បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៨ ទំ. ២០១-២១១
  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ត្រូវ​មាន​ចំណេះ​និង​ជំនឿ
  • ការ​ប្រាប់​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ
  • ការ​ប្រែ​ចិត្ត​និង​ការ​លះ​បង់​គន្លង​ចាស់
  • ការ​ថ្វាយ​ខ្លួន
  • របៀប​យក​ឈ្នះ​អារម្មណ៍​ខ្លាច​ថា​ខ្លួន​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន
  • ការ​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក
  • អត្ថន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក
  • ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចូរបំពេញតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកតាមបង្គាប់របស់ព្រះគ្រីស្ទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៨ ទំ. ២០១-២១១

ជំពូក​ទី​ដប់​ប្រាំ​បី

ពិធី​បុណ្យ​ជ្រមុជ​ទឹក​និង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ

តើ​គ្រីស្ទាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ទើប​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

តើ​មនុស្ស​ម្នាក់​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ជា​មូលហេតុ​ពិសេស​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

១​. ហេតុ​អ្វី​បាន​ជា​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​សុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

«មើល! នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន?​»។ នេះ​ជា​សំនួរ​របស់​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​នៅ​សតវត្សរ៍​ទី​មួយ។ គ្រីស្ទាន​ម្នាក់​ឈ្មោះ​ភីលីព​បាន​បង្ហាញ​ភស្តុ​តាង​ឲ្យ​គាត់​យល់​ថា ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ អ្វី​ដែល​បុរស​ជន​ជាតិ​អេចូពី​នោះ​រៀន​ពី​បទ​គម្ពីរ​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​គាត់ ហេតុ​នេះ​ជំរុញ​ឲ្យ​គាត់​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​រៀន គឺ​គាត់​ប្រាប់​ថា​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក!—កិច្ច​ការ ៨:២៦​-​៣៦

២​. ហេតុ​អ្វី​អ្នក​គួរ​គិត​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

២ បើ​អ្នក​បាន​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ជំពូក​មុន​ៗ​ក្នុង​សៀវភៅ​នេះ​ជា​មួយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា អ្នក​ក៏​ប្រហែល​ជា​ចង់​ប្រាប់​ដែរ​ថា​៖ ​«​តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?​»។ មក​ដល់​ត្រឹម​នេះ អ្នក​បាន​រៀន​អំពី​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ជីវិត​ជា​រៀង​រហូត​នៅ​សួន​មនោ​រម្យ។ (​លូកា ២៣:៤៣; វិវរណៈ ២១:៣, ៤​) អ្នក​ក៏​បាន​រៀន​អំពី​ស្ថានភាព​ពិត​នៃ​មនុស្ស​ស្លាប់ ហើយ​សេចក្ដី​សង្ឃឹម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សាស្ដា ៩:៥; យ៉ូហាន ៥:២៨, ២៩​) អ្នក​ប្រហែល​ជា​បាន​ចូល​រួម​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ពួក​គេ ហើយ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​របៀប​ដែល​ពួក​គេ​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត។ (​យ៉ូហាន ១៣:៣៥​) សំខាន់​បំផុត អ្នក​ទំនង​ជា​បាន​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​ខ្លួន​ឯង។

៣​. (​ក​) តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ​អ្វី? (​ខ​) តើ​គ្រីស្ទាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

៣ តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​ចង់​បំរើ​ព្រះ? ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​»។ (​ម៉ាថាយ ២៨:១៩, កំណែ​ជា​អក្សរ​ទ្រេត​) ព្រះ​យេស៊ូ​ផ្ទាល់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទុក​ជា​គំរូ​ដែរ។ ទ្រង់​មិន​ត្រូវ​គេ​ប្រោះ​ទឹក​ឬ​ចាក់​ទឹក​លើ​ក្បាល​ឬ​ព្រះ​សិរ​ទ្រង់​ឡើយ។ (​ម៉ាថាយ ៣:១៦​) ឃ្លា​ថា​«​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​»​មក​ពី​ពាក្យ​ភាសា​ក្រិច​ដែល​មាន​ន័យ​ថា​«​ពន្លិច​»។ ដូច្នេះ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន​មាន​ន័យ​ថា​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក។

៤​. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បង្ហាញ​ពី​អ្វី?

៤ បុណ្យ​ជ្រមុជ​ទឹក​ជា​តម្រូវ​ការ​មួយ​សំរាប់​អស់​អ្នក​ដែល​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បង្ហាញ​ជា​សាធារណៈ​ថា​អ្នក​ចង់​បំរើ​ព្រះ។ នោះ​ក៏​បង្ហាញ​ដែរ​ថា​អ្នក​ត្រេក​អរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ (​ទំនុក​ដំកើង ៤០:៧, ៨​) ក៏​ប៉ុន្តែ​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​សំរាប់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ មាន​ជំហាន​ជាក់​លាក់​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ធ្វើ។

ត្រូវ​មាន​ចំណេះ​និង​ជំនឿ

៥​. (​ក​) តើ​អ្វី​ជា​ជំហាន​ទី​មួយ​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​សំរាប់​ទទួល​បុណ្យ​ជ្រមុជ​ទឹក? (​ខ​) ហេតុ​អ្វី​បាន​ជា​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​គឺ​សំខាន់?

៥ អ្នក​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ជំហាន​ទី​មួយ​រួច​ហើយ។ តើ​នោះ​ជា​អ្វី? ជំហាន​ទី​មួយ​គឺ​ជា​ការ​ក្រេប​ជញ្ជក់​ចំណេះ​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ អ្នក​ប្រហែល​ជា​បាន​ទទួល​ចំណេះ​នេះ​ដោយ​សិក្សា​ព្រះ​គម្ពីរ។ (​យ៉ូហាន ១៧:៣​) ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ថែម​ទៀត​ដែល​អ្នក​ត្រូវ​រៀន​ដែរ។ គ្រីស្ទាន​ទាំង​ឡាយ​ចង់​«​ស្គាល់​ព្រះ​ហឫទ័យ[​ព្រះ​]សព្វ​គ្រប់​»។ (​កូល៉ុស ១:៩​) ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​យ៉ាង​ច្រើន​ក្នុង​រឿង​នេះ។ ការ​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នេះ​ជា​ការ​សំខាន់​ណាស់។ (​ហេព្រើរ ១០:២៤, ២៥​) ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​នឹង​ជួយ​ឲ្យ​អ្នក​រីក​ចំរើន​ខាង​ចំណេះ​អំពី​ព្រះ។

៦​. តើ​អ្នក​ត្រូវ​ការ​ចំណេះ​អំពី​ព្រះ​គម្ពីរ​ច្រើន​ប៉ុន​ណា​ទើប​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

៦ អ្នក​មិន​ចាំ​បាច់​ស្គាល់​អ្វី​ៗ​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​ទើប​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ។ មន្ត្រី​ជន​ជាតិ​អេចូពី​នោះ​មាន​ចំណេះ​ខ្លះ​ៗ ប៉ុន្តែ​គាត់​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​បទ​គម្ពីរ​ខ្លះ​ទៀត។ (​កិច្ច​ការ ៨:៣០, ៣១​) ស្រដៀង​គ្នា​ដែរ​អ្នក​នៅ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​រៀន។ តាម​ពិត​ការ​រៀន​អំពី​ព្រះ​គ្មាន​ទី​បញ្ចប់​ឡើយ។ (​សាស្ដា ៣:១១​) ក៏​ប៉ុន្តែ​មុន​ដែល​អ្នក​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​នោះ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​តែ​ស្គាល់​ហើយ​ជឿ​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​ព្រះ​គម្ពីរ។ (​ហេព្រើរ ៥:១២​) សេចក្ដី​បង្រៀន​ទាំង​នោះ​រួម​បញ្ចូល​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់ ហើយ​សារៈ​សំខាន់​នៃ​ព្រះ​នាម​របស់​ព្រះ​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។

៧​. តើ​ការ​សិក្សា​ព្រះ​គម្ពីរ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

៧ ប៉ុន្តែ បើ​មាន​តែ​ចំណេះ​ប៉ុណ្ណោះ នោះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ ដ្បិត​«​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ​»។ (​ហេព្រើរ ១១:៦​) ព្រះ​គម្ពីរ​ប្រាប់​ថា មនុស្ស​ខ្លះ​នៅ​ទី​ក្រុង​កូរិនថូស​នា​សម័យ​បុរាណ​បាន‹ជឿ ទាំង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផង› ពេល​ដែល​ពួក​គេ​ឮ​សារ​ដែល​ជន​គ្រីស្ទាន​ផ្សព្វ​ផ្សាយ។ (​កិច្ច​ការ ១៨:៨​) ស្រដៀង​គ្នា​ដែរ ការ​សិក្សា​ព្រះ​គម្ពីរ​គួរ​ធ្វើ​ឲ្យ​អ្នក​មាន​ជំនឿ​ជឿ​ជាក់​ថា​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ។ ការ​សិក្សា​ព្រះ​គម្ពីរ​គួរ​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ ហើយ​ជឿ​ថា​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​មាន​អំណាច​អាច​សង្គ្រោះ​អ្នក​បាន។—យ៉ូស្វេ ២៣:១៤; កិច្ច​ការ ៤:១២; ធីម៉ូថេ​ទី២ ៣:១៦, ១៧

ការ​ប្រាប់​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ

៨​. តើ​អ្វី​នឹង​ជំរុញ​អ្នក​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​បាន​រៀន?

៨ កាល​ដែល​មាន​ជំនឿ​កាន់​តែ​ច្រើន​ក្នុង​ចិត្ត អ្នក​នឹង​មិន​អាច​ទប់​ចិត្ត​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នោះ​ឡើយ។ (​យេរេមា ២០:៩​) ជំនឿ​នោះ​នឹង​ជំរុញ​អ្នក​យ៉ាង​ខ្លាំង​ឲ្យ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់។—កូរិនថូស​ទី២ ៤:១៣

៩, ១០​. (​ក​) នៅ​ដើម​ដំបូង តើ​អ្នក​អាច​ប្រាប់​អ្នក​ណា​ខ្លះ​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ? (​ខ​) តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា បើ​ចង់​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​រៀបចំ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

៩ នៅ​ដើម​ដំបូង​អ្នក​អាច​ប្រើ​សំ​ដី​ដែល​មិន​ធ្វើ​ឲ្យ​អាក់​អន់​ចិត្ត​ហើយ​ប្រាប់​បង​ប្អូន ញាតិ​សន្ដាន មិត្ត​ភក្ដិ អ្នក​ជិត​ខាង និង​អ្នក​ធ្វើ​ការ​ជា​មួយ​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ ក្រោយ​មក​អ្នក​នឹង​ចង់​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​រៀបចំ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពេល​ដែល​អ្នក​ចង់​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ សូម​អញ្ជើញ​ពិភាក្សា​អំពី​រឿង​នេះ​ជា​មួយ​ស្មរបន្ទាល់​ដែល​កំពុង​តែ​បង្រៀន​អ្នក​អំពី​ព្រះ​គម្ពីរ។ ប្រសិន​បើ​គាត់​ឃើញ​ថា​អ្នក​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​ពីរ​នាក់​នឹង​រៀបចំ​ជួប​ជា​មួយ​អ្នក​ហើយ​អ្នក​ដែល​បង្រៀន​ព្រះ​គម្ពីរ។

១០ នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ស្គាល់​អ្នក​ចាស់​ទុំ​ខ្លះ​ឲ្យ​បាន​ច្បាស់​ជាង ដែល​ពួក​គេ​ជា​អ្នក​គង្វាល​ចៀម​របស់​ព្រះ។ (​កិច្ច​ការ ២០:​២៨; ពេត្រុស​ទី១ ៥:​២, ៣​) ប្រសិន​បើ​អ្នក​ចាស់​ទុំ​ទាំង​នេះ​ឃើញ​ថា​អ្នក​យល់​និង​ជឿ​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​ព្រះ​គម្ពីរ ហើយ​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​របស់​ព្រះ ថែម​ទាំង​ពិត​ជា​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ នោះ​ពួក​គាត់​នឹង​ប្រាប់​ថា​អ្នក​មាន​លក្ខណៈ​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

១១​. មុន​នឹង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​ជំនុំ តើ​មនុស្ស​ខ្លះ​ត្រូវ​កែ​ប្រែ​អ្វី​ខ្លះ?

១១ ផ្ទុយ​ទៅ​វិញ អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ខ្លះ​ៗ​ក្នុង​របៀប​រស់​នៅ​និង​ទម្លាប់​របស់​អ្នក​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​សំរាប់​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ។ នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​លះ​ចោល​ការ​ប្រព្រឹត្ត​ខ្លះ​ដែល​អ្នក​ធ្លាប់​ធ្វើ​ដោយ​លួច​លាក់។ ហេតុ​នេះ មុន​នឹង​អ្នក​សុំ​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​នោះ អ្នក​ត្រូវ​តែ​លះ​ចោល​ឲ្យ​ជ្រះ​ស្រឡះ​នូវ​អំពើ​បាប​ធ្ងន់​ធ្ងរ ដូច​ជា​អំពើ​អសីលធម៌​ខាង​កាម ការ​ប្រមឹក​ស្រា និង​ការ​ប្រើ​ថ្នាំ​ញៀន​ជា​ដើម។—កូរិនថូស​ទី១ ៦:៩, ១០; កាឡាទី ៥:១៩​-​២១

ការ​ប្រែ​ចិត្ត​និង​ការ​លះ​បង់​គន្លង​ចាស់

១២​. ហេតុ​អ្វី​ត្រូវ​តែ​ប្រែ​ចិត្ត?

១២ មាន​ជំហាន​ឯ​ទៀត​ដែល​ត្រូវ​ធ្វើ​មុន​នឹង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ! ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ​»។ (​កិច្ច​ការ ៣:១៩​) ការ​ប្រែ​ចិត្ត​មាន​ន័យ​ថា​សោក​ស្ដាយ​យ៉ាង​ស្មោះ​នូវ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ការ​ប្រែ​ចិត្ត​គឺ​សមរម្យ​បើ​អ្នក​ណា​ធ្លាប់​ប្រព្រឹត្ត​អំពើ​អសីលធម៌។ ក៏​ប៉ុន្តែ​អ្នក​ដែល​មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​អសីលធម៌​ក៏​ត្រូវ​ប្រែ​ចិត្ត​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​ទាំង​អស់​ជា​អ្នក​ធ្វើ​អំពើ​បាប​ហើយ​ត្រូវ​ការ​នូវ​ការ​អត់​ឱន​ទោស​ពី​ព្រះ។ (​រ៉ូម ៣:២៣; ៥:១២​) មុន​ដែល​រៀន​ព្រះ​គម្ពីរ អ្នក​មិន​បាន​ដឹង​ថា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​នោះ​ទេ។ ដូច្នេះ​ដោយ​សារ​គ្មាន​ចំណេះ​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ អ្នក​មិន​បាន​រស់​នៅ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ទាំង​ស្រុង​នោះ​ទេ មែន​ទេ? ហេតុ​នេះ​ត្រូវ​តែ​ប្រែ​ចិត្ត។

១៣​. តើ​ការ​លះ​បង់​គន្លង​ចាស់​មាន​ន័យ​ដូច​ម្ដេច?

១៣ ក្រោយ​បាន​ប្រែ​ចិត្ត​រួច​ហើយ អ្នក​ក៏​ត្រូវ​លះ​បង់​គន្លង​ចាស់​ឬ​«​វិល​មក​»។ អ្នក​ត្រូវ​ធ្វើ​អ្វី​ច្រើន​ជាង មិន​គ្រាន់​តែ​មាន​អារម្មណ៍​សោក​ស្ដាយ​ប៉ុណ្ណោះ​នោះ​ទេ។ អ្នក​ត្រូវ​តែ​លះ​ចោល​ឲ្យ​ជ្រះ​ស្រឡះ​នូវ​របៀប​រស់​នៅ​របស់​អ្នក​ពី​មុន​មក ហើយ​តាំង​ចិត្ត​រឹង​មាំ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ចាប់​ពី​ពេល​នេះ​ទៅ​មុខ។ ការ​ប្រែ​ចិត្ត​និង​លះ​បង់​គន្លង​ចាស់​ជា​ជំហាន​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

ការ​ថ្វាយ​ខ្លួន

១៤​. តើ​អ្នក​ត្រូវ​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​អ្វី​មុន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

១៤ អ្នក​ត្រូវ​ធ្វើ​តាម​ជំហាន​មួយ​ទៀត​ដ៏​សំខាន់​មុន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ អ្នក​ត្រូវ​តែ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។

១៥, ១៦​. តើ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​មាន​ន័យ​ដូច​ម្ដេច? តើ​អ្វី​ជំរុញ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

១៥ ពេល​ដែល​អ្នក​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​នោះ អ្នក​សន្យា​ថា​អ្នក​នឹង​មាន​ភក្ដី​ភាព​ចំពោះ​ទ្រង់​តែ​មួយ​អង្គ​ជា​រៀង​រហូត។ (​ចោទិយកថា ៦:១៥​) ប៉ុន្តែ ហេតុ​អ្វី​ចង់​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​ដូច្នេះ? ដើម្បី​ឆ្លើយ​សំនួរ​នោះ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ឧបមា​ថា​បុរស​ម្នាក់​ចាប់​ចិត្ត​ស្រឡាញ់​ស្រី​ម្នាក់។ កាល​ដែល​គាត់​ស្គាល់​នាង​កាន់​តែ​ច្បាស់​ហើយ​ឃើញ​ថា​នាង​មាន​លក្ខណៈ​ល្អ​ប្រសើរ នោះ​គាត់​កាន់​តែ​ស្រឡាញ់​នាង​ថែម​ទៀត។ ក្រោយ​មក ជា​ការ​ធម្មតា​ដែល​គាត់​នឹង​សុំ​នាង​រៀប​ការ​ជា​មួយ​គាត់។ ពិត​មែន​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​នាំ​ឲ្យ​មាន​ភារកិច្ច​ថែម​ទៀត។ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​គាត់​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​នោះ។

១៦ នៅ​ពេល​ដែល​អ្នក​ស្គាល់​ហើយ​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​ជំរុញ​ឲ្យ​អ្នក​ចង់​បំរើ​ទ្រង់​អស់​ពី​សមត្ថភាព​ដោយ​មិន​ដាក់​កំរិត​ទៅ​លើ​ការ​ថ្វាយ​បង្គំ​ទ្រង់​នោះ​ទេ។ អ្នក​ណា​ដែល​ចង់​ដើរ​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​របស់​ព្រះ​ត្រូវ​តែ​«​លះ​កាត់​ចិត្ត​ខ្លួន​»។ (​ម៉ាកុស ៨:៣៤​) យើង​លះ​កាត់​ចិត្ត​ខ្លួន​ដោយ​មិន​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​និង​គោល​ដៅ​របស់​ខ្លួន​រា​រាំង​យើង​ក្នុង​ការ​ស្ដាប់​បង្គាប់​ព្រះ​ទាំង​ស្រុង​នោះ។ ដូច្នេះ​មុន​នឹង​អ្នក​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ជា​គោល​បំណង​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។—ពេត្រុស​ទី១ ៤:២

របៀប​យក​ឈ្នះ​អារម្មណ៍​ខ្លាច​ថា​ខ្លួន​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន

១៧​. ហេតុ​អ្វី​មនុស្ស​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ចង់​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា?

១៧ អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ចង់​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ទេ​ដោយ​សារ​ខ្លាច​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​នេះ។ ពួក​គេ​ប្រហែល​ជា​ខ្លាច​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់​ដែល​បាន​ថ្វាយ​ខ្លួន​រួច​ហើយ។ ដោយ​សារ​ពួក​គេ​ខ្លាច​ថា​ខ្លួន​នឹង​ធ្វើ​ខុស​ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ព្រះ​ទ័យ​នោះ ពួក​គេ​គិត​ថា​គឺ​ល្អ​ជាង​បើ​មិន​ថ្វាយ​ខ្លួន។

១៨​. តើ​អ្វី​អាច​ជំរុញ​ឲ្យ​អ្នក​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា?

១៨ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​ថ្វាយ​ខ្លួន​នោះ។ (​សាស្ដា ៥:៤​) ក្រោយ​អ្នក​បាន​ថ្វាយ​ខ្លួន​នោះ អ្នក​ទំនង​ជា​ចង់​«​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ ក្នុង​គ្រប់​វិស័យ​ទាំង​អស់​»។ (​កូឡូស​[​កូល៉ុស​] ១:១០, ខ.ស.​) ដោយ​សារ​អ្នក​ស្រឡាញ់​ព្រះ អ្នក​នឹង​មិន​គិត​ថា​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ គឺ​ពិបាក​ពេក​នោះ​ទេ។ អ្នក​ច្បាស់​ជា​នឹង​យល់​ស្រប​ជា​មួយ​សាវ័ក​យ៉ូហាន​ដែល​បាន​សរសេរ​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»។—យ៉ូហាន​ទី១ ៥:៣

១៩​. ហេតុ​អ្វី​អ្នក​មិន​ចាំ​បាច់​ខ្លាច​ក្នុង​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ?

១៩ អ្នក​មិន​ចាំ​បាច់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ដើម្បី​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​ជ្រាប​ពី​កំរិត​សមត្ថភាព​របស់​អ្នក ហើយ​មិន​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​អ្នក​ឡើយ។ (​ទំនុក​ដំកើង ១០៣:១៤​) ទ្រង់​ចង់​ឲ្យ​អ្នក​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ដោយ​ជោគ​ជ័យ ហើយ​ទ្រង់​នឹង​គាំ​ទ្រ​ព្រម​ទាំង​ជួយ​អ្នក។ (​អេសាយ ៤១:១០​) អ្នក​អាច​ជឿ​ជាក់​ថា បើ​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ទ្រង់​នឹង‹ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​អ្នក›។—សុភាសិត ៣:៥, ៦

ការ​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក

២០​. ហេតុ​អ្វី​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​មិន​អាច​ទុក​ជា​រឿង​សម្ងាត់​បាន​ឡើយ?

២០ ការ​គិត​អំពី​អ្វី​ដែល​យើង​ទើប​តែ​ពិចារណា​នោះ ប្រហែល​ជា​នឹង​ជួយ​ឲ្យ​អ្នក​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិស្ឋាន។ អស់​អ្នក​ណា​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​ក៏​ត្រូវ​«​ថ្លែង​ប្រាប់​»​ពី​ជំនឿ​របស់​ខ្លួន​ដើម្បី​«​បាន​សង្គ្រោះ​»។ (​រ៉ូម ១០:១០​) តើ​អ្នក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

២១, ២២​. តើ​អ្នក​អាច​«​ថ្លែង​ប្រាប់​»​ពី​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

២១ ចូរ​ប្រាប់​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​របស់​អ្នក​ថា​អ្នក​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ គាត់​នឹង​រៀបចំ​ឲ្យ​អ្នក​ចាស់​ទុំ​ខ្លះ​ពិភាក្សា​ជា​មួយ​អ្នក​អំពី​សំនួរ​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​ព្រះ​គម្ពីរ។ បើ​អ្នក​ចាស់​ទុំ​ទាំង​នេះ​យល់​ស្រប​គ្នា​ថា​អ្នក​មាន​លក្ខណៈ​គ្រប់​គ្រាន់​នោះ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា​អ្នក​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​លើក​ក្រោយ​ពេល​ដែល​មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក។a ធម្មតា​នៅ​គ្រា​ដែល​មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​មាន​សុន្ទរកថា​អំពី​អត្ថន័យ​នៃ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ រួច​មក​អ្នក​ថ្លែង​សុន្ទរកថា​អញ្ជើញ​អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ឆ្លើយ​សំនួរ​ស្រួល​ៗ​ពីរ​យ៉ាង ដែល​នេះ​ជា​វិធី​មួយ​ដែល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​អាច​«​ថ្លែង​ប្រាប់​»​អំពី​ជំនឿ​របស់​ពួក​គេ​បាន។

២២ ពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​បង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ​ថា អ្នក​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​ឥឡូវ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក​ដើម្បី​បង្ហាញ​ជា​សាធារណៈ​ថា​ពួក​គេ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។

អត្ថន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក

២៣​. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​មាន​ន័យ​អ្វី?

២៣ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​សិស្ស​របស់​ទ្រង់​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»។ (​ម៉ាថាយ ២៨:​១៩​) នេះ​មាន​ន័យ​ថា​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ទំនុក​ដំកើង ៨៣:១៨; ម៉ាថាយ ២៨:១៨​) គាត់​ក៏​ទទួល​ស្គាល់​តួ​នាទី​និង​សកម្មភាព​នៃ​វិញ្ញាណ​បរិសុទ្ធ​ឬ​សកម្ម​ពល​របស់​ព្រះ។—កាឡាទី ៥:២២, ២៣; ពេត្រុស​ទី២ ១:២១

២៤, ២៥​. (​ក​) តើ​បុណ្យ​ជ្រមុជ​ទឹក​តំណាង​អ្វី? (​ខ​) តើ​នឹង​ត្រូវ​ឆ្លើយ​សំនួរ​អ្វី?

២៤ ក៏​ប៉ុន្តែ បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​ជា​ការ​ងូត​ទឹក​នោះ​ទេ។ បុណ្យ​ជ្រមុជ​ទឹក​តំណាង​អ្វី​ដ៏​សំខាន់។ ពេល​ដែល​អ្នក​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក នេះ​តំណាង​ថា​អ្នក​បាន​ស្លាប់​ចំពោះ​គន្លង​ជីវិត​ពី​មុន​របស់​អ្នក។ ពេល​ដែល​អ្នក​ងើប​ចេញ​ពី​ទឹក​មក នោះ​តំណាង​ឲ្យ​ការ​មាន​ជីវិត​ជា​ថ្មី​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ។ សូម​ចាំ​ដែរ​ថា អ្នក​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ផ្ទាល់ មិន​មែន​ចំពោះ​កិច្ច​ការ​ណា​មួយ បុព្វ​ហេតុ​ណា​មួយ មនុស្ស​ណា​ម្នាក់ ឬ​អង្គ​ការ​ណា​មួយ​ឡើយ។ ការ​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក​ជា​ទី​ចាប់​ផ្ដើម​នៃ​ការ​មាន​ចំណង​មិត្តភាព​ស្និទ្ធ​ស្នា​ល​ជា​មួយ​នឹង​ព្រះ។—ទំនុក​ដំកើង ២៥:១៤

២៥ បុណ្យ​ជ្រមុជ​ទឹក​មិន​ធានា​ថា​អ្នក​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច​ហើយ​ញាប់​ញ័រ​ចុះ!​»។ (​ភីលីព ២:១២​) បុណ្យ​ជ្រមុជ​ទឹក​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម។ សំនួរ​សំខាន់​គឺ តើ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​និច្ច​យ៉ាង​ដូច​ម្ដេច? ជំពូក​ចុង​ក្រោយ​នឹង​ផ្ដល់​ចម្លើយ។

[កំណត់​សម្គាល់]

a បុណ្យ​ជ្រមុជ​ទឹក​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​សន្និបាត​និង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន​ម្នាក់​រួម​បញ្ចូល​ការ​ពន្លិច​ទៅ​ក្នុង​ទឹក មិន​មែន​ការ​ប្រោះ​ទឹក​ទេ។—ម៉ាថាយ ៣:១៦

▪ ជំហាន​ដែល​ត្រូវ​ធ្វើ​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​ត្រូវ​ក្រេប​ជញ្ជក់​យក​ចំណេះ បង្ហាញ​ជំនឿ ប្រែ​ចិត្ត លះ​បង់​គន្លង​ចាស់ និង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ។—យ៉ូហាន ១៧:៣; កិច្ច​ការ ៣:១៩; ១៨:៨

▪ ដើម្បី​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​តែ​លះ​កាត់​ចិត្ត​ខ្លួន ដូច​ជា​មនុស្ស​ខ្លះ​បាន​លះ​កាត់​ចិត្ត​ខ្លួន​ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូ។—ម៉ាកុស ៨:៣៤

▪ បុណ្យ​ជ្រមុជ​ទឹក​តំណាង​ថា​អ្នក​បាន​ស្លាប់​ចំពោះ​គន្លង​ជីវិត​ពី​មុន ហើយ​រស់​ឡើង​វិញ​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។—ពេត្រុស​ទី១ ៤:២

​[រូប​ភាព​នៅ​ទំព័រ​២០៨]

ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​ពិត​ពី​បណ្ដាំ​របស់​ព្រះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​សំរាប់​ទទួល​ការ​ជ្រមុជ​ទឹក

[រូប​ភាព​នៅ​ទំព័រ​២០៨]

ជំនឿ​គួរ​ជំរុញ​អ្នក​ឲ្យ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន

[រូប​ភាព​នៅ​ទំព័រ​២០៨, ២០៩]

តើ​អ្នក​បាន​ប្រគល់​ខ្លួន​ចំពោះ​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ហើយ​ឬ​នៅ?

[រូប​ភាព​នៅ​ទំព័រ​២០៩]

បុណ្យ​ជ្រមុជ​ទឹក​មាន​ន័យ​ថា​អ្នក​បាន​ស្លាប់​ចំពោះ​គន្លង​ជីវិត​ពី​មុន​របស់​អ្នក​ហើយ​រស់​ឡើង​វិញ​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក