ល្អ​ដែរ ពេល​ដែល​ភរិយា​សរសើរស្វាមី​របស់​នាង​ចំពោះ​កិច្ចការ​ដែល​គាត់​ធ្វើ​ទាំង​ខាង​ក្រៅ​និង​ខាង​ក្នុង​ផ្ទះ។ កូន​ៗ​ក៏​មាន​ភាព​រីករាយ​ផង​ដែរ ពេល​ដែល​មាតា​បិតា​សរសើរ​ពួក​គេ​ចំពោះ​កិច្ច​ការ​នៅ​ឯ​ផ្ទះ នៅ​សាលា ឬ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ មែន​ហើយ ការ​សម្ដែង​គុណ​តិច​តួច​គឺ​សំខាន់​ម្ល៉េះ​ហ្ន៎! តើ​ពិបាក​នឹង​និយាយ​ថា«អរគុណ»ទេ? មិន​ពិបាក​ទេ! តែ​លទ្ធផល​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​ប្រសើរ​ក្នុង​ក្រុម​គ្រួសារ​វិញ។

២២. តើ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​បាន‹ស្ថាបនា​ឡើង​យ៉ាង​រឹង​មាំ›? ហើយ​តើ​នេះ​អាច​ទទួល​បាន​យ៉ាង​ដូច​ម្ដេច?

២២ ចំពោះ​ហេតុ​ជា​ច្រើន ការ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ។ ក៏​ប៉ុន្តែ គឺ​អាច​សម្រេច​ដោយ​ជោគ​ជ័យ​បាន។ សុភាសិត​ព្រះ​គម្ពីរ​ចែង​ថា៖ «ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ​សារ​ប្រាជ្ញា ហើយ​គឺ​ដោយ​សារ​យោបល់​ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ​មួន»។ (សុភាសិត ២៤:៣) ប្រាជ្ញា​និង​ការ​យោគ​យល់​អាច​ទទួល​បាន បើ​ទាំង​អស់​គ្នា​ក្នុង​ក្រុម​គ្រួសារ ខំ​រៀន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ និង​អនុវត្ត​ក្នុង​ជីវិត​របស់​ពួក​គេ។ ក្រុម​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ គឺ​ប្រាកដ​ជា​សម​នឹង​ត្រូវ​ខំ​ព្យាយាម​មែន​ក្នុង​ការ​ធ្វើ​បែប​នេះ ហើយ​ពិត​ជា​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ!

a នៅ​ក្នុង​សៀវភៅ​ក្បួន​ព្យាបាល​ដែល​ឲ្យ​យោបល់​អំពី​របៀប​ជៀស​វាង​ជំងឺ​រាគ ដែល​ជា​រោគ​មាន​ទូទៅ ដែល​នាំ​ឲ្យ​កូន​ង៉ា​ជា​ច្រើន​ស្លាប់ នោះ​អង្គការ​ពិភព​លោក​ខាង​សុខភាព រាយ​ការណ៍​ថា៖ «ប្រសិន​បើ​ឥត​មាន​បង្គន់​សាធារណៈ​ទេ ចូរ​បត់​ជើង​ធំ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ឆ្ងាយ​ពី​កន្លែង​កូន​ក្មេង​លេង យ៉ាង​តិច​ណាស់​១០​ម៉ែត្រ​ពី​ប្រភព​ទឹក។ ចូរ​យក​ដី​កប់​លាមក​ផង»។

តើ​តាម​របៀប​ណា​ដែល​គោល​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ . . . គ្រួសារ​មួយ​ឲ្យ​ចេះ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​របស់​ពួក​គេ​បាន​នោះ?

គឺ​ប្រកប​ដោយ​ប្រាជ្ញា បើ​ចេះ​ស្កប់​ចិត្ត​នឹង​របស់​ចាំ​បាច់​ក្នុង​ជីវិត។—ធីម៉ូថេ​ទី​១ ៦:៧, ៨

ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អស់​អ្នក​ដែល​បំរើ​ទ្រង់​ឡើយ។—ហេព្រើរ ១៣:៥, ៦

សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​ជា​គុណ​ស​ម្ប​ត្ដិ​គ្រីស្ទាន​ដ៏​អស្ចារ្យ។—ម៉ាថាយ ២២:៣៩

គ្រីស្ទាន​ទាំង​ឡាយ​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​រាង​កាយ​និង​ខាង​វិញ្ញាណ។—កូរិនថូស​ទី​២ ៧:១

ទឹក​ស្អាត សុខភាព​ល្អ

អង្គការ​ពិភព​លោក​ខាង​សុខភាព​ផ្ដល់​នូវ​យោបល់​ខ្លះ​ៗ​ដ៏​មាន​ប្រយោជន៍ សំ​រាប់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដែល​ពិបាក​រក​ទឹក​ស្អាត និង​ស្ថានភាព​ខាង​អនាម័យ​មាន​កំរិត​ទាប​នោះ។

«ចូរ​យក​ទឹក​ដែល​សំ​រាប់​ពិសា​ដាក់​ក្នុង​ធុង​ស្អាត។ គ្រប​ធុង​នោះ និង​កុំ​ឲ្យ​កូន​ក្មេង​ឬ​សត្វ​ផឹក​ពី​ធុង​នោះ។ . . . ចូរ​ដង​ទឹក​ចេញ​ពី​ពាង​ដោយ​ប្រើ​បោយ​ជ្រៅ​ដែល​ទុក​សំ​រាប់​តែ​ដង។ ចូរ​ចាក់​ទឹក​ចេញ​និង​លាង​សំអាត​ធុង​នោះ​រាល់​ថ្ងៃ។

«ដាំ​ទឹក​ឲ្យ​កូន​ៗ​ផឹក​ឬ​ចំអិន​អាហារ​ឲ្យ​ពួក​គេ។ . . . ទឹក​ត្រូវ​ឲ្យ​ពុះ​តែ​ពីរ​បី​វិនាទី​ប៉ុណ្ណោះ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក