ជំពូកទីប្រាំបី
ការពារគ្រួសាររបស់អ្នកពីអានុភាពដែលបំផ្លិចបំផ្លាញ
១-៣. (ក) តើអានុភាពដ៏បំផ្លិចបំផ្លាញ ដែលគំរាមកំហែងក្រុមគ្រួសារមកពីប្រភពណា? (ខ) តើមាតាបិតាត្រូវឲ្យមានតុល្យភាពអ្វី ដើម្បីការពារក្រុមគ្រួសាររបស់ខ្លួន?
អ្នកហៀបនឹងបញ្ជូនកូនប្រុសតូចរបស់អ្នកទៅឯសាលារៀន ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ តើអ្នកនឹងធ្វើយ៉ាងម៉េច? តើអ្នកនឹងឲ្យកូនរបស់អ្នកចេញទៅក្រៅដោយគ្មានអាវភ្លៀងឬ? ឬក៏អ្នកឲ្យកូនពាក់អាវការពារយ៉ាងច្រើន ដែលកូនដើរមិនរួចនោះ? ប្រាកដហើយ អ្នកមិនធ្វើដូច្នេះឡើយ។ អ្នកនឹងឲ្យកូនរបស់អ្នកនូវអ្វីដែលកូនត្រូវការ ដើម្បីកុំឲ្យកូនទទឹក។
២ តាមរបៀបស្រដៀងគ្នា មាតាបិតាត្រូវតែរកវិធីឲ្យមានតុល្យភាព ដើម្បីការពារក្រុមគ្រួសាររបស់ខ្លួនពីអានុភាពដែលបំផ្លិចបំផ្លាញ ដែលមានមកលើកូនៗពីប្រភពផ្សេងៗ ដូចជាឧស្សាហកម្មខាងកំសាន្ត គ្រឿងផ្សាយពត៌មាន មនុស្សមានវ័យស្មើគ្នា ហើយជួនកាលសូម្បីតែសាលារៀនផងដែរ។ មាតាបិតាខ្លះឥតធ្វើអ្វីសោះដើម្បីការពារក្រុមគ្រួសាររបស់ខ្លួន។ មាតាបិតាឯទៀត ចាត់ទុកអានុភាពខាងក្រៅទាំងអស់សឹងតែជាអ្វីដែលនាំឲ្យមានគ្រោះថ្នាក់ ហើយមានចិត្តយ៉ាងតឹងរ៉ឹង ដែលកូនៗមានអារម្មណ៍ថាគ្មានឲ្យសិទ្ធិសេរីសោះ។ តើអាចមានតុល្យភាពឬទេ?
៣ មែនហើយ គឺអាចមានមែន។ ការតឹងរ៉ឹងហួសហេតុពេកគឺឥតមានប្រសិទ្ធិភាព ហើយក៏អាចបង្កើនឲ្យមានមហន្តរាយទៀតផង។ (សាស្ដា ៧:១៦, ១៧) ក៏ប៉ុន្តែ តើមាតាបិតាជាគ្រីស្ទានអាចធ្វើឲ្យមានតុល្យភាពត្រឹមត្រូវ ដើម្បីការពារក្រុមគ្រួសាររបស់ខ្លួនយ៉ាងដូចម្ដេច? សូមពិនិត្យមើលនូវចំណុចបីយ៉ាង៖ ការរៀនសូត្រ ការសេពគប់ និងការកំសាន្ត។
តើអ្នកណានឹងបង្រៀនកូនៗរបស់អ្នក?
៤. តើមាតាបិតាជាគ្រីស្ទានគួរចាត់ទុកការរៀនសូត្រយ៉ាងដូចម្ដេច?
៤ មាតាបិតាជាគ្រីស្ទានចាត់ទុកការរៀនសូត្រជាអ្វីដ៏មានតម្លៃណាស់។ មាតាបិតាដឹងថា ការរៀនសូត្រជួយកូនៗឲ្យចេះអាន សរសេរ និងប្រស្រ័យទាក់ទង ព្រមទាំងចេះដោះស្រាយបញ្ហាទៀតផង។ ហើយការរៀនសូត្រក៏គួរបង្រៀនកូនៗឲ្យចេះសិក្សាដែរ។ ជំនាញទាំងប៉ុន្មានដែលកូនៗទទួលពីសាលារៀនអាចជួយពួកគេឲ្យបានជោគជ័យទោះជាមានការពិបាកជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះក៏ដោយ។ បន្ថែមទៀតនោះ ការរៀនសូត្របានល្អអាចជួយពួកគេឲ្យប្រកបការងារប្រសើរជាង។—សុភាសិត ២២:២៩
៥, ៦. តើកូនៗនៅឯសាលារៀនអាចជួបប្រទះនឹងពត៌មានដ៏ខុសយ៉ាងណា ស្តីអំពីរឿងខាងការរួមភេទនោះ?
៥ ក៏ប៉ុន្តែ សាលារៀនក៏នាំឲ្យកូនៗរាប់អានជាមួយក្មេងៗឯទៀត ហើយពួកគេជាច្រើនមានទស្សនៈដ៏មិនត្រឹមត្រូវ។ ជាឧទាហរណ៍ សូមពិនិត្យមើលទស្សនៈរបស់ពួកគេអំពីការរួមភេទនិងសីលធម៌។ នៅឯវិទ្យាល័យនៅក្នុងប្រទេសនីហ្សេរីយ៉ា ក្មេងស្រីម្នាក់ដែលរួមភេទដោយឥតរើសមុខ ធ្លាប់ឲ្យការណែនាំចំពោះសិស្សគ្នាឯងអំពីការរួមភេទ។ ពួកគេបានស្ដាប់នាងដោយយកចិត្តទុកដាក់ ទោះជាគំនិតរបស់នាងមិនសមហេតុផលទាំងស្រុង ដែលនាងបានប្រមូលមកពីទស្សនាវដ្ដីខាងរូបអាសអាភាស។ ក្មេងស្រីៗខ្លះបានពិសោធសាកមើលតាមការណែនាំរបស់នាង។ ជាលទ្ធផល ក្មេងស្រីម្នាក់មានផ្ទៃពោះដោយឥតរៀបការ ហើយបានស្លាប់ដោយសារការពន្លូតកូនដែលធ្វើដោយខ្លួនឯង។
៦ គួរឲ្យស្ដាយមែន នៅឯសាលារៀនមានពត៌មានដ៏ខុសខាងការរួមភេទ ដែលមិនមែនបានមកពីក្មេងៗទេ ក៏ប៉ុន្តែបានមកពីគ្រូៗទៅវិញ។ មាតាបិតាជាច្រើននាក់បានស្រងាកចិត្តណាស់ ពេលដែលមានគេនៅឯសាលារៀនបង្រៀនក្មេងៗអំពីការរួមភេទ ដោយឥតបង្ហាញពត៌មានអំពីខ្នាតតម្រាខាងសីលធម៌និងភារកិច្ចនោះ។ ម្ដាយម្នាក់ដែលមានកូនស្រីអាយុ១២ឆ្នាំ បានមានប្រសាសន៍ថា៖ «យើងរស់នៅក្នុងកន្លែងដែលកាន់សាសនាតាមទំនៀមទម្លាប់ ក៏ប៉ុន្តែនៅឯវិទ្យាល័យក្នុងតំបន់នេះតែម្ដង ពួកគេបានហុចឲ្យស្រោមអនាម័យដល់ក្មេងៗ!»។ គាត់និងប្ដីរបស់គាត់បានមានចិត្តខ្វល់ខ្វាយណាស់ ពេលដែលពួកគាត់ដឹងថា កូនស្រីរបស់ខ្លួនបានត្រូវក្មេងប្រុសៗ ដែលមានអាយុដំណាលនាងសុំរួមដំណេកជាមួយនោះ។ តើមាតាបិតាអាចការពារក្រុមគ្រួសាររបស់ខ្លួន ពីអានុភាពដ៏អាក្រក់នេះយ៉ាងដូចម្ដេច?
៧. តើពត៌មានដ៏ខុសអំពីការរួមភេទអាចរារាំងតាមរបៀបដ៏ប្រសើរជាងយ៉ាងដូចម្ដេច?
៧ តើជាការប្រសើរជាងឬទេ ក្នុងការមិនឲ្យកូនៗដឹងពត៌មានអ្វីសោះស្តីអំពីការរួមភេទនោះ? គឺមិនប្រសើរទេ គឺប្រសើរជាងបើអ្នកបង្រៀនកូនៗរបស់អ្នកអំពីការរួមភេទដោយខ្លួនអ្នកតែម្ដង។ (សុភាសិត ៥:១) ពិតមែន នៅភូមិភាគប៉ែកអឺរ៉ុប និងអាមេរិកខាងជើង នោះមាតាបិតាជាច្រើនជៀសវាងពីរឿងនេះ។ ស្រដៀងគ្នាដែរ នៅក្នុងប្រទេសខ្លះៗនៅទ្វីបអាហ្វ្រិក នោះមាតាបិតាកម្រពិគ្រោះរឿងខាងការរួមភេទជាមួយនឹងកូនៗរបស់ខ្លួនណាស់។ បិតាម្នាក់ពីប្រទេសស៊ីអែរ៉ាឡេអូននិយាយថា៖ «ដោយធ្វើដូច្នេះ គឺមិនមែនជាផ្នែកនៃវប្បធម៌អាហ្វ្រិកនោះទេ»។ មាតាបិតាខ្លះមានអារម្មណ៍ថា ការបង្រៀនកូនៗរបស់ខ្លួនអំពីការរួមភេទ គឺឲ្យកូនៗមានគំនិត ដែលនឹងនាំទៅប្រព្រឹត្តអំពើឥតសីលធម៌តែម្ដង។ ក៏ប៉ុន្តែតើអ្វីទៅជាទស្សនៈរបស់ព្រះ?
ទស្សនៈរបស់ព្រះអំពីការរួមភេទ
៨, ៩. តើពត៌មានដ៏ល្អយ៉ាងណាស្តីអំពីរឿងរួមភេទ ដែលមានក្នុងព្រះគម្ពីរ?
៨ ព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា គឺគ្មានអ្វីគួរឲ្យខ្មាសក្នុងការពិគ្រោះអំពីរឿងរួមភេទ តាមបរិបទដ៏ត្រឹមត្រូវនោះឡើយ។ នៅប្រទេសអ៊ីស្រាអែល រាស្ត្ររបស់ព្រះបានត្រូវបង្គាប់ឲ្យប្រមូលផ្ដុំគ្នា ដែលរួមបញ្ចូល«កូនក្មេង»របស់ពួកគេ ឲ្យមកស្ដាប់ក្រិត្យវិន័យលោកម៉ូសេ។ (ចោទិយកថា ៣១:១០-១២; យ៉ូស្វេ ៨:៣៥) ក្រិត្យវិន័យនេះបានរៀបរាប់យ៉ាងជាក់ច្បាស់អំពីរឿងខាងការរួមភេទមួយចំនួន ដែលរួមបញ្ចូលដំណើរមានរដូវ ការចេញទឹកកាម អំពើសហាយស្មន់ ការផិតគ្នា អំពើរួមសង្វាសនឹងភេទដូចគ្នា ការរួមភេទជាមួយសាច់ញាតិ និងការរួមសង្វាសនឹងសត្វ។ (លេវីវិន័យ ១៥:១៦, ១៩; ១៨:៦, ២២, ២៣; ចោទិយកថា ២២:២២) ក្រោយពីការអានហើយ នោះមាតាបិតាប្រាកដជាមានរឿងច្រើនដើម្បីពន្យល់ឲ្យកូនៗដែលចង់ដឹងចង់ឮ។
៩ នៅក្នុងសៀវភៅសុភាសិតជំពូកទីប្រាំ ជំពូកទីប្រាំមួយ និងជំពូកទីប្រាំពីរ គឺមានវគ្គជាច្រើនដែលបង្ហាញនូវឱវាទដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់មាតាបិតា ស្តីអំពីគ្រោះថ្នាក់ពីអំពើឥតសីលធម៌ខាងកាម។ ខទាំងនេះបង្ហាញថា ជួនកាលអំពើឥតសីលធម៌អាចជាការល្បួងមួយ។ (សុភាសិត ៥:៣; ៦:២៤, ២៥; ៧:១៤-២១) ក៏ប៉ុន្តែឱវាទទាំងនេះបង្រៀនថាជាការខុសនិងមានលទ្ធផលដ៏អន្តរាយ ហើយក៏ផ្ដល់ឲ្យនូវការណែនាំដើម្បីជួយយុវជនឲ្យជៀសវាងផ្លូវខាងឥតសីលធម៌។ (សុភាសិត ៥:១-១៤, ២១-២៣; ៦:២៧-៣៥; ៧:២២-២៧) បន្ថែមទៀតនោះ អំពើឥតសីលធម៌គឺមានផ្ទុយគ្នានឹងការស្កប់ស្កល់ចិត្តពីការរួមភេទតាមរបៀបត្រឹមត្រូវ ដែលមានក្នុងអាពាហ៍ពិពាហ៍នោះ។ (សុភាសិត ៥:១៥-២០) នេះជាគំរូដ៏ល្អយ៉ាងណាទៅហ្ន៎! នៃការបង្រៀនឲ្យមាតាបិតាធ្វើតាមនោះ។
១០. ហេតុអ្វីក៏ការប្រាប់ពីព្រះដំរិះរបស់ព្រះអំពីការរួមភេទដល់កូនៗមិនគួរនាំឲ្យពួកគេប្រព្រឹត្តអំពើឥតសីលធម៌?
១០ តើការបង្រៀនបែបនេះនាំឲ្យកូនៗប្រព្រឹត្តអំពើឥតសីលធម៌ឬទេ? ផ្ទុយទៅវិញ ព្រះគម្ពីរបង្រៀនថា៖ «ដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ»។ (សុភាសិត ១១:៩) អ្នកពិតជាចង់សង្គ្រោះកូនៗរបស់អ្នកពីអានុភាពរបស់លោកីយ៍នេះមែនទេ? បិតាម្នាក់បាននិយាយថា៖ «តាំងតែពីកូនៗនៅតូចៗ យើងបានខំនិយាយយ៉ាងត្រង់ៗជាមួយនឹងកូនៗ ស្តីអំពីរឿងរួមភេទ។ តាមរបៀបនេះ នៅពេលដែលពួកគេបានឮក្មេងៗឯទៀតនិយាយអំពីការរួមភេទ នោះពួកគេនឹងមិនចង់ដឹងមិនចង់ឮឡើយ។ នេះគឺមិនមែនជារឿងអាថ៌កំបាំងដ៏ធំណាឡើយ»។
១១. តើអាចបង្រៀនកូនៗជាបណ្ដើរ អំពីរឿងកេរ្ដិ៍ខ្មាសយ៉ាងដូចម្ដេច?
១១ ដូចបានកត់សម្គាល់ក្នុងជំពូកមុនៗ ការអប់រំខាងការរួមភេទគួរចាប់ផ្ដើមកាលនៅក្មេង។ ពេលបង្រៀនកូនតូចៗឲ្យរាប់ឈ្មោះអវយវៈ ចូរកុំធ្វើកន្តើយនឹងកេរ្ដិ៍ខ្មាសរបស់ពួកគេ ដែលហាក់ដូចជាអ្វីដែលគួរឲ្យអាម៉ាស់មុខនោះឡើយ។ ចូរបង្រៀនកូនៗឲ្យចេះហៅអវយវៈទាំងនេះតាមឈ្មោះត្រឹមត្រូវ។ ពេលកន្លងទៅ នោះមេរៀនអំពីរបៀបគិតចំពោះកេរ្ដិ៍ខ្មាសផ្ទាល់ខ្លួន និងព្រំដែនគឺសំខាន់ជាចាំបាច់។ ជាការល្អបើទាំងមាតានិងបិតាគួរបង្រៀនកូនៗរបស់ខ្លួន ថាអវយវៈទាំងនេះនៃរូបកាយគឺពិសេស ដែលធម្មតាមិនត្រូវបង្ហាញឬឲ្យអ្នកដទៃប៉ះឡើយ ហើយមិនត្រូវឲ្យពិគ្រោះតាមរបៀបដ៏អាក្រក់នោះឡើយ។ កាលដែលកូនៗបានធំឡើង ពួកគេគួរប្រាប់ឲ្យដឹងនូវរបៀបដែលបុរសនិងស្ត្រីនៅជាមួយគ្នា ដើម្បីបង្កើតកូន។ ពេលដែលរូបកាយរបស់កូនៗលូតលាស់ដល់ភាពពេញរូបរាង នោះពួកគេគួរដឹងរួចហើយនូវការផ្លាស់ប្ដូរដែលនឹងកើតមានឡើង។ ដូចបានពិគ្រោះនៅក្នុងជំពូកទីប្រាំ ការអប់រំបែបនេះក៏អាចជួយការពារកូនៗពីការបៀតបៀនដល់កេរ្ដិ៍ខ្មាស។—សុភាសិត ២:១០-១៤
ករណីយកិច្ចរបស់មាតាបិតា
១២. តើទស្សនៈដ៏ខុសណាដែលតែងតែបានបង្រៀននៅឯសាលារៀន?
១២ មាតាបិតាត្រូវប្រុងប្រៀបជាស្រេចដើម្បីឆ្លើយតបនឹងគំនិតខុសឯទៀត ដែលអាចបង្រៀននៅឯសាលារៀន—ទស្សនវិជ្ជាខាងលោកីយ៍ដូចជាទ្រឹស្តីវិវត្តន៍ ជាតិនិយម ឬគំនិតដែលថាគ្មានសេចក្ដីពិតណាឡើយ។ (កូរិនថូសទី១ ៣:១៩; ប្រៀបមើល លោកុប្បត្តិ ១:២៧; លេវីវិន័យ ២៦:១; យ៉ូហាន ៤:២៤; ១៧:១៧) អ្នកធ្វើការនៅសាលាដ៏ស្មោះជាច្រើន ឲ្យតម្លៃហួសហេតុទៅលើការរៀនសូត្របន្ថែម។ ទោះជាការរៀនសូត្របន្ថែមគឺជាការសម្រេចផ្ទាល់ខ្លួនក៏ដោយ នោះគ្រូខ្លះជឿថា នេះជាមាគ៌ាតែមួយគត់ដែលនាំឲ្យបានជោគជ័យផ្ទាល់ខ្លួន។a—ទំនុកដំកើង ១៤៦:៣-៦
១៣. តើកូនៗដែលទៅសាលារៀនអាចការពារពីគំនិតខុសយ៉ាងដូចម្ដេច?
១៣ ប្រសិនបើមាតាបិតាចង់ឆ្លើយតបនឹងការបង្រៀនដ៏ខុសឆ្គង មាតាបិតាត្រូវតែដឹងថាអ្វីទៅជាសេចក្ដីណែនាំ ដែលកូនៗរបស់ខ្លួនកំពុងតែទទួលនោះ។ ដូច្នេះ មាតាបិតាអើយ ចូរចងចាំថាអ្នកក៏មានករណីយកិច្ចដែរ! សូមបង្ហាញនូវការចាប់អារម្មណ៍ដ៏ស្មោះនឹងការរៀនសូត្ររបស់កូនៗរបស់អ្នក។ សូមនិយាយជាមួយកូនក្រោយដែលកូនមកពីសាលារៀន។ សូមសួរនូវអ្វីដែលកូនៗកំពុងតែរៀន អ្វីដែលពួកគេចូលចិត្តជាងគេ និងអ្វីដែលពួកគេចាត់ទុកជាពិបាកជាងគេ។ សូមពិនិត្យមើលនូវកិច្ចការនៅឯផ្ទះ កំណត់ និងលទ្ធផលពីការប្រឡង។ សូមខំឲ្យស្គាល់គ្រូៗរបស់ពួកគេ។ សូមឲ្យគ្រូៗដឹងថាអ្នកអបអរនូវកិច្ចការរបស់ពួកគាត់ ហើយថាអ្នកចង់ជួយតាមបែបបទដែលអ្នកអាចធ្វើទៅបាន។
មិត្តទាំងឡាយនៃកូនអ្នក
១៤. ហេតុអ្វីក៏សំខាន់ចាំបាច់ចំពោះកូនៗដែលគោរពព្រះ រើសយកមិត្តល្អៗ?
១៤ «តើកូនរៀនចេះបែបនេះពីណាមក?»។ តើមានមាតាបិតាប៉ុន្មាននាក់ដែលបានសួរសំនួរនេះ ដែលបានរន្ធត់ចិត្តនឹងអ្វីដែលកូនរបស់ខ្លួនបាននិយាយឬបានធ្វើ ដែលហាក់ដូចជាមិនធម្មតានោះ? ហើយនេះច្រើនតែទាក់ទងនឹងមិត្តថ្មីម្នាក់នៅឯសាលារៀនឬនៅក្នុងសង្កាត់នោះមែនទេ? ត្រូវហើយ ពួកម៉ាកមានអានុភាពយ៉ាងជ្រាលជ្រៅលើយើង មិនថាយើងជាក្មេងឬចាស់។ សាវ័កប៉ុលបានព្រមានថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣; សុភាសិត ១៣:២០) ជាពិសេស យុវជនគឺងាយនឹងធ្វើតាមការបង្ខំពីពួកម៉ាក។ ពួកគេដូចជាមិនប្រាកដអំពីខ្លួនពួកគេ ហើយជួនកាលអាចមានអារម្មណ៍ទប់មិនបាន ដោយសេចក្ដីប្រាថ្នាចង់ផ្គាប់ចិត្តនិងធ្វើឲ្យពួកម៉ាករបស់គេស្ងើច។ ដូច្នេះហើយ គឺសំខាន់ចាំបាច់ដែលពួកគេរើសយកមិត្តល្អៗ!
១៥. តើមាតាបិតាអាចណែនាំកូនៗរបស់ខ្លួនឲ្យជ្រើសរើសមិត្តយ៉ាងដូចម្ដេច?
១៥ ដូចជាមាតាបិតារាល់គ្នាដឹងស្រាប់ហើយ កូនៗនឹងមិនតែងតែជ្រើសរើសយកមិត្តល្អបានទេ។ ពួកគេត្រូវការការណែនាំខ្លះៗ។ នេះមិនមែនជាការជ្រើសរើសមិត្តឲ្យកូនៗនោះទេ។ ផ្ទុយទៅវិញ កាលដែលកូនធំឡើង ចូរបង្រៀនកូនឲ្យចេះយោគយល់និងជួយកូនឲ្យឃើញនូវគុណសម្បត្ដិណា ដែលកូនគួររាប់ទុកជាមានតម្លៃចំពោះមិត្តទាំងឡាយ។ គុណសម្បត្ដិដ៏សំខាន់បំផុត គឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងអំពីការធ្វើអ្វីដែលត្រឹមត្រូវក្នុងព្រះនេត្រទ្រង់។ (ម៉ាកុស ១២:២៨-៣០) ចូរបង្រៀនកូនឲ្យចេះស្រឡាញ់និងគោរពអស់អ្នកដែលមានចិត្តទៀងត្រង់ ចិត្តសប្បុរស ចិត្តសទ្ធា និងចេះយកចិត្តទុកដាក់។ ក្នុងកំឡុងការសិក្សាក្នុងគ្រួសារ សូមជួយកូនៗឲ្យដឹងគុណសម្បត្ដិទាំងនេះរបស់បុគ្គលផ្សេងៗក្នុងព្រះគម្ពីរ ហើយរួចមក ឲ្យរកនូវលក្ខណៈដូចនេះចំពោះមនុស្សផ្សេងៗនៅក្នុងក្រុមជំនុំ។ ចូរទុកគំរូដោយប្រើលក្ខណៈវិនិច្ឆ័យដូចនេះ ក្នុងការជ្រើសរើសមិត្តរបស់ខ្លួនអ្នកផ្ទាល់។
១៦. តើមាតាបិតាអាចឆែកមើលនូវជម្រើសរបស់កូនៗ ចំពោះមិត្តទាំងឡាយយ៉ាងដូចម្ដេច?
១៦ តើអ្នកដឹងថាអ្នកណាជាមិត្តនៃកូនរបស់អ្នកឬទេ? អញ្ជើញឲ្យកូនរបស់អ្នកនាំមិត្តទាំងឡាយមកលេងផ្ទះរបស់អ្នក ដើម្បីឲ្យអ្នកអាចជួបពួកគេបាន។ អ្នកក៏អាចសួរកូនៗរបស់អ្នកថាតើក្មេងឯទៀតគិតយ៉ាងណាអំពីមិត្តទាំងនេះ។ តើពួកគេល្បីឈ្មោះចំពោះការបង្ហាញចិត្តស្មោះត្រង់ ឬចំពោះការប្រកបជីវិតមុខពីរ? ប្រសិនបើជាបុគ្គលដែលប្រកបជីវិតមុខពីរមែន សូមជួយកូនៗអ្នកឲ្យវែកញែកថា ការសេពគប់បែបនេះ អាចធ្វើឲ្យគ្រោះថ្នាក់ដល់ពួកគេ។ (ទំនុកដំកើង ២៦:៤, ៥, ៩-១២) ប្រសិនបើអ្នកកត់សម្គាល់ឃើញការផ្លាស់ប្ដូរមិនល្អខាងមារយាទ សំលៀកបំពាក់ អាកប្បកិរិយា ឬពាក្យសំដី នោះអ្នកប្រហែលត្រូវការនិយាយជាមួយកូនៗអំពីមិត្តទាំងឡាយរបស់ពួកគេ។ កូនរបស់អ្នកប្រហែលជាចំណាយពេលជាមួយមិត្តម្នាក់ ដែលកំពុងតែមានអានុភាពអវិជ្ជមាន។—ប្រៀបមើល លោកុប្បត្តិ ៣៤:១, ២
១៧, ១៨. ក្រៅពីព្រមានអំពីពួកម៉ាកមិនល្អ តើជំនួយដ៏មានប្រយោជន៍អ្វីដែលមាតាបិតាអាចជួយនោះ?
១៧ ក៏ប៉ុន្តែ គឺមិនគ្រប់គ្រាន់ទេដោយគ្រាន់តែបង្រៀនកូនៗរបស់អ្នក ឲ្យជៀសវាងពីពួកម៉ាកអាក្រក់នោះ។ សូមជួយកូនៗឲ្យរកបានមិត្តល្អៗចុះ។ បិតាម្នាក់និយាយថា៖ «យើងតែងតែខំប្រឹងរកការជំនួស។ ដូច្នេះនៅពេលដែលសាលារៀនចង់ឲ្យកូនរបស់យើងចូលក្នុងក្រុមបាល់ទាត់ នោះភរិយារបស់ខ្ញុំនិងខ្ញុំបានអង្គុយជាមួយកូនរបស់យើង និងពិគ្រោះនូវមូលហេតុដែលថានេះមិនមែនជាគំនិតល្អ ដោយព្រោះទាក់ទងនឹងពួកម៉ាកថ្មីៗ។ ក៏ប៉ុន្តែយើងបានឲ្យយោបល់នូវការបបួលក្មេងៗឯទៀតក្នុងក្រុមជំនុំ ហើយនាំពួកគេទាំងអស់ទៅលេងបាល់នៅឯឧទ្យាន។ ហើយក៏បានដោះស្រាយបញ្ហានោះ»។
១៨ មាតាបិតាដែលប្រកបដោយប្រាជ្ញាជួយកូនៗរបស់ខ្លួនឲ្យរកបានមិត្តល្អៗ ហើយសប្បាយនឹងការកំសាន្តដ៏ល្អជាមួយពួកគេ។ ប៉ុន្តែ ចំពោះមាតាបិតាជាច្រើន រឿងនៃការកំសាន្តនេះ ធ្វើឲ្យមានការពិបាកថែមទៀត។
តើការកំសាន្តបែបណា?
១៩. តើគំរូណាខ្លះក្នុងព្រះគម្ពីរដែលបង្ហាញថា គឺមិនមែនជាបាបទេដែលមានការសើចសប្បាយក្នុងក្រុមគ្រួសារនោះ?
១៩ តើព្រះគម្ពីរផ្ដន្ទាទោសសេចក្ដីសប្បាយរីករាយឬទេ? ប្រាកដជាមិនដូច្នេះទេ! ព្រះគម្ពីរចែងថា មាន«ពេលសើច . . . នឹងពេលសំរាប់លោតកញ្ឆេង»។b (សាស្ដា ៣:៤) រាស្ត្ររបស់ព្រះនៅអ៊ីស្រាអែលពីសម័យបុរាណ បានពេញចិត្តនឹងភ្លេងនិងការរាំ កីឡា និងប្រស្នា។ ព្រះយេស៊ូគ្រីស្ទបានយាងទៅឯពិធីមង្គលការដ៏ធំមួយ និង«ជប់លៀងជាធំ» ដែលម៉ាថាយលេវីបានរៀបចំថ្វាយទ្រង់នោះ។ (លូកា ៥:២៩; យ៉ូហាន ២:១, ២) យ៉ាងច្បាស់ណាស់ ព្រះយេស៊ូមិនមែនជាបុគ្គលដែលធ្វើឲ្យខូចដល់ការកំសាន្តរបស់អ្នកដទៃឡើយ។ កុំចាត់ទុកការសើចសប្បាយក្នុងក្រុមគ្រួសាររបស់អ្នកជាអំពើបាបឲ្យសោះ!
ការកំសាន្តដែលជ្រើសរើសបានល្អ ដូចជាដំណើរលំហែកាយជាក្រុមគ្រួសារនេះ អាចជួយកូនៗឲ្យចេះរៀននិងលូតលាស់ខាងវិញ្ញាណ
២០. តើមាតាបិតាគួរចងចាំអ្វីពេលដែលផ្ដល់ការកំសាន្តចំពោះក្រុមគ្រួសារ?
២០ ព្រះយេហូវ៉ាជា«ព្រះដ៏សប្បាយ»។ (ធីម៉ូថេទី១ ១:១១, ព.ថ.) ដូច្នេះ ការថ្វាយបង្គំព្រះយេហូវ៉ាគួរតែជាប្រភពនៃការរីករាយ មិនមែនជាអ្វីដែលធ្វើឲ្យគ្មានអំណរក្នុងជីវិតនោះទេ។ (ប្រៀបមើល ចោទិយកថា ១៦:១៥) ជាធម្មតា ក្មេងៗគឺមានចិត្តសប្បាយរីករាយ ហើយមានថាមពលជាច្រើនដែលអាចបញ្ចេញមកក្នុងការលេងនិងការកំសាន្ត។ ការកំសាន្តដែលបានជ្រើសរើសដ៏ល្អ មិនគ្រាន់តែការសប្បាយប៉ុណ្ណោះទេ។ នេះជារបៀបដែលកូនម្នាក់អាចរៀននិងមានគំនិតចាស់ទុំ។ មេគ្រួសារគឺទទួលខុសត្រូវដើម្បីផ្ដល់ឲ្យនូវតម្រូវការគ្រប់យ៉ាងចំពោះក្រុមគ្រួសារ ដែលរួមបញ្ចូលការកំសាន្ត។ ក៏ប៉ុន្តែ គាត់គឺត្រូវតែមានតុល្យភាព។
២១. តើការកំសាន្តសព្វថ្ងៃនេះអាចមានគ្រោះថ្នាក់អ្វីខ្លះ?
២១ នៅក្នុងសម័យ«ជាន់ក្រោយបង្អស់»ដែលមានបញ្ហា នោះសង្គមមនុស្សគឺមានពេញទៅដោយមនុស្សដែល«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»ដូចបានទាយមកក្នុងព្រះគម្ពីរ។ (ធីម៉ូថេទី២ ៣:១-៥) ចំពោះមនុស្សជាច្រើន ការកំសាន្តជាអ្វីដ៏សំខាន់ជាងគេក្នុងជីវិត។ គឺមានគ្រឿងកំសាន្តច្រើនណាស់ ដែលរបស់ទាំងនេះអាចច្រាលចោលអ្វីៗដែលសំខាន់ជាងទៅទៀត។ បន្ថែមទៅទៀត គ្រឿងកំសាន្តជាច្រើននៅសម័យទំនើបនេះ បញ្ចាំងបង្ហាញអំពើឥតសីលធម៌ខាងកាម អំពើឃោរឃៅ ការប្រើថ្នាំញៀន និងការប្រព្រឹត្តដ៏ធ្ងន់ធ្ងរឯទៀតដែលមានគ្រោះថ្នាក់។ (សុភាសិត ៣:៣១) តើអាចធ្វើអ្វីដើម្បីការពារក្មេងៗពីគ្រឿងកំសាន្តដែលនាំឲ្យមានគ្រោះថ្នាក់នោះ?
២២. តើមាតាបិតាអាចអប់រំកូនៗរបស់ខ្លួនឲ្យធ្វើការសម្រេចដ៏មានប្រាជ្ញាយ៉ាងណា ស្តីអំពីការកំសាន្ត?
២២ មាតាបិតាត្រូវការដាក់ព្រំដែននិងល័ក្ខខ័ណ្ឌ។ ក៏ប៉ុន្តែច្រើនជាងនោះទៅទៀត មាតាបិតាត្រូវបង្រៀនកូនៗរបស់ខ្លួនឲ្យចេះវិនិច្ឆ័យថាការកំសាន្តបែបណាដែលអាចនាំឲ្យមានគ្រោះថ្នាក់ ហើយឲ្យចេះប្រមាណថាការកំសាន្តប៉ុនណា គឺច្រើនហួសពេកនោះ។ មាតាបិតាត្រូវចំណាយពេលវេលានិងការខំប្រឹងដើម្បីធ្វើការអប់រំបែបនេះ។ សូមពិនិត្យមើលនូវឧទាហរណ៍មួយ។ បិតាម្នាក់ដែលមានកូនប្រុសពីរនាក់ បានឃើញថាកូនបងរបស់គាត់បានស្ដាប់ពីស្ថានីយវិទ្យុមួយជាញឹកញាប់។ ដូច្នេះ កាលដែលគាត់បើកឡានដឹកទំនិញរបស់គាត់ទៅធ្វើការនៅថ្ងៃមួយ បិតានេះក៏បើកវិទ្យុពីស្ថានីយនោះ។ យូរៗម្ដងគាត់បានឈប់និងកត់ទុកនូវទំនុកនៃបទចំរៀងខ្លះៗ។ ក្រោយមក គាត់បានអង្គុយពិគ្រោះជាមួយកូនប្រុសៗ នូវអ្វីដែលគាត់បានឮ។ គាត់បានសួរសំនួរអំពីទស្សនៈរបស់ពួកគេ ដោយចាប់ផ្ដើមសួរថា «តើកូនគិតយ៉ាងណា?» ហើយគាត់បានស្ដាប់យ៉ាងអត់ធ្មត់ចំពោះចម្លើយរបស់ពួកគេ។ ក្រោយពីបានវែកញែកលើរឿងនេះដោយប្រើព្រះគម្ពីរ នោះកូនប្រុសទាំងពីរនេះបានយល់ស្របនឹងមិនស្ដាប់ពីស្ថានីយវិទ្យុនោះទៀតទេ។
២៣. តើមាតាបិតាអាចការពារកូនៗរបស់ខ្លួនពីគ្រឿងកំសាន្តដ៏មិនល្អយ៉ាងដូចម្ដេច?
២៣ មាតាបិតាជាគ្រីស្ទានដែលមានប្រាជ្ញាពិនិត្យមើលបទភ្លេង កម្មវិធីទូរទស្សន៍ ខ្សែអាត់វីដេអូ រឿងកំប្លែង និងកុនដែលធ្វើឲ្យកូនៗចាប់អារម្មណ៍នោះ។ ពួកគាត់មើលគំនូរនៅលើក្រប ទំនុកទាំងឡាយ និងកញ្ចប់ ហើយពួកគាត់អានការវិនិច្ឆ័យឲ្យតម្លៃក្នុងកាសែត និងពិនិត្យមើលនូវសេចក្ដីដកស្រង់ផ្សេងៗ។ មាតាបិតាជាច្រើនបានភ្ញាក់ផ្អើលនឹង«គ្រឿងកំសាន្ត»ខ្លះ ដែលបានផ្ដល់ឲ្យក្មេងៗសព្វថ្ងៃនេះ។ អស់អ្នកដែលចង់ការពារកូនៗរបស់ខ្លួន ពីអានុភាពដ៏ស្មោកគ្រោកនេះ នឹងអង្គុយជាមួយក្រុមគ្រួសារហើយពិគ្រោះនូវគ្រោះថ្នាក់ ដោយប្រើព្រះគម្ពីរនិងប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរ ដូចជាសៀវភៅសំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធិភាព និង អត្ថបទពីទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក!c នៅពេលដែលមាតាបិតាបានដាក់ល័ក្ខខ័ណ្ឌដ៏ម៉ឺងម៉ាត់ ដោយមិនចេះផ្លាស់ប្ដូរនិងសមហេតុផល នោះធម្មតាមាតាបិតានឹងឃើញនូវលទ្ធផលដ៏ល្អ។—ម៉ាថាយ ៥:៣៧; ភីលីព ៤:៥
២៤, ២៥. តើការកំសាន្តបែបណាដ៏ល្អ ដែលក្រុមគ្រួសារអាចចូលរួមសប្បាយជាមួយគ្នានោះ?
២៤ ប្រាកដហើយ ការដាក់កំរិតចំពោះគ្រឿងកំសាន្តដែលមានគ្រោះថ្នាក់ គឺគ្រាន់តែជាផ្នែកមួយនៃការប្រយុទ្ធនេះទេ។ អានុភាពអាក្រក់ៗនេះត្រូវតែឆ្លើយតបដោយប្រើអានុភាពល្អ បើមិនដូច្នោះទេ កូនៗអាចរសាត់តាមដំណើរដ៏ខុស។ ក្រុមគ្រួសារគ្រីស្ទានជាច្រើនមានអនុស្សាវរីយដ៏សប្បាយដែលមិនអាចបំភ្លេចបានហើយរាប់មិនអស់ ក្នុងការកំសាន្តជាមួយគ្នាដូចជា ដំណើរកំសាន្ត ការដើរលេងកាត់ព្រៃភ្នំ ការទៅលំហែកាយ លេងល្បែងកំសាន្តនិងកីឡា ការធ្វើដំណើរទៅលេងញាតិមិត្តនិងមិត្តសំឡាញ់។ អ្នកខ្លះបានឃើញថា គ្រាន់តែអានឲ្យឮៗជាមួយគ្នា ក៏ជាប្រភពដ៏ធំនៃការសប្បាយនិងការជួយសម្រាលទុក្ខដែរ។ ពួកអ្នកឯទៀតសប្បាយប្រាប់នូវរឿងកំសាន្តឬរឿងដែលចាប់អារម្មណ៍។ តែអ្នកដទៃទៀតបានបណ្ដុះនូវការកំសាន្តជាមួយគ្នា ដូចជាធ្វើរបស់ពីឈើនិងសិប្បកម្មឯទៀត ព្រមទាំងលេងគ្រឿងភ្លេង គូរគំនូរ ឬការពិនិត្យមើលនូវការបង្កើតរបស់ព្រះ។ កូនៗដែលរៀនឲ្យចេះសប្បាយនឹងការកំសាន្តបែបនេះ នឹងបានត្រូវការពារពីគ្រឿងកំសាន្តជាច្រើនដែលស្មោកគ្រោក ហើយពួកគេដឹងថា ការកំសាន្តមិនមែនគ្រាន់តែទាក់ទងនឹងការអង្គុយស្ងៀម ចាំឲ្យគេនាំកំសាន្តនោះឡើយ។ ជាច្រើនដង ការចូលរួមគឺសប្បាយជាងមើល។
២៥ ការប្រជុំគ្នាកំសាន្ត ក៏អាចជាការកំសាន្តដែលនាំឲ្យមានប្រយោជន៍ដែរ។ នៅពេលដែលការកំសាន្តបែបនេះបានត្រូវត្រួតពិនិត្យយ៉ាងល្អឬមិនធំហួសហេតុ ឬធ្វើឲ្យខាតពេលវេលាច្រើន នោះកំសាន្តបែបនេះអាចឲ្យកូនរបស់អ្នកមានការសប្បាយច្រើនជាង។ ការកំសាន្តបែបនេះអាចជួយកូនរបស់អ្នកឲ្យមានចំណងនៃសេចក្ដីស្រឡាញ់នៅក្នុងក្រុមជំនុំពង្រឹងនិងពង្រីកឡើង។—ប្រៀបមើល លូកា ១៤:១៣, ១៤; យូដាស ១២
ក្រុមគ្រួសាររបស់អ្នកអាចឈ្នះលោកីយ៍នេះ
២៦. ស្តីអំពីការការពារក្រុមគ្រួសារពីអានុភាពដ៏មិនល្អ តើអ្វីជាគុណសម្បត្ដិដ៏សំខាន់បំផុតនោះ?
២៦ ប្រាកដហើយ ការការពារក្រុមគ្រួសាររបស់អ្នកពីអានុភាពដ៏បំផ្លិចបំផ្លាញរបស់លោកីយ៍នេះ តម្រូវឲ្យមានការខំប្រឹងច្រើនណាស់។ ក៏ប៉ុន្តែមានរបស់មួយដ៏សំខាន់ជាងរបស់ឯទៀត ដែលអាចនាំឲ្យមានជោគជ័យបាន។ នេះគឺសេចក្ដីស្រឡាញ់! ចំណងក្រុមគ្រួសារដ៏ជិតស្និទ្ធនិងប្រកបដោយសេចក្ដីស្រឡាញ់ នឹងធ្វើឲ្យផ្ទះរបស់អ្នកទៅជាទីជម្រកដែលមានសុវត្ថិភាព និងនាំឲ្យមានការប្រស្រ័យទាក់ទង ដែលជាការការពារដ៏ធំមួយពីអានុភាពដ៏អាក្រក់ៗទាំងឡាយ។ បន្ថែមទៀត ការបណ្ដុះនូវសេចក្ដីស្រឡាញ់បែបមួយទៀត គឺកាន់តែសំខាន់ជាង គឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ នៅពេលដែលសេចក្ដីស្រឡាញ់បែបនេះបានជ្រួតជ្រាបក្នុងក្រុមគ្រួសារ នោះកូនៗនឹងបានធំឡើងហើយចាត់ទុកការមិនផ្គាប់ព្រះហឫទ័យព្រះដោយចុះចូលតាមអានុភាពខាងលោកីយ៍នេះជាអ្វីដ៏ស្អប់ខ្ពើម។ ហើយមាតាបិតាដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្តនឹងខំស្វះស្វែងធ្វើតាមបុគ្គលិកលក្ខណៈដែលមានតុល្យភាពរបស់ទ្រង់ ដែលប្រកបដោយសេចក្ដីស្រឡាញ់និងភាពសមហេតុផល។ (អេភេសូរ ៥:១; យ៉ាកុប ៣:១៧) ប្រសិនបើមាតាបិតាធ្វើដូច្នេះ នោះកូនៗនឹងគ្មានហេតុចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ា គ្រាន់តែជាកំរិតមួយចំនួនដែលជាបម្រាម ឬជាជីវភាពដែលគ្មានការសប្បាយឬការសើចសោះឡើយ ជាអ្វីដែលពួកគេចង់រត់គេចពីនោះឲ្យបានជាប្រញាប់។ ផ្ទុយទៅវិញ ពួកគេនឹងឃើញថាការថ្វាយបង្គំព្រះជាជីវភាពដ៏សប្បាយហើយជាទីពេញចិត្តបំផុត។
២៧. តើក្រុមគ្រួសារមួយអាចឈ្នះលោកីយ៍នេះយ៉ាងដូចម្ដេច?
២៧ ក្រុមគ្រួសារដែលនៅមានសាមគ្គីភាពនិងសុភមង្គលក្នុងការបំរើដែលមានតុល្យភាពចំពោះព្រះ ដោយខំប្រឹងយ៉ាងស្មោះអស់ពីចិត្តដើម្បីរក្សាខ្លួន«ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន»ពីអានុភាពដ៏ខូចនៃលោកីយ៍នេះ ជាប្រភពនៃអំណរដល់ព្រះយេហូវ៉ា។ (ពេត្រុសទី២ ៣:១៤; សុភាសិត ២៧:១១) ក្រុមគ្រួសារបែបនេះធ្វើតាមជំហានរបស់ព្រះយេស៊ូគ្រីស្ទ ដែលបានតទល់នឹងការខំប្រឹងទាំងប៉ុន្មាននៃលោកីយ៍របស់សាតាំង ដើម្បីធ្វើឲ្យទ្រង់សៅហ្មងនោះ។ ជិតដល់ទីបញ្ចប់នៃជីវិតជាមនុស្សរបស់ទ្រង់ នោះព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំបានឈ្នះលោកីយហើយ»។ (យ៉ូហាន ១៦:៣៣) សូមឲ្យក្រុមគ្រួសាររបស់អ្នកបានឈ្នះលោកីយ៍នេះដែរ ហើយសប្បាយនឹងជីវិតជារៀងរហូតតទៅ!
a ចំពោះការពិគ្រោះអំពីការរៀនសូត្របន្ថែម សូមមើលសៀវភៅស្តើង ស្មរបន្ទាល់ព្រះយេហូវ៉ានិងការអប់រំ ដែលបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ទំព័រ ៤-៧ (ជាភាសាអង់គ្លេស)
b ពាក្យហេព្រើរដែលបានបកស្រាយនៅទីនេះ«សើច»អាចបកស្រាយក្នុងបែបបទមួយទៀត«លេង»«ស្នើផ្ដល់ការលេងកំសាន្ត»«ធ្វើបុណ្យ»ឬ«ឲ្យបានសប្បាយ»ទៀតផង។
c បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។