បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fy ជំ. ៦ ទំ. ៦៤-៧៥
  • ជួយបុត្រធីតាជាយុវវ័យរបស់អ្នកឲ្យចំរើនលូតលាស់ឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយបុត្រធីតាជាយុវវ័យរបស់អ្នកឲ្យចំរើនលូតលាស់ឡើង
  • គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ប្រស្រ័យ​ទាក់​ទង​ដែល​ទៀង​ត្រង់​និង​ឥត​លាក់​លៀម
  • ត្រូវ​ប្រស្រ័យ​ទាក់​ទង​អំពី​អ្វី?
  • ការ​ទូន្មាន​ប្រដៅ​និង​សេចក្ដី​គោរព
  • ធ្វើ​ការ​និង​លេង​កំសាន្ត
  • ពី​ក្មេង​ជំទង់​ទៅ​មនុស្ស​ពេញ​វ័យ
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរបង្ហាត់បង្រៀនកូនជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើមានកូនមិនស្ដាប់បង្គាប់ម្នាក់នៅក្នុងក្រុមគ្រួសារឬទេ?
    គន្លឹះនៃសុភមង្គលគ្រួសារ
  • អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក
    គន្លឹះនៃសុភមង្គលគ្រួសារ
មើលបន្ថែមទៀត
គន្លឹះនៃសុភមង្គលគ្រួសារ
fy ជំ. ៦ ទំ. ៦៤-៧៥

ជំពូក​ទី​ប្រាំ​មួយ

ជួយ​បុត្រ​ធីតា​ជា​យុវវ័យ​របស់​អ្នក​ឲ្យ​ចំរើន​លូត​លាស់​ឡើង

១, ២. ក្នុង​កំ​ឡុ​ង​ដែល​វ័យ​នៅ​ជំទង់ តើ​អាច​មាន​ការ​ពិបាក​និង​អាច​មាន​អំណរ​អ្វី​ខ្លះ?

ការ​មាន​កូន​ជំទង់​ម្នាក់​នៅ​ក្នុង​ផ្ទះ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ការ​មាន​កូន​ដែល​មាន​អាយុ​ប្រាំ​ឆ្នាំ ឬ​ដប់​ឆ្នាំ​នោះ។ ក្នុង​កំ​ឡុ​ង​ដែល​មាន​វ័យ​ជំទង់​នោះ​នាំ​ឲ្យ​មាន​ការ​ពិបាក​ហើយ​ថែម​ទាំង​មាន​បញ្ហា​ទៀត​ផង ក៏​ប៉ុន្តែ​អាច​នាំ​ឲ្យ​មាន​អំណរ​និង​មាន​ផល​ល្អ​ផង​ដែរ។ គំរូ​ទាំង​ឡាយ​ដូច​យ៉ូសែប ដាវីឌ យ៉ូសៀស និង​ធីម៉ូថេ បង្ហាញ​ថា​យុវជន​អាច​ប្រព្រឹត្ត​ដោយ​ដឹង​ខុស​ត្រូវ និង​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ៣៧:២​-​១១; សាំយូអែល​ទី​១ ១៦:១១​-​១៣; ពង្សាវតារ​ក្សត្រ​ទី​២ ២២:៣​-​៧; កិច្ច​ការ ១៦:១, ២) ក្មេង​ជំទង់​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ក៏​អាច​ប្រព្រឹត្ត​ដូច​នេះ​បាន​ដែរ។ អ្នក​ប្រហែល​ជា​ស្គាល់​ពួក​គេ​ខ្លះ​ហើយ។

២ ក៏​ប៉ុន្តែ ចំពោះ​អ្នក​ខ្លះ ក្នុង​កំ​ឡុ​ង​ដែល​មាន​វ័យ​ជំទង់​គឺ​ច្របូក​ច្របល់​ណាស់។ ពួក​ក្មេង​ជំទង់​តែង​តែ​មាន​អារម្មណ៍​ប្រែ​ប្រួល​ជា​និច្ច។ ពួក​ក្មេង​ជំទង់​ទាំង​ស្រី​ទាំង​ប្រុស គេ​ប្រហែល​ជា​ចង់​បាន​ភាព​ពឹង​ពាក់​លើ​ខ្លួន​ឯង​ច្រើន​ជាង ហើយ​ពួក​គេ​ប្រហែល​ជា​អាច​តូច​ចិត្ត​នឹង​ល័ក្ខខ័ណ្ឌ​ដែល​មាតា​បិតា​របស់​ពួក​គេ​ដាក់​កំរិត​មក​លើ​ពួក​គេ​នោះ។ ក៏​ប៉ុន្តែ​ពួក​យុវវ័យ​ទាំង​នេះ គឺ​គ្មាន​ការ​ពិសោធន៍​នៅ​ឡើយ​ទេ ហើយ​ត្រូវ​ការ​ជំនួយ​ដ៏​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​អត់​ធ្មត់ ថែម​ទាំង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ពី​មាតា​បិតា​របស់​ពួក​គេ​ទៀត​ផង។ ត្រូវ​ហើយ ក្នុង​កំ​ឡុ​ង​ពេល​ដែល​មាន​វ័យ​ជំទង់​អាច​ជា​ពេល​ដ៏​រំភើប​ចិត្ត ប៉ុន្តែ​ក៏​អាច​ជា​ពេល​ដែល​ប្រកប​ទៅ​ដោយ​ការ​ពិបាក​យល់​ចិត្ត​គ្នា​ផង​ដែរ ចំពោះ​មាតា​បិតា​និង​កូន​ដែល​នៅ​ក្មេង​ជំទង់​នោះ។ តើ​អាច​ជួយ​ពួក​ក្មេង​ជំទង់​ក្នុង​កំ​ឡុ​ង​វ័យ​ទាំង​នេះ​បាន​យ៉ាង​ណា?

៣. តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​អាច​ផ្ដល់​ឲ្យ​កូន​ជំទង់​របស់​ខ្លួន នូវ​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត?

៣ មាតា​បិតា​ដែល​ធ្វើ​តាម​ឱវាទ​ព្រះ​គម្ពីរ នោះ​ផ្ដល់​ឲ្យ​បុត្រ​ធីតា​ដែល​មាន​វ័យ​ជំទង់នូវ​លទ្ធភាព​ច្រើន​បំផុត ឲ្យ​អាច​មាន​ដំណើរ​ជីវិត​ដ៏​ជោគ​ជ័យ​ឆ្លង​កាត់​សេចក្ដី​ទុក្ខ​លំបាក រហូត​ទៅ​ដល់​ភាព​ពេញ​វ័យ​ដែល​ចេះ​ស្គាល់​ខុស​ត្រូវ។ នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​និង​នៅ​គ្រប់​សម័យ នោះ​មាតា​បិតា​និង​ពួក​ក្មេង​ជំទង់ ដែល​បាន​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ បាន​ទទួល​នូវ​ប្រសិទ្ធិ​ពរ។—ទំនុក​ដំ​កើង ១១៩:១

ការ​ប្រស្រ័យ​ទាក់​ទង​ដែល​ទៀង​ត្រង់​និង​ឥត​លាក់​លៀម

រូបភាពនៅទំព័រ៦៧

ចូរ​មាន​ពេល​ទំនេរ ពេល​ដែល​កូន​ជំទង់​របស់​អ្នក​ចង់​និយាយ​ជា​មួយ​អ្នក

៤. ហេតុ​អ្វី​បាន​ជា​ការ​ប្រឹក្សា​ដែល​ទុក​ចិត្ត​គឺ​សំខាន់ ជា​ពិសេស​ក្នុង​កំ​ឡុ​ង​ពេល​ដែល​មាន​វ័យ​ជំទង់?

៤ ព្រះ​គម្ពីរ​ចែង​ថា៖ «ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ»។ (សុភាសិត ១៥:២២) បើ​ការ​ប្រឹក្សា​គឺ​ចាំ​បាច់​ពេល​ដែល​កូន​ៗ​នៅ​ក្មេង​នោះ​ទៅ​ហើយ ចុះ​ទំ​រាំ​ដល់​ពេល​ដែល​មាន​វ័យ​ជំទង់​នោះ គឺ​ច្បាស់​ជា​ត្រូវ​ការ​ចាំ​បាច់​ជា​ពិសេស​ទៅ​ទៀត​ក្នុង​កំ​ឡុ​ង​ពេល​ដែល​ពួក​គេ​ប្រហែល​ជា​ចំណាយ​ពេល​តិច​បំផុត​នៅ​ផ្ទះ ហើយ​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​មិត្ត​ភក្ដិ​នៅ​សាលា និង​គូ​កន​ឯ​ទៀត​ៗ​ដែរ។ ប្រសិន​បើ​គ្មាន​ការ​ប្រឹក្សា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ដែល​ជា​ការ​ប្រស្រ័យ​ទាក់​ទង​ដោយ​ចិត្ត​ទៀង​ត្រង់​និង​ដោយ​ឥត​លាក់​លៀម​រវាង​បុត្រ​ធីតា​និង​មាតា​បិតា​នោះ​ទេ នោះ​ពួក​ក្មេង​ជំទង់​ៗ​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ចម្លែក​នៅ​ក្នុង​ផ្ទះ​ហើយ។ ដូច្នេះ តើ​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​អាច​រក្សា​បាន​យ៉ាង​ល្អ​ដោយ​ដូច​ម្ដេច?

៥. តើ​ពួក​យុវវ័យ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​មាតា​បិតា​របស់​ខ្លួន?

៥ ពួក​យុវវ័យ​និង​អស់​អ្នក​ជា​មាតា​បិតា ត្រូវ​តែ​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​រឿង​នេះ។ ពិត​មែន ដែល​ពួក​យុវវ័យ​ប្រហែល​ជា​មាន​ការ​ពិបាក​នឹង​និយាយ​ជា​មួយ​មាតា​បិតា​របស់​ពួក​គេ ជាង​កាល​ដែល​ពួក​គេ​នៅ​ពី​ក្មេង។ យ៉ាង​ណា​ក៏​ដោយ សូម​ចង​ចាំ​ថា «ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជាជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ»។ (សុភាសិត ១១:១៤) ពាក្យ​ទាំង​នេះ​ជាប់​ទាក់​ទង​នឹង​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ចាស់​ទាំង​ក្មេង។ ពួក​ក្មេង​ជំទង់​ដែល​ដឹង​អំពី​រឿង​នេះ​នឹង​យល់​ថា ពួក​គេ​នៅ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់ ពីព្រោះ​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​នឹង​រឿង​ដ៏​ស្មុគ​ស្មាញ​ជាង​មុន​ៗ​ទៅ​ទៀត។ ពួក​គេ​គួរ​ទទួល​ស្គាល់​ថា មាតា​បិតា​ដែល​ជឿ​ព្រះ​គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ជា​អ្នក​ឲ្យ​ឱវាទ ពីព្រោះមាតា​បិតា​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ក្នុង​ជីវិត និង​បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ហើយ នៅ​ក្នុង​គ្រា​នេះ​ក្នុង​ជីវិត​របស់​ពួក​គេ ក្មេង​ជំទង់​ៗ​ដែល​មាន​ប្រាជ្ញា​នឹង​មិន​បែរ​ចេញ​ពី​មាតា​បិតា​របស់​ពួក​គេ​នោះ​ទេ។

៦. តើ​មាតា​បិតា​ដែល​មាន​ប្រាជ្ញា​ថែម​ទាំង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មាន​អាកប្បកិរិយា​យ៉ាង​ណា​ពេល​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​កូន​ជំទង់​ៗ​របស់​ខ្លួន?

៦ ការ​ប្រស្រ័យ​ទាក់​ទង​ដោយ​ឥត​លាក់​លៀម មាន​ន័យ​ថា​មាតា​បិតា​នឹង​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ពេល​ទំនេរ កាល​ណា​កូន​ជំទង់​របស់​ខ្លួន​ត្រូវ​ការ​និយាយ​ជា​មួយ​គាត់​នោះ។ ប្រសិន​បើ​អ្នក​ជា​មាតា​ឬ​បិតា​ម្នាក់ សូម​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​មាន​ពេល​ទំនេរ​ទាំង​ស្ម័គ្រ​ចិត្ត​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​កូន​ជា​និច្ច។ នេះ​ប្រហែល​ជា​មិន​ស្រួល​នោះ​ទេ។ ព្រះ​គម្ពីរ​ចែង​ថា​មាន«ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំ​រាប់​និយាយ»។ (សាស្ដា ៣:៧) នៅ​ពេល​ដែល​កូន​ជំទង់​របស់​អ្នក​មាន​អារម្មណ៍​ថា នេះ​ជា​ពេល​និយាយ នោះ​អាច​ជា​ពេល​ដែល​អ្នក​ត្រូវ​នៅ​ស្ងៀម។ ប្រហែល​ជា​អ្នក​បាន​ទុក​ពេល​វេលា​នោះ​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​សំ​រាក ឬ​ធ្វើ​កិច្ច​ការ​នៅ​ឯ​ផ្ទះ។ ប៉ុន្តែ​ប្រសិន​បើ​កូន​ជំទង់​របស់​អ្នក​ចង់​និយាយ​ជា​មួយ​អ្នក សូម​ខំ​កែ​ប្រែ​គម្រោង​ការ​របស់​អ្នក ហើយ​ស្ដាប់​កូន​ចុះ។ បើ​មិន​ដូច្នេះ​ទេ កូន​ប្រហែល​ជា​មិន​សាក​និយាយ​ជា​មួយ​អ្នក​ម្ដង​ទៀត​ឡើយ។ សូម​ចង​ចាំ​នូវ​គំរូ​របស់​ព្រះ​យេស៊ូ។ នៅ​គ្រា​មួយ ទ្រង់​បាន​កំណត់​ពេល​ដើម្បី​សំ​រាក។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​បណ្ដា​ជន​បាន​ផ្ដុំ​គ្នា​មក​ស្ដាប់​ទ្រង់ ទ្រង់​បាន​ទុក​ពេល​សំ​រាក​ទៅ​លើក​ក្រោយ​វិញ ហើយ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​ទៅ។ (ម៉ាកុស ៦:៣០​-​៣៤) ក្មេង​ជំទង់​ៗ​ភាគ​ច្រើន​ដឹង​ថា មាតា​បិតា​របស់​ពួក​គេ​គឺ​រវល់​ណាស់ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​នូវ​ទំនុក​ចិត្ត​ថា មាតា​បិតា​របស់​ខ្លួន​ប្រុង​ប្រៀប​ជួយ​ពួក​គេ​ជា​និច្ច​បើ​ពួក​គេ​ត្រូវ​ការ​នោះ។ ដូច្នោះ​ហើយ សូម​ឲ្យ​មាន​ពេល​ទំនេរ​និង​ឲ្យ​មាន​ចិត្ត​យោគ​យល់​ផង។

៧. តើ​មាតា​បិតា​ទាំង​ឡាយ​ត្រូវ​តែ​ជៀស​វាង​ពី​អ្វី?

៧ សូម​ខំ​នឹក​ឡើង​វិញ​នូវ​គ្រា​យុវភាព​របស់​អ្នក ហើយ​សូម​កុំ​ភ្លេច​លេង​កំសាន្ត​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក! មាតា​បិតា​ត្រូវ​ចេះ​លេង​កំសាន្ត ពេល​ដែល​នៅ​ជា​មួយ​កូន​ៗ។ ពេល​ដែល​ទំនេរ តើ​មាតា​បិតា​ចំណាយ​ពេល​នោះ​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​មាតា​បិតា​ចង់​ប្រើ​ពេល​ទំនេរ​របស់​ខ្លួន​ដើម្បី​ធ្វើ​អ្វី​ខ្លះ ដែល​មិន​មាន​ក្រុម​គ្រួសារ​ចូលរួម​ជា​មួយ​ទេ នោះ​កូន​ជំទង់​ៗ​របស់​គាត់​នឹង​ឆាប់​សង្កេត​ឃើញ​ណាស់។ ប្រសិន​បើ​បុត្រ​ធីតា​ជំទង់​ៗ​ឲ្យ​តម្លៃ​ទៅ​លើ​មិត្ត​ភក្ដិ​នៅ​សាលា ជា​ជាង​មាតា​បិតា​របស់​ខ្លួន នោះ​ពួក​គេ​នឹង​មាន​បញ្ហា​ជា​ពុំ​ខាន។

ត្រូវ​ប្រស្រ័យ​ទាក់​ទង​អំពី​អ្វី?

៨. តើ​ការ​ចេះ​អប​អរ​ចំពោះ​សេចក្ដី​ទៀង​ត្រង់ ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ចរិយា​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​ជ្រួត​ជ្រាប​ដល់​ចិត្ត​របស់​បុត្រ​ធីតា​យ៉ាង​ដូច​ម្ដេច?

៨ ប្រសិន​បើ​មាតា​បិតា​មិន​ទាន់​បាន​បង្រៀន​បុត្រ​ធីតា​របស់​ខ្លួន នូវ​ការ​មាន​អំណរ​ចំពោះ​សេចក្ដី​ទៀង​ត្រង់​និង​ការ​ខំ​ប្រឹង​ធ្វើ​ការ នោះ​ពួក​គេ​គួរ​បង្ហាត់​បង្រៀន​កូន​ក្នុង​កំ​ឡុ​ង​នៅ​ជា​យុវភាព។ (ថែស្សាឡូនីច​ទី​១ ៤:១១; ថែស្សាឡូនីច​ទី​២ ៣:១០) ហើយ​ជា​សំខាន់​ដែល​មាតា​បិតា​ប្រាកដ​ក្នុង​ចិត្ត​ថា បុត្រ​ធីតា​របស់​ខ្លួន​ជឿ​ស៊ប់​ទៅ​លើ​ភាព​សំខាន់​នៃ​ការ​រស់​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌។ (សុភាសិត ២០:១១) មាតា​ឬ​បិតា​បង្រៀន​រឿង​ជា​ច្រើន​ខាង​ផ្នែក​នេះ តាម​រយៈ​គំរូ​របស់​ខ្លួន។ ដូច​ជា​ស្វាមី​ខ្លះ​ៗ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ព្រះ អាច‹នឹង​ទាញ​ចិត្ត​មក​បាន ដោយ​សារ​កិរិយា​ល្អ​របស់​ភរិយា​ខ្លួន› នោះ​ក្មេង​ជំទង់​ក៏​អាច​រៀន​អំពី​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ តាម​រយៈ​ចរិយា​របស់​មាតា​បិតា​របស់​ពួក​គេ​បាន​ដែរ។ (ប្រៀប​មើល ពេត្រុស​ទី​១ ៣:១) ប៉ុន្តែ​មាន​តែ​គំរូ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ ពីព្រោះ​បុត្រ​ធីតា​ក៏​ជួប​ប្រទះ​នឹង​គំរូ​អាក្រក់​ជា​ច្រើន និង​ការ​ឃោសនា​ជា​ច្រើន​នៅ​ខាង​ក្រៅ​ផ្ទះ​ដែល​ទាក់​ទាញ​ចិត្ត​របស់​ពួក​គេ។ ដូច្នេះ​ហើយ មាតា​បិតា​ដែល​ស្រឡាញ់​កូន ត្រូវ​តែ​ដឹង​អំពី​ទស្សនៈ​របស់​កូន​ជំទង់​របស់​ខ្លួន ចំពោះ​អ្វី​ដែល​កូន​ឃើញ​និង​ឮ ហើយ​នេះ​ក៏​តម្រូវ​ឲ្យ​មាន​ការ​សន្ទនា​ដែល​មាន​ន័យ​ដែរ។—សុភាសិត ២០:៥

៩, ១០. ហេតុ​អ្វី​ក៏​មាតា​បិតា​ត្រូវ​តែ​បង្រៀន​បុត្រ​ធីតា​របស់​ខ្លួន​អំពី​រឿង​ខាង​កាម? ហើយ​តើ​មាតា​បិតា​អាច​ធ្វើ​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

៩ ជា​ពិសេស​នេះ​គឺ​ពិត​ស្តី​អំពី​រឿង​ខាង​កាម។ មាតា​បិតា​អើយ! តើ​អ្នក​មាន​ចិត្ត​អៀន​ខ្មាស​ក្នុង​ការ​ពិគ្រោះ​អំពី​រឿង​ខាង​ការ​រួម​ភេទ ជា​មួយ​បុត្រ​ធីតា​របស់​អ្នក​ឬ​ទេ? ទោះ​ជា​មាន​ចិត្ត​ខ្មាស​ក៏​ដោយ ចូរ​ព្យាយាម​ពិគ្រោះ​អំពី​រឿង​នេះ ដ្បិត​បុត្រ​ធីតា​របស់​អ្នក​នឹង​ប្រាកដ​ជា​រៀន អំពី​ប្រធាន​នេះ​ពី​បុគ្គល​ណា​ម្នាក់​មិន​ខាន។ ប្រសិន​បើ​ពួក​គេ​មិន​រៀន​ពី​អ្នក​ទេ នោះ​គ្មាន​អ្នក​ណា​ដឹង​ថា បុត្រ​ធីតា​របស់​អ្នក​នឹង​ទទួល​ព​ត៌​មាន​ដ៏​ខុស​បែប​ណា​នោះ​ទេ។ នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​មិន​បាន​ជៀស​វាង​ក្នុង​ការ​ប្រាប់​ពី​រឿង​ខាង​កាម​ឡើយ ហើយ​មាតា​បិតា​ក៏​មិន​គួរ​ជៀស​វាង​ពី​ប្រធាន​នេះ​ដែរ។—សុភាសិត ៤:១​-​៤; ៥:១​-​២១

១០ គួរ​ឲ្យ​មាន​អំណរ​គុណ​ណាស់ ដែល​ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់ ស្តី​អំពី​ការ​ប្រព្រឹត្ត​ចំពោះ​ការ​រួម​ភេទ ហើយ​សមាគម​ប៉ម​យាម​ក៏​បាន​បោះ​ពុម្ព​នៅ​ព​ត៌​មាន​ជា​ច្រើន​ដែល​បង្ហាញ​ថា ការ​ណែនាំ​ទាំង​នេះ​នៅ​តែ​មាន​ប្រយោជន៍​ក្នុង​ពិភព​លោក​ទំនើប​នេះ​ដែរ។ សូម​ឆ្លៀត​យក​ប្រយោជន៍​ពី​ជំនួយ​នេះ​ចុះ។ ជា​ឧទាហរណ៍ ម្ដេច​ក៏​មិន​ពិនិត្យ​មើល​ឡើង​វិញ​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក ក្នុង​ផ្នែក«ការ​រួម​ភេទ​និង​សីលធម៌» នៅ​ក្នុង​សៀវភៅ​សំនួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិ​ភាព? អ្នក​ប្រហែល​ជា​មាន​ការ​ស្ងើច​ចិត្ត​ដោយ​ឃើញ​នូវ​លទ្ធផល​ដែល​មក​ពី​ការ​អនុវត្ត​តាម​យោបល់​ទាំង​នេះ។

១១. តើ​អ្វី​ជា​វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត ដែល​មាតា​បិតា​បង្រៀន​បុត្រ​ធីតា​របស់​ខ្លួន​ឲ្យ​ចេះ​បំរើ​ព្រះ​យេហូវ៉ា​នោះ?

១១ តើ​អ្វី​ជា​ប្រធាន​ដ៏​សំខាន់​បំផុត ដែល​មាតា​បិតា​និង​បុត្រ​ធីតា​គួរ​ពិគ្រោះ​ជា​មួយ​គ្នា? សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​ប្រធាន​នេះ ពេល​គាត់​បាន​សរសេរ​ថា៖ «ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:៤) កូន​ៗ​ត្រូវ​ខំ​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​និច្ច។ ជា​ពិសេស ពួក​គេ​ត្រូវ​ការ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ទ្រង់ និង​ពួក​គេ​ក៏​គួរ​ចង់​បំរើ​ទ្រង់​ដែរ។ ចំពោះ​រឿង​នេះ ក៏​អាច​បង្រៀន​ឲ្យ​បាន​ច្រើន​ដោយ​គំរូ​ដែរ។ ប្រសិន​បើ​ពួក​ក្មេង​ជំទង់​ឃើញ​មាតា​បិតា​របស់​ខ្លួន​ស្រឡាញ់​ព្រះ‹អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​និង​អស់​ពី​គំនិត​របស់​គាត់› ហើយ​នេះ​ក៏​បាន​បង្កើត​ផល​ដ៏​ល្អ​ក្នុង​ជីវិត​របស់​មាតា​បិតា​របស់​ពួក​គេ នោះ​នឹង​អាច​មាន​អានុភាព​លើ​កូន​ៗ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ (ម៉ាថាយ ២២:៣៧) ស្រដៀង​គ្នា​ដែរ ប្រសិន​បើ​យុវជន​ឃើញ​ថា មាតា​បិតា​របស់​ពួក​គេ​មាន​ទស្សនៈ​ដ៏​សម​ហេតុ​សម​ផល​ចំពោះ​វត្ថុ​ទ្រព្យ ដោយ​ទុក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ឲ្យ​មាន​អាទិភាព នោះ​ពួក​គេ​ក៏​នឹង​ចង់​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​នោះ​ដែរ។—សាស្ដា ៧:១២; ម៉ាថាយ ៦:៣១​-​៣៣

រូបភាពនៅទំព័រ៦៩

ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​ចំពោះ​ក្រុម​គ្រួសារ

១២, ១៣. តើ​គួរ​ចង​ចាំ​ចំណុច​អ្វី បើ​ចង់​ឲ្យ​បាន​ជោគ​ជ័យ​ចំពោះ​ការ​សិក្សា​ជា​គ្រួសារ​នោះ?

១២ ការ​សិក្សា​ព្រះ​គម្ពីរ​រៀង​រាល់​សប្ដាហ៍ ជា​ជំនួយ​ដ៏​អស្ចារ្យ​ក្នុង​ការ​និយាយ​ប្រាប់​គោល​ការណ៍​ខាង​វិញ្ញាណ​ដល់​យុវជន។ (ទំនុក​ដំ​កើង ១១៩:៣៣, ៣៤; សុភាសិត ៤:២០​-​២៣) ការ​មាន​ការ​សិក្សា​បែប​នេះ​ជា​ទៀង​ទាត់ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។ (ទំនុក​ដំ​កើង ១:១​-​៣) មាតា​បិតា​និង​បុត្រ​ធីតា​របស់​ខ្លួន​គួរ​ទទួល​ស្គាល់​ថា ការ​សិក្សា​ក្នុង​គ្រួសារ​គឺ​សំខាន់​ជាង​សកម្មភាព​ឯ​ទៀត ដែល​បាន​គ្រោង​ទុក​នោះ មិន​អាច​ធ្វើ​ផ្ទុយ​ពី​នោះ​ទេ។ បន្ថែម​ទៀត អាកប្បកិរិយា​ត្រឹម​ត្រូវ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ បើ​ចង់​ឲ្យ​ការ​សិក្សា​ក្នុង​គ្រួសារ​នោះ​មាន​ផល​ប្រយោជន៍។ បិតា​ម្នាក់​បាន​មាន​ប្រសាសន៍​ថា៖ «ចំណុច​សំខាន់​គឺ​ឲ្យ​អ្នក​ដឹក​នាំ​ការ​សិក្សា​ធ្វើ​ឲ្យ​មាន​បរិយាកាស​ដ៏​ស្រួល​និង​មិន​តឹង​រ៉ឹង​ពេក តែ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ក្នុង​កំ​ឡុ​ង​ពេល​សិក្សា​ជា​គ្រួសារ ហើយ​នេះ​មិន​មែន​ជា​ពេល​លេង​សើច​ដ៏​ផ្ដេស​ផ្ដាស​នោះ​ទេ។ ការ​មាន​តុល្យភាព​ត្រឹម​ត្រូវ ប្រហែល​ជា​មិន​ងាយ​ស្រួល​ទេ ហើយ​ជា​ញឹក​ញាប់​ក្មេង​ៗ​នឹង​ត្រូវ​ទទួល​ការ​កែ​តំរង់​ចំពោះ​អាកប្បកិរិយា។ បើការ​សិក្សា​ឥត​មាន​ដំណើរ​ការ​ស្រួល​ពីរ​បី​ដង ចូរ​ខំ​ព្យាយាម​និង​គិត​ទៅ​ដល់​លើក​ក្រោយ»។ បិតា​ដដែល​នេះ​បាន​និយាយ​ថា មុន​ពេល​ចាប់​ផ្ដើម​ការ​សិក្សា​ម្ដង​ៗ នោះ​គាត់​បាន​អធិស្ឋាន​សុំ​ចំ​ៗ​នូវ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​រួម​នោះ​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ។—ទំនុក​ដំ​កើង ១១៩:៦៦

១៣ ការ​នាំ​មុខ​ក្នុង​ការ​សិក្សា​ជា​គ្រួសារ គឺ​ជា​ភារកិច្ច​របស់​មាតា​បិតា​ដែល​ជឿ​ព្រះ។ ពិត​មែន មាតា​បិតា​ខ្លះ​ប្រហែល​ជា​មិន​មាន​សមត្ថភាព​ធ្វើ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ ហើយ​ក៏​អាច​ជា​ការ​ពិបាក​ចំពោះ​គាត់​ឲ្យ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ជា​គ្រួសារ​មាន​ចំណាប់​អារម្មណ៍​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​ស្រឡាញ់​កូន​ជំទង់​របស់​អ្នក នោះ«ដោយ​ការ​ប្រព្រឹត្ត នឹង​សេចក្ដី​ពិត» ហើយ​តាម​របៀប​ដ៏​រាប​ទាប​និង​ទៀង​ត្រង់ នោះ​អ្នក​នឹង​ប្រាថ្នា​ជួយ​ពួក​គេ​ឲ្យ​មាន​ការ​រីក​ចំរើន​ខាង​វិញ្ញាណ។ (យ៉ូហាន​ទី​១ ៣:១៨) យូរ​ៗ​ម្ដង ពួក​គេ​អាច​ត្អូញត្អែរ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ដឹង​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​របស់​អ្នក ចំពោះ​សុខុមាលភាព​របស់​ពួក​គេ។

១៤. តើ​ចោទិយកថា ១១:១៨, ១៩ អាច​យក​មក​អនុវត្ត​យ៉ាង​ដូច​ម្ដេច ពេល​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ​ចំពោះ​កូន​ជំទង់​ៗ?

១៤ ការ​សិក្សា​ជា​គ្រួសារ​មិន​មែន​ជា​គ្រា​តែ​មួយ ដែល​ត្រូវ​និយាយ​អំពី​រឿង​ដែល​មាន​សារៈ​សំខាន់​ខាង​វិញ្ញាណ​នោះ​ទេ។ តើ​អ្នក​នៅ​ចាំ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដល់​មាតា​បិតា​ទាំង​ឡាយ​ឬ​ទេ? ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅដៃ​ឯង​ទុក​ជា​ទី​សំគាល់ នឹង​សំ​រាប់​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​ឯង ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក​ហើយ​ក្រោក​ឡើង​ផង»។ (ចោទិយកថា ១១:១៨, ១៩; សូម​មើល ចោទិយកថា ៦:៦, ៧) នេះ​មិន​បាន​សេចក្ដី​ថា មាតា​បិតា​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ជា​ញឹក​ញយ​ដល់​បុត្រ​ធីតា​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ មេ​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ គួរ​តែ​វាង​វៃ​ក្នុង​ការ​រក​ឱកាស​ស្អាង​ទស្សនវិស័យ​ខាង​វិញ្ញាណ​របស់​ក្រុម​គ្រួសារ​ខ្លួន។

ការ​ទូន្មាន​ប្រដៅ​និង​សេចក្ដី​គោរព

១៥, ១៦. (ក) តើ​ការ​ទូន្មាន​ប្រដៅ​ជា​អ្វី? (ខ) តើ​អ្នក​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ឲ្យ​ការ​ទូន្មាន​ប្រដៅ? ហើយ​តើ​អ្នក​ណា​ដែល​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ប្រាកដ​ថា បុត្រ​ធីតា​របស់​ខ្លួន​ធ្វើ​តាម​ការ​ទូន្មាន​ប្រដៅ​នោះ?

១៥ ការ​ទូន្មាន​ប្រដៅ​ជា​ការ​អប់រំ​ដែល​កែ​តំរង់ និង​រួម​បញ្ចូល​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា។ ការ​ទូន្មាន​ប្រដៅ​ទាក់​ទង​នឹង​ការ​កែ​តំរង់​មិន​មែន​ការ​ដាក់​ទោស​ទេ ទោះ​ជា​ការ​ដាក់​ទោស​នោះ​ត្រូវ​ការ​ជា​ចាំ​បាច់​ក៏​ដោយ។ បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ការ​ទូន្មាន​ប្រដៅ ពេល​ដែល​ពួក​គេ​នៅ​ក្មេង ហើយ​ឥឡូវ​ដែល​ពួក​គេ​មាន​វ័យ​ជំទង់ នោះ​ពួក​គេ​ក៏​ត្រូវ​ការ​ទូន្មាន​ប្រដៅ​បែប​ផ្សេង​ទៀត​ដែរ ហើយ​ប្រហែល​ជា​ត្រូវ​ការ​ច្រើន​ជាង​មុន​ៗ​ទៅ​ទៀត។ ពួក​ក្មេង​ជំទង់​ដែល​មាន​ប្រាជ្ញា​ដឹង​ថា នេះ​ជា​ការ​ពិត​មែន។

១៦ ព្រះ​គម្ពីរ​ចែង​ថា៖ «មនុស្ស​ល្ងី​ល្ងើ​តែង​តែ​ស្អប់​សេចក្ដី​ប្រៀន​ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្ដាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ»។ (សុភាសិត ១៥:៥) យើង​រៀន​បាន​ច្រើន​ពី​បទ​គម្ពីរ​នេះ។ ខ​នេះ​មាន​ន័យ​ថា ការ​ទូន្មាន​ប្រដៅ​នឹង​ត្រូវ​ផ្ដល់​ឲ្យ។ បើ​មិន​ផ្ដល់​ឲ្យ​ទេ នោះ​ក្មេង​ជំទង់​ម្នាក់​នឹង​មិន‹ស្ដាប់​តាម​ការ​ស្តី​បន្ទោស›ឡើយ។ ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ភារកិច្ច​ក្នុង​ការ​ទូន្មាន​ប្រដៅ​ដល់​មាតា​បិតា ជា​ពិសេស​គឺ​បិតា។ ប៉ុន្តែ ភារកិច្ច​ចំពោះ​ការ​ស្ដាប់​នូវ​ដំបូន្មាន​ទាំង​នោះ គឺ​ជា​ភារកិច្ច​របស់​កូន​ជំទង់។ កូន​ជំទង់​នឹង​រៀន​បាន​ច្រើន​តែ​ធ្វើ​ខុស​តិច ប្រសិន​បើ​ពួក​គេ​ធ្វើ​តាម​ការ​ទូន្មាន​ប្រដៅ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​មាតា​បិតា​របស់​ខ្លួន​នោះ។ (សុភាសិត ១:៨) ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន​ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្ដាប់​តាម​សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិ​ត្ដិ​សព្ទ»។—សុភាសិត ១៣:១៨

១៧. តើ​មាតា​បិតា​ត្រូវ​ខំ​បង្ហាញ​តុល្យភាព​ណា ពេល​ដែល​ទូន្មាន​ប្រដៅ​កូន​នោះ?

១៧ នៅ​ពេល​ដែល​ទូន្មាន​ប្រដៅ​កូន​ជំទង់​ៗ នោះ​មាតា​បិតា​ត្រូវ​មាន​តុល្យភាព។ មាតា​បិតា​គួរ​ជៀស​វាង​ពី​ការ​តឹង​រ៉ឹង​ហួស​ហេតុ​ពេក ដែល​ធ្វើ​ឲ្យ​កូន​ៗ​ខឹង ប្រហែល​ជា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទំនុក​ចិត្ត​របស់​បុត្រ​ធីតា​របស់​ខ្លួន។ (កូល៉ុស ៣:២១) ប៉ុន្តែ​មាតា​បិតា​មិន​គួរ​បណ្ដែត​បណ្ដោយ​កូន​ៗ​ហួស​ហេតុ​ពេក រហូត​ដល់​កូន​ៗ​របស់​ខ្លួន​ខាន​បាន​ទទួល​ការ​អប់រំ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​នោះ។ ការ​បណ្ដែត​បណ្ដោយ​ហួស​ហេតុ​ពេក​អាច​នាំ​ឲ្យ​មាន​មហន្តរាយ។ សុភាសិត ២៩:១៧ ចែង​ថា៖ «ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ! នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំ​រាក​ចិត្ត អើ! វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីករាយ​ផង»។ ប៉ុន្តែ ខ​២១ ចែង​ថា៖ «បើ​អ្នក​ទំ​រើស​ខ្ញុំ​បំរើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ» [ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ]។ ទោះ​ជា​ខ​នេះ​និយាយ​អំពី​អ្នក​បំរើ​ក៏​ដោយ ប៉ុន្តែ​ក៏​អាច​ទាក់​ទង​នឹង​កូន​ៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែរ។

១៨. តើ​ការ​ទូន្មាន​ប្រដៅ​ជា​ទី​សំអាង​អំពី​អ្វី? ហើយ​តើ​មាតា​បិតា​អាច​ជៀស​វាង​បញ្ហា​អ្វី ដោយ​ទូន្មាន​ប្រដៅ​កូន​ជា​ទៀង​ទាត់​នោះ?

១៨ ជា​ការ​ពិត​ណាស់ ការ​ទូន្មាន​ប្រដៅ​ត្រឹម​ត្រូវ ជា​ភស្តុ​តាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​មាតា​បិតា​ដែល​មាន​ចំពោះ​បុត្រ​ធីតា​របស់​ខ្លួន។ (ហេព្រើរ ១២:៦, ១១) ប្រសិន​បើ​អ្នក​ជា​មាតា​ឬ​បិតា​នោះ​អ្នក​នឹង​ដឹង​ថា គឺ​ជា​ការ​ពិបាក​ក្នុង​ការ​រក្សា​ការ​ទូន្មាន​ប្រដៅ​ឲ្យ​មាន​ជា​ទៀង​ទាត់​និង​សម​ហេតុ​ផល។ ដើម្បី​ឲ្យ​មាន​ស​ន្ដិ​ភាព គឺ​ហាក់​ដូច​ជា​ស្រួល​ជាង បើ​អនុញ្ញាត​ឲ្យ​ក្មេង​ជំទង់​ដ៏​ចចេស​ធ្វើ​អ្វី​ៗ​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះ។ ប៉ុន្តែ​នៅ​ទី​បំផុត មាតា​ឬ​បិតា​ដែល​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​តាម​តែ​អំពើ​ចិត្ត​នឹង​ទទួល​ផល​នោះ ជា​ក្រុម​គ្រួសារ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ច្របូក​ច្របល់។—សុភាសិត ២៩:១៥; កាឡាទី ៦:៩

ធ្វើ​ការ​និង​លេង​កំសាន្ត

១៩, ២០. តើ​មាតា​បិតា​អាច​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​យ៉ាង​ណា អំពី​រឿង​ខាង​ការ​លេង​កំសាន្ត​របស់​កូន​ជំទង់​របស់​ខ្លួន?

១៩ នៅ​សម័យ​បុរាណ ធម្មតា​កូន​ៗ​បាន​តម្រូវ​ឲ្យ​ជួយ​ធ្វើ​ការ​ក្នុង​ផ្ទះ​ឬ​នៅ​ឯ​ស្រែ​ចំ​ការ។ សព្វ​ថ្ងៃ​នេះ ពួក​យុវវ័យ​មាន​ពេល​ទំនេរ​ច្រើន ដែល​គ្មាន​អ្នក​ណា​ត្រួត​ពិនិត្យ​ទេ។ ពិភព​ពាណិជ្ជកម្ម​ផលិត​អ្វី​ៗ​ច្រើន​មហិមា​ដើម្បី​ឲ្យ​យុវវ័យ​បង្គ្រប់​ពេល​វេលា​នោះ។ បន្ថែម​នឹង​បញ្ហា​នេះ​គឺ​ថា ពិភព​លោក​នេះ​ឥត​សូវ​គិត​អំពី​ខ្នាត​តម្រា​ខាង​សីលធម៌​ក្នុង​ព្រះ​គម្ពីរ​ទេ ហើយ​បញ្ហា​ទាំង​នេះ​គឺ​ល្មម​ឲ្យ​នាំ​ទៅ​ដល់​គ្រោះ​ថ្នាក់​ហើយ។

២០ ដូច្នេះ​ហើយ មាតា​ឬ​បិតា​ដ៏​មាន​ប្រាជ្ញា​រក្សា​ទុក​សិទ្ធិ ដើម្បី​ធ្វើ​ការ​សម្រេច​យ៉ាង​ដាច់​ខាត​អំពី​ការ​លេង​កំសាន្ត។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា កូន​ជំទង់​នេះ​គឺ​កំពុង​តែ​ធំ​ឡើង​ៗ។ ជា​បណ្ដើរ​ៗ កូន​នេះ​នឹង​ទំនង​ជា​ចង់​ឲ្យ​មាតា​បិតា​របស់​ខ្លួន​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ពេញ​វ័យ​ម្នាក់។ ដូច្នេះ​ហើយ កាល​ដែល​ក្មេង​ជំទង់​ធំ​ឡើង នោះ​គឺ​ប្រកប​ដោយ​ប្រាជ្ញា បើ​មាតា​ឬ​បិតា​អនុញ្ញាត​ឲ្យ​កូន​មាន​សេរី​ភាព​មួយ​កំរិត​ក្នុង​ការ​ជ្រើស​រើស​ការ​លេង​កំសាន្ត​ដោយ​ខ្លួន​ឯង ឲ្យ​តែ​ការ​ជ្រើស​រើស​នោះ​បង្ហាញ​ថា​កូន​កំពុង​ឈាន​ឆ្ពោះ​ទៅ​រក​គំនិត​ចាស់​ទុំ​ខាង​វិញ្ញាណ។ នៅ​ពេល​ខ្លះ ក្មេង​ជំទង់​នេះ​អាច​សម្រេច​ចិត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា​ស្តី​អំពី​រឿង​ភ្លេង ការ​សេព​គប់​ជា​ដើម។ នៅ​ពេល​មាន​រឿង​នេះ​កើត​ឡើង អ្នក​ដែល​ជា​មាតា​បិតា​គួរ​ពិគ្រោះ​រឿង​នេះ​ជា​មួយ​កូន​ជំទង់​របស់​ខ្លួន ដើម្បី​ឲ្យ​អាច​ចេះ​រក​ការ​ជ្រើស​រើស​ល្អ​ទៅ​អនាគត។

២១. តើ​ភាព​សម​ហេតុ​ផល​ក្នុង​ការ​ចំណាយ​ពេល​ទៅ​លើ​ការ​លេង​កំសាន្ត​នឹង​ការ​ពារ​ក្មេង​ជំទង់​យ៉ាង​ដូច​ម្ដេច?

២១ តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ចំពោះ​ការ​លេង​កំសាន្ត? នៅ​ក្នុង​ប្រទេស​ខ្លះ ពួក​យុវវ័យ​បាន​ជឿ​ថា គេ​មាន​សិទ្ធ​ទទួល​ការ​កំសាន្ត​ដែល​មិន​ចេះ​ចប់។ ដូច្នេះ​ហើយ ក្មេង​ជំទង់​ម្នាក់​ប្រហែល​ជា​គ្រោង​តារាង​ពេល​វេលា​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន‹ពេល​កំសាន្ត›ជា​បន្ត​បន្ទាប់។ គឺ​ស្រេច​ទៅ​លើ​មាតា​បិតា​ដែល​ត្រូវ​បង្រៀន​គោល​ការណ៍ គឺ​ថា​កូន​ត្រូវ​ចំណាយ​ពេល​វេលា​ក្នុង​កិច្ច​ការ​ផ្សេង​ទៀត​ដូច​ជា ការ​សេព​គប់​ជា​មួយ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ចូល​រួម​ជា​មួយ​ពួក​អ្នក​ដែល​មាន​គំនិត​ចាស់​ទុំ​ខាង​វិញ្ញាណ ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន និង​ការ​ងារ​ក្នុង​ផ្ទះ​ជា​ដើម។ ដោយ​ធ្វើ​យ៉ាង​នេះ«សេចក្ដី​ស្រើប​ស្រាល​នៅ​ជីវិត​នេះ» មិន​អាច​ខ្ទប់​បាំង​បន្ទូល​របស់​ព្រះ​បាន​ឡើយ។—លូកា ៨:១១​-​១៥

២២. តើ​ការ​លេង​កំសាន្ត​គួរ​មាន​តុល្យភាព​នឹង​អ្វី ក្នុង​ជីវិត​របស់​ក្មេង​ជំទង់​ម្នាក់?

២២ ស្តេ​ច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា៖ «យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំ​រាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។ (សាស្ដា ៣:១២, ១៣) ជីវិត​មួយ​ដែល​ប្រកប​ទៅ​ដោយ​តុល្យភាព ក៏​រួមបញ្ចូល​ការ​អរ​សប្បាយ​ផង​ដែរ។ ប៉ុន្តែ​ការ​ខំ​ប្រឹង​ធ្វើ​ការ​ក៏​ដូច្នេះ​ដែរ។ ពួក​ក្មេង​ជំទង់​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មិន​ដែល​ពិសោធ​នូវ​ការ​សប្បាយ​ចិត្ត​ដែល​មក​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ខ្លួន​ឯង ឬ​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួន ដោយ​ព្រោះ​បាន​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​នោះ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​ឥត​ដែល​មាន​ឱកាស​ដើម្បី​រៀន​នូវ​មុខ​ជំនាញ​ឬ​វិជ្ជា​ជីវៈ ដែល​អាច​ជួយ​គេ​ឲ្យ​ចិញ្ចឹម​ជីវិត​នៅ​ថ្ងៃ​ក្រោយ​នោះ​ទេ។ នេះ​ហើយ​ជា​អ្វី​ដ៏​ពិបាក​បំផុត​ចំពោះ​មាតា​បិតា។ តើ​អ្នក​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា កូន​របស់​អ្នក​នឹង​មាន​ឱកាស​បែប​នេះ? បើ​អ្នក​អាច​មាន​ជ័យ​ជំនះ​ក្នុង​ការ​បង្រៀន​កូន​របស់​អ្នក ឲ្យ​ចាត់​ទុក​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ជា​អ្វី​ដ៏​មាន​តម្លៃ ព្រម​ទាំង​សប្បាយ​នឹង​ការ​ខំ​ប្រឹង​ប្រែង​នោះ​ដែរ នោះ​កូន​របស់​អ្នក​នឹង​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ដែល​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​អស់​មួយ​ជីវិត​ជា​ពុំ​ខាន។

ពី​ក្មេង​ជំទង់​ទៅ​មនុស្ស​ពេញ​វ័យ

រូបភាពនៅទំព័រ៧០

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​អបអរ​ចំពោះ​បុត្រ​ធីតា​របស់​អ្នក

២៣. តើ​មាតា​បិតា​អាច​លើក​ទឹក​ចិត្ត​កូន​ៗ​ជំទង់​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

២៣ ទោះ​ជា​ពេល​ដែល​អ្នក​មាន​បញ្ហា​នឹង​កូន​ជំទង់​របស់​អ្នក​ក៏​ដោយ បទ​គម្ពីរ​នេះ​ក៏​នៅ​តែ​ជា​ការ​ពិត​ដែល​ថា៖ «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។ (កូរិនថូស​ទី​១ ១៣:៨) សូម​កុំ​ឈប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ប្រាកដ​ជា​មាន​នោះ។ សូម​សួរ​ខ្លួន​អ្នក​ថា៖ ‹តើ​ខ្ញុំ​សរសើរ​កូន​និ​មួយ​ៗ​របស់​ខ្ញុំ​ទេ ពេល​ដែល​ពួក​គេ​ចេះ​ដោះ​ស្រាយ​បញ្ហា​មួយ​បាន​សម្រេច ឬ​ក៏​ឈ្នះ​លើ​ឧបសគ្គ​ណា​មួយ​នោះ? តើ​ខ្ញុំ​ឆ្លៀត​ឱកាស​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​អប​អរ​របស់​ខ្ញុំ​ចំពោះ​កូន​ៗ​ខ្ញុំ មុន​ដែល​ឱកាស​នោះ​កន្លង​ទៅ​ឬ​ទេ?›។ ទោះ​ជា​ជួន​កាល​មាន​ការ​យល់​ច្រឡំ​ក៏​ដោយ ប្រសិន​បើ​កូន​ៗ​ជំទង់​របស់​អ្នក​ជឿ​ជាក់​ក្នុង​ចិត្ត​ថា អ្នក​ស្រឡាញ់​ពួក​គេ នោះ​ពួក​គេ​នឹង​ប្រហែល​ជា​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ដែរ។

២៤. តើ​គោល​ការណ៍​មួយ​ណា​ក្នុង​បទ​គម្ពីរ ដែល​ពិត​ទូទៅ​ចំពោះ​ការ​ចិញ្ចឹម​កូន? ប៉ុន្តែ​តើ​អ្វី​ដែល​ត្រូវ​ចង​ចាំ​នោះ?

២៤ ប្រាកដ​ហើយ កាល​ដែល​កូន​ៗ​ធំ​ពេញ​វ័យ​ហើយ នៅ​ទី​បំផុត ពួក​គេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ៗ​ដោយ​ខ្លួន​ឯង។ ក្នុង​ករណី​ខ្លះ មាតា​បិតា​ប្រហែល​ជា​មិន​ចូល​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​ទាំង​នោះ​ទេ។ ចុះ​យ៉ាង​ណា​វិញ​បើ​កូន​នោះ​សម្រេច​ចិត្ត​មិន​បន្ត​បំរើ​ព្រះ​យេហូវ៉ា​នោះ? នេះ​អាច​កើត​ឡើង​មែន។ សូម្បី​តែ​បុត្រា​ខាង​វិញ្ញាណ​ខ្លះ​របស់​ព្រះយេហូវ៉ា ក៏​បាន​បដិសេធ​ចោល​នូវ​ឱវាទ​របស់​ទ្រង់ ហើយ​បាន​ទៅ​ជា​អ្នក​បះ​បោរ​ដែរ។ (លោកុប្បត្តិ ៦:២; យូដាស ៦) បុត្រ​ធីតា​របស់​អ្នក​មិន​មែន​ជា​កុំព្យូទ័រ ដែល​អាច​ដាក់​បញ្ជា​ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដែល​យើង​ចង់​បាន​នោះ​ឡើយ។ ពួក​គេ​ជា​បុគ្គល​ដែល​មាន​ចិត្ត​សេរី ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​នូវ​សេចក្ដី​សម្រេច​ដែល​ពួក​គេ​ធ្វើ។ ប៉ុន្តែ សុភាសិត ២២:៦ គឺ​ជា​ការ​ពិត​ទូទៅ​ស្តី​អំពី​គោល​ការណ៍​នេះ​ដែល​ថា៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។

២៥. តើ​អ្វី​ជា​វិធី​ដ៏​ល្អ​បំផុត ចំពោះ​មាតា​បិតា​ដើម្បី​បង្ហាញ​កតញ្ញូ​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ឲ្យ​ឯកសិទ្ធិ​ធ្វើ​ជា​មាតា​បិតា​នោះ?

២៥ បើ​ដូច្នេះ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឲ្យ​បាន​ច្រើន​ចំពោះ​បុត្រ​ធីតា​របស់​អ្នក។ ចូរ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ក្នុង​ការ​ចិញ្ចឹម​អប់រំ​ពួក​គេ។ ចូរ​ទុក​គំរូ​ដ៏​ល្អ​នៃ​ចរិយា​មារយាទ​ដែល​បង្ហាញ​ការ​កោត​ខ្លាច​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ឲ្យ​បុត្រ​ធីតា​របស់​អ្នក​នូវ​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​បាន​ធំ​ឡើង​ជា​មនុស្ស​ពេញ​វ័យ ដែល​ចេះ​ទទួល​ខុស​ត្រូវ និង​កោត​ខ្លាច​ព្រះ​ផង​ដែរ។ ធ្វើ​ជា​គំរូ​បែប​នេះ​ជា​វិធី​ដ៏​ល្អ​បំផុត ចំពោះ​មាតា​បិតា​ក្នុង​ការ​បង្ហាញ​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រទាន​ឲ្យ​ឯកសិទ្ធិ​ធ្វើ​ជា​មាតា​បិតា​នោះ។

តើ​តាម​របៀប​ណា​ដែល​គោល​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ . . . មាតា​បិតា​ចិញ្ចឹម​អប់រំ​កូន​ៗ​ជំទង់​របស់​ខ្លួន​នោះ?

ការ​ប្រស្រ័យ​ទាក់​ទង គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។—សុភាសិត ១៥:២២

យើង​គួរ​តែ​ពិចារណា​មើល​នូវ​បន្ទូល​របស់​ព្រះ​ជា​ទៀង​ទាត់។—ទំនុក​ដំ​កើង ១:១, ២

បុគ្គល​ដែល​មាន​ប្រាជ្ញា​នឹង​ស្ដាប់​តាម​ការ​ទូន្មាន​ប្រដៅ។—សុភាសិត ១៥:៥

ទាំង​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​និង​ការ​លេង​កំសាន្ត គឺ​មាន​ពេល​ត្រឹម​ត្រូវ។—សាស្ដា ៣:១២, ១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក